សិទ្ធិភាសាដើមរបស់អ្នកនៅក្នុងកម្មវិធីចាប់ផ្តើមដំបូង

Publications
#F100.06

សិទ្ធិភាសាដើមរបស់អ្នកនៅក្នុងកម្មវិធីចាប់ផ្តើមដំបូង

សន្លឹកការពិតនេះផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីសិទ្ធិរបស់អ្នកក្នុងការទទួលបានព័ត៌មាន និងសេវាកម្មជាភាសាកំណើតរបស់អ្នកពីមជ្ឈមណ្ឌលប្រចាំតំបន់ក្រោមកម្មវិធី Early Start Program។ Early Start បម្រើដល់ទារកទើបនឹងកើត និងកុមារអាយុរហូតដល់ 3 ឆ្នាំដែលមានការពន្យាពេលក្នុងការអភិវឌ្ឍន៍។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

សន្លឹកព័ត៌មានពីការពិតនេះផ្តល់ព័ត៌មានដល់អ្នកអំពីសិទ្ធិរបស់អ្នកក្នុងការទទួលបានព័ត៌មាននិងសេវាកម្មផ្សេងៗជាភាសាកំណើតរបស់អ្នក ពីមជ្ឈមណ្ឌលថ្នាក់តំបន់ ក្នុងកម្មវិធីស្តីពីការចាប់ផ្តើមដំបូង។ កម្មវិធីចាប់ផ្តើមដំបូងផ្តល់សេវាបម្រើទារកទើបនឹងកើត និងកុមារអាយុរហូតដល់ 3 ឆ្នាំ ដែលមានការអភិវឌ្ឍយឺត។

ច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ដែលមានឈ្មោះថា ច្បាប់ព្រឹទ្ធសភា (SB, Senate Bill) 555 (Correa)បានបញ្ជាក់បំភ្លឺពីភារកិច្ចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ក្រោមកម្មវិធីចាប់ផ្តើមដំបូង ក្នុងការផ្តល់ដល់អ្នកនូវព័ត៌មាននិងសេវាកម្មផ្សេងៗជាភាសាកំណើតរបស់អ្នក។ អ្នកអាចរកមើលច្បាប់នៅទីនេះ៖ http://www.leginfo.ca.gov/pub/13-14/bill/sen/sb_0551-0600/sb_555_bill_20131009_chaptered.pdf

មនុស្សមួយចំនួនដែលទទួលសេវាកម្មផ្សេងៗពីមជ្ឈមណ្ឌលថ្នាក់តំបន់មិនចេះនិយាយភាសាអង់គ្លេសនោះទេ ឬពួកគេចេះនិយាយឬយល់ដឹងភាសាអង់គ្លេសក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ វាមិនមានការតម្រូវឱ្យអ្នកចាំបាច់ត្រូវតែនិយាយ អាន ឬសរសេរភាសាអង់គ្លេសដើម្បីទទួលបានសេវាកម្មទាំងឡាយដែលអ្នក ឬទារក/កូនតូចៗរបស់អ្នកត្រូវការពីមជ្ឈមណ្ឌលថ្នាក់តំបន់ឡើយ។ ច្បាប់នេះជួយដល់អ្នកប្រើប្រាស់សេវាកម្ម និងក្រុមគ្រួសាររបស់ពួកគេទាំងឡាយណាដែលមិនចេះនិយាយ ឬនិយាយភាសាអង់គ្លេសបានតិចតួចឲ្យទទួលបានព័ត៌មានស្មើៗគ្នាអំពីសេវាកម្ម និងជំនួយគាំទ្រទាំងឡាយរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។

  1. តើអ្វីទៅត្រូវបានចាត់ទុកថាជា “ភាសាកំណើត”?

    នៅក្រោមកម្មវិធីចាប់ផ្តើមដំបូង “ភាសាកំណើត” គឺជាភាសាដែលជាធម្មតាត្រូវបាននិយាយាដោយឪពុក-ម្តាយរបស់កុមារ។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.25 (a); ក្រមរដ្ឋាភិបាល​កាលីហ្វ័រញ៉ា ផ្នែកទី 95020(g)(1)។ ឧទាហរណ៍ ប្រសិនបើអ្នកនិយាយភាសាអង់គ្លេសបានតិចតួច ហើយជាធម្មតាអ្នកនិយាយភាសាអេស្ប៉ាញ នោះភាសាកំណើតរបស់អ្នកគឺភាសាអេស្ប៉ាញ។

  2. ចុះប្រសិនបើខ្ញុំគឺជាមនុស្សថ្លង់ ធ្ងន់ត្រចៀក ខ្វាក់ ឬខ្សោយផ្នែកគំហើញវិញនោះតើយ៉ាងម៉េចវិញ? នៅក្រោមកម្មវិធីចាប់ផ្តើមដំបូង តើភាសាកំណើតមានន័យយ៉ាងណាសម្រាប់ខ្ញុំ?

    ប្រសិនបើអ្នកគឺជាមនុស្សថ្លង់ ធ្ងន់ត្រចៀក ខ្វាក់ ឬខ្សោយផ្នែកគំហើញ “ភាសាកំណើត” គឺមានន័យថាជារបៀបធ្វើការប្រាស្រ័យទាក់ទងដែលអ្នកប្រើប្រាស់ជាធម្មតា។ ឧទាហរណ៍ វាអាចរួមបញ្ចូលនូវភាសាសញ្ញា អក្សរស្ទាប ឬការធ្វើការប្រាស័យទាក់ទងផ្ទាល់មាត់។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.25(b); ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (g)(1)។

  3. ប្រសិនបើកូនរបស់ខ្ញុំកំពុងត្រូវបានគេធ្វើការវាយតម្លៃនិងប៉ាន់ប្រមាណសម្រាប់កម្មវិធីចាប់ផ្តើមដំបូង ឬសម្រាប់ទទួលសេវាកម្មទាំងឡាយនៅក្រោមកម្មវិធីចាប់ផ្តើមដំបូង តើខ្ញុំមានសិទ្ធិទទួលបានការវាយតម្លៃនិងការប៉ាន់ប្រមាណធ្វើឡើងជាភាសាកំណើតរបស់ខ្ញុំដែរឬទេ?

    បាទ/ចាស ការវាយតម្លៃនិងការប៉ាន់ប្រមាណត្រូវតែធ្វើឡើងជាភាសាកំណើតរបស់អ្នក លើកលែងតែមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង្ហាញឱ្យឃើញថាវាមិនអាចទៅរួចក្នុងការធ្វើដូច្នោះ។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.321(a)(5); ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (g)(1)។ ប្រសិនបើភាសាកំណើតរបស់អ្នកជាភាសាវៀតណាម មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើការវាយតម្លៃនិងការប៉ាន់ប្រមាណជាភាសាវៀតណាម។ ការប៉ាន់ប្រមាណ កិច្ចប្រជុំដើម្បីកំណត់ភាពមានសិទ្ធិ និងកិច្ចប្រជុំលើកទីមួយដើម្បីកំណត់ផែនការផ្តល់សេវាកម្មដល់គ្រួសារជាលក្ខណៈឯកត្តបុគ្គល (IFSP, Individualized Family Service Plan) ត្រូវតែធ្វើឡើងជាភាសាកំណើតរបស់អ្នកនៅក្នុងអំឡុងពេល 45 ថ្ងៃ​ គិតចាប់ពីពេលបញ្ជូនទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.310; ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (b)។

  4. តើអ្វីទៅជាការប៉ាន់ប្រមាណគ្រួសារ? តើការប៉ាន់ប្រមាណគ្រួសារត្រូវតែធ្វើឡើងជាភាសាកំណើតរបស់សមាជិកគ្រួសារដែលកំពុងត្រូវបានគេធ្វើការប៉ាន់ប្រមាណដែរឬទេ?

    បាទ/ចាស ការប៉ាន់ប្រមាណទៅលើសមាជិកគ្រួសារណាម្នាក់ដែលជាផ្នែកមួយនៃការប៉ាន់ប្រមាណលើគ្រួសារត្រូវតែធ្វើឡើងជាភាសាកំណើតរបស់សមាជិកគ្រួសារនោះ លើកលែងតែមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង្ហាញឱ្យឃើញថាវាមិនអាចទៅរួចក្នុងការធ្វើដូច្នោះ។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.321(a)(6), 303.25; ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (g)(1)។

  5. ចុះចំណែកកិច្ចប្រជុំ IFSP វិញ? តើកិច្ចប្រជុំទាំងនោះត្រូវតែធ្វើឡើងជាភាសាកំណើតរបស់ខ្ញុំដែរឬទេ?

    បាទ/ចាស អ្នកមានសិទ្ធិទទួលបានដំណើរការរៀបចំផែនការសម្រាប់ IFSP និងកិច្ចប្រជុំ IFSP ជាភាសាកំណើតរបស់គ្រួសារអ្នក លើកលែងតែមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង្ហាញឱ្យឃើញថាវាមិនអាចទៅរួចក្នុងការធ្វើដូច្នោះ។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.342 (d); ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (g)(1)។ ផែនការ IFSP គួរពិនិត្យឡើងវិញជារៀងរាល់ប្រាំមួយខែម្តង ឬឱ្យបានញឹកញាប់ជាងនេះនៅពេលចាំបាច់។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.342 (b); ក្រមស្តីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា 17 ផ្នែកទី 52102 (b)។

  6. តើខ្ញុំអាចទទួលបានច្បាប់ចម្លងនៃផែនការ IFSP ជាភាសាកំណើតរបស់ខ្ញុំបានដែរឬទេ?

    មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពន្យល់អ្នកឱ្យបានពេញលេញជាភាសាកំណើតរបស់អ្នកអំពីអ្វីដែលមានសរសេរក្នុងផែនការ IFSP។ ក្រមស្តីពីបទប្បញ្ញត្តិសហព័ន្ធ 34 ផ្នែកទី 303.342 (e)។

    មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវផ្តល់ឱ្យអ្នកនូវច្បាប់ចម្លងនៃផែនការ IFSP ជាភាសាកំណើតរបស់អ្នកផងដែរ លើកលែងតែនាយកដ្ឋានសេវាអភិវឌ្ឍន៍ (DDS, Department of Developmental Services) សម្រេចថាវាអាចជាការលំបាកហួសហេតុសម្រាប់ពួកគេក្នុងការធ្វើដូច្នេះ។ ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (g)(1); ក្រមស្តីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា 2 ផ្នែកទី 11162 (c)។

  7. តើខ្ញុំអាចទទួលច្បាប់ចម្លងនៃផែនការ IFSP របស់ខ្ញុំជាភាសាកំណើតរបស់ខ្ញុំបានលឿនប៉ុនណា?

    នៅក្នុងរយៈពេលមួយសមរម្យ លើកលែងតែ DDS និយាយថាវាជាបន្ទុកហួសហេតុដល់មជ្ឈមណ្ឌលថ្នាក់តំបន់។ ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (g)(1); ក្រមស្តីពីបទប្បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា 2 ផ្នែកទី 11162 (c)។ អ្នកអាចទទួលបានផែនការ IFSP ដែលបានបកប្រែរួចក្នុងពេលវេលាកាន់តែឆាប់ៗឡើង ប្រសិនបើអ្នកធ្វើការរម្លឹកដល់មជ្ឈមណ្ឌលថ្នាក់តំបន់ថា អ្នកទទួលបានផែនការ IFSP ដែលបានបកប្រែរួចកាន់តែឆាប់ នោះអ្នកអាចផ្តល់ការយល់ព្រមទៅនឹងសេវាកម្ម ហើយកូនរបស់អ្នកអាចទទួលសេវាកម្មកាន់តែឆាប់ដែរ។ កូនរបស់អ្នកទទួលបានសេវាកម្មកាន់តែលឿនដើម្បីបំពេញលក្ខខណ្ឌរបស់គេ នោះវានឹងមានពេលកាន់តែច្រើនក្នុងការទទួលបានលទ្ធផលវិជ្ជមាន។

  8. តើមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវកត់ត្រាទុកជាឯកសារនូវភាសាកំណើតរបស់ខ្ញុំក្នុងផែនការ IFSP ដែរឬទេ?

    បាទ/ចាស មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវកត់ទុកថាតើភាសាកំណើតរបស់អ្នកជាអ្វី​ក្នុងផែនការ IFSP។ ក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា ផ្នែកទី 95020 (g)(2)។ ឧទាហរណ៍ ប្រសិនបើធម្មតាអ្នកនិយាយភាសាកូរ៉េ នោះផែនការ IFSP របស់អ្នកត្រូវបញ្ជាក់ថាភាសាកំណើតរបស់អ្នកគឺភាសាកូរ៉េ។

  9. តើខ្ញុំអាចស្នើសុំមជ្ឈមណ្ឌលថ្នាក់តំបន់ឲ្យធ្វើគ្រប់យ៉ាងជាភាសាកំណើតរបស់ខ្ញុំបានយ៉ាងដូចម្តេច?

    អ្នកអាចប្រើគំរូលិខិតនេះដើម្បីស្នើសុំជាលាយលក្ខណ៍អក្សរបាន។

    កាលបរិច្ឆេទ៖ _______________
    គោរពជូន៖ ____________________________________ (ឈ្មោះអ្នកសម្របសម្រួលសេវាកម្មនៅមជ្ឈមណ្ឌលថ្នាក់តំបន់)

    ការស្នើសុំព័ត៌មានជាភាសាកំណើតរបស់ខ្ញុំសម្រាប់៖ __________________ (ឈ្មោះអតិថិជននៅមជ្ឈមណ្ឌលថ្នាក់តំបន់)

    ខ្ញុំស្នើសុំកែប្រែផែនការ IFSP ដើម្បីរួមបញ្ចូលនូវឃ្លាមួយថាភាសាកំណើតរបស់ពួកយើងគឺ_____________។

    ខ្ញុំស្នើសុំថារាល់ការប៉ាន់ប្រមាណទាំងអស់ ហើយនិងការធ្វើផែនការ និងការរៀបចំបង្កើត IFSP សម្រាប់កូនរបស់ខ្ញុំត្រូវធ្វើឡើងជាភាសាកំណើតរបស់ខ្ញុំ។ ដូចគ្នាផងដែរ សូមផ្តល់ច្បាប់ចម្លងនៃផែនការ IFSP ដែលបានបកប្រែរួចជាភាសាកំណើតរបស់ខ្ញុំតាមពេលវេលាដូចមានតម្រូវក្នុងច្បាប់។

    ដោយក្តី​គោរពរាប់អានពីខ្ញុំ

    _________________________________________
    ឈ្មោះ

  10. ចុះបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនបានកត់ត្រាទុកជាឯកសារនូវភាសាកំណើតរបស់ខ្ញុំ ឬមិនបានរៀបចំការប៉ាន់ប្រមាណ ការវាយតម្លៃ ឬដំណើរការធ្វើផែនការជាភាសាកំណើតរបស់ខ្ញុំវិញនោះតើយ៉ាងម៉េចវិញ?

    ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកមិនបានកត់ត្រាទុកជាឯកសារនូវភាសាកំណើតរបស់អ្នក ឬមិនបានធ្វើការប៉ាន់ប្រមាណ ការវាយតម្លៃ ឬដំណើរការធ្វើផែនការជាភាសាកំណើតរបស់អ្នក នោះអ្នកអាចដាក់ពាក្យបណ្តឹងបាន។ ក្រមស្តីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា 17 ផ្នែកទី 52170។ ដើម្បីដាក់ពាក្យបណ្តឹងក្រោមកម្មវិធីចាប់ផ្តើមដំបូង ចូរចូលទៅកាន់គេហទំព័រ ដំណើរការពាក្យបណ្តឹងនៃកម្មវិធីចាប់ផ្តើមដំបូង ដើម្បីទទួលបានទម្រង់បែបបទស្នើសុំការស៊ើបអង្កេតលើពាក្យបណ្តឹងនៅក្នុងកម្មវិធីចាប់ផ្តើមដំបូង (DS 1827)។ វាមានជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។ ផ្ញើទម្រង់បែបបទនេះឬលិខិតខ្លីមួយទៅកាន់៖

    Department of Developmental Services (DDS)
    Office of Human Rights and Advocacy Services
    Attention: Appeals, Complaints, and Projects
    1215 O Street, (MS 8-20)
    Sacramento, CA 95814