អនុបាលភាពមានដែនកំណត់ និងជម្រើសផ្សេងទៀត

Publications
#5578.06

អនុបាលភាពមានដែនកំណត់ និងជម្រើសផ្សេងទៀត

ការអភិរក្សគឺជាដំណើរការតុលាការដែលចៅក្រមសម្រេចថាតើអ្នកអាចថែទាំសុខភាព អាហារ សំលៀកបំពាក់ ទីជម្រក ហិរញ្ញវត្ថុ ឬតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ ចៅក្រមអាចដកសិទ្ធិសំខាន់ៗទាំងនេះចេញពីអ្នក។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តើ​អ្វី​ទៅ​ជា​អនុបាលភាព​?​

អនុបាលភាព​ គឺ​ជា​ដំណើរការតុលាការ​មួយដែល​ចៅក្រម​សម្រេ​ច​ថាតើ​អ្នក​អាច​មើ​ល​ថែ​ទាំ​សុខភាពខ្លួនអ្នក ចំណីអាហារ​ សម្លៀកបំពាក់ ទីជម្រក ហិរញ្ញវត្ថុ ឬ​តម្រូវការ​ផ្ទាល់​ខ្លួន​​បានដែរ​​ឬ​អត់​។ ចៅក្រម​អាច​ដកហូត​សិទ្ធិសំខាន់ៗ​ទាំង​អស់​នេះ​ពី​អ្នក​បាន​។​ ចៅក្រម​ជ្រើសរើស​បុគ្គល​ម្នាក់​ទៀត​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​អ្នក​។​ តុលាការ​ហៅ​​បុគ្គលម្នាក់នោះ​ថា​ “​អនុបាល”​។​ តុលាការហៅ​អ្នក​ថា​ “​បុគ្គលស្ថិតក្រោម​អនុបាល​ភាព”​។​

អនុបាលភាព​ សម្រាប់តែ​អ្នក​ដែល​មាន​អាយុ 18 ឆ្នាំ​ ឬ​ចាស់​ជាង​នេះ​ប៉ុណ្ណោះ​។​

តើ​អនុបាលភាព​​មាន​ប្រភេទ​អ្វី​ខ្លះ​?​

នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា មាន​អនុបាលភាព​ក្នុង​​ប្រភេទខុស​ៗ​គ្នា​​៖

  • អនុបាលភាព​មត៌កសាសន៍ទូទៅ​
  • អនុបាលភាព​ស្ថិតក្រោម​ច្បាប់ LPS (Lanterman-Petris-Short Act)​
  • អនុបាលភាព​ក្រោមជំងឺភ្លេចភ្លាំង
  • អនុបាលមានដែនកំណត់​

តើ​អ្វី​ទៅ​ជា​អនុបាលភាព​មានដែនកំណត់​?​

អនុបាលមានដែនកំណត់​ គឺ​សម្រាប់​អ្នក​ដែល​មាន​ពិការភាព​​ផ្នែក​ប្រាជ្ញា និង​ការ​លូតលាស់​​។ គោលដៅ​របស់​អនុបាលភាព​មានដែនកំណត់​ គឺ​ដើម្បី​ឱ្យ​​ក្លាយ​ជា​​បុគ្គ​ល​​ដែល​អាច​ពឹង​លើខ្លួនឯង​ និង​មានឯករាជ្យ​ភាព​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​។​ វា​អនុញ្ញាត​ឱ្យ​អ្នក​រក្សា​សិទ្ធិ​មួយ​ចំនួន​ ដើម្បី​ឱ្យ​អ្នក​អាច​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អំពី​ជីវិត​របស់​អ្នក​បាន​។​ ចៅក្រម​នឹង​ធ្វើ​ការ​សម្រេច​​ថា​តើ​​អនុបាល​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អ្វី​ខ្លះ​សម្រាប់​អ្នក​។​

​តើ​នរណា​អាច​តែង​តាំង​ធ្វើ​ជា​អនុបាល​មានកំណត់​របស់​អ្នក​?​

អនុបាល​មានដែនកំណត់​ ត្រូវ​មានអាយុ 18 ឆ្នាំឡើងទៅ​។ អ្នក​អាច​ណែនាំ​បុគ្គល​ម្នា​ក់​​ដែល​អ្នក​ស្គាល់​ ដូច​ជា​សមាជិកគ្រួសារ​ ឬ​មិត្តភ័ក្តិ​​ណាម្នាក់​បាន​។​ ចៅក្រម​ត្រូវ​ធ្វើ​ការ​ពិចារណា​អំពី​សំណើ​របស់​អ្នកជាមុន​សិន​។​ ​ប៉ុន្តែ​ចៅក្រម​មានសិទ្ធិ​សម្រេច​ជា​ចុង​ក្រោ​​យ​​ ហើយ​ពួកគេ​អាច​ជ្រើសរើស​អ្នក​ផ្សេង​ទៀត​បាន​។​ ចៅក្រម​ក៏​អាច​ជ្រើសរើស​អនុបា​ល​​ច្រើន​ជាង​ម្នាក់​បាន​ផង​ដែរ​ (“សហអនុបាល”)។​ ពេ​លខ្លះ​ ​អនុបាល​វិជ្ជាជីវៈឯកជន​​ណា​ម្នាក់​ត្រូវបានជ្រើសរើស។​ ប្រសិន​បើ​រក​ពុំ​បាន​នរណា​ម្នាក់​ទេ​ នោះ​អាច​នឹង​មាន​ការ​តែង​តាំង​អាណាព្យាបាល​សាធារណៈរបស់ខោនធី មជ្ឈមណ្ឌលក្នុងតំបន់ ឬ​នាយកដ្ឋាន​សេវាបញ្ហា​​​ការ​អភិវឌ្ឍលូតលាស់ (Department of Developmental Services, DDS)។

ប្រសិន​បើ​នាយកដ្ឋាន​សេវាបញ្ហា​​​ការ​អភិវឌ្ឍលូតលាស់​ត្រូវ​បាន​តែង​តាំង​ធ្វើ​ជា​អនុបា​ល​​​របស់​អ្នក​ នាយកដ្ឋាន​នេះ​ត្រូវ​ចែង​ពី​ទំនួលខុស​ត្រូវ​ប្រចាំ​ថ្ងៃ​របស់​មជ្ឈមណ្ឌល​ក្នុង​តំប​ន់​របស់​អ្នក និង​គ្រប់គ្រងតាមដាន​​​ពីស្ថានភាព​របស់​អ្នក​និង​មជ្ឈមណ្ឌល​ក្នុង​តំបន់​។​ ចាប់​ពី​ថ្ងៃទី1 ខែ​មករា ឆ្នាំ2023 តទៅ​ មជ្ឈមណ្ឌលក្នុងតំបន់​​មិនអាច​ធ្វើ​ជា​អនុបាល​របស់​បុគ្គលណាម្នាក់​ដោយ​ខ្លួនឯង​បាន​ទៀត​ឡើយ។​

តើអនុបាលភាព​មានដែនកំណត់ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​របៀប​ណា​?

  • អនុបាល​ដែល​បាន​ស្នើ​ ត្រូវ​ដាក់​ញត្តិមួយ​ទៅតុលាការ​។​ សំណៅ​ថត​ចម្លង​មួយ​ច្បាប់នៃញត្តិនោះ​ ត្រូវ​ប្រគល់ទៅឱ្យអ្នក​​។​
  • សំណៅ​ថត​ចម្លង​ផ្សេង​ទៀត​ ​ត្រូវ​ផ្ញើ​ទៅ​សាច់​ញាតិ​ ឬ​ទីភ្នាក់ងារ​របស់​អ្នក​ខ្លះ​ ដូចជាមជ្ឈមណ្ឌលក្នុងតំបន់ជា​ដើម​។​
  • អ្នក​ស៊ើបអង្កេត​ម្នាក់ពីខាង​​តុលាការ​ ត្រូវ​បាន​ចាត់​​សម្រាប់​ករណី​របស់​អ្នក​។​
  • អ្នក​ត្រូវ​តែ​ចូលរួម​ក្នុងសវនាការ​ លើកលែង​តែ​ចៅក្រម​អនុម័តយល់ព្រម​​លើ​ការលើកលែង​ណាមួយ​។​ ចៅក្រោម​នឹង​តែង​តាំង​មេធាវី​ម្នាក់​ដើម្បី​ធ្វើ​ជា​តំណាង​របស់​អ្នក​។​

តើ​អ្នកស៊ើបអង្កេត​របស់​តុលាការ​មានតួនាទីអ្វី​នៅ​ក្នុង​ដំណើរ​ការ​នៃ​អនុបាលភាព​មានដែនកំណត់​?

អ្នក​ស៊ើបអង្កេត​ពី​ខាង​តុលាការ​ត្រូវ​តែ​៖​

  • ពន្យល់​ និង​ត្រួ​តពិនិត្យញត្តិ​នោះ​ជាមួយ​អ្នក​។​
  • ធ្វើ​ការ​សម្ភាស​ និង​ប្រាប់​អ្នក​អំពី​ដំណើរ​ការ​អនុបាលភាព​នេះ​។​ កំណត់​ថា​តើ​អ្នក​៖​
    • អាច​ចូល​រួម​ក្នុង​សវនាការ​បា​ន​ឬ​អត់​
    • ចង់​តវ៉ាជំ​ទាស់​នឹង​អនុបាលភាព​នេះ​ឬ​អត់​
    • បដិសេធ​អនុបាល​ដែល​បានស្នើ​ ឬ​ចង់បាន​បុគ្គល​ម្នាក់​ផ្សេង​ទៀត​ឬ​អត់​។
    • ជួប​ប្រជុំ​គ្នា​ជាមួយ​អ្នក​រៀង​រាល់​ឆ្នាំ​ដើម្បី​ជជែក​​ថា​តើ​អ្នក​ចង់​បញ្ចប់​អនុបាលភាព​មានដែនកំណត់​ឬ​អត់​ និង​ថា​តើ​មាន​ជម្រើសដទៃ​ផ្សេង​ទៀត​ឬ​អត់​ (ហើយបន្ទាប់ ប្រាប់​រឿង​នេះ​ទៅចៅក្រម​)។​

តើ​មជ្ឈមណ្ឌល​ក្នុងតំបន់​​​មានតួនាទីអ្វី​នៅ​ក្នុង​ដំណើរ​ការ​នៃ​អនុបាលភាព​មានដែនកំណត់​?

មជ្ឈមណ្ឌលក្នុងតំបន់​នឹង​ធ្វើ​ការ​វាយតម្លៃ​អ្នក​ ដោយ​មាន​ការ​យល់ព្រម​ពី​អ្នក​ រួច​ប្រ​គ​ល់​​របាយការណ៍​​មួយ​ច្បាប់​ជូនទៅ​តុលាការ​។​ របាយការណ៍​នោះ​​ត្រូវរួម​បញ្ចូល៖

  • លក្ខណៈ/កម្រិត​នៃ​ពិការភាព​របស់​អ្នក​។​
  • ជំនួយ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ការ​។​
  • ស្ថានភាពរាងកាយរបស់អ្នក។
  • ស្ថានភាព​ផ្លូវ​ចិត្ត​​ និង​សុខុមាលភាព​សង្គម​របស់​អ្នក។​
  • អនុសាសន៍​អំពី​សិទ្ធិ​ជាក់​លាក់មួយចំនួន​ដែល​បាន​ស្នើសុំនៅ​ក្នុងញត្តិនោះ​។​

ប្រសិន​បើ​អនុបាល​ដែល​បាន​ស្នើ​នោះ​ ​ជា​អ្នក​ផ្ដល់សេវា​​​ នោះ​របាយការណ៍​ត្រូវ​រួម​បញ្ចូល​មតិយោបល់​ថា ​តើ​អ្នក​ផ្ដល់សេវា​​នោះ​ នឹង​ស័ក្តិ​សម​​​បំពេញ​តាម​តម្រូវ​ការ​របស់​អ្នក​ឬ​អត់​។​

សំណៅ​ថត​ចម្លង​មួយ​ច្បាប់​នៃ​របាយការណ៍​នោះ​ ត្រូវ​ផ្ញើ​ទៅ​អ្នក​ និងមេធាវី​របស់​អ្នក​ យ៉ាង​ហោច​ណាស់​ 5 ថ្ងៃ មុន​សវនាការ​ដែរ។​

តើ​ខ្ញុំ​មានសិទ្ធិ​អ្វី​ខ្លះនៅ​ក្នុងដំណើរ​ការ​នៃ​អនុបាលភាព​មាន​ដែនកំណត់​នេះ​?

អ្នក​មានសិទ្ធិ​៖

  • ទទួល​បាន​ការ​ជូនដំណឹង​ថា​តើ​មានសិទ្ធិ​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​ដក​ហូត​ ហើយ​​ថា​តើ​​អនុបាលភាព​នេះ​ នឹង​ប៉ះពាល់ដល់សិទ្ធិ​​​របស់​អ្នកយ៉ាង​ដូចម្ដេច​។​
  • ទទួល​បាន​ការ​ជូនដំណឹង​ និងសំណៅ​ថត​ចម្លង​មួយ​ច្បាប់​​ពី​ញត្តិ​អនុបាលភា​ព​​​នេះ​ យ៉ាង​តិច​ 15 ថ្ងៃ​ មុន​សវនាការតុលាការ​។​
  • ​ឱ្យ​មេធាវី​ម្នាក់ធ្វើជា​តំណាង​របស់អ្នក​​។​ ប្រសិន​បើ​អ្នក​គ្មាន​មេធាវី​ទេ​ ចៅក្រម​អាច​តែង​តាំង​មេធាវី​ម្នាក់​សម្រាប់​អ្នក​បាន​។​
  • ទទួល​បាន​សំណៅថតចម្លង​មួយ​ច្បាប់​​​នៃ​របាយការណ៍​ណាមួយ​ដែល​ប្រគ​ល់​​ទៅ​ឱ្យចៅក្រម​​​ដោយ​គ្រួសារ​​របស់​អ្នក​ មិត្តភ័ក្តិ​ មជ្ឈមណ្ឌលក្នុងតំបន់ និង​​បុគ្គល​ដទៃ​ទៀត​។​
  • មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ស្ដីពី​អនុបាលភាព​​។
  • ធ្វើ​ការ​តវ៉ា​ជំទាស់​នឹង​អនុបាលភាព​។​
  • ស្នើឱ្យ​មាន​ការជំនុំជម្រះដោយមានគណៈវិនិច្ឆ័យ ប្រសិន​បើ​អ្នក​ស្នើសុំ​។​
  • ទទួល​ព័ត៌មាន​​អំពី​សិទ្ធិ​របស់​អ្នក​ អនុបាលភាព​របស់​អ្នក​ ដំណើរ​ការ​តុលាកា​រ​ និង​ការ​បញ្ចប់ ឬ​ការ​ផ្លាស់ប្ដូរ​អនុបាលភាព​របស់​អ្នក​ ជាភាសា​សាមញ្ញងាយ​ស្រួល​យល់​។​
    • ចៅក្រម​ត្រូវ​ប្រគល់​ព័ត៌មាន​នេះ​ទៅ​ឱ្យ​អ្នក​ក្នុង​រយៈពេល 30 ថ្ងៃ​ បន្ទាប់​ពី​គេ​បាន​ដាក់បញ្ចូលអ្នក​ទៅក្នុង​អនុបាល​ភាព​ និង​ជា​រៀង​រាល់​ឆ្នាំ​បន្ទា​ប់​ពី​នោះ​ទៅ​។​

​តើ​ចៅក្រម​អាច​ដកសិទ្ធិ​អ្វី​ខ្លះ​ពី​ខ្ញុំ​បាន នៅ​ក្នុង​​​អនុបាលភា​ព​​មានដែនកំណត់?​

ចៅក្រម​​អាច​ដកហូត​​សិទ្ធិ​​ទាំងនេះ​​ខ្លះ ឬ​ទាំង​អស់​ចេញ​ពី​អ្នកបាន៖​

  • សិទ្ធិ​កំណត់​ទីលំនៅ​។
  • សិទ្ធិទទួល​បាន​កំណត់ត្រា​​សម្ងាត់​។​
  • សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍​។​
  • សិទ្ធិ​ចុះ​កិច្ចសន្យា​។​
  • សិទ្ធិ​ផ្ដល់ការ​យល់ព្រម​សម្រាប់​ការ​ព្យាបាល​វេជ្ជសាស្រ្ត​។​
  • សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​សង្គម និងផ្លូវភេទ​។​
  • សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ការ​អប់រំ​។​

តើ​ខ្ញុំ​អាច​បង្ហាញ​ថា​ ខ្ញុំ​មិន​ត្រូវ​ការ​អនុបាល​ណាម្នាក់​​តាមរបៀប​ណា​?

អ្នក​អាច​បង្ហាញ​ថា​ អ្នក​អាច​មើល​ថែទាំ​សុខភាពខ្លួនឯង ចំណីអាហារ​ សម្លៀកបំពាក់​ ទីជម្រក ហិរញ្ញវត្ថុ ឬ​តម្រូវ​ការ​ផ្ទាល់​ខ្លួន​បាន។​ ​អ្នក​អាច​ប្រើប្រាស់​ការ​គាំ​ទ្រ​ និង​សេវាក​ម្ម​ផ្សេង​ៗ​ ដូច​ជា​​ជម្រើសផ្សេង​ក្រៅពី​អនុបាលភាព​ រួម​បញ្ចូល​ទាំង​ការ​ធ្វើ​សេច​​ក្ដី​​សម្រេចចិត្ត​ដែ​ល​មានការ​គាំ​ទ្រ​ ដើម្បី​ជួយ​អ្នក​បាន​។​

ប្រសិន​បើ​តុលាការ​កំណត់​ថា​ ខ្ញុំ​ត្រូវ​ការ​អនុបាលមាន​ដែន​កំណត់​ ​តើ​​អនុបាល​នោះ​មាន​ភារកិច្ច និងទំនួល​ខុសត្រូវ​អ្វី​ខ្លះ?

អនុបាល​មានភារកិច្ចខ្ពស់​ក្នុង​ការ​អនុវត្ត​អ្វី​ដែល​ចៅក្រម​បាន​ចាត់​តាំង​ឱ្យ​ពួកគេ​ធ្វើ​ ដែល​​ជា​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​សម្រាប់​អ្នក​។​ ចំណុច​នេះ​អាចរួម​បញ្ចូល​៖​

  • ការ​ជួយ​អ្នក​ទទួល​បាន​សេវា​គាំ​ទ្រ​ ការ​អប់រំ សេវាវេជ្ជសាស្រ្ត​ និង​សេវាកម្ម​ដទៃ​​ទៀត​ ដែល​នឹង​ជួយ​អ្នក​ឱ្យ​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​ឱ្យ​បាន​ច្រើន​ដែល​អាច​ធ្វើ​​ទៅ​បាន​។​
  • ឆ្លើយ​តប​នឹង​វិបត្តិនៅ​ពេល​ត្រូវ​ការ​។​
  • ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​តម្រូវ​ការ​ផ្ទាល់ខ្លួន ឬ​តម្រូវ​ការ​ហិរញ្ញវត្ថុ​។​

គ្រប់ពេលវេលា​ទាំង​អស់ អនុបាល​របស់​អ្នក​ត្រូវ​ជួយ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់ខ្លួន ជូន​ដំណឹង​ដល់​អ្នក​អំពី​សេចក្ដី​សម្រេច​ដែល​ពួកគេ​បាន​សម្រេច​ និង​គាំ​ទ្រ​ដល់​អ្នក​ក្នុង​​ការ​ធ្វើ​​ជា​មនុស្ស​ឯករាជ្យ​ឱ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

ចៅក្រម​ក៏​ត្រូវ​ផ្ដល់​ជូន​ដល់​អនុបាល​របស់​អ្នក​នូវ​ព័ត៌មាន​អំពី​អនុបាលភាព​មាន​ដែនកំ​ណត់​ផង​ដែរ រួមបញ្ចូល​ទាំង​របៀប​ជួយ​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ របៀប​បញ្ចប់​ឬ​ផ្លាស់ប្ដូរ​អនុបាលភាព​​ និង​​ទំនួលខុស​ត្រូវ​អ្វី​ខ្លះ​ដែល​ពួកគេ​មាន ក្នុង​នាម​ជា​អនុបាល​របស់​អ្នក​។​

តើ​អនុបាលភាព​មានដែនកំណត់​មាន​ជម្រើស​មិនសូវ​តឹង​រឹង​អ្វី​ខ្លះ​?

មុន​ពេល​បុគ្គល​ម្នាក់/DDS អាច​សុំ​តុលាការ​ធ្វើ​ជា​អនុបាល​របស់​អ្នកបាន​ ពួកគេ​ត្រូវ​តម្រូ​វ​ដោយ​ច្បាប់​ក្នុង​ការ​គិត​ពិចារណា​អំពី​ជម្រើស​ដទៃផ្សេងទៀត​។​ ចំណុច​នេះ​ហៅ​ថា “​ជម្រើស​មាន​កា​ររឹតត្បិត​តិច​តួ​ច”​ ហើយ​ពួកគេ​អាច​ពន្យារ​ពេល​ ឬ​បោះបង់​តម្រូវ​កា​រ​អនុបាលភាពបាន​។​ អនុបាល​ដែល​អ្នក​ស្នើសុំ ត្រូវ​ប្រាប់ទៅ​ចៅក្រម​​ថា​តើ​​បាន​សាក​ល្បង​ជម្រើស​ផ្សេង​មួយ​ណា​ ហើយ​ហេតុ​អ្វី​បាន​ជា​ជម្រើស​ផ្សេង​ទៀត​មិន​បាន​ផល​។​ ចៅក្រម​ត្រូ​វពិចារណា​ថា​តើ​ជម្រើស​ផ្សេង​​អាច​បាន​ផល​​ឬ​អត់​ ប្រសិន​បើ​អ្នក​មាន​សេវា​កម្ម​និង​ការ​គាំ​ទ្រ​ត្រឹម​ត្រូវ​នោះ​។​

ជម្រើស​ទូទៅ​

ការ​ធ្វើសេចក្ដី​សម្រេ​ចចិត្ត​ដែល​មានការ​គាំ​ទ្រ​៖​

ការ​ធ្វើសេចក្ដី​សម្រេ​ចចិត្ត​ដែល​មានការ​គាំ​ទ្រ​ (SDM) គឺ​នៅ​ពេល​ដែល​អ្នក​ពឹងពាក់​មិត្តភ័ក្តិ​ដែល​អ្នក​ទុកចិត្ត​ គ្រួសារ​ និង​អ្នក​ជំនាញ​ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ស្វែង​យល់​ពី​ស្ថានភាព​ និង​ជម្រើស​ផ្សេង​ៗ​នៅ​ក្នុង​ជីវិត​របស់​អ្នក​។​ វា​ជា​វិធី​មួយ​ក្នុង​ការ​បង្កើន​ឯករាជ្យភាព​របស់​អ្នក​។​ វា​លើកទឹក​ចិត្ត​អ្នក​ និ​ង​ផ្ដល់​ដល់​អ្នក​នូវ​អំណាច​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អំពី​ជីវិត​របស់​អ្នក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ SDM គឺ​ជា​របៀប​ដែល​មនុស្ស​ពេញ​វ័យ​ភាគ​ច្រើនបំផុត​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ជា​រៀង​រាល់​ថ្ងៃ​។​ SDM ក៏​៖​

  • ជួយ​អ្នក​ក្នុង​​ការ​ធ្វើ​ឱ្យ​រឿង​រ៉ាវ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក​​។​
  • ជួយ​អ្នក​ក្នុង​ការ​ធ្វើ​ការ​ជ្រើសរើស​ទីកន្លែង​ របៀប​រស់​នៅ និង​មនុស្ស​ដែល​អ្នក​ត្រូវ​​ស្នាក់នៅ​ជាមួយ​។​
  • ជួយ​អ្នក​ក្នុង​ការ​ជ្រើសរើស​ទីកន្លែង​ដែលអ្នក​ចង់ធ្វើ​ការ​​។​
  • ជួយ​អ្នក​ក្នុង​ការ​​បំពេញសកម្មភាព​​​ក្នុង​ជីវិត​របស់​អ្នក​ ជា​ជាង​ឱ្យ​នរណា​ម្នាក់​ធ្វើ​សកម្មភាព​ជំនួយ​អ្នក​។​
  • អនុញ្ញាត​ឱ្យ​អ្នក​មាន​គុណភាព​ជីវិត​បែប​វិជ្ជមានកាន់តែ​ច្រើន​។​
  • បង្កើន​ឱកាស​ការងារ​ ឯករាជ្យភាព​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ និង​ការរួម​បញ្ចូល​នៅ​ក្នុង​សហគមន៍​។​

អ្នក​អាច​ជ្រើសរើស​​អនុវត្ត​ SDM ដោយ​មាន​ ឬ​គ្មាន​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​បាន​។​

ប្រសិន​បើ​អ្នក​ជ្រើសរើស​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ អ្នក​អាច​ធ្វើ​កិច្ចសន្យា SD​M ជាលាយលក្ខណ៍​អក្សរ​មួយ​ ដែ​ល​អ្នក​អាច​ជ្រើស​រើស​អ្នក​គាំ​ទ្រ​របស់​អ្នក​បាន​។​ ឧទាហរណ៍​ អ្នក​អាច​ជ្រើសរើស​បង​ប្អូន​​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អំពី​ប្រាក់​កាស​ ឬ​អ្នកអាច​ជ្រើសរើស​មិត្តភ័ក្តិណាម្នាក់ជួយ​ដល់​អ្នក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​អំពី​ជីវិត​។​ អ្នកក៏​អាចជ្រើសរើស​​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​ផង​ដែរ​។ ឧទាហរណ៍ អ្នក​អាច​ជ្រើសរើស​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​​អំពី​លំនៅដ្ឋាន​របស់​អ្នក​ដោយ​ខ្លួន​អ្នក​។​ ការ​មាន​កិច្ចសន្យា​ SDM ពុំ​បានរារាំង​អ្នកមិនឱ្យ​ធ្វើសកម្មភាព​ដោយ​ឯករាជ្យ​ដោយសារ​កិច្ចសន្យា​នោះ​ទេ​ ហើយ​មិនអាច​ប្រើវា​ធ្វើ​ជា​ភស្តុតាង​​ថា អ្នក​មិន​អាច​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​សម្រាប់ខ្លួន​អ្នក​ឡើយ​។​ អ្នក​អាចបញ្ចប់កិច្ចសន្យា SDM របស់​អ្នក​​បាន​គ្រប់ពេលទាំង​អស់​។​

កិច្ចសន្យា​ជាលាយលក្ខណ៍​អក្សរ​មាន​វិធាន​​ផ្សេង​ៗ​ ដែល​អ្នក​និង​អ្នក​គាំ​ទ្រ​របស់​អ្នក​ត្រូវ​អនុវត្តតាម​ ប្រសិន​បើ​អ្នក​ចង់​ឱ្យ​អ្នកដទៃ​ទទួល​ស្គាល់​កិច្ចសន្យា​ទាំង​នោះ​។​ កិច្ចសន្យា SDM ជាលាយលក្ខណ៍​អក្ស​រ​ ត្រូវតែ​៖​

  • ​សរសេរ​ជា​ភាសា​ដែល​ងាយ​ស្រួល​យល់​
  • ចុះ​ហត្ថលេខា​ដោយ​អ្នក​គាំ​ទ្រ​របស់​​អ្នក នៅ​ចំពោះ​មុខ​សាក្សី​
  • ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​រៀង​រាល់ពីរ​ឆ្នាំ​ម្ដង​ និង​
  • រួមបញ្ចូល​ ...
    • អ្វី​ដែល​អ្នក​ចង់​ឱ្យ​មាន​ការ​គាំ​ទ្រ​
    • អ្វី​ដែល​អ្នក​គាំ​ទ្រ​របស់​អ្នក​យល់​ព្រម​ជួយ​អ្នក​
    • ការ​យល់​ព្រម​របស់​អ្នកគាំ​ទ្រ​របស់​អ្នក​ទៅ​នឹង​ទំនួល​ខុ​ស​ត្រូវ​របស់​ពួកគេ​ក្នុង​​នាម​ជា​អ្នកគាំ​ទ្រ​
    • ព័ត៌មាន​អំពីសិទ្ធិ​របស់​អ្នក​ក្នុង​ការ​រាយការណ៍​អំពី​ការ​ប្រើប្រាស់​មិនត្រឹម​ត្រូ​វ​ និង​
    • ឯកសារ​ពាក់​ព័ន្ធ​ដទៃ​ផ្សេង​ទៀត​​អំពី​ការ​ធ្វើសេចក្ដី​សម្រេចចិត្ត​ (ដូច​ជា​ជម្រើសផ្សេង​ក្រៅ​ពី​អនុបាលភាព​ ដែល​បាន​ពិភាក្សា​ផ្នែក​ខាងក្រោម​)​

អ្នក​អាច​ស្វែង​រកប្រភព​បន្ថែម​អំពី SDM ​រួមទាំង​គំរូកិច្ចសន្យា​ SDM បានផង​ដែរ​នៅ​ទីនេះ៖ https://supportwithoutcourts.org/sdm-resources/

លិខិត​ប្រគល់​សិទ្ធិ​មានប្រសិទ្ធភាព​ឋិតថេរ​​៖​

នេះគឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ដែល​អ្នក​​អាច​ប្រគល់​ជូន​ទៅ​នរណា​ម្នាក់​ដែល​អ្នកទុក​ចិ​ត្ត​ នូវ​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជំនួស​អ្នក​។​ វា​ជា​វិធី​មួយ​សម្រាប់​ឱ្យ​អ្នក​ទទួល​បា​ន​ជំនួយ​ការ​គាំ​ទ្រ​ និង​សេវាកម្ម​ផ្សេង​ៗ​​ ដែល​អ្នក​ត្រូវ​ការ​​ក្នុង​ការ​រស់​នៅ​ដោយ​ឯករា​ជ្យ​។​ អ្នក​អាច​ផ្ដល់សិទ្ធិឱ្យនរណា​ម្នាក់​ក្នុងការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ប្រភេទ​ ដូច​ជា​ ខាង​វេជ្ជសាស្រ្ត​ ឬហិរញ្ញវត្ថុ​ ឬ​ផ្ដល់សិទ្ធិ​ដល់​ពួកគេ​​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិ​ត្ត​ទាំង​ពី​រ​នេះ​។​

ជម្រើស​ទូទៅ​ដទៃ​ទៀត​៖

  • អ្នក​អាច​ចូល​រួម​​ជា​មួយ​ក្រុម​ស្វ័យ​តស៊ូមតិ​ ដូច​ជា​ People First ជា​ដើម​ ឬ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ស្វ័យ​​តស៊ូមតិ​​ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការ​​សិក្សា​រៀនសូត្រ​​អំពី​របៀប​​ប្រាស្រ័យ​ទាក់​ទង​ និង​តស៊ូមតិ​សម្រាប់​អ្វី​ដែល​អ្នក​ត្រូវ​ការ​។​
  • អ្នក​អាច​ឱ្យគេ​សរសេរ​ជម្រើស​​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ក្នុ​ង IEP ឬ IPP របស់​អ្នក​​បាន​។​
  • អ្នក​អាច​រៀប​ចំ​សម្រាប់​ IEP ឬ IPP ​របស់​អ្នក​ ដោយ​អនុវត្ត​ការ​ដើរតួ និង​ការ​ជជែ​ក​​អំពី​អ្វី​ដែល​អ្នក​ត្រូវ​កា​រ​ និង​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុក​ចិត្ត​។​
  • អ្នក​អាច​ស្វែង​រក​អ្នក​សម្រប​សម្រួល​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ធ្វើសេចក្ដី​សម្រេចចិត្ត​បាន​។​

ជម្រើស​ជាក់លាក់​

ជម្រើស​សម្រាប់​ការ​ទទួល​បាន​សេវា​កម្ម​នៅ​ក្នុង​ IEP ឬ IPP របស់​អ្នក៖​

អ្នក​មានសិទ្ធិ​ក្នុង​ការ​អញ្ជើញ​មនុស្ស​​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ IEP ឬ IPP ​របស់​អ្នក​ ដែ​ល​​នឹង​ជួយ​គាំ​ទ្រ​អ្នក​ក្នុង​ការ​តស៊ូមតិ​សម្រាប់​សេវាកម្ម​ដែល​អ្នក​ត្រូវ​ការ​​ដើម្បី​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​។​ អ្នកតស៊ូមតិ​អាច​ជា​៖​

  • អ្នកសម្របសម្រួល​សេវាកម្ម​របស់​អ្នក​។​
  • គ្រួសារ​របស់​អ្នក​ និង​មនុស្ស​នៅ​ក្នុង​រង្វង់​នៃ​ការ​គាំ​ទ្រ​របស់​អ្នក​។​
  • អ្នកតស៊ូ​មតិ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​។​

ជម្រើស​ផ្សេង​ៗ​សម្រាប់​ការ​សម្រេ​ចចិត្ត​ពី​ទីកន្លែង​ និង​បុគ្គល​ដែល​អ្នក​ស្នាក់នៅជាមួយ​៖

ពិភាក្សា​បំណង​ និង​ជម្រើស/កា​រសម្រេចចិត្ត​របស់​អ្នក​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុក​ចិត្ត​​ ដូចជា​៖​

  • រង្វង់​នៃ​អ្នក​គាំ​ទ្រដល់អ្នក (​មនុស្ស​ដែល​អ្នកទុកចិត្ត​ និង​មនុស្ស​គាំ​ទ្រ​អ្នក)​។
  • អ្នក​ផ្ដល់​​សេវាជំនួយ​សម្រាប់ការ​រស់​នៅដោយឯករាជ្យ​ (ILS)។
  • អ្នក​ផ្ដល់​​សេវា​គាំទ្រ​​សម្រាប់ការ​រស់​នៅដោយឯករាជ្យ​ (SLS)។
  • បុគ្គលិក​​មន្ទីរថែទាំ​ក្នុង​សហគមន៍​ ឬ​មន្ទីរ​ថែទាំ​មធ្យម​។​

​សាកសួរមនុស្ស​ដែល​អ្នក​ទុក​ចិត្ត​​ពី​របៀប​ដែល​អ្នក​ទទួល​បាន​ជំនួយ​​សម្រាប់​ការ​ជួល​ផ្ទះ​ ឬ​ការ​ដាក់​ពាក្យ​សុំ​ជំនួយ​លំនៅដ្ឋាន​សាធារណៈ។​

តស៊ូ​មតិ​នៅ​ IPP ​របស់​អ្នក​ ហើយ​ឱ្យ​គេ​សរសេរ​ជម្រើស​របស់​អ្នក​ចូល​ក្នុង​ IPP របស់​​អ្នក​។​

ជម្រើសផ្សេង​ៗ​សម្រាប់​ការ​ទទួល​បាន​ព័ត៌មាន​សម្ងាត់របស់​អ្នក​៖​

ប្រសិន​បើ​អ្នក​ចង់ឱ្យ​នរណា​ម្នាក់​ដែល​អ្នក​ជឿ​ទុក​ចិត្ត​ទទួល​បានព័ត៌មាន​សម្ងាត់​របស់​អ្នក​ អ្នក​អាច​ផ្ដល់​ការ​អនុញ្ញាត​បាន​ដោយ​ប្រើប្រាស់ជម្រើស​ណាមួយ​ខាង​ក្រោម​នេះ​៖​

  • ចុះហត្ថលេខាលើ​ទម្រង់បែបបទ​បញ្ចេញ​ព័ត៌មានវេជ្ជសាស្រ្ត​ HIPAA។
  • ចុះ​ហត្ថលេខា​យល់​ព្រមលើ​ទម្រង់​បែប​បទ​​​បញ្ចេញព័ត៌មាន​​ ឬកំណត់​ត្រា​។​
  • អ្នក​ និង​បុគ្គល​ផ្សេង​ទៀត​អាច​ទូរសព្ទ​ទៅភ្នាក់ងារ​រួម​គ្នា​ ហើយ​អ្នក​អាច​អនុញ្ញាត​តាម​ទូរសព្ទ​បាន​។​

ជម្រើសផ្សេង​ៗ​​​ដើម្បី​ជួយ​អ្នក​គ្រប់គ្រងប្រាក់កាស​​​របស់​អ្នក​៖​

  • អ្នក​អាច​ចុះ​ហត្ថលេខា​លើ​លិខិត​ប្រគល់​សិទ្ធិ​ខាង​ហិរញ្ញវត្ថុ​បាន​។​ លិខិត​នេះ​អនុញ្ញា​ត​ឱ្យ​នរណា​ម្នាក់​ដែល​អ្នក​ជឿ​ទុក​ចិត្ត​​​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេ​ចចិត្ត​​អំពី​ហិរញ្ញវត្ថុ​ និង​ប្រាក់​កាស​របស់​អ្នក​។​ លិខិត​ប្រគល់​សិទ្ធិ​ខាង​ហិរញ្ញវត្ថុ​នេះ ​ត្រូវ​មានហត្ថលេខា​បញ្ជាក់​ដោយ​សារការី​។​ អ្នក​អាច​បញ្ចប់​លិខិត​នេះ​ នៅ​ពេល​ណាក៏​បាន តាម​ចិត្ត​របស់​អ្នក​។​
  • អ្នកអាច​ជ្រើសរើស​នរណាម្នាក់​ធ្វើ​ជា​អ្នក​ទទួល​ប្រាក់ជំនួស​​នៃ​អត្ថប្រយោជន៍​ SSI/​របបសន្តិសុខសង្គម​បាន​។​
  • មាន​ច្បាប់​មួយ​ចំនួន​ដែល​ជួយ​ការពារ​អត្ថប្រយោជន៍ SSI/របបសន្តិសុខ​សង្គម​របស់​​អ្នក​។​
  • អ្នកអាចឱ្យគេ​សរសេរ​សេវាកម្ម​របស់​អ្នក​ជាលាយលក្ខណ៍​អក្សរ​នៅ​ក្នុង IPP ​រប​ស់​​អ្ន​ក​បាន​ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ប្រាក់កាស​របស់​អ្នក ដូច​ជា​បុគ្គលិក​សេវា​ក​​ម្ម​ជំនួយ​សម្រាប់​ការ​រស់នៅ​ដោយ​ឯករាជ្យ​​របស់​អ្នក​ជា​ដើម​។​
  • តំណាងខាង​តម្រូវ​ការ​ពិសេស​ អាច​បង្កើត​សម្រាប់​អ្នក​បាន​។​ ពេល​នោះ​ អ្នក​តំណា​ង​​ម្នាក់​នឹ​ង​អាច​គ្រប់គ្រង​ប្រាក់កាស​របស់​អ្នក​បាន​។
  • គណនីធនាគាររួមគ្នា៖ អ្នក​អាច​បង្កើ​តគណនី​ធនាគារ​រួម​គ្នាមួយ​ជាមួយ​មនុស្ស​ណាម្នាក់ដែល​អ្នក​ទុក​ចិត្ត​ ដើម្បី​ជួយ​ដល់​អ្នកក្នុង​ការ​សរសេរ​មូលប្បទានបត្រ​ ធ្វើ​ការ​ដាក់ប្រាក់​ឬ​ដក​ប្រាក់ជា​ដើម​។​

ជម្រើសផ្សេង​ៗ​​​ដើម្បី​ជួយ​អ្នក​​ពាក់ព័ន្ធ​នឹងតម្រូវ​ការ​ថែទាំ​សុខភាព​របស់​អ្នក៖​

  • អ្នក​អាច​ចុះ​ហត្ថលេខាលើ​សេចក្ដីណែនាំ​ស្ដីពីការ​ថែទាំ​សុខភាព​ជាមុន​ ដើម្បី​ឱ្យ​គេ​​អាច​បំពេញ​តាម​បំណង​របស់​អ្នក​បាន​។​ វា​ត្រូវ​ការ​ហត្ថលេខា​ពី​សាក្សី​ពីរនាក់​ ឬ​ត្រូវការ​ឱ្យ​មានហត្ថលេខា​បញ្ជាក់​ពី​សារការី​ ហើយ​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ ឬ​បញ្ចប់​នៅ​ពេល​ណាក៏​បាន តាម​ចិត្ត​អ្នក​ចង់​។​
  • ដោយសារ​តែ​អ្នក​ជា​អ្នក​ជំងឺ​ ​ដូច្នេះ​វេជ្ជបណ្ឌិត​របស់​អ្នក​ត្រូវ​ប្រាប់​អ្នក​អំពី​ហានិភ័យ​ និង​អត្ថប្រយោជន៍​នៃ​ការ​ព្យាបាល​ណាមួយ​ ជម្រើស​ព្យាបាល​ដទៃ​ផ្សេង​ទៀត​ដែ​ល​​មាន​ និង​អ្វី​ដែល​នឹង​កើត​មាន​ ប្រសិនបើគ្មាន​ការ​ព្យាបាល​។​
  • ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​សេចក្ដីសម្រេច​បាន​ទេ​៖​
    • សាច់ញាតិ​ជិត​ស្និទ្ធ​បំផុត​របស់​អ្នក​ដែល​មាន (ដូច​ជា​ឪពុក/ម្ដាយ​) អាចផ្ដល់​ការ​អនុញ្ញាត​សម្រាប់​ការ​ថែទាំ​សុខភាព​បាន​។​
    • នៅ​ក្នុង​ស្ថានភាព​មួយ​ចំនួន​ មជ្ឈមណ្ឌលក្នុងតំបន់​របស់​អ្នក​ អាច​ផ្ដល់​ការ​អនុញ្ញាត​ដល់​ការ​ថែទាំ​វេជ្ជសាស្រ្ត​ វះកាត់ ឬ​ទន្តសាស្រ្ត​បាន​។ វេជ្ជបណ្ឌិត​ ឬ​​ទន្តបណ្ឌិត​ អាច​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ករណី​បន្ទាន់​។​
  • កា​រអនុញ្ញាត​ពី​តុលាការ​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ការ​វះកាត់វេជ្ជសាស្រ្ត​​ជាក់​លា​ក់​​មួយ​ចំនួន​។​
  • ប្រសិន​បើ​អ្នក​ជា​ពលរដ្ឋ​ស្នាក់​នៅ​ ICF/SNF ក្រុម​អន្តរវិស័យ​អាច​អនុម័ត​ការ​ព្យាបា​ល​វេជ្ជសាស្រ្ត​បាន​ ប្រសិន​បើ​គ្មាននរណា​ម្នាក់​ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ខាង​វេជ្ជសាស្រ្ត​នេះ​។​

ជម្រើសផ្សេង​ៗ​​​ដើម្បី​ជួយ​អ្នក​​ពាក់ព័ន្ធ​នឹងបញ្ហា​ទំនាក់​ទំនង​សង្គម​/ផ្លូវ​ភេទ​៖

សេវា​កម្ម​នៅ​ក្នុង IEP ឬ IPP ​របស់​អ្នក​អាច​រួម​បញ្ចូលការ​គាំ​ទ្រ​ដើម្បី​ជួយ​អ្នក​ជាមួយ​នឹង​សាច់ញាតិ​របស់​អ្នក​ ដូច​ជា​ ការ​ប្រឹក្សា​យោបល់​ សេវាជំនួយ​សម្រាប់​ការ​រស់​នៅ​ដោយ​ឯករាជ្យ​ និង​សេវា​គាំ​ទ្រ​សម្រាប់​ការ​រស់​នៅ​ដោយ​ឯករាជ្យ​។​ អ្នកក៏​អាច​ទទួល​បាន​ការ​អប់រំ​​នៅ​ក្នុង​ផ្នែក​បំណិនសង្គម​ ការ​លើកកម្ពស់​សុវត្ថិភាព​ និង​របៀប​​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ​ផង​ដែរ​។​ ចំណុច​នេះ​អាច​រួម​បញ្ចូល​នូវ​ទំនាក់ទំនង​មិត្តប្រុស និង​មិត្តស្រី​ផង​ដែរ​។​

ជម្រើសផ្សេង​ៗ​​​ដើម្បី​ជួយ​អ្នក​​ពាក់ព័ន្ធ​នឹងការ​ធ្វើសេចក្ដី​សម្រេច​ចិត្ត​ផ្នែក​អប់រំ​៖​

អ្នក​អាចផ្ដល់សិទ្ធិ​ដល់​មនុស្ស​ណាម្នាក់​ដែល​អ្នក​ទុកចិត្ត​​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ពីការ​អប់រំ​របស់​អ្នក​។​ អ្នក​អាច​ធ្វើលិខិត​ប្រគល់​សិទ្ធិ​មានប្រសិទ្ធភាព​ឋិតថេរ​​ ឬ​ការ​ប្រគល់សិទ្ធិ​​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​អំពី​ការ​អប់រំ​​បាន​។​

ជម្រើសផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ដាក់​ពាក្យបណ្ដឹង​ករណី​ណាមួ​យ​ទៅកាន់តុលាការ​៖​

ប្រសិន​បើ​អ្នក​ត្រូវ​ការ​ដាក់​បណ្ដឹង​សំណុំ​រឿង​ណាមួយ​ទៅ​តុលាការ​​​ តុលាការ​អាច​ចាត់​​តាំង​នរណា​ម្នាក់​ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការជជែក​ជាមួយ​មេធាវី​ ​និង​ដោះ​ស្រាយ​ជាមួយ​តុលាការ​។​ បុគ្គល​នេះ​ហៅ​ថា​ អាណាព្យាបាលមិនអចិន្រ្តៃយ៍។ អាណាព្យាបា​ល​មិនអចិន្រ្តៃយ៍ នឹង​តំណាង​ឱ្យ​អ្នក​នៅ​ក្នុង​តុលាការ​ ប្រសិ​ន​បើ​អ្នក​ទៅតុលាកា​រមិន​កើ​ត​ ឬ​មិន​យល់​។​

តើ​ខ្ញុំ​ត្រូវ​បង់​ប្រាក់​ថ្លៃ​សេវា និងប្រាក់ប្រដាប់ក្ដី​ក្នុងករណី​អនុបាលភាព​របស់ខ្ញុំ​ដែរ​ឬទេ​?

តុលាការ ​នឹង​កំណត់​ថា​តើ​អ្នក​ត្រូវ​បង់​​ថ្លៃ​ដាក់ពាក្យប្ដឹង​ ថ្លៃសេវា​ផ្លូវ​ច្បាប់​ និង​ប្រាក់​ប្រដាប់ក្ដី​ឬ​អត់។​

នៅ​ក្នុង​អនុបាលភាព​មានដែនកំណត់ តើ​អំណាច​អ្វី​ដែល​​គ្មាន​ក្នុង​នោះ​?

អនុបាល​មិន​អាច​៖​

  • គ្រប់គ្រង​ប្រាក់ឈ្នួល​របស់​អ្នក​ទទួល​បាន​ពី​ការងារ​ ឬ​ប្រាក់ខែ​​
  • អនុញ្ញាត​ការ​ព្យាបាល​វេជ្ជសាស្រ្ត​គ្រោះ​ថ្នាក់​​
  • ការ​ព្យាបាល​ដោយ​ថ្នាំ​ទាំង​បង្ខំ​លើ​អ្នក​
  • ធ្វើ​ការ​គ្រាវ​ដើម្បីកុំឱ្យ​អ្នក​មាន​កូន​
  • ឱ្យ​គេ​ដាក់អ្នកចូល​ក្នុង​មណ្ឌល​
  • យល់​​ព្រម​ចំពោះ​ការ​ព្យាបាល​ដោយ​ការ​ឆក់ចរន្តអគ្គិសនី​ (ECT)
  • យល់​ព្រម​ចំពោះ​ការ​ព្យាបាល​​ចិត្ត​សាស្រ្ត​
  • មានអំណាច​ផ្សេង​ទៀត​ ដែល​តុលាការ​មិន​បាន​​បង្គាប់​ជា​ពិសេស​។​

នៅ​ក្នុង​អនុបាលភាព​មានដែនកំណត់ តើ​ខ្ញុំ​រក្សា​សិទ្ធិ​អ្វី​ខ្លះ​​?​

អ្នក​រក្សា​សិទ្ធិក្នុង​ការ​​៖​

  • គ្រប់គ្រង​ប្រាក់ឈ្នួល ឬ​ប្រាក់ខែ​ផ្ទាល់ខ្លួន​
  • បង្កើត​បណ្ដាំ​មរតក​ ឬ​ផ្លាស់ប្ដូរ​បណ្ដាំ​មរតក​ ​ថា​តើ​នរណា​នឹង​ទទួល​របស់របរ​ផ្ទាល់​ខ្លួន​របស់​អ្នក​ នៅ​ពេល​អ្នក​ស្លាប់​​
  • រៀបអាពាហ៍ពិពាហ៍ លើកលែង​តែចៅក្រម​បាន​ដក​ហូត​សិទ្ធិ​នេះ​ចេញ​
  • ទទួល​សំបុត្រ​ផ្ទាល់ខ្លួន​
  • ធ្វើ​ការ​បោះឆ្នោត​ លើកលែង​ចៅក្រម​ដកហូត​សិទ្ធិ​នោះ​ចេញ​ ​ត្រូវ​បាន​តំណាង​ដោយ​មេធាវី​
  • ស្នើសុំអនុបាល​ថ្មី​ណាម្នាក់​
  • ស្នើសុំឱ្យ​បញ្ចប់​អនុបាល​ភាព​។

ប្រសិន​បើ​ខ្ញុំ​មិន​យល់ស្រប​នឹង​អនុបាល​របស់ខ្ញុំ ឬ​ចង់​បញ្ចប់​អនុបាលភាព​មានដែនកំណត់ តើ​ខ្ញុំ​អាច​ធ្វើ​បែប​ណា​ខ្លះ?

  • ទាក់ទង​ទៅកាន់​មេធាវី​របស់អ្នក អ្នកស៊ើប​អង្កេត​តុលាការ​មត៌ក មជ្ឈមណ្ឌ​លក្នុ​ង​តំបន់ កម្មវិធីពេលថ្មី ឬ​បុគ្គលិកគាំ​ទ្រ​។​ អ្នកក៏​អាច​​ទាក់ទង​ទៅ​ Disability Rights California និង/ឬការិយាល័យ​​តស៊ូមតិសិទ្ធិ​អតិថិជន​​បាន​ផង​ដែរ​។ ព័ត៌មាន​ទំនាក់​ទំ​ន​ង​របស់​យើង​ មាន​នៅ​ខាង​ចុង​នៃឯកសារ​នេះ​។​
  • ស្នើសុំសវនាការ​តុលាការ​។​ គិត​ត្រឹម​ថ្ងៃទី1 ខែមករា​ ឆ្នាំ2023 ច្បាប់​ថ្មីមួយ​នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ តម្រូវ​ឱ្យ​តុលាការ​​ផ្ដល់​ឱ្យ​អ្នក​ និង​មេធាវីនូវ​កាលបរិច្ឆេទ​សវនាកា​រ​​ និង​កំណត់​ពី​កាលបរិច្ឆេទសវនាការ​​ ប្រសិន​បើ​អ្នក​ប្រាប់​ពួកគេ​ថា​ អ្នក​ចង់​បញ្ចប់​អនុបាលភាព​របស់​អ្នក​។​
    • ប្រសិន​បើ​អនុបាល​របស់​អ្នក​យល់​ព្រម​បញ្ចប់​អនុបាល​ភាព​​ និង​ជម្រើស​ដែ​ល​​មាន​ការរឹតត្បិត​តិចតួច​ដែល​មាន​ នោះ​តុលាការ​អាច​បញ្ចប់​អនុបាលភាព​ដោយពុំចាំ​បាច់​ត្រូវ​ការ​មាន​សវនាការ​ឡើយ​។​

តើ​អនុបាលភាព​មានដែនកំណត់​បញ្ចប់​នៅពេល​ណា?

  • នៅ​ពេល​ដែល​ចៅ​ក្រម​បញ្ចប់​។​
  • នៅ​ពេល​មរណភាព​នៃ​អនុបាល ឬ​បុគ្គលស្ថិតក្រោមអនុបាលភាព​។​
  • ដីកាតុលាការ​ដែល​ចែង​ថា​ អនុបាលមានដែនកំណត់​លែង​មាន​​ត្រូវ​ការ​ទៀត​។​
  • អនុបាល​ដាក់​ញត្តិ​ទៅ​តុលាការ​ដើម្បីលាលែង​។​

តើ​ខ្ញុំ​នឹងដឹង​ថា​ ចៅក្រម​បង្គាប់​ឱ្យ​មាន​អនុបាលភាព​មាន​ដែនកំណត់​ដោយ​របៀប​ណា​?

  • អ្នក​នឹង​ទទួល​បាន​សំណៅ​ថត​ចម្លង​មួយ​ច្បាប់​នៃ​ដីកា​របស់​ចៅក្រម​។​
  • ដីការបស់ចៅក្រម​ នឹង​ប្រាប់​អ្នក​ថា​តើ​​មានសិទ្ធិ​អ្វី​ខ្លះ​ដែល​បានប្រគល់​ជូនទៅ​អនុបាល​។​

តើ​អ្នក​ដទៃ​នឹង​ដឹង​ថា​ខ្ញុំ​មាន​អនុបាល​ដោយ​របៀបណា​?

អនុបាល​ត្រូវ​ផ្ដល់សំណៅ​ថត​ចម្លង​ផ្លូវ​ការ​នៃ​ លិខិត​បញ្ជាក់​អនុបាលភាព​ ទៅ​អ្នក​ផ្សេង​ទៀត​។​ សំណៅ​ថត​ចម្លង​ផ្លូវ​ការ​ ត្រូវ​រួម​បញ្ចូល​ផ្នែក​បញ្ជាក់​ពេញ​លេញ​នៃ​ លិខិតបញ្ជាក់​អនុបាលភាព​ មុនពេល​អាច​ចាត់ទុកពួកគេ​ថា​ជា​អនុបាល​បាន​។

​ប្រសិនបើខ្ញុំត្រូវការជំនួយបន្ថែម តើខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​?

សម្រាប់​ព័ត៌មាន​បន្ថែម​ សូមទូរសព្ទ​ទៅ​៖​

Disability Rights California

1-800-776-5746 (សំឡេង)

1-800-719-5798 (TTY)

Office of Clients’ Rights Advocacy

រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាង​ជើង​៖​ 1-800-390-7032 (TTY 877-669-6023)

រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាងត្បូង​​៖​ 1-866-833-6712 (TTY 877-669-6023)

យើង​អាច​ជួយ​បាន​ដោយ៖​

  • ប្រាប់អ្នក​ពីសិទ្ធិ​របស់​អ្នក​
  • ប្រាប់​អ្នក​ពី​ជម្រើស​ផ្សេង​ក្រៅ​ពី​អនុបាល​ភាព
  • ជជែក​ជាមួយ​អ្នក ឬ​ជួយ​អ្នក​ពិភាក្សា​ជាមួយ​មេធាវី​របស់​អ្នក​ អ្នកស៊ើបអង្កេត​នៃ​តុលាការមត៌ក ឬ​អ្នកដទៃ​ផ្សេង​ទៀត​ដែល​អាច​ជួយ​អ្នក​បាន​។​