សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ មហាវិទ្យាល័យ និងសកលវិទ្យាល័យ

សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ មហាវិទ្យាល័យ និងសកលវិទ្យាល័យ
សិស្សមហាវិទ្យាល័យ និងសិស្សសកលវិទ្យាល័យ ព្រមទាំងអ្នកដាក់ពាក្យទាំងឡាយដែលមានពិការភាព ត្រូវបានទទួលការការពារពីការរើសអើងដោយសារពិការភាព ពីច្បាប់សហព័ន្ធ និងច្បាប់រដ្ឋប្រឆាំងការប្រព្រឹត្តរើសអើង ។
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋស្តីអំពីការរើសអើងចំពោះ ពិការភាព
សិស្សមហាវិទ្យាល័យ និងសិស្សសកលវិទ្យាល័យ ព្រមទាំងអ្នកដាក់ពាក្យទាំងឡាយដែលមានពិការភាព ត្រូវបានទទួលការការពារពីការរើសអើងដោយសារពិការភាព ពីច្បាប់សហព័ន្ធ និងច្បាប់រដ្ឋប្រឆាំងការប្រព្រឹត្តរើសអើង ។
ច្បាប់ Title III នៃក្រមជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) ហាមឃាត់មិនឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាព ពីសំណាក់មហាវិទ្យាល័យ និងសកលវិទ្យាល័យឯកជន ព្រមទាំងអង្គភាពជំនួញដទៃទៀត ក៏ដូចជាអ្នកផ្តល់សេវាកម្មមិនរកកម្រៃផងដែរ ។ អង្គភាពទាំងអស់នេះ ត្រូវបានគេហៅថា “អង្គភាពសម្រួលសាធារណៈ” ។ ច្បាប់ Title II នៃក្រម ADA គ្រប់គ្រងចំពោះអង្គភាពរដ្ឋបាលរដ្ឋ និងរដ្ឋបាលមូលដ្ឋាន បូករួមទាំងសកលវិទ្យាល័យ និងមហាវិទ្យាល័យផងដែរ ។ ការការពារទាំងអស់នេះរួមបញ្ចូលនូវ ៖ 1) ភាពតម្រូវមិនឲ្យមានការរើសអើង ដែលហាមឃាត់ចំពោះការបដិសេធ ការបំបែក និងការរាប់រកបុគ្គលដែលមានពិការភាពដោយមិនស្មើភាពជាមួយបុគ្គលទូទៅ 2) ភាពតម្រូវដែលមហាវិទ្យាល័យ និងសកលវិទ្យាល័យ ត្រូវផ្តល់ជូននូវការកែសម្រួលដែលសមរម្យ ឲ្យដល់ជនដែលមានពិការភាព ដើម្បីធានាបានថា ពួកគេមានសិទ្ធិស្មើនឹងជនដទៃទៀតក្នុងការទទួលបានសេវាកម្មឧត្តមសិក្សា និង 3) បទដ្ឋានការរចនាចំពោះអគារថ្មី និងអគារដែលត្រូវកែតម្រូវ, ភាពតម្រូវចំពោះការកែសម្រួលសមរម្យចំពោះគោលនយោបាយ ការអនុវត្ត និងទម្រង់ការ, ភាពតម្រូវដើម្បីលុបបំបាត់ឧបសគ្គនៅក្នុងអគារដែលមានស្រាប់ នៅពេលដែលអគារទាំងអស់អាចធ្វើដូច្នេះបាន ព្រមទាំងភាពតម្រូវផ្សេងៗទៀតចំពោះសិទ្ធិចូលប្រើប្រាស់បានដូចជនទូទៅផងដែរ ។ វគ្គទី 504 នៃក្រមស្តារនីតិសម្បទា (Rehabilitation Act) ក៏ផ្តល់ការការពារដែលស្រដៀងគ្នានេះ ចំពោះអង្គភាពណាដែលទទួលមូលនិធិសហព័ន្ធ ។
ច្បាប់របស់រដ្ឋកាលីហ្វ័រនីញ៉ា ក៏ផ្តល់ការការពារ ស្រដៀងគ្នានេះដែរ ។ ច្បាប់សិទ្ធិពលរដ្ឋអ៊ុនរូ (Unruh Civil Rights Act) និងច្បាប់ជនពិការ (Disabled Persons Act) ហាមឃាត់មិនឲ្យប្រព្រឹត្តរើសអើងចំពោះពិការភាពពីសំណាក់អង្គភាពជំនួញគ្រប់ប្រភេទ ។ ក្រមរដ្ឋាភិបាល វគ្គទី 11135 (Government Code) ហាមឃាត់ការប្រព្រឹត្តរើសអើងពីសំណាក់អង្គភាពជំនួញ និងអង្គភាពរដ្ឋាភិបាល ដែលទទួលមូលនិធិរដ្ឋ ។ ការប្រព្រឹត្តរំលោភចំពោះខណាមួយនៃ Title III ក៏ជាការប្រព្រឹត្តរំលោភចំពោះច្បាប់រដ្ឋផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងស្ថានភាពមួយចំនួន ច្បាប់រដ្ឋអាចផ្តល់ការការពារបានខ្ពស់ជាងច្បាប់របស់សហព័ន្ធ ។
អ្នកអាចស្នើសុំការកែសម្រួលសមហេតុផលពីមហាវិទ្យាល័យ ឬសកលវិទ្យាល័យ បានគ្រប់ពេលវេលា ក្នុងនាមជាអ្នកដាក់ពាក្យចូលរៀន ឬក្នុងនាមជាសិស្ស ។ ការស្នើសុំនេះ អាចមានទ្រង់ទ្រាយខុសៗគ្នា តែជាការប្រសើរបើសិនជាអ្នកស្នើសុំជាលាយល័ក្ខណ៍អក្សរ ។ ក្នុងការស្នើសុំនេះ ត្រូវរួមបញ្ចូលនូវលិខិតគាំទ្រពីអ្នកមានវិជ្ជាជីវៈក្នុងការព្យាបាល ដោយមានការពន្យល់អំពីស្ថានភាពពិការភាពរបស់អ្នកដែលពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការកែសម្រួល ។ លិខិតគំរូដើម្បីស្នើសុំ និងលិខិតគំរូសម្រាប់គាំទ្រការស្នើសុំកែសម្រួលសមហេតុផល មានបង្ហាញជូនខាងក្រោម ។
វ៉ិបសៃត៍សម្រាប់ភ្នាក់ងាររដ្ឋ និងសហព័ន្ធ ដែលជាអ្នកពង្រឹងច្បាប់ដើម្បីការពារការប្រព្រឹត្តរើសអើងប្រឆាំងនឹងពិការភាព ក្នុងវិស័យឧត្តមសិក្សា មានផ្តល់ជូនធនធានមានប្រយោជន៍ដើម្បីឲ្យបានយល់អំពីសិទ្ធិផ្លូវច្បាប់របស់អ្នក ក្រោមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ៖
- ក្រសួងយុត្តិធម៌ការងារ និងគេហកិច្ចរដ្ឋកាលីហ្វ័រនីញ៉ា http://www.defh.ca.gov
- ការិយាល័យសិទ្ធិពលរដ្ឋនៃក្រសួងអប់រំសហរដ្ឋអាមេរិក (OCR, Office of Civil Rights) http://www2.ed.gov/policy/rights/guid/ocr/disability.html
ការតស៊ូមតិដោយខ្លួនឯង
ប្រសិនបើសាលាអ្នកបដិសេធមិនធ្វើការកែសម្រួលដែលអ្នកត្រូវការ ឬប្រព្រឹត្តរើសអើងចំពោះអ្នកដោយសារតែ ពិការភាពរបស់អ្នក គឺអ្នកមានជម្រើសក្នុងការដាក់ពាក្យប្តឹងសារទុក្ខផ្ទៃក្នុង បណ្តឹងរដ្ឋបាល នៅក្នុងកម្រិតរដ្ឋ ឬកម្រិតសហព័ន្ធ ឬក៏ប្តឹងទៅតុលាការតែម្តង ។
បណ្តឹងសារទុក្ខផ្ទៃក្នុង
មហាវិទ្យាល័យ និងសកលវិទ្យាល័យមួយភាគធំ ត្រូវបានតម្រូវឲ្យមាននីតិវិធីបណ្តឹងសារទុក្ខសម្រាប់សិស្ស ដែលជឿថាសិទ្ធិរបស់ពួកគេត្រូវបានរងការរំលោភ ។ នីតិវិធីទាំងអស់នេះ អាចមានភាពខុសគ្នាពីសាលាមួយទៅសាលាមួយផ្សេងទៀត ។ បើអ្នកចង់ដាក់ពាក្យប្តឹងសារទុក្ខផ្ទៃក្នុងជាមួយសាលារបស់អ្នក សូមសួរអ្នកសម្របសម្រួលកម្មវិធីសិស្សពិការ (Disabled Students program) ADA ឬអ្នកសម្របសម្រួល Section 504 ឬព្រឹទ្ធបុរសផ្នែកកិច្ចការសិស្សប្រចាំសាលាអ្នក ដើម្បីទទួលបានព័ត៌មានបន្ថែម ។
បណ្តឹងរដ្ឋបាលទៅកាន់រដ្ឋាភិបាលសហព័ន្ធ
ការិយាល័យ សិទ្ធិពលរដ្ឋរបស់ក្រសួងអប់រំសហរដ្ឋអាមេរិក (OCR) ស៊ើបអង្កេតអំពីអំពើរំលោភបំពានទៅលើសាលាដែលទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលសហព័ន្ធ ។ សាលាទាំងអស់នេះស្ថិតក្រោមច្បាប់ ADA និង Section 504 នៃក្រមស្តារនីតិសម្បទា ។ ការដាក់ពាក្យប្តឹងមកកាន់ OCR ត្រូវតែធ្វើឡើងឲ្យបានក្នុងរវាង 180 ថ្ងៃ គិតចាប់ពីពេលនៃសកម្មភាពរើសអើងបានកើតឡើង លើកលែងតែអ្នកបានឆ្លងកាត់ដំណើរការដាក់ពាក្យបណ្តឹងសារទុក្ខផ្ទៃក្នុងជាមួយនឹងសាលារបស់អ្នក ឬក៏ប្រសិនបើ OCR បានបដិសេធចោលចំពោះករណីរបស់អ្នក ។ បើអ្នកបានបំពេញតាមដំណើរការបណ្តឹងសារទុក្ខផ្ទៃក្នុងរបស់សាលារួចហើយ អ្នកត្រូវដាក់ពាក្យប្តឹងទៅកាន់ OCR ឲ្យបានក្នុងរវាង 60 ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលសាលារបស់អ្នកចេញសេចក្តីសម្រេច ។ អ្នកអាចស្វែងរកព័ត៌មានអំពីការដាក់ពាក្យប្តឹងទៅកាន់ OCR បាននៅឯ www.ed.gov/ocr ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ, Department of Justice) ក៏ធ្វើការស៊ើបអង្កេតផងដែរចំពោះការប្រព្រឹត្តរើសអើងចំពោះពិការភាពពីសំណាក់មហាវិទ្យាល័យ និងសកលវិទ្យាល័យឯកជនក្រោម ADA ។ បណ្តឹង ADA នៃ Title II ត្រូវតែប្តឹងឲ្យបានក្នុងរវាង 180 ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលការប្រព្រឹត្តរើសអើងបានកើតឡើង ។ បណ្តឹង Title III អាចដាក់ប្តឹងទៅកាន់ DOJ បានគ្រប់ពេលវេលាទាំងអស់ ។ តែទោះជាយ៉ាងណាក៏ដោយ ការប្តឹងបានកាន់តែលឿន គឺកាន់តែល្អ ពីព្រោះថានៅពេលដែលពេលវេលាចេះតែកន្លងផុតទៅ វាអាចនាំឲ្យមានភាពពិបាកក្នុងការរកភស្តុតាងបញ្ជាក់ពីការប្រប្រឹត្តរើសអើង ។
អ្នកអាចស្វែងរកព័ត៌មានអំពីការដាក់ពាក្យប្តឹងទៅកាន់ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក អនឡាញបាននៅឯ http://www.ada.gov/filing_complaint.htm ។
ក្រសួងយុត្តិធម៌ការងារ និងគេហកិច្ចរដ្ឋកាលីហ្វ័រនីញ៉ា
ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 11135 គឺជាច្បាប់ដែលក្រសួងយុត្តិធម៌ការងារ និងគេហកិច្ចកាលីហ្វ័រនីញ៉ា ជាអ្នកពង្រឹង ។ អ្នកអាចដាក់ពាក្យបណ្តឹងរដ្ឋបាល ជាមួយនឹងបណ្តឹង DFEH ដោយការប្រើជម្រើសខាងក្រោម ។ អ្នកត្រូវដាក់ពាក្យប្តឹងឲ្យបានក្នុងរវាងមួយឆ្នាំ គិតចាប់ពីពេលដែលការប្រព្រឹត្តរើសអើងបានកើតឡើង ។
អ្នកអាចដាក់ពាក្យប្តឹង DFEH អនឡាញបាននៅឯ ៖ https://www.dfeh.ca.gov/filing-a-complaint-online/
បណ្តឹងវិវាទ
ការប្រព្រឹត្តល្មើសច្បាប់ទាំងអស់ដែលបានរៀបរាប់ពីខាងលើ ក៏អាចអនុវត្តបានតាមរយៈបណ្តឹងតាមផ្លូវឯកជនផងដែរ ។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលនៃដែនកំណត់ មានភាពរឹតបន្តឹងចំពោះក្របខ័ណ្ឌពេលវេលានៃការដាក់ពាក្យបណ្តឹងវិវាទ ហើយអ្នកអាចបាត់បង់អ្វីដែលអ្នកទាមទារប្រសិនបើអ្នកមិនចាត់សកម្មភាពឲ្យបានក្នុងអំឡុងពេលនៃដែនកំណត់អាជ្ញាយុកាលដែលអាចអនុវត្តបានទេនោះ ។ កាលបរិច្ឆេទផុតកំណត់ទាំងអស់នេះ អាចខ្លីត្រឹមពីរឆ្នាំគិតចាប់ពីថ្ងៃដែលការប្រព្រឹត្តរើសអើងបានកើតឡើង ។
លើសពីនេះ ច្បាប់ទាមទារសំណងខូចខាតស៊ីវិល (Government Tort Claims Act) របស់រដ្ឋាភិបាលតម្រូវឲ្យការទាមទារសំណងខូចខាតស៊ីវិលពីរដ្ឋាភិបាល ត្រូវដាក់ប្តឹងឲ្យបានក្នុងរវាងប្រាំមួយខែគិតពីពេលដែលហេតុការណ៍ប្រព្រឹត្តរើសអើងបានកើតឡើង នៅមុនពេលធ្វើបណ្តឹងតាមច្បាប់ទាមទារការខូចខាតជាទឹកប្រាក់ពីរដ្ឋ ឬអង្គភាពរដ្ឋបាលមូលដ្ឋាន ។ ចំពោះព័ត៌មានបន្ថែមអំពីការទារសំណងកំហុសស៊ីវិល គឺមាននៅឯ http://www.disabilityrightsca.org/pubs/522901.htm សូមកត់ចំណាំថា វ៉ិបសៃត៍នេះ មានភ្ជាប់ទៅកាន់សំណុំបែបបទសម្រាប់ប្តឹងទារសំណងពីរដ្ឋ ឬពីភ្នាក់ងាររដ្ឋ ឬនិយជិករដ្ឋ ដែលអាចប្រើមិនកើតចំពោះសំណុំរឿងរបស់អ្នក ។ អង្គភាពផ្សេងទៀតរបស់រដ្ឋ អាចមានសំណុំបែបបទសម្រាប់ប្តឹងទារសំណងកំហុសរដ្ឋប្បវេណីនៅតាមវ៉ិបសៃត៍របស់ពួកគេ ។ បើអ្នកមានចំណាប់អារម្មណ៍ចង់ប្តឹងទៅតុលាការ អ្នកត្រូវពិភាក្សាជាមួយនឹងមេធាវីឲ្យបានលឿន ។
បើអ្នកទាមទារសំណងខូចខាតជាទឹកប្រាក់មានចំនួនតិចជាង $10,000 គឺអ្នកមានជម្រើសមួយទៀត ក្នុងការប្តឹងការប្រព្រឹត្តរើសអើងទៅកាន់តុលាការទទួលបណ្តឹងតូចតាច (Small Claims Court)។ អាជ្ញាយុកាលនៃថ្ងៃផុតកំណត់ដាក់ពាក្យប្តឹងដូចបានជជែកពីខាងលើនឹងត្រូវអនុវត្ត ។ អ្នកមិនអាចមានមេធាវីឡើយ បើអ្នកសម្រេចដាក់ពាក្យប្តឹងទៅកាន់តុលាការទទួលបណ្តឹងតូចតាច ។ នេះជាតំណភ្ជាប់ទៅកាន់ឯកសារបោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ដែលពន្យល់អំពីដំណើរការនៃការប្រើបណ្តឹងទាមទារសំណងតិចតួច ចំពោះសំណុំរឿងការប្រព្រឹត្តរើសអើង ៖ http://www.disabilityrightsca.org/pubs/520601.pdf។ កាលបរិច្ឆេទផុតកំណត់ទាំងអស់នេះ អាចខ្លីត្រឹមពីរឆ្នាំគិតចាប់ពីថ្ងៃដែលការប្រព្រឹត្តរើសអើងបានកើតឡើង ។ បើអ្នកសម្រេចដាក់បណ្តឹងវិវាទ អ្នកត្រូវពិភាក្សាបញ្ហាទាំងអស់នេះ ព្រមទាំងកាលបរិច្ឆេទផុតកំណត់ផ្សេងៗ ជាមួយនឹងមេធាវីឯកជន ។
លិខិតគំរូសម្រាប់ស្នើសុំការកែសម្រួលសមហេតុផល
[កាលបរិច្ឆេទ]
ជូនចំពោះ [មហាវិទ្យាល័យ ឬសកលវិទ្យាល័យ] ៖
ខ្ញុំបាទ/នាងខ្ញុំ សរសេរលិខិតនេះ ដើម្បីស្នើសុំការសម្រួលសមហេតុផល ចំពោះពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ។
ខ្ញុំបាទ/នាងខ្ញុំ [ជាសិស្សនៅ/កំពុងដាក់ពាក្យចូលរៀននៅឯ] [ឈ្មោះសាលា] ។ ដោយសារតែបញ្ហាពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ធ្វើឲ្យខ្ញុំបាទ/នាងខ្ញុំ ត្រូវការការកែសម្រួលមួយចំនួនដូចខាងក្រោម ៖ [រាយមុខសំណើសុំការកែសម្រួល] ។
[គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/ពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/អ្នកព្យាបាលដោយប្រើសកម្មភាពផ្សេងៗ/បុគ្គលផ្សេងទៀត (សូមរៀបរាប់)] របស់ខ្ញុំបាទ/នាងខ្ញុំ យល់ឃើញថា ការកែសម្រួលទាំងអស់នេះគឺមានភាពចាំបាច់ ចំពោះពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ។ សូមមេត្តាពិនិត្យមើលលិខិតភ្ជាប់របស់ [ឈ្មោះគ្រូពេទ្យ ឬអ្នកឯកទេសផ្សេងទៀត] ។
ច្បាប់រដ្ឋាភិបាលសហព័ន្ធ និង ច្បាប់រដ្ឋាភិបាលរដ្ឋ តម្រូវឲ្យមហាវិទ្យាល័យ និងសកលវិទ្យា ល័យផ្តល់ការសម្រួលសមរម្យចំពោះសិស្ស និងអ្នកដាក់ពាក្យចូលរៀន ដែលមានពិការភាព ។ សូមមេត្តាជួយឆ្លើយតបចំពោះការស្នើសុំនេះឲ្យបានត្រឹមថ្ងៃទី [កាលបរិច្ឆេទ] ។ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់ខ្ញុំបាទ/នាងខ្ញុំ តាម [លេខទូរស័ព្ទរបស់អ្នក និង/ឬអាសយដ្ឋានអ៊ីម៉េល] បើលោកអ្នកមានសំណួរអ្វីមួយ ។ សូមអរគុណ ។
ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតគំាំទ្រ
[កាលបរិច្ឆេទ]
ជូនចំពោះ [មហាវិទ្យាល័យ ឬសកលវិទ្យាល័យ] ៖
ខ្ញុំបាទ/នាងខ្ញុំជា [គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/ពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/អ្នកព្យាបាលដោយប្រើសកម្មភាពផ្សេងៗ] របស់ [ឈ្មោះ] ហើយខ្ញុំបាទ/នាងខ្ញុំបានដឹងពីស្ថានភាពពិការភាពរបស់គាត់ ។ [រូបគាត់] មានពិការភាពដែលបណ្តាលឲ្យការបំពេញមុខងាររបស់រាងកាយមានដែនកំណត់ ។ ដែនកំណត់ទាំងនេះ មានរួមបញ្ចូលនូវ [រាយមុខដែនកំណត់មុខងាររាងកាយដែលតម្រូវឲ្យមានការស្នើសុំការកែសម្រួល] ។
[ការកែសម្រួលដែលបានស្នើសុំ] គឺមានភាពចាំបាច់ចំពោះ [ឈ្មោះ] ដើម្បី [ដាក់ពាក្យសុំ/មានសិទ្ធិស្មើអ្នកដទៃក្នុងការទទួលបានសេវាកម្ម និងអត្ថប្រយោជន៍ពី] [ឈ្មោះសាលា] ។ [រៀបរាប់ពីផលប្រយោជន៍នៃការកែសម្រួល ដែលអាចជួយ ឬគាំទ្រដល់អ្នកស្នើសុំ] ។
សូមថ្លែងអំណរគុណចំពោះការផ្តល់ការកែសម្រួលសម្រាប់ [ឈ្មោះ] ។
ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះ និងមុខតំណែង]
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.