ការរើសអើងលើពិការភាពនៅតាមសាលារដ្ឋនិងសាលាឯកជន
ការរើសអើងលើពិការភាពនៅតាមសាលារដ្ឋនិងសាលាឯកជន
សិស្ស និងបេក្ខជនសាលាដែលមានពិការភាពត្រូវបានការពារប្រឆាំងនឹងការរើសអើងដោយផ្អែកលើពិការភាព និងមានសិទ្ធិទទួលបានកន្លែងស្នាក់នៅសមរម្យ ក្រោមច្បាប់សហព័ន្ធ និងរដ្ឋ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
I. ច្បាប់សហព័ន្ធនិងរដ្ឋស្តីពីការរើសអើងលើពិការភាព
សិស្សានុសិស្ស និងអ្នកដាក់ពាក្យសុំចូលរៀនដែលមានពិការភាពត្រូវបានការពារប្រឆាំងនឹងការរើសអើងលើមូលដ្ឋានពិការភាព និងមានសិទ្ធិទទួលបានសេវាជំនួយគាំទ្រដែលសមស្របស្ថិតក្រោមច្បាប់រដ្ឋនិងសហព័ន្ធ។
សន្លឹកប័ណ្ណព័ត៌មាននេះអនុវត្តតែចំពោះសាលារៀនប្រព័ន្ធ K-12 តែប៉ុណ្ណោះ។ សម្រាប់សំណួរអំពីការរើសអើងនៅក្នុងការអប់រំកម្រិតឧត្តមសិក្សា សូមចូលមើល សន្លឹកប័ណ្ណព័ត៌មានការអប់រំកម្រិតឧត្តមសិក្សារបស់ DRC.
- ព័ត៌មានស្តីពីបទបញ្ជាសម្រាប់សិស្សដែលមានពិការភាព
- ព័ត៌មានស្តីពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ
- ការធ្វើបាប និងការបំពារបំពានលើសិស្សដែលមានពិការភាព
- ការសងសឹកដោយសាលារៀន
មានច្បាប់ពីរប្រភេទដែលការពារកូនរបស់អ្នកប្រឆាំងនឹងការរើសអើសលើពិការភាព៖ ច្បាប់ស្តីពីការរើសអើង និងច្បាប់ស្តីពីការអប់រំពិសេស។ ច្បាប់ស្តីពីការអប់រំពិសេស ដូចជា ច្បាប់ស្តីពីការអប់រំសម្រាប់បុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act, IDEA) ការពារសិស្សានុសិស្សនៅសាលារដ្ឋ និងធានាថាពួកគេទទួលបានសិទ្ធិសម្រាប់ការអប់រំសាធារណៈដែលសមស្របនិងឥតគិតថ្លៃ (Free Appropriate Public Education, FAPE)។ សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់ IDEA និង FAPE សូមមើល ជំពូក 3 នៃសៀវភៅណែនាំ SERR។
ការរើសអើង អាចកើតមានឡើងក្នុងរូបភាពជាច្រើន ដូចជា ការមិនរាប់បញ្ចូលសិស្សដែលមានពិការភាព ការប្រព្រឹត្តដាក់ពួកគេដោយមិនស្មើភាពគ្នា ការបំពារបំពាន ការសងសឹក ឬការខកខានក្នុងការផ្តល់ជូននូវសេវាជំនួយគាំទ្រដែលសមស្រប។ ការហាមឃាត់លើការរើសអើងនេះ អនុវត្តចំពោះកម្មវិធីសាលារៀនទាំងអស់ ទាំងកម្មវិធីសិក្សា និងកម្មវិធីក្រៅការសិក្សា។
ខាងក្រោមនេះ គឺជាច្បាប់សហព័ន្ធ និងច្បាប់រដ្ឋផ្សេងៗគ្នា ដែលការពារសិស្សានុសិស្សពីការរើសអើង៖
1. ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA)
ច្បាប់ ADA ហាមឃាត់ការរើសអើងលើមូលដ្ឋានពិការភាព។ មាត្រា II នៃច្បាប់ ADA អនុវត្តចំពោះអង្គភាពរដ្ឋាភិបាលនានា និងរួមបញ្ចូលទាំងសាលារដ្ឋផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពី មាត្រា II នេះ អាចស្វែងរកបាន នៅទីនេះ។ មាត្រា III នៃច្បាប់ ADA ហាមឃាត់ការរើសអើងពីខាងអាជីវកម្ម ឬ “ទីកន្លែងស្នាក់នៅសាធារណៈ” ដោយរួមបញ្ចូលទាំងសាលាឯកជនផងដែរ។ ច្បាប់ ADA ពុំគ្របដណ្តប់លើសាលាសាសនានោះទេ។ សម្រាប់ព័ត៌មានបន្ថែមអំពី មាត្រា III នេះ អាចស្វែងរកបាន នៅទីនេះ។
2. ផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (ផ្នែក 504)
ផ្នែក 504 ហាមឃាត់ការរើសអើសលើមូលដ្ឋានពិការភាពដោយសាលារៀនដែលទទួលបានមូលនិធិពីសហព័ន្ធ។ សាលារដ្ឋភាគច្រើន ត្រូវស្ថិតក្រោមការគ្រប់គ្រងនៃផ្នែក 504 នេះ ដោយសារសាលាទាំងនោះទទួលបានមូលនិធិពីសហព័ន្ធ។ សាលាឯកជន ដែលទទួលបានជំនួយហិរញ្ញវត្ថុណាមួយពីរដ្ឋាភិបាលសហព័ន្ធ ក៏ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃច្បាប់នេះផងដែរ។ នេះរួមបញ្ចូលទាំងសាលាសាសនា ដែលត្រូវបានលើកលែងនៅក្រោមច្បាប់ ADA ផងដែរ។
3. ច្បាប់់ស្តីពីសិទ្ធិពលរដ្ឋ Unruh (Unruh Civil Rights Act)
ច្បាប់ Unruh គឺជាច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដែលហាមឃាត់ការរើសអើងលើមូលដ្ឋានពិការភាពដោយគ្រឹះស្ថានអាជីវកម្មនានា រួមបញ្ចូលទាំងសាលាឯកជនផងដែរ។ ថាតើសាលារៀនសាសនា ត្រូវបានគ្រប់គ្រងដោយច្បាប់ Unruh ឬអត់នោះ គឺវាអាស្រ័យលើវិសាលភាពដែលសាលានោះបង្រៀនលទ្ធិសាសនា ឬកំណត់ចំនួននៃការចុះឈ្មោះចូលរៀនរបស់សិស្សនៃសាសនាណាមួយ។
4. ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 11135 (ផ្នែក 11135)
ផ្នែក 11135 គឺមានលក្ខណៈស្រដៀងគ្នានឹងផ្នែក 504 ដែរ ប៉ុន្តែផ្នែកនេះ ហាមឃាត់ការរើសអើងពីសំណាក់កម្មវិធីណាមួយដែលទទួលបានមូលនិធិពីរដ្ឋ។ ជាទូទៅ ផ្នែកនេះតែងអនុវត្តចំពោះសាលារដ្ឋ។ ប្រសិនបើសាលារៀនសាសនាទទួលបានមូលនិធិណាមួយពីរដ្ឋាភិបាលរដ្ឋ នោះសាលាទាំងនោះត្រូវស្ថិតក្រោមការគ្រប់គ្រងនៃច្បាប់នេះ បើទោះបីជាសាលានោះត្រូវបានលើកលែងនៅក្រោមច្បាប់ Unruh ក៏ដោយ។
5. ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 220 (ផ្នែក 220)
ផ្នែក 220 គឺមានលក្ខណៈស្រដៀងគ្នានឹងផ្នែក 11135 ដែរ និងហាមឃាត់ការរើសអើងនៅក្នុងកម្មវិធី ឬសកម្មភាពណាមួយនៅតាមសាលារៀនដែលទទួលបានមូលនិធិពីរដ្ឋ។ ច្បាប់នេះ ក៏រ៉ាប់បញ្ចូលនូវសាលារៀនដែលមានសិស្សទទួលបានជំនួយហិរញ្ញវត្ថុពីរដ្ឋផងដែរ។
II. សេវាជំនួយគាំទ្រដែលសមស្រប
សិស្ស និងអ្នកដាក់ពាក្យសុំដែលមានពិការភាព អាចស្នើសុំសេវាជំនួយគាំទ្រដែលសមស្របពីសាលារៀនដែលទទួលបានការរ៉ាប់រងនៅគ្រប់ពេលទាំងអស់។ សំណើសុំនេះ អាចធ្វើបានជាច្រើនទម្រង់ ប៉ុន្តែល្អបំផុត សូមធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ ប្រសិនបើអាច។ សំណើសុំនេះ គប្បីបញ្ចូលនូវព័ត៌មានលម្អិតអំពីពិការភាពរបស់កូនអ្នក លិខិតមួយច្បាប់ពីអ្នកជំនាញព្យាបាល ដែលពន្យល់ពីតម្រូវការដែលពាក់ព័ន្ធនឹងពិការភាពសម្រាប់សេវាជំនួយគាំទ្ររបស់កូនអ្នក និងមតិយោបល់លើសេវាជំនួយគាំទ្រជាក់លាក់ណាមួយ ដែលអ្នកគិតថា នឹងមានប្រសិទ្ធភាពសម្រាប់កូនរបស់អ្នក។ លិខិតគំរូ ដើម្បីស្នើសុំនិងគាំទ្រដល់សេវាជំនួយគាំទ្រដែលសមស្រប ត្រូវដាក់បញ្ចូលនៅផ្នែកចុងក្រោយនៃសន្លឹកប័ណ្ណព័ត៌មាននេះ។
សាលារៀនដែលទទួលបានមូលនិធិសហព័ន្ធ ត្រូវមានមន្រ្តីសម្របសម្រួលផ្នែក 504 នេះ។ សំណើសុំសេវាជំនួយគាំទ្រនេះ អាចប្រគល់ជូនមន្រ្តីសម្របសម្រួលនេះបាន។ បន្ទាប់មក មន្រ្តីសម្របសម្រួលផ្នែក 504 គប្បីធ្វើការកំណត់ពេលប្រជុំណាមួយជាមួយអ្នកនិងគ្រូបង្រៀនកូនរបស់អ្នកនៅក្នុងរយៈពេល 30 ថ្ងៃ ដើម្បីធ្វើការពិភាក្សាអំពីគម្រោងផ្នែក 504 សម្រាប់ពេលខាងមុខ។ ប្រសិនបើអ្នកស្ថិតនៅសាលាឯកជនដែលពុំទទួលមូលនិធិពីសហព័ន្ធ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងដោយច្បាប់ណាមួយផ្សេងទៀត អ្នកអាចប្រគល់សំណើសុំនោះទៅកាន់នាយកសាលាបាន។
សាលារៀននានា ត្រូវបានតម្រូវឲ្យផ្តល់ជូននូវសេវាជំនួយគាំទ្រដែលសមស្រប លើកលែងតែវាដាក់បន្ទុកធ្ងន់ធ្ងរ ឬនាំឲ្យមានការផ្លាស់ប្តូរច្រើនលើកម្មវិធីរបស់សាលារៀន។ បន្ទុកធ្ងន់ធ្ងរ គឺបញ្ហាលំបាកខ្លាំង ឬចំណាយច្រើន ដោយគិតពិចារណាលើបញ្ហាកញ្ចប់ថវិកាជារួមរបស់សាលារៀន។
គោលបំណងនៃសេវាជំនួយគាំទ្រ គឺដើម្បីផ្តល់ជូនដល់កូនអ្នកនូវឱកាសស្មើភាពគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ដូចគ្នា ដែលកុមារផ្សេងទៀតនៅសាលារៀននោះទទួលបាន។ កូនរបស់អ្នក ត្រូវមានឱកាសដើម្បីអាចសម្រេចបានជោគជ័យដូចកុមារដទៃផ្សេងទៀតដែរ ប៉ុន្តែពុំតម្រូវឲ្យពួកគេត្រូវតែមានកម្រិតនៃសកម្មភាពសិក្សាដូចគ្នាបេះបិតនោះទេ។ ឱកាសនេះ ត្រូវផ្តល់ជូនក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នាដែលសមស្របបំផុតសម្រាប់តម្រូវការរបស់កុមារនោះ។
III. ការតស៊ូមតិសម្រាប់កូនរបស់អ្នក
ប្រសិនបើសាលារៀនកូនរបស់អ្នក បដិសេធក្នុងការផ្តល់ជូនដល់ពួកគេនូវសេវាជំនួយគាំទ្រ ឬធ្វើការរើសអើងលើកូនរបស់អ្នក ដោយសារពិការភាពរបស់ពួកគេ អ្នកមានជម្រើសក្នុងការដាក់បណ្តឹងសាទុកផ្ទៃក្នុង បណ្តឹងរដ្ឋបាលរបស់រដ្ឋឬសហព័ន្ធ ឬបណ្តឹងណាមួយបាន។
1. បណ្តឹងសាទុកផ្ទៃក្នុង
ស្ថិតក្រោមផ្នែក 504 សាលារៀនណាមួយដែលទទួលបានមូលនិធិសហព័ន្ធ ត្រូវមាននីតិវិធីដែលមានស្រាប់សម្រាប់សិស្សរូបណាដែលជឿជាក់ថាសិទ្ធិរបស់ពួកគេត្រូវបានគេរំលោភបំពាន។ នីតិវិធីទាំងអស់នេះ ត្រូវរួមបញ្ចូលនូវស្តង់ដាដំណើរការស្របតាមច្បាប់ និងផ្តល់នូវដំណោះស្រាយលើបណ្តឹងទាំងនោះឲ្យបានទាន់ពេលវេលា។ ប្រសិនបើអ្នកចង់ដាក់បណ្តឹងសាទុកផ្ទៃក្នុងជាមួយសាលារៀនរបស់អ្នក សូមសាកសួរមន្រ្តីសម្របសម្រួលផ្នែក 504 របស់សាលារៀនរបស់អ្នក សម្រាប់ព័ត៌មានបន្ថែម។ សូមចងចាំទុកក្នុងចិត្តថា ប្រសិនបើបណ្តឹងរបស់អ្នកពាក់ព័ន្ធនឹងការរើសអើង បណ្តឹងនោះត្រូវដាក់ប្តឹងក្នុងរយៈពេលប្រាំមួយខែ គិតចាប់ពីកាលបរិច្ឆេទនៃការរើសអើងដែលបានកើតឡើង ឬចាប់ពីកាលបរិច្ឆេទដែលអ្នកដឹងអំពីការរើសអើងនោះជាលើកដំបូង។ រយៈពេលប្រាំមួយខែនេះ អាចត្រូវបានពន្យារពេលបន្ថែមដោយប្រធានមណ្ឌលសិក្សាធិការ ប្រសិនបើអ្នកស្នើសុំការពន្យារជាលាយលក្ខណ៍អក្សរ។
2. បណ្តឹងរដ្ឋបាលរបស់រដ្ឋឬសហព័ន្ធ
ការិយាល័យសិទ្ធិពលរដ្ឋ (Office of Civil Rights, OCR)៖
ការិយាល័យសិទ្ធិពលរដ្ឋ (OCR) របស់ក្រសួងអប់រំសហរដ្ឋអាមេរិក (The U.S. Department of Education) ធ្វើការស៊ើបអង្កេតលើការរំលោភបំពានច្បាប់ដោយសាលារៀនដែលទទួលបានជំនួយហិរញ្ញវត្ថុពីសហព័ន្ធ។ បណ្តឹងនានាជាមួយនឹង OCR ត្រូវដាក់បន្តឹងក្នុងរយៈពេល 180 ថ្ងៃ បន្ទាប់ពីមានការរើសអើង លើកលែងតែអ្នកបានឆ្លងកាត់ដំណើរការបណ្តឹងសាទុកផ្ទៃក្នុងរបស់សាលារៀនរបស់អ្នករួចហើយ។ ប្រសិនបើអ្នកបានបញ្ចប់ដំណើរការបណ្តឹងសាទុកផ្ទៃក្នុងរបស់សាលារៀនរបស់អ្នករួចហើយ អ្នកត្រូវដាក់បណ្តឹងរបស់អ្នកជាមួយ OCR ក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ការធ្វើសេចក្តីសម្រេចរបស់សាលារៀនរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានអំពីការដាក់បណ្តឹងជាមួយ OCR នៅ https://www2.ed.gov/about/offices/list/ocr/index.html ឬនៅក្នុង ជំពូក 6 នៃសៀវភៅណែនាំ SERR បាន។
ក្រសួងយុត្តិធម៌ (Department of Justice, DOJ)៖
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (The U.S. Department of Justice, DOJ) ធ្វើការស៊ើបអង្កេតលើការរំលោភបំពានលើច្បាប់ ADA។ បណ្តឹងមាត្រា II (សម្រាប់សាលារដ្ឋ) ត្រូវដាក់ប្តឹងក្នុងរយៈពេល 180 ថ្ងៃ បន្ទាប់ពីមានការរើសអើង។ បណ្តឹងមាត្រា III (សម្រាប់សាលាឯកជន) អាចដាក់ប្តឹងបានគ្រប់ពេលវេលាទាំងអស់។ វាជាការល្អបំផុតដែលត្រូវដាក់បណ្តឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះពេលវេលាកាន់តែយូរអាចពិបាកក្នុងការបញ្ជាក់ភស្តុតាង។ សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់បណ្តឹងជាមួយ DOJ អាចស្វែងរកបាននៅ៖ https://www.ada.gov/filing_complaint.htm
3. បណ្តឹងរដ្ឋបាលរបស់រដ្ឋកាលីហ្វ័រញ៉ា
នាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នា (Department of Fair Employment and Housing, DFEH)៖
ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 11135 និងច្បាប់ស្តីពីសិទ្ធិពលរដ្ឋ Unruh ត្រូវបានពង្រឹងការអនុវត្តច្បាប់ដោយ នាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នារដ្ឋកាលីហ្វ័រញ៉ា (FEHA)។ អ្នកអាចដាក់បណ្តឹងរដ្ឋបាលជាមួយ DFEH បានតាមប្រព័ន្ធអនឡាញនៅ៖ https://www.dfeh.ca.gov/complaint-process/file-a-complaint/
អ្នកត្រូវដាក់ពាក្យបណ្តឹងនៅក្នុងរយៈពេលមួយច្បាប់បន្ទាប់ពីមានការរើសអើង។
នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE)៖
នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ធ្វើការស៊ើបអង្កេតលើការចោទប្រកាន់លើការមិនគោរពតាមច្បាប់នៅតាមសាលារដ្ឋ។ នាយកដ្ឋាននេះ ត្រូវធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅពេល (1) មានគ្រោះថ្នាក់លើរូបរាងកាយភ្លាមៗ (2) “សុខភាព សុវត្ថិភាព ឬសុខុមាលភាព” របស់សិស្សត្រូវរងការគំរាមកំហែង (3) សាលារៀនខកខានមិនបានអនុវត្តតាមច្បាប់ស្តីពីដំណើរការតាមផ្លូវច្បាប់ (4) សិស្សមិនទទួលបានសេវា IEP របស់ពួកគេ ឬ (5) សាលារៀនបានបំពានលើច្បាប់ស្តីពីការអប់រំសម្រាប់បុគ្គលដែលមានពិការភាព (IDEA)។
ពាក្យបណ្តឹងនេះ ត្រូវដាក់ប្តឹងក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីការបំពានច្បាប់ដែលមានការចោទប្រកាន់នេះ។ អ្នកអាចស្វែងរកព័ត៌មានអំពីការដាក់ពាក្យបណ្តឹងជាមួយនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា ក្នុង ជំពូក 6 នៃសៀវភៅណែនាំ SERR របស់យើងនៅ https://www.cde.ca.gov/sp/se/qa/cmplntproc.asp។
4. បណ្តឹងវិវាទ
ការរំលោភច្បាប់ដែលបានពិភាក្សាខាងលើ ក៏អាចពង្រឹងការអនុវត្តច្បាប់តាមរយៈពាក្យបណ្តឹងផ្ទាល់ខ្លួនផងដែរ។ អាជ្ញាយុកាល អាចកំណត់អំពីរយៈពេលសម្រាប់ការដាក់ពាក្យបណ្តឹងនេះ ហើយអ្នកអាចចាញ់ការតវ៉ាបាន ប្រសិនបើអ្នកពុំបានចាត់វិធានការណាមួយនៅក្នុងអំឡុងពេលនោះ។ កាលបរិច្ឆេទទាំងនេះអាចមានរយៈពេលខ្លីត្រឹមពីរឆ្នាំរាប់ចាប់ពីកាលបរិច្ឆេទនៃសកម្មភាពរើសអើងត្រូវបានប្រព្រឹត្តិឡើង។ ប្រសិនបើអ្នកចង់បន្តបណ្តឹងនោះ អ្នកគួរតែពិភាក្សាជាមួយមេធាវីឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកស្វែងរកសំណងខូចខាតក្នុងតម្លៃជាទឹកប្រាក់តិចជាង $10,000 នោះ ជម្រើសមួយទៀតគឺត្រូវដាក់ពាក្យបណ្តឹងករណីរើសអើងទៅកាន់តុលាសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាន។ អាជ្ញាយុកាលនេះ នឹងនៅតែបន្តអនុវត្តដដែល។ អ្នកមិនអាចប្រើមេធាវីបានទេក្នុងករណីអ្នកទៅប្តឹងនៅតុលាការសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាននោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហានេះ សូមមើលទីនេះ៖ http://www.disabilityrightsca.org/pubs/520601.pdf។
ប្រសិនបើអ្នកគិតថា កូនរបស់អ្នករងរបួស ហើយអ្នកចង់ដាក់បណ្តឹងអំពីរបួសស្នាមផ្ទាល់ខ្លួន អ្នកចាំបាច់ត្រូវដាក់បណ្តឹងចំពោះការប្រព្រឹត្តិខុសជាមុនសិន។ បណ្តឹងចំពោះការប្រព្រឹត្តិខុស គឺជាបណ្តឹងណាមួយដែលអ្នកដាក់ប្តឹង ប្រសិនបើបុគ្គលដែលបង្ករបួសស្នាមដល់អ្នក គឺជាមន្រ្តីរដ្ឋាភិបាល។ ជាទូទៅ អ្នកត្រូវដាក់បណ្តឹងចំពោះការប្រព្រឹត្តិខុសក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីកាលបរិច្ឆេទដែលអ្នករងការគំរាមកំហែង។ ស្វែងរកព័ត៌មានបន្ថែម នៅទីនេះ។
ប្រសិនបើអ្នកត្រូវការជំនួយដើម្បីស្វែងរកមេធាវីណាម្នាក់នៅក្រៅអង្គការ Disability Rights California ដើម្បីបន្តករណីរបស់អ្នក អ្នកអាចទូរសព្ទទៅសេវាបញ្ជូនបន្តទៅកាន់ក្រុមហ៊ុនមេធាវីរដ្ឋកាលីហ្វ័រញ៉ា (California State Bar Lawyer Referral Service) តាមរយៈលេខ 1-866-442-2529 ឬចូលទៅមើលពួកគាត់តាមអនឡាញនៅ http://www.calbar.ca.gov/Public/Need-Legal-Help/Lawyer-Referral-Service។
គំរូលិខិតដើម្បីស្នើសុំដំណោះស្រាយសមស្របណាមួយ
[កាលបរិច្ឆេទ]
ជូនចំពោះ [សាលារៀនឬឈ្មោះរបស់មន្រ្តីសម្របសម្រួលផ្នែក504 ប្រសិនបើស្គាល់]៖
ខ្ញុំសរសេរលិខិតនេះ ដើម្បីស្នើសុំសេវាជំនួយគាំទ្រដែលសមស្របសម្រាប់កូនប្រុស/ស្រីរបស់ខ្ញុំ [ឈ្មោះកូន] ដោយសារតែបញ្ហាពិការភាពរបស់គាត់។
កូនរបស់ខ្ញុំ គឺជា [សិស្សរៀននៅ/កំពុងដាក់ពាក្យសុំចូលរៀននៅ] [ឈ្មោះសាលារៀន]។ ដោយសារបញ្ហាពិការភាពគាត់ គាត់ត្រូវការសេវាជំនួយគាំទ្រដូចខាងក្រោមនេះ៖ [រៀបរាប់អំពីសេវាជំនួយគាំទ្រ]។
[គ្រូពេទ្យ/គ្រូពេទ្យផ្នែកសរសៃប្រសាទ/អ្នកចិត្តសាស្រ្ត/គ្រូពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/គ្រូពេទ្យព្យាបាលសប្បទាវិជ្ជាជីវៈ/បុគ្គលដទៃផ្សេងទៀត (សូមរៀបរាប់)] របស់កូនខ្ញុំ បានកំណត់ថា សេវាជំនួយគាំទ្រ/ការកែសម្រួលទាំងអស់នេះ មានសារៈសំខាន់ចាំបាច់ដើម្បីជួយដោះស្រាយបញ្ហាពិការភាពរបស់គាត់។ សូមមេត្តាពិនិត្យលិខិតដូចបានភ្ជាប់មកជាមួយពី [ឈ្មោះវេជ្ជបណ្ឌិត ឬអ្នកជំនាញ]។
ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ តម្រូវឲ្យសាលារៀនប្រព័ន្ធ K-12 ផ្តល់សេវាជំនួយគាំទ្រសមស្របជូនដល់សិស្សនិងអ្នកដាក់ពាក្យសុំចូលរៀនដែលមានពិការភាព។ សូមមេត្តាឆ្លើយតបចំពោះសំណើនេះឲ្យបានត្រឹមថ្ងៃ [កាលបរិច្ឆេទ]។ សូមទាក់ទងមកកាន់ខ្ញុំតាមរយៈលេខ [លេខទូរសព្ទរបស់អ្នក និង/ឬអាសយដ្ឋានអ៊ីម៉ែល] ប្រសិនបើអ្នកមានសំណួរណាមួយ។ សូមអរគុណ។
ដោយក្តីគោរពអំពីខ្ញុំ
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតគាំទ្រ
[កាលបរិច្ឆេទ]
ជូនចំពោះ [សាលារៀនឬឈ្មោះរបស់មន្រ្តីសម្របសម្រួលផ្នែក504 ប្រសិនបើស្គាល់]៖
ខ្ញុំគឺជា [គ្រូពេទ្យ/គ្រូពេទ្យផ្នែកសរសៃប្រសាទ/អ្នកចិត្តសាស្រ្ត/គ្រូពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/គ្រូពេទ្យព្យាបាលសម្បទាវិជ្ជាជីវៈ] សម្រាប់ [ឈ្មោះ] ហើយខ្ញុំបានដឹងអំពីស្ថានភាពរបស់គាត់។ គាត់មានពិការភាព ដែលបង្កឲ្យមានបញ្ហាមិនអាចបំពេញមុខងារមួយចំនួនបាន។ បញ្ហាទាំងនេះ រួមមាន [រៀបរាប់ពីបញ្ហាមិនអាចបំពេញមុខងារបាន ដែលតម្រូវឲ្យមានដំណោះស្រាយដែលបានស្នើសុំនេះ]។
[សេវាជំនួយគាំទ្រដែលបានស្នើឡើងនេះ] មានសារៈសំខាន់ណាស់សម្រាប់ [ឈ្មោះ] ដើម្បី [ដាក់ពាក្យសុំ/ទទួលបានសេវាកម្មនិងអត្ថប្រយោជន៍ដោយស្មើភាពគ្នារបស់] [ឈ្មោះសាលារៀន]។ [រៀបរាប់ថាតើដំណោះស្រាយនេះ នឹងជួយឬគាំទ្រដល់បុគ្គលនោះយ៉ាងដូចម្តេចខ្លះ]។ សូមអរគុណសម្រាប់ការផ្តល់ដំណោះស្រាយសមស្របសម្រាប់ [ឈ្មោះ]។
ដោយក្តីគោរពអំពីខ្ញុំ
[ឈ្មោះនិងមុខតំណែង]