ព័ត៌មានសម្រាប់អ្នកប្រើប្រាស់សេវាកម្មស្ដីពីរដ្ឋបាលរបបសន្តិសុខសង្គមកម្មវិធីអ្នកទទួលប្រាក់ជំនួស

Publications
#5561.06

ព័ត៌មានសម្រាប់អ្នកប្រើប្រាស់សេវាកម្មស្ដីពីរដ្ឋបាលរបបសន្តិសុខសង្គមកម្មវិធីអ្នកទទួលប្រាក់ជំនួស

ហាងស្រានេះប្រាប់អ្នកអំពីអ្នកទទួលប្រាក់ជាតំណាង។ តំណាងអ្នកទទួលប្រាក់ជួយអ្នកថវិកា និងចំណាយលើការទូទាត់របបសន្តិសុខសង្គមរបស់អ្នក។ ហាងស្រាប្រាប់អ្នកពីអ្វីដែលពួកគេធ្វើ។ ហាងស្រាប្រាប់អ្នកថាអ្នកណាជាអ្នកសម្រេចចិត្តថាអ្នកត្រូវការមួយ។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើប្រសិនបើពួកគេប្រើលុយរបស់អ្នកខុស។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តើ​អ្នក​ទទួលប្រាក់ជំនួស​​​ជា​​នរណា​?

​​អ្នក​ទទួលប្រាក់ជំនួស គឺ​ជាមនុស្ស​ម្នាក់​ដែល​រដ្ឋបាល​​​​របប​សន្តិសុខ​សង្គម (SSA) ជ្រើសរើស​ឱ្យ​ជួយ​​អ្នកក្នុង​ការ​​ធ្វើ​ផែន​ការ​ថវិកា​ និង​ចំណាយ​ប្រាក់​របបសន្តិសុខសង្គម​របស់​អ្នក​។​ តើ​អ្នក​អា​ច​ដឹង​ថា​ អ្នក​មាន​​អ្នក​ទទួលប្រាក់ជំនួស​បានដោយ​របៀប​ណា​?​ អ្នក​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ប្រចាំខែ​មានឈ្មោះថា​ SSI ឬ SSDI ហើយ​ SSA បាន​ជ្រើស​រើ​សមនុស្ស​ម្នាក់​ឱ្យ​គ្រប់​គ្រង​ការ​ចំណាយ​អត្ថប្រយោជន៍​របស់​អ្នក​ជំនួស​អ្នក​។​  ​​អ្នក​ទទួលប្រាក់ជំនួស អាច​ជា​បុគ្គលម្នាក់ ឬ​ជា​ទីភ្នាក់ងារ​ណាមួយ​។​

តើ​​អ្នក​ទទួលប្រាក់ជំនួសធ្វើ​ការងារ​អ្វី​ខ្លះ​?​

ប្រសិន​បើ​អ្នក​មាន​​អ្នក​ទទួលប្រាក់ជំនួស ពួកគេ​ត្រូវ​ជួយ​ដល់​អ្នក​​ក្នុង​ការ​ប្រើប្រាស់​អត្ថប្រយោ​ជ​ន៍ SSDI និង/ឬ SSI សម្រាប់​តម្រូវ​ការ​របស់​អ្នក។​ អត្ថប្រយោជន៍​របស់​អ្នក​ ត្រូវ​បង់ទៅឱ្យ​​​អ្នក​ទទួ​ល​ប្រាក់ជំនួស ដើម្បី​ចាត់ចែង​​ប្រើប្រាស់​សម្រាប់​អ្នក​។​ ​​អ្នក​ទទួលប្រាក់របស់​អ្នក​ ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ធានា​ថា​ ប្រាក់​របស់​អ្នក​ត្រូវ​បាន​ប្រើ​ប្រាស់​​ដើម្បី​ទូទាត់​​សម្រាប់តម្រូវការ​ចាំបាច់​បំផុត​របស់​អ្នក​។​ តម្រូវ​ការ​ទាំង​​នេះ​អាច​រួម​បញ្ចូល​ ថ្លៃ​​​​ឈ្នួល​ ថ្លៃទឹក​និងភ្លើង​ ម្ហូបអាហារ​ សម្លៀ​ក​បំពាក់​ ថ្លៃចំណាយវេជ្ជសាស្រ្ត​ និងទន្តសាស្រ្ត​ និង​​​របស់របរ​សម្រាប់​មើលថែទាំ​ខ្លួនអ្នក​ផ្ទាល់​​ (​ដូច​ជា​ ច្រាស់ដុសធ្មេញ ក្រាសសិតសក់ និង​សាប៊ូ)។

បន្ទាប់​ពី​​​ទូទាត់​តម្រូវ​ការ​ចាំ​បាច់របស់​អ្នក​​​រួចរាល់​​ហើយ​ ប្រសិន​បើ​​នៅ​សល់​ប្រាក់​ អ្នកទទួល​ប្រាក់​អាច​ប្រើប្រាស់​ប្រាក់​នៅ​សល់​នោះ​ដើម្បី​ទូទាត់​វិក្កយបត្រ​ ទិញ​របស់លេងកម្សាន្ត​​​ដែល​អ្នក​ចូលចិត្ត​លេង​​ ឬទុក​​ជា​ប្រាក់​សម្រាប់​ការ​កម្សាន្ត​សប្បាយ​។​ អ្នកទទួល​ប្រាក់របស់​អ្នក​ ​ត្រូវ​រក្សា​ទុកកំណត់ត្រា​លម្អិត​​​ថា​តើពួកគេចាត់ចែង​អត្ថប្រយោជន៍​របស់​អ្នកដូចម្ដេច​ខ្លះ​​​ ហើយ​រាយការណ៍​វា​ទៅកាន់ SSA។

អ្នកទទួល​ប្រាក់​របស់​អ្នកក៏​ត្រូវ​ជួយ​អ្នក​សន្សំ​​ប្រាក់​ដើម្បី​ទិញ​របស់​អ្វី​ដែល​អ្ន​ក​ចង់​ទិញ​ផង​ដែរ​។ អ្នក​ និង​អ្នកទទួល​ប្រាក់​របស់​អ្នក​ គប្បី​ជួប​ប្រជុំ​គ្នា​រៀង​រាល់​ខែ​​ ឬ​​ច្រើន​ខែ​ម្ដង​ ដើម្បី​ជជែក​គ្នា​​​ថា​តើ​អ្នក​ត្រូវ​ការ​ទិញ​របស់​​អ្វី​​ពិសេស​ ឬ​មាន​តម្លៃ​ថ្លៃ​ឬ​អត់​។​  អ្នកទទួល​ប្រាក់​របស់​អ្នក​ គប្បី​ជួយ​អ្នក​សន្សំ​ប្រាក់​សម្រាប់​ការ​ទិញ​របស់​ពិសេស​ទាំងនេះ​។​

តើអ្នកទទួល​ប្រាក់​ជំនួស​​របស់ខ្ញុំ​ត្រូវ​ជ្រើសរើស​តាម​របៀប​ណា?

អ្នកទទួលប្រាក់ជំនួសរបស់អ្នក ត្រូវ​តែ​ជាមនុស្ស​ម្នាក់​ដែល​ស្គាល់​អ្នក និង​ចង់ជួយ​អ្នក។​ គេ​គួរ​តែ​ជាមនុស្ស​ម្នាក់​ដែល​​ជួប​អ្នកញឹកញាប់​​ និងដឹង​​ពី​តម្រូវ​ការ​របស់​អ្នក​។​ ជម្រើសមួយ​ចំនួន​ អាច​ជា​សមាជិកគ្រួសារ​ មិត្តភ័ក្តិ​ ឬ​អាណាព្យាបាល​ស្របច្បាប់​។​ ​ក៏​អាច​ជា​ស្ថាប័នណាមួយ​ ដូច​ជា​មន្ទីរថែទាំ​មាន​ផ្តល់ជូនម្ហូប​អាហារ ដែល​អ្នកកំពុង​ស្នាក់​​នៅ​ផង​ដែរ​​។​

ប្រសិន​បើ​នរណា​ម្នាក់ចង់​ធ្វើ​ជា​អ្នកទទួល​ប្រាក់​របស់​អ្នក​ អ្នក​អាច​ទូរសព្ទ​ទៅ SSA ដើម្បី​ឱ្យ​ពួ​ក​គេ​​ធ្វើ​ការ​ជ្រើសរើស​បុគ្គល​នោះ​ជាផ្លូវ​ការ​​ឱ្យធ្វើ​ជា​អ្នកទទួល​ប្រាក់​របស់​អ្នក​។​ SSA នឹង​ប្រគល់​ពាក្យ​សុំទៅ​បុគ្គល​នោះ​ រួច​​សាកសួរ​ពី​សាវតារ​​របស់​ពួកគេ​ដើម្បី​​ប្រាកដ​ថា​ ពួកគេ​នឹង​ធ្វើ​អ្វី​ដែ​ល​ល្អ​បំផុត​សម្រាប់​អ្នក។​

ចុះ​ប្រសិន​បើ​ខ្ញុំ​មិន​ចង់​បាន​អ្នកទទួល​ប្រាក់ជំនួស​ដែល​របប​សន្តិសុខសង្គម​ជ្រើសរើស​ឱ្យ​ខ្ញុំ ឬ​ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​ត្រូវ​ការ​ទាល់​តែ​​សោះ ដូច្នេះ​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​?​

ប្រសិន​បើ​អ្នក​មិន​ចង់​បាន​អ្នកទទួល​ប្រាក់ជំនួស​ដែល​ SSA បាន​ជ្រើសរើស​ឱ្យ​​អ្នក ឬ​អ្នក​គិត​ថា​ អ្នក​មិនត្រូវ​ការ​អ្នក​ទទួលប្រាក់ជំនួស​ណាម្នាក់​ទេ​ អ្នក​អាច​ធ្វើការ​បដិសេធ​ជាមួយ​នឹង​ SSA បា​ន​​។​ ដើម្បី​ធ្វើ​ការ​បដិសេធ​ អ្នក​ត្រូវ​ដាក់​បណ្ដឹង​តវ៉ា​។​ អ្នក​ប្ដឹង​តវ៉ាតាម​សំបុត្រ​ជា​លាយលក្ខណ៍​អក្សរ​មួយ​ទៅកាន់ SSA ដោយ​ពន្យល់​ពី​បញ្ហា​​​នោះ​។​ អ្នកក៏​អាច​បំពេញ​ទម្រង់​បែប​បទ​ពិសេស​មួយ​ហៅថា​ “សំណើសុំ​ការ​ពិចារណាឡើង​វិញ​” បាន​ផង​ដែរ​។​ អ្នកអាច​ទទួល​បានសំណៅ​ថត​ចម្ល​ង​​នៃ​ទម្រង់បែប​បទ​នេះ​ពីការិយាល័យ​ SSA ក្នុងមូលដ្ឋាន​ ឬ​​តាមអនឡាញ​ តាម​គេហទំព័រ​នេះ​ http://www.ssa.gov/forms/ssa-561.pdf

នៅ​ពេល​អ្នកទទួល​បាន​លិខិត​មួយ​ច្បាប់​ពី SSA ដែលបាន​​ជ្រើស​រើស​អ្នកទទួល​ប្រាក់​ឱ្យ​​​អ្នក​រួ​ច​ ជាទូទៅ​ អ្នក​ត្រូវ​ប្ដឹង​តវ៉ា​ក្នុង​រយៈពេល 60 ថ្ងៃ​។​ ពេ​លខ្លះ អ្នក​អាច​ទទួល​បាន​ពេលវេលា​បន្ថែម​ច្រើនជាង​នេះ​ ប្រសិនបើ​អ្នក​មានហេតុ​​ផល​សមស្រប​​​ណាមួយ​។​

អ្នក​ក៏​អាច​ស្នើសុំ​​អ្នក​​ទទួល​ប្រាក់ផ្សេង​ទៀត​បាន​​ផង​ដែរ​។​ ប្រសិនបើ​អ្នក​គិត​ថា​ អ្នក​ពុំ​ត្រូវ​ការ​អ្នក​ទទួល​ប្រាក់​នោះ​ទេ​ អ្នក​អាច​ពន្យល់​ពីមូលហេតុនោះទៅកាន់ SSA បាន។​ ​បែប​នេះ​ វេជ្ជបណ្ឌិ​ត​ គ្រូពេទ្យព្យាបាល​ ឬ​នរណាម្នាក់ផ្សេង​ទៀតដែល​អាច​ពន្យល់​បាន​ថា​ អ្នក​អាច​គ្រប់គ្រ​ងប្រាក់​កាស​បាន​ដោយ​ខ្លួន​ឯង​នឹង​អាច​ប្រគល់​លិខិត​មួយ​ច្បាប់​​​ទៅកាន់ SSA បាន​។​  ចូលទៅ​​ការិយាល័យ​ SSA ក្នុងមូល​ដ្ឋាន​របស់​អ្នក​ ដើម្បី​​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នកទទួល​ប្រាក់​សម្រា​ប់​ខ្លួនឯងផ្ទាល់​។​ ចូលទៅកាន់​គេហទំព័រ​នេះ​ https://secure.ssa.gov/apps10/poms.nsf/lnx/0200502115 សម្រាប់ព័ត៌មាន​អំពី​ទម្រង់បែប​បទ​ និង​ដំណើរ​ការ​។​

ប្រសិន​បើ​ខ្ញុំ​មាន​អ្នកទទួលប្រាក់ជំនួស តើ​មានអ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​​ដែរ​ឬទេ​?​

​អ្នក​ត្រូវ​ការ​ប្រាប់​អ្នកទទួល​ប្រាក់​របស់​អ្នកពី​រឿងរ៉ាវ​ជា​ក់លាក់​មួយ​ចំនួន​​ ដើម្បី​ជួយ​ដល់ពួក​គេ​ក្នុង​ការ​​​គ្រប់គ្រង​អត្ថប្រយោជន៍​របស់​អ្នក​។​ អ្នកគប្បី​ប្រាប់​អ្នកទទួល​ប្រាក់​របស់​អ្នក ប្រសិន​បើ​​​អ្នក​ចាប់​ផ្ដើមចូលធ្វើការ​ ឬ​លាឈប់ពីការងារ​ណាមួយ​ ផ្លាស់ទីលំនៅ​ រៀប​ការ​ ធ្វើដំណើរ​កម្សា​​ន្ត​​ទៅ​ប្រទេស​ផ្សេង​ ជាប់ឃុំនៅ​មន្ទីរឃុំឃាំង ឬ​ពន្ធនាគារ​ ចូលសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ពិការភាព​របស់​អ្នក​បាន​ប្រសើរ​ជាង​មុន​​។​

ប្រសិន​បើ​អ្នក​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ SSI អ្នកក៏​ត្រូវ​​ប្រាប់​​អ្នកទទួលប្រាក់ផង​​ដែរ ប្រសិនបើអ្នក​ទទួល​បានប្រាក់​ពីប្រភព​ផ្សេង​ទៀត​​ ឬបាន​ដាក់​ពាក្យ​សុំ​អត្ថប្រយោជន៍​ផ្សេង​ទៀត​ពី​​រដ្ឋាភិបាល​។ ប្រសិនបើបានសន្សំប្រាក់ខ្លះ អ្នកក៏​ត្រូវ​ប្រាប់​អ្នក​ទទួល​ប្រាក់​របស់​អ្នក​ផង​ដែរ ​ថា​តើ​អ្នក​សន្សំប្រាក់​បាន​ច្រើនប៉ុនណា​​។​ ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់​ ពី​ព្រោះ​ចំនួ​ន​ទឹក​ប្រាក់​ SSI របស់​អ្នក​ អាស្រ័យ​លើ​ថា​តើ​អ្នក​មាន​ចំនួន​ទឹក​ប្រាក់​ច្រើន​ប៉ុនណា​រួច​ហើយ​។​ ប្រសិនបើ SSA ធ្វើ​កា​របង់​ប្រាក់​ច្រើន​ជាង​ចំនួន​ដែល​អ្នក​ត្រូវ​ការ​ នោះ​អ្នក​​អាច​នឹង​ត្រូវ​សង​ប្រាក់​យ៉ាងច្រើន​ត្រឡប់​ទៅ​ឱ្យ SSA វិញ​។​ នេះហៅ​ថា​ “ការបង់ប្រាក់លើសចំនួន”។​

តើ​អ្នកទទួល​ប្រាក់ជំនួស​របស់ខ្ញុំ គ្រប់គ្រង​ប្រាក់​ផ្សេង​ទៀត​របស់ខ្ញុំដែរ​ឬទេ?

អត់​ទេ។ លើកលែង​តែ​អ្នក​ទទួល​ប្រាក់​របស់​អ្នក ក៏​ជា​អាណាព្យាបាល​ស្រប​ច្បាប់ ឬ​ជា​អ្នក​មើ​ល​ថែ​ទាំ​អ្នកដែរ​ ​បើ​ពុំដូច្នោះទេ​ ​​ពួកគេអាច​ត្រឹម​ជួយ​គ្រប់គ្រង​អត្ថប្រយោជន៍​ SSA ​ប៉ុណ្ណោះ​។​ ឧទាហរណ៍ អ្នកទទួល​ប្រាក់ជំនួស​ មិនអាច​បញ្ជា​​​អ្នក​​ថា​​​ត្រូវ​ចំណាយ​ប្រាក់​ដែល​អ្នករក​បាន​ពី​​ការងារទៅ​លើនេះលើនោះ​បានទេ​។​ ពួកគេ​ក៏​មិន​អាចបញ្ជាឱ្យ​​​​អ្នក​​ត្រូវ​​យក​ប្រាក់ដែល​អ្នក​ទទួ​ល​​បាន​ពីក្រុមគ្រួសារ​​​ទៅ​ធ្វើ​នេះ​ធ្វើ​​នោះបាន​​ដែរ​។​ ក៏​ប៉ុន្តែ​ អ្វី​ដែលសំខាន់​គឺ ​អ្នក​ត្រូវ​ប្រាប់​ពួកគេ​​អំពី​ប្រាក់​ដែល​អ្នកទទួល​បាន​ពី​ប្រភព​​​ផ្សេង​ទៀត​។​ ចំណុច​នេះ​នឹង​ជួយ​ពួកគេ​ ហើយ​​ការ​ពារ​កុំឱ្យ SSA បង់ប្រាក់​ច្រើនជ្រុល​​។​ សូមចងចាំ​​ថា​ អ្នក​នឹង​​ត្រូវ​ប្រគល់ប្រាក់នោះ​ត្រឡប់ទៅវិញ​ បើ​ទោះបី​ជា​អ្នក​បាន​ចាយ​ប្រាក់​នោះ​រួច​ហើយក៏​ដោយ​។​

តើ​ខ្ញុំ​ត្រូវ​បង់ប្រាក់ទៅ​ឱ្យ​អ្នកទទួលប្រាក់ជំនួស​ឬ​អត់​?​

ប្រសិន​បើ​អ្នក​ទទួល​ប្រាក់​របស់​អ្នក ​គឺ​ជា​បុគ្គល​​ ពួកគេ​មិនអាចឱ្យ​អ្នក​បង់ប្រាក់​ឈ្នួល​សម្រាប់​កា​រ​ជួយ​របស់​ពួកគេបាន​​ឡើយ​។​ អ្នកទទួល​ប្រាក់​ដែល​ជា​ស្ថាប័ន​ អាច​គិត​ប្រាក់ពី​អ្នកក្នុង​ចំនួ​ន​​តិច​តួច​​ក្នុងមួយខែ​ៗ​។​ ជា​ទូទៅ​ ប្រាក់​ច្រើនបំផុត​ដែ​លពួកគេ​អាច​គិត​ថ្លៃ​ពី​អ្នកបាន​គឺ​ 43$ ក្នុង​មួយ​ខែ​។​ ពួកគេ​អាច​គិត​ប្រាក់ 82$ ក្នុង​មួយ​ខែ​ ប្រសិន​បើ​វេជ្ជបណ្ឌិតរបស់​អ្នក​និយាយថា​ អ្នក​មាន​បញ្ហា​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង​។​ ប្រសិន​បើ​អ្នក​មិនច្បាស់ អ្នក​អាច​សាកសួរ​ SSA ឱ្យ​ប្រាប់​អ្នក​បាន​ ថាតើ​អ្នក​ទទួល​ប្រាក់​របស់​អ្នក​ អាច​គិត​ប្រាក់ពី​អ្នក​បាន​ឬ​អត់ ហើយ​ក្នុង​ចំនួន​ប៉ុន្មាន​។​ ចំនួន​ទឹក​ប្រាក់​ដែល​អ្នកទទួល​ប្រាក់​អាច​គិត​ថ្លៃ​ អាច​មាន​ការ​ផ្លាស់ប្ដូរ​ជា​រៀង​រាល់​ឆ្នាំ​។​ ដើម្បី​ពិនិត្យមើលចំនួនទឹក​ប្រាក់​បច្ចុប្បន្ន​ សូមចូលទៅកាន់​គេហទំព័រ​នេះ​ https://www.ssa.gov/oact/cola/RepPayee.html

ប្រសិន​បើ​អ្នក​ជឿ​ថា​ អ្នក​​ទទួល​ប្រាក់របស់​អ្នក​​គិត​ប្រាក់ពីអ្នក​​​ច្រើន​ពេក​ អ្នក​គួរ​ប្រាប់ពួកគេ​ឱ្យ​បង់ប្រាក់​នោះ​ត្រឡប់​មកវិញ​។​ ទោះ​បី​ជា​ពួកគេ​គិត​ប្រាក់​លើស​ចំនួន​ពី​អ្នក​យូរ​ប៉ុនណាក៏​ដោ​យ​ ក៏មិនមែនជាបញ្ហា​ដែរ​ ពួកគេ​ត្រូវ​តែ​សងប្រាក់​ត្រឡប់​មកវិញ​។​ ប្រសិនបើ​ពួកគេ​មិន​សង​ប្រាក់​​មក​អ្នក​វិញ​ទេ​ អ្នក​អាច​រាយការណ៍​ពួកគេ​ទៅកាន់ SSA ឬបុគ្គលិក​គ្រប់គ្រង​​ករណី​របស់​អ្នក​ ប៉ូលិស​ ឬ​អ្នក​តស៊ូ​មតិផ្សេង​ទៀត​ដូច​ជា​ ​Disability Rights California ជា​ដើម​។​

តើ​ខ្ញុំ​​​ដឹង​ថា​អ្នកទទួលប្រាក់ជំនួស​របស់ខ្ញុំ​កំពុង​ចំណាយ​ប្រាក់​របស់ខ្ញុំ​ដោយរបៀបណា​?

ប្រសិន​បើ​អ្នក​មាន​អ្នកទទួល​ប្រាក់​ណាម្នាក់ អ្នក​មានសិទ្ធិ​ដឹង​​ថា​តើ​ប្រាក់​របស់​អ្នក​ត្រូវ​ចំណាយ​យ៉ាង​ដូចម្ដេច​បាន​។​ អ្នកគួរ​សុំឱ្យ​​អ្នកទទួល​ប្រាក់​របស់​អ្នក​បង្ហាញ​កំណត់ត្រា​​ពី​ការចំណាយ​ប្រា​​ក់​របស់​ពួកគេ​ឱ្យ​អ្នក​មើល​ ដើម្បី​ឱ្យ​អ្នក​បាន​ឃើញ​ថា​តើប្រាក់នោះ​ចំណាយ​លើអ្វីខ្លះ ហើ​យ​​នៅ​សល់ប្រាក់ប៉ុន្មាន​ទៀត​។​ បើមានអ្វី​ដែល​អ្នកមិន​យល់ ត្រូវ​សុំឱ្យពួកគេ​ពន្យល់​។​ ប្រសិន​បើ​​​អ្នក​ត្រូវ​ការ​ឱ្យ​ពួកគេ​​​ចំណាយ​អត្ថប្រយោជន៍​របស់​អ្នកទៅ​​លើរបស់​​អ្វី​មួយ សូមប្រាប់ពួកគេ​ឱ្យ​បានដឹង​​។​

ប្រសិន​បើ​អ្នកទទួលប្រាក់ជំនួសរបស់ខ្ញុំ​ប្រើប្រាក់​ខ្ញុំមិន​ត្រឹមត្រូ​វ ឬ​លួច​ប្រាក់​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​?

អ្នក​អាច​រាយការណ៍​បញ្ហា​​ពាក់ព័ន្ធ​នឹង​របៀប​ដែលអ្នកទទួល​ប្រាក់​ជំនួស​របស់​អ្នក​កំពុង​ចាយ​វា​យ​ប្រាក់របស់អ្នកទៅកាន់ SSA បាន​។​ បញ្ហា​ទាំង​អស់​នេះ​ អាច​រួម​បញ្ចូលបញ្ហា​ដែល​​​អ្នក​ទទួ​ល​​​ប្រាក់ជំនួស​របស់​អ្នក​កំពុង​ធ្វើ​រឿង​ដែល​ពួកគេ​មិនគួរ​ធ្វើ​ ​ឬបញ្ហា​ដែល​​​ពួកគេ​មិន​បាន​យកចិត្ត​ទុកដាក់នឹង​តម្រូវ​ការ​របស់​អ្នក​​ជា​ដើ​ម​។​ ប្រសិន​បើ​​​អ្នកទទួល​ប្រាក់ជំនួស​របស់​អ្នក​ មិនព្រម​បង្ហាញកំណត់​ត្រាពីការ​ចំណាយ​ប្រាក់​របស់​អ្នកទេ អ្នកក៏​អាច​ប្រាប់រឿង​នេះ​ទៅ SSA បាន​ផង​ដែរ​​។ អ្នក​អាច​ស្វែង​រក​ការិយាល័យ SSA នៅ​ជិត​អ្នកបំផុត​បាន​ ដោយ​ចូលទៅ​កាន់​គេហទំព័​រ​នេះ https://secure.ssa.gov/ICON/main.jsp ឬ​ទូរសព្ទ​ទៅលេខ​ 1-800772-1213។ អ្នកក៏​គួរ​តែ​ជជែក​ជាមួយ​បុគ្គលិក​គ្រប់គ្រង​​ករណី​របស់​អ្នក​ ឬ​ជជែក​ជាមួយ​អ្នកតស៊ូមតិផ្សេង​ទៀត​ ដូច​ជា​ Disability Rights California ជា​ដើម​។​ លេខទូរសព្ទ​របស់ Disability Rights California គឺ 1-800-7765746 ឬអ៊ីម៉ែល services@DisabilityRightsCa.org

ប្រសិន​បើ​អ្នក​គិត​ថា​ អ្នកទទួលប្រាក់របស់​អ្នក​ប្រើប្រាស់ប្រាក់អ្នកមិនត្រឹមត្រូវ ឬ​លួច​ប្រាក់​ចំណូ​លរបស់អ្នកពី SSI ឬ SSDI អ្នកគួរ​ទាក់ទង​ទៅកាន់​ការិយាល័យ​អធិការកិច្ច (OIG) ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ការិយាល័យ OIG នឹង​ទទួល​យក​ពាក្យបណ្ដឹង​របស់​អ្នក​ ហើយ​​ពិនិត្យ​មើលពី​ក្ដី​កង្វល់​​របស់​អ្នក​ ដើម្បីមើលថា​តើ​ពួកគេ​ត្រូវ​ការ​ជួយ​អ្នក​ក្នុង​ការ​ការពារ​ប្រាក់របស់​អ្នក​ឬ​អត់​។​ អ្នកគួរ​រាយការណ៍​ពីព័ត៌មាន​សំខាន់ៗ​​​ដូច​ជា​ ឈ្មោះ​របស់​អ្នក​ ព័ត៌មាន​ទំនាក់ទំនង​របស់​អ្នក​ ឈ្មោះ​អ្នក​ទទួល​ប្រាក់ជំនួស​របស់​អ្នក​ ពេលវេលា​ដែល​កា​រ​ប្រើប្រាស់​ប្រាក់​មិនត្រឹមត្រូវនោះ​កើតឡើង​ ទីកន្លែង​ដែល​កើត​បញ្ហា​ និង​ព័ត៌មាន​លម្អិត​ដទៃ​ផ្សេង​ទៀត​​អំពី​​អ្វី​ដែល​បាន​កើត​ឡើង​​ចំពោះ​ប្រាក់​របស់​អ្នក​។​ ប្រសិន​បើ​អ្នក​ចង់​ អ្នក​ក៏អាច​សុំឱ្យ OIG បិទ​បាំង​​ឈ្មោះ​របស់​អ្នកកុំឱ្យ​អ្នកទទួល​ប្រាក់​ជំនួសរបស់អ្នក​ដឹង​។​

អ្នក​អាច​ដាក់​ពាក្យ​បណ្ដឹង​របស់​អ្នក​តាមគេហទំព័រ​នេះ​បាន​ http://www.ssa.gov/fraudreport/oig/public_fraud_reporting/form.htm ឬដោយទូរសព្ទ​ទៅ​លេខ​ 1-800269-0271។

បើ​ខ្ញុំ​មានសំណួរផ្សេង​ទៀត​ តើខ្ញុំត្រូវ​ធ្វើ​ដូចម្ដេច​?​

ប្រសិន​បើ​អ្នក​មាន​សំណួរ​បន្ថែម​ អ្នក​អាច​ជជែក​ជាមួយ​​​របបសន្តិសុខសង្គម​ ឬ​ទូរសព្ទ​ទៅ Disability Rights California តាមរយៈលេខ​ (800) 776-5746។ អ្នកក៏​អាច​ផ្ញើអ៊ីម៉ែល​មកកាន់​យើង​តាម​អាសយដ្ឋាន services@DisabilityRightsCa.org ឬចូលទៅកាន់គេហទំព័រ​របស់​យើង​​នៅ​ www.disabilityrightsca.org