ឯកសារមគ្គទេសក៍ណែនាំអំពីសវនាការយុត្តិធម៌ IHSS៖ វិធីរៀបចំសម្រាប់ការបញ្ចប់ ឬកាត់បន្ថយម៉ោង IHSS

Publications
#5482.06

ឯកសារមគ្គទេសក៍ណែនាំអំពីសវនាការយុត្តិធម៌ IHSS៖ វិធីរៀបចំសម្រាប់ការបញ្ចប់ ឬកាត់បន្ថយម៉ោង IHSS

ការបោះពុម្ពផ្សាយនេះមានគោលបំណងជួយអ្នកជំទាស់នឹងការបដិសេធ ចំនួ​ន​ម៉ោងមិនគ្រប់គ្រាន់ ការកាត់បន្ថយម៉ោង និង/ឬការបញ្ចប់ម៉ោងសេវាកម្ម​ជំនួយក្នុងផ្ទះ (IHSS) របស់អ្នក និងរៀបចំអ្នកត្រៀមសម្រាប់សវនាការយុត្តិ​ធ​ម៌​របស់រដ្ឋ។ ការបោះពុម្ពផ្សាយនេះមានឧបករណ៍ជម្រើសចំនួនបី ដើម្បីជួយអ្នក​ទទួលបាន​ព័ត៌មានដែលអ្នកត្រូវការដើម្បីរៀបចំសម្រាប់សវនាការយុត្តិធម៌របស់រដ្ឋ។ ប្រសិនបើអ្នកមានសំណួរអំពីករណី IHSS ផ្ទាល់ខ្លួនរបស់អ្នក សូមទាក់​ទង​អង្គ​ការសិទ្ធិជនពិការនៃរដ្ឋ California។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ការបោះពុម្ពផ្សាយនេះមានគោលបំណងជួយអ្នកជំទាស់នឹងការបដិសេធ ចំនួ​ន​ម៉ោងមិនគ្រប់គ្រាន់ ការកាត់បន្ថយម៉ោង និង/ឬការបញ្ចប់ម៉ោងសេវាកម្ម​ជំនួយក្នុងផ្ទះ (IHSS) របស់អ្នក និងរៀបចំអ្នកត្រៀមសម្រាប់សវនាការយុត្តិ​ធ​ម៌​របស់រដ្ឋ។ ការបោះពុម្ពផ្សាយនេះមានឧបករណ៍ជម្រើសចំនួនបី ដើម្បីជួយអ្នក​ទទួលបាន​ព័ត៌មានដែលអ្នកត្រូវការដើម្បីរៀបចំសម្រាប់សវនាការយុត្តិធម៌របស់រដ្ឋ។ ប្រសិនបើអ្នកមានសំណួរអំពីករណី IHSS ផ្ទាល់ខ្លួនរបស់អ្នក សូមទាក់​ទង​អង្គ​ការសិទ្ធិជនពិការនៃរដ្ឋ California។

តើខ្ញុំស្នើសុំសវនាការដោយរបៀបណា?

នៅពេលអ្នកមិនយល់ស្របនឹងចំណាត់ការរបស់ខោនធី ដូចជាការកាត់​បន្ថយ​ម៉ោង ការបដិសេធសេវាកម្ម​ IHSS ការបញ្ចប់កម្មវិធី ឬសេវាកម្ម ឬប្រសិនបើ​ខោន​ធី​មិនបានចាត់ចំណាត់ការដូចជាការពិនិត្យឡើងវិញ និងការដំណើរ​ការពាក្យ​សុំ​ដែលអ្នកបានដាក់ អ្នកអាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីជូន​ដំណឹងអំពី​ចំ​ណាត់ការរបស់អ្នកដោយស្នើសុំសវនាការយុត្តិធម៌បាន។

អ្នក ឬសមាជិកគ្រួសារតាងនាមឲ្យអ្នកអាចស្នើសុំសវនាការតាមអនឡាញ តា​ម​ទូរសព្ទ ឬតាមប្រៃសណីយ៍បាន។

  1. អ្នកអាចហៅទៅលេខឥតគិតថ្លៃ 1-800-743-8525។
    អ្នកមានការចុះខ្សោយការស្តាប់ ឬការនិយាយដែលប្រើឧបករណ៍ទំនាក់​ទំនង​ស​ម្រាប់មនុស្សថ្លង់ (TDD) អាចចុចលេខ 1-800-952-8349។
  2. អ្នកអាចដាក់សំណើសុំសវនាការតាមអនឡាញដោយបង្កើតគណនី ACMS ឬ​ដោ​យគ្មានគណនីបាន។
    យើងបានផ្តល់តំណភ្ជាប់នៅទីនេះ៖ ស្នើសុំសវនាការតាមអនឡាញ។
  3. ដើម្បីស្នើសុំសវនាការជាលាយលក្ខណ៍អក្សរតាមប្រៃសណីយ៍៖
    1. បំពេញផ្នែកខាងក្រោយនៃទម្រង់សេចក្តីជូនដំណឹងអំពីចំណាត់ការ (NOA) ថ​តចម្លងសេចក្តីជូនដំណឹងអំពី NOA ទាំងផ្នែកខាងមុខ និងខាងក្រោយ សម្រា​ប់​ធ្វើជាកំណត់ត្រារបស់អ្នក និង
    2. ផ្ញើសំណើតាមប្រៃសណីយ៍ទៅ៖
      California Department of Social Services
      State Hearings Division
      PO Box 944243, Mail Station 9-17-442
      Sacramento, CA 94244-2430

ប្រសិនបើអ្នក ឬនរណាម្នាក់ដែលនឹងធ្វើសក្ខីកម្មជំនួសអ្នក (ឧ. អ្នកផ្តល់សេវា IHSS របស់អ្នក) ត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមបញ្ចូលវា​ទៅ​ក្នុងសំណើ​រប​ស់​អ្នក។

តើខ្ញុំគួរស្នើសុំសវនាការនៅពេលណា?

អ្នកអាចប្តឹងឧទ្ធរណ៍ជំទាស់បានភ្លាមៗនូវសេចក្តីជូនដំណឹងអំពីចំណាត់ការរបស់ IHSS ដែលអ្នកទទួលបានអំពីការផ្លាស់ប្តូរសេវាកម្មរបស់អ្នក ហើយស្នើសុំស​វនាការ "ការផ្អាកចំណាត់ការ"។ អ្នកត្រូវតែប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីជូនដំណឹង IHSS របស់អ្នក មុន​កាលបរិច្ឆេទដែលការផ្លាស់ប្តូរនេះត្រូវចូលជាធរមាន ដើម្បីទទួលបានការផ្អាកចំណាត់ការ។ សូមមើល MPP ផ្នែកទី 22-072.5។ ការផ្អាកចំណាត់ការ មានន័យថាសេវាកម្មរបស់អ្នកនឹងបន្តយ៉ាង​ហោច​ណាស់​រហូ​តដល់បើកសវនាការរបស់អ្នក។ ប្រសិនបើអ្នកស្នើសុំការផ្អាកចំណាត់ការទាន់ពេលវេលា សេវាកម្មរបស់អ្នក​នឹង​បន្ត​ដដែលមិនផ្លាស់ប្តូររហូតដល់អ្នកទទួលបានដីកាសម្រេចនៃសវនាការ។

ប្រសិនបើអ្នកបានទទួលសេចក្តីជូនដំណឹងអំពីចំណាត់ការរបស់អ្នកយឺត ឬមិ​ន​បានទទួលសេចក្តីជូនដំណឹង ហើយអ្នកមិនយល់ស្របនឹងម៉ោងដែលបាន​អ​នុ​ញ្ញាត អ្នកគួរតែប្តឹងឧទ្ធរណ៍ភ្លាមៗ ហើយស្នើសុំការផ្អាកចំណាត់ការ។

ប្រសិនបើអ្នកហួសរយៈពេលកំណត់ដើម្បីប្ដឹងឧទ្ធរណ៍​​ដោយមាន​ការ​ផ្អាក​ចំណា​ត់​​ការ អ្នកនៅតែមានរយៈពេល 90 ថ្ងៃ ដើម្បីស្នើសុំសវនាការដោយ​គិត​ចាប់​ពី​កាល​បរិច្ឆេទដែលអ្នកទទួលបាន​សេចក្ដីជូនដំណឹងអំពីចំណាត់ការ។ សូមមើល MPP ផ្នែក​ 22-009.1។ ប្រសិនបើអ្នកកំពុងដាក់ពាក្យសុំ IHSS ជាលើកដំបូង ហើយអ្នកទទួលបាន​កា​របដិសេធដែលអ្នកមិនយល់ស្របជាមួយ អ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍ក្នុង​រយៈ​ពេ​ល 90 ថ្ងៃ។

ចុះបើខ្ញុំហួសរយៈពេលកំណត់ 90 ថ្ងៃដើម្បីសុំសវនាការវិញនោះ?

អ្នកនៅតែអាចស្នើសុំសវនាការបាន ប្រសិនបើអ្នកមាន "មូលហេតុត្រឹមត្រូវ" សម្រា​ប់ការស្នើសុំសវនាការ (ឧ. ការប្តឹងឧទ្ធរណ៍) បន្ទាប់ពីរយៈពេលកំណត់ 90 ថ្ងៃ។ សូមមើលក្រម សុខុមាលភាព និង ស្ថាប័នរដ្ឋ Cal. § 10951(a)(2)។ មូលហេតុត្រឹមត្រូវមានន័យថា អ្នកមានហេតុផលយកជាការបាន និង​គួរ​ឱ្យ​ជឿ​​លើសពីសមត្ថភាពគ្រប់គ្រងរបស់អ្នក សម្រាប់ការស្នើសុំសវនាការលើសពី 90 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃសេចក្ដីជូនដំណឹងអំពីចំណាត់ការ។ ក្រម សុខុមាលភាព និង ស្ថាប័នរដ្ឋ Cal. § 10951(c)។ ចៅក្រមផ្នែកច្បាប់រដ្ឋបាលនឹងកំណត់ថាតើមានហេតុផលត្រឹមត្រូវសម្រាប់ការស្នើសុំសវនាការយឺតដែរឬទេ។

សំណើសុំសវនាការដោយផ្អែកលើហេតុផលត្រឹមត្រូវនឹងមិនត្រូវបានអនុញ្ញាតទេ ប្រសិនបើសំណើនេះត្រូវបានដាក់ឱ្យលើសពី 180 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទ​នៃ​​សេចក្ដីជូនដំណឹងអំពីចំណាត់ការ។ ក្រម សុខុមាលភាព និង ស្ថាប័នរដ្ឋ Cal. § 10951(a)(2)។ អ្នកគួរតែពិគ្រោះជាមួយអង្គការសិទ្ធិជនពិការរដ្ឋ California ឬមេធាវី​ដើម្បី​ស​ម្រេ​ចថាតើអ្នកស្ថិតនៅក្នុងរយៈពេលកំណត់ 90 ថ្ងៃ ឬថាតើអ្នកមានហេតុ​ផល​ត្រឹមត្រូវសម្រាប់ការស្នើសុំសវនាការបន្ទាប់ពីរយៈពេល 90 ថ្ងៃ ឬថាតើសេចក្ដីជូ​នដំណឹងមិនមែនជាសេចក្ដីដំណឹងអំពីចំណាត់ការជាលាយលក្ខណ៍អក្សរគ្រប់គ្រាន់ឬយ៉ាងណា។

តើ ACMS ជាអ្វី ហើយហេតុអ្វីខ្ញុំគួរបង្កើតគណនី?

ក្រសួងសេវាសង្គមកិច្ចនៃរដ្ឋ California (CDSS) ផ្នែកសវនាការរដ្ឋប្រើប្រាស់​ប្រ​ព័ន្ធគ្រប់គ្រងករណីបណ្តឹងឧទ្ធរណ៍ (ACMS) ដើម្បីគ្រប់គ្រង និង​ធ្វើ​សវនាការ​យុ​ត្តិធម៌របស់រដ្ឋទាន់ពេលវេលានៅទូទាំងរដ្ឋ California។ ACMS គឺជាមូលដ្ឋានទិន្នន័យអនឡាញដែលអាចចូលប្រើបាន​ដោយបុគ្គល​ដែ​លមានបំណងចង់ប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តី សម្រេចផ្នែករដ្ឋបាល​លើអត្ថ​ប្រយោជន៍ទាក់ទងនឹងកម្មវិធីសេវាសង្គមកិច្ចដែលមានមូលដ្ឋាននៅរដ្ឋចំនួន 22 កម្មវិធីផ្សេងៗគ្នា រួមទាំង Medi-Cal និង IHSS។

ACMS ផ្តល់នូវផតថលអ្នកប្រើប្រាស់ដែលអនុញ្ញាតឱ្យបុគ្គលធ្វើដូច​ខាង​ក្រោម​៖

  • ស្នើសុំសវនាការយុត្តិធម៌របស់រដ្ឋ។
  • ទទួលការជូនដំណឹងអំពីផ្នែកសវនាការរបស់រដ្ឋតាមប្រ័ពន្ធអេឡិចត្រូនិក រួម​ទាំ​ងព័ត៌មានអំពីកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងនៃសវនាការ។
  • ពិនិត្យស្ថានភាពនៃករណីសំណុំរឿងចាស់។
  • ដាក់បញ្ជូនឯកសារគាំទ្រករណីសំណុំរឿង។
  • ទទួលបានសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងាររដ្ឋបាលអំពីគោលជំហរ និង​ភស្តុ​តា​ងគាំទ្រ។
  • ស្នើសុំពន្យារពេលសំណុំរឿង ការបើកសំណុំរឿងឡើងវិញ ការបើកសវនាការ​ឡើង​វិញ និងការដកពាក្យ។

តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំស្នើសុំសវនាការ?

អ្នកនឹងទទួលបានសេចក្តីជូនដំណឹងចំនួនពីរលិខិតពីក្រសួងសេវាសង្គមកិច្ចរដ្ឋ California (CDSS) ផ្នែកសវនាការរដ្ឋ។ សេចក្ដីជូនដំណឹងលើកទីមួយគឺដើម្បីបញ្ជាក់ថាអ្នកបានស្នើសុំសវនាការ និង​ផ្ត​ល់ព័ត៌មានអំពីសិទ្ធិសវនាការរបស់អ្នក។ សេចក្ដីជូនដំណឹងលើកទីពីរត្រូវជូនដំណឹងដល់អ្នកយ៉ាងហោចណាស់ដប់ថ្ងៃមុនកាលបរិច្ឆេទ ពេលវេលា និងរបៀប ឬទីកន្លែងនៃសវនាការយុត្តិធម៌របស់អ្នក។ ផ្នែកសវនាការរដ្ឋកំណត់ពេលសវនាការយុត្តិធម៌ដោយស្វ័យប្រវត្តិតាមទូរសព្ទ ប៉ុ​ន្តែអ្នកក៏មានសិទ្ធិក្នុងការស្នើសុំសវនាការយុត្តិធម៌របស់អ្នកតាមរយៈប្រព័ន្ធវីដេអូខនហ្រ្វិន ឬដោយផ្ទាល់នៅការិយាល័យសុ​ខុ​មាល​ភាព​ខោនធីក្នុង​មូលដ្ឋាន​របស់អ្នកបានផងដែរ។

ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីជូនដំណឹងលើកទីមួយរបស់អ្នក ខោនធីនឹង ចាត់តាំងបុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍ ដែលហៅម្យ៉ាងទៀតអ្នកឯកទេសផ្នែក​សវនាការ ឬអ្នកតំណាងបណ្តឹងឧទ្ធរណ៍ ដែលតំណាងឱ្យខោនធីនៅក្នុងសវនា​ការ​របស់អ្នក។ ជាធម្មតា បុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍នឹងផ្ញើលិខិតជូនដំណឹង​ដល់អ្នកអំពី​ថា​តើពួកគេជានរណា ហើយនឹងផ្តល់ព័ត៌មានទំនាក់ទំនងរបស់ពួកគេ។ អ្នកអាចទាក់ទងបុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍ប្រាប់អំពីមូលហេតុដែលអ្នកបានស្នើសុំសវនាការ។ អ្នកក៏អាចដោះស្រាយបញ្ហា IHSS របស់អ្នកដោយមិនចាំបាច់ទៅសវនាការ​បា​ន​។ អ្នកគួរតែរៀបចំខ្លួនសម្រាប់សវនាការរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងករណីដែលបញ្ហារបស់អ្នកមិនអាចដោះស្រាយបានមុនកាល​បរិច្ឆេ​ទ​សវនាការយុត្តិធម៌របស់អ្នក។

តើអ្វីជាភាពខុសគ្នារវាងការដកពាក្យដោយមានលក្ខខណ្ឌ និងការដ​ក​សំណើសុំសវនាការរបស់អ្នក?

ការដកពាក្យដោយមានលក្ខខណ្ឌ

បុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍អាចទូរសព្ទមកអ្នកមុនសវនាការដែលបានគ្រោងទុកដើម្បីពិភាក្សាអំពី "ការដកពាក្យដោយមានលក្ខខណ្ឌ" នូវសំណើសុំសវនា​កា​រ​របស់អ្នក។ ការដកពាក្យដោយមានលក្ខខណ្ឌ គឺជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ​ដែ​ល​ខោនធីយល់ព្រមធ្វើអ្វីមួយ ដូចជាការបំពេញការវាយតម្លៃ IHSS ថ្មី ឬបង្កើ​ន​ម៉ោង IHSS របស់អ្នក ដែលជាលក្ខខណ្ឌសម្រាប់អ្នកដកពាក្យ (មានន័យថា លុបចោល) សវនាការរបស់អ្នក។

ខោនធីនឹងផ្តល់ទម្រង់ដកពាក្យដោយមានលក្ខខណ្ឌសម្រាប់អ្នកពិនិត្យ ចុះហ​ត្ថ​លេខា និងប្រគល់មកវិញ។ ប្រសិនបើអ្នកចុះហត្ថលេខាលើទម្រង់ដកពាក្យស្នើសុំសវនាការយុត្តិធម៌ដោយមានលក្ខខណ្ឌរបស់អ្នក នោះអ្នកនឹងមិនមានសវនាការរបស់អ្នកទេ។ អ្នកគួរតែពិនិត្យឡើងវិញ យល់ និងយល់ព្រមនឹងលក្ខខណ្ឌនៃទម្រង់​ដក​ពាក្យ​ដោយមានលក្ខខណ្ឌរបស់អ្នក មុនពេលអ្នកចុះកិច្ចព្រមព្រៀងដើម្បីដក​ទម្រង់​សំណើ​សុំសវនាការរបស់អ្នក។ ខោនធីភាគច្រើននឹងយល់ព្រមផ្តល់ទម្រង់ដកពាក្យដោយមានលក្ខខណ្ឌរបស់អ្នកតាមអ៊ីមែល ប្រសិនបើអ្នកសុំ។ ប្រសិនបើអ្នកមិនយល់ស្រប ឬមិនយល់ថាតើទម្រង់ដកពាក្យដោយមានលក្ខ​ខណ្ឌ​មានន័យយ៉ាងម៉េចនោះ មិនត្រូវចុះហត្ថលេខាឡើយ ហើយត្រូវស្វែងរក​ការ​ប្រឹក្សាពីមេធាវី។ ខោនធីនឹងមានពេល 30 ថ្ងៃ ដើម្បីអនុវត្តលក្ខខណ្ឌនៃទម្រង់ដកពាក្យ​ដោយ​មានលក្ខខណ្ឌ។ អ្នកអាចស្នើសុំឱ្យកំណត់ពេលសវនាការម្តងទៀតបាន ប្រសិនបើអ្នកមិនយល់​ស្របនឹងការវាយតម្លៃថ្មី និង NOA ថ្មី។

ការដកពាក្យ

បុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍អាចនឹងសួរថាតើអ្នកចង់ដក (ឧ. លុបចោល) សំ​ណើ​សុំសវនាការរបស់អ្នកដែរឬទេ។ ការដកពាក្យគឺខុសពីការដកសំណើសុំសវនាការរបស់អ្នកដោយមានលក្ខខណ្ឌដោយសារអ្នកយល់ព្រមដកសំណើសុំសវនាការរបស់អ្នក ដោយសារអ្នកលែង​ជំ​ទាស់​នឹងសេចក្ដីជូនដំណឹងអំពីចំណាត់ការរបស់ IHSS។ នេះមានន័យថា ខោនធីមិនមានកាតព្វកិច្ចធ្វើការផ្លាស់ប្តូរណាមួយនៅ​ក្នុង​សេ​វាកម្ម IHSS របស់អ្នកជាថ្នូរនឹងការដកសំណើសុំសវនាការរបស់អ្នកនោះទេ។ ប្រសិនបើអ្នកយល់ព្រមដកពាក្យ សវនាការរបស់អ្នកនឹងត្រូវបានលុបចោល ហើយអ្នកនឹងទទួលបានសេចក្តីជូនដំណឹងពីផ្នែកសវនាការរដ្ឋដែលបញ្ជាក់ពីសំណើសុំដកពាក្យសវនាការរបស់អ្នក។ អ្នកគួរតែទាក់ទងទៅផ្នែកសវនាការរដ្ឋភ្លាមៗ ប្រសិនបើអ្នកមិនមានបំណង​ដកសំណើសុំសវនាការរបស់អ្នក ហើយនៅតែមិនយល់ស្របនឹងការសម្រេច​របស់​ខោនធីដែលកាត់បន្ថយ បញ្ចប់ ឬបដិសេធសេវាកម្ម IHSS របស់អ្នក។

តើខ្ញុំត្រូវរៀបចំសម្រាប់សវនាការដោយរបៀបណា?

ជំហានទី 1 – ពិនិត្យមើលឯកសារសំណុំរឿង IHSS របស់អ្នក

អ្នកគួរតែទទួលបានព័ត៌មានអំពីរបៀបដែលបុគ្គលិក IHSS ប្រចាំខោនធី​បាន​សម្រេចសេវាកម្ម IHSS និងរយៈពេលប៉ុន្មានម៉ោងដែលអ្នកអាចត្រូវ​បាន​អនុ​ញ្ញាត។ អ្នកមានសិទ្ធិក្នុងការពិនិត្យមើលព័ត៌មានណាមួយនៅក្នុងឯកសារសំណុំរឿង IHSS ដែលទាក់ទងនឹងសំណើសុំសវនាការរបស់អ្នក។ សូមមើល MPP ផ្នែក​ 22-051.1។ អ្នកអាចទាក់ទងបុគ្គលិកខោនធី IHSS របស់អ្នក ឬបុគ្គលិកផ្នែកបណ្តឹង​ឧទ្ធរ​ណ៍របស់ខោនធីដែលត្រូវបានចាត់តាំងទៅដោះស្រាយ រឿងក្តីរបស់អ្នកមុន​កា​ល​បរិច្ឆេទសវនាការរបស់អ្នក ដើម្បីរៀបចំពេលណាត់ជួបដើម្បីពិនិត្យ​មើលឡើ​ង​វិញនូវឯកសារសំណុំរឿង IHSS របស់អ្នក រួមទាំងកំណត់ចំណាំរបស់បុគ្គ​លិក​សង្គមកិច្ចណាមួយដែលអាចមាននៅក្នុងឯកសារសំណុំរឿងរបស់អ្នក។

ស្វែងរកទម្រង់វាយតម្លៃតម្រូវការរបស់អ្នកនៅក្នុងឯកសារសំណុំរឿង IHSS របស់អ្នក។ ទម្រង់ទាំងនេះនឹងរួមបញ្ចូលកំណត់ចំណាំអំពីមូលហេតុដែលគេមិនអនុញ្ញាតផ្តល់ ឬមិនអនុញ្ញាតផ្តល់ម៉ោងសេវាកម្ម។ ពិនិត្យមើលឡើងវិញនូវទម្រង់វាយតម្លៃលេខ SOC 293 IHSS សម្រាប់​ព័ត៌មា​នអំពីចំណាត់ថ្នាក់សន្ទស្សន៍មុខងាររបស់អ្នក។ នេះគឺដោយសារតែម៉ោងរបស់អ្នកគឺផ្អែកលើចំណាត់ថ្នាក់សន្ទស្សន៍មុខងាររបស់អ្នក និងគោលការណ៍ណែនាំកិច្ចការប្រចាំម៉ោងរបស់ IHSS។ ប្រសិនបើទម្រង់លេខ SOC 293 មិនមាននៅក្នុងឯកសារសំណុំរឿងរបស់​អ្នក​ទេ បុគ្គលិក IHSS អាចបោះពុម្ពវាពីកុំព្យូទ័រខោនធីជូនអ្នកបានទេ។ លើសពីនេះ សូមរកមើលកំណត់ចំណាំរបស់បុគ្គលិក IHSS អំពីការសង្កេត និង​ការ​សម្ភាសន៍នៅពេលចុះដល់ផ្ទះ។ ប្រសិនបើអ្នកកំពុងជំទាស់នឹងការកាត់បន្ថយ ឬការបញ្ចប់សេវាកម្ម IHSS សូ​មស្នើសុំច្បាប់ចម្លងនៃទម្រង់វាយតម្លៃខោនធីថ្មី និងចាស់ និងទម្រង់ SOC 293 ទាំងថ្មី និងចាស់របស់អ្នក។ អ្នកអាចស្នើសុំច្បាប់ចម្លងនៃឯកសារណាមួយនៅក្នុងឯកសារសំណុំរឿង IHSS របស់អ្នកបាន។

អ្នកក៏អាចស្នើសុំច្បាប់ចម្លងនៃរបាយការណ៍ពេទ្យ ឬរបាយការណ៍វេជ្ជសាស្ត្រ​ណា​មួយ និងទម្រង់ជំនួយការពេទ្យថ្មីៗ និងពីមុននៅក្នុងឯកសារសំណុំរឿង​របស់​អ្នក​បានផងដែរ។ ប្រសិនបើម៉ោង IHSS របស់អ្នកបានកាត់បន្ថយ ត្រូវសុំបុគ្គលិក IHSS របស់​អ្ន​កនូវច្បាប់ចម្លងនៃបទប្បញ្ញត្តិដែលមាននៅក្នុងសេចក្តីជូនដំណឹងអំពីចំណាត់ការរបស់អ្នក។

ប្រសិនបើបុគ្គលិកនេះនឹងមិនផ្តល់ឱ្យអ្នកនូវច្បាប់ចម្លងនៃឯកសារករណីសំណុំរឿង IHSS របស់អ្នកទេ ត្រូវប្រាប់ពួកគេថា អ្នកមានសិទ្ធិក្នុងការត្រួតពិនិត្យ​ឯក​សារ​សំណុំរឿងរបស់អ្នក និងទទួលបានច្បាប់ចម្លង។ អ្នកអាចផ្តល់ឱ្យបុគ្គលិកនេះនូវច្បាប់ចម្លងនៃ លិខិតខោ​នធីទាំងអស់ (ACL) លេខ 18-52 “ការចេញផ្សាយកំណត់ត្រាករណីសំណុំរឿង​សេវា​ជំនួយក្នុងផ្ទះ (IHSS) ដល់អ្នកដាក់ពាក្យ/អ្នកទទួល ឬអ្នកតំណាង​ដែល​មាន​ការអនុញ្ញាត” (ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018)។លិខិតនេះរំលឹកបណ្តាខោនធីអំពីច្បាប់ និងបទប្បញ្ញត្តិដែលគាំទ្រសិទ្ធិ​របស់អ្នក​ក្នុងការចូលមើលឯកសារករណីសំណុំរឿង IHSS របស់អ្នកដែលមាន​ការណែ​នាំ​អំ​ពីរបៀបផ្តល់សិទ្ធិចូលមើល។

ជំហានទី 2 – ប្រមូលព័ត៌មាន

  1. សុំគ្រូពេទ្យរបស់អ្នកឲ្យផ្តល់ព័ត៌មានបច្ចុប្បន្នអំពីដែនកំណត់មុខងាររបស់អ្នក។ អ្នក និងគ្រូពេទ្យរបស់អ្នកគួរពិនិត្យមើលឡើងវិញនូវព័ត៌មានណាមួយ​ដែល​បាន​ផ្តល់ឱ្យខោនធី ពិនិត្យរកមើលភាពត្រឹមត្រូវ និងកែកំហុស។ គ្រូពេទ្យរបស់អ្នកក៏ត្រូវតែពន្យល់ពីការផ្លាស់ប្តូរណាមួយនៅក្នុងស្ថានភាពរបស់អ្នកផងដែរ។ ប្រសិនបើស្ថានភាពរបស់អ្នកប្រែប្រួលជារៀងរាល់ថ្ងៃ គ្រូពេទ្យគួរតែកំណត់ចំ​ណា​​ត់​ថ្នាក់របស់អ្នកដោយផ្អែកលើថ្ងៃមិនល្អរបស់អ្នក។ គ្រូពេទ្យរបស់អ្នកអាចប្រើសន្លឹកកិច្ចការលេខ 1 (ការស្នើសុំព័ត៌មានដែល​ចុះ​ជា​ឯកសារអំពីដែនកំណត់មុខងាររបស់អ្នកជំងឺ) ដើម្បីផ្តល់ព័ត៌មាននេះ។
  2. សម្រេចថាតើអ្នកត្រូវការពេលវេលាប៉ុន្មានសម្រាប់ការបំពេញសេវាកម្ម IHSS​ នី​​មួយៗដែលអ្នកត្រូវការដោយបំពេញសន្លឹកកិច្ចការលេខ #2 ជាសន្លឹកកិច្ច​ការ​ស្វ័យវាយតម្លៃ IHSS។
  3. លម្អិតអំពីតម្រូវការថែទាំរបស់អ្នកដើម្បីបង្ហាញនៅក្នុងសវនាការយុត្តិធម៌របស់អ្នកដោយបំពេញសន្លឹកកិច្ចការលេខ #3 ជាសន្លឹកកិច្ចការលក្ខណៈ​វិនិច្ឆ័យ​វាយ​តម្លៃ IHSS។

ជំហានទី 3 – ពិនិត្យមើលសេចក្តីថ្លែងការណ៍ស្តីពីគោលជំហរ​របស់​ខោ​ន​ធី

ខោនធីត្រូវបានតម្រូវឱ្យរៀបចំ និងផ្តល់ឱ្យអ្នកនូវសេចក្តីថ្លែង​ការណ៍​ជាលាយ​លក្ខណ៍អក្សរអំពីគោលជំហររបស់ខោនធីយ៉ាងហោចណាស់ពីរថ្ងៃធ្វើការមុនសវនាការតាមពេលកំណត់របស់អ្នក។ សូមមើល MPP ផ្នែកទី 22-073.25។ សេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ខោនធី គឺជាឯកសារសំខាន់ដែល​សង្ខេ​បអង្គហេតុនៃសំណុំរឿង និងផ្តល់នូវបទប្បញ្ញត្តិ និងភស្តុតាងដែល​ខោន​ធី​បា​នពឹងផ្អែកលើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ពួកគេ។ ខោនធីក៏នឹងរួមបញ្ចូលផងដែរនូវបញ្ជីឈ្មោះសាក្សីដែលខោនធីមានបំណងប្រើប្រាស់ក្នុងអំឡុងពេលសវនាការ។ ជាទូទៅ បុគ្គលិក IHSS ប្រចាំខោនធី គឺជាសាក្សីរបស់ខោនធីដែលនឹង​ផ្តល់ស​ក្ខី​​កម្មនៅក្នុងសវនាការ។ ដើម្បីរៀបចំសំណុំរឿងរបស់អ្នក អ្នកគួរតែពិនិត្យមើលសេចក្តីថ្លែងការណ៍​អំពី​គោ​លជំហររបស់ខោនធីមុនពេលសវនាការរបស់អ្នក។ ប្រសិនបើសេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ខោនធីមានកំហុសនៃអង្គហេតុ អ្នកអាចទាក់ទងបុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍របស់ខោនធី​ដែលត្រូវបាន​ចា​ត់តាំងឲ្យទៅដោះស្រាយសំណុំរឿងរបស់អ្នក ឬធ្វើបញ្ជីនៃអ្វីដែលមិនត្រឹមត្រូវ និង​/ឬលើកឡើងទៅចៅក្រមក្នុងអំឡុងពេលសវនាការរបស់អ្នក។

ជំហានទី 4 – ដាក់ភស្តុតាងរបស់អ្នកមុនពេលសវនាការរបស់អ្នក

អ្នកគួរតែដាក់ឯកសារណាមួយដែលគាំទ្រគោលជំហររបស់អ្នកអំពីម៉ោង និង​/ឬ​​សេវាកម្ម IHSS បន្ថែមទៀតមុនពេលសវនាការរបស់អ្នក។ អ្នកអាចដាក់ច្បាប់ចម្លងនៃទម្រង់ដែលបានបំពេញដោយអ្នកផ្តល់សេវាផ្នែកវេជ្ជសាស្ត្ររបស់អ្នក និងព័ត៌មានវេជ្ជសាស្ត្រ កំណត់ហេតុ ឬទិនានុប្បវត្តិដែល​កត់​ត្រាអំពីពេលវេលាដើម្បីបំពេញកិច្ចការ ឬគ្រោះថ្នាក់ជាក់លាក់។

ប្រសិនបើអ្នកមិនបានដាក់ភស្តុតាងរបស់អ្នកមុនពេលសវនាការទេ អ្នក​គួរ​តែ​ប្រាប់ចៅក្រមផ្នែកច្បាប់រដ្ឋបាល (“ALJ”) ថាអ្នកមានភស្តុតាងដែលអ្នក​ច​ង់​ដាក់។ ប្រសិនបើវាជាសវនាការដោយផ្ទាល់ អ្នកអាចផ្តល់ច្បាប់ចម្លងនៃភស្តុតាងរបស់​អ្នក​ទៅចៅក្រម ហើយផ្តល់ច្បាប់ចម្លងមួយច្បាប់ទៅបុគ្គលិកផ្នែកបណ្តឹងឧទ្ធរ​ណ៍​របស់ខោនធី។ ប្រសិនបើអ្នកមានគណនី ACMS អ្នកអាចបង្ហោះឯកសារទៅក្នុងប្រព័ន្ធ ACMS។ ចៅក្រម និងបុគ្គលិកផ្នែកបណ្តឹងឧទ្ធរណ៍របស់ខោនធី នឹងមានសិទ្ធិចូ​ល​មើល​ឯកសារដែលអ្នកបង្ហោះទៅក្នុងប្រព័ន្ធ ACMS។

ប្រសិនបើអ្នកមិនអាចដាក់ភស្តុតាងមុនពេលបញ្ចប់សវនាការបានទេ អ្នកគួរ​តែ​សុំឱ្យចៅក្រមរក្សាកំណត់ត្រាសវនាការបើកចំហ។ ប្រសិនបើចៅក្រមយល់ព្រមរក្សាកំណត់ត្រាសវនាការបើកចំហបន្ទាប់ពីសវនាការចប់ អ្នក និងខោនធីនឹងត្រូវបានគេប្រាប់ពីថ្ងៃកាលកំណត់ដើម្បីដាក់​ភស្តុ​តាងរបស់អ្នក។ អ្នកត្រូវតែដាក់ភស្តុតាងរបស់អ្នកត្រឹមកាលកំណត់ដោយចៅក្រម ដើម្បី​យក​ភ​ស្តុតាងរបស់អ្នកមកពិចារណា។

តើខ្ញុំអាចយកភស្តុតាងរបស់ខោនធីមុនពេលសវនាការដោយរបៀបណា?

ខោនធីត្រូវតែផ្ដល់សេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ពួកគេដល់អ្នកពីរ (2) ថ្ងៃនៃថ្ងៃធ្វើការមុនសវនាការដែលបានកំណត់ពេលរបស់​អ្នកតាមវិធី​មួយ​ក្នុង​ចំណោមវិធី 3 យ៉ាង៖

  1. ការដាក់បញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិកមានសុវត្ថិភាពដែលត្រូវបានអនុញ្ញាត
    ប្រសិនបើខោនធីមានសមត្ថភាព ខោនធីអាចផ្ញើសេចក្តីថ្លែងការណ៍អំពី​គោ​ល​ជំហររបស់ខោនធីឱ្យអ្នកតាមប្រ័ពន្ធអេឡិចត្រូនិកបានលុះត្រាតែ៖

    1. អ្នកបានផ្តល់ការអនុញ្ញាតឱ្យខោនធីទទួលបានសេចក្តីថ្លែងការណ៍អំពីគោលជំហរនេះតាមប្រព័ន្ធអេឡិចត្រូនិក និង

    2. ខោនធីអាចអនុលោមតាមច្បាប់ឯកជនភាពរបស់រដ្ឋ និងសហព័ន្ធទាំង​អស់​ក្នុងការផ្ញើជូនអ្នកនូវសេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ពួកគេតាមប្រព័ន្ធអេឡិចត្រូនិក។
      ខោនធីមិនអាចសម្រេចចិត្តផ្ញើឲ្យអ្នកនូវសេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ខោនធីពួកគេតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនពិគ្រោះជាមួយអ្នក និង​ទទួលបានការអនុញ្ញាតពីអ្នកជាមុនបានឡើយ។ ប្រសិនបើអ្នកមិនមានសិទ្ធិចូលប្រើកុំព្យូទ័រដែលមានសុវត្ថិភាព ឬមិនមានល​ទ្ធ​ភាព​បោះពុម្ពសេចក្តីថ្លែងការណ៍អំពីគោលជំហរនេះទេ អ្នកអាចជ្រើសរើសយក​ច្បាប់​ចម្លងជាក្រដាស (សូមមើលខាងក្រោម)។

  2. សេវាប្រៃសណីយ៍ទូទៅ First-Class Mail
    ខោនធីអាចផ្ញើច្បាប់ចម្លងក្រដាសនៃសេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ពួកគេទៅកាន់អ្នកតាមសេវាប្រៃសណីយ៍ទូទៅ First-Class Mail តាមរយៈកា​រិយាល័យប្រៃសណីយ៍សហរដ្ឋអាមេរិក។ ខោនធីត្រូវតែធានាថាផ្ញើសេចក្តីថ្លែងការណ៍អំពីគោលជំហរនេះឱ្យបានឆាប់គ្រប់គ្រាន់ ដើម្បីឱ្យអ្នកទទួលបានវាយ៉ាងហោចណាស់ពីរថ្ងៃធ្វើការមុនសវនាការ។ ខោនធីនឹងផ្ញើឯកសារតាមប្រៃសណីយ៍នៅពេលដែលពួកគេមិនទទួលបានការអនុញ្ញាតពីអ្នកក្នុងការទទួលវាតាមប្រព័ន្ធអេឡិចត្រូនិក ឬខោនធីមិនអាច​អ​នុវត្តតាមច្បាប់ឯកជនភាពរបស់រដ្ឋ និងសហព័ន្ធក្នុងការផ្ញើវាតាមប្រព័ន្ធ​អេ​ឡិ​ចត្រូនិកជូនអ្នកបាន។

  3. ច្បាប់ចម្លងជាក្រដាសនៅក្រសួងសុខុមាលភាពខោនធី
    ខោនធីអាចផ្តល់ច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ពួកគេនៅការិយាល័យសុខុមាលភាពខោនធីដែលសមស្របសម្រាប់អ្នកទៅយក។ អ្នកអាចទៅយកឯកសារបានគ្រប់ពេល ក្នុងអំឡុងពេលម៉ោងធ្វើការ​របស់​ការិ​យាល័យខោនធី យ៉ាងហោចណាស់ពីរថ្ងៃនៃធ្វើការមុនកាលបរិច្ឆេទសវនាការ។
    ប្រសិនបើអ្នកមិនទទួលបានសេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ខោនធីក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃធ្វើការមុនសវនាការរបស់អ្នកទេ អ្នកគួរតែទាក់​ទង​ទៅ​ផ្នែកសវនាការរដ្ឋដើម្បីស្នើសុំឱ្យលើកថ្ងៃ (ឧ.កំណត់ពេលជាថ្មី) សវនាការដែល​បា​ន​កំណត់ពេលរបស់អ្នក។ បើមិនដូច្នេះទេ នៅពេលសវនាការ ចៅក្រមនឹងសួរថាតើអ្នកបានទទួល​សេច​ក្តី​​ថ្លែង​ការណ៍​អំពីគោលជំហររបស់ខោនធីក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃធ្វើការ​មុន​សវនាការដែរឬទេ។

    ប្រសិនបើអ្នកមិនបានទទួលវាក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃធ្វើការមុនទេ នោះ​ចៅ​ក្រមនឹងសួរថាតើអ្នកចង់លើកថ្ងៃសវនាការរបស់អ្នកទៅថ្ងៃផ្សេងឬអត់ ដើម្បី​អនុញ្ញាតឲ្យអ្នកពិនិត្យឡើងវិញ និងរៀបចំឱ្យបានគ្រប់គ្រាន់សម្រាប់​ចូលសវនា​ការ។ នេះត្រូវបានចាត់ទុកថាជាការលើកពេលដោយមានហេតុផលត្រឹមត្រូវ។

តើខ្ញុំអាចសុំជំនួយបកប្រែភាសាដោយរបៀបណា?

ខោនធីត្រូវតែផ្តល់ឱ្យអ្នកនូវជំនួយបកប្រែភាសាដោយមិនគិតថ្លៃជូនអ្នកនៅពេលអ្នកស្នើសុំ។ នៅពេលអ្នកទទួលបានសេចក្តីថ្លែងការណ៍អំពីគោលជំហររបស់ខោនធី អ្នកក៏​នឹង​ទទួលបានទម្រង់ "សេចក្តីជូនដំណឹងអំពីសេវាភាសា-សវនាការយុត្តិធម៌" (GEN 1365A) ដែលពន្យល់អំពីសិទ្ធិរបស់អ្នកក្នុងការ​សុំគេអានឯកសារ​ឲ្យអ្នក​ស្តា​ប់ជាភាសាដែលអ្នកចង់បានផងដែរ។ សេចក្តីជូនដំណឹងនេះក៏នឹងមានឈ្មោះរបស់បុគ្គលិកផ្នែកសំណុំរឿងបណ្តឹងឧទ្ធរណ៍ដែលត្រូវបានចាត់តាំងទៅដោះស្រាយសំណុំរឿងរបស់អ្នក និងលេខទូរ​សព្ទ​រប​ស់ពួកគេផងដែរ។

ប្រសិនបើអ្នកចេះភាសាអង់គ្លេសនៅមានកម្រិត ដោយសារភាសាអង់គ្លេស​មិន​មែនជាភាសាកំណើតរបស់អ្នក អ្នកគួរតែទាក់ទងបុគ្គលិកផ្នែកសំណុំរឿង​បណ្តឹង​ឧទ្ធរណ៍ ដើម្បីស្នើសុំការបកប្រែផ្ទាល់មាត់នៃសេចក្តីថ្លែងការណ៍អំពីគោល​ជំហរ​រប​ស់ខោនធីយ៉ាងហោចណាស់ពីរថ្ងៃនៃថ្ងៃធ្វើការមុនសវនាការដែលបានកំណត់ពេលរបស់អ្នក។

តើខ្ញុំអាចស្វែងរកច្បាប់ស្តីពី IHSS នៅឯណា?

បទប្បញ្ញត្តិ IHSS មាននៅក្នុងសៀវភៅណែនាំគោលនយោបាយ និងនីតិវិធី​រប​ស់ក្រសួងសេវាសង្គមកិច្ច (MPP) ផ្នែកទី 30។ ចុចទីនេះសម្រាប់បទប្បញ្ញត្តិ IHSS។ មាន 4 កំណត់ត្រាចូលសម្រាប់បទប្បញ្ញត្តិផ្នែកទី 30។ រំលងកំណត់ត្រាចូលទីមួយ។ បទប្បញ្ញត្តិ IHSS ចាប់ផ្តើមប្រហែល 5 ទំព័រចូលទៅក្នុងកំណត់ត្រាចូលទីពីរ ប​ន្ត​រហូតដល់កំណត់ត្រាចូលទីបី និងបញ្ចប់នៅក្នុងកំណត់ត្រាចូលទីបួន។

លិខិតខោនធីទាំងអស់គឺជាការណែនាំដែលក្រសួងសេវាសង្គមកិច្ចរដ្ឋ California ផ្ញើទៅបណ្ដាខោនធី។ លិខិតទាំងនេះរៀបរាប់ពីកម្មវិធីរដ្ឋជាច្រើន។ មានតែមួយចំនួនប៉ុណ្ណោះដែលនឹងនិយាយអំពីសេវាកម្ម IHSS។ ចុចទីនេះសម្រាប់លិខិតខោនធីទាំងអស់

សេចក្តីជូនដំណឹងអំពីព័ត៌មានគ្រប់ខោនធីគឺជាសេចក្តីប្រកាសដែលក្រសួងសេ​វាសង្គមកិច្ចរបស់រដ្ឋនេះផ្ញើទៅបណ្ដាខោនធី។ សេចក្តីជូនដំណឹងរៀបរាប់ពីកម្មវិធីជាច្រើន។ មានតែមួយចំនួនប៉ុណ្ណោះដែលនឹងនិយាយអំពីសេវាកម្ម IHSS។ ចុចទីនេះសម្រាប់សេចក្តីជូនដំណឹងអំពីព័ត៌មានគ្រប់ខោនធី

តើ​មាន​អ្វី​កើត​ឡើង​នៅ​​ក្នុង​សវនាការ​?​

ខោនធីធ្វើបទបង្ហាញមុនគេ ហើយធ្វើសក្ខីកម្មអំពីមូលហេតុដែលម៉ោង​របស់​អ្ន​ក​ត្រូវបានកាត់បន្ថយ ឬហេតុអ្វីបានជាអ្នកមិនគួរតែមានម៉ោងបន្ថែមដែល​អ្នកជឿ​ថាអ្នកត្រូវការ។ ប្រសិនបើខោនធីបានកាត់បន្ថយម៉ោងរបស់អ្នក ឬលុបចោលសេវាកម្ម ដូច​ជាការត្រួតពិនិត្យការពារ ខោនធីមានបន្ទុកក្នុងការបង្ហាញថាតើអ្នកបាន​ប្រ​សើរ​ឡើងយ៉ាងដូចម្តេច ឬថាតើស្ថានភាព ឬកាលៈទេសៈរបស់អ្នកបានផ្លាស់ប្តូរ​យ៉ាងម៉េចដែលមានន័យថាអ្នកត្រូវការម៉ោងតិចជាងនេះ។

អ្នក និងខោនធីអាចបង្ហាញភស្តុតាងតាមរយៈសក្ខីកម្មដោយសាក្សី លិខិត កំ​ណត់ហេតុប្រចាំថ្ងៃ កំណត់ត្រា និងរបាយការណ៍វេជ្ជសាស្ត្រអំពីតម្រូវការរបស់​អ្ន​ក​នៅក្នុងប្រភេទសេវាកម្ម IHSS នីមួយៗដែលអ្នក និងខោនធី​មិនយល់​ស្រប។ ភស្តុតាងរបស់អ្នកគួរតែពន្យល់ថា៖

  • តើសេវាកម្មអ្វីខ្លះដែលអ្នកត្រូវការ។
  • តើត្រូវចំណាយពេលប៉ុន្មានដើម្បីផ្តល់សេវាកម្ម។
  • ហេតុផលដែលអ្នកត្រូវការពេលវេលាច្រើនជាងការស្នើសុំនៅក្នុងការវាយតម្លៃ ឬគោលការណ៍ណែនាំ និង
  • តើហានិភ័យអ្វីខ្លះដែលអ្នកអាចប្រឈមជាមួយប្រសិនបើអ្នកមិនទទួលបានកម្រិតនៃសេវាកម្មដែលអ្នកត្រូវការ។

សវនាការយុត្តិធម៌ IHSS គឺមិនផ្លូវការទេ។ អ្នកមានសិទ្ធិក្នុងការជ្រើសរើសវិធីដែលអ្នកចង់ចូលរួមសវនាការរបស់អ្នក – តា​ម​ទូរសព្ទ ប្រព័ន្ធវីដេអូខនហ្រ្វិន ឬផ្ទាល់នៅការិយាល័យសុខុមាលភាព​ខោន​ធី​។ អ្នកត្រូវតែទាក់ទងផ្នែកសវនាការរដ្ឋ ប្រសិនបើអ្នកចង់ឱ្យសវនាការរបស់​អ្នក​ធ្វើ​ដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូខនហ្រ្វិន។ ប្រសិនបើអ្នកជ្រើសរើសសវនាការដោយផ្ទាល់ អ្នកកំពុងអង្គុយនៅតុ – មិន​មែ​ន​នៅក្នុងបន្ទប់សវនាការទេ។

មិនថាសវនាការដោយផ្ទាល់ តាមទូរសព្ទ ឬតាមប្រព័ន្ធវីដេអូខនហ្រ្វិន នោះទេ វាជារឿងសំខាន់ដែលអ្នកពន្យល់ពីមូលហេតុដែលអ្នកត្រូវការពេលវេលា ឬ​ពេ​ល​វេលាច្រើនសម្រាប់ប្រភេទសេវាកម្ម IHSS ជាក់លាក់។ ភស្តុតាងដ៏ល្អបំផុតគឺមកពីមនុស្សដែលផ្តល់ការថែទាំរបស់អ្នក និងមាន​កំណ​ត់​ត្រាប្រចាំថ្ងៃនៃពេលវេលាដែលវាត្រូវការដើម្បីបំពេញកិច្ចការ IHSS។ សាក្សីអាចរួមបញ្ចូលអ្នក អ្នកផ្តល់សេវាកម្ម IHSS ពីមុន និងបច្ចុប្បន្ន អ្នក​ស​ម្រ​បសម្រួលសេវាមជ្ឈមណ្ឌលប្រចាំតំបន់ មិត្តភក្តិ គ្រួសារ និងនរណាម្នាក់ផ្សេង​ទៀត​ដែលមានព័ត៌មានដែលចៅក្រមត្រូវការ។ សម្រាប់សាក្សីម្នាក់ៗ ចូររាយពីចំណុចដែលអ្នកចង់ឱ្យសាក្សីនោះធ្វើ ហើយឆូត​ចោល​ចំណុចនីមួយៗដូចដែលបានធ្វើរួចហើយ។

តើមានអ្វីកើតឡើងបន្ទាប់ពីសវនាការយុត្តិធម៌រដ្ឋ?

ពេលខ្លះបន្ទាប់ពីការបញ្ចប់សវនាការរបស់អ្នក ផ្នែកសវនាការរដ្ឋនឹងផ្ញើមក​អ្ន​កនូវសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរនៃសវនាការរដ្ឋបាលរបស់ចៅក្រមផ្នែកច្បាប់រដ្ឋបាល។ ការសម្រេចក៏ត្រូវបានបង្ហោះទៅក្នុងឯកសារសំណុំរឿង ACMS របស់អ្នកផង​ដែរ។

ចុះប្រសិនបើខ្ញុំចាញ់សវនាការយុត្តិធម៌រដ្ឋរបស់ខ្ញុំ?

ប្រសិនបើអ្នកទទួលបានការសម្រេចចិត្តជាលាយលក្ខណ៍អក្សរមិនអំណោយផលចំពោះអ្នក អ្នកមានជម្រើសពីរ។ អ្នកអាចស្នើសុំសវនាការឡើងវិញ។ អ្នកក៏អាចប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះដោយដាក់ដីកាបង្គាប់ផ្នែករដ្ឋបាល។

1. សំណើសុំសវនាការឡើងវិញ

នៅពេលអ្នកដាក់សំណើសុំសវនាការឡើងវិញ អ្នកកំពុងស្នើសុំសវនាការថ្មីមួយ​ពីផ្នែកសវនាការរដ្ឋ ដោយសារសវនាការនេះមិនយុត្តិធម៌ ឬមិនគ្រប់គ្រាន់ សេ​ច​ក្តីសម្រេចជាលាយលក្ខណ៍អក្សរគឺមិនត្រឹមត្រូវតាមផ្លូវច្បាប់ និង/ឬតាមអង្គ​ហេតុ ឬទាំងពីរ។ ទាំងអ្នកប្តឹងទាមទារ និងខោនធីអាចស្នើសុំសវនាការឡើងវិញ បន្ទាប់ពី​ទទួល​បានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ។

អ្នកមានពេល 30 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានសេចក្តី​សម្រេ​ចនៃសវនាការរដ្ឋបាលដែលបានចេញផ្សាយ ដើម្បីដាក់សំណើរបស់អ្នកសុំសវនា​ការឡើងវិញទៅកាន់ផ្នែកសវនាការរបស់រដ្ឋ។ ក្រម សុខុមាលភាព និង ស្ថាប័ន § 10960(a)។ ច្បាប់ចម្លងនៃសំណើសុំសវនាការត្រូវបានផ្តល់ជូនភាគីម្ខាងទៀតទៅកាន់សវនាការ ពោលគឺខោនធី ហើយពួកគេមានពេលប្រាំ (5) ថ្ងៃដើម្បីដាក់​ពាក្យបណ្តឹ​ង​គាំទ្រ ឬជំទាស់នឹងសំណើនេះ។ MPP § 22-065.21-.211។ ផ្នែកសវនាការរដ្ឋមានពេល 35 ថ្ងៃនៃថ្ងៃធ្វើការដើម្បីផ្តល់ឱ្យអ្នកនូវការ​ឆ្លើយ​ត​ប​ទៅនឹងសំណើរបស់អ្នកសុំសវនការឡើងវិញ។ ត្រូវចំណាយពេលលើសពី 35 ថ្ងៃនៃថ្ងៃធ្វើការដើម្បីផ្តល់សេចក្តីសម្រេច​អំពី​សំណើ​សុំ​សវនាការឡើងវិញរបស់អ្នក។ ប្រសិនបើរឿងនេះកើតឡើង សូមទាក់ទងផ្នែកសវនាការរដ្ឋ ដើម្បីតាមដាន​សំណើ​របស់អ្នកសុំសវនាការឡើងវិញ។

យោងតាមក្រមសុខុមាលភាព និងស្ថាប័ន § 10960(b), (b) មូលហេតុសម្រាប់​ការស្នើសុំសវនាការឡើងវិញមានដូចខាងក្រោម៖

  1. ប្រសិនបើសេចក្តីសម្រេចដែលបានអនុម័តគឺផ្ទុយពីច្បាប់។
  2. ប្រសិនបើសេចក្តីសម្រេចដែលបានអនុម័តមិនត្រូវបានគាំទ្រដោយភស្តុតាងនៅក្នុងកំណត់ត្រា។
  3. ប្រសិនបើសេចក្តីសម្រេចដែលបានអនុម័តមិនត្រូវបានគាំទ្រដោយលទ្ធផលរកឃើញ។
  4. ប្រសិនបើសេចក្តីសម្រេចដែលបានអនុម័តមិនដោះស្រាយរាល់ការទាមទារ ឬ​បញ្ហាដែលបានលើកឡើងដោយគូភាគី។
  5. ប្រសិនបើសេចក្តីសម្រេចដែលបានអនុម័តមិនដោះស្រាយរាល់ការទាមទារ ឬ​បញ្ហាដែលគាំទ្រដោយកំណត់ត្រា ឬភស្តុតាង។
  6. ប្រសិនបើសេចក្តីសម្រេចដែលបានអនុម័តមិនបានកំណត់ព័ត៌មានគ្រប់គ្រាន់ដើម្បីកំណត់មូលដ្ឋានសម្រាប់ការសន្និដ្ឋានផ្លូវច្បាប់របស់ខ្លួន។
  7. ភ័ស្តុតាងដែលទើបរកឃើញថ្មីៗ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រង ឬមាន​ស​ម្រាប់ភាគីដែលស្នើសុំសវនាការឡើងវិញនៅពេលសវនាការ ឥឡូវនេះមានហើយ ហើយភស្តុតាងថ្មីប្រសិនបើវាត្រូវបានយកមកអនុវត្ត អាចផ្លាស់ប្តូរសេចក្តី​សម្រេ​ចនៃសវនាការ។
  8. សម្រាប់ហេតុផលផ្សេងទៀតដែលចាំបាច់ដើម្បីការពារការរំលោភបំពានលើឆន្ទានុសិទ្ធិ ឬកំហុសនៃអង្គច្បាប់ ឬសម្រាប់ហេតុផលផ្សេងទៀតដែលស្រប​តាម § 1094.5 នៃក្រមនីតិវិធីរដ្ឋប្បវេណី។

អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីសំណើសុំសវនាការឡើងវិញដោយពិនិត្យឡើងវិញនូវពិធីការពិនិត្យសវនាការឡើងវិញរបស់ផ្នែកសវនាការរដ្ឋ​នៅលើ​វេប​សាយរបស់ពួកគេ។

2. ការដាក់ដីកាបង្គាប់ផ្នែករដ្ឋបាល

អ្នកមានពេលមួយ (1) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីសម្រេច​នៃស​វនា​ការផ្នែករដ្ឋបាលដើម្បីដាក់បណ្តឹងឧទ្ធរណ៍នៅតុលាការជាន់ខ្ពស់។ ដើម្បីប្តឹងឧទ្ធរណ៍ អ្នកនឹងត្រូវដាក់ដីកាបង្គាប់ផ្លូវរដ្ឋបាលនៃ​ក្រមនីតិវិធី​រដ្ឋប្ប​វេណី § 1094.5។ ដីកាបង្គាប់ផ្លូវរដ្ឋបាលគឺជាឧប្រាស្រ័យដែលចែងក្នុងច្បាប់ ដែលអាចឱ្យ​អ្នក​ប្តឹ​ងជំទាស់នឹងការសម្រេចផ្នែករដ្ឋបាលបន្ទាប់ពីសវនាការកាត់ក្តីដែលទីភ្នាក់ងារអនុវត្តមុខងារស្វែងរកអង្គហេតុ។ មានការបង់ថ្លៃដាក់ឯកសារពាក់ព័ន្ធនឹងការដាក់ពាក្យប្តឹងឧទ្ធរណ៍នៅក្នុងតុលាការជាន់ខ្ពស់ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចស្នើសុំឱ្យតុលាការលើក​លែង​ថ្លៃដាក់ឯកសារ ប្រសិនបើអ្នកកំពុងទទួលបានអត្ថប្រយោជន៍សាធារណៈ ដូច​ជាកម្មវិធី Medi-Cal សេវាជំនួយក្នុងផ្ទះ (IHSS) កម្មវិធី CalFresh កម្មវិធីជំ​នួ​យ​ទូទៅ កម្មវិធីសន្តិសុខសង្គមបន្ថែម (SSI) និង/ឬកម្មវិធីជំនួយជាសាច់ប្រាក់ (CAPI) សម្រាប់ជនអន្តោប្រវេសន៍។

យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយមេធាវីសម្រាប់ការប្រឹក្សាផ្នែកច្បាប់អំពីអង្គសេចក្តីផ្លូវច្បាប់នៃករណីបុគ្គលរបស់អ្នក។ អ្នកអាចទាក់ទងអង្គការសិទ្ធិជនពិការនៃរដ្ឋ California និង/ឬអង្គការជំនួយ​ផ្នែកច្បាប់ក្នុងមូលដ្ឋានរបស់អ្នកដើម្បីទទួលបានការប្រឹក្សាផ្នែកច្បាប់។

របៀបប្រើសន្លឹកកិច្ចការ #2 – សន្លឹកកិច្ចការស្វ័យវាយតម្លៃ IHSS

ដើម្បីចងក្រងឯកសារកត់ត្រារយៈពេលដែលអ្នកត្រូវការដើម្បីបំពេញកិច្ចការនីមួយៗ ត្រូវកត់ម៉ោងចាប់ផ្តើម ម៉ោងបញ្ចប់ និងម៉ោងសរុប និងនាទីសម្រាប់​សេវាកម្មនីមួយៗ។ សូមចងចាំថាត្រូវកត់សម្គាល់ប្រសិនបើអ្នកត្រូវការពេលវេលាច្រើនជាងអ្វីដែលអនុញ្ញាតនៅក្រោមគោលការណ៍ណែនាំអំពីកិច្ចការប្រចាំម៉ោង ហើយពន្យល់ពី​មូលហេតុ។ អ្នកត្រូវតែបំពេញតារាងនេះ ដើម្បីរៀបចំឱ្យបានគ្រប់គ្រាន់សម្រាប់សវនាការ​របស់​អ្នក។ នៅពេលដែលបានបញ្ចប់ហើយ ស្វ័យវាយតម្លៃរបស់អ្នកគឺជាភស្តុតាងរបស់អ្នក​អំពីរយៈពេលប៉ុន្មានដែលអ្នកត្រូវការដើម្បីបំពេញកិច្ចការ IHSS នីមួយៗដែល​អ្នក​ត្រូវការជំនួយ។

ប្រសិនបើអ្នកត្រូវឡើងសវនាការ ហើយនៅចំពោះមុខចៅក្រមផ្នែកច្បាប់រដ្ឋ​បា​ល ឬអ្នកកំពុងព្យាយាមចរចាជាមួយអ្នកតំណាងសវនាការនៃខោនធី នោះ​អ្ន​ក​ចង់បង្ហាញភស្តុតាងដែលអាចជឿទុកចិត្តបាន (ដូចជាសន្លឹកកិច្ចការស្វ័យ​វាយ​តម្លៃ IHSS) អំពីរយៈពេលប៉ុន្មានដែលវាត្រូវការសម្រាប់សេវាកម្ម IHSS នីមួយៗដែលអ្នកត្រូវការ។ ការទាយ និងការប៉ាន់ប្រមាណអំពីរយៈពេលប៉ុន្មានដែលអ្នកត្រូវការ​សម្រាប់​សេ​វា​កម្មនីមួយៗនឹងមិនមានប្រយោជន៍សម្រាប់អ្នកនៅពេល​សវនាការរបស់​អ្នក​ទេ។ នេះគឺដោយសារតែអ្នកមានសិទ្ធិទទួលបានពេលវេលាដែលត្រូវការសម្រាប់ការបំពេញសេវាកម្ម IHSS នីមួយៗដែលអ្នកត្រូវការជំនួយ។ អ្នកមិនមានសិទ្ធិទទួលបានរយៈពេលដែលប៉ាន់ស្មាន ឬរយៈពេលដែលអ្នកគិត ឬស្មានថាអ្នកត្រូវការសម្រាប់បំពេញសេវាកម្ម IHSS នីមួយៗនោះទេ។

របៀបប្រើសន្លឹកកិច្ចការ #3 – សន្លឹកកិច្ចការលក្ខណៈវិនិច្ឆ័យវាយតម្លៃ IHSS៖

ជំហានទី 1 – ពិនិត្យមើលចំណាត់ថ្នាក់សមស្រប ដូចដែល​បា​ន​កំណត់ដោយគ្រូពេទ្យរបស់អ្នក សម្រាប់មុខងារនីមួយៗនៅលើសន្លឹកកិច្ចការ #3។ ដើម្បីធ្វើដូច្នេះ ត្រូវផ្ទេរព័ត៌មាននេះអំពីដែនកំណត់មុខងាររបស់​អ្នកពីសន្លឹក​កិច្ចការ #1 សំណើសុំការចុះឯកសារព័ត៌មានស្តីពីដែនកំណត់មុខងាររបស់អ្នក​ជំងឺទៅ​កាន់សន្លឹកកិច្ចការ #3 សន្លឹកកិច្ចការលក្ខណៈវិនិច្ឆ័យវាយតម្លៃ IHSS។

ជំហានទី 2 – កត់ត្រាថាតើអ្នកត្រូវការរយៈពេលប៉ុន្មាន​សម្រា​ប់​បំពេញសេវាកម្ម IHSS នីមួយៗដែលអ្នកត្រូវការជំនួយ។ ដើម្បីធ្វើដូច្នេះ ត្រូវផ្ទេរព័ត៌មានអំពីរយៈពេលប៉ុន្មានដែលអ្នក​ត្រូវការដើម្បី​បំពេ​ញសេវាកម្ម IHSS នីមួយៗដែលអ្នកត្រូវការជំនួយពីសន្លឹកកិច្ចការ #2 សន្លឹក​កិ​ច្ច​ការ​ស្វ័យវាយតម្លៃ IHSS ទៅសន្លឹកកិច្ចការ #3 សន្លឹកកិច្ចការលក្ខណៈ​វិនិច្ឆ័យ​វាយ​តម្លៃ IHSS។ ប្រសិនបើអ្នកត្រូវការពេលវេលាច្រើនជាងដែលបានអនុញ្ញាតដោយផ្អែកលើចំណាត់ថ្នាក់របស់អ្នក សូមគូសប្រអប់ “បាទ/ចាស” ហើយពន្យល់ពីមូលហេតុដែល​អ្នក​ត្រូវការពេលវេលាបន្ថែម។