ច្បាប់ SB 43 និង តុលាការ CARE៖ សំណួរដែលត្រូវបានសួរញឹកញាប់ក្នុងសហមន៍
ច្បាប់ SB 43 និង តុលាការ CARE៖ សំណួរដែលត្រូវបានសួរញឹកញាប់ក្នុងសហមន៍
ការបោះពុម្ភផ្សាយនេះនិយាយអំពីសំណួរទូទៅរបស់សហគមន៍អំពីច្បាប់សុខភាពផ្លូវចិត្តថ្មីចំនួនពីរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា៖ ព្រឹទ្ធសភា Bill 43 (ពិការភាពធ្ងន់ធ្ងរ) និងច្បាប់ CARE (តុលាការថែទាំ)។ ការអនុវត្តច្បាប់ទាំងពីរនេះកំពុងបន្ត និងប្រែប្រួលទៅតាមខេត្ត។ ការបោះផ្សាយនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី 2/6/24 ហើយមិនមានព័ត៌មានអំពីការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតទេ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ឯកសារបោះពុម្ពផ្សាយនេះធ្វើការឆ្លើយតបទៅនឹងសំណួរទូទៅរបស់សហគមន៍អំពីច្បាប់សុខភាពផ្លូវចិត្តចំនួនពីរនៅក្នុងរដ្ឋ California៖ សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43 (ពិការភាពធ្ងន់ធ្ងរ) និង ច្បាប់ស្តីពីជំនួយសហគមន៍ ការស្តារ និងការផ្តល់សិទ្ធិអំណាច «CARE, Community Assistance, Recovery and Empowerment» (CARE Court)។ ការអនុវត្តច្បាប់ទាំងពីរកំពុងបន្ត និងប្រែប្រួលទៅតាមខោនធី។ ឯកសារបោះពុម្ពផ្សាយនេះត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ហើយមិនមានព័ត៌មានអំពីការវិវត្តន៍ថ្មីៗទេ។
ក្នុងករណីអ្នកត្រូវការជំនួយទាក់ទងនឹងស្ថានភាពជាក់លាក់របស់អ្នក សូមទាក់ទង DRC តាមរយៈលេខ (800) 776-5746។
សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43 (ឆ្នាំ ២០២៣)
តើអ្វីទៅជាសេចក្តីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43?
សេចក្តីព្រាងច្បាប់ព្រឹទ្ធសភា (SB, Senate Bill) លេខ 43 ត្រូវបានចុះហត្ថលេខាដោយអភិបាលនាពេលថ្មីៗនេះ ហើយវាពង្រីកនិយមន័យនៃពាក្យពិការភាពធ្ងន់ធ្ងរ។ ពិការភាពធ្ងន់ធ្ងរគឺជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងឡាយ ដែលប្រើប្រាស់ដើម្បីដាក់មនុស្សដែលមានពិការភាពឱ្យស្ថិតនៅក្រោមការឃុំគ្រងទាំងបង្ខំ។ ការឃុំគ្រងទាំងបង្ខំមានន័យថាអ្នកអាចត្រូវបានឃុំគ្រងផ្ទុយពីឆន្ទៈរបស់អ្នក។
សេចក្តីព្រាងច្បាប់ SB 43 ធ្វើការកែប្រែនិយមន័យនៃពាក្យពិការភាពធ្ងន់ធ្ងរតាមវិធីពីរយ៉ាងគឺ៖
- បន្ថែមលក្ខខណ្ឌនៃវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរជាមូលហេតុដែលជនណាម្នាក់អាចត្រូវបានដាក់ក្រោមការឃុំគ្រងទាំងបង្ខំ។
- បន្ថែមលក្ខខណ្ឌអសមត្ថភាពក្នុងការផ្តល់នូវសុវត្ថិភាពផ្ទាល់ខ្លួន ឬផ្តល់ការថែទាំវេជ្ជសាស្រ្តចាំបាច់ជាមូលហេតុដែលជនណាម្នាក់អាចត្រូវបានដាក់ក្រោមការឃុំគ្រងទាំងបង្ខំ។
សេចក្តីព្រាងច្បាប់ SB 43 បានចូលជាធរមានចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤ លើកលែងតែបណ្ដាខោនធីណាដែលជ្រើសរើសយកការពន្យារពេលអនុវត្តក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំតែប៉ុណ្ណោះ។ សេចក្តីរាយការណ៍បានបង្ហាញថាស្ទើរគ្រប់ខោនធីទាំងអស់ លើកលែងតែខោនធី San Francisco និង ខោនធី San Luis Obispo កំពុងពន្យារពេលអនុវត្តច្បាប់ SB 43 យ៉ាងហោចណាស់មួយឆ្នាំទៀត។1
តើអ្វីទៅជាពិការភាពធ្ងន់ធ្ងរ?
និយមន័យចាស់៖
និយមន័យចាស់៖ | និយមន័យថ្មី (ច្បាប់ SB 43)៖ |
លក្ខខណ្ឌដែលបុគ្គលណាម្នាក់មិនអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋានផ្ទាល់ខ្លួនឯងទាក់ទងនឹងចំណីអាហារ សម្លៀកបំពាក់ ឬទីជម្រក ដោយសារមូលហេតុវិបត្តិសុខភាពផ្លូវចិត្ត។ | លក្ខខណ្ឌដែលបុគ្គលណាម្នាក់មិនអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋានផ្ទាល់ខ្លួនឯងទាក់ទងនឹងចំណីអាហារ សម្លៀកបំពាក់ ទីជម្រក សុវត្ថិភាពផ្ទាល់ខ្លួន ឬការថែទាំវេជ្ជសាស្រ្តចាំបាច់ ដោយសារមូលហេតុវិបត្តិសុខភាពផ្លូវចិត្ត វិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ ឬការកើតមានទាំងវិបត្តិសុខភាពផ្លូវចិត្ត និងវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។2 |
និយមន័យនៃវាក្យសព្ទដែលមានក្នុងច្បាប់ SB 43៖ យោងតាមច្បាប់
Term | Definition |
វិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ |
វិបត្តិទាក់ទងនឹងសារធាតុញៀនដែលបានធ្វើរោគវិនិច្ឆ័យត្រូវនឹងលក្ខណៈរោគវិនិច្ឆ័យ ‘ធ្ងន់ធ្ងរ’ ដូចមានកំណត់និយមន័យក្នុងឯកសារបច្ចុប្បន្នភាពចុងក្រោយបំផុតនៃសៀវភៅណែនាំរោគវិនិច្ឆ័យ និងស្ថិតិអំពីវិបត្តិផ្លូវចិត្ត (DSM, Diagnostic and Statistical Manual of Mental Disorders)។
|
សុវត្ថិភាពផ្ទាល់ខ្លួន | សមត្ថភាពរបស់បុគ្គលណាម្នាក់ក្នុងការរស់រានមានជីវិតដោយសុវត្ថិភាពនៅក្នុងសហគមន៍ ដោយមិនមានការឃុំឃាំង ឬការព្យាបាលទាំងបង្ខំ។ |
ការថែទាំវេជ្ជសាស្រ្តចាំបាច់ | ការថែទាំដែលអ្នកប្រកបវិជ្ជាជីវៈថែទាំសុខភាពមានអាជ្ញាប័ណ្ណណាម្នាក់នៅពេលដែលខ្លួនកំពុងអនុវត្តក្នុងក្របខ័ណ្ឌវិជ្ជាជីវៈរបស់ខ្លួន កំណត់ថាចាំបាច់ ក្នុងការទប់ស្កាត់ការចុះខ្សោយធ្ងន់ធ្ងរនៃជំងឺប្រចាំកាយ ហើយដែលអាចបណ្តាលឱ្យមានរបួសរាងកាយធ្ងន់ធ្ងរក្នុងករណីទុកចោលមិនព្យាបាល |
ដូច្នេះ តើនេះមានន័យពិតប្រាកដយ៉ាងណា?
ជាឧទាហរណ៍ បុគ្គលម្នាក់អាចត្រូវបានចាត់ថ្នាក់ថាមានពិការភាពធ្ងន់ធ្ងរក្នុងករណីដែលគេលែងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ដើម្បីរស់រានមានជីវិត ឬគេមិនអាចថែទាំគេហដ្ឋាន ហើយមូលហេតុនោះគឺបណ្តាលមកពីវិបត្តិសុខភាពផ្លូវចិត្ត ឬវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។ នេះមិនអនុវត្តទេ ប្រសិនបើបុគ្គលនោះមិនមានវិបត្តិសុខភាពផ្លូវចិត្ត ឬមិនមានវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏វាមិនច្បាស់លាស់នៅត្រង់ថាតើអ្នកឆ្លើយតបដំបូងនឹងធ្វើការកំណត់រោគវិនិច្ឆ័យមូលដ្ឋានរបស់បុគ្គលនោះយ៉ាងដូចម្តេច។
បុគ្គលម្នាក់អាចត្រូវបានដាក់នៅក្រោមការឃុំគ្រងទាំងបង្ខំ ហើយដែលអាចឈានទៅរកហិតូបត្ថម្ភ ក្នុងករណីដែលឥរិយាបថរបស់ពួកគេឆ្លើយត្រូវនឹងនិយមន័យនៃពិការភាពធ្ងន់ធ្ងរ។
តើមាត្រា 5150 (៥១៥០) មានខ្លឹមសារអ្វី?
5150 គឺជាមាត្រាច្បាប់ដែលមានក្នុងច្បាប់រដ្ឋ ហើយដែលអនុញ្ញាតឱ្យមានការឃុំគ្រងបុគ្គលណាម្នាក់ទាំងបង្ខំក្នុងរយៈពេល ៧២ ម៉ោង។3 មាត្រា 5150 មិនមែនជាការចាប់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌឡើយ។ ពិការភាពធ្ងន់ធ្ងរគឺជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងឡាយ ដែលអាចប្រើប្រាស់ដើម្បីដាក់អ្នកនៅក្រោមមាត្រា 5150។ លក្ខណៈវិនិច្ឆ័យផ្សេងទៀតមានដូចជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
មាត្រា 5150 អាចត្រូវបានអនុវត្តដោយមន្រ្តីនគរបាល ឬ មន្រ្តីរក្សាសន្តិភាពផ្សេងទៀត ឬដោយបុគ្គលដែលត្រូវបានអនុញ្ញាតដោយនាយកដ្ឋានសុខភាពឥរិយាបថរបស់ខោនធី។
នៅក្រោមមាត្រា 5150 កងកម្លាំងអនុវត្តច្បាប់ រថយន្គគិលានសង្រ្គោះ ឬបុគ្គលផ្សេងទៀតដែលទទួលបានការអនុញ្ញាត អាចធ្វើការឃុំខ្លួនជននោះ និងដឹកជញ្ជូនជននោះទៅកាន់មណ្ឌលដើម្បីធ្វើការកំណត់ និងវាយតម្លៃសុខភាពផ្លូវចិត្ត។
មាត្រា 5150 មិនអនុញ្ញាតឱ្យប្រើប្រាស់ឱសថ ឬធ្វើការព្យាបាលវេជ្ជសាស្រ្តទាំងបង្ខំឡើយ។4
នៅក្នុងអំឡុងពេលឃុំគ្រងនេះ មន្ទីរពេទ្យនឹងធ្វើការវាយតម្លៃអ្នកដើម្បីកំណត់អំពីចំណាត់ការបន្ត។ ពួកគេមិនត្រូវការទុកអ្នកនៅមន្ទីរពេទ្យគ្រប់ ៧២ ម៉ោងឡើយ ក្នុងករណីដែលពួកគេជឿជាក់ថាអ្នកមិនតម្រូវឱ្យនៅទីនោះ។5
តើមានអ្វីកើតឡើងបន្ទាប់ពីរយៈពេល ៧២ ម៉ោង នៃការឃុំគ្រងក្រោមមាត្រា 5150?
នៅពេលដែលរយៈពេល ៧២ ម៉ោងបានបញ្ចប់ អ្នកអាច៖
- ត្រូវបានអនុញ្ញាតឲ្យរួចពីការឃុំគ្រងតាមមាត្រា 5150 និងចាកចេញពីមន្ទីរពេទ្យ
- ត្រូវបានអនុញ្ញាតឲ្យចូលជាអ្នកជំងឺស្ម័គ្រចិត្តដើម្បីទទួលការព្យាបាលបន្ត ឬ
- ត្រូវបានបន្តឃុំគ្រងទាំងបង្ខំ ដោយស្ថិតនៅក្រោមការឃុំគ្រងប្រភេទផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់ស្តីពី Lanterman Petris Short (LPS) សូមចូលមើលឯកសារបោះពុម្ពផ្សាយលម្អិតរបស់ពួកយើងដែលមាននៅទីនេះ៖ https://www.disabilityrightsca.org/publications/understanding-the-lanterman-petris-short-lps-act
តើជនទាំងឡាយត្រូវបានឃុំគ្រងក្រោមច្បាប់ SB 43 នៅទីកន្លែងណា?
ច្បាប់ SB 43 នឹងមិនកែប្រែទីកន្លែងដែលជនទាំងឡាយត្រូវបានឃុំគ្រងសម្រាប់ព្យាបាលសុខភាពផ្លូវចិត្តឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏ច្បាប់ SB 43 ពង្រីកនិយមន័យនៃពិការភាពធ្ងន់ធ្ងរ ដោយរួមបញ្ចូលវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។ យើងមិនទាន់ដឹងនៅឡើយទេថាតើបុគ្គលណាម្នាក់នឹងត្រូវបានឃុំគ្រងនៅទីកន្លែងណាក្នុងករណីមានវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ មិនមានមណ្ឌលណាសម្រាប់ផ្តល់ការព្យាបាលទាំងបង្ខំនូវអ្នកដែលមានវិបត្តិប្រើប្រាស់សារធាតុញៀនក្នុងរដ្ឋ California នៅឡើយទេ។
ច្បាប់ CARE (តុលាការ CARE)
តើអ្វីទៅជាតុលាការ CARE?
តុលាការ CARE គឺជាច្បាប់រដ្ឋ California ដែលអនុម័តដោយច្បាប់ SB 1388 (SB ១៣៣៨) (ឆ្នាំ ២០២២)។ បច្ចុប្បន្ន តុលាការ CARE កំពុងត្រូវបានចាប់ផ្តើមអនុវត្តតាមដំណាក់កាលទូទាំងរដ្ឋ California តាមខោនធី។ ខោនធីដែលបានចាប់ផ្តើមអនុវត្តកម្មវិធីតុលាការ CARE រួចហើយ មានដូចជា៖ San Francisco, Orange, San Diego, Riverside, Stanislaus, Glenn, Tuolumne និង Los Angeles ។ នៅទីបំផុត គ្រប់ខោនធីទាំងអស់នឹងចូលរួមអនុវត្តតុលាការ CARE ស្របតាមច្បាប់។ មិនមានជម្រើសសម្រាប់បដិសេធមិនចូលរួមឡើយ។
តើអ្នកណាខ្លះដែលមានសិទ្ធិទទួលបានតុលាការ CARE?
តុលាការ CARE មិនអនុវត្តចំពោះគ្រប់ពិការភាពនៃសុខភាពផ្លូវចិត្តឡើយ។ ជាក់ស្តែង បុគ្គលណាម្នាក់ត្រូវមានរោគសញ្ញានៃជំងឺវិកលចរិត ឬវិបត្តិផ្លូវចិត្តផ្សេងទៀត ដើម្បីមានសិទ្ធិបាន។6
ការធ្វើរោគវិនិច្ឆ័យដើម្បីមានសិទ្ធិ | ការធ្វើរោគវិនិច្ឆ័យដែលមិនមានសិទ្ធិ |
រោគសញ្ញាវិបត្តិជំងឺវិកលចរិត៖
វិបត្តិផ្លូវចិត្តផ្សេងទៀត រួមមាន៖
|
|
អ្នកមិនចាំបាច់ជាជនគ្មានផ្ទះសម្បែង ដើម្បីមានសិទ្ធិនោះទេ។ បុគ្គលត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ដើម្បីមានសិទ្ធិ។
តួនាទី | ការពណ៌នា7 | ការពិចារណា |
ចុងចម្លើយ | បុគ្គលដែលឆ្លងកាត់ដំណើរការនីតិវិធី CARE។ នៅគ្រប់ដំណាក់កាលនៃដំណើរការនីតិវិធីនេះ បុគ្គលនេះនឹងទទួលបានសេវាសុខភាពឥរិយាបថ លំនៅដ្ឋាន និងការជួយគាំទ្រផ្សេងៗទៀតក្នុងសហគមន៍ តាមកាលគួរ។ | |
អ្នកស្ម័គ្រចិត្តជួយគាំទ្រ | នីតិជនដែលជ្រើសរើសដោយចុងចម្លើយសម្រាប់ការផ្តល់ការជួយគាំទ្រនៅគ្រប់ដំណាក់កាលនៃដំណើរការនីតិវិធី CARE និងសម្រាប់ជំរុញឱ្យមានចំណូលចិត្ត ការជ្រើសរើស និងស្វ័យភាពរបស់ចុងចម្លើយ។ | មិនបានកត់ត្រានូវកាលបរិច្ឆេទឡើងតុលាការ |
អ្នកដាក់ពាក្យសុំ | បុគ្គលដែលបានដាក់ពាក្យសុំឱ្យពិចារណាយកចុងចម្លើយចូលក្នុងដំណើរការ CARE។ ឧទាហរណ៍ អ្នកដាក់ពាក្យសុំរួមមានសមាជិកណាម្នាក់ក្នុងគ្រួសារ អ្នកប្រកបវិជ្ជាជីវៈផ្នែកសុខភាពផ្លូវចិត្ត អ្នកឆ្លើយតបដំបូង អ្នកបម្រើការងារទំនាក់ទំនងជាមួយជនគ្មានផ្ទះសម្បែង ឬអ្នកស្នាក់នៅក្នុងបន្ទប់ឬផ្ទះរួមគ្នា។ | ត្រូវមានវត្តមាននៅពេលសវនាការលើកដំបូង ហើយក្នុងករណីដែលមានទំនាក់ទំនងបែបប្រឈមមុខដាក់គ្នា នោះវត្តមានរបស់អ្នកដាក់ពាក្យសុំអាចជារឿងសំខាន់មួយ។ បន្ទាប់ពីសវនាការលើកដំបូងហើយ នាយកដ្ឋានសុខភាពឥរិយាបថរបស់ខោនធី នឹងទទួលការងារបន្តក្នុងឋានៈជាអ្នកដាក់ពាក្យសុំ។ |
ទីភ្នាក់ងារសុខភាពឥរិយាបថរបស់ខោនធី | ទីភ្នាក់ងារសុខភាពឥរិយាបថរបស់ខោនធី និងក្រុមការងារបស់ពួកគេ មានតួនាទីសំខាន់នៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។ ទីភ្នាក់ងារទាំងនោះធ្វើការងារដើម្បីឱ្យចុងចម្លើយចូលរួមក្នុងការព្យាបាលសុខភាពផ្លូវចិត្ត និងភ្ជាប់ទំនាក់ទំនងពួកគេជាមួយនឹងសេវាបន្ថែមផ្សេងៗ។ បុគ្គលទាំងនោះរួមមានដូចជាអ្នកផ្តល់សេវាជាប់កិច្ចសន្យា អ្នកចេញវេជ្ជបញ្ជា និង/ឬ អ្នកធ្វើការងារថែទាំ។ | រាយការណ៍ទៅកាន់តុលាការអំពីសមត្ថភាពស្របច្បាប់របស់ចុងចម្លើយក្នុងការផ្តល់ការយល់ព្រមត្រឹមត្រូវ ទាក់ទងនឹងការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្ត ក្នុងករណីដែលមិនចុះកិច្ចព្រមព្រៀងអំពីការថែទាំ។ សេចក្តីសម្រេចផ្អែកលើការវាយតម្លៃមួយ នៅក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ។ |
អ្នកផ្តល់ជំនួយគាំទ្រផ្នែកលំនៅដ្ឋាន និងសហគមន៍ | ចុងចម្លើយអាចត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្តល់ជំនួយគាំទ្រផ្នែកលំនៅដ្ឋាន និងសហគមន៍ នៅគ្រប់ដំណាក់កាលនៃដំណើរការនីតិវធី CARE។ ឧទាហរណ៍ អ្នកផ្តល់សេវាលំនៅដ្ឋាន រួមមានជំនួយគាំទ្រលំនៅដ្ឋានអចិន្ត្រៃយ៍ លំនៅដ្ឋានសមរម្យ លំនៅដ្ឋានបណ្តោះអាសន្ន/អន្តរកាល និង លំនៅដ្ឋានស្ពានសុខភាពឥរិយាបថ (Behavioral Health Bridge Housing)។ ឧទាហរណ៍ អ្នកផ្តល់ជំនួយគាំទ្រសហគមន៍អាចផ្តល់សេវាសង្គមកិច្ចដែលទទួលមូលនិធិពីចំណូលរបបសន្តិសុខសង្គមបន្ថែម/ការបង់ប្រាក់បន្ថែមដោយរដ្ឋ (SSI/SSP, Supplemental Security Income/State Supplementary Payment) ជំនួយហិរញ្ញវត្ថុសម្រាប់ជនអន្តោប្រវេសន៍ CalWORKs កម្មវិធីផ្តល់ជំនួយអាហារ California, កម្មវិធីផ្តល់សេវាគាំទ្រក្នុងផ្ទះ និងកម្មវិធី CalFresh។ | បច្ចុប្បន្ននេះ ខោនធីភាគច្រើនមិនមានសេវាកម្មទាំងនេះទេ។ |
ទីប្រឹក្សាច្បាប់សម្រាប់ផ្នែកសុខភាពឥរិយាបថ | ពួកគេទទួលបន្ទុកតំណាងឱ្យនាយកដ្ឋានសុខភាពឥរិយាបថរបស់ខោនធី។ បុគ្គលនេះអាចជាទីប្រឹក្សាច្បាប់របស់ខោនធី ឬមេធាវីចាត់តាំងផ្សេងទៀត។ | |
សេវាផ្នែកច្បាប់នៃមេធាវីការពារក្តីជូនជនក្រីក្រ | ពួកគេទទួលបន្ទុកតំណាងឱ្យផលប្រយោជន៍ និងសិទ្ធិរបស់ចុងចម្លើយ។ ពួកគេត្រូវបានចាត់តាំង និងផ្តល់ជូនដោយតុលាការ ដោយមិនគិតដល់លទ្ធភាពបង់ប្រាក់របស់ចុងចម្លើយ។ | |
ចៅក្រម | ចៅក្រមដើរតួនាទីជាអាជ្ញាកណ្តាលអព្យាក្រឹត។ លើកលែងតែករណីមានវិវាទ ពួកគេនឹងរៀបចំដឹកនាំរឿងក្តីក្នុងបរិយាកាសក្រៅផ្លូវការ និងដោយមិនមានការតទល់មុខគ្នា។ |
តើអ្នកណាអាចដាក់ពាក្យសុំទៅតុលាការ CARE បាន?
ពាក្យសុំក្នុងច្បាប់ CARE ចាប់ផ្តើមឱ្យតុលាការចេញចំណាត់ការ។ ពាក្យសុំអាចធ្វើឡើងដោយ៖
- សមាជិកមួយចំនួនក្នុងគ្រួសារ រួមមានសហព័ទ្ធ កូន ឪពុកម្តាយ បងប្អូន ឬជីដូនជីតា
- អ្នករួមបន្ទប់
- អ្នកឆ្លើយតបដំបូងដែលធ្លាប់មានអន្តរសកម្មដដែលៗជាមួយចុងចម្លើយ រួមមាននគរបាល បុគ្គលិកបច្ចេកទេសវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ បុគ្គលិកអមវេជ្ជសាស្រ្ត អ្នកពន្លត់អគ្គិភ័យ ឬអ្នកធ្វើការងារចល័តដើម្បីឆ្លើយតបវិបត្តិ
- ប្រធានទីភ្នាក់ងារសុខភាពឥរិយាបថរបស់ខោនធីនៅទីកន្លែងដែលចុងចម្លើយរស់នៅ
- ប្រធានផ្នែកសេវាការពារនីតិជនរបស់ខោនធីនៅទីកន្លែងដែលចុងចម្លើយរស់នៅ
- ប្រធានអង្គការសាធារណៈ ឬអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការផ្តល់សេវាសុខភាពឥរិយាបថដល់បុគ្គល
- ប្រធានមន្ទីរពេទ្យនៅទីកន្លែងដែលបុគ្គលនោះកំពុងទទួលបានការព្យាបាល
- អ្នកផ្តល់សេវាសុខភាពឥរិយាបថ ដែលបានត្រួតពិនិត្យការព្យាបាល ឬផ្តល់ការព្យាបាលបុគ្គល
- អ្នកអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភកៈរបស់ខោនធីនៅទីកន្លែងដែលចុងចម្លើយកំពុងមានវត្តមាន ឬត្រូវបានជឿជាក់ថាកំពុងមានវត្តមាន
- ប្រធាននៃកម្មវិធីសេវាសុខភាពឥណ្ឌា California ឬ នាយកដ្ឋានសុខភាពឥរិយាបថកុលសម្ព័ន្ធ California
- ចៅក្រមនៃតុលាការកុលសម្ព័ន្ធ ដែលមានទីតាំងនៅ California8
តើមានអ្វីកើតឡើងនៅពេលដែលមានអ្នកចាប់ផ្តើមដំណើរការនីតិវិធីតុលាការ CARE?
ទាំងនេះគឺជាដំណាក់កាលបន្ទាប់ពីពេលដែលមានអ្នកដាក់ពាក្យសុំ៖
- ទីភ្នាក់ងារសុខភាពឥរិយាបថរបស់ខោនធី ធ្វើការស៊ើបអង្កេតថាតើបុគ្គលនោះឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ CARE ដែរឬយ៉ាងណា ហើយដាក់របាយការណ៍វាយតម្លៃនោះទៅចៅក្រម។
- ចៅក្រមធ្វើការសម្រេចថាតើបុគ្គលនោះទំនងជាឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ CARE ដោយផ្អែកទៅលើរបាយការណ៍នេះ។
- ប្រសិនបើចៅក្រមសម្រេចថាបុគ្គលនោះទំនងជាឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យ CARE នោះចៅក្រមនឹងកំណត់ពេលបង្ហាញខ្លួនលើកដំបូង (១៤ ថ្ងៃ)។
- ការបង្ហាញខ្លួនលើកដំបូងអាចរួមមានសវនាការលើអង្គសេចក្តី ឬ សវនាការអាចត្រូវធ្វើឡើងដាច់ដោយឡែក។9 នៅពេលសវនាការលើអង្គសេចក្តី ចៅក្រមនឹងសម្រេចថាតើបុគ្គលនោះមានសិទ្ធិស្របតាមលក្ខណៈវិនិច្ឆ័យ CARE ដែរឬយ៉ាងណា។ បន្ទាប់ពីសវនាការលើអង្គសេចក្តី តុលាការធ្វើការកំណត់ពីសវនាការលើការគ្រប់គ្រងករណី (១៤ ថ្ងៃ)។
- ប្រធានបទនៃសវនាការលើការគ្រប់គ្រងករណីគឺថាតើមាន “កិច្ចព្រមព្រៀង CARE” ដែរឬទេ។
- ប្រសិនបើបុគ្គលនោះ មេធាវីរបស់ពួកគេ និងតុលាការ ព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀង CARE ពួកគេធ្វើការកំណត់ពេលសវនាការបន្ទាប់ក្រោយរយៈពេល ៦០ ថ្ងៃ។ តុលាការក៏អាចធ្វើការកែសម្រួលលើកិច្ចព្រមព្រៀង CARE បានដែរ នៅមុនពេលអនុម័តវា។
- ក្នុងករណីដែលបុគ្គលនោះ មេធាវីរបស់ពួកគេ និងតុលាការ មិនអាចព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀង CARE បានទេ នោះតុលាការនឹងសម្រេចឱ្យមានការវាយតម្លៃផ្នែកគ្លីនិកមួយទៀត។
- ទីភ្នាក់ងារសុខភាពឥរិយាបថរបស់ខោនធី ធ្វើការវាយតម្លៃផ្សេងមួយទៀតដើម្បីបង្កើតអនុសាសន៍សម្រាប់រៀបចំផែនការ CARE។
- ក្នុងអំឡុងពេល ២១ ថ្ងៃ មានសវនាការអំពីការវាយតម្លៃផ្នែកគ្លីនិក។ សវនាការនេះធ្វើឡើងនៅពេលដែលផែនការ CARE ត្រូវបានស្នើឡើង។ ក្នុងពេលសវនាការអំពីការវាយតម្លៃផ្នែកគ្លីនិក ទីភ្នាក់ងារសុខភាពឥរិយាបថរបស់ខោនធី ឡើងបង្ហាញពីផែនការ CARE។10 បន្ទាប់មក តុលាការកំណត់ពេលសវនាការមួយទៀតដើម្បីពិនិត្យឡើងវិញលើផែនការ CARE ក្នុងអំឡុងពេល ១៤ ថ្ងៃ។
- សវនាការពិនិត្យឡើងវិញលើផែនការ CARE៖ ក្នុងពេលសវនាការបន្ទាប់នេះ ចៅក្រមអាចអនុម័តលើផែនការ CARE។ ដំណាក់កាលនេះគឺជាការចាប់ផ្តើមដំណើរការ CARE ពេញមួយឆ្នាំ។
- ជាផ្នែកមួយនៃសវនាការពិនិត្យឡើងវិញលើផែនការ CARE តុលាការធ្វើការសម្រេចថាតើបុគ្គលនោះមានសមត្ថភាពផ្តល់ការយល់ព្រមត្រឹមត្រូវបានដែរឬយ៉ាងណា។ ក្នុងករណីដែលតុលាការយល់ឃើញថាបុគ្គលនោះមិនអាចផ្តល់ការយល់ព្រមត្រឹមត្រូវបានទេ ផែនការ CARE អាចតម្រូវឱ្យប្រើប្រាស់ឱសថរក្សាតុល្យភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត។11
- សវនាការពិនិត្យឡើងវិញលើលទ្ធផលអនុវត្តផែនការ CARE ធ្វើឡើងជារៀងរាល់ ៦០ ថ្ងៃម្តង។
គួរកត់សម្គាល់ថាចាប់តាំងពីពេលចាប់ផ្តើមនៃដំណើរការ CARE ពេញមួយឆ្នាំ បុគ្គលម្នាក់ទទួលការវាយតម្លៃផ្នែកគ្លីនិកចំនួនពីរដង និងចូលបង្ហាញខ្លួននៅតុលាការយ៉ាងហោចណាស់ចំនួនបួនដង។12
តើអ្វីជាភាពខុសគ្នារវាងកិច្ចព្រមព្រៀង CARE និងផែនការ CARE?
កិច្ចព្រមព្រៀង CARE ត្រូវបានចូលរួមធ្វើដោយបុគ្គលនោះ នាយកដ្ឋានសុខភាពឥរិយាបថរបស់ខោនធី អ្នកតស៊ូមតិឱ្យជននោះ និងមេធាវីរបស់ជននោះ។ កិច្ចព្រមព្រៀងនេះត្រូវតែអនុម័តដោយតុលាការ។ បើទោះបីជារដ្ឋហៅឈ្មោះកិច្ចព្រមព្រៀង CARE នេះថាជាកិច្ចព្រមព្រៀងដែលធ្វើឡើងដោយស្ម័គ្រចិត្តក៏ដោយ ក៏ចៅក្រមមានសិទ្ធិអំណាចធ្វើការកែសម្រួលនៅមុនពេលអនុម័តបាន។ ដំណើរការអនុវត្តកិច្ចព្រមព្រៀង CARE មានការពិនិត្យតាមដានជារៀងរាល់ ៦០ ថ្ងៃ រាប់ចាប់តាំងពីពេលចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង។ ការពិនិត្យតាមដានរួមមានការបង្ហាញខ្លួនច្រើនដងនៅតុលាការ។
ផែនការ CARE ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការ។ ជននោះ និងមេធាវីរបស់ពួកគេមិនចាំបាច់ត្រូវតែយល់ព្រមទៅនឹងផែនការនេះដូចការយល់ព្រមដែលមានលើកិច្ចព្រមព្រៀង CARE ឡើយ។
ទាំងពីរមានរយៈពេលមួយឆ្នាំពេញ ហើយមានរួមបញ្ចូលនូវប្រភេទសេវាកម្មផ្សេងៗ។
តើអ្វីខ្លះដែលអាចមានក្នុងផែនការ CARE?
ផែនការ CARE គឺជាផែនការព្យាបាលដែលចេញដីកាបង្គាប់ដោយតុលាការសម្រាប់រយៈពេលពេញមួយឆ្នាំ។ ផែនការព្យាបាលនេះអាចរួមបញ្ចូលនូវការប្រើប្រាស់ឱសថសម្រាប់រក្សាតុល្យភាពតាមដីកាបង្គាប់របស់តុលាការ។ គេអាចស្វែងរកបាននូវប្រភេទសេវាកម្មផ្សេងៗដែលមានដូចជាសេវាពិគ្រោះយោបល់ និងលំនៅដ្ឋាន ដោយអាស្រ័យទៅលើស្ថានភាពនៃខោនធី និងការមានសេវាកម្មទាំងនោះ។ តុលាការអាចបង្គាប់ឱ្យមានសវនាការត្រួតពិនិត្យលើលទ្ធផលដើម្បីកត់ត្រាថាតើបុគ្គលណាមួយបានអនុវត្តតាមផែនការ CARE ដែរឬយ៉ាងណា។
តើអ្វីទៅជាឱសថសម្រាប់រក្សាតុល្យភាពតាមដីកាបង្គាប់របស់តុលាការ?
ឱសថសម្រាប់រក្សាតុល្យភាពតាមដីកាបង្គាប់របស់តុលាការអាចរួមបញ្ចូលនូវថ្នាំព្យាបាលជំងឺផ្លូវចិត្ត។ វាមិនដូចគ្នាទៅនឹងការប្រើប្រាស់ថ្នាំទាំងបង្ខំឡើយ ពីព្រោះវាមិនអាចឲ្យទាំងបង្ខំនោះទេ។ ប៉ុន្តែ បើទោះជាវាមិនអាចឲ្យទាំងបង្ខំក៏ដោយ ក៏ការខកខានមិនបានប្រើឱសថនេះស្របតាមផែនការអាចបណ្តាលឱ្យមានចំណាត់ការបន្ថែមទៀតពីតុលាការ ដូចជាការបញ្ជូនទៅដាក់ក្រោមហិតូបត្ថម្ភ ជាដើម។ បើទោះជាតាមផ្លូវច្បាប់ វាខុសពី “ការប្រើប្រាស់ថ្នាំទាំងបង្ខំ” ក៏ដោយ ក៏វានៅតែមានលក្ខណៈចាប់បង្ខំដដែល។
ថ្នាំទាំងនោះអាចរួមមាន៖13
|
តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនបានបង្ហាញខ្លួននៅពេលសវនាការរបស់តុលាការ CARE?
ចៅក្រមមានឆន្ទានុសិទ្ធិសម្រេចទៅលើចំណាត់ការដើម្បីឆ្លើយតបទៅកាន់អ្នកដែលមិនចូលរួម ឬមិនអនុវត្តស្របតាមដំណើរការព្យាបាល។ ខោនធីផ្សេងៗមានផែនការដោះស្រាយករណីនេះតាមវិធីសាស្រ្តខុសៗគ្នា។14 មិនមានផលវិបាកដែលមានចែងជាក់លាក់ក្នុងច្បាប់សម្រាប់ករណីមិនបង្ហាញខ្លួនតាមនីតិវិធីបឋមរបស់តុលាការឡើយ។ ជនម្នាក់អាចត្រូវបានដាក់ក្រោមហិតូបត្ថម្ភក្នុងករណីខកខានមិនបានអនុវត្តស្របតាមដំណាក់កាលណាមួយនៃដំណើរការនីតិវិធីរបស់តុលាការ CARE។ ចៅក្រមក៏អាចសម្រេចធ្វើមោឃភាពនីតិវិធីបានផងដែរ។
ខ្ញុំចង់ទទួលបានជំនួយខ្លះពីផែនការ CARE របស់ខ្ញុំ ដែលមានដូចជាលំនៅដ្ឋាន ក៏ប៉ុន្តែ ខ្ញុំមិនចង់ប្រើថ្នាំនោះទេ។ តើវានឹងមានអ្វីកើតឡើង?
ការខកខាមិនបានអនុវត្តស្របតាមផ្នែកណាមួយនៃផែនការ CARE មានន័យថាតុលាការអាចចាត់ចំណាត់ការបន្ថែមទៀត ដូចជាការបញ្ជូនទៅដាក់ក្រោមហិតូបត្ថម្ភ ជាដើម។
ប្រសិនបើនីតិវិធី LPS (ដែលមានដូចជាមាត្រា 5150 ឬហិតូបត្ថម្ភ) ធ្វើឡើងក្នុងរយៈពេលប្រាំមួយខែ ព័ត៌មានលម្អិតនៃការមិនអនុវត្តស្របតាមផែនការ CARE នឹងត្រូវចាត់ទុកជាភ័ស្តុតាង។ ទោះជាយ៉ាងណាក៏ដោយ ក៏ករណីនេះមិនអាចមានការបញ្ចូលនូវព័ត៌មានពាក់ព័ន្ធនឹងការមិនប្រើថ្នាំឡើយ។15
តើតុលាការ CARE គឺជាកម្មវិធីផ្តល់លំនៅដ្ឋានដែរឬទេ?
ទេ។
វាមិនមានមូលនិធិលំនៅដ្ឋាននៅក្នុងការអនុវត្តដំណើរការតុលាការ CARE ឡើយ។
អ្នកចូលរួមក្នុងដំណើរការតុលាការ CARE ត្រូវបានផ្តល់អាទិភាពសម្រាប់កម្មវិធីគាំទ្រផ្នែកលំនៅដ្ឋានដែលមានស្រាប់។ ទោះជាយ៉ាងណាក៏ដោយ ក៏ការចូលរួមក្នុងដំណើរការតុលាការ CARE មិនបានឱ្យជនណាម្នាក់ទទួលនូវសេវាកម្មដែលមិនមានតាមរយៈនីតិវិធីផ្សេងឡើយ។16
តើអ្នកណាតំណាងឱ្យខ្ញុំនៅពេលសវនាការរបស់តុលាការ CARE?
ជនដែលស្ថិតក្រោមនីតិវិធីតុលាការ CARE មានសិទ្ធិទទួលបានមេធាវីតំណាងនៅគ្រប់ដំណាក់កាលទាំងអស់។17 ខោនធីខ្លះបានចុះកិច្ចព្រមព្រៀងជាមួយបណ្ដាអង្គការផ្តល់ជំនួយផ្នែកច្បាប់ដើម្បីតំណាងឱ្យបុគ្គលទាំងឡាយនោះនៅពេលសវនាការរបស់តុលាការ CARE ។ នៅក្នុងខោនធីផ្សេងទៀត មេធាវីការពារជនក្រីក្រអាចបំពេញភារកិច្ចជាអ្នកតំណាង។ នេះប្រែប្រួលពីខោនធីមួយទៅខោនធីមួយទៀត។
តើខ្ញុំត្រូវតែអនុវត្តស្របតាមផែនការព្យាបាលរបស់តុលាការ CARE ឬ?
ក្នងករណីដែលអ្នកមិនអនុវត្តតាម នោះតុលាការអាចធ្វើការសន្មតថាវាមិនមានជម្រើសដែលមិនសូវតឹងរ៉ឹងសម្រាប់ព្យាបាលអ្នកឡើយ ហើយតុលាការធ្វើការបញ្ជូនអ្នកឱ្យស្ថិតនៅក្រោមហិតូបត្ថម្ភវិញ។18
ទោះជាយ៉ាងនេះក៏ដោយ ក៏បណ្ដាខោនធីមានឆន្ទានុសិទ្ធិចាត់ចែងករណីនេះ។ ការមិនអនុវត្តតាម មិនមែនមានន័យជាស្វ័យប្រវត្តិថាអ្នកនឹងត្រូវស្ថិតក្រោមហិតូបត្ថម្ភនោះទេ។
តើតុលាការ CARE និងច្បាប់ SB ៤៣ អាចវិវត្តទៅជាហិតូបត្ថម្ភបានយ៉ាងដូចម្តេច?
ប្រសិនបើអ្នកស្ថិតនៅក្រោមនីតិវិធីរបស់តុលាការ CARE ហើយមិនបានអនុវត្តស្របតាមផែនការព្យាបាលទេ នោះគេនឹងសន្មតថាមិនមានការព្យាបាលសមស្របដែលមិនសូវតឹងរ៉ឹងដទៃផ្សេងទៀតឡើយ ហើយករណីនេះនឹងបណ្ដាលឱ្យមានការបញ្ជូនទៅរកហិតូបត្ថម្ភ។
ច្បាប់ SB 43 បង្កលក្ខណៈងាយស្រួលដល់ការចាត់ចែងហិតូបត្ថម្ភសម្រាប់ជនណាម្នាក់ តាមរយៈការពង្រីកនិយមន័យនៃពាក្យពិការភាពធ្ងន់ធ្ងរ។ ពិការភាពធ្ងន់ធ្ងរគឺជាលក្ខណៈវិនិច្ឆ័យមួយដែលធ្វើឱ្យជនណាម្នាក់ត្រូវបានដាក់នៅក្រោមការឃុំគ្រងទាំងបង្ខំ និងក្រោមហិតូបត្ថម្ភ។
តើខ្ញុំអាចតតាំងជាមួយនឹងហិតូបត្ថម្ភសម្រាប់ករណីសុខភាពផ្លូវចិត្តបានយ៉ាងដូចម្តេច?
សូមមើលឯកសារបោះពុម្ពផ្សាយរបស់យើងអំពីប្រធានបទនេះ៖https://www.disabilityrightsca.org/publications/handbook-for-challenging-mental-health-conservatorships
- 1. https://www.latimes.com/california/story/2023-12-19/l-a-county-delays-implementation-of-new-criteria-for-gravely-disabled
- 2. ក្រមសុខុមាលភាព និងស្ថាប័ន § 5008(h)(1).
- 3. ក្រមសុខុមាលភាព និងស្ថាប័ន § 5150.
- 4. https://bhdp.sccgov.org/sites/g/files/exjcpb716/files/Documents/5150-Training-Law-Foundation-of-Silicon-Valley-2020.pdf
- 5. https://www.disabilityrightsca.org/publications/understanding-the-lanterman-petris-short-lps-act
- 6. https://www.courts.ca.gov/documents/CARE-Act-Eligibility-Criteria.pdf
- 7. https://care-act.org/library/volunteer-supporters
- 8. https://www.courts.ca.gov/documents/CARE-Act-JC-Fact-Sheet-FINAL-3.20.23.pdf
- 9. https://care-act.org/wp-content/uploads/2023/10/CA-CARE-Training_Overview-of-CARE-Process-for-Supporters.pdf
- 10. https://www.chhs.ca.gov/wp-content/uploads/2022/03/CARECourt_FAQ.pdf
- 11. https://care-act.org/wp-content/uploads/2023/10/CA-CARE-Training_Overview-of-CARE-Process-for-Supporters.pdf
- 12. https://www.courts.ca.gov/documents/CARE-Act-JC-Fact-Sheet-FINAL-3.20.23.pdf
- 13. https://vimeo.com/880266961?share=copy
- 14. https://www.kcra.com/article/care-court-california-mental-health-court-gets-underway/45415500
- 15. https://care-act.org/wp-content/uploads/2023/10/CA-CARE-Training_Overview-of-CARE-Process-for-Supporters.pdf
- 16. https://www.chhs.ca.gov/wp-content/uploads/2022/03/CARECourt_FAQ.pdf; https://leginfo.legislature.ca.gov/faces/billAnalysisClient.xhtml?bill_id=202120220SB1338#
- 17. ក្រមសុខុមាលភាព និងស្ថាប័ន § 5976(c).
- 18. https://www.chhs.ca.gov/wp-content/uploads/2022/03/CARECourt_FAQ.pdf