សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គឺជាសេវាកម្មដឹកជញ្ជូនសម្រាប់បុគ្គលទាំងឡាយណាដែលមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបាន ដោយសារស្ថានភាពនៃពិការភាពរបស់ពួកគេ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គឺជាសេវាកម្មដឹកជញ្ជូនសម្រាប់បុគ្គលទាំងឡាយណាដែលមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបាន ដោយសារស្ថានភាពនៃពិការភាពរបស់ពួកគេ។ ច្បាប់ស្តីពីជនពិការអាមេរិក (ADA) តម្រូវឱ្យរដ្ឋាភិបាលក្នុងមូលដ្ឋានដែលផ្តល់សេវាដឹកជញ្ជូនតាមខ្សែផ្លូវថេរ (ដូចជារថយន្ដក្រុងរបស់ក្រុង) ត្រូវផ្តល់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការផងដែរ ដើម្បីឱ្យជនមានពិការភាពទទួលបាននូវសិទ្ធិ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដោយស្មើភាពគ្នា។ សន្លឹកព័ត៌មាននេះគឺជាការណែនាំជាមូលដ្ឋានអំពីសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ សូមចូលទៅកាន់ មគ្គទេសក៍ប្រធានបទស្តីពីការដឹកជញ្ជូន ADA របស់អង្គការមូលនិធិអប់រំ និងការពារសិទ្ធិជនពិការ។
ភ្នាក់ងារដឹកជញ្ជូន ត្រូវផ្តល់ជូននូវសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការក្នុងរយៈចម្ងាយ 3/4 ម៉ាយនៃផ្លូវរត់របស់រថយន្តក្រុង ឬស្ថានីយផ្លូវដែកណាមួយ។ សេវានេះ ត្រូវមានផ្តល់ជូនក្នុងថ្ងៃដូចគ្នា និងក្នុងម៉ោងដូចគ្នាទៅនឹងសេវាដឹកជញ្ជូនធម្មតាដែរ។ គេអាចគិតប្រាក់បន្ថែមពីអ្នកសម្រាប់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ ប៉ុន្តែថ្លៃធ្វើដំណើរនេះមិនអាចថ្លៃជាងមួយគុណនឹងពីរនៃថ្លៃធ្វើដំណើរធម្មតានោះទេ។
សិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
អ្នកមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ប្រសិនបើអ្នកមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានដោយសារបញ្ហាពិការភាពរបស់អ្នក។ ដើម្បីកំណត់ថាតើអ្នកអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានដែរឬអត់នោះ ភ្នាក់ងារដឹកជញ្ជូន ត្រូវធ្វើការពិចារណាលើកត្តាមួយចំនួន។ កត្តាទាំងអស់នោះរួមមាន ពិការភាពមិនអាចដើរបាន ឬប្រើរទេះរុញទៅមកពីចំណតដឹកជញ្ជូន សមត្ថភាពនៃការចូលនិងចេញពីស្ថានីយ សមត្ថភាពក្នុងការផ្តល់សញ្ញាដើម្បីឈប់ និងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការមិនបានព្រៀងទុកណាមួយ។
ការស្នើសុំសេវាកម្ម
ទាក់ទងទៅភ្នាក់ងារដឹកជញ្ជូនក្នុងមូលដ្ឋានរបស់អ្នក ដើម្បីស្នើសុំការប្រើប្រាស់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនៅក្នុងមូលដ្ឋានរបស់អ្នក។ ទីភ្នាក់ងារនីមួយៗ មានទំនួលខុសត្រូវក្នុងការបង្កើតដំណើរការត្រួតពិនិត្យផ្ទាល់ខ្លួន ដូចនេះ លក្ខខណ្ឌតម្រូវនានាអាចមានការខុសគ្នាក្នុងពីភ្នាក់ងារដឹកជញ្ជូនមួយទៅភ្នាក់ងារដឹកជញ្ជូនមួយទៀត។ ទីភ្នាក់ងារសេវាដឹកជញ្ជូនភាគច្រើន មានគេហទំព័រមួយដែលមានទម្រង់ពាក្យស្នើសុំដែលអ្នកអាចបំពេញនិងប្រគល់ជូនតាមប្រព័ន្ធអនឡាញបាន។ អ្នកក៏អាចប្រគល់លិខិតមួយច្បាប់ទៅកាន់ភ្នាក់ងារនោះដើម្បីធ្វើការស្នើសុំសេវាបានផងដែរ។ លិខិតគំរូ ត្រូវបានបញ្ចូលនៅខាងចុងនៃប័ណ្ណព័ត៌មាននេះ។ ភ្នាក់ងារដឹកជញ្ជូន មិនត្រូវគិតប្រាក់ពីអ្នកនោះទេ សម្រាប់ការស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។
ភ្នាក់ងារដឹកជញ្ជូនអាចនឹងស្នើសុំឱ្យអ្នកផ្តល់នូវឯកសារដើម្បីគាំទ្រដល់ការស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការរបស់អ្នកតាមរយៈលិខិតបញ្ជាក់ពីគ្រូពេទ្យ ឬអ្នកជំនាញថែទាំសុខភាពផ្សេងទៀត។ ភ្នាក់ងារនេះ ក៏អាចស្នើសុំឲ្យអ្នកចូលរួមក្នុងការសម្ភាសដោយផ្ទាល់ ឬធ្វើការវាយតម្លៃដើម្បីកំណត់ថាតើអ្នកមានសិទ្ធិទទួលបានសេវានេះដែរឬទេ។
ភ្នាក់ងារដឹកជញ្ជូន ត្រូវឆ្លើយតបទៅនឹងពាក្យស្នើសុំរបស់អ្នកនៅក្នុងរយៈពេល 21 ថ្ងៃ។ ប្រសិនបើភ្នាក់ងារនោះ ពុំបានឆ្លើយតបឲ្យបានទាន់ពេលវេលាទេ ភ្នាក់ងារនោះត្រូវចាប់ផ្តើមសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។ គេអាចត្រូវបានបញ្ឈប់ផ្តល់សេវានានាបាន ប្រសិនបើចុងក្រោយពាក្យស្នើសុំរបស់អ្នកត្រូវបានគេបដិសេធចោល។ ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ត្រូវបញ្ជាក់ពីមូលហេតុជាក់លាក់ឲ្យអ្នកបានជ្រាប សម្រាប់ការបដិសេធពាក្យស្នើសុំរបស់អ្នកនេះ។
ប្រសិនបើពាក្យស្នើសុំរបស់អ្នកទទួលបានការយល់ព្រម នោះភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គប្បីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នក ដោយរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
- ឈ្មោះរបស់អ្នក
- ឈ្មោះរបស់អ្នកផ្តល់សេវាដឹកជញ្ជូន
- លេខទូរសព្ទសម្រាប់អ្នកសម្របសម្រួលសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
- កាលបរិច្ឆេទផុតកំណត់នៃសិទ្ធិទទួលបានសេវា (ជាទូទៅមានរយៈពេលពីមួយឆ្នាំទៅបីឆ្នាំ ហើយអ្នកអាចដាក់ពាក្យសុំបន្តសេវារបស់អ្នកបានបន្ទាប់ពីរយៈពេលផុតកំណត់នោះ) និង
- លក្ខខណ្ឌ ឬដែនកំណត់ណាមួយលើសិទ្ធិទទួលបានរបស់អ្នក។ ឧទាហរណ៍ អ្នកអាចមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការសម្រាប់ផ្លូវចរាចរណ៍ណាមួយ ប៉ុន្តែមិនទទួលបានសម្រាប់ផ្លូវដទៃទៀត។
ការកំណត់ពេលសេវាកម្ម
នៅពេលណាដែលមានការឯកភាព អ្នកអាចកំណត់ពេលវេលាធ្វើដំណើរបាន ដោយអនុវត្តតាមដំណើរការនៃការកំណត់ពេលរបស់ភ្នាក់ងារដឹកជញ្ជូនរបស់អ្នក។ ភ្នាក់ងារដឹកជញ្ជូន ត្រូវបានតម្រូវឲ្យផ្តល់សេវានៅថ្ងៃបន្ទាប់ និងត្រូវយល់ព្រមក្នុងការទៅយកអ្នកក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីពេលដែលអ្នកបានធ្វើការស្នើសុំ។
ភ្នាក់ងារដឹកជញ្ជូនត្រូវអនុញ្ញាតឲ្យអ្នកធ្វើដំណើរជាមួយអ្នកថែទាំផ្ទាល់ខ្លួនម្នាក់។ អ្នកថែទាំផ្ទាល់ខ្លួន គឺជាបុគ្គលណាម្នាក់ដែលជួយអ្នកធ្វើកិច្ចការមួយចំនួនក្នុងអំឡុងពេលជិះរថយន្ត និងនៅកន្លែងគោលដៅ។ ភ្នាក់ងារដឹកជញ្ជូន អាចមិនគិតថ្លៃធ្វើដំណើរសម្រាប់អ្នកថែទាំផ្ទាល់ខ្លួនរបស់អ្នកនោះទេ។ ប្រសិនបើអ្នកត្រូវការអ្នកថែទាំណាម្នាក់ ឬជឿជាក់ថាពេលខ្លះអ្នកអាចត្រូវការអ្នកថែទាំម្នាក់នៅក្បែរ ដូចនេះ អ្នកគប្បីបញ្ចូលព័ត៌មាននោះទៅក្នុងពាក្យស្នើសុំរបស់អ្នក។
ភ្នាក់ងារដឹកជញ្ជូន ក៏ត្រូវអនុញ្ញាតឲ្យអ្នកមានអ្នកអមដំណើរជាមួយអ្នកយ៉ាងតិចម្នាក់ផងដែរ។ អ្នកអមដំណើរ គឺជាបុគ្គលណាម្នាក់ដែលនឹងត្រូវធ្វើដំណើរជាមួយអ្នកដើម្បីអមដំណើរអ្នក ឬធ្វើជាមិត្តភក្តិរបស់អ្នក។ អ្នកថែទាំអ្នក មិនត្រូវបានរាប់បញ្ចូលថាជាអ្នកអមដំណើរនោះទេ។ ភ្នាក់ងារដឹកជញ្ជូន មានសិទ្ធិក្នុងការគិតថ្លៃធ្វើដំណើរលើអ្នកអមដំណើររបស់អ្នក ប៉ុន្តែថ្លៃធ្វើដំណើរនោះ មិនអាចថ្លៃជាងគុណនឹងពីរនៃថ្លៃសេវាធ្វើដំណើរធម្មតានោះទេ។
ការបដិសេធ និងការបាត់បង់សេវាកម្ម
អ្នកក៏អាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍សម្រាប់ការបដិសេធលើសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះបានផងដែរ។ បណ្តឹងឧទ្ធរណ៍ត្រូវទទួលបានក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីការបដិសេធលើការស្នើសុំរបស់អ្នក។ ភ្នាក់ងារខ្លះ អាចផ្តល់ពេលវេលាបន្ថែមដល់អ្នកសម្រាប់ដាក់បណ្តឹងឧទ្ធរណ៍នេះ។ អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរក៏បាន។
ភ្នាក់ងារដឹកជញ្ជូន មានពេល 30 ថ្ងៃ ដើម្បីធ្វើការឆ្លើយតបនឹងបណ្តឹងឧទ្ធរណ៍របស់អ្នក។ ការឆ្លើយតបត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ប្រសិនបើភ្នាក់ងារនោះ ពុំបានឆ្លើយតបឲ្យបានទាន់ពេលវេលាទេ ភ្នាក់ងារនោះ ត្រូវផ្តល់ជូននូវសេវាកម្មតែម្តង លើកលែងតែ និងទាល់តែខ្លួនបដិសេធលើបណ្តឹងឧទ្ធរណ៍នោះ។
ភ្នាក់ងារដឹកជញ្ជូន អាចបញ្ឈប់ ឬពន្យារពេលសេវាកម្មរបស់អ្នកបាន ប្រសិនបើអ្នកពាក់ព័ន្ធនឹងអំពើហឹង្សា ការបង្កការរំខានធ្ងន់ធ្ងរ ឬសកម្មភាពខុសច្បាប់ ឬប្រសិនបើអ្នកមានទម្រង់នៃការខកខានការធ្វើដំណើរដែលបានកំណត់ពេលវេលារួចជាញឹកញាប់។ គ្រោះថ្នាក់ ឬឧបទ្ទវហេតុមួយលើក មិនចាត់ទុកជាទម្រង់នៃការខកខាននេះទេ។ មានតែសកម្មភាពដោយចេតនា ដដែលៗ ឬជាប្រចាំប៉ុណ្ណោះ ដែលគប្បីត្រូវចាត់ទុកជាទម្រង់នៃការខកខានការធ្វើដំណើរនេះ។
ភ្នាក់ងារដឹកជញ្ជូន ត្រូវជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរ ថាតើខ្លួនមានគម្រោងក្នុងការបញ្ឈប់ឬពន្យារពេលសេវាកម្មដែរឬទេ។ ការជូនដំណឹងនេះ ត្រូវបញ្ជាក់ពីសេវាជាក់លាក់ណាមួយដែលពួកគេគ្រោងនឹងធ្វើការពន្យារពេល និងត្រូវបញ្ជាក់ពីមូលហេតុនៃការពន្យារពេលនេះ។ ការជូនដំណឹងនេះ ក៏ត្រូវផ្តល់ជូននូវកាលបរិច្ឆេទដែលសេវាកម្មនោះនឹងត្រូវបន្តវិញផងដែរ។ ភ្នាក់ងារដឹកជញ្ជូន គប្បីផ្តល់ឱកាសដល់អ្នកក្នុងការដាក់បណ្តឹងឧទ្ធរណ៍លើការពន្យារពេលនោះផងដែរ។ សេវាកម្ម គប្បីត្រូវបន្តផ្តល់ជូនក្នុងអំឡុងដំណើរការនៃបណ្តឹងឧទ្ធរណ៍នេះ។
ភ្នាក់ងារដឹកជញ្ជូន អាចតម្រូវឲ្យមានការបញ្ចាក់ជាថ្មីចំពោះសិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។ អ្នកអាចបាត់បង់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ប្រសិនបើភ្នាក់ងារកំណត់ថា អ្នកលែងមានសិទ្ធិទទួលបានសេវាកម្មនេះទៀត។
សេវាជំនួយគាំទ្រដែលសមស្រប
ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ត្រូវតែធ្វើការកែសម្រួលសមស្រប (ឬហៅម្យ៉ាងទៀតថា ការសម្របសម្រួលសមស្រប) នៅពេលចាំបាច់ ដើម្បីចៀសវាងការរើសអើងដោយផ្អែកលើពិការភាព។ ការសម្របសម្រួលសមស្របគឺជាការផ្លាស់ប្តូរ ឬការលើកលែងចំពោះវិធាន ការអនុវត្ត ឬគោលនយោបាយ ដែលចាំបាច់សម្រាប់ឱ្យជនពិការទទួលបាននូវសិទ្ធិចូលប្រើប្រាស់ដោយស្មើភាពគ្នា។ នេះគឺជាឧទាហរណ៍មួយចំនួននៃការសម្របសម្រួលសមស្របនៅក្នុងសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ៖
- ការទៅយកនៅទីតាំងផ្សេងជំនួសវិញ ប្រសិនបើទីតាំងទទួលជាប្រចាំរបស់អ្នកមិនអាចចូលទៅដល់បានដោយសារការដ្ឋានសំណង់។
- ការស្នើសុំជំនួយក្នុងការបំពេញពាក្យសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ប្រសិនបើអ្នកមិនអាចសរសេរ ឬមិនអាចប្រើប្រាស់កុំព្យូទ័របាន។
ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ត្រូវតែផ្តល់ការសម្របសម្រួលសមស្រប លើកលែងតែការសម្របសម្រួលនោះនឹងធ្វើឱ្យមានការផ្លាស់ប្តូរជាចម្បងនៃសេវាកម្ម។ ឧទាហរណ៍នៃការផ្លាស់ប្តូរជាចម្បង គឺការស្នើសុំឱ្យសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការបើកបរជូនអ្នកទៅកាន់ទីតាំងដែលស្ថិតនៅក្រៅតំបន់សេវាកម្ម។
ការដោះស្រាយបញ្ហាជាមួយភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
ប្រសិនបើអ្នកមានបញ្ហាជាមួយភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ អ្នកអាចដាក់ពាក្យបណ្តឹង ឬពាក្យបណ្តឹងសាទុក្ខបាន។ ប្រសិនបើភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការមានការរើសអើងចំពោះអ្នក អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងទៅកាន់ទីភ្នាក់ងាររដ្ឋាភិបាល ឬដាក់ពាក្យប្តឹងទៅតុលាការបាន។
បណ្តឹងសេវាអតិថិជន
បណ្តឹងសេវាអតិថិជន គឺជាមធ្យោបាយក្រៅផ្លូវការមួយក្នុងការបញ្ជាក់ពីការមិនពេញចិត្តទូទៅចំពោះសេវាកម្ម ឬអាកប្បកិរិយាណាមួយ ដែលអាចនឹងមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរើសអើង ឬការរំលោភលើច្បាប់ ADA នោះទេ។ ឧទាហរណ៍ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពក្នុងអំឡុងពេលធ្វើដំណើរ ដោយសារអ្នកបើកបរបានបើកបរល្មើសភ្លើងស្តុបក្រហម ឬបើកបរលើសល្បឿនកំណត់ អ្នកអាចដាក់ពាក្យបណ្តឹងសេវាអតិថិជនបាន។ ខោនធីមួយចំនួនមានរាយបញ្ជីអ៊ីមែលជាក់លាក់សម្រាប់ផ្នែកសេវាអតិថិជននៅលើគេហទំព័ររបស់ពួកគេ។ សូមជម្រាបជូនថា ចំពោះបណ្តឹងសេវាអតិថិជន អ្នកអាចនឹងមិនទទួលបានការឆ្លើយតប ឬដំណោះស្រាយណាមួយឡើយ។
បណ្តឹងសាទុក្ខ
យោងតាមច្បាប់ ADA រាល់អង្គភាពសាធារណៈទាំងឡាយណាដែលមានបុគ្គលិកចាប់ពី 50 នាក់ឡើងទៅ ត្រូវតែរៀបចំឱ្យមាននីតិវិធីនៃពាក្យបណ្តឹងតវ៉ា និងចាត់តាំងអ្នកសម្របសម្រួល ADA ម្នាក់ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយរាល់ពាក្យបណ្តឹងសាទុក្ខទាំងនោះ។ អង្គភាពសាធារណៈទាំងឡាយដែលទទួលបានហិរញ្ញប្បទានសហព័ន្ធ ក៏ត្រូវស្ថិតនៅក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 ផងដែរ ហើយត្រូវតែមានអ្នកសម្របសម្រួលផ្នែក 504 ម្នាក់។
ប្រសិនបើសំណើសុំការសម្របសម្រួលសមស្របណាមួយរបស់អ្នកត្រូវបានគេព្រងើយកន្តើយ ឬត្រូវបានបដិសេធដោយខុសឆ្គង ឬក្នុងករណីដែលអ្នកបានជួបប្រទះនូវប្រភេទនៃការរើសអើងលើពិការភាពផ្សេងទៀត អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងសាទុក្ខ។ ភ្នាក់ងារដឹកជញ្ជូនពិសេសសម្រាប់ជនពិការគួរតែមានគោលនយោបាយបណ្តឹងសាទុក្ខដែលពន្យល់ពីរបៀបដាក់ពាក្យបណ្តឹងសាទុក្ខ ត្រូវផ្ញើពាក្យបណ្តឹងទៅអ្នកណា និងកាលផុតកំណត់សម្រាប់ដាក់ពាក្យបណ្តឹងសាទុក្ខ។ ខោនធីមួយចំនួនមានទម្រង់បែបបទនៅលើគេហទំព័ររបស់ពួកគេ ដែលអ្នកអាចប្រើដើម្បីដាក់ពាក្យបណ្តឹងសាទុក្ខបាន។ ប្រសិនបើខោនធីរបស់អ្នកមិនមានទម្រង់បែបបទទេ អ្នកអាចប្រើគំរូនៅចុងបញ្ចប់នៃសន្លឹកព័ត៌មាននេះបាន។ គោលនយោបាយរបស់ខោនធីគួរតែប្រាប់អ្នកថាត្រូវផ្ញើពាក្យបណ្តឹងរបស់អ្នកទៅអ្នកណា។ ប្រសិនបើវាមិនដំណើរការទេ អ្នកអាចផ្ញើពាក្យបណ្តឹងសាទុក្ខរបស់អ្នកទៅកាន់អ្នកសម្របសម្រួល ADA។ ប្រសិនបើអង្គភាពនេះមានបុគ្គលិកតិចជាង 50 នាក់ ហើយមិនមានអ្នកសម្របសម្រួល ADA ទេ អ្នកអាចផ្ញើពាក្យបណ្តឹងសាទុក្ខទៅកាន់នាយក ឬប្រធានមន្ត្រីរបស់អង្គភាពសាធារណៈបាន។
គន្លឹះក្នុងការដាក់ពាក្យបណ្តឹងសាទុក្ខ៖
ត្រូវសរសេរបញ្ចូលឈ្មោះរបស់អ្នក ព័ត៌មានទំនាក់ទំនងរបស់អ្នក កាលបរិច្ឆេទនៃឧប្បត្តិហេតុ ការពិពណ៌នាលម្អិតអំពីអ្វីដែលបានកើតឡើង និងអ្វីដែលអ្នកចង់ឱ្យភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការធ្វើដើម្បីដោះស្រាយបញ្ហាជានិច្ច។
ខោនធីជាច្រើនស្នើសុំព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតដូចជាពេលវេលា និងទីតាំងនៃឧប្បត្តិហេតុ និងឈ្មោះបុគ្គលិកដែលពាក់ព័ន្ធ ប្រសិនបើមាន។ ខោនធីមួយចំនួនស្នើសុំព័ត៌មានដូចជា អត្តសញ្ញាណបុគ្គលិក អត្តសញ្ញាណយានយន្ត ឬលេខផ្លូវ ឬចំណតដែលរថយន្ដក្រុងកំពុងឆ្ពោះទៅនៅពេលដែលហេតុការណ៍នេះបានកើតឡើង។
ប្រសិនបើអ្នកមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយដែលខោនធីស្នើសុំទេ អ្នកគួរតែដាក់ពាក្យបណ្តឹងសាទុក្ខរបស់អ្នក - គ្រាន់តែព្យាយាមពិពណ៌នាអ្វីៗគ្រប់យ៉ាងឱ្យបានជាក់លាក់តាមដែលអាចធ្វើទៅបានជាមួយនឹងព័ត៌មានដែលមានសម្រាប់អ្នក។ អ្នកគួរតែកត់ត្រាព័ត៌មានពីហេតុការណ៍នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកមានព័ត៌មានដែលអាចរកបាននៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់ដើម្បីដាក់ពាក្យបណ្តឹងសាទុក្ខ។
បណ្តឹងរដ្ឋបាល
ពាក្យបណ្តឹង CRD៖
នាយកដ្ឋានសិទ្ធិពលរដ្ឋ (CRD) គឺជាទីភ្នាក់ងាររដ្ឋកាលីហ្វ័រញ៉ាដែលអនុវត្តច្បាប់សិទ្ធិពលរដ្ឋរបស់រដ្ឋ។ ការរំលោភលើ ADA ណាមួយក៏ជាការរំលោភលើច្បាប់ Unruh ដែលហាមឃាត់ការរើសអើងដោយគ្រឹះស្ថានអាជីវកម្មផងដែរ។ ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការក៏ត្រូវបានធានារ៉ាប់រងដោយច្បាប់ស្តីពីការប្រឆាំងការរើសអើងផ្សេងទៀតដូចជាច្បាប់ស្តីពីជនពិការ និងក្រមរដ្ឋាភិបាលលេខ 11135 ផងដែរ។ ប្រសិនបើអ្នកជឿថា ភ្នាក់ងារដឹកជញ្ជូនណាមួយបានរើសអើងអ្នក អ្នកអាចដាក់ពាក្យបណ្តឹងជាមួយ CRD បាន។ ត្រូវតែដាក់ពាក្យបណ្តឹងទៅ CRD ក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីពេលដែលការរើសអើងបានកើតឡើង។
ចុចទីនេះសម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដាក់ពាក្យបណ្តឹង CRD។
ឬអ្នកអាចទូរសព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនង CRD តាមរយៈលេខ (800) 884-1684 ឬ (800) 700-2320 (TTY)។ អ្នកក៏អាចអញ្ជើញទៅការិយាល័យ CRD ប្រចាំតំបន់ដោយផ្ទាល់បានដែរ។ ចុចទីនេះសម្រាប់ការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានទំនាក់ទំនងរបស់ CRD។
ពាក្យបណ្តឹង FTA៖
ការិយាល័យសិទ្ធិពលរដ្ឋនៃរដ្ឋបាលដឹកជញ្ជូនសហព័ន្ធសហរដ្ឋអាមេរិក (FTA) គឺជាទីភ្នាក់ងារសហព័ន្ធដែលទទួលខុសត្រូវក្នុងការអនុវត្តច្បាប់សិទ្ធិពលរដ្ឋក្នុងការដឹកជញ្ជូនសាធារណៈ។ ប្រសិនបើអ្នកជឿថា ទីភ្នាក់ងារដឹកជញ្ជូនរបស់អ្នកបានរំលោភលើសិទ្ធិរបស់អ្នក អ្នកអាចដាក់ពាក្យបណ្តឹងជាមួយ FTA បាន។ FTA នឹងស៊ើបអង្កេតពាក្យបណ្តឹងនេះ ដើម្បីមើលថាតើភ្នាក់ងារដឹកជញ្ជូនបានបំពានច្បាប់ឬអត់។ ប្រសិនបើ FTA កំណត់ថា ភ្នាក់ងារដឹកជញ្ជូនបានបំពានច្បាប់ ពួកគេនឹងជូនដំណឹងដល់ភ្នាក់ងារដឹកជញ្ជូនអំពីការរំលោភបំពានទាំងនោះ ហើយកំណត់កាលបរិច្ឆេទផុតកំណត់សម្រាប់ភ្នាក់ងារដើម្បីដោះស្រាយបញ្ហា។
កាលបរិច្ឆេទផុតកំណត់ដើម្បីដាក់ពាក្យបណ្តឹងជាមួយ FTA គឺ 180 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែលការរើសអើងបានកើតឡើង។ FTA សូមលើកទឹកចិត្តយ៉ាងមុតមាំឲ្យបុគ្គលទាំងឡាយធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការអំពីបញ្ហាដែលបានកើតឡើង មុនពេលដាក់ពាក្យបណ្តឹង។
ទម្រង់ពាក្យបណ្តឹង FTA៖
ចុចទីនេះសម្រាប់ទម្រង់ពាក្យបណ្តឹងសិទ្ធិពលរដ្ឋ FTA។
អ្នកអាចផ្ញើអ៊ីមែលពាក្យទម្រង់ដែលបានបំពេញរួចទៅកាន់ FTACivilRightsCommunications@dot.gov ឬផ្ញើវាទៅកាន់៖
Federal Transit Administration
Office of Civil Rights
ជូនចំពោះ៖ Complaint Team
East Building, 5th Floor – TCR
1200 New Jersey Avenue, SE
Washington, DC 20590
លេខទូរសព្ទទាន់ហេតុការណ៍ស្តីពីសិទ្ធិពលរដ្ឋ FTA៖ 1-888-446-4511
បណ្តឹងវិវាទ
ការរំលោភបំពានច្បាប់ដែលបានពិភាក្សាខាងលើ ក៏អាចនឹងត្រូវពង្រឹងការអនុវត្តច្បាប់ផងដែរ តាមរយៈពាក្យបណ្តឹងផ្ទាល់ខ្លួន។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលរឹតបន្តឹងចំពោះពេលវេលាសម្រាប់ការដាក់បណ្តឹងវិវាទនេះ ហើយចាំថាអ្នកអាចបាត់បង់ឱកាសក្នុងការទាមទារ ប្រសិនបើអ្នកពុំបានចាត់វិធានការក្នុងអំឡុងពេលនៃអាជ្ញាយុកាលជាធរមាននេះទេ។ កាលបរិច្ឆេទទាំងនេះ អាចមានរយៈពេលខ្លីត្រឹមពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃសកម្មភាពរើសអើងត្រូវបានប្រព្រឹត្តឡើង។ ប្រសិនបើអ្នកចង់បន្តបណ្តឹងនោះ អ្នកគួរតែពិភាក្សាជាមួយមេធាវីឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកទាមទារសំណងខូចខាតក្នុងទឹកប្រាក់តិចជាង $12,500 នោះ ជម្រើសមួយទៀតគឺត្រូវដាក់ពាក្យបណ្តឹងរើសអើងទៅកាន់តុលាការទទួលបន្ទុកបណ្តឹងតូចតាច។ ការកំណត់របស់ច្បាប់ដែលបានពិភាក្សាខាងលើនឹងអនុវត្ត។ អ្នកមិនអាចប្រើមេធាវីបានទេ ក្នុងករណីអ្នកទៅប្តឹងនៅតុលាការសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាននោះ។ សូមចុចទីនេះ សម្រាប់មគ្គទេសក៍ស្វ័យជំនួយរបស់តុលាការកាលីហ្វ័រញ៉ាស្តីពីបណ្តឹងតូចតាចនៅរដ្ឋកាលីហ្វ័រញ៉ា។
ឯកសារយោង និងសម្ភារៈឯកសារបន្ថែម
28 C.F.R. § 35.107
28 C.F.R. § 35.130
តួនាទីរបស់អ្នកសម្របសម្រួល ADA បណ្តាញជាតិ ADA (2023)។
គំរូលិខិតដើម្បីស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
[កាលបរិច្ឆេទ]
ជូនចំពោះ [ទីភ្នាក់ងារដឹកជញ្ជូន]៖
ខ្ញុំសរសេរលិខិតនេះដើម្បីស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ដោយសារបញ្ហា [ពិការភាព]/ របស់ខ្ញុំ។ ខ្ញុំពុំអាចប្រើប្រាស់ប្រព័ន្ធផ្លូវរត់ដែលបានកំណត់រួចនោះទេ ដោយសារ [រៀបរាប់អំពីឧបសគ្គនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ឧ.ទា. ចំណតរថយន្តមិនអាចចេញចូលបាន]។
[គ្រូពេទ្យ / ពេទ្យវិកលចរិត / ចិត្តវិទូ / គ្រូពេទ្យព្យាបាលដោយចលនា / បុគ្គលិកសង្គមកិច្ច / គ្រូពេទ្យព្យាបាលសប្បទាវិជ្ជាជីវៈ / បុគ្គលដទៃផ្សេងទៀត (សូមរៀបរាប់)] របស់ខ្ញុំ បានចាត់ទុកសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះថាចាំបាច់ដោយផ្អែកលើពិការភាពរបស់ខ្ញុំ។ សូមមេត្តាពិនិត្យលិខិតដូចបានភ្ជាប់មកជាមួយពី [ឈ្មោះវេជ្ជបណ្ឌិត ឬអ្នកជំនាញ]។
ខ្ញុំចង់ប្រើសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការសម្រាប់ការធ្វើដំណើរខាងក្រោមជាប្រចាំ៖ [សរសេរបញ្ចូលនូវកាលបរិច្ឆេទ/ពេលវេលាធ្វើដំណើរ ទីតាំងទៅយក និងដាក់ចុះ]។
[ខ្ញុំនឹងត្រូវការជំនួយពីអ្នកថែទាំម្នាក់សម្រាប់ការធ្វើដំណើរ (មួយចំនួន/ទាំងអស់) ដើម្បីជួយខ្ញុំ (ក្នុងអំឡុងពេលជិះរថយន្ត/នៅកន្លែងគោលដៅរបស់ខ្ញុំ)។ (សូមរៀបរាប់ពីតម្រូវការអ្នកថែទាំ)។]
ច្បាប់របស់សហព័ន្ធនិងច្បាប់រដ្ឋតម្រូវឲ្យទីភ្នាក់ងារដឹកជញ្ជូនផ្តល់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការជូនដល់បុគ្គលដែលមានពិការភាពដែលមិនអាចប្រើប្រាស់ប្រព័ន្ធផ្លូវរត់ដែលកំណត់ជាស្រេចបាន។ សូមធ្វើការឆ្លើយតបទៅនឹងសំណើសុំនេះ ក្នុងរយៈពេល 21 ថ្ងៃ ទៅតាមការតម្រូវដោយច្បាប់។ សូមមេត្តាកុំស្ទាក់ស្ទើក្នុងការទាក់ទងមកខ្ញុំតាមរយៈ [លេខទូរសព្ទរបស់អ្នក និង / ឬ អ៊ីម៉ែល] ប្រសិនបើអ្នកមានជាសំណួរនោះ។ សូមអរគុណ។
ដោយសេចក្តីគោរពរាប់អាន
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតគាំទ្រ
[កាលបរិច្ឆេទ]
គោរពជូន [ក្រុមហ៊ុន]៖
ខ្ញុំជា [គ្រូពេទ្យ / គ្រូពេទ្យវិកលចរឹត / អ្នកចិត្តវិទូរ / គ្រូពេទ្យព្យាបាលដោយចលនា / បុគ្គលិកសង្គមកិច្ច / គ្រូពេទ្យព្យាបាលសម្បទាវិជ្ជាជីវៈ/ ផ្សេងទៀត] សម្រាប់ [ឈ្មោះ] ហើយខ្ញុំដឹងច្បាស់ពីលក្ខខណ្ឌស្ថានភាព [របស់គាត់/នាង]។ [គាត់/នាង] មានពិការភាពដែលបណ្តាលឲ្យមានកម្រិតលើមុខងារជាក់លាក់មួយចំនួន។ បញ្ហាទាំងនេះ រួមមាន [រៀបរាប់ពីបញ្ហាមិនអាចបំពេញមុខងារបាន ដែលតម្រូវឲ្យមានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការដែលបានស្នើសុំនេះ]។
[ឈ្មោះ] ពុំអាចប្រើប្រាស់ប្រព័ន្ធផ្លូវរត់ដែលបានកំណត់ជាស្រេចនោះទេ។ [រៀបរាប់ពីរបៀបដែលឧបសគ្គនោះរារាំងដល់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ។ ប្រសិនបើត្រូវការអ្នកថែទាំណាម្នាក់ សូមរៀបរាប់អំពីតម្រូវការសម្រាប់អ្នកថែទាំនោះ].
សូមអរគុណសម្រាប់ការផ្តល់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះជូនដល់ [ឈ្មោះ]។
ដោយសេចក្តីគោរពអំពីខ្ញុំ
[ឈ្មោះនិងមុខតំណែង]
គំរូទម្រង់ពាក្យបណ្តឹងសាទុក្ខ
កាលបរិច្ឆេទ៖ [កាលបរិច្ឆេទនៅថ្ងៃនេះ]
ជូនចំពោះ៖ [ភ្នាក់ងារដឹកជញ្ជូន]
មកពី៖ [ឈ្មោះរបស់អ្នក]
អាសយដ្ឋាន៖ [អាសយដ្ឋានផ្ទះរបស់អ្នក]
អាសយដ្ឋានអ៊ីមែល៖ [អាសយដ្ឋានអ៊ីមែលរបស់អ្នក]
លេខទូរសព្ទ៖ [លេខទូរសព្ទរបស់អ្នក]
លេខសម្គាល់អ្នកជិះ៖ [លេខសម្គាល់អ្នកជិះរបស់អ្នក]
ជូនចំពោះ [អ្នកសម្របសម្រួល ADA ឬភ្នាក់ងារដឹកជញ្ជូន]៖
ខ្ញុំសូមដាក់ពាក្យបណ្តឹងសាទុក្ខជាផ្លូវការនេះ ដើម្បីរាយការណ៍ថា ខ្ញុំត្រូវបានរើសអើងដោយ [ឈ្មោះភ្នាក់ងារដឹកជញ្ជូន] កាលពីថ្ងៃទី [កាលបរិច្ឆេទនៃហេតុការណ៍] វេលាម៉ោងប្រហែល [ម៉ោងនៃហេតុការណ៍] ដោយផ្អែកលើពិការភាពរបស់ខ្ញុំ ដែលនេះគឺជាការរំលោភលើច្បាប់ស្តីពីជនពិការអាមេរិក។
[ការពិពណ៌នាសង្ខេបអំពីហេតុការណ៍]
ប្រភេទនៃសកម្មភាពដែលបានស្នើសុំ៖
- ស៊ើបអង្កេតបញ្ហា
- ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក/អ្នកបើកបរ
- កែលម្អនីតិវិធីភាពងាយស្រួលចូលប្រើប្រាស់
- ការពារបញ្ហានេះពីការកើតឡើងម្តងទៀត
- [ផ្សេងៗ]
សូមអរគុណចំពោះការពិនិត្យឡើងវិញនូវបណ្តឹងសាទុក្ខនេះ និងសម្រាប់ការគាំទ្រដល់ការទទួលបានមធ្យោបាយធ្វើដំណើរស្មើភាពគ្នាសម្រាប់ជនមានពិការភាព។ ខ្ញុំចង់ឱ្យគេតាមដានតាម [ទូរសព្ទ/អ៊ីមែល] របស់ខ្ញុំដែលមានរាយខាងលើ។
[ហត្ថលេខា]
[ឈ្មោះជាអក្សរពុម្ព]


