ការទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយតាមរយៈសាលារៀនរបស់កូនអ្នក

ការទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយតាមរយៈសាលារៀនរបស់កូនអ្នក
ឧបករណ៍បច្ចេកវិជ្ជាជំនួយ ត្រូវបានកំណត់និយមន័យពីរដងដោយច្បាប់ការអប់រំពិសេសរបស់រដ្ឋាភិបាលសហព័ន្ធ ។ និយមន័យចំពោះពាក្យនេះ ត្រូវបានកំណត់ជាពិសេសដោយ (IDEA, Individuals with Disabilities Education Act) ថាជា “របស់ ចំណែកនៃឧបករណ៍ ឬប្រព័ន្ធផលិតផល មិនថាជាផលិតផលដែលមានលក់ជាទូទៅ ផលិតផលដែលត្រូវបានកែសម្រួល ឬកែប្រែឲ្យស្របទៅតាមលក្ខណៈបុគ្គល ដែលត្រូវបានគេប្រើដើម្បីបង្កើន ថែរក្សា ឬជម្រុញសមត្ថភាពការធ្វើចលនារាងកាយរបស់កុមារពិការ”
1. តើអ្វីជាឧបករណ៍បច្ចេកវិជ្ជាជំនួយនៅក្នុងការអប់រំពិសេស (assistive technology)?
ឧបករណ៍បច្ចេកវិជ្ជាជំនួយ ត្រូវបានកំណត់និយមន័យពីរដងដោយច្បាប់ការអប់រំពិសេសរបស់រដ្ឋាភិបាលសហព័ន្ធ ។ និយមន័យចំពោះពាក្យនេះ ត្រូវបានកំណត់ជាពិសេសដោយ (IDEA, Individuals with Disabilities Education Act) ថាជា “របស់ ចំណែកនៃឧបករណ៍ ឬប្រព័ន្ធផលិតផល មិនថាជាផលិតផលដែលមានលក់ជាទូទៅ ផលិតផលដែលត្រូវបានកែសម្រួល ឬកែប្រែឲ្យស្របទៅតាមលក្ខណៈបុគ្គល ដែលត្រូវបានគេប្រើដើម្បីបង្កើន ថែរក្សា ឬជម្រុញសមត្ថភាពការធ្វើចលនារាងកាយរបស់កុមារពិការ” ។ 20 ក្រមសហរដ្ឋអាមេរិក (U.S.C., United States Code) វគ្គទី1401(1) ។ និយត្តកម្មការឆ្លើយតប គឺសំដៅលើបច្ចេកវិជ្ជាជំនួយដែលជាឧបករណ៍ ឬសេវាកម្មណាមួយដែលកូនរបស់អ្នកត្រូវការ ដើម្បីជួយឲ្យគេអាចទទួលបានផលប្រយោជន៍ពីសេវាកម្មការអប់រំពិសេសរបស់គេ ឬសេវាកម្មដែលពាក់ព័ន្ធ ឬអាចជួយឲ្យកូនអ្នកទទួលបានការអប់រំរបស់ពួកគេនៅក្នុងបរិស្ថានដែលមានការកំហិតតិចតួចបំផុត ។ 34 ក្រមនិយត្តកម្មសហព័ន្ធ (C.F.R., Code of Federal Regulations) វគ្គទី 300.110 និងវគ្គទី 300.114 ។
2. តើនរណាមានសិទ្ធិទទួលបានសេវាកម្មផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយ?
ក្មេងពិការដែលត្រូវការសេវាកម្មអប់រំពិសេសដើម្បីជួយឲ្យរូបគេទទួលបានផលប្រយោជន៍ពីការអប់រំ គឺជាអ្នកដែលមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស និងសេវាកម្មនានាដែលពាក់ព័ន្ធ ។ សេវាកម្មនានាដែលពាក់ព័ន្ធ មានរួមបញ្ចូលនូវឧបករណ៍បច្ចេកវិជ្ជាជំនួយ ។ សម្រាប់ព័ត៌មានលំអិត អំពីអ្វីដែលចាត់ទុកថាជាសេវាកម្មបច្ចេកវិជ្ជាជំនួយ សូមអានឯកសារបោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ស្តីអំពីសិទ្ធិទទួលបានការអប់រំពិសេស និងការទទួលខុសត្រូវ (SERR, Special Education Rights and Responsibilities) សៀវភៅក្បួនខ្នាត ក្នុងជំពូកទី 5 ព័ត៌មានអំពីសេវាកម្មនានាដែលពាក់ព័ន្ធ (Information on Related Services) ដែលមាននៅឯ ៖ http://www.disabilityrightsca.org/pubs/504001.pdf។
3. តើខ្ញុំអាចស្នើសុំឧបករណ៍បច្ចេកវិជ្ជាជំនួយដោយរបៀបណា?
អ្នកអាចស្នើសុំឧបករណ៍បច្ចេកវិជ្ជាជំនួយតាមរយៈផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល (IEP, Individualized Education Plan) ឬស្នើសុំឲ្យមានការវាយតម្លៃអំពីតម្រូវការឧបករណ៍បច្ចេកវិជ្ជាជំនួយ ។ សម្រាប់ព័ត៌មានលំអិតបន្ថែម អំពីការវាយតម្លៃ សូមអានឯកសារបោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ស្តីអំពី សិទ្ធិទទួលបានការអប់រំពិសេស និងការទទួលខុសត្រូវ (SERR) សៀវភៅក្បួនខ្នាត ក្នុងជំពូកទី 2 ព័ត៌មានអំពីការវាយតម្លៃ/ការប៉ាន់ប្រមាណ (Information on Evaluations/Assessments) ដែលមាននៅឯ ៖ http://www.disabilityrightsca.org/pubs/504001.pdf ។
4. តើខ្ញុំអាចឲ្យគេដាក់បញ្ចូលឧបករណ៍បច្ចេកវិជ្ជាជំនួយ ក្នុងផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល របស់កូនខ្ញុំបានដោយរបៀបណា?
កូនរបស់អ្នកត្រូវតែត្រូវការឧបករណ៍បច្ចេកវិជ្ជាជំនួយ ដើម្បីជួយឲ្យគេអាចទទួលបានផលប្រយោជន៍ពីការអប់រំពិសេស ។ ឧបករណ៍បច្ចេកវិជ្ជាជំនួយ អាចជាផ្នែកមួយនៃគោលបំណង និងទិសដៅរបស់កូនអ្នកសម្រាប់ការអប់រំពិសេស ។ 34 C.F.R. វគ្គទី 300.39 ។ ឧទាហរណ៍ កូនរបស់អ្នកអាចត្រូវការឧបករណ៍ទំនាក់ទំនង ដើម្បីជួយគេក្នុងការឆ្លើយសំណួរ និងនិយាយជាមួយគ្រូ ឬមិត្តរបស់គេ ។ ឧបករណ៍បច្ចេកវិជ្ជាជំនួយអាចជាផ្នែកមួយនៃសេវាកម្មដែលពាក់ព័ន្ធ ។ 34 C.F.R. វគ្គទី300.34 ។ វាអាចជាសេវាកម្មដែលពាក់ព័ន្ធ ឬជួយឲ្យកូនអ្នកអាចទទួលបានផលប្រយោជន៍ពីសេវាកម្មដែលពាក់ព័ន្ធ ។ ឧបករណ៍បច្ចេកវិជ្ជាជំនួយ អាចជាឧបករណ៍ ឬសេវាកម្មជំនួយបន្ថែម ដែលជួយឲ្យកូនអ្នកអាចទទួលការអប់រំក្នុងបរិស្ថានដែលមានកំហិតតិចបំផុត ។ 34 C.F.R. វគ្គទី 300.42 និងវគ្គទី 300.114(a)(2) ។ សមាជិកក្រុមផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល គួរពិចារណាចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយ ដែលជួយឲ្យកូនអ្នកអាចរៀនបាននៅក្នុងថ្នាក់រៀនធម្មតា មុនពេលពិចារណាឲ្យគេរៀនក្នុងបរិស្ថានដែលមានកំហិតខ្លាំង ។
សមាជិកក្រុមផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល ត្រូវបានតម្រូវឲ្យពិចារណាអំពីតម្រូវការរបស់កុមារចំពោះឧបករណ៍ និង/ឬសេវាកម្មបច្ចេកវិជ្ជាជំនួយ នៅពេលរៀបចំផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល ។ 20 U.S.C. វគ្គទី1414(d)(3)(B)(v) ។ បើកូនរបស់អ្នកជាជនពិការភ្នែកដែលត្រូវការពុម្ពអក្សរសម្រាប់មនុស្សងងឹតភ្នែក ពេលនោះសមាជិកក្រុមផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល ត្រូវរៀបចំឲ្យមានការបង្រៀនពុម្ពអក្សរសម្រាប់មនុស្សពិការភ្នែក និងការប្រើប្រាស់វា ។ ករណីលើកលែងមានតែមួយគឺ នៅពេលដែលសមាជិកក្រុមផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល កំណត់ថាការប្រើប្រាស់ពុម្ពអក្សរសម្រាប់មនុស្សពិការភ្នែក គឺវាមិនមានភាពសមរម្យសម្រាប់កូនអ្នកឡើយ ក្រោយពេលពួកគេធ្វើការវាយតម្លៃពីតម្រូវការបច្ចុប្បន្ន និងអនាគតរបស់កូនអ្នក ។ 20 U.S.C. វគ្គទី 1414(3)(B)(iii) ។
5. តើនរណាជាម្ចាស់កម្មសិទ្ធិចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយដែលសាលាទិញឲ្យសិស្ស?
ឧបករណ៍ដែលសាលាជាអ្នកទិញ គឺជាកម្មសិទ្ធិរបស់សាលា ។ ឧបករណ៍នេះត្រូវទុកនៅសាលា បើកូនរបស់អ្នកប្តូរទៅកាន់មណ្ឌលសិក្សាផ្សេង ។
6. តើកូនរបស់ខ្ញុំអាចយកឧបករណ៍បច្ចេកវិជ្ជាជំនួយដែលសាលាទិញឲ្យប្រើ មកផ្ទះបានទេ?
អាចយកទៅបាន ។ បើកូនរបស់អ្នកត្រូវការឧបករណ៍បច្ចេកវិជ្ជាជំនួយសម្រាប់ប្រើនៅផ្ទះ ដើម្បីជួយឲ្យមានភាពរីកចម្រើនឈានទៅរកគោលបំណងផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គលរបស់គេ ។ មណ្ឌលសិក្សាស្រុក មិនអាចកំណត់ឲ្យកូនអ្នកអាចប្រើឧបករណ៍ជំនួយតែនៅសាលាឡើយ ប្រសិនបើសិស្សរូបនេះត្រូវការប្រើវានៅផ្ទះ ដើម្បីជួយឲ្យគេអាចទទួលបានការអប់រំសាធារណៈដែលមានភាពសមរម្យ និងមិនបាច់បង់ថ្លៃ (FAPE, free, appropriate, public education) ។ បើឧបករណ៍នោះវាមានភាពចំាបាច់ចំពោះកូនអ្នក ក្នុងការធ្វើកិច្ចការសាលា ឬដើម្បីអនុវត្តបំណិននៅខាងក្រៅសាលា ឧបករណ៍នេះត្រូវតែដាក់បញ្ចូលក្នុងផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល របស់គេ ។
7. តើមណ្ឌលសិក្សាស្រុកអាចបង្ខំខ្ញុំឲ្យចុះហត្ថលេខាទទួលខុសត្រូវចំពោះការខូចខាត ហើយបង្ខំខ្ញុំឲ្យចេញថ្លៃសងឧបករណ៍ដែលខូចខាតដែរឬទេ?
មណ្ឌលសិក្សាស្រុកអាចតម្រូវឲ្យឪពុកម្តាយសិស្សចុះហត្ថលេខាទទួលខុសត្រូវមានកម្រិត ដែលតម្រូវឲ្យពួកគេសងចំពោះការបាត់បង់ ឬការខូចខាតឧបករណ៍ តែការធ្វើបែបនេះសម្រាប់តែហេតុការណ៍ជាក់លាក់មួយចំនួនតែប៉ុណ្ណោះ ។ មណ្ឌលសិក្សាស្រុកមិនអាចបង្ខំឲ្យឪពុកម្តាយសិស្សត្រូវសងមកវិញនូវបច្ចេកវិជ្ជាដែលបានខូចខាត ឬបាត់បង់ដែលបណ្តាលមកពីលទ្ធផលនៃពិការភាពរបស់សិស្សឡើយ ហើយមណ្ឌលសិក្សាស្រុកមិនត្រូវស្នើឲ្យមានការទទួលខុសត្រូវដែលតម្រូវឲ្យឪពុកម្តាយសិស្សត្រូវសងវិញនូវបច្ចេកវិជ្ជាដែលខូចខាត ឬបាត់បង់ចំពោះការប្រើប្រាស់តាមបែបធម្មតាឡើយ ។ ឧទាហរណ៍ ប្រសិនបើផ្នែកចាស់មួយរបស់ឧបករណ៍ដែលសិស្សបានប្រើដោយត្រឹមត្រូវ ហើយអេក្រង់របស់វាគាំង មិនដំណើរការ មណ្ឌលសិក្សាស្រុកមិនអាចស្នើសុំឲ្យឪពុកម្តាយសិស្ស ទិញឧបករណ៍ថ្មីមកជំនួសឡើយ ។ លើសពីនេះ ក្នុងស្ថានភាពដែលឧបករណ៍បច្ចេកវិជ្ជាជំនួយត្រូវបានគេលួចបាត់ ដោយមិនមែនជាកំហុសរបស់សិស្ស ឬឪពុកម្តាយ គឺមានន័យថា ឪពុកម្តាយសិស្សមិនមែនជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់នេះឡើយ ។ ប្រសិនបើពិការភាពរបស់សិស្ស ជាមូលហេតុនាំឲ្យសិស្សភ្លេចភ្លាំង មណ្ឌលសិក្សាស្រុកមិនត្រូវរំពឹងឲ្យឪពុកម្តាយសិស្សចេញថ្លៃឧបករណ៍ដែលបាត់បង់ឡើយ តែមណ្ឌលសិក្សាស្រុកត្រូវបង្កើតផែនការពីដំបូង ដើម្បីធានាក្នុងការមិនធ្វើឲ្យឧបករណ៍នោះត្រូវបាត់បង់ពេលសិស្សប្រើ ។
បើមណ្ឌលសិក្សស្រុកស្នើសុំឲ្យមានការទទួលខុសត្រូវលើឧបករណ៍ជំនួយ ឪពុកម្តាយសិស្សត្រូវចរចាអំពីលក្ខ័ណ្ឌ ដើម្បីធានាបានថា ឪពុកម្តាយសិស្សមិនមែនជាអ្នក ទទួលខុសត្រូវចំពោះការខូចខាតឧបករណ៍ដែលអាចមាន ។
ឪពុកម្តាយសិស្សអាចជាអ្នកទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ឧបករណ៍ ដែលកើតឡើងនៅពេលដែលឧបករណ៍នោះត្រូវខូចខាត ឬបាត់បង់ ក្នុងពេលសិស្សប្រើវាខុសពីអ្វីដែលគេតម្រូវឲ្យប្រើ និងប្រើខុសប្រកតី ។ ឧទាហរណ៍ បើសិស្សមានម៉ាស៊ីនកុំព្យូទ័រ ហើយទាញយកកម្មវិធី ឬអាប់ (app) ណាមួយដែលមិនពាក់ព័ន្ធជាមួយនឹងសាលា ហើយកម្មវិធី ឬអាប់នោះមានមេរោគ គឺមានន័យថា វាជាការប្រើប្រាស់ឧបករណ៍ដោយមិនសមរម្យ ហើយអាចតម្រូវឲ្យឪពុកម្តាយសិស្សជាអ្នកចេញថ្លៃការខាតបង់ ។ លើសពីនេះ បើសិស្សអនុញ្ញាតឲ្យអ្នកដទៃ (រួមទាំងឪពុកម្តាយ) ប្រើឧបករណ៍នោះ ហើយអ្នកនោះបានធ្វើឲ្យឧបករណ៍ខូច គឺឪពុកម្តាយ ត្រូវចេញថ្លៃខូចខាតដល់មណ្ឌលសិក្សាស្រុក ។
8. តើមណ្ឌលសិក្សាស្រុកអាចឲ្យខ្ញុំប្រើជំនួយកម្មវិធី Medi-Cal ឬការធានារ៉ាប់រងឯកជន ដើម្បីទិញឧបករណ៍នេះបានដែរឬទេ?
ការប្រើថវិកាពីប្រភពផ្សេង ដូចជាថវិកាពីកម្មវិធី Medi-Cal ឬការធានារ៉ាប់រងឯកជន គឺជាការសម្រេចចិត្តរបស់អ្នក ហើយត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត ។ មណ្ឌលសិក្សាស្រុក មិនអាចបង្ខំអ្នកឲ្យរងទុកចំពោះ ការខាតបង់ថវិកាឡើយ ។ ការខាតបង់ថវិកា អាចរួមបញ្ចូលនូវការកាត់បន្ថយបរិមាណអត្ថប្រយោជន៍ពីការធានារ៉ាប់រងអាយុជីវិត បង្កើនថ្លៃបុព្វលាភរ៉ាប់ររង លុបចោលការធានារ៉ាប់រង ចំណាយថវិកាដែលត្រូវចេញពីហោប៉ៅខ្លួន និងការកំណត់ចំពោះបរិមាណទឹកប្រាក់ដែលអ្នកអាចទារសំណងពីធានារ៉ាប់រង ។ បើទោះបីជាអ្នកស្ម័គ្រចិត្តប្រើថវិកាពីប្រភពផ្សេងក៏ដោយ ក៏មណ្ឌលសិក្សាស្រុកត្រូវមានកាតព្វកិច្ចក្នុងការផ្តល់សេវាកម្មទាំងអស់ដែលមានសរសេរនៅក្នុងផែនការអប់រំតម្រូវតាមលក្ខណៈបុគ្គល ដែរ។ ប្រសិនបើថវិកាពីប្រភពផ្សេងមិនអាចចេញការចំណាយថ្លៃឧបករណ៍បានទាំងស្រុងទេ សាលាត្រូវជួយចេញថ្លៃជាចំណែកទាំងអស់ដែលនៅសល់ ។
9. តើមណ្ឌលសិក្សាស្រុក មានផ្តល់ការបណ្តុះបណ្តាលពីរបៀបប្រើឧបករណ៍បច្ចេកវិជ្ជាជំនួយដែរឬទេ?
អាចផ្តល់ជូនបាន ។ មណ្ឌលសិក្សាស្រុកត្រូវផ្តល់ការបណ្តុះបណ្តាលឲ្យបានគ្រប់គ្រាន់ដល់កូនអ្នក រូបអ្នក សមាជិកដទៃក្នុងគ្រួសារ និងបុគ្គលិកសាលា ដើម្បីធានាបានថាអ្នកទាំងអស់ចេះប្រើឧបករណ៍នោះបានសមរម្យ ។ មណ្ឌលសិក្សាស្រុកក៏ជាអ្នកទទួលខុសត្រូវក្នុងការចេញថ្លៃចំណាយលើការបណ្តុះបណ្តាលនេះដែរ ។ 20 U.S.C. វគ្គទី1401(2)(E) ។
10. តើនរណាជាអ្នកទទួលខុសត្រូវក្នុងការជួសជុល និងថែរក្សាឧបករណ៍បច្ចេកវិជ្ជាជំនួយ?
មណ្ឌលសិក្សាស្រុកជាអ្នកទទួលខុសត្រូវចំពោះការជួសជុល និងថែទាំឧបករណ៍ដែលខ្លួនជាអ្នក ទិញ ។ សមាជិកក្រុម IEP ត្រូវពិភាក្សាគ្នាអំពីការបណ្តុះបណ្តាល ការជួសជុល និងការថែទាំឧបករណ៍ជាមួយនឹងមណ្ឌលសិក្សាស្រុក ។ គ្រប់គ្នាត្រូវយល់ស្របចំពោះការរៀបចំ នៅមុនពេល IEP ។ វាគឺជាការទទួលខុសត្រូវរបស់មណ្ឌលសិក្សាស្រុក ក្នុងការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយធានារ៉ាប់រងទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីកំណត់ឲ្យឃើញថា មានការធានារ៉ាប់រងចំពោះការបាត់បង់ និងការខូចខាតឧបករណ៍នៅសាលារៀន និងនៅផ្ទះសិស្សដែរឬទេ ។
11. តើមណ្ឌលសិក្សាស្រុក អាចប្រើតម្លៃជាកត្តាក្នុងការកំណត់ថាតើកូនរបស់ខ្ញុំអាចទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយដែរឬទេ?
អាច។ តែគេធ្វើបែបនោះតែក្នុងករណីដែលថា ឧបករណ៍ដែលមានតម្លៃទាបជាងក៏អាចយកមកប្រើបានដែរ ។ តម្លៃមិនអាចយកមកធ្វើជាកត្តាកំណត់បានទេ ប្រសិនបើឧបករណ៍ដែលមានតម្លៃទាប មិនអាចជួយកូនអ្នកបានក្នុងការទទួលប្រយោជន៍ពី FAPE ។
12. តើមណ្ឌលសិក្សាស្រុក អាចតម្រូវឲ្យកូនរបស់ខ្ញុំយកឧបករណ៍បច្ចេកវិជ្ជាជំនួយដែលខ្ញុំបានទិញដោយថវិកាខ្លួនឯង ទៅសាលាដែរឬទេ?
សាលាមិនអាចបង្ខំអ្នកឲ្យកូនយកឧបករណ៍កម្មសិទ្ធិឯកជនទៅប្រើនៅសាលាបានទេ ។ សាលារៀនរបស់កូនអ្នក ត្រូវផ្តល់ជូននូវឧបករណ៍ដល់កូនអ្នក ដែលសមាជិកក្រុម IEP ប្រាប់ថា ជាអ្វីដែលកូនអ្នកត្រូវការ ។ 34 C.F.R. វគ្គទី 300.6(c) ។
13. តើត្រូវធ្វើដូចម្តេច ប្រសិនបើមណ្ឌលសិក្សាស្រុក បដិសេធមិនព្រមផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយ ឬប្រភេទបច្ចេកវិជ្ជាជំនួយតាមការស្នើសុំរបស់ខ្ញុំទេនោះ?
ដំបូង អ្នកអាចស្នើសុំការប្រជុំក្រុម IEP ដើម្បីពិភាក្សាគ្នាអំពីបញ្ហាដែលបានកើតឡើង និងរួមគ្នាស្វែងរកដំណោះស្រាយ ក្រៅផ្លូវការ ។ ប្រសិនបើឧបករណ៍បច្ចេកវិជ្ជាជំនួយនោះ ត្រូវបានយល់ព្រមគ្នានៅក្នុង IEP ហើយមណ្ឌលសិក្សាស្រុកមិនព្រមធ្វើតាម អ្នកមានសិទ្ធិប្តឹងមណ្ឌលសិក្សាស្រុកពីការមិនព្រមធ្វើតាមផែនការ ។ ប្រសិនបើអ្នកមិនយល់ស្របចំពោះ IEP ដែលបានស្នើឡើង អ្នកអាចដាក់ពាក្យប្តឹងជំទាស់ ដើម្បីស្នើសុំឲ្យមានសវនាការ ។ សម្រាប់ព័ត៌មានលំអិតបន្ថែម ស្តីអំពីការប្តឹង សូមអានឯកសារបោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ស្តីអំពីសិទ្ធិទទួលបានការអប់រំពិសេស និងការទទួលខុសត្រូវ (SERR) សៀវភៅក្បួនខ្នាតត្រង់ជំពូកទី 6 ព័ត៌មានស្តីអំពីនីតិវិធីចំពោះបណ្តឹងជំទាស់/ការមិនអនុវត្តតាមផែនការ (Information on Due Process/Compliance Procedures) តាមរយៈ ៖ http://www.disabilityrightsca.org/pubs/504001.pdf ។
14. ប្រសិនបើកូនរបស់ខ្ញុំមិនមានលក្ខណៈសម្បត្តិអាចទទួលបានសេវាកម្មអប់រំពិសេសទេ តើគេអាចមានសិទ្ធិទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយតាមរយៈមណ្ឌលសិក្សាស្រុកដែរឬទេ?
កូនរបស់អ្នកអាចទទួលបានធានារ៉ាប់រងក្រោមខបញ្ញត្តិប្រឆាំងនឹងការរើសអើងនៃក្រមជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) ឬវគ្គទី 504 នៃក្រមស្តានីតិសម្បទា (Rehabilitation Act) ។ កូនរបស់អ្នកអាចទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយសម្រាប់ជាការជួយសម្រួលសមរម្យ ក្រោម ADA ឬជាផ្នែកមួយនៃការទទួលខុសត្រូវរបស់សាលា ដើម្បីផ្តល់ជូន FAPE និងមិនបាច់បង់ថ្លៃ ក្រោមវគ្គទី 504 ។ បើកូនរបស់អ្នកប្រើកៅអីកង់ គឺមានន័យថា កូនរបស់អ្នកអាចត្រូវការតុពិសេស ដែលអាចឲ្យគេអង្គុយរៀនបាន ។
15. តើកូនរបស់ខ្ញុំអាចទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដែរឬទេ?
អាចផ្តល់ជូនបាន ។ គ្រប់សិស្សដែលត្រូវទទួលការអប់រំពិសេសទាំងអស់ អាចទទួលបានសេវាកម្មអន្តរកាល ដែលមានរួមបញ្ចូលនូវសេវាកម្មបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។ សេវាកម្មទាំងអស់នេះ អាចរួមបញ្ចូលនូវការបណ្តុះបណ្តាលជំនាញសំអាតថែទាំខ្លួន ជំនាញសង្គម និងអាកប្បកិរិយាកិច្ចការទូទៅនៅក្នុងថ្នាក់រៀន កន្លែងធ្វើការ និងនៅក្នុងសហគមន៍ ។ 34 C.F.R.វគ្គទី 300.43 ។ ឧបករណ៍ជំនួយបច្ចេកវិជ្ជាសាមញ្ញៗ ដើម្បីកែសម្រួលសេវាកម្មបណ្តុះបណ្តាល អាចរួមបញ្ចូលនូវតុដែលអាចឲ្យជនពិការអង្គុយបាន ម៉ាស៊ីនកុំព្យូទ័រដែលចេះនិយាយ និងសញ្ញាដែលបញ្ចេញជាសម្លេង ឬបញ្ចេញជាពន្លឺ ។ បើកូនអ្នកត្រូវការការកែសម្រួលអ្វីមួយ ការកែសម្រួលនោះត្រូវមានសរសេរចូលក្នុង IEP ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.