សិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល
សិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល
ឯកសារនេះមានបំណងផ្ដល់ជូនអ្នកអាននូវការយល់ដឹងកាន់តែច្បាស់អំពីច្បាប់រដ្ឋកាលីហ្វ័រញ៉ា និងច្បាប់សហព័ន្ធដែលទាក់ទងនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាល ដូចជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (“ECT”) រួមទាំងសិទ្ធិយល់ព្រមដោយយល់ដឹងចំពោះការព្យាបាលរបស់បុគ្គលម្នាក់។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
សម្គាល់៖ ឯកសារនេះផ្ដល់តែព័ត៌មានផ្នែកច្បាប់ប៉ុណ្ណោះ។ ឯកសារនេះមានបំណងផ្ដល់ជូនអ្នកអាននូវការយល់ដឹងកាន់តែច្បាស់អំពីច្បាប់រដ្ឋកាលីហ្វ័រញ៉ា និងច្បាប់សហព័ន្ធដែលទាក់ទងនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាល ដូចជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (“ECT”) រួមទាំងសិទ្ធិយល់ព្រមដោយយល់ដឹងចំពោះការព្យាបាលរបស់បុគ្គលម្នាក់។ ឯកសារនេះមិនផ្ដល់ដំបូន្មានផ្នែកច្បាប់ ឬផ្នែកវេជ្ជសាស្ត្រអំពីស្ថានភាពនីមួយៗរបស់អ្នកទេ។ សូមពិគ្រោះយោបល់ជាមួយមេធាវី ឬវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានសំណួរអំពីរបៀបដែលព័ត៌មាននេះអនុវត្តសម្រាប់ស្ថានភាពនីមួយរបស់អ្នក។
- តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាល?
- តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី ហើយវាត្រូវបានគ្រប់គ្រងដោយបទប្បញ្ញត្តិយ៉ាងដូចម្ដេច?
- តើអ្នកណាមានអាជ្ញាបណ្ណដើម្បីអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល?
- តើការព្យាបាលបែបពញ្ញាក់ខួរក្បាលតម្រូវឱ្យមានការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរឬទេ?
- តើការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរមានន័យដូចម្ដេច?
- ប្រសិនបើបុគ្គលម្នាក់ផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល តើការយល់ព្រមនោះមានសុពលភាពរយៈពេលប៉ុន្មាន?
- តើបុគ្គលម្នាក់អាចយល់ព្រមចំពោះការព្យាបាលប៉ុន្មានដង?
- តើបុគ្គលម្នាក់អាចទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលហួសពីដែនកំណត់ “លើសកម្រិត” ឬទេ?
- តើបុគ្គលម្នាក់អាចដកហូតការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ពួកគេបានឬទេ?
- តើបុគ្គលម្នាក់អាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?
- តើ “សមត្ថភាព” មានន័យដូចម្ដេច?
- តើបុគ្គលម្នាក់មាន “សមត្ថភាព” បដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានទេ ប្រសិនបើគាត់មានជំងឺផ្លូវចិត្ត ពិការភាពផ្នែកលូតលាស់ ឬជំងឺផ្លូវកាយ?
- តើមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់គិតថាបុគ្គលម្នាក់ខ្វះសមត្ថភាពក្នុងការសម្រេចចិត្តអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល?
- តើបុគ្គលម្នាក់ដែលមានអ្នករក្សាការពារអាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?
- តើបុគ្គលម្នាក់អាចស្ដារសមត្ថភាពវិញបានឬទេ?
- តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលលើកុមារបានឬទេ?
- តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីលើអតិថិជនរបស់មណ្ឌលប្រចាំតំបន់បានឬទេ?
- តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីលើបុគ្គលនៅក្នុងពន្ធនាគារបានឬទេ?
- តើមានគណៈកម្មាធិការណាត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលឬទេ?
- តើលក្ខខណ្ឌតម្រូវអ្វីខ្លះនៃការរាយការណ៍ ដែលអនុវត្តចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល?
- តើមនុស្សម្នាក់អាចធ្វើអ្វីបាន ប្រសិនបើវេជ្ជបណ្ឌិតបានបំពានសិទ្ធិរបស់គាត់?
- តើគេអាចដាក់ពាក្យប្ដឹងបានឬទេ បើគេជឿថា សិទ្ធិរបស់ខ្លួនពាក់ព័ន្ធនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវបានបំពាន?
1. តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាល?
ច្បាប់រដ្ឋកាលីហ្វ័រញ៉ាកំណត់និយមន័យ ការព្យាបាលបែបពញ្ញាក់ខួរក្បាលថាជា “ការធ្វើឱ្យមានការកន្ត្រាក់ដោយគ្រោងទុកជាមុនតាមរយៈមធ្យោបាយអគ្គិសនី ឬសារធាតុគីមី ក្នុងគោលបំណងព្យាបាល។”1
2. តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី ហើយវាត្រូវបានគ្រប់គ្រងដោយបទប្បញ្ញត្តិយ៉ាងដូចម្ដេច?
ប្រភេទទូទៅបំផុតនៃការព្យាបាលបែបពញ្ញាក់ខួរក្បាល គឺការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (“ECT”)។ ECT ត្រូវបានអនុវត្តដោយប្រើឧបករណ៍ ECT ដែលជា “ឧបករណ៍តាមវេជ្ជបញ្ជា រួមទាំងម៉ាស៊ីនបញ្ចេញរលកសញ្ញា និងអេឡិចត្រូតសម្រាប់ភ្ញោចរបស់វា ដែលគេប្រើដើម្បីព្យាបាលបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ តាមរយៈការធ្វើឱ្យអ្នកជំងឺកន្ត្រាក់លក្ខណៈចលករធំ ដោយការប្រើចរន្តអគ្គិសនីខ្លាំងរយៈពេលខ្លីទៅកាន់ក្បាលរបស់អ្នកជំងឺ។”2 ECT ត្រូវបានហៅម្យ៉ាងទៀតថា “ការព្យាបាលដោយការឆក់”។3
រដ្ឋបាលចំណីអាហារ និងឱសថ (“FDA”) មិនគ្រប់គ្រងលើការព្យាបាលដោយ ECT ទេ ប៉ុន្តែរដ្ឋបាលនេះគ្រប់គ្រងលើឧបករណ៍ ECT ហើយតម្រូវឱ្យគ្រប់ឧបករណ៍ ECT ទាំងអស់បិទស្លាកបញ្ជាក់ការបដិសេធមិនទទួលខុសត្រូវដូចខាងក្រោម៖ “ព្រមាន៖ ការប្រើឧបករណ៍ ECT អាចពាក់ព័ន្ធនឹង៖ ការវង្វេងស្មារតី, ការភាន់ភាំង, និងបញ្ហាការចងចាំ។”4 ដោយសារគ្មានទិន្នន័យបង្ហាញពីប្រសិទ្ធភាពដែលមានផលប្រយោជន៍រយៈពេលយូរ ឧបករណ៍ ECT ក៏ត្រូវមានស្លាកខាងក្រោមដែរ៖ “ព្រមាន៖ នៅពេលប្រើដោយមានការគ្រោងទុក ឧបករណ៍នេះធ្វើឱ្យរោគសញ្ញាធូរស្រាលក្នុងរយៈពេលខ្លី។ មិនទាន់មានការបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពរយៈពេលវែងនៃការព្យាបាលដោយ ECT ទេ។”5
3. តើអ្នកណាមានអាជ្ញាបណ្ណដើម្បីអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល?
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានតែវេជ្ជបណ្ឌិតដែលទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទេទើបអាចធ្វើការព្យាបាលបែបពញ្ញាក់ខួរក្បាលបាន។6
4. តើការព្យាបាលបែបពញ្ញាក់ខួរក្បាលតម្រូវឱ្យមានការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរឬទេ?
បាទ/ចាស។ ប្រសិនបើបុគ្គលម្នាក់មាន “សមត្ថភាព” (សមត្ថភាពយល់នូវព័ត៌មានដែលវេជ្ជបណ្ឌិតផ្ដល់ឱ្យគាត់) ដើម្បីផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរ នោះបុគ្គលនោះត្រូវតែផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយក្ខណ៍អក្សរមុននឹងមានការព្យាបាលបែបពញ្ញាក់ខួរក្បាល។7
ប្រសិនបើតុលាការសម្រេចថាបុគ្គលម្នាក់គ្មានសមត្ថភាពផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរទេ នោះបុគ្គលដែលមានអំណាចផ្លូវច្បាប់ដើម្បីធ្វើការសម្រេចចិត្តជំនួសគាត់ ត្រូវតែផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរ មុនការព្យាបាល។8
រាល់ការប្រើប្រាស់ការព្យាបាលបែបពញ្ញាក់ខួរក្បាល ទោះបីជាត្រូវបានផ្ដល់ដោយគ្មានការស្ម័គ្រចិត្តពីបុគ្គលក៏ដោយ ត្រូវរក្សានូវសិទ្ធិរបស់បុគ្គលចំពោះសេចក្ដីថ្លៃថ្នូរ ឯកជនភាព និងការថែទាំប្រកបដោយមនុស្សធម៌។9
5. តើការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរមានន័យដូចម្ដេច?
ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរ មានន័យថាបុគ្គលម្នាក់យល់ព្រមជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលដែលវេជ្ជបណ្ឌិតរបស់ពួកគេបានស្នើដោយដឹងខ្លួន ដោយបញ្ញា ដោយគ្មានការគំរាមកំហែង ឬការបង្ខិតបង្ខំ។10មុនពេលនរណាម្នាក់អាចយល់ព្រម វេជ្ជបណ្ឌិតរបស់ពួកគេត្រូវតែពន្យល់ពីសារៈសំខាន់ និងសេចក្ដីលម្អិតជាក់លាក់អំពីការព្យាបាលបែបពញ្ញាក់ខួរក្បាលឱ្យបានច្បាស់លាស់។11 ជាពិសេស វេជ្ជបណ្ឌិតត្រូវតែនិយាយអំពី៖
- លក្ខណៈនៃស្ថានភាពរបស់អ្នកជំងឺ និងមូលហេតុដែលវេជ្ជបណ្ឌិតផ្ដល់យោបល់ឱ្យមានការព្យាបាលបែបពញ្ញាក់ខួរក្បាល
- នីតិវិធីដែលត្រូវប្រើនៅក្នុងការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំងចំនួនដងដែលបុគ្គលម្នាក់អាចនឹងទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាល និងរយៈពេលយូរប៉ុនណា
- លទ្ធភាពនៃការប្រសើរឡើង ឬការធូរស្បើយដែលរំពឹងទុកដោយមាន ឬគ្មានការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំងថាតើការប្រសើរឡើងនូវរោគសញ្ញារបស់បុគ្គលម្នាក់ទំនងជាមានលក្ខណៈបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍
- លក្ខណៈ កម្រិត រយៈពេល និងលទ្ធភាពកើតមាននៃផលរំខាន និងហានិភ័យសំខាន់ៗនៃការព្យាបាលបែបពញ្ញាក់ខួរក្បាល “ជាពិសេសការកត់សម្គាល់ពីកម្រិត និងរយៈពេលនៃការបាត់បង់ការចងចាំ (រួមទាំងលក្ខណៈដែលមិនអាចត្រឡប់មកដូចដើមវិញបាន) ព្រមទាំងរបៀប និងវិសាលភាពដែលអាចគ្រប់គ្រងផលរំខានទាំងនោះ បើអាចធ្វើបាន"
- ការមានគំនិតចម្រុះគ្នាអំពីថាតើការព្យាបាលបែបពញ្ញាក់ខួរក្បាលមានប្រសិទ្ធភាពឬយ៉ាងណា ព្រមទាំងហានិភ័យនិងផលរំខានដែលគេស្គាល់ជាទូទៅរបស់វា
- ការព្យាបាលជំនួសដែលសមស្រប និងមូលហេតុដែលវេជ្ជបណ្ឌិតណែនាំការព្យាបាលបែបពញ្ញាក់ខួរក្បាលជំនួសឱ្យការព្យាបាលផ្សេងទៀត និង
- ការដែលបុគ្គលម្នាក់មានសិទ្ធិទទួល ឬបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល ហើយថាបើពួកគេយល់ព្រម ពួកគេអាចដកហូតការយល់ព្រមនោះដោយហេតុផលណាក៏បាន នៅពេលណាក៏បាន មុនពេល ឬក្នុងចន្លោះពេលនៃការព្យាបាល។12
វេជ្ជបណ្ឌិតក៏ត្រូវតែផ្ដល់ផងដែរនូវ “ទម្រង់បែបបទយល់ព្រមដោយយល់ដឹងចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (ECT)” និង៖
- ទុកពេលឱ្យពួកគេយ៉ាងហោចណាស់ 24 ម៉ោង ដើម្បីសម្រេចចិត្តថាតើត្រូវចុះហត្ថលេខាលើទម្រង់បែបបទនោះឬយ៉ាងណា
- មិនអាចបង្ខំពួកគេឱ្យចុះហត្ថលេខាលើទម្រង់បែបបទដោយការផ្ដល់ឯកសិទ្ធិបន្ថែម—ដូចជាការបានត្រឡប់ទៅផ្ទះវិញ—ឬការគំរាមកំហែងថានឹងបញ្ជូនពួកគេទៅកាន់មណ្ឌលដែលមានការរឹតត្បិតខ្លាំងជាងមុនប្រសិនបើពួកគេបដិសេធការព្យាបាលនោះឡើយ។13
ប្រសិនបើបុគ្គលម្នាក់យល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល គាត់ត្រូវតែចុះហត្ថលេខាលើទម្រង់បែបបទនេះ មុននឹងវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល។ ច្បាប់ចម្លងនៃទម្រង់បែបបទ និងកំណត់សម្គាល់ដែលវេជ្ជបណ្ឌិតបានពន្យល់អំពីការព្យាបាលបែបពញ្ញាក់ខួរក្បាលដល់អ្នកជំងឺ និងចាត់ទុកការព្យាបាលនេះថាជា “ជាជម្រើសជំនួសដែលមានសភាពធ្ងន់ធ្ងរតិចបំផុតដែលអាចរកបាន” ត្រូវបានដាក់បញ្ចូលនៅក្នុងកំណត់ត្រារបស់អ្នកជំងឺ។14
6. ប្រសិនបើបុគ្គលម្នាក់ផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល តើការយល់ព្រមនោះមានសុពលភាពរយៈពេលប៉ុន្មាន?
ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលអាចគ្របដណ្ដប់លើចំនួនដងនៃការព្យាបាលដែលមានកម្រិតប៉ុណ្ណោះ ហើយមិនអាចលើសពី 30 ថ្ងៃទេ។15 ហេតុដូច្នេះហើយ ប្រសិនបើវេជ្ជបណ្ឌិតចង់ផ្ដល់ការព្យាបាលបន្ថែមទៀតដល់បុគ្គលម្នាក់បន្ទាប់ពី 30 ថ្ងៃ ពួកគេត្រូវតែទទួលបានការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរពីអ្នកជំងឺម្ដងទៀត។
7. តើបុគ្គលម្នាក់អាចយល់ព្រមចំពោះការព្យាបាលប៉ុន្មានដង?
ការព្យាបាលដែលមានចំនួនលើសពី 15 ដងក្នុងរយៈពេល 30 ថ្ងៃ ឬ 30 ដងក្នុងរយៈពេលមួយឆ្នាំ គឺត្រូវបានចាតទុកថា “លើសកម្រិត។”16
8. តើបុគ្គលម្នាក់អាចទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលហួសពីដែនកំណត់ “លើសកម្រិត” ឬទេ?
វេជ្ជបណ្ឌិតអាចផ្ដល់ការព្យាបាលបែបពញ្ញាក់ខួរក្បាលហួសពីដែនកំណត់ “លើសកម្រិត” តែក្នុងករណីដែលវេជ្ជបណ្ឌិតទទួលបានការអនុម័តពីគណៈកម្មាធិការត្រួតពិនិត្យនៅមណ្ឌល ឬខោនធីដែលអ្នកជំងឺស្នាក់នៅប៉ុណ្ណោះ។17 សំណើសុំការអនុម័តសម្រាប់ការព្យាបាលបែបពញ្ញាក់ខួរក្បាលបន្ថែម ត្រូវតែមាន៖
- រោគវិនិច្ឆ័យរបស់អ្នកជំងឺ
- មូលហេតុដែលវេជ្ជបណ្ឌិតណែនាំការព្យាបាលបន្ថែម
- ថាតើវេជ្ជបណ្ឌិតបានពិចារណាការព្យាបាលផ្សេងឬទេ
- ថាតើការព្យាបាលបែបពញ្ញាក់ខួរក្បាលបន្ថែមមានហានិភ័យតិចជាងជម្រើសផ្សេងឬទេ និង
- ចំនួនដងជាអតិបរមានៃការព្យាបាលបន្ថែម
ទោះបីជាគណៈកម្មាធិការត្រួតពិនិត្យអនុម័តការព្យាបាលបែបពញ្ញាក់ខួរក្បាលបន្ថែមក៏ដោយ ក៏វេជ្ជបណ្ឌិត និងមណ្ឌលដាច់ខាតនៅតែត្រូវអនុវត្តតាមនីតិវិធីយល់ព្រមដោយយល់ដឹងដែលត្រូវអនុវត្តទាំងអស់ដែរ។
9. តើបុគ្គលម្នាក់អាចដកហូតការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ពួកគេបានឬទេ?
បាទ/ចាស បុគ្គលម្នាក់អាចដកហូតការយល់ព្រមនៅពេលណាក៏បាន ដោយហេតុផលអ្វីក៏បាន ទោះបីជាពួកគេបានទទួលនីតិវិធីនៃការព្យាបាលបែបពញ្ញាក់ខួរក្បាលមួយចំនួនតាមកាលវិភាគហើយក៏ដោយ។18 បុគ្គលម្នាក់អាចដកហូតការយល់ព្រមរបស់ពួកគេវិញដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ហើយការដកហូតនោះត្រូវតែមានសុពលភាពភ្លាមៗ។19 ប្រសិនបើបុគ្គលម្នាក់យល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល ប៉ុន្តែក្រោយមកប្ដូរចិត្តវិញ វេជ្ជបណ្ឌិតរបស់គាត់ត្រូវតែសុំការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សររបស់ពួកគេម្ដងទៀតមុននឹងងអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល។20
10. តើបុគ្គលម្នាក់អាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?
បាទ/ចាស។ ប្រសិនបើបុគ្គលម្នាក់មាន “សមត្ថភាព” គាត់មានសិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល។21ប្រការនេះរួមបញ្ចូលទាំងបុគ្គលដែលត្រូវបានបញ្ជូន ឬទទួលការសម្រាកព្យាបាលនៅពេទ្យរដ្ឋ មណ្ឌលថែទាំក្នុងសហគមន៍ ឬមណ្ឌលសុខភាព។22
ប្រសិនបើបុគ្គលម្នាក់បដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលផ្ទុយពីដំបូន្មានរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតត្រូវតែកត់សម្គាល់ការបដិសេធរបស់គាត់នៅក្នុងកំណត់ត្រាការព្យាបាលរបស់គាត់ និងពន្យល់ដល់អ្នកជំងឺថាគាត់ជាអ្នកទទួលខុសត្រូវចំពោះអ្វីៗដែលអាចកើតមានឡើងចំពោះគាត់ដោយសារតែគាត់បានបដិសេធការព្យាបាល។23
សិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំង ECT មានសារៈសំខាន់ណាស់ ព្រោះការព្យាបាលបែបពញ្ញាក់ខួរក្បាលអាចមានផលរំខានធ្ងន់ធ្ងរ។ សូមមើល ឧបសម្ព័ន្ធ A សម្រាប់ការពិពណ៌នាអំពីផលរំខានដែលអាចមាននៃ ECT។ សូមមើល ឧបសម្ព័ន្ធ B ផងដែរ សម្រាប់បញ្ជីសំណួរដែលអ្នកជំងឺអាចនឹងចង់សួរវេជ្ជបណ្ឌិតរបស់ពួកគេមុននឹងយល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល។
11. តើ “សមត្ថភាព” មានន័យដូចម្ដេច?
បុគ្គលម្នាក់ត្រូវបានចាត់ទុកថាមាន “សមត្ថភាព” ក្នុងការសម្រេចចិត្តដោយស្ម័គ្រចិត្ត ប្រសិនបើគាត់យល់ និងអាចអនុវត្តតាមព័ត៌មានដែលផ្ដល់ដោយវេជ្ជបណ្ឌិតអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល (ដែលបានរៀបរាប់នៅក្នុងចំណុចលេខ 5 ខាងលើ)។24 ជាពិសេស វាជាការសំខាន់ដែលបុគ្គលម្នាក់ត្រូវយល់ដឹងពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចមានពីការព្យាបាលដែលបានស្នើ រួមទាំងចំណុចខាងក្រោម៖
- ស្ថានភាពរបស់អ្នកជំងឺ
- អ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំងផលរំខាន និងហានិភ័យ ដូចជាការបាត់បង់ការចងចាំជាដើម
- តើអ្នកជំងឺនឹងទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលរយៈពេលប៉ុន្មាន និងញឹកញាប់ប៉ុនណា
- ថាតើការព្យាបាលបែបពញ្ញាក់ខួរក្បាលនឹងផ្លាស់ប្ដូរដំណើរការមុខងារយល់ដឹង ដំណើរការមុខងារផ្លូវចិត្ត និងដំណើរការមុខងារសរីរសាស្ត្រក្នុងរយៈពេលខ្លី ឬរយៈពេលវែងឬទេ
- ថាតើពួកគេនឹងប្រសើរឡើងដោយគ្មានការព្យាបាលបែបពញ្ញាក់ខួរក្បាលឬទេ
- ការព្យាបាលផ្សេងទៀតដែលអាចផ្ដល់ជូន និងមូលហេតុដែលវេជ្ជបណ្ឌិតគិតថាការព្យាបាលបែបពញ្ញាក់ខួរក្បាលជាជម្រើសល្អបំផុត
- ការដែលវេជ្ជបណ្ឌិតមួយចំនួនមិនយល់ស្របនឹងការប្រើការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយសារហានិភ័យ និងផលរំខាន
- ការដែលពួកគេមានសិទ្ធិយល់ព្រម ឬបដិសេធចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល និង
- ប្រសិនបើអ្នកជំងឺយល់ព្រមទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាល ពួកគេអាចប្ដូរចិត្តនៅពេលក្រោយបាន មិនថាហេតុផលអ្វីក៏ដោយ និងអាចស្នើសុំបញ្ឈប់ការព្យាបាល។
សេចក្ដីណែនាំជាមុនអំពីការថែទាំសុខភាព ដូចជាសេចក្ដីណែនាំជាមុនអំពីសុខភាពផ្លូវចិត្ត (“PAD”) មិនអាចប្រើដើម្បីអនុញ្ញាតឱ្យមានការព្យាបាលបែបពញ្ញាក់ខួរក្បាលសម្រាប់អ្នកជំងឺបានទេ។25
12. តើបុគ្គលម្នាក់មាន “សមត្ថភាព” បដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានទេ ប្រសិនបើគាត់មានជំងឺផ្លូវចិត្ត ពិការភាពផ្នែកលូតលាស់ ឬជំងឺផ្លូវកាយ?
បាទ/ចាស។ បុគ្គលម្នាក់ដែលមានរោគវិនិច្ឆ័យជំងឺផ្លូវចិត្ត ពិការភាពផ្នែកលូតលាស់ ឬជំងឺផ្លូវកាយ រក្សាសិទ្ធិក្នុងការបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល26 លើកលែងតែតុលាការដកហូតសិទ្ធិនោះចេញ។
13. តើមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់គិតថាបុគ្គលម្នាក់ខ្វះសមត្ថភាពក្នុងការសម្រេចចិត្តអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល?
ប្រសិនបើវេជ្ជបណ្ឌិត ឬមេធាវីរបស់អ្នកជំងឺគិតថាពួកគេខ្វះសមត្ថភាពក្នុងការសម្រេចចិត្តដោយយល់ដឹងអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល នោះមេធាវី ឬវេជ្ជបណ្ឌិតអាចដាក់ញត្តិទៅតុលាការជាន់ខ្ពស់ដោយស្នើសុំឱ្យតុលាការសម្រេចពីសមត្ថភាពរបស់អ្នកជំងឺក្នុងការសម្រេចចិត្តដោយយល់ដឹង។27
តុលាការនឹងរៀបចំកាលវិភាគសវនាការដែលនៅទីនោះនឹងមានការបង្ហាញភស្តុតាង។ ប្រសិនបើតុលាការជឿថាមេធាវីដែលសម្ដែងនូវការមន្ទិលសង្ស័យអំពីសមត្ថភាពរបស់អ្នកជំងឺនោះមានទំនាស់ផលប្រយោជន៍ នោះតុលាការនឹងតែងតាំងមេធាវីផ្សេងសម្រាប់អ្នកជំងឺ។ អ្នកជំងឺមានសិទ្ធិមានវត្តមាននៅក្នុងសវនាការ និងមានសិទ្ធិបង្ហាញភស្តុតាងអំពីមូលហេតុដែលគាត់ពិតជាមានសមត្ថភាព។28
តុលាការនឹងធ្វើសេចក្ដីសម្រេចតែលើចំណុចដែលថាអ្នកជំងឺមានសមត្ថភាពផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលឬអត់ប៉ុណ្ណោះ។ តុលាការនឹងមិនសម្រេចថាតើបុគ្គលនោះនឹងត្រូវបានផ្ដល់ការព្យាបាលបែបពញ្ញាក់ខួរក្បាលឬអត់នោះទេ។ ប្រសិនបើតុលាការសម្រេចថាអ្នកជំងឺគ្មានសមត្ថភាពទេ នោះសេចក្ដីសម្រេចក្នុងការយល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវតែធ្វើឡើងដោយសាច់ញាតិ អាណាព្យាបាល ឬអ្នករក្សាការពារដែលត្រូវបានតែងតាំងសម្រាប់គាត់។29
14. តើបុគ្គលម្នាក់ដែលមានអ្នករក្សាការពារអាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?
ប្រសិនបើបុគ្គលម្នាក់មានអ្នករក្សាការពារ ហើយតុលាការដែលបានចេញដីការក្សាការពារ បានសម្រេចថាអ្នកជំងឺខ្វះសមត្ថភាពក្នុងការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ នោះអ្នកជំងឺមិនមានសិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលទេ។ ទោះយ៉ាងណាក៏ដោយ ទោះបីស្ថិតក្នុងករណីនោះក៏ដោយ អ្នករក្សាការពារត្រូវតែផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរមុនពេលអាចផ្ដល់ការព្យាបាលបែបពញ្ញាក់ខួរក្បាលដល់បុគ្គលដែលមានការរក្សាការពារ។30
15. តើបុគ្គលម្នាក់អាចស្ដារសមត្ថភាពវិញបានឬទេ?
បាទ/ចាស នៅពេលណាក៏ដោយក្នុងអំឡុងពេលនៃការព្យាបាលបែបពញ្ញាក់ខួរក្បាល បុគ្គលម្នាក់អាចនិយាយថាពួកគេបានស្ដារ “សមត្ថភាព” របស់ពួកគេវិញ។ ការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយអ្នកជំងឺត្រូវតែទទួលការវាយតម្លៃឡើងវិញ។31
16. តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលលើកុមារបានឬទេ?
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ការព្យាបាលបែបពញ្ញាក់ខួរក្បាលមិនអាចអនុវត្តលើកុមារដែលមានអាយុក្រោម 12 ឆ្នាំបានជាដាច់ខាត។32
ទោះយ៉ាងណាក៏ដោយ ការព្យាបាលបែបពញ្ញាក់ខួរក្បាលអាចត្រូវបានផ្ដល់ចំពោះកុមារដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ ប៉ុន្តែក្រោមអាយុ 16 ឆ្នាំ ប្រសិនបើ៖
- វាជាករណីសង្គ្រោះបន្ទាន់ ហើយការព្យាបាលបែបពញ្ញាក់ខួរក្បាល “ត្រូវបានចាត់ទុកថាជាការព្យាបាលសង្គ្រោះជីវិត”33
- គ្រូពេទ្យជំងឺផ្លូវចិត្តកុមារចំនួនបីរូបដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានការបញ្ជាក់ទទួលស្គាល់ពីក្រុមប្រឹក្សាសុទ្ធតែយល់ស្របថា៖ (1) វាជាករណីសង្គ្រោះបន្ទាន់ (2) ការព្យាបាលបែបពញ្ញាក់ខួរក្បាល “ត្រូវបានចាត់ទុកថាជាការព្យាបាលសង្គ្រោះជីវិត” និង (3) ការព្យាបាលបែបពញ្ញាក់ខួរក្បាល ជាការចាំបាច់ និងសមស្រប។34
- វាត្រូវបានអនុវត្តដោយអនុលោមទាំងស្រុងតាមនាយកដ្ឋានមន្ទីរពេទ្យរដ្ឋ35 និង
- វាត្រូវបានចងក្រង និងរាយការណ៍ភ្លាមៗទៅក្រសួងសេវាកម្មថែទាំសុខភាព។36
កុមារដែលមានអាយុ 16 ឬ 17 ឆ្នាំ ហើយជាអ្នកជំងឺស្ម័គ្រចិត្ត37 ឬជាអនីតិជន“ដែលរួចផុតពីអាណាព្យាបាល”38 អាចផ្ដល់ការយល់ព្រម ឬបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយខ្លួនឯងបាន ដូចជាមនុស្សពេញវ័យដែលជាអ្នកជំងឺស្ម័គ្រចិត្តដែរ។
សម្រាប់កុមារដទៃទៀត ឪពុកម្ដាយ ឬអាណាព្យាបាលស្របច្បាប់មានសិទ្ធិធ្វើការសម្រេចចិត្ត (ឱ្យតែអនុលោមតាមច្បាប់និងនីតិវិធីទាំងអស់)។39
17. តើវេជ្ជបណ្ឌិតអាចអនុវត្ត ECT លើអតិថិជនរបស់មណ្ឌលប្រចាំតំបន់បានឬទេ?
វេជ្ជបណ្ឌិតមិនអាចអនុវត្ត ECT លើអតិថិជនរបស់មណ្ឌលប្រចាំតំបន់បានទេ លើកលែងតែ ECT ត្រូវបានបញ្ចូលជាផ្នែកមួយនៃផែនការព្យាបាលដែលគណៈកម្មាធិការត្រួតពិនិត្យ ECT របស់មណ្ឌលបានអនុម័ត។40 គណៈកម្មាធិការត្រួតពិនិត្យ ECT ត្រូវតែយល់ស្របជាឯកច្ឆន្ទនឹងផែនការ ECT។41ការអនុម័តមានដែនកំណត់ 30 ថ្ងៃ។42 ផែនការព្យាបាល ECT ក៏ត្រូវតែបញ្ជាក់ច្បាស់លាស់ពីវិធីសាស្ត្រដែលត្រូវប្រើដើម្បីកំណត់ និងចងក្រងលទ្ធផលនៃការព្យាបាលផងដែរ។43 ផែនការព្យាបាលត្រូវតែអនុត្តឱ្យបានត្រឹមត្រូវបំផុតដូចដែលបានសរសេរទុកនៅពេលទទួលបានការអនុម័ត បើមិនដូច្នោះទេ ការអនុម័តនោះនឹងត្រូវទុកជាមោឃៈ។44
លក្ខខណ្ឌតម្រូវសម្រាប់ការអនុម័ត ECT សម្រាប់អតិថជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ មិនជំនួសឱ្យ ឬប្ដូរឱ្យលក្ខខណ្ឌតម្រូវសម្រាប់ការអនុវត្ត ECT សម្រាប់អតិថិជនផ្នែកសុខភាពផ្លូវចិត្តឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាការការពារបន្ថែមសម្រាប់អតិថិជននៃមជ្ឈមណ្ឌលប្រចាំតំបន់តែប៉ុណ្ណោះ។45 ហេតុដូច្នេះហើយ ប្រសិនបើបុគ្គលម្នាក់មានទាំងពិការភាពផ្នែកលូតលាស់ និងជំងឺផ្លូវចិត្ត ហើយគ្រូពេទ្យព្យាបាលរបស់គាត់ចង់ប្រើ ECT នោះគ្រូពេទ្យព្យាបាលរបស់គាត់នឹងត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវសម្រាប់អតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ក៏ដូចជាលក្ខខណ្ឌតម្រូវសុខភាពផ្លូវចិត្តដោយឡែក ក្នុងការបង្ហាញឱ្យឃើញពីការយល់ព្រម ឬការខ្វះសមត្ថភាព។46
18. តើវេជ្ជបណ្ឌិតអាចអនុវត្ត ECT លើបុគ្គលដែលកំពុងជាប់ឃុំឃាំងបានដែរឬទេ?
សិទ្ធិរបស់បុគ្គលនៅក្នុងពន្ធនាគារដែលមានសតិយល់ដឹង និងមានសមត្ថភាព
ប្រសិនបើបុគ្គលម្នាក់ដែលនៅក្នុងពន្ធនាគារមានសតិយល់ដឹង និងមានសមត្ថភាពផ្ដល់ការយល់ព្រមដោយយល់ដឹងចំពោះ ECT វេជ្ជបណ្ឌិតមិនអាចអនុវត្ត ECT ដោយគ្មានការយល់ព្រមដោយយល់ដឹងពីបុគ្គលនោះបានទេ។47 ទោះបីជាបុគ្គលម្នាក់មានសតិយល់ដឹង និងយល់ព្រមចំពោះ ECT ក៏ដោយ មានជំហានបន្ថែមដែលត្រូវអនុវត្តមុននឹងផ្ដល់ ECT។
ទីមួយ ប្រសិនបើវេជ្ជបណ្ឌិតជឿថា ECT គឺជាការចាំបាច់សម្រាប់សុខភាព និងសុវត្ថិភាពរបស់បុគ្គលម្នាក់ នោះគណៈកម្មាធិការវេជ្ជបណ្ឌិតត្រូវតែត្រួតពិនិត្យកំណត់ត្រាព្យាបាលរបស់អ្នកជំងឺ និងកំណត់ថាតើ (1) ECT ជាតម្រូវការចាំបាច់ ហើយ (2) ថាតើបុគ្គលនោះមានសមត្ថភាពផ្ដល់ការយល់ព្រមដោយយល់ដឹងឬទេ។48 ប្រសិនបើគណៈកម្មាធិការវេជ្ជបណ្ឌិតមិនយល់ស្របជាឯកច្ឆន្ទថា ECT ជាតម្រូវការចាំបាច់ ឬបុគ្គលនោះមិនបានផ្ដល់ការយល់ព្រមដោយយល់ដឹងទេ នោះមិនអាចអនុវត្ត ECT ចំពោះបុគ្គលនោះបានទេ។49
ទីពីរ មន្ត្រីពន្ធនាគារត្រូវតែទទួលបានការអនុញ្ញាតពីតុលាការជាន់ខ្ពស់ ដើម្បីអនុវត្ត ECT មិនមែនសង្គ្រោះបន្ទាន់។50
ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតអាចអនុវត្ត ECT ជាវិធានការសង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះជីវិត ដោយមិនចាំបាច់មានការអនុញ្ញាតពីតុលាការឡើយ ដរាបណាបុគ្គលដែលមានសតិយល់ដឹងនោះយល់ព្រម។51
សិទ្ធិរបស់បុគ្គលនៅក្នុងពន្ធនាគារដែលគ្មានសតិយល់ដឹង និងសមត្ថភាព
ដើម្បីសង្គ្រោះជីវិត វេជ្ជបណ្ឌិតអាចអនុវត្ត ECT លើបុគ្គលនៅក្នុងពន្ធនាគារដែលគ្មានសតិយល់ដឹង ឬសមត្ថភាពក្នុងការផ្ដល់ការយល់ព្រមដោយយល់ដឹងចំពោះ ECT ទោះបីគ្មានការអនុញ្ញាតជាមុនពីតុលាការក៏ដោយ។52
សម្រាប់ការព្យាបាលមិនមែនសង្គ្រោះបន្ទាន់ មន្ត្រីពន្ធនាគារត្រូវតែទទួលបានការអនុម័តជាឯកច្ឆន្ទពីគណៈកម្មាធិការវេជ្ជបណ្ឌិតថា ECT មានភាពចាំបាច់ចំពោះសុខភាព និងសុវត្ថិភាពរបស់បុគ្គល។53 បន្ទាប់មក ប្រធានពន្ធនាគារ ឬស្នងការត្រូវតែទទួលបានការអនុម័តពីប្រធានផ្នែកសេវាវេជ្ជសាស្ត្រនៃពន្ធនាគារ និងរដ្ឋមន្ត្រីក្រសួងកែប្រែ និងស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា។ បន្ទាប់មកប្រធានពន្ធនាគារ ឬស្នងការត្រូវតែដាក់ញត្តិទៅតុលាការជាន់ខ្ពស់នៃខោនធីដែលអ្នកជំងឺនោះស្នាក់នៅដោយស្នើសុំសវនាការ។
អ្នកជំងឺមានសិទ្ធិទទួលបានមេធាវីសម្រាប់សវនាការ ដែលជាទូទៅគឺជាអ្នកការពារក្ដីសាធារណៈ។ ទោះបីជាតុលាការរកឃើញថាអ្នកជំងឺគ្មានសមត្ថភាពដើម្បីផ្ដល់ការយល់ព្រមដោយយល់ដឹងក៏ដោយ តុលាការនៅតែត្រូវពិចារណាពីបំណងរបស់គាត់អំពីការព្យាបាលដោយ ECT កាលពីពេលដែលគាត់មានសតិយល់ដឹង។54
លើសពីនេះ អ្នកជំងឺ ឬមេធាវី អាណាព្យាបាល ឬអ្នករក្សាការពាររបស់គាត់ក៏អាចដាក់ញត្តិនៅតុលាការជាន់ខ្ពស់នៃខោនធីដែលគាត់ស្នាក់នៅ ដោយស្នើសុំដីកាដែលហាមឃាត់ការប្រើប្រាស់ ECT លើអ្នកជំងឺ។55
សិទ្ធិរបស់បុគ្គលនៅក្នុងពន្ធនាគារខោនធី ឬយុវជននៅក្នុងមណ្ឌលកែប្រែសម្រាប់អនីតិជន
មិនមានច្បាប់ ឬបទប្បញ្ញត្តិជាក់លាក់ដែលអនុញ្ញាតការប្រើ ECT លើបុគ្គលនៅក្នុងពន្ធនាគារខោនធី ឬមណ្ឌលកែប្រែសម្រាប់អនីតិជនទេ។ ជាទូទៅ បុគ្គលដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខោនធីដែលមានសតិយល់ដឹង មានសិទ្ធិបដិសេធការថែទាំសុខភាពផ្លូវចិត្ត ឬការថែទាំវេជ្ជសាស្ត្រមិនមែនសង្គ្រោះបន្ទាន់។56យុវជនក៏មានសិទ្ធិបដិសេធការថែទាំសុខភាពផ្លូវចិត្ត ឬការថែទាំវេជ្ជសាស្ត្រមិនមែនសង្គ្រោះបន្ទាន់ដែរ។57
ការគ្មានការយល់ព្រមដោយយល់ដឹងនៅក្នុងស្ថានភាពមិនមែនសង្គ្រោះបន្ទាន់ តម្រូវឱ្យមានដីកាតុលាការមុននឹងអាចផ្ដល់ការព្យាបាលវេជ្ជសាស្ត្រដោយមិនស្ម័គ្រចិត្តទៅបុគ្គលដែលជាប់ឃុំឃាំង។ សម្រាប់អនីតិជន ឬអ្នកទទួលការរក្សាការពារ ការយល់ព្រមដោយយល់ដឹងរបស់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែរក្សាស្របច្បាប់ អនុវត្តនៅពេលដែលច្បាប់តម្រូវ។58
19. តើមានគណៈកម្មាធិការណាត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលឬទេ?
បាទ/ចាស។ មណ្ឌលដែលអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវតែមានគណៈកម្មាធិការមួយដើម្បីត្រួតពិនិត្យការព្យាបាលទាំងអស់ ដើម្បីប្រាកដថាការព្យាបាលទាំងនោះចាំបាច់។59 គណៈកម្មាធិការទាំងនោះត្រូវតែត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលទាំងអស់ដែលផ្ដល់នៅក្នុងមណ្ឌល។ នាយកផ្នែកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋានក៏ត្រូវតែរៀបចំគណៈកម្មាធិការមួយដើម្បីត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលដែលផ្ដល់នៅក្រៅមណ្ឌលផងដែរ។60កំណត់ត្រានៃគណៈកម្មាធិការត្រួតពិនិត្យទាំងនេះត្រូវបានចាត់ចែងដូចគ្នាទៅនឹងកំណត់ត្រារបស់គណៈកម្មាធិការពិនិត្យការប្រើប្រាស់សេវាមន្ទីរពេទ្យ និងគណៈកម្មាធិការសវនកម្មដែរ។61
20. តើលក្ខខណ្ឌតម្រូវអ្វីខ្លះនៃការរាយការណ៍ ដែលអនុវត្តចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល?
វេជ្ជបណ្ឌិត ឬមណ្ឌលដែលអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវតែផ្ញើរបាយការណ៍រៀងរាល់ 3 ខែម្ដងទៅនាយកផ្នែកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋាន ដែលបន្ទាប់មកនាយកត្រូវតែផ្ញើច្បាប់ចម្លងនៃរបាយការណ៍ទៅនាយកផ្នែកសេវាកម្មថែទាំសុខភាព។62 របាយការណ៍នេះត្រូវតែបញ្ចូលចំនួនមនុស្សដែលបានទទួល ECT នៅក្នុងប្រភេទនីមួយៗទាំងនេះ៖ (1) អ្នកជំងឺមិនស្ម័គ្រចិត្តដែលបានផ្ដល់ការយល់ព្រមដោយយល់ដឹង (2) អ្នកជំងឺមិនស្ម័គ្រចិត្តដែលតុលាការបានបញ្ជាក់ថាមិនអាចផ្ដល់ការយល់ព្រមដោយយល់ដឹង និងដែលបានទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលផ្ទុយពីឆន្ទៈរបស់ពួកគេ (3) អ្នកជំងឺស្ម័គ្រចិត្តដែលបានផ្ដល់ការយល់ព្រមដោយយល់ដឹង និង (4) អ្នកជំងឺស្ម័គ្រចិត្តដែលតុលាការបានបញ្ជាក់ថាមិនអាចផ្ដល់ការយល់ព្រមដោយយល់ដឹងបាន។ នាយកដ្ឋានមន្ទីរពេទ្យរដ្ឋក៏ត្រូវតែដាក់របាយការណ៍ទាំងនេះជូននាយកផ្នែកសេវាកម្មថែទាំសុខភាពរៀងរាល់ 3 ខែម្ដងផងដែរ។63
21. តើមនុស្សម្នាក់អាចធ្វើអ្វីបាន ប្រសិនបើគាត់ជឿថាវេជ្ជបណ្ឌិតបានបំពានសិទ្ធិរបស់គាត់?
អតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់
ប្រសិនបើអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកតំណាងរបស់គាត់ជឿថាសិទ្ធិរបស់អតិថិជននោះកំពុងត្រូវបានបំពាន គាត់អាចដាក់បណ្ដឹងដំបូងទៅកាន់អ្នកគាំពារសិទ្ធិអតិថិជនដែលទទួលខុសត្រូវលើមណ្ឌលដែលបុគ្គលនោះស្នាក់នៅ ឬជាអតិថិជននៃ។64 អ្នកគាំពារសិទ្ធិអតិថិជននឹងស៊ើបអង្កេតបណ្ដឹង និងផ្ញើដំណោះស្រាយដែលស្នើឡើងជាលាយលក្ខណ៍អក្សរទៅកាន់អ្នកដាក់បណ្ដឹងក្នុងរយៈពេល 10 ថ្ងៃធ្វើការ។
ប្រសិនបើគាត់មិនស្គាល់អ្នកគាំពារសិទ្ធិអតិថិជនទេ គាត់អាចរកមើលនៅលើតំណភ្ជាប់បុគ្គលិកការិយាល័យការពារសិទ្ធិអតិថិជនរបស់ DRC ឬដោយទាក់ទង៖
Disability Rights California
Office of Client Rights
1831 K Street
Sacramento, California 95811-4114
Northern California 1-800-390-7032 (TTY 877-669-6023)
Southern California 1-866-833-6712 (TTY 877-669-6023)
អតិថិជនមិនមែនរបស់មជ្ឈមណ្ឌលប្រចាំតំបន់
ប្រសិនបើនរណាម្នាក់ដែលមិនមែនជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ជឿថាវេជ្ជបណ្ឌិត ឬមណ្ឌលបានបំពានសិទ្ធិរបស់គាត់ គាត់អាចរាយការណ៍ពីការបំពាននោះទៅកាន់៖
Disability Rights California
Office of Patients’ Rights
1831 K Street
Sacramento, California 95811-4114
ទូរសព្ទ៖ (916) 504-5810
http://www.disabilityrightsca.org/
អ៊ីមែល៖ COPRINFOREQUEST@disabilityrightsca.org
ឬ
Department of Health Care Services
Office of the Ombudsman
ទូរសព្ទ៖ (888) 452-8609
អ៊ីមែល៖ MMCDOmbudsmanOffice@dhcs.ca.gov
នាយកផ្នែកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋាន ឬអ្នកទទួលការចាត់តាំង (បុគ្គលម្នាក់ទៀតដែលពួកគេចាត់តាំង) ហើយនៅក្នុងកាលៈទេសៈមួយចំនួន នាយកផ្នែកសេវាកម្មថែទាំសុខភាព ឬអ្នកទទួលការចាត់តាំងរបស់ពួកគេ (បុគ្គលម្នាក់ទៀតដែលពួកគេចាត់តាំងឱ្យមកជំនួសកន្លែងរបស់ពួកគេ) ត្រូវតែស៊ើបអង្កេតរបាយការណ៍នោះ។65 ប្រសិនបើបុគ្គលនោះជាអ្នកជំងឺនៅមន្ទីរពេទ្យរដ្ឋនៅពេលដែលសិទ្ធិរបស់គាត់ត្រូវបានបំពាន នោះនាយកនៃនាយកដ្ឋានមន្ទីរពេទ្យរដ្ឋ ឬអ្នកទទួលការចាត់តាំងក៏ត្រូវតែអនុវត្តការស៊ើបអង្កេតដែរ។
ប្រសិនបើនាយកផ្នែកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋាន នាយកសេវាកម្មថែទាំសុខភាព ឬនាយកនៃនាយកដ្ឋានមន្ទីរពេទ្យរដ្ឋកំណត់ថាសិទ្ធិរបស់អ្នកជំងឺត្រូបានបំពាន ពេលនោះពួកគេអាចចាត់វិធានការនានា រួមមាន៖
- ការតម្រូវឱ្យបញ្ឈប់ការបំពានក្នុងរយៈពេលជាក់លាក់ណាមួយ
- ការបញ្ជូនរឿងនេះទៅកាន់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា ឬទីភ្នាក់ងារផ្ដល់អាជ្ញាបណ្ណដែលមានវិជ្ជាជីវៈផ្សេងទៀតដើម្បីស៊ើបអង្កេត និងដាក់ទណ្ឌកម្មលើវេជ្ជបណ្ឌិតនោះ បើចាំបាច់
- ការដកហូតសិទ្ធិអំណាចរបស់មណ្ឌលក្នុងការផ្ដល់ការព្យាបាលដល់អ្នកជំងឺដោយគ្មានការស្ម័គ្រចិត្ត ឬ
- ការបញ្ជូនរឿងនេះទៅកាន់មេធាវីមណ្ឌលក្នុងមូលដ្ឋាន ឬអគ្គមេធាវីដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។66
ប្រសិនបើអគ្គមេធាវីសម្រេចចោទប្រកាន់ករណីនោះ ហើយវេជ្ជបណ្ឌិតម្នាក់ត្រូវបានគេរកឃើញថាបានបំពានសិទ្ធិរបស់បុគ្គលម្នាក់ដោយចេតនា ទាក់ទងនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាល វេជ្ជបណ្ឌិតនោះអាចនឹងត្រូវពិន័យជាប្រាក់ចំនួនប្រាំពាន់ដុល្លារ ($5,000) សម្រាប់ការបំពានមួយលើកៗ ហើយអាជ្ញាបណ្ណវេជ្ជសាស្ត្ររបស់គាត់អាចនឹងត្រូវបានដកហូត។67
ពន្ធនាគារ
ប្រសិនបើនរណាម្នាក់នៅក្នុងពន្ធនាគារជឿថាសិទ្ធិរបស់គាត់ត្រូវបាន ឬកំពុងត្រូវបានគេបំពាន នោះគាត់អាចដាក់បណ្ដឹងសាទុក្ខផ្នែកថែទាំសុខភាពដោយប្រើទម្រង់បែបបទ CDCR 602 HC។68 គាត់ត្រូវតែដាក់បណ្ដឹងសាទុក្ខក្នុងរយៈពេល 30 ថ្ងៃប្រតិទិន បន្ទាប់ពីសកម្មភាព ឬសេចក្តីសម្រេចដែលត្រូវបានប្តឹងសាទុក្ខនោះបានកើតឡើង។69 ជាទូទៅ បុគ្គលិកថែទាំសុខភាព CDCR ត្រូវតែដំណើរការបណ្ដឹងសាទុក្ខនោះក្នុងរយៈពេល 45 ថ្ងៃធ្វើការ។70
ពន្ធនាគារខោនធី និងមណ្ឌលកែប្រែសម្រាប់អនីតិជន
មណ្ឌលកែប្រែសម្រាប់អនីតិជន និងពន្ធនាគារខោនធីនីមួយៗត្រូវបង្កើតនីតិវិធី និងគោលនយោបាយជាលាយលក្ខណ៍អក្សរអំពីដំណើរការបណ្ដឹងសាទុក្ខ។71 នៅក្នុងពន្ធនាគារខោនធី ប្រជាជនមានសិទ្ធិទទួលបានការឆ្លើយតបដំបូងទៅនឹងបណ្ដឹងសាទុក្ខរបស់ពួកគេក្នុងរយៈពេលមិនលើស 15 ថ្ងៃប្រតិទិន។72 យុវជនមានសិទ្ធិទទួលបានការឆ្លើយតបដំបូងក្នុងរយៈពេល 3 ថ្ងៃធ្វើការ។73
22. តើគេអាចដាក់ពាក្យប្ដឹងបានឬទេ បើគេជឿថា សិទ្ធិរបស់ខ្លួនពាក់ព័ន្ធនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវបានបំពាន?
បើនរណាម្នាក់ចាប់អារម្មណ៍ក្នុងការប្ដឹងទាមទារតាមផ្លូវច្បាប់ទាក់ទងនឹងបទពិសោធរបស់ខ្លួនជាមួយនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាល គេគួរតែដឹងថា វាអាចមានលក្ខន្តិកៈអំពីដែនកំណត់ (ដែនកំណត់ផ្លូវច្បាប់ទៅលើរយៈពេលដែលអាចហួស មុនពេលគេអាចដាក់បណ្ដឹងតវ៉ាបាន)។ ដើម្បីដឹងពីកាលកំណត់ គេគួរតែទាក់ទងទៅមេធាវីជាបន្ទាន់។ កម្មវិធីជួយខ្លួនឯងនៃតុលាការក្នុងរដ្ឋកាលីហ្វ័រញ៉ា ក៏បោះផ្សាយផងដែរនូវព័ត៌មានអំពីលក្ខន្តិកៈទូទៅមួយចំនួនអំពីដែនកំណត់នានា ដើម្បីស្វែងយល់បន្ថែមទៀត សូមចុចទីនេះ។ បើគេខកខានកាលកំណត់ណាមួយ នោះគេនឹងមិនអាចបន្តទៅមុខជាមួយបញ្ហារបស់ខ្លួនបានទេ។
បើនរណាម្នាក់ចង់ដាក់ពាក្យប្ដឹងប្រឆាំងនឹងក្រុមហ៊ុនផលិតឧបករណ៍ ECT ដោយផ្អែកលើការខកខានរបស់ក្រុមហ៊ុនផលិតមិនបានព្រមានខ្លួនអំពីហានិភ័យនៃ ECT នោះគេនឹងត្រូវបង្ហាញថា អ្នកផលិតឧបករណ៍ ECT គួរតែផ្ដល់ធ្វើការផ្ដល់សេចក្ដីព្រមានខ្លាំងក្លាអំពីផលរំខាននៃឧបករណ៍នេះដល់វេជ្ជបណ្ឌិតដែលចេញវេជ្ជបញ្ជា។74
ឧបសម្ព័ន្ធ A៖ ផលរំខានដែលអាចមានពីការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (ECT)
ផលរំខានទូទៅបំផុតពី ECT រួមមានការវង្វេងស្មារតី ការភាន់ភាំង និងការបាត់បង់ការចងចាំ។75 ការសិក្សាមួយចំនួនបង្ហាញថា យ៉ាងហោចណាស់ “ECT ទម្រង់មួយចំនួនមានផលប៉ះយូរអង្វែងមិនព្រមស្បើយទេ” ទៅលើសមត្ថភាពក្នុងការគិតឱ្យបានច្បាស់លាស់។”76 នៅក្នុងការសិក្សាដ៏ធំបំផុតមួយអំពីអ្នកទទួលការព្យាបាលដោយប្រើ ECT អ្នកឆ្លើយ 84.5% បានរាយការណ៍ដោយឯកឯងពីការបាត់បង់ការចងចាំ 70.3% បានប្រាប់ថា ពួកគេមានបញ្ហាក្នុងការរក្សាទុកព័ត៌មានថ្មី (ជំងឺបាត់ការចងចាំក្រោយគ្រោះថ្នាក់) ហើយ 80.4% បាននិយាយថា ពួកគេបានបាត់បង់ការចងចាំអំពីព្រឹត្តិការណ៍ក្នុងជីវិត។ "65% នៃអ្នកទាំងនោះមានជំងឺបាត់ការចងចាំក្រោយគ្រោះថ្នាក់ និង 81% នៃអ្នកទាំងនោះមានជំងឺបាត់ការចងចាំមុនគ្រោះថ្នាក់ ហើយការបាត់បង់នេះមានរយៈពេល 3 ឆ្នាំឡើងទៅ។” “មិនមានភស្តុតាងបញ្ជាក់ថា ការបាត់បង់ការចងចាំបានថយចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចត្រូវបានផ្ដល់យោបល់ជាញឹកញាប់នោះទេ។”
ការសិក្សាមួយចំនួនចង្អុលបង្ហាញថា ECT អាចនឹង “គ្មានអត្ថប្រយោជន៍រយៈពេលវែងទេ បើធៀបនឹងថ្នាំគ្មានជាតិថ្នាំ។”77 អ្នកផលិតឧបករណ៍ ECT ទទួលស្គាល់ថា “ក្នុងករណីកម្រ អ្នកជំងឺអាចនឹងមានការបាត់បង់ការចងចាំជាអចិន្ត្រៃយ៍ ឬការខូចខួរក្បាលជាអចិន្ត្រៃយ៍។”78
អ្នករិះគន់ចំពោះ ECT ចង្អុលបង្ហាញថា ដោយសារ FDA មិនតម្រូវឱ្យមានការចុះបញ្ជីអ្នកជំងឺដើម្បីតាមដានលទ្ធផល ហើយក្រុមហ៊ុនផលិតមួយបានទទួលស្គាល់នៅក្នុងសេចក្ដីអះអាងក្នុងតុលាការសហព័ន្ធថា ពួកគេពុំដែលស៊ើបអង្កេតពីផលប៉ះពាល់អវិជ្ជមានពី ECT ដែលត្រូវរាយការណ៍ទៅឱ្យ FDA ជាង 30 ឆ្នាំមកហើយ ដូច្នេះវាពិបាកក្នុងការដឹងច្បាស់ពីកម្រិតទូទៅដែលវាធ្វើឱ្យអ្នកជំងឺមានការបាត់បង់ការចងចាំជាអចិន្ត្រៃយ៍ ឬការខូចខួរក្បាលជាអចិន្ត្រៃយ៍។79
ហានិភ័យពី ECT ដល់រាងកាយក៏អាចរាប់បញ្ចូលទាំងការរងរបួសនានាជាច្រើន ដែលរួមមានមិនត្រឹមតែដូចជា៖80
- ផលវិបាកដល់បេះដូងនិងសរសៃឈាម ដូចជាជំងឺចង្វាក់បេះដូងខុសប្រក្រតី រោគគាំងបេះដូង ការលើសឈាមស្រួចស្រាវ ជំងឺលើសឈាម និងការដាច់សរសៃឈាមខួរក្បាល
- ផលវិបាកដល់សួត (ឧ. ការដកដង្ហើម/ការស្រូបចូលនូវរបស់ពីខាងក្រៅ, រោគរលាកសួត, រោគខ្វះអុកស៊ីសែន, ការស្ទះដង្ហើម, ការស្ទះសរសៃឈាមក្រហមក្នុងសួត, ការបាត់ដង្ហើមយូរ)
- ការកន្ត្រាក់យូរ ឬការកន្ត្រាក់កើតមានតាមក្រោយ
- ការកើតមាន/ការធ្វើឱ្យធ្ងន់ឡើងនូវរោគសញ្ញាផ្លូវចិត្ត
- រោគសញ្ញាខាងសរសៃប្រសាទ (ឧ. ស្រពន់ដៃជើង ការមិនអាចត្រួតពិនិត្យចលនាដោយឆន្ទៈ ដំណើរការចលករខុសធម្មតា)
- ឈឺចាប់/ភាពមិនស្រួលខ្លួន (ដូចជាឈឺក្បាល ឈឺសាច់ដុំ និងចង្អោរ)
- រលាកស្បែក
- របួសរាងកាយ (ដូចជាការបាក់ឆ្អឹង ស្នាមជាំ របួសពីការដួល របួសមាត់និងធ្មេញ) និង
- ស្លាប់។
ស្របពេលដែលគ្មានការហាមឃាត់ការប្រើ ECT ចំពោះស្ត្រីមានផ្ទៃពោះ ការសិក្សាបែបវិទ្យាសាស្ត្រមួយដែលមើលទៅលើការសិក្សាផ្សេងៗជាច្រើន បានរកឃើញថា 29% ក្នុងពេលនោះ មានករណីមិនល្អដូចជា ការធ្លាក់ចុះចង្វាក់បេះដូងកូនក្នុងផ្ទៃ ការកន្ត្រាក់ស្បូន និងការកើតកូនមិនគ្រប់ខែ។81ការសិក្សានោះក៏បានរកឃើញផងដែរថា អត្រាស្លាប់កូនក្នុងផ្ទៃដោយសារ ECT ដែលអនុវត្តក្រោមរបៀបទំនើបគឺ 9.4%។82
ដូចបានកត់សម្គាល់ខាងលើ បើគិតពីផលរំខានរយៈពេលខ្លីនិងវែងដែលអាចមានពី ECT វាសំខាន់ណាស់ចំពោះអ្នកជំងឺក្នុងការនិយាយជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាពីអត្ថប្រយោជន៍ ហានិភ័យ និងផលរំខាននៃ ECT ព្រោះវាទាក់ទងនឹងការព្យាបាលនិងការថែទាំផ្ទាល់ខ្លួនពួកគេ។ ការសិក្សាថ្មីមួយបានរកឃើញថា 59% នៃអ្នកទទួល ECT បានរាយការណ៍ថា ពួកគេពុំត្រូវបានផ្ដល់ “ព័ត៌មានគ្រប់គ្រាន់” ដូចជាហានិភ័យ និងផលរំខានដែលអាចមានទេ មុនពេលទទួល ECT។83
នៅក្នុងការបោះពុម្ពផ្សាយថ្មីមួយទៀតដែលរាយការណ៍នូវការឆ្លើយតបអំពីបទពិសោធជាមួយ ECT ចំនួនជាង 1,100, 62% នៃអ្នកជំងឺបានរាយការណ៍ថា ECT បានបន្ថយគុណភាពជីវិត ក្នុងនោះ 27% បាននិយាយថា គុណភាពជីវិតក្រោយទទួល ECT គឺ 'អាក្រក់ខ្លាំងណាស់។'84
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីទារុណកម្ម និងការដាក់ទោស ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបែបប្រមាថផ្សេងៗ បាន “អំពាវនាវឱ្យប្រទេសនានាដាក់ការហាមប្រាមទាំងស្រុងទៅលើការប្រើអន្តរាគមន៍វេជ្ជសាស្ត្របែបបង្ខំនិងគ្មានការយល់ព្រមគ្រប់យ៉ាង ដូចជាការប្រើដោយមិនបានស្ម័គ្រចិត្តនូវ … ការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី….”85
ថ្មីៗនេះ មានបណ្ដឹងត្រូវបានដាក់ដោយបុគ្គលនានាដែលអះអាងថា ពួកគេបានរងគ្រោះដោយសារឧបករណ៍ ECT។86 អ្នកជំនាញម្នាក់នៅក្នុងបណ្ដឹងមួយបានផ្ដល់សក្ខីកម្មថា ឧបករណ៍ ECT ប្រើចរន្ត 16 ដងលើសកាំភ្លើងឆក់ជាមធ្យមទៅទៀត។87
ឧបសម្ព័ន្ធ B៖ សំណួរអំពីការព្យាបាល ជម្រើសដទៃ និងហានិភ័យ
វេជ្ជបណ្ឌិតត្រូវបានតម្រូវឱ្យប្រាប់អ្នកជំងឺអំពីហានិភ័យ មូលហេតុ និងយោបល់ចម្រុះអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំង ECT ប៉ុន្តែអ្នកជំងឺអាចនឹងចង់សួរសំណួរបន្ថែមដើម្បីឱ្យខ្លួនឯងបានដឹង។ ពេលនិយាយទៅកាន់វេជ្ជបណ្ឌិត អ្នកជំងឺអាចគិតពីអក្សរកាត់ “TAR” (T៖ ការព្យាបាល, A៖ ជម្រើសដទៃ, R៖ ហានិភ័យ) និងសួរសំណួរមួយចំនួនខាងក្រោម៖
- ការព្យាបាល៖
- ហេតុអ្វីបានជាអ្នកណែនាំឱ្យខ្ញុំទទួលប្រើ ECT?
- តើគេនឹងធ្វើអ្វីខ្លះនៅពេលទទួលប្រើ ECT?
- តើខ្ញុំនឹងត្រូវការការព្យាបាលប៉ុន្មានដង?
- តើការព្យាបាលម្ដងៗនឹងចំណាយពេលប៉ុន្មាន?
- តើ ECT នឹងធ្វើឱ្យបញ្ហាសុខភាពរបស់ខ្ញុំបានប្រសើរឡើងក្នុងកម្រិតណា?
- តើវានឹងបែបនេះរហូតឬបណ្ដោះអាសន្ន?
- តើបញ្ហាសុខភាពរបស់ខ្ញុំនឹងប្រសើរឡើងក្នុងកម្រិតណាដោយគ្មាន ECT?
- ជម្រើសដទៃ
- តើមានជម្រើសព្យាបាលផ្សេងទៀតអ្វីខ្លះដើម្បីព្យាបាលបញ្ហាសុខភាពរបស់ខ្ញុំ?
- តើគេធ្វើអ្វីខ្លះនៅពេលប្រើការព្យាបាលផ្សេងទៀតទាំងនោះ?
- តើការព្យាបាលផ្សេងទៀតទាំងនោះធ្វើឱ្យបញ្ហាសុខភាពរបស់ខ្ញុំបានប្រសើរឡើងរហូត ឬបណ្ដោះអាសន្នក្នុងកម្រិតណា?
- ហេតុអ្វីបានជាអ្នកគិតថា ECT អាចនឹងល្អជាងការព្យាបាលផ្សេងទៀតសម្រាប់ខ្ញុំ?
- ហានិភ័យ
- តើ ECT អាចមានផលរំខាន និងហានិភ័យអ្វីខ្លះ?
- តើផលរំខានទាំងនេះអាចធ្ងន់ធ្ងរក្នុងកម្រិតណា?
- តើផលរំខាននឹងនៅមានរហូត ឬបណ្ដោះអាសន្ន?
- តើខ្ញុំអាចនឹងទទួលរងផលរំខានទាំងនោះក្នុងកម្រិតណា?
- តើអ្នកនឹងអនុវត្តជំហានអ្វីខ្លះដើម្បីបន្ថយហានិភ័យនៃផលរំខានឱ្យនៅទាបបំផុតដល់ខ្ញុំ?
- 1. Cal. Code Regs. tit. 9, § 836.
- 2. 21 C.F.R. § 882.5940(a).
- 3. Cal. Code Regs. tit. 15, § 3999.348(a).
- 4. 21 C.F.R 882.5940(b)(1)(viii)(I).
- 5. 21 C.F.R 882.5940(b)(1)(viii)(J).
- 6. Cal. Code Regs. tit. 9, § 835.
- 7. Cal. Welf. & Inst. Code § 5326.75; Cal. Welf. & Inst. Code § 5326.7(d) សូមមើលផងដែរនូវ Cal. Code Regs. tit. 9, § 839; Cal. Welf. & Inst. Code § 5326.5 សូមមើលផងដែរនូវ Cal. Welf. & Inst. Code § 5326.2 សូមមើល generallyCanterbury v. Spence, 464 F.2d 772, 780, cert. denied, 409 U.S. 1064 (1972) (“គំនិតដើម” អំពីការយល់ព្រមដោយយល់ដឹង “គឺជាគោលគំនិត ដែលជាមូលដ្ឋានគ្រឹះនៅក្នុងនីតិសាស្ត្រអាមេរិក ពោលគឺ ‘មនុស្សរាល់រូបដែលពេញវ័យ និងមានស្មារតីភ្លឺស្វាង មានសិទ្ធិសម្រេចពីអ្វីៗដែលត្រូវធ្វើទៅលើរាងកាយផ្ទាល់ខ្លួនរបស់គាត់’ ”) (សម្រង់សេចក្ដីពី Schloendorff v. Society of New York Hospital, 105 N.E. 92, 93 (1914) (Cardozo, J.)) សូមមើលផងដែរនូវ Washington v. Harper, 494 U.S. 210, 241 (1990) (យោបល់ជំទាស់របស់ចៅក្រម STEVENS) (“ពិតជាគ្មាការសង្ស័យឡើយ ... ថាសិទ្ធិរបស់បុគ្គលដែលមានសតិយោល់ដឹងក្នុងការបដិសេធឱសថ [ដែលប៉ះពាល់ដល់ផ្លូវចិត្ត] គឺជាផលប្រយោជន៍សេរីភាពជាមូលដ្ឋានដែលសក្តិសមនឹងទទួលបានការការពារកម្រិតខ្ពស់បំផុត”)។
- 8. Cal. Welf. & Inst. Code § 5326.6(b) សូមមើលផងដែរនូវ អង្គការសុខភាពពិភពលោក (“WHO”) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (“OHCHR”), សុខភាពផ្លូវចិត្ត, សិទ្ធិមនុស្ស និងនីតិបញ្ញត្តិ, ការណែនាំ និងការអនុវត្ត 58 (2023), https://iris.who.int/bitstream/handle/10665/373126/9789240080737-eng.pdf?sequence=1(ចែង ថា “ECT ដោយគ្មានការយល់ព្រម … អាចចាត់ទុកថាជាការធ្វើទារុណកម្ម និងជាការធ្វើបាប។”) [តទៅនេះហៅថា អង្គការសុខភាពពិភពលោក]។
- 9. Cal. Welf. & Inst. Code § 5325.1.
- 10. Cal. Welf. & Inst. Code § 5326.5(a).
- 11. Cal. Welf. & Inst. Code § 5326.4.
- 12. Cal. Welf. & Inst. Code § 5326.2.
- 13. Cal. Welf. & Inst. Code § 5326.5 សូមមើលផងដែរនូវក្រសួងសេវាកម្មថែទាំសុខភាព 1800 (06/2013) ដែលមាននៅលើវិបសាយ https://www.dhcs.ca.gov/hm/formsandpubs/forms/Forms/Mental_Health/DHCS_1800.pdf(ចូលមើលចុងក្រោយនៅថ្ងៃទី 17 តុលា ឆ្នាំ 2025)។
- 14. Cal. Welf. & Inst. Code § 5326.4.
- 15. Cal. Welf. & Inst. Code § 5326.7(d).
- 16. Cal. Code Regs. tit. 9, § 849(a) សូមកត់សម្គាល់ថា ការសិក្សាមួយចំនួនបានរកឃើញថាការព្យាបាលដែលលើសពី 10 ដង អាចបង្កើនហានិភ័យនៃការវិវត្តន៍ទៅរកស្ថានភាពផ្សេងៗទៀត ដូចជាជំងឺក្រិនស្វិតសាច់ដុំ (“ALS”) ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបន្ថែមទៀតគឺនៅតែចាំបាច់ដើម្បីបដិសេធ ឬបញ្ជាក់ពីទំនាក់ទំនងនេះ (សូមមើលឧ. Gabor Mezei និងសហការី, ការទទួលបានការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី និងការវិវត្តន៍ជាបន្តបន្ទាប់នៃជំងឺក្រិនស្វិតសាច់ដុំ៖ ការសិក្សាបែបតាមដានក្រុមមនុស្ស, 43 ជីវអេឡិចត្រូម៉ាញេទិច 81 (2022))។
- 17. Cal. Code Regs. tit. 9, § 849(b).
- 18. Cal. Welf. & Inst. Code § 5326.2(g).
- 19. Cal. Welf. & Inst. Code § 5326.6(d).
- 20. Cal. Welf. & Inst. Code § 5326.7(d).
- 21. Cal. Welf. & Inst. Code §§ 5325(f), 5326.2(g), 5326.85; Cal. Code Regs. tit. 9, § 841.
- 22. Cal. Welf. & Inst. Code § 4503(f).
- 23. Cal. Welf. & Inst. Code § 5326.85; Cal. Code Regs. tit. 9, § 841.
- 24. Cal. Code Regs. tit. 9, § 840 សូមមើល Conservatorship of Pamela J., 133 Cal. App. 4th 807, 824, 35 Cal. Rptr. 3d 228, 239 (Cal. Ct. App. 4th 2005) សូមមើល generally Riese v. St. Mary's Hosp. & Med. Ctr., 209 Cal. App. 3d 1303, 1323, 271 Cal. Rptr. 199, 211 (Cal. Ct. App. 1st 1987).
- 25. Cal. Prob. Code §§ 4617, 4652.
- 26. Cal. Code Regs. tit. 9, § 840(b); Cal Wel & Inst Code § 4503(f).
- 27. Cal. Welf. & Inst. Code § 5326.7(f).
- 28. Id.
- 29. Cal. Welf. & Inst. Code § 5326.7(g).
- 30. Id.
- 31. Cal. Welf. & Inst. Code § 5326.7(h).
- 32. Cal. Welf. & Inst. Code § 5326.8 សូមកត់សម្គាល់ថា ដោយសារតែលក្ខណៈចម្រូងចម្រាសនៃ ECT មានការអំពាវនាវឱ្យហាមឃាត់ទាំងស្រុងចំពោះ ECT (សូមមើលឧ. អង្គការសុខភាពពិភពលោក, លេខយោង viii នៅទំព័រ 58 សូមមើលផងដែរនូវ John Read និងសហការី តើយើងគួរឈប់ប្រើការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីឬទេ? BMJ 364 (2019); Peter R. Breggin, Electroshock: scientific, ethical, and political issues, 11 Int’l. J. Risk Saf Med. 5 (1998) មាននៅលើវិបសាយ http://www.ectresources.org/ECTscience/Breggin_1998_ECT__Overview.pdf)។
- 33. Cal. Welf. & Inst. Code § 5326.8(a).
- 34. Cal. Welf. & Inst. Code § 5326.8(b).
- 35. Cal. Welf. & Inst. Code § 5326.8(c).
- 36. Cal. Welf. & Inst. Code § 5326.8(d).
- 37. Cal. Code Regs. tit. 9, § 845(d).
- 38. Cal. Code Regs. tit. 9, § 845(c).
- 39. Id.
- 40. Cal. Code Regs. tit. 17, § 50830.
- 41. Cal. Code Regs. tit. 17, § 50833(a)(2).
- 42. Cal. Code Regs. tit. 17, § 50833(a)(3).
- 43. Cal. Code Regs. tit. 17, § 50831(a)(2).
- 44. Cal. Code Regs. tit. 17, § 50833(a)(3).
- 45. Cal. Code Regs. tit. 17, § 50833(a)(4).
- 46. Id.
- 47. Cal. Code Regs. tit. 15, § 3999.348(a).
- 48. Cal. Code Regs. tit. 15, § 3999.348(c).
- 49. Cal. Code Regs. tit. 15, § 3999.348(c)(2).
- 50. Cal. Code Regs. tit. 15, §§ 3999.348(a)(2).
- 51. Cal. Code Regs. tit. 15, § 3999.348(a)(1).
- 52. Id.
- 53. Cal. Code Regs. tit. 15, § 3999.348(g)(1).
- 54. In re Terrazas, 288 Cal.Rptr.3d 801, 805 (Cal. Ct. App. 4th 2022).
- 55. Cal. Code Regs. tit. 15, § 3999.348(e)(1).
- 56. សូមមើល Cal. Code Regs. tit. 15, § 1214.
- 57. សូមមើល Cal. Code Regs. tit. 15, § 1434.
- 58. See Cal. Code Regs. tit. 15, § 1214.
- 59. Cal. Wel. & Inst. Code § 5326.91; Cal. Code Regs. tit. 9 CCR § 847(a).
- 60. Cal. Wel. & Inst. Code § 5326.91.
- 61. Id.
- 62. Cal. Welf. & Inst. Code § 5326.15(a). ច្បាប់ចម្លងនៃទម្រង់បែបបទ DHCS 1011 ប្រចាំត្រីមាស អាចរកបាននៅក្នុងរបាយការណ៍ប្រចាំត្រីមាសសម្រាប់ការព្យាបាលបែបពញ្ញាក់ខួរក្បាល និងការវះកាត់ដើម្បីព្យាបាលជំងឺផ្លូវចិត្តដែលបានអនុវត្ត (DHCS 1011)។
- 63. Cal. Welf. & Inst. Code § 5326.15(b).
- 64. Cal. Code Regs. tit. 17, § 50540(b).
- 65. Cal. Welf. & Inst. Code § 5326.9(a).
- 66. Cal. Welf. & Inst. Code § 5326.9(b)-(c).
- 67. Cal. Welf. & Inst. Code § 5326.9(d).
- 68. Cal. Code Regs. tit. 15, §§ 3999.226, 3999.227(a).
- 69. Cal. Code Regs. tit. 15, § 3999.227(b).
- 70. Cal. Code Regs. tit. 15, § 3999.228(i).
- 71. Cal. Code Regs. tit. 15, §§ 1073(a), 1361.
- 72. Cal. Code Regs. tit. 15, §§ 1073(a)(7).
- 73. Cal. Code Regs. tit. 15, § 1361(d).
- 74. Himes v. Somatics, LLC, 549 P.3d 916, 933 (Cal. 2024).
- 75. សូមមើល 21 C.F.R. § 882.5940(b)(1)(ix)(H) សូមមើលឧ. Glenda MacQueen និងសហការី ផលប៉ះពាល់រយៈពេលវែងនៃការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីលើប្រព័ន្ធចងចាំដាច់ដោយឡែកពីគ្នា ចំពោះអ្នកជំងឺដែលមានជំងឺបាយប៉ូឡា, 32 J. Psychiatry Neurosci។ 241 (2007), https://www.ncbi.nlm.nih.gov/pmc/articles/PMC1911194/pdf/20070700s00003p241.pdf ។
- 76. សូមមើលឧ. Harold A. Sackeim និងសហការី, ផលប៉ះពាល់ផ្នែកយល់ដឹងនៃការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីនៅក្នុងសហគមន៍, 32 ផ្នែកសរសៃប្រសាទ ចិត្តសាស្ត្រឱសថសាស្ត្រ 244 (2007), https://doi.org/10.1038/sj.npp.1301180 សូមមើលផងដែរនូវ Read, លេខយោង xxxii ទំព័រទី 1 (លើកក្ដីបារម្ភថាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី “គ្មានអត្ថប្រយោជន៍រយៈពេលវែងទេ បើធៀបនឹងថ្នាំគ្មានជាតិថ្នាំ ហើយភាគច្រើនបង្កឱ្យខូចខួរក្បាល”)។
- 77. សូមមើលឧ. Read, លេខយោង xxxii ទំព័រទី 1; Breggin, លេខយោង xxxii ទំព័រទី 5 (“ការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (ECT) កំពុងត្រូវបានប្រើកាន់តែច្រើនឡើងនៅអាមេរិកខាងជើង ហើយមានការព្យាយាមជំរុញការប្រើប្រាស់វាឱ្យកាន់តែទូលំទូលាយទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាដែលមានការគ្រប់គ្រងមួយចំនួនធំអំពីប្រសិទ្ធភាពចំពោះជំងឺធ្លាក់ទឹកចិត្ត បង្ហាញថាការព្យាបាលនេះមិនមានប្រសិទ្ធភាពជាងការប្រើថ្នាំគ្មានជាតិថ្នាំនោះទេ ហើយមិនមានឥទ្ធិពលវិជ្ជមានលើអត្រានៃការសម្លាប់ខ្លួនដែរ។”)។
- 78. សូមមើល Somatics LLC, ការធ្វើបច្ចុប្បន្នភាពតាមបទប្បញ្ញត្តិទៅលើសៀវភៅណែនាំការប្រើប្រាស់ Thymatron System IV ទំព័រទី 10 (2021) (http://www.thymatron.com/ downloads/System_IV_Regulatory_Update.pdf, accessed May 29, 2024)។ បានទុកក្នុងបណ្ណសារ https://web.archive.org/web/20200718120228/http://www.thymatron.com/downloads/System_IV_Regulatory_Update.pdf
- 79. ឧបករណ៍ខាងសរសៃប្រសាទ; ការចាត់ថ្នាក់ឧបករណ៍ព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីឡើងវិញ; កាលបរិច្ឆេទមានសុពលភាពនៃលក្ខខណ្ឌតម្រូវឱ្យមានការអនុម័តមុនពេលដាក់លក់ចំពោះឧបករណ៍ព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងបំណងជាក់លាក់មួយចំនួន § 3(D), មតិយោបល់លើដំណើរការបទបញ្ជាដែលបានស្នើតាមបទប្បញ្ញត្តិ, 83 Fed. Reg. 66116 (Dec. 26, 2018).
- 80. សូមមើល 21 C.F.R. § 882.5940(b)(1)(ix)(H)(3) សូមមើលផងដែរនូវ Somatics LLC, សៀវភៅណែនាំអ្នកប្រើ - Thymatron System IV ទំព័រទី 9 (2021) (រាយបញ្ជីករណីមិនល្អដែលបានកើតឡើងដោយសារឧបករណ៍ ECT)។
- 81. Kari Ann Leiknes និងសហការី, ការព្យាបាលបែបពញ្ញាក់ខួរក្បាល ដោយអគ្គិសនីក្នុងពេលមានផ្ទៃពោះ៖ ការត្រួតពិនិត្យជាប្រព័ន្ធនូវការសិក្សាករណីនានា, 18 Archives of Women’s Mental Health ទំព័រទី 1 (2015)។
- 82. Id. at 6.
- 83. John Read និងសហការី, ការស្ទង់មតិស្រាវជ្រាវដ៏ធំមួយអំពីអ្នកទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី សមាជិកគ្រួសារ និងមិត្តភក្តិ៖ តើពួកគេចងចាំព័ត៌មានអ្វីខ្លះដែលត្រូវបានផ្ដល់ឱ្យ?, J. of Med. Ethics, 14 សីហា 2025, https://jme.bmj.com/content/early/2025/08/25/jme-2024-110629។
- 84. John Read និងសហការី, ការស្ទង់មតិអ្នកទទួល ECT សមាជិកគ្រួសារ និងមិត្តភក្តិចំនួន 1144 នាក់៖ តើ ECT ប្រើការបានឬទេ?, Int’l J. of Mental Health Nursing, 10 សីហា 2025, https://onlinelibrary.wiley.com/doi/10.1111/inm.70109។
- 85. អង្គការសុខភាពពិភពលោក, លេខយោង viii ទំព័រទី 15; សូមមើល Juan E. Méndez, របាយការណ៍របស់អ្នករាយការណ៍ពិសេសអំពីទារុណកម្ម និងការដាក់ទោស ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបែបប្រមាថផ្សេងៗ, ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃមហាសន្និបាតអង្គការសហប្រជាជាតិ ( 1 កុម្ភៈ 2013) ទំព័រទី 23 (https://docs.un.org/en/A/HRC/22/53)។
- 86. សូមមើល ឧ., Himes v. Somatics, LLC, 549 P.3d 916 (Cal. 2024); Thelen v. Somatics, LLC, 672 F.Supp.3d 1216 (M.D. Fl. 2023).
- 87. សូមមើល Thelen v. Somatics, LLC., Testimony of Kenneth Castleman នៅ 39:25-40:5 (5 មិថុនា 2023) ដែលមាននៅលើវិបសាយ https://www.wisnerbaum.com/wp-content/uploads/Day-4-REDACTED-Thelen-Jury-Trial.pdf។


