សិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល

Publications
#5398.06

សិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល

ឯកសារនេះមានបំណងផ្ដល់ជូនអ្នកអាននូវការយល់ដឹងកាន់តែច្បាស់អំពីច្បាប់រដ្ឋកាលីហ្វ័រញ៉ា និងច្បាប់សហព័ន្ធដែលទាក់ទងនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាល ដូចជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (“ECT”) រួមទាំងសិទ្ធិយល់ព្រមដោយយល់ដឹងចំពោះការព្យាបាលរបស់បុគ្គលម្នាក់។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

សម្គាល់៖ ឯកសារនេះផ្ដល់តែព័ត៌មានផ្នែកច្បាប់ប៉ុណ្ណោះ។ ឯកសារនេះមានបំណងផ្ដល់ជូនអ្នកអាននូវការយល់ដឹងកាន់តែច្បាស់អំពីច្បាប់រដ្ឋកាលីហ្វ័រញ៉ា និងច្បាប់សហព័ន្ធដែលទាក់ទងនឹងការ​ព្យាបាល​បែ​បពញ្ញាក់ខួរក្បាល ដូចជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយ​អគ្គិ​សនី (“ECT”)  រួមទាំងសិទ្ធិយល់ព្រមដោយយល់ដឹងចំពោះការព្យាបាល​រប​ស់​បុគ្គលម្នាក់។ ឯកសារនេះមិនផ្ដល់ដំបូន្មានផ្នែកច្បាប់ ឬផ្នែកវេជ្ជសាស្ត្រអំពីស្ថានភាព​នី​មួយៗរបស់អ្នកទេ។ សូមពិគ្រោះយោបល់ជាមួយមេធាវី ឬវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានសំណួរ​អំពីរបៀបដែលព័ត៌មាននេះអនុវត្តសម្រាប់ស្ថានភាពនីមួយរបស់អ្នក។

  1. តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាល?
  2. តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី ហើយ​វា​ត្រូវ​បានគ្រប់គ្រងដោយបទប្បញ្ញត្តិយ៉ាងដូចម្ដេច?
  3. តើអ្នកណាមានអាជ្ញាបណ្ណដើម្បីអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល?
  4. តើការព្យាបាលបែបពញ្ញាក់ខួរក្បាលតម្រូវឱ្យមានការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរឬទេ?
  5. តើការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរមានន័យដូចម្ដេច?
  6. ប្រសិនបើបុគ្គលម្នាក់ផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល តើការយល់ព្រមនោះ​មា​នសុពលភាពរយៈពេលប៉ុន្មាន?
  7. តើបុគ្គលម្នាក់អាចយល់ព្រមចំពោះការព្យាបាលប៉ុន្មានដង? 
  8. តើបុគ្គលម្នាក់អាចទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលហួសពីដែនកំណត់ “លើសកម្រិត” ឬទេ?
  9. តើបុគ្គលម្នាក់អាចដកហូតការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ពួកគេបានឬទេ? 
  10. តើបុគ្គលម្នាក់អាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?
  11. តើ “សមត្ថភាព” មានន័យដូចម្ដេច?
  12. តើបុគ្គលម្នាក់មាន “សមត្ថភាព” បដិសេធការព្យាបាល​បែប​ពញ្ញា​ក់ខួរក្បាលបានទេ ប្រសិនបើគាត់មានជំងឺផ្លូវចិត្ត ពិការភាពផ្នែកលូត​លាស់ ឬជំងឺផ្លូវកាយ?
  13. តើមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់គិតថាបុគ្គល​ម្នាក់ខ្វះ​សមត្ថភាពក្នុងការសម្រេចចិត្តអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល?
  14. តើបុគ្គលម្នាក់ដែលមានអ្នករក្សាការពារអាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?
  15. តើបុគ្គលម្នាក់អាចស្ដារសមត្ថភាពវិញបានឬទេ?
  16. តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលលើកុមា​​របានឬទេ?
  17. តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីលើអតិថិជនរបស់មណ្ឌលប្រចាំតំបន់បានឬទេ?
  18. តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីលើបុគ្គលនៅក្នុងពន្ធនាគារបានឬទេ?
  19. តើមានគណៈកម្មាធិការណាត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលឬទេ?
  20. តើលក្ខខណ្ឌតម្រូវអ្វីខ្លះនៃការរាយការណ៍ ដែលអនុវត្តចំពោះ​ការ​ព្យា​​បាលបែបពញ្ញាក់ខួរក្បាល?
  21. តើមនុស្សម្នាក់អាចធ្វើអ្វីបាន ប្រសិនបើ​វេជ្ជបណ្ឌិត​បាន​បំពាន​សិទ្ធិ​របស់គាត់?
  22. តើគេអាចដាក់ពាក្យប្ដឹងបានឬទេ បើគេជឿថា សិទ្ធិរបស់​ខ្លួន​ពាក់​ព័ន្ធនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវបានបំពាន?

1. តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាល?

ច្បាប់រដ្ឋកាលីហ្វ័រញ៉ាកំណត់និយមន័យ ការព្យាបាលបែប​ពញ្ញាក់ខួរ​ក្បា​ល​ថាជា “ការធ្វើឱ្យមានការកន្ត្រាក់ដោយគ្រោងទុក​ជាមុនតាមរយៈ​មធ្យោ​បាយអគ្គិសនី ឬសារធាតុគីមី ក្នុងគោលបំណង​ព្យាបាល។”1

2. តើអ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី ហើយ​វា​ត្រូវ​បា​ន​គ្រប់គ្រងដោយបទប្បញ្ញត្តិយ៉ាងដូចម្ដេច?

ប្រភេទទូទៅបំផុតនៃការព្យាបាលបែបពញ្ញាក់ខួរក្បាល គឺការព្យាបាល​បែ​បពញ្ញាក់ខួរក្បាលដោយអគ្គិសនី (“ECT”)។ ECT ត្រូវបានអនុវត្តដោយប្រើឧបករណ៍ ECT ដែលជា “ឧបករណ៍​តាម​វេជ្ជបញ្ជា រួមទាំងម៉ាស៊ីនបញ្ចេញរលកសញ្ញា និងអេឡិចត្រូតសម្រាប់ភ្ញោច​របស់វា ដែលគេប្រើដើម្បីព្យាបាលបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ តាមរយៈការធ្វើឱ្យ​អ្ន​​ក​ជំងឺកន្ត្រាក់លក្ខណៈចលករធំ ដោយការប្រើចរន្តអគ្គិសនីខ្លាំងរយៈ​ពេ​លខ្លី​ទៅកាន់ក្បាលរបស់អ្នកជំងឺ។”2 ECT ត្រូវ​បាន​ហៅ​ម្យ៉ាងទៀតថា “ការព្យាបាលដោយការ​ឆក់”​។3

រដ្ឋបាលចំណីអាហារ និងឱសថ (“FDA”) មិនគ្រប់គ្រងលើការព្យាបាល​ដោ​យ ECT ទេ ប៉ុន្តែរដ្ឋបាលនេះគ្រប់គ្រងលើឧបករណ៍ ECT ហើយតម្រូវ​ឱ្យ​គ្រប់ឧបករណ៍ ECT ទាំងអស់បិទស្លាកបញ្ជាក់ការបដិសេធមិន​ទទួលខុស​ត្រូវ​ដូចខាងក្រោម៖ “ព្រមាន៖ ការប្រើឧបករណ៍ ECT អាចពាក់ព័ន្ធនឹង៖ ការវង្វេងស្មារតី, ការ​ភាន់​ភាំង, និងបញ្ហាការចងចាំ។”4 ដោយ​សារគ្មាន​ទិន្ន​ន័​យ​បង្ហាញពីប្រសិទ្ធភាពដែលមានផលប្រយោជន៍រយៈពេលយូរ ឧបករណ៍ ECT ក៏ត្រូវមានស្លាកខាងក្រោមដែរ៖ “ព្រមាន៖ នៅពេលប្រើដោយមានការគ្រោងទុក ឧបករណ៍នេះធ្វើឱ្យរោគសញ្ញា​ធូរ​ស្រា​លក្នុងរយៈពេលខ្លី។ មិនទាន់មានការបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពរយៈពេលវែង​នៃ​ការព្យាបាលដោយ ECT ទេ។”5

3. តើអ្នកណាមានអាជ្ញាបណ្ណដើម្បីអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល?

នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានតែវេជ្ជបណ្ឌិតដែលទទួលបាន​អាជ្ញាបណ្ណ​ប្រកបវិជ្ជាជីវៈនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទេទើបអាចធ្វើការព្យាបាលបែបពញ្ញាក់ខួរក្បាលបាន។6

4. តើការព្យាបាលបែបពញ្ញាក់ខួរក្បាលតម្រូវឱ្យមានការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរឬទេ?

បាទ/ចាស។ ប្រសិនបើបុគ្គលម្នាក់មាន “សមត្ថភាព” (សមត្ថភាពយល់នូវព័ត៌​មាន​ដែលវេជ្ជបណ្ឌិតផ្ដល់ឱ្យគាត់) ដើម្បីផ្ដល់ការយល់ព្រមដោយយល់ដឹង​ជា​លា​យលក្ខណ៍អក្សរ នោះបុគ្គលនោះត្រូវតែផ្ដល់ការយល់ព្រមដោយ​យល់ដឹង​ជា​លាយក្ខណ៍អក្សរមុននឹងមានការព្យាបាលបែបពញ្ញាក់ខួរក្បាល។7

ប្រសិនបើតុលាការសម្រេចថាបុគ្គលម្នាក់គ្មានសមត្ថភាពផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរទេ នោះបុគ្គលដែលមានអំណាច​ផ្លូវ​ច្បាប់ដើម្បីធ្វើការសម្រេចចិត្តជំនួសគាត់ ត្រូវតែផ្ដល់ការយល់ព្រម​ដោ​យ​យល់ដឹងជាលាយលក្ខណ៍អក្សរ មុនការព្យាបាល។8

រាល់ការប្រើប្រាស់ការព្យាបាលបែបពញ្ញាក់ខួរក្បាល ទោះបីជាត្រូវ​បាន​ផ្ដ​ល់ដោយគ្មានការស្ម័គ្រចិត្តពីបុគ្គលក៏ដោយ ត្រូវរក្សានូវសិទ្ធិរបស់បុគ្គលចំ​ពោះ​សេចក្ដីថ្លៃថ្នូរ ឯកជនភាព និងការថែទាំប្រកបដោយមនុស្ស​ធម៌​។9

5. តើការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរមានន័យដូចម្ដេច?

ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរ មានន័យថាបុគ្គល​ម្នាក់យល់ព្រមជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលដែលវេជ្ជបណ្ឌិតរបស់ពួកគេបានស្នើដោយដឹងខ្លួន ដោយបញ្ញា ដោយគ្មានការគំរាមកំហែង ឬការបង្ខិតបង្ខំ។10មុនពេលនរណាម្នាក់អាចយល់ព្រម វេជ្ជបណ្ឌិតរបស់ពួកគេត្រូវតែពន្យល់ពីសារៈសំខាន់ និងសេចក្ដី​លម្អិ​តជាក់លាក់អំពីការព្យាបាលបែបពញ្ញាក់ខួរក្បាលឱ្យបានច្បាស់លាស់។11 ជាពិសេស វេជ្ជបណ្ឌិតត្រូវតែនិយាយអំពី៖

  • លក្ខណៈនៃស្ថានភាពរបស់អ្នកជំងឺ និងមូលហេតុដែលវេជ្ជបណ្ឌិតផ្ដល់​យោ​បល់ឱ្យមានការព្យាបាលបែបពញ្ញាក់ខួរក្បាល
  • នីតិវិធីដែលត្រូវប្រើនៅក្នុងការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំង​ចំនួ​នដងដែលបុគ្គលម្នាក់អាចនឹងទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាល និងរយៈពេលយូរប៉ុនណា
  • លទ្ធភាពនៃការប្រសើរឡើង ឬការធូរស្បើយដែលរំពឹងទុកដោយមាន ឬ​គ្មា​នការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំងថាតើការប្រសើរឡើងនូវ​រោគ​សញ្ញារបស់បុគ្គលម្នាក់ទំនងជាមានលក្ខណៈបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍
  • លក្ខណៈ កម្រិត រយៈពេល និងលទ្ធភាពកើតមាននៃផលរំខាន និងហានិ​ភ័​យសំខាន់ៗនៃការព្យាបាលបែបពញ្ញាក់ខួរក្បាល “ជាពិសេសការកត់​ស​ម្គា​ល់ពី​កម្រិត និងរយៈពេលនៃការបាត់បង់ការចងចាំ (រួមទាំងលក្ខណៈ​ដែលមិនអាចត្រឡប់មកដូចដើមវិញបាន) ព្រមទាំងរបៀប និងវិសាល​ភា​ពដែលអាចគ្រប់គ្រងផលរំខានទាំងនោះ បើអាចធ្វើបាន"
  • ការមានគំនិតចម្រុះគ្នាអំពីថាតើការព្យាបាលបែបពញ្ញាក់ខួរក្បាលមានប្រសិទ្ធភាពឬយ៉ាងណា ព្រមទាំងហានិភ័យនិងផលរំខានដែលគេស្គាល់ជា​ទូទៅរបស់វា
  • ការព្យាបាលជំនួសដែលសមស្រប និងមូលហេតុដែលវេជ្ជបណ្ឌិតណែ​នាំការ​ព្យាបាលបែបពញ្ញាក់ខួរក្បាលជំនួសឱ្យការព្យាបាលផ្សេងទៀត និង
  • ការដែលបុគ្គលម្នាក់មានសិទ្ធិទទួល ឬបដិសេធការព្យាបាលបែប​ពញ្ញា​ក់​ខួរក្បាល ហើយថាបើពួកគេយល់ព្រម ពួកគេអាចដកហូតការ​យល់ព្រម​នោះដោយហេតុផលណាក៏បាន នៅពេលណាក៏បាន មុនពេល ឬក្នុងច​ន្លោះ​ពេលនៃការព្យាបាល។12

វេជ្ជបណ្ឌិតក៏ត្រូវតែផ្ដល់ផងដែរនូវ “ទម្រង់បែបបទយល់ព្រម​ដោយយល់​ដឹ​ងចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (ECT)” និង៖

  • ទុកពេលឱ្យពួកគេយ៉ាងហោចណាស់ 24 ម៉ោង ដើម្បីសម្រេចចិត្តថា​តើត្រូវ​ចុះហត្ថលេខាលើទម្រង់បែបបទនោះឬយ៉ាងណា
  • មិនអាចបង្ខំពួកគេឱ្យចុះហត្ថលេខាលើទម្រង់បែបបទដោយការផ្ដល់ឯកសិទ្ធិបន្ថែម—ដូចជាការបានត្រឡប់ទៅផ្ទះវិញ—ឬការគំរាមកំហែងថានឹងបញ្ជូនពួកគេទៅកាន់មណ្ឌលដែលមានការរឹតត្បិតខ្លាំងជាងមុនប្រសិនបើពួកគេបដិសេធការព្យាបាលនោះឡើយ។13

ប្រសិនបើបុគ្គលម្នាក់យល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល គាត់ត្រូវតែចុះហត្ថលេខាលើទម្រង់បែបបទនេះ មុននឹងវេជ្ជបណ្ឌិត​អាច​អនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល។ ច្បាប់ចម្លងនៃទម្រង់បែបបទ និងកំណត់សម្គាល់ដែលវេជ្ជបណ្ឌិត​បាន​ពន្យល់អំពីការព្យាបាលបែបពញ្ញាក់ខួរក្បាលដល់អ្នកជំងឺ និងចាត់​​ទុក​កា​រព្យាបាលនេះថាជា “ជាជម្រើសជំនួសដែលមានសភាពធ្ងន់ធ្ងរតិច​បំផុត​ដែ​លអាចរកបាន” ត្រូវបានដាក់បញ្ចូលនៅក្នុងកំណត់ត្រារបស់​អ្នកជំងឺ​។14

6. ប្រសិនបើបុគ្គលម្នាក់ផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល តើការយល់ព្រមនោះ​មា​ន​សុពលភាពរយៈពេលប៉ុន្មាន?

ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលអាចគ្របដណ្ដប់លើចំនួនដងនៃការព្យាបាលដែលមានកម្រិតប៉ុណ្ណោះ ហើយមិនអាចលើសពី 30 ថ្ងៃទេ។​15 ហេតុដូច្នេះហើយ ប្រសិនបើវេជ្ជបណ្ឌិតចង់ផ្ដល់​ការ​​ព្យាបាលបន្ថែមទៀតដល់បុគ្គលម្នាក់បន្ទាប់ពី 30 ថ្ងៃ ពួកគេត្រូវ​តែ​ទទួលបានការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរពីអ្នកជំងឺម្ដងទៀត។

7. តើបុគ្គលម្នាក់អាចយល់ព្រមចំពោះការព្យាបាលប៉ុន្មានដង?

ការព្យាបាលដែលមានចំនួនលើសពី 15 ដងក្នុងរយៈពេល 30 ថ្ងៃ ឬ 30 ដងក្នុងរយៈពេលមួយឆ្នាំ គឺត្រូវបានចាតទុកថា “លើសកម្រិត។”​16

8. តើបុគ្គលម្នាក់អាចទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលហួសពីដែនកំណត់ “លើសកម្រិត” ឬទេ?

វេជ្ជបណ្ឌិតអាចផ្ដល់ការព្យាបាលបែបពញ្ញាក់ខួរក្បាលហួសពីដែនកំណត់ “លើសកម្រិត” តែក្នុងករណីដែលវេជ្ជបណ្ឌិតទទួលបានការអនុម័តពី​គណៈកម្មាធិការត្រួតពិនិត្យនៅមណ្ឌល ឬខោនធីដែលអ្នកជំងឺស្នាក់​នៅ​ប៉ុណ្ណោះ។17 សំណើសុំការអនុម័តសម្រាប់ការព្យាបាលបែបពញ្ញាក់ខួរក្បាលបន្ថែម ត្រូវតែមាន៖

  • រោគវិនិច្ឆ័យរបស់អ្នកជំងឺ
  • មូលហេតុដែលវេជ្ជបណ្ឌិតណែនាំការព្យាបាលបន្ថែម
  • ថាតើវេជ្ជបណ្ឌិតបានពិចារណាការព្យាបាលផ្សេងឬទេ
  • ថាតើការព្យាបាលបែបពញ្ញាក់ខួរក្បាលបន្ថែមមានហានិភ័យតិចជាងជម្រើសផ្សេងឬទេ និង
  • ចំនួនដងជាអតិបរមានៃការព្យាបាលបន្ថែម

ទោះបីជាគណៈកម្មាធិការត្រួតពិនិត្យអនុម័តការព្យាបាលបែបពញ្ញាក់ខួរក្បាលបន្ថែមក៏ដោយ ក៏វេជ្ជបណ្ឌិត និងមណ្ឌលដាច់ខាតនៅតែត្រូវ​អនុវ​ត្តតាមនីតិវិធីយល់ព្រមដោយយល់ដឹងដែលត្រូវអនុវត្តទាំងអស់ដែរ។

9. តើបុគ្គលម្នាក់អាចដកហូតការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ពួកគេបានឬទេ?

បាទ/ចាស បុគ្គលម្នាក់អាចដកហូតការយល់ព្រមនៅពេលណាក៏បាន ដោយហេតុផលអ្វីក៏បាន ទោះបីជាពួកគេបានទទួលនីតិវិធីនៃ​ការព្យា​បាលបែបពញ្ញាក់ខួរក្បាលមួយចំនួនតាមកាលវិភាគហើយក៏ដោយ។18 បុគ្គលម្នាក់អាចដកហូតការយល់ព្រមរបស់ពួកគេវិញដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ហើយការដកហូតនោះត្រូវតែ​មានសុពលភាពភ្លាមៗ។19 ប្រសិនបើបុគ្គលម្នាក់យល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល ប៉ុន្តែក្រោយមកប្ដូរចិត្ត​វិញ វេជ្ជបណ្ឌិតរបស់គាត់ត្រូវតែសុំការយល់ព្រមដោយយល់​ដឹងជាលាយ​លក្ខណ៍អក្សររបស់ពួកគេម្ដងទៀតមុននឹងងអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាល។20

10. តើបុគ្គលម្នាក់អាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?

បាទ/ចាស។ ប្រសិនបើបុគ្គលម្នាក់មាន “សមត្ថភាព” គាត់មានសិទ្ធិបដិសេធការ​ព្យាបាលបែបពញ្ញាក់ខួរក្បាល។21ប្រការនេះរួមបញ្ចូលទាំងបុគ្គលដែលត្រូវបានបញ្ជូន ឬទទួលការសម្រាកព្យាបាល​នៅពេទ្យ​រដ្ឋ មណ្ឌលថែទាំក្នុងសហគមន៍ ឬមណ្ឌលសុខភាព។22

ប្រសិនបើបុគ្គលម្នាក់បដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលផ្ទុយពីដំបូន្មានរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតត្រូវតែកត់សម្គាល់ការបដិសេធរបស់​គាត់នៅក្នុងកំណត់ត្រាការព្យាបាលរបស់គាត់ និងពន្យល់ដល់អ្នកជំងឺថា​គាត់ជាអ្នកទទួលខុសត្រូវចំពោះអ្វីៗដែលអាចកើតមានឡើងចំពោះគាត់ដោយសារតែគាត់បានបដិសេធការព្យាបាល។23

សិទ្ធិបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំង ECT មានសារៈ​សំ​ខាន់ណាស់ ព្រោះការព្យាបាលបែបពញ្ញាក់ខួរក្បាលអាចមានផល​រំខានធ្ង​ន់​ធ្ងរ។ សូមមើល ឧបសម្ព័ន្ធ A សម្រាប់ការពិពណ៌នា​អំពី​ផលរំខានដែលអាចមាននៃ ECT។ សូមមើល ឧបសម្ព័ន្ធ B ផងដែរ សម្រាប់បញ្ជី​សំណួរ​ដែលអ្នកជំងឺអាចនឹងចង់សួរវេជ្ជបណ្ឌិតរបស់ពួកគេមុននឹងយល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាល។

11. តើ “សមត្ថភាព” មានន័យដូចម្ដេច?

បុគ្គលម្នាក់ត្រូវបានចាត់ទុកថាមាន “សមត្ថភាព” ក្នុងការ​សម្រេច​ចិ​ត្ត​ដោយស្ម័គ្រចិត្ត ប្រសិនបើគាត់យល់ និងអាចអនុវត្តតាមព័ត៌មាន​ដែ​ល​ផ្ដល់ដោយវេជ្ជបណ្ឌិតអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល (ដែលបាន​រៀបរាប់នៅក្នុងចំណុចលេខ 5 ខាងលើ)។24 ជាពិសេស វាជាការសំខាន់ដែល​បុគ្គ​ល​ម្នាក់ត្រូវយល់ដឹងពីអត្ថប្រយោជន៍ និងហានិភ័យដែលអាច​មានពីការ​ព្យា​បាលដែលបានស្នើ រួមទាំងចំណុចខាងក្រោម៖

  • ស្ថានភាពរបស់អ្នកជំងឺ
  • អ្វីជាការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំងផលរំខាន និងហានិភ័យ ដូ​ចជាការបាត់បង់ការចងចាំជាដើម
  • តើអ្នកជំងឺនឹងទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលរយៈពេលប៉ុន្មាន និង​ញឹកញាប់ប៉ុនណា
  • ថាតើការព្យាបាលបែបពញ្ញាក់ខួរក្បាលនឹងផ្លាស់ប្ដូរដំណើរការមុខងារយល់ដឹង ដំណើរការមុខងារផ្លូវចិត្ត និងដំណើរការមុខងារសរីរសាស្ត្រក្នុង​រយៈ​ពេ​លខ្លី ឬរយៈពេលវែងឬទេ
  • ថាតើពួកគេនឹងប្រសើរឡើងដោយគ្មានការព្យាបាលបែបពញ្ញាក់ខួរក្បាលឬទេ
  • ការព្យាបាលផ្សេងទៀតដែលអាចផ្ដល់ជូន និងមូលហេតុដែល​វេជ្ជបណ្ឌិត​គិត​ថាការព្យាបាលបែបពញ្ញាក់ខួរក្បាលជាជម្រើសល្អបំផុត
  • ការដែលវេជ្ជបណ្ឌិតមួយចំនួនមិនយល់ស្របនឹងការប្រើការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយសារហានិភ័យ និងផលរំខាន
  • ការដែលពួកគេមានសិទ្ធិយល់ព្រម ឬបដិសេធចំពោះការព្យាបាល​បែបព​ញ្ញាក់ខួរក្បាល និង
  • ប្រសិនបើអ្នកជំងឺយល់ព្រមទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាល ពួក​គេអាចប្ដូរចិត្តនៅពេលក្រោយបាន មិនថាហេតុផលអ្វីក៏ដោយ និងអាច​ស្នើសុំបញ្ឈប់ការព្យាបាល។

សេចក្ដីណែនាំជាមុនអំពីការថែទាំសុខភាព ដូចជាសេចក្ដីណែ​នាំជា​មុ​ន​អំពីសុខភាពផ្លូវចិត្ត (“PAD”) មិនអាចប្រើដើម្បីអនុញ្ញាតឱ្យមាន​ការ​ព្យាបាលបែបពញ្ញាក់ខួរក្បាលសម្រាប់អ្នកជំងឺបានទេ។25

12. តើបុគ្គលម្នាក់មាន “សមត្ថភាព” បដិសេធការព្យាបាល​បែប​ពញ្ញា​ក់​ខួរ​ក្បាលបានទេ ប្រសិនបើគាត់មានជំងឺផ្លូវចិត្ត ពិការភាពផ្នែកលូត​លាស់ ឬជំងឺផ្លូវកាយ?

បាទ/ចាស។ បុគ្គលម្នាក់ដែលមានរោគវិនិច្ឆ័យជំងឺផ្លូវចិត្ត ពិការភាពផ្នែកលូតលាស់ ឬជំងឺផ្លូវកាយ រក្សាសិទ្ធិក្នុងការបដិសេធការព្យាបាលបែប​ពញ្ញាក់ខួរ​ក្បាល​​26 លើកលែងតែតុលាការដកហូតសិទ្ធិនោះ​ចេញ។

13. តើមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់គិតថាបុគ្គល​ម្នាក់ខ្វះ​សមត្ថ​ភាព​ក្នុងការសម្រេចចិត្តអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល?

ប្រសិនបើវេជ្ជបណ្ឌិត ឬមេធាវីរបស់អ្នកជំងឺគិតថាពួកគេ​ខ្វះសមត្ថភា​ពក្នុងការសម្រេចចិត្តដោយយល់ដឹងអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល នោះមេធាវី ឬវេជ្ជបណ្ឌិតអាចដាក់ញត្តិទៅតុលាការជាន់ខ្ពស់​ដោយស្នើ​សុំឱ្យតុលាការសម្រេចពីសមត្ថភាពរបស់អ្នកជំងឺក្នុងការសម្រេចចិត្តដោយយល់ដឹង។27

តុលាការនឹងរៀបចំកាលវិភាគសវនាការដែលនៅទីនោះនឹងមានការបង្ហាញភស្តុតាង។ ប្រសិនបើតុលាការជឿថាមេធាវីដែលសម្ដែងនូវការមន្ទិលសង្ស័យអំពីសមត្ថភាពរបស់អ្នកជំងឺនោះមានទំនាស់ផលប្រយោជន៍ នោះតុលាការនឹង​តែ​ងតាំងមេធាវីផ្សេងសម្រាប់អ្នកជំងឺ។ អ្នកជំងឺមានសិទ្ធិមានវត្តមាននៅក្នុងសវនាការ និងមានសិទ្ធិ​បង្ហាញ​ភស្តុតាងអំពីមូលហេតុដែលគាត់ពិតជាមានសមត្ថភាព។28

តុលាការនឹងធ្វើសេចក្ដីសម្រេចតែលើចំណុចដែលថាអ្នកជំងឺមានសមត្ថភាពផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលឬអត់ប៉ុណ្ណោះ។ តុលាការនឹងមិនសម្រេចថាតើបុគ្គលនោះនឹងត្រូវបានផ្ដល់ការព្យាបាលបែ​បពញ្ញាក់ខួរក្បាលឬអត់នោះទេ។ ប្រសិនបើតុលាការសម្រេចថាអ្នកជំងឺគ្មានសមត្ថភាពទេ នោះសេចក្ដី​សម្រេចក្នុងការយល់ព្រមចំពោះការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវតែធ្វើឡើងដោយសាច់ញាតិ អាណាព្យាបាល ឬអ្នករក្សាការពារដែលត្រូវបាន​តែងតាំងសម្រាប់គាត់។29

14. តើបុគ្គលម្នាក់ដែលមានអ្នករក្សាការពារអាចបដិសេធការព្យាបាលបែបពញ្ញាក់ខួរក្បាលបានឬទេ?

ប្រសិនបើបុគ្គលម្នាក់មានអ្នករក្សាការពារ ហើយតុលាការដែលបាន​ចេញ​ដីការក្សាការពារ បានសម្រេចថាអ្នកជំងឺខ្វះសមត្ថភាពក្នុងការ​សម្រេច​ចិ​ត្តផ្នែកវេជ្ជសាស្ត្រ នោះអ្នកជំងឺមិនមានសិទ្ធិបដិសេធការព្យាបាលបែប​ព​ញ្ញាក់ខួរក្បាលទេ។ ទោះយ៉ាងណាក៏ដោយ ទោះបីស្ថិតក្នុងករណីនោះក៏ដោយ អ្នករក្សាការ​ពារត្រូវតែផ្ដល់ការយល់ព្រមដោយយល់ដឹងជាលាយលក្ខណ៍អក្សរមុនពេលអាចផ្ដល់ការព្យាបាលបែបពញ្ញាក់ខួរក្បាលដល់បុគ្គលដែលមានការរក្សាការពារ។30

15. តើបុគ្គលម្នាក់អាចស្ដារសមត្ថភាពវិញបានឬទេ?

បាទ/ចាស នៅពេលណាក៏ដោយក្នុងអំឡុងពេលនៃការព្យាបាល​បែប​ពញ្ញា​ក់ខួរក្បាល បុគ្គលម្នាក់អាចនិយាយថាពួកគេបានស្ដារ “សមត្ថភាព” រប​ស់​ពួកគេវិញ។ ការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយអ្នក​ជំ​ងឺ​ត្រូវតែទទួលការវាយតម្លៃឡើងវិញ។31

16. តើវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលលើកុមា​​របាន​ឬទេ?

នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ការព្យាបាលបែបពញ្ញាក់ខួរក្បាលមិនអាច​អនុវ​ត្ត​លើកុមារដែលមានអាយុក្រោម 12 ឆ្នាំបានជាដាច់ខាត។32

ទោះយ៉ាងណាក៏ដោយ ការព្យាបាលបែបពញ្ញាក់ខួរក្បាលអាចត្រូវបាន​ផ្ដល់​ចំពោះកុមារដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ ប៉ុន្តែក្រោមអាយុ 16 ឆ្នាំ ប្រសិនបើ៖

  • វាជាករណីសង្គ្រោះបន្ទាន់ ហើយការព្យាបាលបែបពញ្ញាក់ខួរក្បាល “ត្រូវ​បានចាត់ទុកថាជាការព្យាបាលសង្គ្រោះជីវិត”33
  • គ្រូពេទ្យជំងឺផ្លូវចិត្តកុមារចំនួនបីរូបដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានការបញ្ជាក់ទទួលស្គាល់ពីក្រុមប្រឹក្សាសុទ្ធតែយល់ស្របថា៖ (1) វាជាករណីសង្គ្រោះបន្ទាន់ (2) ការព្យាបាលបែបពញ្ញាក់ខួរក្បាល “ត្រូ​វ​បានចាត់ទុកថាជាការព្យាបាលសង្គ្រោះជីវិត” និង (3) ការព្យាបាល​បែប​ពញ្ញាក់ខួរក្បាល ជាការចាំបាច់ និងសមស្រប។34
  • វាត្រូវបានអនុវត្តដោយអនុលោមទាំងស្រុងតាមនាយកដ្ឋានមន្ទីរពេទ្យរដ្ឋ35 និង
  • វាត្រូវបានចងក្រង និងរាយការណ៍ភ្លាមៗទៅក្រសួងសេវាកម្មថែ​ទាំសុខ​ភាព។36

កុមារដែលមានអាយុ 16 ឬ 17 ឆ្នាំ ហើយជាអ្នកជំងឺស្ម័គ្រចិត្ត37 ឬជាអនីតិជន“ដែលរួចផុតពីអាណាព្យាបាល”38 អាចផ្ដល់ការយល់ព្រម ឬបដិសេធការព្យាបាល​បែប​ព​ញ្ញាក់ខួរក្បាលដោយខ្លួនឯងបាន ដូចជាមនុស្សពេញវ័យដែល​ជាអ្នកជំ​ងឺ​ស្ម័គ្រចិត្តដែរ។

សម្រាប់កុមារដទៃទៀត ឪពុកម្ដាយ ឬអាណាព្យាបាលស្របច្បាប់មាន​សិទ្ធិ​ធ្វើការសម្រេចចិត្ត (ឱ្យតែអនុលោមតាមច្បាប់និងនីតិវិធីទាំងអស់)។​39

17. តើវេជ្ជបណ្ឌិតអាចអនុវត្ត ECT លើអតិថិជនរបស់មណ្ឌលប្រចាំតំបន់បាន​ឬ​ទេ?

វេជ្ជបណ្ឌិតមិនអាចអនុវត្ត ECT លើអតិថិជនរបស់មណ្ឌលប្រចាំតំបន់​បានទេ លើកលែងតែ ECT ត្រូវបានបញ្ចូលជាផ្នែកមួយនៃផែនការ​ព្យា​បា​ល​ដែលគណៈកម្មាធិការត្រួតពិនិត្យ ECT របស់មណ្ឌលបានអនុម័ត​។40 គណៈកម្មាធិការត្រួតពិនិត្យ ECT ត្រូវ​តែ​យល់​ស្រប​ជាឯកច្ឆន្ទនឹងផែនការ ECT។41ការអនុម័ត​មាន​ដែន​កំណត់ 30 ថ្ងៃ។42 ផែនការព្យាបាល ECT ក៏ត្រូវតែបញ្ជាក់ច្បាស់លាស់ពីវិធីសាស្ត្រដែលត្រូវប្រើដើម្បីកំណត់ និង​ចង​ក្រងលទ្ធផលនៃការព្យាបាលផងដែរ។43 ផែនការព្យាបាលត្រូវតែអនុត្តឱ្យបានត្រឹមត្រូវបំផុតដូចដែលបានសរសេរទុកនៅពេលទទួលបានការអនុម័ត បើមិនដូច្នោះទេ ការអនុម័តនោះនឹងត្រូវទុក​ជា​មោឃៈ។44

លក្ខខណ្ឌតម្រូវសម្រាប់ការអនុម័ត ECT សម្រាប់អតិថជនរបស់​មជ្ឈ​ម​ណ្ឌលប្រចាំតំបន់ មិនជំនួសឱ្យ ឬប្ដូរឱ្យលក្ខខណ្ឌតម្រូវសម្រាប់ការអនុវត្ត ECT សម្រាប់អតិថិជនផ្នែកសុខភាពផ្លូវចិត្តឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺ​ជាការការពារបន្ថែមសម្រាប់អតិថិជននៃមជ្ឈមណ្ឌលប្រចាំតំបន់តែប៉ុណ្ណោះ។45 ហេតុដូច្នេះហើយ ប្រសិនបើបុគ្គល​ម្នាក់​មា​​នទាំងពិការភាពផ្នែកលូតលាស់ និងជំងឺផ្លូវចិត្ត ហើយគ្រូពេទ្យព្យាបាល​របស់គាត់ចង់ប្រើ ECT នោះគ្រូពេទ្យព្យាបាលរបស់គាត់នឹងត្រូវអនុលោម​តាមលក្ខខណ្ឌតម្រូវសម្រាប់អតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ក៏​ដូច​ជាលក្ខខណ្ឌតម្រូវសុខភាពផ្លូវចិត្តដោយឡែក ក្នុងការបង្ហាញឱ្យ​ឃើញពី​ការយល់ព្រម ឬការខ្វះសមត្ថភាព។46

18. តើវេជ្ជបណ្ឌិតអាចអនុវត្ត ECT លើបុគ្គលដែលកំពុងជាប់ឃុំឃាំងបានដែរ​ឬទេ​?

សិទ្ធិរបស់បុគ្គលនៅក្នុងពន្ធនាគារដែលមានសតិយល់ដឹង និងមានសមត្ថ​ភាព

ប្រសិនបើបុគ្គលម្នាក់ដែលនៅក្នុងពន្ធនាគារមានសតិយល់ដឹង និង​មា​នសមត្ថភាពផ្ដល់ការយល់ព្រមដោយយល់ដឹងចំពោះ ECT វេជ្ជបណ្ឌិត​មិន​អាចអនុវត្ត ECT ដោយគ្មានការយល់ព្រមដោយយល់ដឹងពីបុគ្គល​នោះបានទេ។47 ទោះបីជាបុគ្គលម្នាក់មានសតិយល់ដឹង និងយល់ព្រមចំពោះ ECT ក៏ដោយ មានជំហានបន្ថែមដែលត្រូវ​អនុ​វត្ត​មុននឹងផ្ដល់ ECT។

ទីមួយ ប្រសិនបើវេជ្ជបណ្ឌិតជឿថា ECT គឺជាការចាំបាច់សម្រាប់​សុខ​ភាព និងសុវត្ថិភាពរបស់បុគ្គលម្នាក់ នោះគណៈកម្មាធិការវេជ្ជបណ្ឌិត​ត្រូវ​តែត្រួតពិនិត្យកំណត់ត្រាព្យាបាលរបស់អ្នកជំងឺ និងកំណត់ថាតើ (1) ECT ជាតម្រូវការចាំបាច់ ហើយ (2) ថាតើបុគ្គលនោះមានសមត្ថភាពផ្ដល់​ការ​យល់​ព្រមដោយយល់ដឹងឬទេ។48 ប្រសិន​បើ​គ​ណៈ​កម្មាធិការវេជ្ជបណ្ឌិតមិនយល់ស្របជាឯកច្ឆន្ទថា ECT ជាតម្រូវការ​ចាំ​បា​ច់ ឬបុគ្គលនោះមិនបានផ្ដល់ការយល់ព្រមដោយយល់ដឹងទេ នោះមិន​អាច​អនុវត្ត ECT ចំពោះបុគ្គលនោះបានទេ។49

ទីពីរ មន្ត្រីពន្ធនាគារត្រូវតែទទួលបានការអនុញ្ញាត​ពីតុលាការជាន់​ខ្ព​ស់ ដើម្បីអនុវត្ត ECT មិនមែនសង្គ្រោះបន្ទាន់។50

ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតអាចអនុវត្ត ECT ជាវិធានការស​ង្គ្រោះ​​បន្ទាន់ដើម្បីសង្គ្រោះជីវិត ដោយមិនចាំបាច់មានការអនុញ្ញាតពី​តុ​លា​ការ​ឡើយ ដរាបណាបុគ្គលដែលមានសតិយល់ដឹងនោះយល់​ព្រម។51

សិទ្ធិរបស់បុគ្គលនៅក្នុងពន្ធនាគារដែលគ្មានសតិយល់ដឹង និងសមត្ថភាព

ដើម្បីសង្គ្រោះជីវិត វេជ្ជបណ្ឌិតអាចអនុវត្ត ECT លើបុគ្គលនៅក្នុង​ពន្ធ​នា​គារដែលគ្មានសតិយល់ដឹង ឬសមត្ថភាពក្នុងការផ្ដល់ការយល់ព្រម​ដោ​យ​យល់ដឹងចំពោះ ECT ទោះបីគ្មានការអនុញ្ញាតជាមុនពីតុលាការក៏​ដោយ​។52

សម្រាប់ការព្យាបាលមិនមែនសង្គ្រោះបន្ទាន់ មន្ត្រីពន្ធនាគារត្រូវតែ​ទ​ទួលបានការអនុម័តជាឯកច្ឆន្ទពីគណៈកម្មាធិការវេជ្ជបណ្ឌិតថា ECT មានភាពចាំបាច់ចំពោះសុខភាព និងសុវត្ថិភាពរបស់បុ​គ្គល។53 បន្ទាប់មក ប្រធានពន្ធនាគារ ឬស្នងការ​ត្រូវតែទទួលបានការអនុម័តពីប្រធានផ្នែកសេវាវេជ្ជសាស្ត្រនៃពន្ធនាគារ និងរដ្ឋមន្ត្រីក្រសួងកែប្រែ និងស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា។ បន្ទាប់មកប្រធានពន្ធនាគារ ឬស្នងការត្រូវតែដាក់ញត្តិទៅតុលាការ​ជាន់​ខ្ពស់នៃខោនធីដែលអ្នកជំងឺនោះស្នាក់នៅដោយស្នើសុំសវនាការ។

អ្នកជំងឺមានសិទ្ធិទទួលបានមេធាវីសម្រាប់សវនាការ ដែលជាទូទៅគឺ​ជាអ្ន​ក​ការពារក្ដីសាធារណៈ។ ទោះបីជាតុលាការរកឃើញថាអ្នកជំងឺគ្មានសមត្ថភាពដើម្បីផ្ដល់ការយល់ព្រមដោយយល់ដឹងក៏ដោយ តុលាការនៅតែត្រូវពិចារណាពីបំណង​របស់​គាត់អំពីការព្យាបាលដោយ ECT កាលពីពេលដែលគាត់មានសតិយល់​ដឹង។54

លើសពីនេះ អ្នកជំងឺ ឬមេធាវី អាណាព្យាបាល ឬអ្នករក្សាការពាររបស់​គាត់ក៏អាចដាក់ញត្តិនៅតុលាការជាន់ខ្ពស់នៃខោនធីដែលគាត់ស្នាក់នៅ ដោយស្នើសុំដីកាដែលហាមឃាត់ការប្រើប្រាស់ ECT លើអ្នកជំងឺ​។55

សិទ្ធិរបស់បុគ្គលនៅក្នុងពន្ធនាគារខោនធី ឬយុវជននៅក្នុងមណ្ឌលកែ​ប្រែ​សម្រាប់អនីតិជន

មិនមានច្បាប់ ឬបទប្បញ្ញត្តិជាក់លាក់ដែលអនុញ្ញាតការប្រើ ECT លើបុ​គ្គលនៅក្នុងពន្ធនាគារខោនធី ឬមណ្ឌលកែប្រែសម្រាប់អនីតិជនទេ។ ជាទូទៅ បុគ្គលដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខោនធី​ដែលមាន​សតិយល់ដឹង មានសិទ្ធិបដិសេធការថែទាំសុខភាពផ្លូវចិត្ត ឬការថែទាំ​វេជ្ជ​​សាស្ត្រមិនមែនសង្គ្រោះបន្ទាន់។56យុវជនក៏មានសិទ្ធិបដិសេធការថែទាំសុខភាពផ្លូវចិត្ត ឬការថែទាំវេជ្ជសាស្ត្រមិនមែនសង្គ្រោះ​បន្ទាន់ដែរ។57

ការគ្មានការយល់ព្រមដោយយល់ដឹងនៅក្នុងស្ថានភាពមិនមែនសង្គ្រោះបន្ទាន់ តម្រូវឱ្យមានដីកាតុលាការមុននឹងអាចផ្ដល់ការព្យាបាល​វេជ្ជសាស្ត្រ​ដោយមិនស្ម័គ្រចិត្តទៅបុគ្គលដែលជាប់ឃុំឃាំង។ សម្រាប់អនីតិជន ឬអ្នកទទួលការរក្សាការពារ ការយល់ព្រម​ដោយ​យ​ល់​ដឹងរបស់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែរក្សាស្របច្បាប់ អនុវត្ត​នៅ​ពេលដែលច្បាប់តម្រូវ។58

19. តើមានគណៈកម្មាធិការណាត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលឬទេ?

បាទ/ចាស។ មណ្ឌលដែលអនុវត្តការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវតែមានគណៈកម្មាធិការមួយដើម្បីត្រួតពិនិត្យការព្យាបាលទាំងអស់ ដើម្បីប្រាកដថា​ការ​ព្យាបាលទាំងនោះចាំបាច់។59 គណៈ​កម្មាធិការ​ទាំងនោះត្រូវតែត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលទាំងអស់ដែលផ្ដល់នៅក្នុងមណ្ឌល។ នាយកផ្នែកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋានក៏ត្រូវតែរៀបចំគណៈកម្មាធិការមួយដើម្បីត្រួតពិនិត្យការព្យាបាលបែបពញ្ញាក់ខួរក្បាលដែលផ្ដល់នៅក្រៅមណ្ឌលផងដែរ។60កំណត់ត្រានៃគណៈកម្មាធិការត្រួតពិនិត្យទាំងនេះត្រូវបានចាត់ចែងដូចគ្នាទៅនឹងកំណត់ត្រារបស់គណៈកម្មាធិការពិនិត្យការប្រើប្រាស់សេវាមន្ទីរពេទ្យ និងគណៈកម្មាធិការ​សវនកម្មដែរ។61

20. តើលក្ខខណ្ឌតម្រូវអ្វីខ្លះនៃការរាយការណ៍ ដែលអនុវត្តចំពោះ​ការ​ព្យា​​បាល​បែបពញ្ញាក់ខួរក្បាល?

វេជ្ជបណ្ឌិត ឬមណ្ឌលដែលអនុវត្តការព្យាបាលបែបពញ្ញាក់​ខួរក្បាល​ត្រូវ​តែផ្ញើរបាយការណ៍រៀងរាល់ 3 ខែម្ដងទៅនាយកផ្នែកសុខភាពផ្លូវចិត្តក្នុង​មូលដ្ឋាន ដែលបន្ទាប់មកនាយកត្រូវតែផ្ញើច្បាប់ចម្លងនៃ​របាយការណ៍​ទៅនាយកផ្នែកសេវាកម្មថែទាំសុខភាព។62 របាយការណ៍នេះត្រូវតែបញ្ចូលចំនួនមនុស្សដែលបានទទួល ECT នៅក្នុងប្រភេទ​នីមួយៗ​ទាំងនេះ៖ (1) អ្នកជំងឺមិនស្ម័គ្រចិត្តដែលបានផ្ដល់ការយល់ព្រមដោយយល់ដឹង (2) អ្នកជំងឺមិនស្ម័គ្រចិត្តដែលតុលាការបានបញ្ជាក់ថាមិនអាចផ្ដល់ការយល់ព្រមដោយយល់ដឹង និងដែលបានទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាល​ផ្ទុយ​ពីឆន្ទៈរបស់ពួកគេ (3) អ្នកជំងឺស្ម័គ្រចិត្តដែលបានផ្ដល់ការយល់ព្រម​ដោយយល់ដឹង និង (4) អ្នកជំងឺស្ម័គ្រចិត្តដែលតុលាការបានបញ្ជាក់ថា​មិនអាចផ្ដល់ការយល់ព្រមដោយយល់ដឹងបាន។ នាយកដ្ឋានមន្ទីរពេទ្យរដ្ឋក៏ត្រូវតែដាក់របាយការណ៍ទាំងនេះជូននាយកផ្នែកសេវាកម្មថែទាំសុខភាពរៀងរាល់ 3 ខែម្ដងផងដែរ​។63

21. តើមនុស្សម្នាក់អាចធ្វើអ្វីបាន ប្រសិនបើគាត់ជឿថាវេជ្ជបណ្ឌិតបាន​បំ​ពា​ន​សិទ្ធិ​របស់គាត់?

អតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់

ប្រសិនបើអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកតំណាងរបស់​គាត់​ជឿថាសិទ្ធិរបស់អតិថិជននោះកំពុងត្រូវបានបំពាន គាត់អាចដាក់​បណ្ដឹងដំបូងទៅកាន់អ្នកគាំពារសិទ្ធិអតិថិជនដែលទទួលខុសត្រូវលើមណ្ឌលដែលបុគ្គលនោះស្នាក់នៅ ឬជាអតិថិជននៃ​។64 អ្នកគាំពារសិទ្ធិអតិថិជននឹងស៊ើបអង្កេតបណ្ដឹង និងផ្ញើដំណោះស្រាយដែលស្នើឡើងជាលាយ​លក្ខណ៍អក្សរទៅកាន់អ្នក​ដាក់​បណ្ដឹងក្នុងរយៈពេល 10 ថ្ងៃធ្វើការ។

ប្រសិនបើគាត់មិនស្គាល់អ្នកគាំពារសិទ្ធិអតិថិជនទេ គាត់អាចរក​មើល​នៅលើតំណភ្ជាប់បុគ្គលិកការិយាល័យការពារសិទ្ធិអតិថិជនរបស់ DRC ឬដោយទាក់ទង៖

Disability Rights California
Office of Client Rights
1831 K Street
Sacramento, California 95811-4114

Northern California 1-800-390-7032 (TTY 877-669-6023)

Southern California 1-866-833-6712 (TTY 877-669-6023)

អតិថិជនមិនមែនរបស់មជ្ឈមណ្ឌលប្រចាំតំបន់

ប្រសិនបើនរណាម្នាក់ដែលមិនមែនជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ជឿថាវេជ្ជបណ្ឌិត ឬមណ្ឌលបានបំពានសិទ្ធិរបស់គាត់ គាត់អាចរាយ​ការណ៍ពីការបំពាននោះទៅកាន់៖

Disability Rights California
Office of Patients’ Rights
1831 K Street
Sacramento, California 95811-4114
ទូរសព្ទ៖ (916) 504-5810
http://www.disabilityrightsca.org/
អ៊ីមែល៖ COPRINFOREQUEST@disabilityrightsca.org

Department of Health Care Services
Office of the Ombudsman
ទូរសព្ទ៖ (888) 452-8609
អ៊ីមែល៖ MMCDOmbudsmanOffice@dhcs.ca.gov

នាយកផ្នែកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋាន ឬអ្នកទទួលការចាត់តាំង (បុគ្គលម្នាក់ទៀតដែលពួកគេចាត់តាំង) ហើយនៅក្នុងកាលៈទេសៈមួយ​ចំនួន នាយកផ្នែកសេវាកម្មថែទាំសុខភាព ឬអ្នកទទួលការចាត់តាំង​រប​ស់ពួកគេ (បុគ្គលម្នាក់ទៀតដែលពួកគេចាត់តាំងឱ្យមក​ជំនួសកន្លែង​រប​ស់​ពួកគេ) ត្រូវតែស៊ើបអង្កេតរបាយការណ៍នោះ​។65 ប្រសិន​បើបុគ្គលនោះជាអ្នកជំងឺនៅមន្ទីរពេទ្យ​រដ្ឋ​នៅពេលដែលសិទ្ធិរបស់គាត់ត្រូវបានបំពាន នោះនាយកនៃនាយក​ដ្ឋាន​មន្ទីរពេទ្យរដ្ឋ ឬអ្នកទទួលការចាត់តាំងក៏ត្រូវតែអនុវត្តការស៊ើប​អង្កេតដែរ។

ប្រសិនបើនាយកផ្នែកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋាន នាយកសេវាកម្មថែ​ទាំ​សុខភាព ឬនាយកនៃនាយកដ្ឋានមន្ទីរពេទ្យរដ្ឋកំណត់ថាសិទ្ធិ​របស់អ្នក​ជំងឺត្រូបានបំពាន ពេលនោះពួកគេអាចចាត់វិធានការនានា រួមមាន៖

  1. ការតម្រូវឱ្យបញ្ឈប់ការបំពានក្នុងរយៈពេលជាក់លាក់ណាមួយ
  2. ការបញ្ជូនរឿងនេះទៅកាន់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា ឬទីភ្នា​ក់​ងារផ្ដល់អាជ្ញាបណ្ណដែលមានវិជ្ជាជីវៈផ្សេងទៀតដើម្បីស៊ើបអង្កេត និង​ដាក់​ទណ្ឌកម្មលើវេជ្ជបណ្ឌិតនោះ បើចាំបាច់
  3. ការដកហូតសិទ្ធិអំណាចរបស់មណ្ឌលក្នុងការផ្ដល់ការព្យាបាលដល់អ្នកជំងឺដោយគ្មានការស្ម័គ្រចិត្ត ឬ
  4. ការបញ្ជូនរឿងនេះទៅកាន់មេធាវីមណ្ឌលក្នុងមូលដ្ឋាន ឬអគ្គមេធាវី​ដើ​ម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។66

ប្រសិនបើអគ្គមេធាវីសម្រេចចោទប្រកាន់ករណីនោះ ហើយវេជ្ជបណ្ឌិត​ម្នាក់ត្រូវបានគេរកឃើញថាបានបំពានសិទ្ធិរបស់បុគ្គលម្នាក់ដោយចេតនា ទាក់ទងនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាល វេជ្ជបណ្ឌិតនោះអាច​នឹង​ត្រូវពិន័យជាប្រាក់ចំនួនប្រាំពាន់ដុល្លារ ($5,000) សម្រាប់ការបំពាន​មួយ​លើកៗ ហើយអាជ្ញាបណ្ណវេជ្ជសាស្ត្ររបស់គាត់អាចនឹងត្រូវបាន​ដក​ហូត។67

ពន្ធនាគារ

ប្រសិនបើនរណាម្នាក់នៅក្នុងពន្ធនាគារជឿថាសិទ្ធិរបស់គាត់ត្រូវបាន ឬកំពុងត្រូវបានគេបំពាន នោះគាត់អាចដាក់បណ្ដឹងសាទុក្ខ​ផ្នែកថែទាំ​សុខភាពដោយប្រើទម្រង់បែបបទ CDCR 602 HC។68 គាត់ត្រូវតែដាក់បណ្ដឹងសាទុក្ខក្នុងរយៈពេល 30 ថ្ងៃប្រតិទិន បន្ទាប់ពីសកម្មភាព ឬសេចក្តីសម្រេចដែលត្រូវបានប្តឹង​សា​ទុក្ខនោះបានកើតឡើង។69 ជាទូទៅ បុគ្គលិក​ថែ​ទាំសុខភាព CDCR ត្រូវតែដំណើរការបណ្ដឹងសាទុក្ខនោះក្នុងរយៈពេល 45 ថ្ងៃធ្វើការ។70

ពន្ធនាគារខោនធី និងមណ្ឌលកែប្រែសម្រាប់អនីតិជន

មណ្ឌលកែប្រែសម្រាប់អនីតិជន និងពន្ធនាគារខោនធីនីមួយៗ​ត្រូវ​ប​ង្កើតនីតិវិធី និងគោលនយោបាយជាលាយលក្ខណ៍អក្សរអំពី​ដំណើរការ​បណ្ដឹងសាទុក្ខ។71 នៅក្នុងពន្ធនាគារខោនធី ប្រ​ជា​ជនមានសិទ្ធិទទួលបានការឆ្លើយតបដំបូងទៅនឹងបណ្ដឹងសាទុក្ខរបស់ពួកគេក្នុងរយៈពេលមិនលើស 15 ថ្ងៃប្រតិទិន។72 យុវជនមានសិទ្ធិទទួលបានការឆ្លើយតបដំបូងក្នុងរយៈពេល 3 ថ្ងៃធ្វើការ។73

22. តើគេអាចដាក់ពាក្យប្ដឹងបានឬទេ បើគេជឿថា សិទ្ធិរបស់​ខ្លួន​ពាក់​ព័ន្ធ​នឹ​ង​ការព្យាបាលបែបពញ្ញាក់ខួរក្បាលត្រូវបានបំពាន?

បើនរណាម្នាក់ចាប់អារម្មណ៍ក្នុងការប្ដឹងទាមទារតាមផ្លូវច្បាប់ទាក់ទងនឹងបទពិសោធរបស់ខ្លួនជាមួយនឹងការព្យាបាលបែបពញ្ញាក់ខួរក្បាល គេ​គួរ​តែដឹងថា វាអាចមានលក្ខន្តិកៈអំពីដែនកំណត់ (ដែនកំណត់ផ្លូវច្បាប់​ទៅលើរយៈពេលដែលអាចហួស មុនពេលគេអាចដាក់បណ្ដឹងតវ៉ាបាន)។ ដើម្បីដឹងពីកាលកំណត់ គេគួរតែទាក់ទងទៅមេធាវីជាបន្ទាន់។ កម្មវិធីជួយខ្លួនឯងនៃតុលាការក្នុងរដ្ឋកាលីហ្វ័រញ៉ា ក៏បោះផ្សាយ​ផង​ដែ​រ​នូវព័ត៌មានអំពីលក្ខន្តិកៈទូទៅមួយចំនួនអំពីដែនកំណត់នានា ដើ​ម្បី​ស្វែង​យល់បន្ថែមទៀត សូមចុចទីនេះ។ បើគេខកខានកាលកំណត់ណាមួយ នោះគេនឹងមិនអាចបន្តទៅមុខ​ជា​មួយបញ្ហារបស់ខ្លួនបានទេ។

បើនរណាម្នាក់ចង់ដាក់ពាក្យប្ដឹងប្រឆាំងនឹងក្រុមហ៊ុនផលិតឧបករណ៍ ECT ដោយផ្អែកលើការខកខានរបស់ក្រុមហ៊ុនផលិត​មិនបានព្រមាន​ខ្លួ​នអំពីហានិភ័យនៃ ECT នោះគេនឹងត្រូវបង្ហាញថា អ្នកផលិតឧបករណ៍ ECT គួរតែផ្ដល់ធ្វើការផ្ដល់សេចក្ដីព្រមានខ្លាំង​ក្លាអំពីផលរំខាន​នៃឧប​ករ​ណ៍នេះដល់វេជ្ជបណ្ឌិតដែលចេញវេជ្ជបញ្ជា។74

ឧបសម្ព័ន្ធ A៖ ផលរំខានដែលអាចមានពីការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (ECT)

ផលរំខានទូទៅបំផុតពី ECT រួមមានការវង្វេងស្មារតី ការភាន់ភាំង និងការបាត់បង់ការចងចាំ។75 ការសិក្សាមួយចំនួនបង្ហាញថា យ៉ាងហោចណាស់ “ECT ទម្រង់មួយចំនួនមានផលប៉ះយូរអ​ង្វែ​ង​មិនព្រមស្បើយទេ” ទៅលើសមត្ថភាពក្នុងការគិតឱ្យបានច្បាស់​លាស់​។”76 នៅក្នុងការសិក្សាដ៏ធំបំផុតមួយអំពីអ្នកទទួលការព្យាបាលដោយប្រើ ECT អ្នកឆ្លើយ 84.5% បានរាយការណ៍ដោយឯក​ឯងពីការបាត់បង់ការចងចាំ 70.3% បានប្រាប់ថា ពួកគេមានបញ្ហាក្នុង​ការរក្សាទុកព័ត៌មានថ្មី (ជំងឺបាត់ការចងចាំក្រោយគ្រោះថ្នាក់) ហើយ 80.4% បាននិយាយថា ពួកគេបានបាត់បង់ការចងចាំអំពីព្រឹត្តិការណ៍​ក្នុងជីវិត។ "65% នៃអ្នកទាំងនោះមានជំងឺបាត់ការចងចាំក្រោយគ្រោះថ្នាក់ និង 81% នៃអ្នកទាំងនោះមានជំងឺបាត់ការចងចាំមុនគ្រោះថ្នាក់ ហើយ​ការ​បាត់បង់នេះមានរយៈពេល 3 ឆ្នាំឡើងទៅ។” “មិនមានភស្តុតាងបញ្ជាក់ថា ការបាត់បង់ការចងចាំបានថយចុះក្នុង​ប៉ុន្មា​ន​ឆ្នាំថ្មីៗនេះ ដូចត្រូវបានផ្ដល់យោបល់ជាញឹកញាប់នោះទេ។”

ការសិក្សាមួយចំនួនចង្អុលបង្ហាញថា ECT អាចនឹង “គ្មានអត្ថ​ប្រ​យោ​ជន៍រយៈពេលវែងទេ បើធៀបនឹងថ្នាំគ្មានជាតិថ្នាំ។”​77 អ្នកផលិតឧបករណ៍ ECT ទទួលស្គាល់ថា “ក្នុង​ករណីកម្រ អ្នកជំងឺអាចនឹងមានការបាត់បង់ការចងចាំជាអចិន្ត្រៃយ៍ ឬការខូចខួរក្បាលជាអចិន្ត្រៃយ៍។”78

អ្នករិះគន់ចំពោះ ECT ចង្អុលបង្ហាញថា ដោយសារ FDA មិនតម្រូវ​ឱ្យ​មានការចុះបញ្ជីអ្នកជំងឺដើម្បីតាមដានលទ្ធផល ហើយក្រុមហ៊ុនផលិត​មួ​យបានទទួលស្គាល់នៅក្នុងសេចក្ដីអះអាងក្នុងតុលាការសហព័ន្ធថា ពួក​គេ​ពុំដែលស៊ើបអង្កេតពីផលប៉ះពាល់អវិជ្ជមានពី ECT ដែលត្រូវ​រាយ​ការ​ណ៍ទៅឱ្យ FDA ជាង 30 ឆ្នាំមកហើយ ដូច្នេះវាពិបាកក្នុងការដឹង​ច្បាស់​ពីកម្រិតទូទៅដែលវាធ្វើឱ្យអ្នកជំងឺមានការបាត់បង់ការចងចាំជាអចិន្ត្រៃយ៍ ឬការខូចខួរក្បាលជាអចិន្ត្រៃយ៍។79

ហានិភ័យពី ECT ដល់រាងកាយក៏អាចរាប់បញ្ចូលទាំង​ការរង​របួស​នានា​ជាច្រើន ដែលរួមមានមិនត្រឹមតែដូចជា៖80

  • ផលវិបាកដល់បេះដូងនិងសរសៃឈាម ដូចជាជំងឺចង្វាក់បេះដូងខុសប្រ​ក្រតី រោគគាំងបេះដូង ការលើសឈាមស្រួចស្រាវ ជំងឺលើសឈាម និងការ​ដាច់​សរសៃឈាមខួរក្បាល
  • ផលវិបាកដល់សួត (ឧ. ការដកដង្ហើម/ការស្រូបចូលនូវរបស់ពីខាងក្រៅ, រោគ​​រលាកសួត, រោគខ្វះអុកស៊ីសែន, ការស្ទះដង្ហើម, ការស្ទះសរសៃឈាម​ក្រហមក្នុងសួត, ការបាត់ដង្ហើមយូរ)
  • ការកន្ត្រាក់យូរ ឬការកន្ត្រាក់កើតមានតាមក្រោយ
  • ការកើតមាន/ការធ្វើឱ្យធ្ងន់ឡើងនូវរោគសញ្ញាផ្លូវចិត្ត
  • រោគសញ្ញាខាងសរសៃប្រសាទ (ឧ. ស្រពន់ដៃជើង ការមិនអាចត្រួតពិនិត្យ​ចលនាដោយឆន្ទៈ ដំណើរការចលករខុសធម្មតា)
  • ឈឺចាប់/ភាពមិនស្រួលខ្លួន (ដូចជាឈឺក្បាល ឈឺសាច់ដុំ និងចង្អោរ)
  • រលាកស្បែក
  • របួសរាងកាយ (ដូចជាការបាក់ឆ្អឹង ស្នាមជាំ របួសពីការដួល របួសមាត់​និង​ធ្មេញ) និង
  • ស្លាប់។

ស្របពេលដែលគ្មានការហាមឃាត់ការប្រើ ECT ចំពោះស្ត្រីមានផ្ទៃពោះ ការសិក្សាបែបវិទ្យាសាស្ត្រមួយដែលមើលទៅលើការសិក្សាផ្សេងៗជាច្រើន បានរកឃើញថា 29% ក្នុងពេលនោះ មានករណីមិនល្អដូចជា ការធ្លាក់ចុះ​ចង្វាក់បេះដូងកូនក្នុងផ្ទៃ ការកន្ត្រាក់ស្បូន និងការកើតកូនមិនគ្រប់​ខែ។81ការសិក្សានោះក៏បានរកឃើញផងដែរថា អ​ត្រាស្លាប់កូនក្នុងផ្ទៃដោយសារ ECT ដែលអនុវត្តក្រោមរបៀបទំនើបគឺ 9.4%។82

ដូចបានកត់សម្គាល់ខាងលើ បើគិតពីផលរំខានរយៈពេលខ្លី​និងវែងដែល​អាចមានពី ECT វាសំខាន់ណាស់ចំពោះអ្នកជំងឺក្នុងការនិយាយ​ជាមួយ​អ្នក​ផ្ដល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាពីអត្ថប្រយោជន៍ ហានិភ័យ និងផលរំខាននៃ ECT ព្រោះវាទាក់ទងនឹងការព្យាបាលនិងការថែទាំផ្ទាល់​ខ្លួនពួកគេ។ ការសិក្សាថ្មីមួយបានរកឃើញថា 59% នៃអ្នកទទួល ECT បានរាយ​ការ​ណ៍ថា ពួកគេពុំត្រូវបានផ្ដល់ “ព័ត៌មានគ្រប់គ្រាន់” ដូចជាហានិភ័យ និង​ផល​រំខានដែលអាចមានទេ មុនពេលទទួល ECT។83

នៅក្នុងការបោះពុម្ពផ្សាយថ្មីមួយទៀតដែលរាយការណ៍នូវការឆ្លើយតបអំពីបទពិសោធជាមួយ ECT ចំនួនជាង 1,100, 62% នៃអ្នកជំងឺបាន​រា​យ​ការណ៍ថា ECT បានបន្ថយគុណភាពជីវិត ក្នុងនោះ 27% បាន​និ​យា​យ​ថា គុណភាពជីវិតក្រោយទទួល ECT គឺ 'អាក្រក់​ខ្លាំង​ណាស់។'84

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីទារុណកម្ម និងការ​ដា​ក់ទោស ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបែបប្រមាថ​ផ្សេង​ៗ បាន “អំពាវនាវឱ្យប្រទេសនានាដាក់ការហាម​ប្រាមទាំងស្រុង​ទៅលើ​ការ​ប្រើអន្តរាគមន៍វេជ្ជសាស្ត្របែបបង្ខំនិងគ្មានការយល់ព្រមគ្រប់យ៉ាង ដូច​ជា​ការប្រើដោយមិនបានស្ម័គ្រចិត្តនូវ … ការព្យាបាលបែបពញ្ញាក់ខួរ​ក្បាល​ដោយអគ្គិសនី….”85

ថ្មីៗនេះ មានបណ្ដឹងត្រូវបានដាក់ដោយបុគ្គលនានាដែលអះអាងថា ពួកគេបានរងគ្រោះដោយសារឧបករណ៍  ECT។​86 អ្នកជំនាញម្នាក់នៅក្នុងបណ្ដឹងមួយបានផ្ដល់សក្ខីកម្មថា ឧបករណ៍ ECT ប្រើចរន្ត 16 ដងលើសកាំភ្លើងឆក់ជាមធ្យម​ទៅ​ទៀត​។87

ឧបសម្ព័ន្ធ B៖ សំណួរអំពីការព្យាបាល ជម្រើសដទៃ និងហានិភ័យ

វេជ្ជបណ្ឌិតត្រូវបានតម្រូវឱ្យប្រាប់អ្នកជំងឺអំពីហានិភ័យ មូលហេតុ និង​យោ​បល់ចម្រុះអំពីការព្យាបាលបែបពញ្ញាក់ខួរក្បាល រួមទាំង ECT ប៉ុន្តែ​អ្នកជំងឺអាចនឹងចង់សួរសំណួរបន្ថែមដើម្បីឱ្យខ្លួនឯងបានដឹង។ ពេលនិយាយទៅកាន់វេជ្ជបណ្ឌិត អ្នកជំងឺអាចគិតពីអក្សរកាត់ “TAR” (T៖ ការព្យាបាល, A៖ ជម្រើសដទៃ, R៖ ហានិភ័យ) និងសួរសំណួរ​មួយចំនួន​ខា​ង​ក្រោម៖

  • ការ​ព្យាបាល​​៖ 
    • ហេតុអ្វីបានជាអ្នកណែនាំឱ្យខ្ញុំទទួលប្រើ ECT?
    • តើគេនឹងធ្វើអ្វីខ្លះនៅពេលទទួលប្រើ ECT?
    • តើខ្ញុំនឹងត្រូវការការព្យាបាលប៉ុន្មានដង?
    • តើការព្យាបាលម្ដងៗនឹងចំណាយពេលប៉ុន្មាន?
    • តើ ECT នឹងធ្វើឱ្យបញ្ហាសុខភាពរបស់ខ្ញុំបានប្រសើរឡើងក្នុងកម្រិតណា?
    • តើវានឹងបែបនេះរហូតឬបណ្ដោះអាសន្ន?
    • តើបញ្ហាសុខភាពរបស់ខ្ញុំនឹងប្រសើរឡើងក្នុងកម្រិតណាដោយគ្មាន ECT?
  • ជម្រើសដទៃ
    • តើមានជម្រើសព្យាបាលផ្សេងទៀតអ្វីខ្លះដើម្បីព្យាបាលបញ្ហាសុខភាពរបស់ខ្ញុំ?
    • តើគេធ្វើអ្វីខ្លះនៅពេលប្រើការព្យាបាលផ្សេងទៀតទាំងនោះ?
    • តើការព្យាបាលផ្សេងទៀតទាំងនោះធ្វើឱ្យបញ្ហាសុខភាពរបស់ខ្ញុំបានប្រសើរឡើងរហូត ឬបណ្ដោះអាសន្នក្នុងកម្រិតណា?
    • ហេតុអ្វីបានជាអ្នកគិតថា ECT អាចនឹងល្អជាងការព្យាបាលផ្សេង​ទៀត​សម្រាប់ខ្ញុំ?
  • ហានិភ័យ
    • តើ ECT អាចមានផលរំខាន និងហានិភ័យអ្វីខ្លះ?
    • តើផលរំខានទាំងនេះអាចធ្ងន់ធ្ងរក្នុងកម្រិតណា?
    • តើផលរំខាននឹងនៅមានរហូត ឬបណ្ដោះអាសន្ន?
    • តើខ្ញុំអាចនឹងទទួលរងផលរំខានទាំងនោះក្នុងកម្រិតណា?
    • តើអ្នកនឹងអនុវត្តជំហានអ្វីខ្លះដើម្បីបន្ថយហានិភ័យនៃផលរំខានឱ្យនៅទាបបំផុតដល់ខ្ញុំ?

  • 1. Cal. Code Regs. tit. 9, § 836.
  • 2. 21 C.F.R. § 882.5940(a).
  • 3. Cal. Code Regs. tit. 15, § 3999.348(a).
  • 4. 21 C.F.R 882.5940(b)(1)(viii)(I).
  • 5. 21 C.F.R 882.5940(b)(1)(viii)(J).
  • 6. Cal. Code Regs. tit. 9, § 835.
  • 7. Cal. Welf. & Inst. Code § 5326.75; Cal. Welf. & Inst. Code § 5326.7(d) សូមមើលផងដែរនូវ Cal. Code Regs. tit. 9, § 839; Cal. Welf. & Inst. Code § 5326.5 សូមមើលផងដែរនូវ Cal. Welf. & Inst. Code § 5326.2 សូមមើល generallyCanterbury v. Spence, 464 F.2d 772, 780, cert. denied, 409 U.S. 1064 (1972) (“គំនិតដើម” អំពីការយល់ព្រមដោយយល់ដឹង “គឺជាគោលគំនិត ដែលជាមូលដ្ឋានគ្រឹះនៅក្នុងនីតិសាស្ត្រអាមេរិក ពោលគឺ ‘មនុស្សរាល់រូបដែលពេញវ័យ និងមានស្មារតីភ្លឺស្វាង មានសិទ្ធិសម្រេចពីអ្វីៗដែលត្រូវធ្វើទៅលើរាងកាយផ្ទាល់ខ្លួនរបស់គាត់’ ”) (សម្រង់សេចក្ដីពី Schloendorff v. Society of New York Hospital, 105 N.E. 92, 93 (1914) (Cardozo, J.)) សូមមើលផងដែរនូវ Washington v. Harper, 494 U.S. 210, 241 (1990) (យោបល់ជំទាស់របស់ចៅក្រម STEVENS) (“ពិតជាគ្មាការសង្ស័យឡើយ ... ថាសិទ្ធិរបស់បុគ្គលដែលមានសតិយោល់ដឹងក្នុងការបដិសេធឱសថ [ដែលប៉ះពាល់ដល់ផ្លូវចិត្ត] គឺជាផលប្រយោជន៍សេរីភាពជាមូលដ្ឋានដែលសក្តិសមនឹងទទួលបានការការពារកម្រិតខ្ពស់បំផុត”)។
  • 8. Cal. Welf. & Inst. Code § 5326.6(b) សូមមើលផងដែរនូវ អង្គការសុខភាពពិភពលោក (“WHO”) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (“OHCHR”), សុខភាពផ្លូវចិត្ត, សិទ្ធិមនុស្ស និងនីតិបញ្ញត្តិ, ការណែនាំ និងការអនុវត្ត 58 (2023), https://iris.who.int/bitstream/handle/10665/373126/9789240080737-eng.pdf?sequence=1(ចែង ថា “ECT ដោយគ្មានការយល់ព្រម … អាចចាត់ទុកថាជាការធ្វើទារុណកម្ម និងជាការធ្វើបាប។”) [តទៅនេះហៅថា អង្គការសុខភាពពិភពលោក]។
  • 9. Cal. Welf. & Inst. Code § 5325.1.
  • 10. Cal. Welf. & Inst. Code § 5326.5(a).
  • 11. Cal. Welf. & Inst. Code § 5326.4.
  • 12. Cal. Welf. & Inst. Code § 5326.2.
  • 13. Cal. Welf. & Inst. Code § 5326.5 សូមមើលផងដែរនូវក្រសួងសេវាកម្មថែទាំសុខភាព 1800 (06/2013) ដែលមាននៅលើវិបសាយ https://www.dhcs.ca.gov/hm/formsandpubs/forms/Forms/Mental_Health/DHCS_1800.pdf(ចូលមើលចុងក្រោយនៅថ្ងៃទី 17 តុលា ឆ្នាំ 2025)។
  • 14. Cal. Welf. & Inst. Code § 5326.4.
  • 15. Cal. Welf. & Inst. Code § 5326.7(d).
  • 16. Cal. Code Regs. tit. 9, § 849(a) សូមកត់សម្គាល់ថា ការសិក្សាមួយចំនួនបានរកឃើញថាការព្យាបាលដែលលើសពី 10 ដង អាចបង្កើនហានិភ័យនៃការវិវត្តន៍ទៅរកស្ថានភាពផ្សេងៗទៀត ដូចជាជំងឺក្រិនស្វិតសាច់ដុំ (“ALS”) ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបន្ថែមទៀតគឺនៅតែចាំបាច់ដើម្បីបដិសេធ ឬបញ្ជាក់ពីទំនាក់ទំនងនេះ (សូមមើលឧ. Gabor Mezei និងសហការី, ការទទួលបានការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី និងការវិវត្តន៍ជាបន្តបន្ទាប់នៃជំងឺក្រិនស្វិតសាច់ដុំ៖ ការសិក្សាបែបតាមដានក្រុមមនុស្ស, 43 ជីវអេឡិចត្រូម៉ាញេទិច 81 (2022))។
  • 17. Cal. Code Regs. tit. 9, § 849(b).
  • 18. Cal. Welf. & Inst. Code § 5326.2(g).
  • 19. Cal. Welf. & Inst. Code § 5326.6(d).
  • 20. Cal. Welf. & Inst. Code § 5326.7(d).
  • 21. Cal. Welf. & Inst. Code §§ 5325(f), 5326.2(g), 5326.85; Cal. Code Regs. tit. 9, § 841.
  • 22. Cal. Welf. & Inst. Code § 4503(f).
  • 23. Cal. Welf. & Inst. Code § 5326.85; Cal. Code Regs. tit. 9, § 841.
  • 24. Cal. Code Regs. tit. 9, § 840 សូមមើល Conservatorship of Pamela J., 133 Cal. App. 4th 807, 824, 35 Cal. Rptr. 3d 228, 239 (Cal. Ct. App. 4th 2005) សូមមើល generally Riese v. St. Mary's Hosp. & Med. Ctr., 209 Cal. App. 3d 1303, 1323, 271 Cal. Rptr. 199, 211 (Cal. Ct. App. 1st 1987).
  • 25. Cal. Prob. Code §§ 4617, 4652.
  • 26. Cal. Code Regs. tit. 9, § 840(b); Cal Wel & Inst Code § 4503(f).
  • 27. Cal. Welf. & Inst. Code § 5326.7(f).
  • 28. Id.
  • 29. Cal. Welf. & Inst. Code § 5326.7(g).
  • 30. Id.
  • 31. Cal. Welf. & Inst. Code § 5326.7(h).
  • 32. Cal. Welf. & Inst. Code § 5326.8 សូមកត់សម្គាល់ថា ដោយសារតែលក្ខណៈចម្រូងចម្រាសនៃ ECT មានការអំពាវនាវឱ្យហាមឃាត់ទាំងស្រុងចំពោះ ECT (សូមមើលឧ. អង្គការសុខភាពពិភពលោក, លេខយោង viii នៅទំព័រ 58 សូមមើលផងដែរនូវ John Read និងសហការី តើយើងគួរឈប់ប្រើការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីឬទេ? BMJ 364 (2019); Peter R. Breggin, Electroshock: scientific, ethical, and political issues, 11 Int’l. J. Risk Saf Med. 5 (1998) មាននៅលើវិបសាយ http://www.ectresources.org/ECTscience/Breggin_1998_ECT__Overview.pdf)។
  • 33. Cal. Welf. & Inst. Code § 5326.8(a).
  • 34. Cal. Welf. & Inst. Code § 5326.8(b).
  • 35. Cal. Welf. & Inst. Code § 5326.8(c).
  • 36. Cal. Welf. & Inst. Code § 5326.8(d).
  • 37. Cal. Code Regs. tit. 9, § 845(d).
  • 38. Cal. Code Regs. tit. 9, § 845(c).
  • 39. Id.
  • 40. Cal. Code Regs. tit. 17, § 50830.
  • 41. Cal. Code Regs. tit. 17, § 50833(a)(2).
  • 42. Cal. Code Regs. tit. 17, § 50833(a)(3).
  • 43. Cal. Code Regs. tit. 17, § 50831(a)(2).
  • 44. Cal. Code Regs. tit. 17, § 50833(a)(3).
  • 45. Cal. Code Regs. tit. 17, § 50833(a)(4).
  • 46. Id.
  • 47. Cal. Code Regs. tit. 15, § 3999.348(a).
  • 48. Cal. Code Regs. tit. 15, § 3999.348(c).
  • 49. Cal. Code Regs. tit. 15, § 3999.348(c)(2).
  • 50. Cal. Code Regs. tit. 15, §§ 3999.348(a)(2).
  • 51. Cal. Code Regs. tit. 15, § 3999.348(a)(1).
  • 52. Id.
  • 53. Cal. Code Regs. tit. 15, § 3999.348(g)(1).
  • 54. In re Terrazas, 288 Cal.Rptr.3d 801, 805 (Cal. Ct. App. 4th 2022).
  • 55. Cal. Code Regs. tit. 15, § 3999.348(e)(1).
  • 56. សូមមើល Cal. Code Regs. tit. 15, § 1214.
  • 57. សូមមើល Cal. Code Regs. tit. 15, § 1434.
  • 58. See Cal. Code Regs. tit. 15, § 1214.
  • 59. Cal. Wel. & Inst. Code § 5326.91; Cal. Code Regs. tit. 9 CCR § 847(a).
  • 60. Cal. Wel. & Inst. Code § 5326.91.
  • 61. Id.
  • 62. Cal. Welf. & Inst. Code § 5326.15(a). ច្បាប់ចម្លងនៃទម្រង់បែបបទ DHCS 1011 ប្រចាំត្រីមាស អាចរកបាននៅក្នុងរបាយការណ៍ប្រចាំត្រីមាសសម្រាប់ការព្យាបាលបែបពញ្ញាក់ខួរក្បាល និងការវះកាត់ដើម្បីព្យាបាលជំងឺផ្លូវចិត្តដែលបានអនុវត្ត (DHCS 1011)។
  • 63. Cal. Welf. & Inst. Code § 5326.15(b).
  • 64. Cal. Code Regs. tit. 17, § 50540(b).
  • 65. Cal. Welf. & Inst. Code § 5326.9(a).
  • 66. Cal. Welf. & Inst. Code § 5326.9(b)-(c).
  • 67. Cal. Welf. & Inst. Code § 5326.9(d).
  • 68. Cal. Code Regs. tit. 15, §§ 3999.226, 3999.227(a).
  • 69. Cal. Code Regs. tit. 15, § 3999.227(b).
  • 70. Cal. Code Regs. tit. 15, § 3999.228(i).
  • 71. Cal. Code Regs. tit. 15, §§ 1073(a), 1361.
  • 72. Cal. Code Regs. tit. 15, §§ 1073(a)(7).
  • 73. Cal. Code Regs. tit. 15, § 1361(d).
  • 74. Himes v. Somatics, LLC, 549 P.3d 916, 933 (Cal. 2024).
  • 75. សូមមើល 21 C.F.R. § 882.5940(b)(1)(ix)(H) សូមមើលឧ. Glenda MacQueen និងសហការី ផលប៉ះពាល់រយៈពេលវែងនៃការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីលើប្រព័ន្ធចងចាំដាច់ដោយឡែកពីគ្នា ចំពោះអ្នកជំងឺដែលមានជំងឺបាយប៉ូឡា, 32 J. Psychiatry Neurosci។ 241 (2007), https://www.ncbi.nlm.nih.gov/pmc/articles/PMC1911194/pdf/20070700s00003p241.pdf
  • 76. សូមមើលឧ. Harold A. Sackeim និងសហការី, ផលប៉ះពាល់ផ្នែកយល់ដឹងនៃការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីនៅក្នុងសហគមន៍, 32 ផ្នែកសរសៃប្រសាទ ចិត្តសាស្ត្រឱសថសាស្ត្រ 244 (2007), https://doi.org/10.1038/sj.npp.1301180 សូមមើលផងដែរនូវ Read, លេខយោង xxxii ទំព័រទី 1 (លើកក្ដីបារម្ភថាការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី “គ្មានអត្ថប្រយោជន៍រយៈពេលវែងទេ បើធៀបនឹងថ្នាំគ្មានជាតិថ្នាំ ហើយភាគច្រើនបង្កឱ្យខូចខួរក្បាល”)។
  • 77. សូមមើលឧ. Read, លេខយោង xxxii ទំព័រទី 1; Breggin, លេខយោង xxxii ទំព័រទី 5 (“ការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី (ECT) កំពុងត្រូវបានប្រើកាន់តែច្រើនឡើងនៅអាមេរិកខាងជើង ហើយមានការព្យាយាមជំរុញការប្រើប្រាស់វាឱ្យកាន់តែទូលំទូលាយទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាដែលមានការគ្រប់គ្រងមួយចំនួនធំអំពីប្រសិទ្ធភាពចំពោះជំងឺធ្លាក់ទឹកចិត្ត បង្ហាញថាការព្យាបាលនេះមិនមានប្រសិទ្ធភាពជាងការប្រើថ្នាំគ្មានជាតិថ្នាំនោះទេ ហើយមិនមានឥទ្ធិពលវិជ្ជមានលើអត្រានៃការសម្លាប់ខ្លួនដែរ។”)។
  • 78. សូមមើល Somatics LLC, ការធ្វើបច្ចុប្បន្នភាពតាមបទប្បញ្ញត្តិទៅលើសៀវភៅណែនាំការប្រើប្រាស់ Thymatron System IV ទំព័រទី 10 (2021) (http://www.thymatron.com/ downloads/System_IV_Regulatory_Update.pdf, accessed May 29, 2024)។ បានទុកក្នុងបណ្ណសារ https://web.archive.org/web/20200718120228/http://www.thymatron.com/downloads/System_IV_Regulatory_Update.pdf
  • 79. ឧបករណ៍ខាងសរសៃប្រសាទ; ការចាត់ថ្នាក់ឧបករណ៍ព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីឡើងវិញ; កាលបរិច្ឆេទមានសុពលភាពនៃលក្ខខណ្ឌតម្រូវឱ្យមានការអនុម័តមុនពេលដាក់លក់ចំពោះឧបករណ៍ព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងបំណងជាក់លាក់មួយចំនួន § 3(D), មតិយោបល់លើដំណើរការបទបញ្ជាដែលបានស្នើតាមបទប្បញ្ញត្តិ, 83 Fed. Reg. 66116 (Dec. 26, 2018).
  • 80. សូមមើល 21 C.F.R. § 882.5940(b)(1)(ix)(H)(3) សូមមើលផងដែរនូវ Somatics LLC, សៀវភៅណែនាំអ្នកប្រើ - Thymatron System IV ទំព័រទី 9 (2021) (រាយបញ្ជីករណីមិនល្អដែលបានកើតឡើងដោយសារឧបករណ៍ ECT)។
  • 81. Kari Ann Leiknes និងសហការី, ការព្យាបាលបែបពញ្ញាក់ខួរក្បាល ដោយអគ្គិសនីក្នុងពេលមានផ្ទៃពោះ៖ ការត្រួតពិនិត្យជាប្រព័ន្ធនូវការសិក្សាករណីនានា, 18 Archives of Women’s Mental Health ទំព័រទី 1 (2015)។
  • 82. Id. at 6.
  • 83. John Read និងសហការី, ការស្ទង់មតិស្រាវជ្រាវដ៏ធំមួយអំពីអ្នកទទួលការព្យាបាលបែបពញ្ញាក់ខួរក្បាលដោយអគ្គិសនី សមាជិកគ្រួសារ និងមិត្តភក្តិ៖ តើពួកគេចងចាំព័ត៌មានអ្វីខ្លះដែលត្រូវបានផ្ដល់ឱ្យ?, J. of Med. Ethics, 14 សីហា 2025, https://jme.bmj.com/content/early/2025/08/25/jme-2024-110629
  • 84. John Read និងសហការី, ការស្ទង់មតិអ្នកទទួល ECT សមាជិកគ្រួសារ និងមិត្តភក្តិចំនួន 1144 នាក់៖ តើ ECT ប្រើការបានឬទេ?, Int’l J. of Mental Health Nursing, 10 សីហា 2025, https://onlinelibrary.wiley.com/doi/10.1111/inm.70109
  • 85. អង្គការសុខភាពពិភពលោក, លេខយោង viii ទំព័រទី 15; សូមមើល Juan E. Méndez, របាយការណ៍របស់អ្នករាយការណ៍ពិសេសអំពីទារុណកម្ម និងការដាក់ទោស ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបែបប្រមាថផ្សេងៗ, ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃមហាសន្និបាតអង្គការសហប្រជាជាតិ ( 1 កុម្ភៈ 2013) ទំព័រទី 23 (https://docs.un.org/en/A/HRC/22/53)។
  • 86. សូមមើល ឧ., Himes v. Somatics, LLC, 549 P.3d 916 (Cal. 2024); Thelen v. Somatics, LLC, 672 F.Supp.3d 1216 (M.D. Fl. 2023).
  • 87. សូមមើល Thelen v. Somatics, LLC., Testimony of Kenneth Castleman នៅ 39:25-40:5 (5 មិថុនា 2023) ដែលមាននៅលើវិបសាយ https://www.wisnerbaum.com/wp-content/uploads/Day-4-REDACTED-Thelen-Jury-Trial.pdf