សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ

Publications
#7143.06

សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ

សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គឺជាសេវាកម្មដឹកជញ្ជូនសម្រាប់បុគ្គលទាំងឡាយណាដែលមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបាន ដោយសារស្ថានភាពនៃពិការភាពរបស់ពួកគេ។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គឺជាសេវាកម្មដឹកជញ្ជូន​សម្រាប់​បុគ្គលទាំងឡាយណាដែលមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបាន ដោយសារស្ថានភាពនៃពិការភាពរបស់ពួកគេ។ ច្បាប់ស្តីពីជនពិការអាមេរិក (ADA) តម្រូវឱ្យរដ្ឋាភិបាលក្នុងមូលដ្ឋានដែល​ផ្តល់សេវាដឹកជញ្ជូនតាមខ្សែផ្លូវថេរ (ដូចជារថយន្ដក្រុងរបស់ក្រុង) ត្រូវផ្តល់​សេវា​ដឹកជញ្ជូនពិសេសសម្រាប់ជនពិការផងដែរ ដើម្បីឱ្យជនមានពិការ​ភា​ព​​ទ​ទួ​ល​បាននូវសិទ្ធិ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដោយស្មើភាពគ្នា។ សន្លឹកព័ត៌មាននេះគឺជាការណែនាំជាមូលដ្ឋានអំពីសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ សូមចូលទៅកាន់ មគ្គទេសក៍ប្រធានបទស្តីពីការដឹកជញ្ជូន ADA របស់អង្គការមូលនិធិអប់រំ និងការពារសិទ្ធិជនពិការ។

ភ្នាក់ងារ​​​ដឹកជញ្ជូន​ ​ត្រូវ​ផ្តល់​ជូន​នូវ​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​​ក្នុង​រយៈចម្ងាយ​ 3/4 ម៉ាយ​នៃ​ផ្លូវ​រត់​របស់​រថយន្ត​ក្រុង​ ឬ​ស្ថានីយ​ផ្លូវ​ដែក​ណាមួយ​។ សេវា​នេះ​ ត្រូវ​មាន​ផ្តល់​ជូន​ក្នុង​ថ្ងៃ​​ដូច​គ្នា​​ ​និង​ក្នុង​ម៉ោង​​​ដូច​គ្នា​ទៅ​នឹង​សេវា​ដឹកជញ្ជូន​ធម្មតា​ដែរ​។​ ​គេ​​អាច​​គិត​ប្រាក់​បន្ថែមពី​អ្នក​​​​សម្រាប់​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​នេះ​ ប៉ុន្តែ​ថ្លៃ​ធ្វើ​ដំណើរ​​​​នេះ​​មិន​អាច​ថ្លៃ​ជាងមួយ​គុណ​នឹង​ពីរ​​នៃ​ថ្លៃ​ធ្វើ​ដំណើរ​ធម្មតា​នោះ​ទេ​។​

សិទ្ធិ​ទទួល​បាន​​​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​

អ្នក​មាន​សិទ្ធិ​ទទួល​បាន​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​ ប្រសិន​បើ​អ្នក​មិន​អាច​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​បាន​​ដោយ​សារ​បញ្ហា​ពិការ​ភាព​របស់​អ្នក។​ ដើម្បី​កំណត់​ថា​តើ​អ្នក​អាច​ប្រើប្រាស់សេវាដឹកជញ្ជូន​សាធារណៈ​​បាន​ដែរ​ឬ​អត់​នោះ​ ភ្នាក់ងារ​​ដឹកជញ្ជូន​​​ ត្រូវ​ធ្វើ​ការ​ពិចារណា​លើ​កត្តា​មួយ​ចំនួន​។ កត្តា​ទាំង​អស់​នោះ​​រួម​មាន ​ពិការភាព​​មិន​អាច​​ដើរបាន​​​ ឬ​ប្រើរទេះ​រុញ​ទៅ​​​មក​ពី​ចំណត​​​​ដឹកជញ្ជូន​ សមត្ថភាព​នៃ​ការ​ចូល​និង​ចេញ​ពី​ស្ថានីយ​ សមត្ថភាព​ក្នុង​ការ​ផ្តល់​សញ្ញា​ដើម្បី​​ឈប់​ និង​សមត្ថភាព​​ក្នុង​ការ​គ្រប់គ្រង​ស្ថានការ​មិន​បាន​ព្រៀង​ទុក​ណាមួយ​។​

ការ​ស្នើសុំ​​សេវា​កម្ម​

ទាក់​ទង​ទៅ​​ភ្នាក់ងារ​​ដឹកជញ្ជូន​ក្នុង​មូលដ្ឋាន​របស់​អ្នក​ ដើម្បី​​ស្នើសុំ​​ការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​នៅ​ក្នុង​មូល​ដ្ឋាន​របស់​អ្នក​។​ ទីភ្នាក់ងារ​នីមួយ​ៗ​​ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​​​ការ​បង្កើត​​ដំណើរ​ការ​ត្រួត​ពិនិត្យ​ផ្ទាល់​ខ្លួន​ ដូ​ច​នេះ ​លក្ខខណ្ឌ​តម្រូវ​នានា​​អាច​មាន​ការ​ខុស​គ្នា​​​ក្នុងពី​​ភ្នាក់ងារ​ដឹកជញ្ជូន​មួយ​ទៅ​ភ្នាក់ងារ​ដឹកជញ្ជូន​មួយ​ទៀត​​។​ ទីភ្នាក់ងារ​សេវា​ដឹកជញ្ជូន​ភាគ​ច្រើន​ មាន​គេហទំព័រ​មួយ​ដែល​មាន​ទម្រង់​ពាក្យ​ស្នើសុំ​​ដែល​អ្នក​អាច​បំពេញ​និង​ប្រគល់​ជូន​តាម​ប្រព័ន្ធ​អនឡាញ​បាន​។​ អ្នក​ក៏​អាច​ប្រគល់​លិខិត​មួយ​ច្បាប់​​ទៅកាន់​ភ្នាក់ងារ​នោះ​ដើម្បី​ធ្វើ​ការ​ស្នើសុំ​​សេវាបាន​ផង​ដែរ​​​។ លិខិតគំរូ ត្រូវ​បាន​​បញ្ចូល​នៅ​ខាង​ចុង​នៃ​ប័ណ្ណ​ព័ត៌មាន​នេះ​។ ​​ភ្នាក់ងារដឹកជញ្ជូន​ មិន​​ត្រូវ​គិត​ប្រាក់​ពី​អ្នក​នោះ​ទេ​ ​សម្រាប់​​ការ​ស្នើសុំ​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​នេះ​។​

ភ្នាក់ងារដឹកជញ្ជូនអាចនឹងស្នើសុំឱ្យអ្នកផ្តល់នូវឯកសារដើម្បីគាំទ្រដល់ការស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការរបស់អ្នកតាមរយៈលិខិតបញ្ជាក់ពីគ្រូពេទ្យ ឬអ្នកជំនាញថែទាំសុខភាពផ្សេងទៀត។ ​​ភ្នាក់ងារ​នេះ​ ក៏​អាច​ស្នើសុំ​ឲ្យ​អ្នក​​​ចូល​រួម​ក្នុង​ការ​សម្ភាស​ដោយ​ផ្ទាល់​ ឬ​ធ្វើ​​​កា​រ​វាយតម្លៃ​​ដើម្បី​​​កំណត់​ថា​តើ​អ្នក​មាន​សិទ្ធិ​ទទួល​បាន​សេវា​នេះ​ដែរ​ឬ​ទេ​។​

​ភ្នាក់ងារ​ដឹកជញ្ជូន​ ត្រូវ​​​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ស្នើសុំ​របស់​អ្នក​នៅ​ក្នុង​រយៈ​ពេល​ 21 ថ្ងៃ​។​ ប្រសិន​បើ​ភ្នាក់ងារនោះ ​ពុំ​បាន​ឆ្លើយ​តប​​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ ​ភ្នាក់ងារ​នោះ​ត្រូវ​ចាប់​ផ្តើម​​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​​នេះ។​ គេ​​អាច​ត្រូវ​បានបញ្ឈប់​ផ្តល់​សេវា​នានា​បាន​​​ ប្រសិន​បើ​ចុង​ក្រោយ​​​ពាក្យ​ស្នើសុំ​របស់​អ្នក​ត្រូវ​បាន​គេ​បដិសេធ​​ចោល​។​ ​ភ្នាក់ងារ​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​ ត្រូវ​បញ្ជាក់​ពី​​​មូល​ហេតុ​ជាក់លាក់​​ឲ្យ​អ្នក​បាន​ជ្រាប​ សម្រាប់​ការ​បដិសេធ​ពាក្យ​ស្នើសុំ​របស់​អ្នកនេះ​។​

ប្រសិន​បើ​ពាក្យ​ស្នើសុំ​របស់​អ្នកទទួល​បាន​ការ​យល់​ព្រម​ នោះ​ភ្នាក់ងារ​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​ គប្បី​​ជូន​​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​​​ដល់​អ្នក​ ដោយ​​រួម​បញ្ចូល​នូវ​ព័ត៌មាន​ដូច​ខាង​ក្រោម​៖​

  • ​ឈ្មោះ​របស់​អ្នក​​
  • ឈ្មោះ​របស់​អ្នក​ផ្តល់​សេវា​ដឹកជញ្ជូន​
  • លេខទូរសព្ទ​​សម្រាប់​អ្នក​សម្របសម្រួល​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​
  • កាលបរិច្ឆេទ​ផុតកំណត់​​នៃ​​សិទ្ធិ​ទទួល​បាន​សេវា​ (​ជា​ទូទៅ​មាន​​​រយៈពេលពី​​មួយ​​ឆ្នាំ​ទៅ​បី​ឆ្នាំ​ ហើយ​អ្នក​អាច​ដាក់​ពាក្យ​សុំ​​បន្ត​សេវា​របស់​អ្នក​បាន​បន្ទាប់​ពី​រយៈពេល​ផុតកំណត់​នោះ​) និង​
  • លក្ខខណ្ឌ​ ឬ​ដែនកំណត់​ណាមួយ​លើ​សិទ្ធិ​ទទួល​បាន​របស់​អ្នក​។​ ឧទាហរណ៍​ អ្នក​អាច​មាន​សិទ្ធិ​ទទួល​បាន​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​សម្រាប់ផ្លូវ​ចរាចរណ៍ណា​​មួយ​ ប៉ុន្តែ​មិន​ទទួល​បាន​សម្រាប់​ផ្លូវ​ដទៃ​ទៀត​។​

ការកំណត់​ពេលសេវាកម្ម​

នៅ​ពេល​ណា​ដែល​មាន​ការឯកភាព​ អ្នក​អាច​កំណត់​ពេលវេលា​​ធ្វើ​ដំណើរ​បាន​ ដោយ​អនុវត្ត​តាម​ដំណើរ​ការ​នៃ​ការ​កំណត់​ពេល​របស់​​ភ្នាក់ងារ​ដឹកជញ្ជូន​របស់​អ្នក។​ ​ភ្នាក់ងារ​ដឹកជញ្ជូន​ ត្រូវ​បាន​តម្រូវ​ឲ្យ​ផ្តល់សេវា​នៅ​ថ្ងៃ​បន្ទាប់​​ និង​ត្រូវ​យល់​ព្រម​​ក្នុង​ការ​ទៅ​យក​អ្នក​ក្នុង​រយៈ​ពេល​មួយ​ម៉ោងបន្ទាប់​ពី​ពេល​ដែល​អ្នក​បាន​ធ្វើ​ការ​ស្នើសុំ​។​​

​ភ្នាក់ងារ​​​ដឹកជញ្ជូន​​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​​ជាមួយ​​​អ្នក​ថែទាំ​​ផ្ទាល់​ខ្លួន​​ម្នាក់​។​ ​អ្នក​ថែទាំ​​ផ្ទាល់​ខ្លួន​ គឺ​ជា​បុគ្គល​ណាម្នាក់​​ដែល​ជួយ​អ្នក​​​ធ្វើ​កិច្ចការ​មួយ​ចំនួន​​​​ក្នុង​អំឡុង​ពេល​ជិះ​​រថយន្ត​ និង​នៅ​កន្លែង​គោលដៅ​។​ ​ភ្នាក់ងារ​ដឹកជញ្ជូន​ អាច​មិន​គិត​ថ្លៃ​ធ្វើ​ដំណើរ​សម្រាប់​អ្នក​ថែទាំ​ផ្ទាល់​ខ្លួន​របស់​​អ្នក​នោះ​ទេ​។​ ប្រសិន​បើ​អ្នក​ត្រូវ​ការ​អ្នក​ថែទាំ​ណាម្នាក់​ ឬ​ជឿជាក់ថា​​ពេលខ្លះ​អ្នក​អាច​ត្រូវ​ការ​អ្នក​ថែទាំ​ម្នាក់នៅ​ក្បែរ​​ ដូច​នេះ​ អ្នក​គប្បី​បញ្ចូល​ព័ត៌មាន​​នោះ​ទៅ​ក្នុង​ពាក្យ​ស្នើសុំ​របស់​អ្នក។

​ភ្នាក់ងារ​ដឹកជញ្ជូន​ ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​​មាន​អ្នក​អមដំណើរ​​ជាមួយអ្នក​​​​យ៉ាង​តិច​ម្នាក់​​ផង​ដែរ​។​ អ្នក​​អម​ដំណើរ​ គឺ​ជា​បុគ្គល​ណាម្នាក់​ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​​ជាមួយ​អ្នក​ដើម្បី​​អម​ដំណើ​រ​​​អ្នក ឬ​ធ្វើ​ជា​មិត្តភក្តិ​​​របស់​អ្នក​។​ អ្នក​ថែទាំ​​​អ្នក​ មិន​ត្រូវបាន​​រាប់​បញ្ចូលថា​​ជា​​អ្នក​អមដំណើរ​នោះ​ទេ​។​ ​ភ្នាក់ងារ​ដឹកជញ្ជូន​ មាន​សិទ្ធិ​ក្នុង​ការ​គិត​ថ្លៃ​ធ្វើដំណើរលើ​​អ្នក​អមដំណើរ​របស់​អ្នក​ ប៉ុន្តែ​ថ្លៃ​ធ្វើ​ដំណើរ​នោះ​ មិន​អាច​ថ្លៃ​ជាង​គុណ​នឹង​ពីរ​​​នៃ​ថ្លៃ​សេវា​ធ្វើដំណើរ​ធម្មតា​នោះ​ទេ។​

ការ​បដិសេធ​ និង​ការ​បាត់​បង់​សេវា​កម្ម​

អ្នកក៏​អាច​ដាក់ពាក្យ​​បណ្តឹង​ឧទ្ធរណ៍​សម្រាប់​​​ការ​បដិសេធ​លើសេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការនេះ​បាន​​​ផង​ដែរ​។​ បណ្តឹង​ឧទ្ធរណ៍​​ត្រូវ​ទទួល​បាន​ក្នុង​រយៈ​ពេល​ 60 ថ្ងៃ​ បន្ទាប់​ពី​ការ​បដិសេធ​លើ​ការ​ស្នើសុំ​​​របស់​អ្នក​។​ ​ភ្នាក់ងារ​ខ្លះ​ អាច​ផ្តល់​ពេលវេលា​​​​បន្ថែម​ដល់​អ្នក​សម្រាប់​ដាក់​បណ្តឹង​ឧទ្ធរណ៍​នេះ​។​ ​អ្នក​អាច​ដាក់​បណ្តឹង​ឧទ្ធរណ៍​ដោយ​ផ្ទាល់​ ឬ​ជា​លាយលក្ខណ៍​អក្សរ​ក៏​បាន​។​

ភ្នាក់ងារ​​ដឹកជញ្ជូន​ មាន​ពេល​ 30 ថ្ងៃ​ ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​នឹង​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក។​ ការ​ឆ្លើយ​តប​ត្រូវ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ​។​ ប្រសិន​បើ​ភ្នាក់ងារនោះ​​​ ពុំ​បាន​​​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​​ ​ភ្នាក់ងារ​នោះ ត្រូវ​ផ្តល់​ជូន​នូវ​សេវា​កម្មតែ​ម្តង​ លើកលែង​តែ​ និង​​​ទាល់​តែ​ខ្លួន​បដិសេធ​លើ​បណ្តឹង​ឧទ្ធរណ៍​នោះ​។​

​ភ្នាក់ងារ​​ដឹកជញ្ជូន​ អាច​បញ្ឈប់​ ឬ​ពន្យារ​ពេលសេវាកម្ម​របស់​អ្នកបាន​​​ ប្រសិន​បើ​​អ្នក​ពាក់ព័ន្ធ​នឹង​អំពើហឹង្សា​ ការបង្កការរំខាន​ធ្ងន់ធ្ងរ ឬ​សកម្មភាព​ខុស​ច្បាប់​ ឬ​ប្រសិន​បើ​អ្នក​មាន​ទម្រង់​នៃ​​​ការខកខាន​​​​ការ​ធ្វើ​ដំណើរ​ដែល​បាន​កំណត់​ពេលវេលា​រួច​​ជា​ញឹក​ញាប់​។​ គ្រោះ​ថ្នាក់​ ឬ​ឧបទ្ទវហេតុ​​មួយ​លើក​ មិន​ចាត់​ទុក​ជា​ទម្រង់​នៃ​ការ​ខក​ខាន​​នេះ​ទេ​។​ ​មាន​តែសកម្មភាព​​ដោយ​ចេត​នា ដដែល​ៗ​ ឬ​ជា​ប្រចាំ​ប៉ុណ្ណោះ​ ដែល​គប្បី​ត្រូវ​ចាត់​ទុក​ជា​​ទម្រង់​នៃ​ការ​ខកខាន​ការ​ធ្វើ​ដំណើរ​នេះ​។​

​ភ្នាក់ងារ​​ដឹកជញ្ជូន​ ត្រូវ​​​ជូន​ដំណឹង​​​ដល់​អ្នក​ជា​លាយលក្ខណ៍​អក្សរ​​ ថា​តើ​ខ្លួន​មាន​គម្រោង​ក្នុង​ការ​បញ្ឈប់​ឬ​ពន្យារ​ពេល​សេវា​កម្ម​ដែរ​ឬ​ទេ​។​ ការ​ជូនដំណឹង​នេះ​ ត្រូវ​បញ្ជាក់​ពី​សេវា​ជាក់លាក់ណាមួយ​ដែល​ពួកគេ​គ្រោង​​នឹង​ធ្វើ​ការ​ពន្យារ​ពេល​ និង​ត្រូវ​បញ្ជាក់​ពី​​​មូលហេតុ​នៃ​​​ការ​ពន្យារ​ពេល​នេះ​។​ ការ​ជូនដំណឹងនេះ​​ ក៏​ត្រូវ​​ផ្តល់​ជូន​នូវ​កាលបរិច្ឆេទដែល​​សេវាកម្ម​​នោះ​​​​​នឹង​ត្រូវ​បន្ត​វិញ​ផង​ដែរ​។​ ​ភ្នាក់ងារ​​ដឹកជញ្ជូន​ គប្បី​ផ្តល់​​ឱកាស​​ដល់​អ្នក​​ក្នុង​ការ​ដាក់​បណ្តឹង​​ឧទ្ធរណ៍​លើ​ការ​ពន្យារ​ពេល​នោះ​​ផង​ដែរ​។​ សេវា​កម្ម​ គប្បី​ត្រូវ​បន្តផ្តល់​ជូន​​​​ក្នុង​អំឡុង​​ដំណើរ​ការនៃ​​បណ្តឹង​ឧទ្ធរណ៍​នេះ​​។​

​ភ្នាក់ងារ​ដឹកជញ្ជូន​ អាច​តម្រូវ​ឲ្យ​​មាន​ការ​បញ្ចាក់​ជា​ថ្មី​ចំពោះ​សិទ្ធិ​ទទួល​បាន​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​នេះ​​។​ អ្នក​អាច​បាត់​បង់​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​ ប្រសិន​បើ​​ភ្នាក់ងារ​កំណត់​​ថា​ អ្នក​លែង​មាន​សិទ្ធិទទួល​បាន​សេវា​កម្ម​នេះ​ទៀត​។​

​សេវាជំនួយ​គាំ​ទ្រ​ដែល​សមស្រប

ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ត្រូវតែធ្វើការកែសម្រួល​សមស្រប (ឬហៅម្យ៉ាងទៀតថា ការសម្របសម្រួលសមស្រប) នៅពេល​ចាំ​បាច់ ដើម្បីចៀសវាងការរើសអើងដោយផ្អែកលើពិការភាព។ ការសម្របសម្រួលសមស្របគឺជាការផ្លាស់ប្តូរ ឬការលើកលែងចំពោះវិធាន ការអនុវត្ត ឬគោលនយោបាយ ដែលចាំបាច់សម្រាប់ឱ្យជនពិការទទួល​បា​ននូវសិទ្ធិចូលប្រើប្រាស់ដោយស្មើភាពគ្នា។ នេះគឺជាឧទាហរណ៍មួយចំនួននៃការសម្របសម្រួលសមស្របនៅក្នុងសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ៖

  • ការទៅយកនៅទីតាំងផ្សេងជំនួសវិញ ប្រសិនបើទីតាំងទទួលជា​ប្រចាំរបស់​អ្នកមិនអាចចូលទៅដល់បានដោយសារការដ្ឋានសំណង់។
  • ការស្នើសុំជំនួយក្នុងការបំពេញពាក្យសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ប្រសិនបើអ្នកមិនអាចសរសេរ ឬមិនអាចប្រើប្រាស់កុំព្យូទ័របាន។

ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ត្រូវតែផ្តល់ការសម្រប​ស​ម្រួលសមស្រប លើកលែងតែការសម្របសម្រួលនោះនឹងធ្វើឱ្យ​មានការ​ផ្លា​ស់ប្តូរ​ជាចម្បងនៃសេវាកម្ម។ ឧទាហរណ៍នៃការផ្លាស់ប្តូរជាចម្បង គឺការស្នើសុំឱ្យសេវាដឹកជញ្ជូន​ពិសេស​ស​ម្រាប់ជនពិការបើកបរជូនអ្នកទៅកាន់ទីតាំងដែលស្ថិតនៅក្រៅតំបន់សេវាកម្ម។

ការដោះស្រាយបញ្ហាជាមួយភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ

ប្រសិនបើអ្នកមានបញ្ហាជាមួយភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ អ្នកអាចដាក់ពាក្យបណ្តឹង ឬពាក្យបណ្តឹងសាទុក្ខបាន។ ប្រសិនបើភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការមានការរើសអើ​ងចំពោះអ្នក អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងទៅកាន់ទីភ្នាក់ងារ​រដ្ឋាភិ​បាល ឬដាក់ពាក្យប្តឹងទៅតុលាការបាន។

បណ្តឹងសេវាអតិថិជន

បណ្តឹងសេវាអតិថិជន គឺជាមធ្យោបាយក្រៅផ្លូវការមួយក្នុងការបញ្ជាក់​ពី​ការ​មិនពេញចិត្តទូទៅចំពោះសេវាកម្ម ឬអាកប្បកិរិយាណាមួយ ដែលអាច​នឹងមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរើសអើង ឬការរំលោភលើច្បាប់ ADA នោះទេ។ ឧទាហរណ៍ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពក្នុង​អំឡុង​ពេ​ល​ធ្វើដំណើរ ដោយសារអ្នកបើកបរបានបើកបរល្មើសភ្លើងស្តុបក្រហម ឬបើកបរលើសល្បឿនកំណត់ អ្នកអាចដាក់ពាក្យបណ្តឹងសេវាអតិថិជន​បាន​។ ខោនធីមួយចំនួនមានរាយបញ្ជីអ៊ីមែលជាក់លាក់សម្រាប់ផ្នែកសេវាអតិថិជននៅលើគេហទំព័ររបស់ពួកគេ។ សូមជម្រាបជូនថា ចំពោះបណ្តឹងសេវាអតិថិជន អ្នកអាចនឹងមិន​ទទួល​បា​ន​ការឆ្លើយតប ឬដំណោះស្រាយណាមួយឡើយ។

បណ្តឹង​សាទុក្ខ​

យោងតាមច្បាប់ ADA រាល់អង្គភាពសាធារណៈទាំងឡាយណាដែលមាន​បុ​គ្គ​លិកចាប់ពី 50 នាក់ឡើងទៅ ត្រូវតែរៀបចំឱ្យមាននីតិវិធីនៃ​ពាក្យបណ្តឹ​ង​តវ៉ា និងចាត់តាំងអ្នកសម្របសម្រួល ADA ម្នាក់ ដើម្បីធ្វើការស៊ើបអ​ង្កេ​ត និងដោះស្រាយរាល់ពាក្យបណ្តឹងសាទុក្ខទាំងនោះ។ អង្គភាពសាធារណៈទាំងឡាយដែលទទួលបានហិរញ្ញប្បទានសហព័ន្ធ ក៏​ត្រូវ​ស្ថិតនៅក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 ផង​ដែ​រ ហើយត្រូវតែមានអ្នកសម្របសម្រួលផ្នែក 504 ម្នាក់។

ប្រសិនបើសំណើសុំការសម្របសម្រួលសមស្របណាមួយរបស់អ្នកត្រូវបានគេព្រងើយកន្តើយ ឬត្រូវបានបដិសេធដោយខុសឆ្គង ឬក្នុងករណី​ដែល​អ្ន​កបានជួបប្រទះនូវប្រភេទនៃការរើសអើងលើពិការភាពផ្សេងទៀត អ្នក​មានសិទ្ធិដាក់ពាក្យបណ្តឹងសាទុក្ខ។ ភ្នាក់ងារដឹកជញ្ជូនពិសេសសម្រាប់ជនពិការគួរតែមានគោលនយោបាយបណ្តឹ​ងសាទុក្ខដែលពន្យល់ពីរបៀបដាក់ពាក្យបណ្តឹងសាទុក្ខ ត្រូវផ្ញើពាក្យ​ប​ណ្តឹងទៅអ្នកណា និងកាលផុតកំណត់សម្រាប់ដាក់ពាក្យបណ្តឹងសាទុក្ខ។ ខោនធីមួយចំនួនមានទម្រង់បែបបទនៅលើគេហទំព័ររបស់ពួកគេ ដែល​អ្នកអាចប្រើដើម្បីដាក់ពាក្យបណ្តឹងសាទុក្ខបាន។ ប្រសិនបើខោនធីរបស់អ្នកមិនមានទម្រង់បែបបទទេ អ្នកអាចប្រើគំរូ​នៅ​ចុងបញ្ចប់នៃសន្លឹកព័ត៌មាននេះបាន។ គោលនយោបាយរបស់ខោនធីគួរតែប្រាប់អ្នកថាត្រូវផ្ញើពាក្យបណ្តឹងរបស់អ្នកទៅអ្នកណា។ ប្រសិនបើវាមិនដំណើរការទេ អ្នកអាចផ្ញើពាក្យបណ្តឹងសាទុក្ខរបស់អ្នក​ទៅ​កាន់អ្នកសម្របសម្រួល ADA។ ប្រសិនបើអង្គភាពនេះមានបុគ្គលិកតិចជាង 50 នាក់ ហើយមិនមាន​អ្ន​ក​សម្របសម្រួល ADA ទេ អ្នកអាចផ្ញើពាក្យបណ្តឹងសាទុក្ខទៅកាន់នាយក ឬប្រធានមន្ត្រីរបស់អង្គភាពសាធារណៈបាន។

គន្លឹះក្នុងការដាក់ពាក្យបណ្តឹងសាទុក្ខ៖

ត្រូវសរសេរបញ្ចូលឈ្មោះរបស់អ្នក ព័ត៌មានទំនាក់ទំនងរបស់អ្នក កាល​ប​រិច្ឆេទនៃឧប្បត្តិហេតុ ការពិពណ៌នាលម្អិតអំពីអ្វីដែលបានកើតឡើង និង​អ្វីដែលអ្នកចង់ឱ្យភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការធ្វើដើម្បីដោះស្រាយបញ្ហាជានិច្ច។

ខោនធីជាច្រើនស្នើសុំព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតដូចជាពេលវេលា និងទីតាំងនៃឧប្បត្តិហេតុ និងឈ្មោះបុគ្គលិកដែលពាក់ព័ន្ធ ប្រសិនបើ​មាន។ ខោនធីមួយចំនួនស្នើសុំព័ត៌មានដូចជា អត្តសញ្ញាណបុគ្គលិក អត្តសញ្ញា​ណ​យានយន្ត ឬលេខផ្លូវ ឬចំណតដែលរថយន្ដក្រុងកំពុងឆ្ពោះទៅនៅពេល​ដែល​ហេតុការណ៍នេះបានកើតឡើង។

ប្រសិនបើអ្នកមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយដែលខោនធីស្នើសុំទេ អ្ន​កគួរតែដាក់ពាក្យបណ្តឹងសាទុក្ខរបស់អ្នក - គ្រាន់តែព្យាយាម​ពិពណ៌​នា​អ្វី​ៗគ្រប់យ៉ាងឱ្យបានជាក់លាក់តាមដែលអាចធ្វើទៅបានជាមួយនឹងព័ត៌មានដែលមានសម្រាប់អ្នក។ អ្នកគួរតែកត់ត្រាព័ត៌មានពីហេតុការណ៍នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកមានព័ត៌មានដែលអាចរកបាននៅពេល​ដែល​អ្ន​ក​ត្រៀមខ្លួនរួចរាល់ដើម្បីដាក់ពាក្យបណ្តឹងសាទុក្ខ។

បណ្តឹង​រដ្ឋ​បាល

ពាក្យ​បណ្តឹង CRD៖

នាយកដ្ឋានសិទ្ធិពលរដ្ឋ (CRD) គឺជាទីភ្នាក់ងាររដ្ឋកាលីហ្វ័រញ៉ាដែល​អនុវត្ត​ច្បាប់សិទ្ធិពលរដ្ឋរបស់រដ្ឋ។ ការរំលោភលើ ADA ណាមួយក៏ជាការរំលោភលើច្បាប់ Unruh ដែលហាម​ឃា​ត់ការរើសអើងដោយគ្រឹះស្ថានអាជីវកម្មផងដែរ។ ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការក៏ត្រូវបានធានារ៉ាប់រងដោយច្បាប់ស្តីពីការប្រឆាំងការរើសអើងផ្សេងទៀតដូចជាច្បាប់ស្តីពីជនពិការ និងក្រមរដ្ឋាភិបាលលេខ 11135 ផងដែរ។ ប្រសិនបើអ្នកជឿថា ភ្នាក់ងារដឹកជញ្ជូនណាមួយបានរើសអើងអ្នក អ្នក​អា​ច​ដាក់ពាក្យបណ្តឹងជាមួយ CRD បាន។ ត្រូវតែដាក់ពាក្យបណ្តឹងទៅ CRD ក្នុងរយៈពេលមួយឆ្នាំគិតចាប់​ពីពេល​ដែ​លការរើសអើងបានកើតឡើង។

ចុចទីនេះសម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដាក់ពាក្យបណ្តឹង CRD

ឬអ្នកអាចទូរសព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនង CRD តាមរយៈ​លេ​ខ (800) 884-1684 ឬ (800) 700-2320 (TTY)។ អ្នកក៏អាចអញ្ជើញទៅការិយាល័យ CRD ប្រចាំតំបន់ដោយផ្ទាល់បានដែរ។ ចុចទីនេះសម្រាប់ការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានទំនាក់ទំនងរបស់ CRD

ពាក្យ​បណ្តឹង​ FTA៖

ការិយាល័យសិទ្ធិពលរដ្ឋនៃរដ្ឋបាលដឹកជញ្ជូនសហព័ន្ធសហរដ្ឋអាមេរិក (FTA) គឺជាទីភ្នាក់ងារសហព័ន្ធដែលទទួលខុសត្រូវក្នុង​ការអនុវត្តច្បាប់​សិទ្ធិ​ពលរដ្ឋក្នុងការដឹកជញ្ជូនសាធារណៈ។ ប្រសិនបើអ្នកជឿថា ទីភ្នាក់ងារដឹកជញ្ជូនរបស់អ្នកបានរំលោភលើសិទ្ធិ​រប​ស់​អ្នក អ្នកអាចដាក់ពាក្យបណ្តឹងជាមួយ FTA បាន។ FTA នឹងស៊ើបអង្កេតពាក្យបណ្តឹងនេះ ដើម្បីមើលថាតើភ្នាក់ងារ​ដឹកជញ្ជូ​ន​បានបំពានច្បាប់ឬអត់។ ប្រសិនបើ FTA កំណត់ថា ភ្នាក់ងារដឹកជញ្ជូនបានបំពានច្បាប់ ពួកគេ​​នឹ​ង​ជូនដំណឹងដល់ភ្នាក់ងារដឹកជញ្ជូនអំពីការរំលោភបំពានទាំងនោះ ហើយ​កំណត់កាលបរិច្ឆេទផុតកំណត់សម្រាប់ភ្នាក់ងារដើម្បីដោះស្រាយបញ្ហា។

កាលបរិច្ឆេទផុតកំណត់ដើម្បីដាក់ពាក្យបណ្តឹងជាមួយ FTA គឺ 180 ថ្ងៃគិ​ត​ចាប់ពីកាលបរិច្ឆេទដែលការរើសអើងបានកើតឡើង។ FTA សូមលើកទឹកចិត្តយ៉ាងមុតមាំឲ្យបុគ្គលទាំងឡាយ​ធ្វើការប្រាស្រ័យ​ទា​ក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការអំពីបញ្ហាដែលបានកើតឡើង មុនពេលដាក់ពាក្យបណ្តឹង។

ទម្រង់ពាក្យបណ្តឹង FTA៖

ចុចទីនេះសម្រាប់ទម្រង់ពាក្យបណ្តឹងសិទ្ធិពលរដ្ឋ FTA

អ្នកអាចផ្ញើអ៊ីមែលពាក្យទម្រង់ដែលបានបំពេញរួចទៅកាន់ FTACivilRightsCommunications@dot.gov ឬផ្ញើវាទៅកាន់៖

Federal Transit Administration
Office of Civil Rights
ជូនចំពោះ​៖​ Complaint Team
East Building, 5th Floor – TCR
1200 New Jersey Avenue, SE
Washington, DC 20590

លេខទូរសព្ទទាន់ហេតុការណ៍ស្តីពីសិទ្ធិពលរដ្ឋ FTA៖ 1-888-446-4511

បណ្តឹងវិវាទ

ការ​រំ​លោភ​បំពាន​ច្បាប់ដែល​បាន​​ពិ​ភាក្សា​ខាង​លើ ​ក៏​អាច​នឹង​ត្រូវ​ព​ង្រឹង​ការ​អនុវត្ត​ច្បាប់​ផងដែរ​ ​តាម​​រយៈ​ពាក្យ​បណ្តឹង​ផ្ទាល់​ខ្លួន​​​។ សូម​មេត្តា​ជ្រាប​ថា​​ អាជ្ញាយុកាល​រឹតបន្តឹង​​ចំ​ពោះ​ពេលវេលា​សម្រាប់​ការ​ដា​ក់​បណ្តឹង​វិវាទ​នេះ​ ​​ហើយ​ចាំ​ថា​អ្នក​អាច​បាត់​បង់ឱកាស​ក្នុង​ការ​ទាម​ទារ​ ប្រ​សិន​បើ​អ្នក​ពុំ​បាន​​ចាត់​វិធានការ​ក្នុងអំឡុងពេល​នៃ​​​​អាជ្ញាយុកាល​ជាធរ​មាន​នេះទេ​​។​ កាល​បរិច្ឆេទ​ទាំង​នេះ​ អាច​មាន​រយៈ​ពេល​ខ្លី​ត្រឹម​ពីរ​ឆ្នាំ​ គិត​ចាប់​ពី​កាលបរិច្ឆេទ​នៃ​សកម្ម​ភាព​រើស​អើង​ត្រូវ​បាន​ប្រ​ព្រឹត្តឡើង​។ ប្រ​សិន​បើ​អ្នក​ចង់​​បន្ត​បណ្តឹង​​នោះ អ្នក​គួរ​តែ​ពិ​ភាក្សា​ជា​មួយ​មេធា​វី​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ប្រ​សិន​បើ​អ្ន​ក​ទាមទារ​សំ​ណង​ខូច​ខាត​ក្នុង​ទឹក​ប្រាក់​តិច​ជាង $12,500 នោះ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​​រើស​អើង​ទៅ​កាន់​តុលាការ​ទទួលបន្ទុក​​បណ្តឹង​តូច​តាច​។ ការ​កំ​ណត់​របស់​ច្បាប់​ដែលបាន​​ពិ​ភាក្សា​ខាង​លើ​នឹង​អនុវត្ត​។ អ្នក​មិន​អាច​ប្រើ​មេ​ធា​វីបាន​ទេ​ ក្នុង​ករណី​​អ្នក​ទៅ​ប្តឹង​នៅ​តុលា​ការ​សម្រាប់​បណ្តឹង​តូច​តាចក្នុង​មូល​ដ្ឋាននោះ​​។ សូមចុចទីនេះ សម្រាប់មគ្គទេសក៍ស្វ័យជំនួយរបស់តុលាការកាលីហ្វ័រញ៉ាស្តីពីបណ្តឹងតូចតាចនៅរដ្ឋកាលីហ្វ័រញ៉ា។

ឯកសារយោង និងសម្ភារៈឯកសារបន្ថែម

28 C.F.R. § 35.107

28 C.F.R. § 35.130

ការកែប្រែសមស្របចំពោះគោលនយោបាយ ការអនុវត្ត និង​នីតិ​វិ​ធី​ក្នុងការដឹកជញ្ជូនសាធារណៈ បណ្តាញជាតិ ADA (2017)

តួនាទីរបស់អ្នកសម្របសម្រួល ADA បណ្តាញជាតិ ADA (2023)

គំរូ​លិខិត​ដើម្បី​ស្នើសុំសេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​

[កាល​បរិ​ច្ឆេទ]

ជូនចំពោះ​ [ទីភ្នាក់ងារ​ដឹកជញ្ជូន​]៖

ខ្ញុំ​សរសេរ​លិខិត​នេះ​ដើម្បី​ស្នើសុំ​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​ ដោយសារ​បញ្ហា ​[ពិការភាព]/ របស់​ខ្ញុំ​។ ខ្ញុំ​ពុំ​អាច​ប្រើប្រាស់​ប្រព័ន្ធផ្លូវ​រត់​ដែល​បាន​កំណត់​រួច​​នោះ​ទេ​ ដោយសារ​ [រៀប​រាប់​អំពី​​ឧបសគ្គ​នៃ​ការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ ឧ.ទា. ចំណត​រថ​យន្ត​មិន​អាច​ចេញ​ចូល​បាន​]។

[គ្រូពេទ្យ / ពេទ្យ​វិ​កល​ចរិត / ចិត្ត​វិទូ / គ្រូ​ពេទ្យ​​ព្យា​បាល​ដោយ​ចលនា / បុគ្គលិក​សង្គម​កិច្ច / គ្រូ​ពេទ្យ​​ព្យា​បាល​សប្បទាវិជ្ជាជីវៈ​​ / បុគ្គល​ដទៃ​ផ្សេង​ទៀត (សូម​រៀប​រាប់)] ​របស់​ខ្ញុំ​ ​បាន​ចាត់​ទុក​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​នេះ​ថា​ចាំ​បាច់​ដោយ​ផ្អែក​លើ​ពិ​ការ​ភាព​របស់​ខ្ញុំ​។ សូម​មេត្តា​ពិ​និត្យ​លិខិត​ដូច​បាន​ភ្ជាប់​មក​ជា​មួយ​ពី [ឈ្មោះ​វេជ្ជ​បណ្ឌិត ឬ​អ្នក​ជំ​នាញ]។

ខ្ញុំ​ចង់​ប្រើ​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​សម្រាប់​​ការ​ធ្វើ​ដំណើរ​ខាង​ក្រោម​​ជា​ប្រចាំ​៖​ [សរសេរ​បញ្ចូល​នូវ​កាលបរិច្ឆេទ/ពេលវេលា​ធ្វើ​ដំណើរ​ ទីតាំង​ទៅ​យក និង​ដាក់​ចុះ​]។

[ខ្ញុំ​នឹង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ថែទាំ​ម្នាក់​​សម្រាប់​ការ​ធ្វើ​ដំណើរ​ (មួយ​ចំនួន/ទាំង​អស់) ដើម្បី​ជួយ​ខ្ញុំ​ (​ក្នុង​អំឡុង​ពេល​ជិះ​រថយន្ត​/នៅ​កន្លែង​គោលដៅ​របស់​ខ្ញុំ)​។ (សូម​រៀប​រាប់​​ពី​តម្រូវ​ការ​អ្នក​ថែទាំ​)។]

ច្បាប់​របស់​សហព័ន្ធ​និង​ច្បាប់​រដ្ឋ​​តម្រូវ​ឲ្យ​ទីភ្នាក់ងារ​ដឹកជញ្ជូន​​​ផ្តល់​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​ជូន​ដល់​បុគ្គល​ដែល​មាន​ពិការភាព​ដែល​​មិន​អាច​ប្រើប្រាស់​​ប្រព័ន្ធ​ផ្លូវ​រត់​ដែលកំណត់​ជា​ស្រេច​បាន​។​ សូម​ធ្វើ​ការ​ឆ្លើយ​តប​​ទៅ​នឹង​សំណើ​សុំ​នេះ​ ក្នុង​រយៈ​ពេល​ 21 ថ្ងៃ​ ​​ទៅ​តាម​ការ​តម្រូវ​ដោយ​ច្បាប់​។​ សូម​មេត្តា​កុំ​ស្ទាក់​ស្ទើ​ក្នុង​ការ​ទាក់​ទង​មក​ខ្ញុំ​តាម​រយៈ [លេខ​ទូរ​សព្ទ​របស់​អ្នក និង / ឬ អ៊ី​ម៉ែល​] ប្រ​សិន​បើ​អ្នក​​មាន​ជា​សំ​ណួរ​នោះ​។ សូម​អរគុណ។

ដោយសេច​ក្តី​គោ​រពរាប់អាន​

[ឈ្មោះ​របស់​អ្នក​]
[អាសយដ្ឋាន​របស់​អ្នក​]

គំ​រូ​លិខិត​គាំ​ទ្រ​

[កាល​បរិ​ច្ឆេទ]

គោ​រព​ជូន​ [ក្រុ​ម​ហ៊ុន]៖

ខ្ញុំ​​ជា [គ្រូ​ពេទ្យ / គ្រូ​ពេទ្យ​វិ​កល​ចរឹត / អ្នក​ចិត្ត​វិទូរ / គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចល​នា​ / ​បុគ្គលិក​​​សង្គម​កិច្ច / គ្រូ​ពេទ្យ​ព្យា​បាលស​ម្ប​ទា​វិជ្ជាជីវៈ/ ផ្សេង​ទៀត​] សម្រាប់ [ឈ្មោះ​] ហើយ​ខ្ញុំ​​ដឹង​ច្បាស់​ពី​លក្ខ​ខណ្ឌ​ស្ថាន​ភាព​ [របស់​គាត់/នាង​]។ [គាត់/នាង​] មាន​ពិ​ការ​ភាពដែល​បណ្តាល​ឲ្យ​មាន​កម្រិត​លើ​មុខ​ងារ​ជាក់​លាក់​មួយ​ចំ​នួន។ បញ្ហា​ទាំង​នេះ​ រួមមាន​ [រៀប​រាប់​ពី​បញ្ហាមិនអាច​បំពេញ​មុខងារ​បាន​ ដែល​តម្រូវ​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​ដែល​បាន​ស្នើសុំ​នេះ​]។

[ឈ្មោះ​] ពុំ​អាច​ប្រើប្រាស់​​ប្រព័ន្ធ​ផ្លូវ​រត់​​ដែល​បាន​កំណត់​ជា​ស្រេច​នោះ​ទេ​។​ [រៀប​រាប់​ពី​របៀប​ដែល​ឧបសគ្គ​នោះ​​រារាំង​ដល់​ការ​ប្រើប្រាស់​​សេវាដឹកជញ្ជូន​សាធារណៈ​។ ប្រសិន​បើ​ត្រូវ​ការ​អ្នក​ថែទាំ​​ណា​ម្នាក់​ សូម​រៀប​រាប់​អំពី​តម្រូវ​ការ​សម្រាប់​អ្នក​ថែទាំ​នោះ​].

សូម​អរគុណ​សម្រាប់​ការ​ផ្តល់សេវា​ដឹកជញ្ជូន​ពិសេស​សម្រាប់​ជនពិការ​​នេះ​ជូន​ដល់​​ [ឈ្មោះ]។

ដោយសេច​ក្តី​គោ​រពអំពី​ខ្ញុំ​

[ឈ្មោះ​និង​មុខ​តំណែង​]

គំរូទម្រង់ពាក្យបណ្តឹងសាទុក្ខ

កាលបរិច្ឆេទ​៖ [កាលបរិច្ឆេទ​នៅ​ថ្ងៃ​នេះ]

ជូនចំពោះ៖ [ភ្នាក់ងារដឹកជញ្ជូន]

មកពី៖ [ឈ្មោះ​របស់​អ្នក​]

អាសយដ្ឋាន​៖​ [អាសយដ្ឋានផ្ទះរបស់អ្នក]

អាសយដ្ឋា​ន​អ៊ីមែល៖ [អាសយដ្ឋានអ៊ីមែលរបស់អ្នក]

​លេខទូរសព្ទ​៖ [លេខទូរសព្ទរបស់អ្នក]

លេខសម្គាល់អ្នកជិះ៖ [លេខសម្គាល់អ្នកជិះរបស់អ្នក]

ជូនចំពោះ [អ្នកសម្របសម្រួល ADA ឬភ្នាក់ងារដឹកជញ្ជូន]៖

ខ្ញុំសូមដាក់ពាក្យបណ្តឹងសាទុក្ខជាផ្លូវការនេះ ដើម្បីរាយការណ៍ថា ខ្ញុំត្រូវ​បា​ន​រើសអើងដោយ [ឈ្មោះភ្នាក់ងារដឹកជញ្ជូន] កាលពីថ្ងៃទី [កាលបរិច្ឆេទនៃ​ហេតុការណ៍] វេលាម៉ោងប្រហែល [ម៉ោងនៃហេតុការណ៍] ដោយផ្អែកលើពិ​កា​រ​​ភាព​របស់ខ្ញុំ ដែលនេះគឺជាការរំលោភលើច្បាប់ស្តីពីជនពិការអាមេរិក។

[ការពិពណ៌នាសង្ខេបអំពីហេតុការណ៍]

ប្រភេទនៃសកម្មភាពដែលបានស្នើសុំ៖ 

  • ស៊ើបអង្កេតបញ្ហា
  • ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក/អ្នកបើកបរ
  • កែលម្អនីតិវិធីភាពងាយស្រួលចូលប្រើប្រាស់
  • ការពារបញ្ហានេះពីការកើតឡើងម្តងទៀត
  • [ផ្សេងៗ]

សូមអរគុណចំពោះការពិនិត្យឡើងវិញនូវបណ្តឹងសាទុក្ខនេះ និងសម្រាប់​ការគាំទ្រដល់ការទទួលបានមធ្យោបាយធ្វើដំណើរស្មើភាពគ្នាសម្រាប់ជនមានពិការភាព។ ខ្ញុំចង់ឱ្យគេតាមដានតាម [ទូរសព្ទ/អ៊ីមែល] របស់ខ្ញុំដែលមានរាយខាង​លើ​។

[ហត្ថលេខា]

[ឈ្មោះជាអក្សរពុម្ព]