សន្លឹកការពិតអំពីការប្រព្រឹត្តិរើសអើង ៖ មធ្យោបាយធ្វើដំណើរសាធារណៈ

សន្លឹកការពិតអំពីការប្រព្រឹត្តិរើសអើង ៖ មធ្យោបាយធ្វើដំណើរសាធារណៈ
Title II នៃច្បាប់ប្រជាជនសហរដ្ឋអាមេរិកដែលមានពិការភាព (ADA, Americans with Disabilities Act) ហាមឃាត់មិនឲ្យមានការប្រព្រឹត្តិរើសអើងដោយសារពិការភាព ពីសេវាកម្មមធ្យោបាយធ្វើដំណើរសាធារណៈ ។
Title II នៃច្បាប់ប្រជាជនសហរដ្ឋអាមេរិកដែលមានពិការភាព (ADA, Americans with Disabilities Act) ហាមឃាត់មិនឲ្យមានការប្រព្រឹត្តិរើសអើងដោយសារពិការភាព ពីសេវាកម្មមធ្យោបាយធ្វើដំណើរសាធារណៈ ។ សេវាកម្មមធ្យោបាយធ្វើដំណើរសាធារណៈ មានរួមបញ្ចូលនូវប្រព័ន្ធធ្វើដំណើរតាមផ្លូវកំណត់ ដូចជារថយន្តក្រុង និងរថភ្លើងអគ្គិសនី ។ ទីភ្នាក់ងារផ្តល់សេវាកម្មមធ្យោបាយធ្វើដំណើរសាធារណៈ មិនអាចបដិសេធផ្តល់សេវាកម្មដល់ជនដែលមានពិការភាពជាប់ខ្លួនឡើយ ហើយត្រូវផ្តល់ការសម្រួលសមរម្យ ដល់ពួកគេផងដែរ (ក៏ហៅផងដែរថាជា “ការកែសម្រួលសមរម្យ”) ដែលពួកគេត្រូវការ ដើម្បីប្រើប្រាស់សេវាកម្មនេះ ។
ច្បាប់ ADA Title II – សេវាកម្មមធ្យោបាយធ្វើដំណើរសាធារណៈ
នាយកដ្ឋានដឹកជញ្ជូន (Department of Transportation) ធ្វើនិយត្តកម្មចំពោះបទបញ្ញត្តិ ADA ដែលត្រូវអនុវត្តចំពោះសេវាកម្មដឹកជញ្ជូន ។ ខាងក្រោមគឺជាការរាយមុខនៃសេវាកម្មដឹកជញ្ជូនមួយចំនួន តែមិនទាំងអស់ទេ ដែលតម្រូវឲ្យទីភ្នាក់ងារដឹកជញ្ជូនសាធារណៈ ត្រូវធ្វើតាមច្បាប់ ADA ។ សូមចូលទស្សនាទំព័រវ៉ិបសៃត៍របស់រដ្ឋបាលដឹកជញ្ជូនសហព័ន្ធ អំពីច្បាប់ ADA ដើម្បីអានព័ត៌មានបន្ថែម ៖ https://www.transit.dot.gov/regulations-and-guidance/civil-rights-ada/a…
ភាពតម្រូវចំពោះរថយន្តក្រុង និងរថយន្តវែន សម្រាប់ការធ្វើដំណើរតាមប្រព័ន្ធផ្លូវកំណត់ ៖
ឈប់ធ្វើការប្រកាស ៖
- ក្រុមហ៊ុនរថយន្តក្រុង ត្រូវប្រកាសពីកន្លែងត្រូវដូររថយន្ត កន្លែងផ្លូវបំបែកសំខាន់ៗ ទិសដៅរថយន្ត និងចំណុចផ្សេងៗទៀត ដើម្បីឲ្យជនមានពិការភាពភ្នែក និងជនមានពិការភាពផ្សេងៗទៀត អាចដឹងបានថាខ្លួនកំពុងធ្វើដំណើរដល់ណាហើយ ។
- ក្រុមហ៊ុនរថយន្តក្រុង ត្រូវប្រកាសអំពីការសំចត នៅពេលដែលមានការស្នើសុំពីអ្នកជិះដែលមានពិការភាពជាប់ខ្លួន ។
ព័ត៌មានអំពីទិសដៅនៅលើរថយន្ត ៖
- រថយន្ត ត្រូវមានព័ត៌មានអំពីទិសដៅ និងផ្លូវរថយន្តបើកបរ នៅពីមុខ និងត្រង់ចំហៀងកន្លែងឡើងចុះ ។ ចំណុចនេះ គឺមានសារៈសំខាន់ជាពិសេស នៅពេលដែលរថយន្ត រត់តាមផ្លូវផ្សេងទៀត ឈប់ត្រង់ចំណតជាមួយគ្នា ។
- ព័ត៌មានអំពីទិសដៅ និងផ្លូវរថយន្ត ត្រូវប្រកាស ដើម្បីធានាបានថា អ្នកដំណើរដែលមានពិការភាពភ្នែក និងពិការភាពដទៃទៀត អាចដឹងបានថា តើខ្លួនត្រូវជិះរថយន្តមួយណា ។
ការលើក និងជម្រាលឡើងរថយន្ត ៖
- រថយន្តទាំងអស់ ត្រូវមានឧបករណ៍ ដូចជាជម្រាល ឬឧបករណ៍សម្រាប់លើកមនុស្សដាក់រថយន្ត ដើម្បីអនុញ្ញាតឲ្យអ្នកដំណើរដែលប្រើរទេះរុញអាចឡើងរថយន្តបាន ។ ឧបករណ៍សម្រាប់លើក ត្រូវមានកម្លាំងអាចលើកទម្ងន់បាន 600 ផោន ហើយត្រូវតែអាចលើករទេះរុញដែលមានទំហំ 30 គុណនឹង 48 អ៊ិញ ។
- ចំពោះអ្នកដំណើរ ដែលប្រើរទេះរុញ ឧបករណ៍សម្រាប់ជំនួយការដើរ ឈើច្រត់ដៃ ឈើច្រត់ក្លៀក ឃ្នាបគាបជើង ឬអ្នកដំណើរដែលមិនអាចឡើងរថយន្តតាមជណ្តើរ ត្រូវអនុញ្ញាតឲ្យពួកគាត់ប្រើឧបករណ៍សម្រាប់លើកដាក់រថយន្ត
ប្រអប់បង់ប្រាក់ថ្លៃធ្វើដំណើរ ៖
- ប្រអប់បង់ប្រាក់ថ្លៃធ្វើដំណើរ ត្រូវមានដាក់តាំងតាមរថយន្ត ដើម្បីកុំឲ្យមានការបង្អាក់អ្នកដំណើរក្នុងការឡើងរថយន្ត
បង្កាន់ដៃ ៖
- បង្កាន់ដៃនៅលើរថយន្ត ត្រូវអាចឲ្យអ្នកនៅខាងក្រៅចាប់បាន ពេលឈានជើងឡើងរថយន្ត។ បង្កាន់ដៃនេះ ត្រូវអាចឲ្យអ្នកដំណើរកាន់បាន គឺចាប់តាំងពីចាប់ផ្តើមឡើង រហូតដល់ជិះក្នុងរថយន្ត គឺរួមបញ្ចូលទាំងពេលដែលអ្នកដំណើរ យកប្រាក់ថ្លៃធ្វើដំណើរមកដាក់ក្នុងប្រអប់បង់ប្រាក់ ។
ស្នើសុំឲ្យឈប់ ៖
- ខ្សែសម្រាប់ទាញ ឬប៊ូតុងសម្រាប់ចុច ត្រូវអាចឲ្យអ្នកដំណើរអង្គុយលើរទេះរុញឈោងដល់ ហើយមិនត្រូវឲ្យមានការ “ពិបាកលូកដល់ ពិបាកលូកម្រាមចូល ឬពិបាកបត់កដៃឡើយ” ។
សត្វផ្តល់សេវាកម្ម ៖
- មនុស្សមានពិការភាពជាប់ខ្លួន មានសិទ្ធិយកសត្វផ្តល់សេវាកម្មតាម តែមិនអាចយកសត្វសម្រាប់ជួយសម្រួលអារម្មណ៍តាមទេ នៅពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ ។ សត្វផ្តល់សេវាកម្ម គឺឆ្កែដែលបានបង្វឹកសម្រាប់ឲ្យបំពេញកិច្ចការ ឬការងារពាក់ព័ន្ធនឹងពិការភាព សម្រាប់ជួយមនុស្សដែលមានពិការភាពជាប់ខ្លួន ។
ភាពតម្រូវសម្រាប់ប្រព័ន្ធរថភ្លើងល្បឿនលឿន
- រថភ្លើងល្បឿនលឿន នីមួយៗ យ៉ាងហោចណាស់ ត្រូវមានរថយន្តមួយដែល ត្រៀមរួចរាល់ សម្រាប់ឲ្យអ្នកដំណើរមានពិការភាពជាប់ខ្លួនប្រើ ដែលបូករួមទាំងអ្នកដំណើរជិះរទេះរុញ ផងដែរ ។
- ត្រូវមានបង្កាន់ដៃ សម្រាប់ជួយអ្នកដំណើរក្នុងការឡើង និងចុះពីរថភ្លើង ធ្វើចលនាក្នុងពេលនៅក្នុងរថយន្ត ព្រមទាំងពេលត្រូវអង្គុយ និងឈរផងដែរ ។
ការស្នើសុំការសម្រួលសមរម្យ ពីទីភ្នាក់ងារដឹកជញ្ជូនសាធារណៈ
អង្គភាពដឹកជញ្ជូនសាធារណៈ នីមួយៗ ត្រូវមានដំណើរការសម្រាប់អ្នកដំណើរដែលមានពិការភាពជាប់ខ្លួន ស្នើសុំការសម្រួលសមរម្យ ចំពោះគោលនយោបាយ និងការអនុវត្តរបស់ខ្លួន ដើម្បីឲ្យពួកគេអាចប្រើប្រាស់សេវាកម្មរបស់ខ្លួន បានដូចគ្នានឹងអ្នកដំណើរដែលមិនមានពិការភាពជាប់ខ្លួន ។ ដំណើរការស្នើសុំការកែសម្រួល ត្រូវតែរៀបរាប់ តាមរយៈវិធីសាស្រ្តតែមួយ ដែលក្រុមហ៊ុនដឹកជញ្ជូនប្រើ សម្រាប់ផ្សាយពី ការអនុវត្ត និងគោលនយោបាយរបស់ខ្លួន ទៅកាន់សាធារណៈជនទូទៅ ។ ឧទាហរណ៍ ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូន ប្រើវ៉ិបសៃត៍របស់ខ្លួន សម្រាប់ផ្សាយពីគោលនយោបាយ និងការអនុវត្តរបស់ខ្លួន នោះដំណើរការសម្រាប់ស្នើសុំការសម្រួល ក៏ត្រូវមានបង្ហោះនៅក្នុងវ៉ិបសៃត៍នោះផងដែរ ។ លើសពីនេះ ដំណើរការស្នើសុំការសម្រួល ត្រូវតែអាចឲ្យអ្នកដំណើរដែលមានពិការភាពជាប់ខ្លួន អាចចូលប្រើបាន ។
តាមដែលអាចធ្វើបាន ជាការប្រសើរបើអ្នកស្នើសុំការសម្រួលសមហេតុផល ទុកជាមុន ដោយការប្រើគំរូលិខិតស្នើសុំ និងលិខិតគាំទ្រ ដែលមាននៅខាងចុងនៃសន្លឹកការពិតនេះ ។ បើអ្នកមិនអាចធ្វើការស្នើសុំការសម្រួលសមរម្យ ទុកជាមុនទេ គឺអ្នកអាចស្នើសុំក្រុមហ៊ុនរថយន្តក្រុង ឲ្យផ្តល់ការសម្រួលដែលអ្នកត្រូវការ ។
ពាក្យស្នើសុំការសម្រួលសមរម្យ ដែលធ្វើឡើងដោយជនមានពិការភាពជាប់ខ្លួន អាចបដិសេធបាន ចំពោះតែមូហេតុ ដូចខាងក្រោម ៖
- ការស្នើសុំនោះ មិនចាំបាច់ ដើម្បីអនុញ្ញាតឲ្យអ្នកដំណើររូបនោះ អាចប្រើប្រាស់មធ្យោបាយប្រព័ន្ធធ្វើដំណើរសាធារណៈ
- ការផ្តល់ជូនតាមការស្នើសុំ អាចនាំឲ្យមានការកែប្រែជាមូលដ្ឋាន នូវស្ថានភាពនៃសេវាកម្ម កម្មវិធី ឬសកម្មភាពការងារ ឬ
- ការផ្តល់ជូនការស្នើសុំ អាចបង្កឲ្យមានការគម្រាមកំហែង ដល់សុខភាព ឬសុវត្ថិភាព អ្នកដទៃ ។
ដំណើរការដាក់ពាក្យប្តឹង ចំពោះទីភ្នាក់ងារដឹកជញ្ជូនសាធារណៈ ៖
ការិយាល័យទីភ្នាក់ងារដឹកជញ្ជូនសាធារណៈ (FTA, Federal Transit Administration) ផ្នែកសិទ្ធិពលរដ្ឋ គឺជាទីភ្នាក់ងារ ដែលទទួលពាក្យបណ្តឹង ស្តីអំពីការប្រព្រឹត្តិរំលោភចំពោះច្បាប់ ADA សម្រាប់ទីភ្នាក់ងារដឹកជញ្ជូនសាធារណៈប្រចាំមូលដ្ឋាន ។ បើអ្នកជឿថា មានការប្រព្រឹត្តិរំលោភច្បាប់ ADA បានកើតឡើង ការិយាល័យ FTA ផ្នែកសិទ្ធិពលរដ្ឋ ណែនាំឲ្យអ្នកដាក់ពាក្យប្តឹងដោយផ្ទាល់ទៅកាន់ទីភ្នាក់ងារដឹកជញ្ជូនសាធារណៈប្រចាំមួលដ្ឋាន ដើម្បីផ្តល់ឱកាសឲ្យទីភ្នាក់ងារនោះអាចកែតម្រូវ ឬឆ្លើយតបចំពោះក្តីកង្វល់របស់អ្នក មុនពេលអ្នកសម្រេចចិត្តដាក់ពាក្យប្តឹងទៅកាន់ FTA ។
នាយកដ្ឋានដឹកជញ្ជូន (DOT, Department of Transportation) តម្រូវឲ្យទីភ្នាក់ងារដឹកជញ្ជូននីមួយៗ ប្រចាំមូលដ្ឋាន មានដំណើរការសម្រាប់ការប្តឹងផ្តល់ ។ អ្នកអាចស្វែងរកដំណើរការបណ្តឹង របស់ទីភ្នាក់ងារដឹកជញ្ជូនប្រចាំមូលដ្ឋានបាន ដោយការទាក់ទងពួកគេ ដោយផ្ទាល់ ឬក៏ដោយការចួលទៅកាន់វ៉ិបសៃត៍របស់ពួកគេ បើមាន ។
បើទីភ្នាក់ងារដឹកជញ្ជូនប្រចាំមួលដ្ឋាន មិនឆ្លើយតបចំពោះកង្វល់របស់អ្នក គឺអ្នកអាចសម្រេចចិត្ត ដាក់ពាក្យប្តឹងមកកាន់ការិយាល័យ FTA ផ្នែកសិទ្ធិពលរដ្ឋ ដោយការបំពេញសំណុំបែបបទ រួចផ្ញើវាតាមប្រៃសនីយ ទៅកាន់ ៖
អ្នកអាចទទួលបានសំណុំបែបបទពាក្យបណ្តឹង ពីតំណនេះ ៖ https://www.transit.dot.gov/sites/fta.dot.gov/files/docs/Consolidated_C…
ក្រៅពីសំណុំបែបបទ ពាក្យប្តឹងដែលអ្នកផ្ញើមកយើងខ្ញុំ ត្រូវមានរួមបញ្ចួលចំណុច ដូចខាងក្រោម ៖
- សេចក្តីសង្ខេបអំពីបទចោទប្រកាន់របស់អ្នក បូករួមទាំងឯកសារគាំទ្រនានា
- ព័ត៌មានលំអិតគ្រប់គ្រាន់ សម្រាប់អ្នកស៊ើបអង្កេត អាចយល់បានពីមូលហេតុដែលអ្នកជឿថា ក្រុមហ៊ុនផ្តល់សេវាកម្មសាធារណៈ បានប្រព្រឹត្តរំលោភសិទ្ធិរបស់អ្នក ដោយត្រូវមានរៀបរាប់លំអិតអំពីកាលបរិច្ឆេទ និងពេលវេលា នៃហេតុការណ៍ដែលបានកើតឡើង ។
- ការឆ្លើយឆ្លងដែលជាប់ពាក់ព័ន្ធនានារបស់ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន ។
ផ្ញើតាមប្រៃសនីយនូវសំណុំបែបបទដែលអ្នកបានបំពេញព័ត៌មានរួចរាល់ និងឯកសារភ្ជាប់នានាទៅកាន់អាសយដ្ឋានខាងក្រោម ៖
Federal Transit Administration
Office of Civil Rights
Attention: Complaint Team
East Building, 5th Floor – TCR
1200 New Jersey Avenue, SE
Washington, DC 20590
- អ្នកត្រូវដាក់ពាក្យប្តឹង FTA ឲ្យបានក្នុងរវាង 180 ថ្ងៃ គិតចាប់ពីពេលដែលអំពើរើសអើងបានកើតឡើង ។
បើអ្នកមានចម្ងល់អំពីរបៀបដាក់ពាក្យប្តឹង អ្នកអាចទាក់ទងទៅកាន់ការិយាល័យ FTA ផ្នែកសិទ្ធិពលរដ្ឋ តាមលេខ 1-888-446-4511 ឬតាមអាសយដ្ឋានអ៊ីម៉េល
FTA.ADAAssistance@dot.gov(តំណភ្ជាប់ផ្ញើអ៊ីម៉េល)
លិខិតគំរូសម្រាប់ស្នើសុំការសម្រួលសមហេតុផល
[កាលបរិច្ឆេទ]
ជូនចំពោះ [ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ] ៖
ខ្ញុំបាទ/នាងខ្ញុំ សរសេរលិខិតនេះ ដើម្បីស្នើសុំការសម្រួលសមហេតុផល ដែលបណ្តាលពីពិការភាពនៅក្នុងខ្លួនរបស់ខ្ញុំបាទ/នាងខ្ញុំ ។
ខ្ញុំបាទ/នាងខ្ញុំ [ជា/នឹងក្លាយជា] អតិថិជនរបស់ [ក្រុមហ៊ុនដឹកជញ្ជូន] ។ ដោយសារតែបញ្ហាពិការភាពក្នុងខ្លួនខ្ញុំបាទ/នាងខ្ញុំ ធ្វើឲ្យខ្ញុំបាទ/នាងខ្ញុំ ត្រូវការភាពសម្រួលមួយចំនួនដូចខាងក្រោម ៖ [រាយមុខសំណើសុំការសម្រួល] ។
[គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/ពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/អ្នកព្យាបាលអាជីព/បុគ្គលផ្សេងទៀត (សូមរៀបរាប់)] របស់ខ្ញុំបាទ/នាងខ្ញុំ យល់ឃើញថា ការកែសម្រួលទាំងអស់នេះគឺមានភាពចាំបាច់ ចំពោះពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ។ សូមមេត្តាពិនិត្យមើលលិខិតភ្ជាប់របស់ [ឈ្មោះគ្រូពេទ្យ ឬអ្នកឯកទេស] ។
ច្បាប់សហព័ន្ធ និង ច្បាប់រដ្ឋ តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាកម្ម ធ្វើការសម្រួលសមរម្យ ចំពោះសិស្ស និងអ្នកដាក់ពាក្យដែលមានពិការភាពជាប់ខ្លួន ។ សូមឆ្លើយតបចំពោះការស្នើសុំនេះឲ្យបានត្រឹមថ្ងៃទី [កាលបរិច្ឆេទ] ។ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់ខ្ញុំបាទ/នាងខ្ញុំ តាម [លេខទូរស័ព្ទ និង/ឬអាសយដ្ឋានអ៊ីម៉េលរបស់អ្នក] បើលោកអ្នកមានសំណួរអ្វីមួយ ។
សូមអរគុណ ។ ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
លិខិតគំាំទ្រគំរូ
[កាលបរិច្ឆេទ]
ជូនចំពោះ [ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ] ៖
ខ្ញុំបាទ/នាងខ្ញុំជា [គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/ពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/អ្នកព្យាបាលអាជីព] របស់ [ឈ្មោះ] ហើយខ្ញុំបាទ/នាងខ្ញុំបានដឹងពីស្ថានភាពពិការភាពរបស់គាត់ ។ [រូបគាត់] មានពិការភាពដែលបណ្តាលឲ្យការបំពេញមុខងាររបស់រាងកាយមានដែនកំណត់ ។ ដែនកំណត់នេះ មានរួមបញ្ចូលនូវ [រាយមុខដែនកំណត់មុខងាររាងកាយដែលតម្រូវឲ្យមានការស្នើសុំការកែសម្រួល] ។
[ការសម្រួលដែលបានស្នើសុំ] មានសារៈសំខាន់ចំពោះ [ឈ្មោះ] ដើម្បីប្រើប្រាស់ [ឈ្មោះមធ្យោបាយធ្វើដំណើរសាធារណៈ] ។ [រៀបរាប់ពីផលប្រយោជន៍នៃការកែសម្រួល ដែលអាចជួយ ឬគាំទ្រដល់អ្នកស្នើសុំ] ។
សូមថ្លែងអំណរគុណចំពោះការផ្តល់ការកែសម្រួលសម្រាប់ [ឈ្មោះ] ។
ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះ និងមុខតំណែង]
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.