សន្លឹកការពិតអំពីការប្រព្រឹត្តិរើសអើង ៖ ការសម្រួលចំពោះការធ្វើតេស្ត និងការប្រឡងយកអាជ្ញាប័ណ្ណ

សន្លឹកការពិតអំពីការប្រព្រឹត្តិរើសអើង ៖ ការសម្រួលចំពោះការធ្វើតេស្ត និងការប្រឡងយកអាជ្ញាប័ណ្ណ
ច្បាប់ជនពិការអាមេរិកាំង និងច្បាប់រដ្ឋ ព្រមទាំងច្បាប់ផ្សេងទៀតរបស់សហព័ន្ធ មិនអនុញ្ញាតឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាព ពីអង្គភាពឯកជន រដ្ឋ ឬរដ្ឋបាលមូលដ្ឋាន ដែលមានតួនាទីរៀបចំការប្រឡង ពាក់ព័ន្ធនឹងការដាក់ពាក្យសុំ ការចេញអាជ្ញាប័ណ្ណ ឬការចេញលិខិតបញ្ជាក់វិជ្ជាជីវៈ ឡើយ ។
ខែកញ្ញា ឆ្នាំ2019 ឯកសារបោះពុម្ពផ្សាយលេខ #7145.06
ច្បាប់ជនពិការអាមេរិកាំង និងច្បាប់រដ្ឋ ព្រមទាំងច្បាប់ផ្សេងទៀតរបស់សហព័ន្ធ មិនអនុញ្ញាតឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាព ពីអង្គភាពឯកជន រដ្ឋ ឬរដ្ឋបាលមូលដ្ឋាន ដែលមានតួនាទីរៀបចំការប្រឡង ពាក់ព័ន្ធនឹងការដាក់ពាក្យសុំ ការចេញអាជ្ញាប័ណ្ណ ឬការចេញលិខិតបញ្ជាក់វិជ្ជាជីវៈ ឡើយ ។ ត្រង់នេះ មានន័យថាអង្គភាពដែលជាអ្នករៀបចំការប្រឡង ត្រូវធានាឲ្យបាននូវភាពស្មើគ្នាចំពោះអ្នកដែលមានពិការភាពជាប់ខ្លួន ក្នុងការទទួលបានសេវាកម្មនេះ ហើយត្រូវផ្តល់ជូននូវការសម្រួលចំពោះការធ្វើតេស្តឲ្យបានសមរម្យ ។ ភាពតម្រូវទាំងអស់នេះ គឺអនុវត្តចំពោះការប្រឡងចូលមហាវិទ្យាល័យ ដូចជាការប្រឡង SAT, MCAT ឬ GRE ក៏ដូចជាការប្រឡងយកអាជ្ញាប័ណ្ណវិជ្ជាជីវៈ ដូចជាការប្រឡងចូលសមាគមមេធាវីកាលីហ្វ័រនីញ៉ា ជាដើម ។
ការសម្រួលចំពោះការ ធ្វើតេស្ត មានរួមបញ្ចូលទាំងការកែប្រែផ្នែករូបវន្ត ចំពោះបរិយាកាសការធ្វើតេស្ត ក៏ដូចជាការផ្តល់ឧបករណ៍ និងសេវាកម្មជំនួយ ដូចជាសៀវភៅអក្សរសម្រាប់មនុស្សពិការភ្នែក និងសៀវភៅបោះពុម្ពជាអាក្សរធំៗ កម្មវិធី (software)សម្រាប់ជំនួយក្នុងការអានអក្សរនៅលើអេក្រង់ ឬអ្នកបកប្រែ ASL ។ ឧទាហរណ៍ផ្សេងទៀត អំពីការសម្រួលចំពោះការប្រឡង មានដូចជា ការផ្តល់ម៉ោងបន្ថែម អាចទទួលទានអាហារ និងលេបថ្នាំបានក្នុងពេលកំពុងប្រឡង ឬរៀបចំឲ្យមានបន្ទប់ប្រឡងដែលមិនមានការរំខាននានា ។ គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីធានាបានថា ជនដែលមានពិការភាពជាប់ខ្លួន មានឱកាសក្នុងការបង្ហាញប្រាជ្ញា និងកម្រិតសមិទ្ធផលពិតរបស់ខ្លួនចំពោះការប្រឡង ដើម្បីបញ្ជាក់ថា ពិការភាព មិនមែនជាឧបសគ្គឡើយ ។ ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំប្រឡង មិនត្រូវបានតម្រូវឲ្យធ្វើការសម្រួល ដែលត្រូវកែប្រែលក្ខណៈមូលដ្ឋាននៃការប្រឡង ឬដែលត្រូវជួយចំពោះជំនាញដែលត្រូវវាស់វែងដោយការប្រឡងឡើយ ។
លោកអ្នក អាចទទួលបានព័ត៌មានបន្ថែម អំពីការសម្រួលក្នុងការប្រឡង នៅទីនេះ ៖
វ៉ិបសៃត៍របស់ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (U.S. Department of Justice) ៖
U.S. Department of Justice website:
- សន្លឹកការពិតអំពីការធ្វើតេស្ត និងការប្រឡងយកអាជ្ញាប័ណ្ណ ៖ https://www.ada.gov/regs2014/testing_accommodations.html
- ព័ត៌មានអំពីសិទ្ធិរបស់បុគ្គលមានផ្ទុកមេរោគហ៊ីវ/ជំងឺអេដស៍ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណរដ្ឋ ៖ https://www.ada.gov/qahivaids_license.pdf
វ៉ិបសៃត៍បណ្តាញការសម្រួលការងារ ៖
- ព័ត៌មានទាក់ទងនឹងការសម្រួល ៖ https://askjan.org/topics/test.cfm
ការទទួលបានការសម្រួលចំពោះការធ្វើតេស្ត និងការប្រឡងយកអាជ្ញាប័ណ្ណ
ទាំងអស់នេះ គឺជាជំហានដែលត្រូវធ្វើ ដើម្បីទទួលបានការសម្រួលចំពោះការធ្វើតេស្ត ឬការប្រឡង ឬការដាក់ពាក្យសុំអាជ្ញាប័ណ្ណ ៖
- សរសេរពាក្យសុំការសម្រួល ។ នៅក្នុងពាក្យសុំ របស់អ្នក ត្រូវរួមបញ្ចូលចំណុចដូចខាងក្រោម ៖
- អ្នកជាមនុស្សមានពិការភាពជាប់ខ្លួន (អ្នកមិនចាំបាច់រៀបរាប់អំពីប្រភេទនៃពិការភាពរបស់អ្នកឡើយ)
- ស្ថានភាពដែលពិការភាពក្នុងខ្លួនអ្នក បង្កផលប៉ះពាល់ដល់សមត្ថភាពរបស់អ្នក ក្នុងការប្រឡង
- ការសម្រួលជាក់លាក់ចំពោះការប្រឡង (ការកែសម្រួល / ឧបករណ៍ និងសេវាកម្មជំនួយ) ដែលអ្នកត្រូវការ និង
- កាលបរិច្ឆេទដែលអ្នករំពឹងថា នឹងទទួលបានការឆ្លើយតប ចំពោះការស្នើសុំនេះ ។
- រកសំណុំឯកសារមកសម្រាប់គាំទ្រការសម្រួលដែលអ្នកស្នើសុំ ។ សំណុំឯកសារទាំងនោះអាចជា ៖
- ឯកសារបង្ហាញពីប្រវត្តិដែលអ្នកធ្លាប់ទទួលបានការសម្រួលនានា ក្នុងស្ថានភាពការប្រឡង ស្រដៀងនេះ ឬ
- លិខិតគាំទ្រពីគ្រូពេទ្យ ឬពីអ្នកឯកទេសផ្សេងទៀត ដែលព្យាបាលពិការភាពរបស់អ្នក ។ នៅក្នុងលិខិតនេះ ត្រូវពន្យល់ពីមូលហេតុដែលអ្នកត្រូវការ ការសម្រួល/ការកែតម្រូវដែលបានស្នើសុំ ដោយសារតែពិការភាពរបស់អ្នក ។
- ផ្ញើលិខិតស្នើសុំការសម្រួល និងឯកសារគាំទ្រទៅកាន់អ្នករៀបចំធ្វើតេស្ត ។
លិខិតគំរូ ដើម្បីស្នើសុំការសម្រួល/ការកែសម្រួលសមហេតុផល និងលិខិតគាំទ្រគំរូ មានបង្ហាញនៅផ្នែកខាងចុងនៃសន្លឹកការពិតនេះ ។ អ្នកក៏អាចប្រើសំណុំបែបបទ ដែលមានផ្តល់ជូនដោយទីភ្នាក់ងាររៀបចំការធ្វើតេស្ត ឬការប្រឡងយកអាជ្ញាប័ណ្ណ ផងដែរ ។
ទីភ្នាក់ងារផ្តល់សេវាកម្មធ្វើតេស្ត និងការប្រឡងយកអាជ្ញាប័ណ្ណ ត្រូវឆ្លើយតបចំពោះការស្នើសុំ ឲ្យបានទាន់ពេលវេលា ។ ពួកគេអាចសុំព័ត៌មានបន្ថែមពីអ្នក អំពីមូលហេតុដែលអ្នកត្រូវការការសម្រួល តែការស្នើសុំបែបនេះ ត្រូវតែសមហេតុផល ហើយត្រូវកំណត់តែចំពោះតម្រូវការសំណើសុំការសម្រួលលើការធ្វើតេស្ត ។ ប្រសិនបើទីភ្នាក់ងាររៀបចំការធ្វើតេស្ត ឬការប្រឡងយកអាជ្ញាប័ណ្ណ សុំព័ត៌មានពីអ្នកលើសពីអ្វី ដែលមានភាពចាំបាច់ដើម្បីកំណត់ពីតម្រូវការ ចំពោះសំណើសុំការសម្រួល គឺអ្នកមិនត្រូវផ្តល់ព័ត៌មានបែបនេះ ដល់ពួកគេឡើយ ។
បណ្តឹងរដ្ឋបាល
អង្គភាពរដ្ឋ ៖
បើអ្នកជឿថា អង្គភាពរដ្ឋ ឬអង្គភាពរដ្ឋបាលមូលដ្ឋាន ប្រព្រឹត្តរើសអើងមកលើរូបអ្នក អ្នកអាចដាក់ពាក្យប្តឹងផ្នែករដ្ឋបាល មកកាន់ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ, Department of Justice) ក្រោមច្បាប់សហព័ន្ធ ឬប្តឹងទៅកាន់ DFEH ក្រោមច្បាប់រដ្ឋ ។ បណ្តឹងទាំងនោះត្រូវប្តឹងទៅកាន់ DOJ ឲ្យបានក្នុងរវាង 180 ថ្ងៃ គិតចាប់ពីពេលដែលអំពើប្រព្រឹត្តរើសអើង បានកើតឡើង ។ បណ្តឹងដែលប្តឹងទៅកាន់ DFEH ត្រូវប្តឹងឲ្យបានក្នុងរវាងមួយឆ្នាំ គិតចាប់ពីពេលដែលអំពើរើសអើងនោះបានកើតឡើង ។ ព័ត៌មានសម្រាប់ទំនាក់ទំនងជាមួយនឹង DOJ និង DFEH មាននៅខាងក្រោម ។
អង្គភាពឯកជន ៖
ប្រសិនបើអ្នកជឿថា ក្រុមហ៊ុនឯកជនផ្នែករៀបចំការប្រឡង ប្រព្រឹត្តរើសអើងមកលើរូបអ្នក អ្នកអាចដាក់ពាក្យបណ្តឹងរដ្ឋបាល ទៅកាន់ DOJ ក្រោមផ្នែក Title III នៃ ADA ឬប្តឹងទៅកាន់ DFEH ក្រោមច្បាប់រដ្ឋ ។ បណ្តឹងមកកាន់ DFEH ត្រូវប្តឹងឲ្យបានក្នុងរវាងមួយឆ្នាំ នៃការប្រព្រឹត្តរើសអើងដែលបានកើតឡើង ។ អ្នកក៏អាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ DFEH មកកាន់នាយក DFEH ឲ្យបានក្នុងរវាង 10 គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេច ។ សូមអាន 2 2 C.C.R. ផ្នែកទីn 10033 ។
បណ្តឹង Title III អាចដាក់ប្តឹងទៅកាន់ DOJ បានគ្រប់ពេលវេលាទាំងអស់ ។ តែទោះជាយ៉ាងណាក៏ដោយ ការប្តឹងបានកាន់តែលឿន គឺកាន់តែល្អ ពីព្រោះថានៅពេលដែលពេលវេលាចេះតែកន្លងផុតទៅ វាអាចនាំឲ្យមានភាពពិបាកក្នុងការរកភស្តុតាងបញ្ជាក់ពីការប្រប្រឹត្តរើសអើង ។ ព័ត៌មានសម្រាប់ទំនាក់ទំនងជាមួយនឹង DOJ និង DFEH មាននៅខាងក្រោម ។
ព័ត៌មានសម្រាប់ទំនាក់ទំនងរបស់ DOJ និង DFEH ៖
-
បណ្តឹងមកកាន់ DOJ ៖
U.S. Department of Justice
Civil Rights Division
950 Pennsylvania Avenue, N.W.
Disability Rights Section – 1425 NYAV
Washington, D.C. 20530បណ្តឹងអនឡាញ ៖ https://www.ada.gov/filing_complaint.htm
ទូរស័ព្ទ ៖ (800) 514-0301
សម្រាប់ TTY ៖ (800) 514-0383បណ្តឹងមកកាន់ DFEH ៖
បណ្តឹងអនឡាញ ៖ https://www.dfeh.ca.gov/filing-a-complaint-online/
ទូរស័ព្ទ ៖ (800) 884-1684
សម្រាប់ TTY ៖ (800) 700-2320
ប្រៃសនីយ ៖ សូមហៅមកលេខ (800) 884-1684 ដើម្បីស្នើសុំបែបបទបណ្តឹងដែលត្រឹមត្រូវ ដើម្បី បំពេញព័ត៌មាន រួចបញ្ជូនត្រឡប់មកវិញ ។ សូមទុកពេលវេលាបន្ថែមសម្រាប់ការបញ្ជូនសំបុត្រតាមប្រៃសនីយ និងការដំណើរការឯកសារ ។
បណ្តឹងវិវាទ
ការប្រព្រឹត្តល្មើសច្បាប់ទាំងអស់ដែលបានរៀបរាប់ពីខាងលើ ក៏អាចអនុវត្តបានតាមរយៈបណ្តឹងលក្ខណៈឯកជនផងដែរ ។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលនៃដែនកំណត់ មានភាពរឹតបន្តឹងចំពោះក្របខ័ណ្ឌពេលវេលានៃការដាក់ពាក្យបណ្តឹងវិវាទ ហើយអ្នកអាចបាត់បង់អ្វីដែលអ្នកទាមទារប្រសិនបើអ្នកមិនចាត់សកម្មភាពឲ្យបានក្នុងអំឡុងពេលនៃដែនកំណត់អាជ្ញាយុកាលដែលអាចអនុវត្តបានទេនោះ ។ កាលបរិច្ឆេទផុតកំណត់ទាំងអស់នេះ អាចខ្លីត្រឹមពីរឆ្នាំគិតចាប់ពីថ្ងៃដែលការប្រព្រឹត្តរើសអើងបានកើតឡើង ។
បើអ្នកទាមទារសំណងខូចខាតជាទឹកប្រាក់មានចំនួនតិចជាង $10,000 គឺអ្នកមានជម្រើសមួយទៀត ក្នុងការប្តឹងពីបទប្រព្រឹត្តរើសអើងទៅកាន់តុលាការទទួលបណ្តឹងលើសំណងតូចតាច (Small Claims Court)។ អាជ្ញាយុកាលនៃដែនកំណត់ចំពោះការដាក់ពាក្យប្តឹង ដូចដែលបានបង្ហាញពីខាងលើ នឹងត្រូវអនុវត្ត ។ អ្នកមិនអាចមានមេធាវីឡើយ បើអ្នកសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការទទួលបណ្តឹងលើសំណងតូចតាច ។ នេះជាតំណភ្ជាប់ទៅកាន់ឯកសារបោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ដែលពន្យល់អំពីដំណើរការនៃការប្រើបណ្តឹងទាមទារសំណងតិចតួច ចំពោះសំណុំរឿងការប្រព្រឹត្តរើសអើង ៖ https://www.disabilityrightsca.org/publications/a-guide-to-small-claims…
លើសពីនេះ ច្បាប់ទាមទារសំណងខូចខាតរដ្ឋប្បវេណី របស់រដ្ឋាភិបាលតម្រូវឲ្យការទាមទារសំណងខូចខាតស៊ីវិលពីរដ្ឋាភិបាល ត្រូវដាក់ប្តឹងឲ្យបានក្នុងរវាងប្រាំមួយខែគិតពីពេលដែលហេតុការណ៍ប្រព្រឹត្តរើសអើងបានកើតឡើង នៅមុនពេលធ្វើបណ្តឹងតាមច្បាប់ទាមទារការខូចខាតជាទឹកប្រាក់ពីរដ្ឋ ឬអង្គភាពរដ្ឋបាលមូលដ្ឋាន ។ ព័ត៌មានបន្ថែមអំពីបណ្តឹងទារសំណងខូចខាតរដ្ឋប្បវេណី មាននៅឯ https://www.disabilityrightsca.org/publications/tort-claims-filing-clai… ។ សូមកត់ចំណាំថា វ៉ិបសៃត៍នេះ ភ្ជាប់ទៅកាន់សំណុំបែបបទ សម្រាប់ប្តឹងរដ្ឋ ឬទីភ្នាក់ងាររដ្ឋ ឬនិយោជិករដ្ឋ ដែលពេលខ្លះ អាចប្រើមិនបានចំពោះសំណុំរឿងរបស់អ្នក ។ អង្គភាពរដ្ឋដទៃទៀត អាចមានសំណុំបែបបទទាមទារសំណងខូចខាតរដ្ឋប្បវេណីនៅតាមវ៉ិបសៃត៍ របស់ពួកគេផ្ទាល់ ។ បើអ្នកមានបំណងធ្វើការប្តឹងវិវាទ សូមពិភាក្សាជាមួយមេធាវីជាបន្ទាន់ ។
លិខិតគំរូ សម្រាប់ស្នើសុំការសម្រួល ចំពោះការប្រឡង
[កាលបរិច្ឆេទ]
ជូនចំពោះ [ក្រុមហ៊ុនរៀបចំការប្រឡង/អង្គភាពចេញអាជ្ញាប័ណ្ណ] ៖
ខ្ញុំបាទ/នាងខ្ញុំ សរសេរលិខិតនេះ ដើម្បីស្នើសុំ [ការសម្រួលសមហេតុផល ចំពោះពិការភាពក្នុងខ្លួនខ្ញុំបាទ/នាងខ្ញុំ] ។
ខ្ញុំបាទ/នាងខ្ញុំ មានបំណងចូលប្រឡង [កាលបរិច្ឆេទការប្រឡង /ធ្វើតេស្ត] [ឈ្មោះការប្រឡង/ធ្វើតេស្ត] ។ ដោយសារតែបញ្ហាពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ធ្វើឲ្យខ្ញុំបាទ/នាងខ្ញុំ ត្រូវការការកែសម្រួលមួយចំនួនដូចខាងក្រោម ៖ [រាយមុខសំណើសុំការកែសម្រួល] ។
គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/ពេទ្យផ្តល់ការព្យាបាលដោយចលនា/បុគ្គលិកសង្គមកិច្ច/ពេទ្យព្យាបាលសកម្មភាពរាងកាយ/ពេទ្យផ្សេងទៀត [សូមរៀបរាប់] បានទទួលស្គាល់ថា ការសម្រួលនេះ គឺពិតជាចាំបាច់ ដែលពាក់ព័ន្ធនឹងពិការភាពនៅក្នុងខ្លួនខ្ញុំបាទ/នាងខ្ញុំ ។ សូមអានឯកសារភ្ជាប់ [លិខិតពីគ្រូពេទ្យ ឬពីអ្នកឯកទេស / សំណុំឯកសារអំពីការសម្រួលចំពោះការធ្វើតេស្ត] ។
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ តម្រូវឲ្យអង្គភាពរៀបចំការប្រឡង និងចេញអាជ្ញាប័ណ្ណ ផ្តល់ដល់អ្នកមានពិការភាពជាប់ខ្លួននូវការសម្រួល ដើម្បីឲ្យអ្នកទាំងនោះ អាចបញ្ចេញសមត្ថភាព និងជំនាញបានពេញលេញ ចំពោះការប្រឡង ។ សូមឆ្លើយតបចំពោះការស្នើសុំនេះឲ្យបានត្រឹមថ្ងៃទី [កាលបរិច្ឆេទ] ។ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់ខ្ញុំបាទ/នាងខ្ញុំ តាម [លេខទូរស័ព្ទរបស់អ្នក និង/ឬអាសយដ្ឋានអ៊ីម៉េល] បើលោកអ្នកមានសំណួរអ្វីមួយ ។ សូមអរគុណ ។
ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
លិខិតគំាំទ្រគំរូ
[កាលបរិច្ឆេទ]
ជូនចំពោះ [ក្រុមហ៊ុនរៀបចំការប្រឡង /អង្គភាពចេញអាជ្ញាប័ណ្ណ]:
ខ្ញុំជាគ្រូពេទ្យ/ពេទ្យវិកលចរិក/អ្នកឯកទេសចិត្តសាស្រ្ត/អ្នកធ្វើការសង្គមកិច្ច/អ្នកឯកទេសព្យាបាលពិការភាពរាងកាយ ដល់ [ឈ្មោះរបស់អ្នក] ហើយខ្ញុំមានការដឹងច្បាស់ពីស្ថានភាពជំងឺរបស់គាត់ ។ [រូបគាត់] មានពិការភាពដែលបណ្តាលឲ្យការបំពេញមុខងាររបស់រាងកាយមានដែនកំណត់ ។ ដែនកំណត់នេះ មានរួមបញ្ចូលនូវ [រាយមុខដែនកំណត់មុខងាររាងកាយដែលតម្រូវឲ្យមានការស្នើសុំការកែសម្រួល] ។
[ការសម្រួលដែលបានស្នើសុំ] គឺមានភាពចាំបាច់ចំពោះ ការបញ្ចេញសមត្ថភាពរបស់ [ឈ្មោះ] ទៅលើ [ការធ្វើតេស្ត ឬការប្រឡង] ដើម្បីបង្ហាញឲ្យឃើញពីប្រាជ្ញា និងជំនាញរបស់ [ឈ្មោះ] ។ [រៀបរាប់ថាតើការសម្រួលអាចជួយ ឬគាំទ្រដល់បុគ្គលនោះយ៉ាងដូចម្តេច] ។
សូមអរគុណ ចំពោះការផ្តល់កិច្ច [សម្រួល] ដល់ [ឈ្មោះ] ។
ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះ និងមុខតំណែង]
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.