តុលាការ CARE និង SB 43 ជាភាសាសមញ្ញ
តុលាការ CARE និង SB 43 ជាភាសាសមញ្ញ
ធនធាននេះនិយាយអំពីច្បាប់សុខភាពផ្លូវចិត្តថ្មីបំផុតរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលមានឈ្មោះថា Care Court។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
តើតុលាការ CARE ជាអ្វី?
រដ្ឋ California មានច្បាប់ថ្មីៗមួយចំនួនអំពីសុខភាពផ្លូវចិត្ត។ ក្នុងនោះមានច្បាប់ថ្មីមួយ គេហៅថា តុលាការជំនួយសហគមន៍ ការស្ដារ និងការផ្ដល់សិទ្ធិអំណាច (CARE, Community Assistance, Recovery and Empowerment Court)។
តុលាការ CARE មានជំហានជាច្រើន។ អ្នកត្រូវទៅបង្ហាញខ្លួននៅចំពោះមុខចៅក្រមច្រើនដង។ មន្ទីរសុខភាពអាកប្បកិរិយារបស់ខោនធីរបស់អ្នកត្រូវពិនិត្យមើលថាតើអ្នកមានពិការភាពសុខភាពផ្លូវចិត្តជាក់លាក់ណាមួយឬអត់។
- មានទម្រង់បែបបទមួយក្នុងការចាប់ផ្ដើមដំណើរការតុលាការ CARE។ មនុស្សជាច្រើន ដូចជាគ្រួសាររបស់អ្នក មនុស្សដែលអ្នករស់នៅជាមួយ ឬមន្ត្រីប៉ូលិសអាចបំពេញទម្រង់បែបបទនេះបាន។
- នៅពេលដែលពួកគេផ្ញើទម្រង់បែបបទនេះ ខោនធីជាអ្នកពិនិត្យមើលថា តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬទេ។មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- អ្នកត្រូវតែមានស្ថានភាពសុខភាពជាក់លាក់ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៖ ទាំងជំងឺវិកលចរិត ជំងឺបាយប៉ូឡាប្រភេទទី 1 ដែលមានលក្ខណៈវិកលចរិត ឬជំងឺវិកលចរិតផ្សេងទៀត។
- អ្វីៗជាច្រើនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ដូចជាជំងឺអូទីសឹម ឬជំងឺបាយប៉ូឡាដែលគ្មានលក្ខណៈផ្លូវចិត្ត។
- ចៅក្រមនិយាយថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬអត់។
- បើសិនជាចៅក្រមគិតថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នោះអាចមានផ្លូវពីរយ៉ាង៖
- កិច្ចព្រមព្រៀង CARE៖ ដំបូង អ្នកនិងមេធាវីរបស់អ្នក អាចព្យាយាមចុះកិច្ចព្រមព្រៀងជាមួយខោនធី និងចៅក្រម។កិច្ចព្រមព្រៀងនេះនឹងជាគម្រោងសុខភាពផ្លូវចិត្តសម្រាប់រយៈពេលមួយឆ្នាំ។ ចៅក្រមត្រូវអនុម័តកិច្ចព្រមព្រៀងនេះ។
- ផែនការ CARE៖ បើសិនជាគ្រប់គ្នាមិនយល់ស្រប តុលាការអាចធ្វើផែនការសម្រាប់អ្នក។
- ផែនការនេះអាចមានការព្យាបាល ការផ្តល់ការស្នាក់នៅ និងឱសថ។
- អ្នកប្រហែលជាត្រូវរង់ចាំមួយរយៈ មុនពេលអ្នកអាចទទួលបានកន្លែងស្នាក់នៅ ឬការគាំទ្រផ្សេងៗទៀត។
- ចៅក្រមអាចបញ្ជាឱ្យអ្នកលេបថ្នាំ។ បើសិនជាអ្នកមិនលេបថ្នាំទេ ពួកគេនឹងមិនប្រើកម្លាំងដើម្បីបង្ខំឱ្យអ្នកលេបទេ។ប៉ុន្តែ បើសិនជាអ្នកមិនលេបថ្នាំ តុលាការអាចនិយាយថា អ្នកមិនធ្វើតាមផែនការរបស់ពួកគេ។
- ប្រសិនបើអ្នកមិនអនុវត្តតាមផែនការនេះទេ ហើយអ្នកមានការសវនាការស្តីពីការឃុំគ្រង រដ្ឋាភិបាលអាចណែនាំឱ្យដាក់អ្នកឱ្យស្ថិតនៅក្រោមហិតូបត្ថម្ភ។ ហិតូបត្ថម្ភមានន័យថា អ្នកណាម្នាក់ផ្សេងទៀតត្រូវបង្កើតជម្រើសអំពីការព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នក និងកន្លែងរស់នៅសម្រាប់អ្នក។ ឧទាហរណ៍ ពួកគេអាចបញ្ជូនអ្នកឱ្យទៅរស់នៅក្នុងមណ្ឌលចាក់សោ និងតម្រូវឱ្យអ្នកលេបថ្នាំព្យាបាលជំងឺវិកលចរិត។
តុលាការ CARE គឺជាមធ្យោបាយមួយសម្រាប់អ្នកដទៃ ដូចជាចៅក្រម ដើម្បីប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ។ អ្នកប្រហែលជាមិនអាចរក្សានូវជម្រើស និងការគ្រប់គ្រងពេញលេញក្នុងជីវិតរបស់អ្នកបានទេ។
តើ SB 43 ជាអ្វី?
សេចក្ដីព្រាងច្បាប់ព្រឹទ្ធសភាលេខ 43 (SB, Senate Bill) គឺជាច្បាប់ស្តីពីសុខភាពផ្លូវចិត្តនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ច្បាប់នេះកែប្រែនិយមន័យអំពី “ពិការភាពធ្ងន់ធ្ងរ”។
“ពិការភាពធ្ងន់ធ្ងរ” គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនដែលគេអាចដាក់អ្នកក្រោមការឃុំគ្រងទាំងបង្ខំ ឬហិតូបត្ថម្ភ។
ការឃុំគ្រងទាំងបង្ខំមួយប្រភេទដែលគេហៅថា 5150។ 5150 អនុញ្ញាតឱ្យខោនធីឃុំគ្រងអ្នកប្រឆាំងឆន្ទះរបស់អ្នកនៅក្នុងមណ្ឌលចាក់សោរហូតដល់ 72 ម៉ោង (3 ថ្ងៃ)។ បន្ទាប់ពីរយៈពេលនោះ មនុស្សមួយចំនួនត្រូវគេដោះលែង។ មនុស្សមួយចំនួនជ្រើសរើសសម្រាកនៅមន្ទីរពេទ្យ។ មនុស្សមួយចំនួនត្រូវគេឃុំយូរជាងនេះទៅតាមប្រភេទនៃការឃុំផ្សេងទៀត។
បើសិនជាអ្នកបំពេញលក្ខណៈវិនិច្ឆ័យនៃការមានពិការភាពធ្ងន់ធ្ងរ នោះគេអាចដាក់អ្នកក្រោមការឃុំគ្រងប្រភេទ 5150។ មន្ត្រីប៉ូលិស ឬអ្នកតំណាងខោនធីអាចឃុំគ្រងអ្នកបាន។
SB 43 កែប្រែលក្ខណៈវិនិច្ឆ័យនៃការមានពិការភាពធ្ងន់ធ្ងរតាមវិធីពីរយ៉ាង៖
- វាបន្ថែមវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។ ឥឡូវនេះ បើសិនជាអ្នកមានវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ នោះអ្នកអាចត្រូវនឹងស្តង់ដារនៃការមានពិការភាពធ្ងន់ធ្ងរ។
- វាក៏ចែងដែរថា បើសិនជាអ្នកមិនអាចថែទាំសុខភាពផ្ទាល់ខ្លួន ឬសុវត្ថិភាពផ្ទាល់ខ្លួនបានទេ អ្នកអាចត្រូវនឹងស្ដង់ដារនៃការមានពិការភាពធ្ងន់ធ្ងរ។
ពិការភាពធ្ងន់ធ្ងរមានពីរផ្នែក៖
- អ្នកត្រូវតែមានជំងឺសុខភាពផ្លូវចិត្ត ឬវិបត្តិប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ។
- ហើយដោយសារបញ្ហាសុខភាពនោះ អ្នកមិនអាចធ្វើកិច្ចការមួយចំនួន៖
- ចាត់ចែងចំពោះតម្រូវការអាហារ សម្លៀកបំពាក់ ឬទីជម្រកផ្ទាល់ខ្លួន ឬ
- ចាត់ចែងចំពោះសុវត្ថិភាព និងការថែទាំសុខភាពផ្ទាល់ខ្លួន។
ច្បាប់នេះមានន័យថា មនុស្សច្រើនឡើងនឹងត្រូវគេដាក់ក្រោមការឃុំគ្រងទាំងបង្ខំ និងក្រោមហិតូបត្ថម្ភ។ ច្បាប់នេះមានន័យថាមនុស្សច្រើនឡើងនឹងមានជម្រើសតិចជាងមុនសម្រាប់ជីវិតរបស់ខ្លួន។


