សន្លឹកព័ត៌មានពិត ការរើសអើងចំពោះពិការភាព និង HUD បង្កាន់ដៃផ្នែកទី 8

សន្លឹកព័ត៌មានពិត ការរើសអើងចំពោះពិការភាព និង HUD បង្កាន់ដៃផ្នែកទី 8
សន្លឹកការពិតនេះ និយាយអំពីសិទ្ធិរបស់មនុស្សមានពិការភាពជាប់ខ្លួន នៅក្នុងកម្មវិធីបង្កាន់ដៃផ្នែកទី ៨ ។ សូមមេត្តាជ្រាបថា គេអាចយកបទបញ្ញត្តិផ្សេងៗគ្នាមកប្រើប្រាស់ចំពោះគម្រោងផ្តោតលើកម្មវិធីផ្នែកទី ៨ ។
សេចក្តីផ្តើម
កម្មវិធី Section 8 voucher program (ឥឡូវគេហៅថាកម្មវិធីបង្កាន់ដៃជម្រើសគេហកិច្ច - Housing Choice Voucher Program) គឺជាកម្មវិធីគេហកិច្ចរបស់រដ្ឋាភិ បាលសហព័ន្ធ សម្រាប់ជួយដល់គ្រួសារមានប្រាក់ចំណូលទាប និងមនុស្សមានពិការភាពជាប់ខ្លួន អាចទទួលបានផ្ទះសមរម្យដែលមានសុវត្ថិភាពសម្រាប់ការរស់នៅ ក្នុងទីផ្សាគេហកិច្ចឯកជន ។ កម្មវិធីនេះ ដំណើរការដោយការផ្តល់ឲ្យគ្រួសារដែលចូលរួមនូវបង្កាន់ដៃសម្រាប់ជួយចេញមួយផ្នែកនៃថ្លៃជួលផ្ទះរបស់ពួកគេ ។ គ្រួសារដែលចូលរួមក្នុងកម្មវិធីនេះ គឺមានសេរីភាពក្នុងការប្រើប្រាស់បង្កាន់ដៃនេះ សម្រាប់បង់ថ្លៃជួលផ្ទះទៅតាមជម្រើសរបស់ខ្លួន ដរាបណាថ្លៃជួល នោះ ស្ថិតនៅក្នុងចំនួនទឹកប្រាក់កំណត់ដោយអាជ្ញាធរគេហកិច្ចសាធារណៈ (ជា ទូទៅគេហៅថា [PHAs, Public Housing Authorities]) ហើយអាជ្ញាធរគេហកិច្ច អនុម័តចំពោះការជួលនេះ ។
កម្មវិធី Section 8 Program បានទទួលមូលនិធិតាមរយៈក្រសួងគេហកិច្ច និងការអភិវឌ្ឈន៍ទីក្រុងសហរដ្ឋអាមេរិក (HUD, U.S. Department of Housing and Urban Development) ហើយត្រូវបានគ្រប់គ្រងនៅមូលដ្ឋាន ដោយបណ្តាញរបស់អាជ្ញាធរគេហកិច្ច ។ កម្មវិធីនេះ គឺស្ថិតក្រោមច្បាប់មួយចំនួនរបស់រដ្ឋ និងសហព័ន្ធ ដែលជាច្បាប់សម្រាប់ការពារមិនឲ្យមានការរើសអើង ចំពោះជនមានពិការភាពជាប់ខ្លួន ពីម្ចាស់ផ្ទះឯកជន និងទីភ្នាក់ងារគេហកិច្ចសាធារណៈ ។ ច្បាប់របស់សហព័ន្ធ មានរួមបញ្ចូលនូវ ផ្នែកទី ៥៤ នៃក្រមស្តានីតិសម្បទា (Section 504 of the Rehabilitation Act) (29 U.S.C. ផ្នែក 794) ច្បាប់វិសោធនកម្មយុត្តិធម៌គេហកិច្ច (Fair Housing Amendments Act (42 U.S.C. ផ្នែក 3601-3631) និងច្បាប់ Title II នៃក្រមជនជាតិអាមេរិកាំងដែលមានពិការភាព (Title II of the Americans with Disabilities Act) (42 U.S.C. ផ្នែក 12131-12165) ។ ច្បាប់របស់រដ្ឋកាលី ហ្វ័រនី ញ៉ា មានរួមបញ្ចូលនូវ ច្បាប់យុត្តិធម៌ការងារ និងគេហកិច្ច (Fair Employment and Housing Act) (ក្រមរដ្ឋាភិបាលផ្នែកទី 12955-12956.2) ច្បាប់សិទ្ធិពលរដ្ឋ អ៊ុនរូហ៍ (Unruh Civil Rights Act) (ក្រម រដ្ឋវប្បវេណី ផ្នែកទី 51) ក្រមជនពិការ (Disabled Persons Act) (ក្រមរដ្ឋប្បវេណី ផ្នែកទី 54.1 និងទី 54.2) និងក្រមរដ្ឋាភិបាល ផ្នែកទី 11135 ។
ការរើសអើងគេហកិច្ចចំពោះ ពិការភាព អាចកើតឡើងតាមរូបភាពជាច្រើន ។ ការរើសអើងទាំងអស់នោះ មានដូចជា ការប្រព្រឹត្តដាក់មិនស្មើភាពគ្នា ការបដិសេធមិនជួលផ្ទះឲ្យ ដោយសារជននោះមានពិការភាពជាប់ខ្លួន ការបង្កើតឧបសគ្គរូបវ័ន្ត ឬដោយការទំនាក់ទំនងមិនឲ្យអ្នកនោះអាចចូលទៅបាន ការរុកគួន ការសងសឹក និងការនិយាយដោយពាក្យសំដីរើសអើង ។ វាក៏អាចរួមបញ្ចូលផងដែរនូវការមិនព្រមធ្វើការសម្រួល និងកែតម្រូវសមរម្យ ។
ការសម្រួល និងការកែតម្រូវសមរម្យ
នៅក្នុងបរិបទគេហកិច្ច ការសម្រួល គឺជាការលើកលែង ឬការប្តូរចំពោះបទបញ្ញត្តិ គោលនយោបាយ ឬទម្លាប់ការអនុវត្តរបស់ម្ចាស់ផ្ទះ ។ ការកែតម្រូវគឺជាការប្តូររូបវន្តចំពោះអគារ ផ្ទះជួល ឬបរិវេណទូទៅក្នុងផ្ទះជួល ។
ក្រោមច្បាប់ស្តីអំពីភាពរើសអើងលើជនមានពិការភាពជាប់ខ្លួន ម្ចាស់ផ្ទះជួល ត្រូវផ្តល់ជូននូវការកែតម្រូវ និងការសម្រួលសមហេតុផល តាមភាពចាំបាស់ ដើម្បីផ្តល់ជូនជនដែលមានពិការភាពជាប់ខ្លួន នូវឱកាសស្មើភាពគ្នា ដើម្បីប្រើប្រាស់ និងរីករាយចំពោះការរស់នៅក្នុងផ្ទះជួល ។ ការកែតម្រូវ និងការសម្រួល ត្រូវតែធ្វើឡើងដោយសារភាពចាំបាច់ចំពោះពិការភាព ហើយអ្វីៗទាំងអស់នេះ ត្រូវតែធ្វើឡើងប្រកបដោយភាពសមហេតុផល ។ ការកែតម្រូវ និងការសម្រួល ត្រូវគេចាត់ថាមានហេតុផលសមរម្យ ប្រសិនបើវាមិនបានបង្ករឲ្យមានការកែប្រែជាមូលដ្ឋាន នូវស្ថានភាពនៃសេវាកម្មដែលផ្តល់ជូន ហើយវាមិនបង្កើតបានជាបន្ទុកហួសហេតុចំពោះម្ចាស់ផ្ទះជួលទេនោះ ។ ចំពោះ គេហកិច្ចឯកជនវិញ ម្ចាស់ផ្ទះជួល គឺជាអ្នកចេញថ្លៃចំពោះការសម្រួលសមហេតុផល ក្នុងពេលដែលអ្នកជួល គឺជាអ្នកចេញថ្លៃការកែតម្រូវសមហេតុផលណាមួយ ។
ដូចគ្នា នឹងម្ចាស់ផ្ទះជួលដែរ អាជ្ញាធរគេហកិច្ច ក៏ត្រូវមានការផ្តល់ជូននូវការកែសម្រួលសមហេតុផល ដើម្បីផ្តល់ឲ្យជនដែលមានពិការភាពជាប់ខ្លួន នូវឱកាសស្មើភាពគ្នាចំពោះកម្មវិធីផ្នែកទី ៨ ។ ឧទាហរណ៍ មានជាអាទិ៍ ៖
- បទដ្ឋានការបង់ប្រាក់ថ្លៃខ្ពស់ជាង – បទដ្ឋានការបង់ប្រាក់ ដែលតំណាងឲ្យតម្លៃភាគច្រើនដែលអាជ្ញាធរគេហកិច្ច អាចបង់បាន ដើម្បីជួយចេញថ្លៃជួលផ្ទះដល់គ្រួសារទាំងនោះ ។ អាជ្ញាធរគេហកិច្ច គឺជាអ្នកកំណត់បទដ្ឋានការចំណាយសម្រាប់ទំហំបន្ទប់ជួលនីមួយៗ ហើយជាទូទៅ បទដ្ឋានការចំណាយលើថ្លៃជួលទាំងអស់គឺស្ថិតក្នុងរវាង 90% ទៅ 110% នៃអត្រាតម្លៃទីផ្សារ (FMR, Fair Market Rate) តាមទីកន្លែងនីមួយៗ ទៅតាមទំហំបន្ទប់ជួល ។ អាជ្ញាធរគេហកិច្ច អាចអនុម័តចំពោះបទដ្ឋានការបង់ប្រាក់ខ្ពស់ ជាផ្នែកមួយនៃការសម្រួលសមហេតុផល តែការផ្តល់ជូននេះ គឺមិនលើសពី 120% នៃ FMR ឡើយ ។ អាជ្ញាធរគេហកិច្ច អាចបង្កើតបទដ្ឋានការបង់ប្រាក់ ដែលខ្ពស់ជាង 120% នៃ FMR ជាផ្នែកមួយនៃការសម្រួលសមរម្យ តែអាចធ្វើឡើងបាន តែក្នុងករណីដែលបានទទួលការអនុម័តិជាមុនពី HUD តែប៉ុណ្ណោះ។
- បទដ្ឋានផ្តល់ប្រាក់ជំនួយខ្ពស់ និងការរស់នៅជាមួយមនុស្សចាស់ ឬជនមានពិការភាព – បទដ្ឋានការផ្តល់ប្រាក់ជំនួយ គឺជាបទដ្ឋានមួយ ដែលប្រាក់ជំនួយត្រូវបានផ្តល់ជូនដោយអាជ្ញាធរគេហកិច្ច ដើម្បីកំណត់រកអំពីចំនួនបន្ទប់ដេកសមរម្យ សម្រាប់គ្រួសារដែលមានចំនួនសមាជិក និងសមាសភាពរបស់គ្រួសារខុសៗគ្នា ។ អាជ្ញាធរគេហកិច្ច ត្រូវអនុម័តិបទដ្ឋានការផ្តល់ប្រាក់ជំនួយខ្ពស់ បើចាំបាច់ចំពោះការសម្រួលសមរម្យមួយ ។ ត្រង់នេះ អាចជាការសម្រួលចំពោះគ្រួសារដែលមានមនុស្សចាស់ ឬជនមានពិការភាព ដើម្បីផ្តល់ជូនបន្ទប់បន្ថែមដែលចាំបាច់ សម្រាប់ដាក់ឧបករណ៍ពេទ្យ ឬក៏សម្រាប់ហេតុផលផ្សេងទៀតដែលពាក់ព័ន្ធ នឹងពិការភាព ។
- ប្រាក់ឧបត្ថម្ភខ្ពស់លើថ្លៃយូធីលិធី – ក្នុងករណីដែលអ្នកជួល ជាអ្នកចេញថ្លៃយូធីលិធី ដោយខ្លួនឯង អាជ្ញាធរគេហកិច្ច អាចផ្តល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃយូធីលិធី សម្រាប់ចេញការចំណាយការប្រើប្រាស់យូធីលិធីដែលសមរម្យ ។ អាជ្ញាធរគេហកិច្ច ត្រូវអនុម័តិប្រាក់ឧបត្ថម្ភច្រើនជាងធម្មតា សម្រាប់ចេញថ្លៃយូធីលិធី បើចំាបាច់ សម្រាប់ការសម្រួលដែលសមរម្យ សម្រាប់អ្នកជួល ដែលប្រើឧបករណ៍ ដែលពាក់ព័ន្ធនឹងពិការភាព ដែលនាំឲ្យថ្លៃយូធីលិធីរបស់ពួកគេមានចំនួនច្រើន ។
- ពេលស្វែងរកយូរ – លក្ខ័ណ្ឌដំបូងនៃបង្កាន់ដៃបង់ប្រាក់ផ្នែកទី ៨ គឺយ៉ាងហោចណាស់មានរយៈពេលហុកសិបថ្ងៃ (60) តាមប្រតិទិន ។ ត្រង់នេះ គឺមានន័យថា បុគ្គលនោះ ជាទូទៅ ត្រូវតែរកកន្លែងជួលស្នាក់នៅឲ្យបានក្នុងរវាង 60 ថ្ងៃ គិតចាប់ពីថ្ងៃដែលខ្លួនទទួលបានបង្កាន់ដៃបង់ប្រាក់ ។ អាជ្ញាធរគេហកិច្ច ត្រូវបន្លាយពេលលក្ខ័ណ្ឌរបស់បង្កាន់ដៃបង់ប្រាក់ បើជាការចាំបាច់ ដើម្បីជាការសម្រួលសមហេតុផល ។
- ការបញ្ចូលឈ្មោះក្នុងបញ្ជីរង់ចាំសារឡើងវិញ - អាជ្ញាធរគេហកិច្ច អាចលុបឈ្មោះអ្នកដាក់ពាក្យសុំបង្កាន់ដៃបង់ប្រាក់ពីបញ្ជីរង់ចាំ បើពួកគេមិនបានឆ្លើយតបចំពោះការស្នើសុំព័ត៌មាន ឬការធ្វើបច្ចុប្បន្នភាពព័ត៌មាន ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដាក់ពាក្យសុំមិនបានឆ្លើយតបចំពោះសំណើសុំបែបនេះ ដោយសារតែពិការភាព អាជ្ញាធរគេហកិច្ច ត្រូវដាក់ឈ្មោះអ្នកដាក់ពាក្យសុំជំនួយទៅក្នុងបញ្ជីស្ថានភាពគ្រួសារនេះដូចមុន នៅក្នុងបញ្ជីរង់ចាំ ។
- ការជួលផ្ទះពីញាតិសន្តាន – ជាទូទៅ បទបញ្ញត្តិរបស់សហព័ន្ធ ហាមប្រាមមិនឲ្យអាជ្ញាធរគេហកិច្ច ផ្តល់ការអនុម័តិលើការជួលផ្ទះ ប្រសិនបើម្ចាស់ផ្ទះជួលនោះ ជាសាច់ញាតិជាមូយនឹងអ្នកជួល ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរគេហកិច្ច អាចអនុម័តិចំពោះ ការជួលផ្ទះពីម្ចាស់ផ្ទះប្រភេទនេះ បើជាការចាំបាច់សម្រាប់ការសម្រួលសមហេតុផល សម្រាប់អ្នកជួលដរាបណា ភាគីម្ចាស់ផ្ទះមិនរស់នៅក្នុងបន្ទប់ជួលជាមួយ អ្នកជួលទេនោះ ។
- ជំនួយក្នុងការស្វែងរកបន្ទប់ជួលដែលងាយស្រួលចេញចូល - នៅពេលដែលអាជ្ញាធរគេហកិច្ច ចេញបង្កាន់ដៃបង់ប្រាក់ទៅឲ្យគ្រួសារ ដែលមានរួមបញ្ចូលអ្នកនៅជាមួយជាជនមានពិការភាព អាជ្ញាធរត្រូវប្រគល់បញ្ជីបន្ទប់ជួលបច្ចុប្បន្នដែលងាយចេញចូលដែលអាជ្ញាធរគេហកិច្ចបានដឹង បើចាំបាច់ ឬក៏អាជ្ញាធរត្រូវជួយដល់គ្រួសារនោះ ក្នុងការស្វែងរកទីកន្លែងជួលស្នាក់នៅ ដែលងាយចេញចូល ។
ការទទួលបានការសម្រួល និងការកែតម្រូវសមហេតុផល
ទាំងនេះ គឺជាជំហានដែលអ្នកត្រូវធ្វើ ដើម្បី ទទួលបានការសម្រួល ឬការកែតម្រូវសមហេតុផល ពីអាជ្ញាធរគេហកិច្ច ឬអ្នកផ្តល់សេវាកម្មផ្ទះជួល ៖
- សូមសរសេរពាក្យស្នើសុំការសម្រួល/ការកែតម្រូវ សមហេតុផល ។ នៅក្នុងពាក្យស្នើសុំ របស់អ្នក ត្រូវរួមបញ្ចូលចំណុចដូចខាងក្រោម ៖
- អ្នកជាមនុស្សមានពិការភាពជាប់ខ្លួន (អ្នកមិនចាំបាច់រៀបរាប់អំពីប្រភេទនៃពិការភាពរបស់អ្នកឡើយ)
- ស្ថានភាពដែលពិការភាពរបស់អ្នក ប៉ះពាល់ចំពោះលទ្ធភាពរបស់អ្នកក្នុងការប្រើប្រាស់ និងរីករាយចំពោះផ្ទះ/ការទទួលបានសេវាកម្មរបស់អាជ្ញាធរគេហកិច្ច
- ការសម្រួល/ការកែតម្រូវជាក់លាក់ ដែលអ្នកត្រូវការ និង
- កាលបរិច្ឆេទដែលអ្នករំពឹងថា នឹងទទួលបានការឆ្លើយតបពីអាជ្ញាធរ ។
- បើពិការភាព និងតម្រូវការរបស់អ្នក មិនអាចបង្ហាញឲ្យឃើញច្បាស់ៗទេនោះ អ្នកត្រូវសុំលិខិតគាំទ្រពីគ្រូពេទ្យ ឬអ្នកផ្តល់ការថែទាំព្យាបាលផ្សេងទៀតរបស់អ្នក ។ នៅក្នុងលិខិតនេះ ត្រូវពន្យល់ពីមូលហេតុដែលអ្នកត្រូវការ ការសម្រួល/ការកែតម្រូវដែលបានស្នើសុំ ដោយសារតែពិការភាពរបស់អ្នក ។
- ផ្ញើពាក្យស្នើសុំជាលាយល័ក្ខណ៍អក្សរ និងលិខិតគាំទ្ររបស់អ្នក ។ សូមកុំភ្លេចរក្សាសំណៅមួយច្បាប់ជាកំណត់ត្រាព័ត៌មានរបស់អ្នក ។
លិខិតគំរូ ដើម្បីស្នើសុំការសម្រួល/ការកែតម្រូវសមហេតុផល និងលិខិតគាំទ្រគំរូ មានបង្ហាញនៅផ្នែកខាងចុងនៃសន្លឹកការពិតនេះ ។
សវនាការក្រៅផ្លូវការ
ប្រសិនបើអាជ្ញាធរគេហកិច្ច បដិសេធចំពោះពាក្យស្នើសុំរបស់អ្នក សម្រាប់ការសម្រួលសមហេតុផល អ្នកត្រូវស្នើសុំអាជ្ញាធរឲ្យរៀបចំសវនាការក្រៅផ្លូវការ ។ បើទោះបីជាបទបញ្ញត្តិរបស់សហព័ន្ធ មិនបានធានាចំពោះសិទ្ធិទទួលបានសវនាការក្រៅផ្លូវការ លើការស្នើសុំការសម្រួលសមហេតុផលក៏ដោយ ក៏អាជ្ញាធរគេហកិច្ចមួយចំនួន ដាក់បញ្ចូលសិទ្ធិទទួលបានសវនាការក្រៅផ្លូវការ ទៅក្នុងផែនការរបស់ពួកគេ ផងដែរ ។ សូមមេត្តាជ្រាបថា នីតិវិធីសម្រាប់ការស្នើសុំសវនាការក្រៅផ្លូវការ គឺមានភាពខុសគ្នា ពីអាជ្ញាធរមួយ ទៅអាជ្ញាធរមួយទៀត ។ ទោះជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរគេហកិច្ចមួយចំនួនធំ មានកំណត់កាលបរិច្ឆេទផុតកំណត់ចំពោះការស្នើសុំសវនាការក្រៅផ្លូវការ ។ សូមកុំភ្លេចអានខ្លឹមសារលិខិបដិសេធពាក្យស្នើសុំរបស់អ្នក ព្រមទាំងផែនការរដ្ឋបាលរបស់អាជ្ញាធរគេហកិច្ច ដើម្បីជាការធានាបានថា អ្នកដាក់ពាក្យស្នើសុំសវនាការក្រៅផ្លូវការ ឲ្យបានមុនកាលបរិច្ឆេទកំណត់ ។
បណ្តឹងរដ្ឋបាល
បើអ្នកជឿជាក់ថា ម្ចាស់ផ្ទះជួល ឬអាជ្ញាធរគេហកិច្ចរបស់អ្នក បានបដិសេធមិនព្រមផ្តល់ការសម្រួលសមហេតុផលឲ្យអ្នក ឬក៏ពួកគេបានប្រព្រឹត្តិរើសអើងចំពោះអ្នក ដោយសារពិការភាពរបស់អ្នក ឬពិការភាពរបស់នរណាម្នាក់ ដែលអ្នកនៅជាមួយ គឺអ្នកអាចដាក់ពាក្យបណ្តឹងរដ្ឋបាលទៅកាន់ នាយកដ្ឋានយុត្តិធម៌ការងារ និងគេហកិច្ចកាលីហ្វ័រនីញ៉ា (DFEH, Department of Fair Employment and Housing) ឬប្តឹងមកកាន់ HUD ។
អ្នកអាចដាក់ពាក្យបណ្តឹងរដ្ឋបាល មកកាន់ DFEH បានក្នុងរវាងមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទការប្រព្រឹត្តិរើសអើងដែលបានកើតឡើងក្នុងពេលថ្មីៗ បំផុត ។ ព័ត៌មានពីរបៀបដាក់ពាក្យប្តឹងមកកាន់ DFEH មាននៅឯ https://www.dfeh.ca.gov/filing-a-complaint-online/ ឬក៏ហៅទូរស័ព្ទមកកាន់លេខ (800) 884-1684 (សម្លេង) ឬលេខ (800) 700-2320 (សម្រាប់អ្នកប្រើ TTY) ។ អ្នកអាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ DFEH ដោយប្តឹងមកកាន់នាយក DFEH ឲ្យបានក្នុងរវាង 10 ថ្ងៃ នៃការសម្រេច ។
អ្នកក៏អាចដាក់ពាក្យបណ្តឹងរដ្ឋបាលមកកាន់ HUD ផងដែរ ។ បើអ្នកដាក់ពាក្យប្តឹងប្រឆាំងនឹងម្ចាស់ផ្ទះជួលឯកជន អ្នកត្រូវប្តឹងមកកាន់ HUD ឲ្យបានក្នុងរវាងមួយឆ្នាំ ។ បើអ្នកដាក់ពាក្យប្តឹងប្រឆាំងនឹងអាជ្ញាធរគេហកិច្ច អ្នកត្រូវប្តឹងមកកាន់ HUD ឲ្យបានក្នុងរវាង 180 ថ្ងៃ ។ ព័ត៌មានអំពីការដាក់ពាក្យប្តឹងមកកាន់ HUD អាចទទួលបានដោយការហៅទូរស័ព្ទមកកាន់លេខ 1-800-669-9777 ឬនៅឯ https://portal.hud.gov/hudportal/HUD?src=/topics/housing_discrimination ។
វិវាទរដ្ឋប្បវេណី
អ្នកក៏មានជម្រើសក្នុងការពង្រឹងសិទ្ធិរបស់ខ្លួន តាមរយៈបណ្តឹងផ្លូវច្បាប់ឯកជនផ្នែករដ្ឋប្បវេណីផងដែរ ។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលនៃដែនកំណត់ មានដាក់កំហិតចំពោះក្របខ័ណ្ឌពេលវេលា ចំពោះការដាក់ពាក្យបណ្តឹងផ្លូវច្បាប់ ហើយអ្នកអាចមានសក្តានុពលក្នុងការបាត់បង់សិទ្ធិដាក់ពាក្យប្តឹង បើអ្នកមិនរៀបចំប្តឹងឲ្យបានទៅតាមក្របខ័ណ្ឌពេលវេលាដូចបានបញ្ជាក់ទេនោះ ។ កាលបរិច្ឆេទផុតកំណត់ទាំងអស់នេះ អាចខ្លីត្រឹមពីរឆ្នាំគិតចាប់ពីថ្ងៃដែលការប្រព្រឹត្តរើសអើងបានកើតឡើង ។
បើអ្នកមានបំណងប្តឹងអាជ្ញាធរគេហកិច្ច អ្នកត្រូវដឹងអំពីច្បាប់ទាមទារការខូចខាតពីអាជ្ញាធរ របស់រដ្ឋាភិបាល (Government Tort Claims Act) ដែលបញ្ជាក់ថា ការប្តឹងទាមទារសំណងតូចតាចពីរដ្ឋាភិបាល ត្រូវតែដាក់ប្តឹងឲ្យបានក្នុងរវាងប្រាំមួយខែ គិតចាប់ពីហេតុការណ៍ប្រព្រឹត្តិរើសអើងបានកើត មុនការប្តឹងតាមផ្លូវច្បាប់ទាមទារសំណងខូចខាតជាប្រាក់ ប្រឆាំងនឹងអង្គភាពរដ្ឋបាលរដ្ឋ ឬអង្គភាពរដ្ឋបាលមូលដ្ឋាន ។ ព័ត៌មានបន្ថែមអំពីការការប្តឹងទាមទារការខូចខាតពីអាជ្ញាធរ មាននៅឯ ៖ បណ្តឹងទាមទារការខូចខាតពីអាជ្ញាធរ --ការដាក់ពាក្យប្តឹងប្រឆាំងនឹងអង្គភាពរដ្ឋក្រោមច្បាប់ទាមទារការខូចខាតរបស់រដ្ឋកាលីហ្វ័នីញ៉ា (California Tort Claims Act) ។ សូមមេត្តាជ្រាបថា វ៉ិបសៃត៍នេះ បានភ្ជាប់ទៅកាន់ទម្រង់ដើម្បីប្តឹងប្រឆាំងចំពោះរដ្ឋ ឬទីភ្នាក់ងាររដ្ឋ ឬបុគ្គលិករដ្ឋ ដែលអាចមិនត្រូវ សម្រាប់សំណុំរឿងរបស់អ្នក ។
បើអ្នកស្វែងរកសំណងការខូចខាតដែលមានបរិមាណជាទឹកប្រាក់តិចជាង $10,000 អ្នកអាចដាក់ពាក្យបណ្តឹងអំពីការប្រព្រឹត្តិរើសអើងរបស់អ្នក មកកាន់តុលាការទទួលបណ្តឹងលើសំណងតូចតាច (Small Claims Court) ។ អាជ្ញាយុកាលនៃថ្ងៃផុតកំណត់ចំពោះការដាក់ពាក្យប្តឹង គឺដូចគ្នាទៅនឹងអ្វីដែលបានបង្ហាញពីខាងលើរួចមកហើយ ។ អ្នកមិនអាចមានមេធាវីឡើយ បើអ្នកសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការទទួលបណ្តឹងលើសំណងតូចតាច (Small Claims Court)។ សម្រាប់ព័ត៌មានបន្ថែម សូមអានអត្ថបទរបស់អង្គការ Disability Rights California ស្តីអំពី គោលការណែនាំចំពោះតុលាការទទួលបណ្តឹងលើសំណងតូចតាច (A Guide to Small Claims Court) ៖ របៀបប្តឹង បើអង្គភាពជួលផ្ទះ ឬម្ចាស់ផ្ទះជួលឯកជន ប្រព្រឹត្តិរើសអើងចំពោះអ្នក ដោយសារតែពិការភាពរបស់អ្នក នៅឯ ៖ https://www.disabilityrightsca.org/publications/a-guide-to-small-claims… ។
ធនធានផ្សេងទៀត
សម្រាប់ព័ត៌មានបន្ថែម អំពីការប្រព្រឹត្តិរើសអើងចំពោះគេហកិច្ចដោយសារពិការភាព កម្មវិធីជម្រើសបង្កាន់ដៃបង់ប្រាក់ជួលផ្ទះ (Housing Choice Voucher Program) ព្រមទាំងសិទ្ធិរបស់អ្នក ក្នុងការស្នើសុំការសម្រួល និងការកែតម្រូវសមហេតុផល សូមអានអត្ថបទបោះពុម្ពផ្សាយ និងលិខិតគំរូខាងក្រោម ៖
- អង្គការ Disability Rights California បានបោះពុម្ពផ្សាយស៊េរីនៃសន្លឹកការពិត អំពីសិទ្ធិរបស់អ្នកមានពិការភាពជាប់ខ្លួន ចំពោះគេហកិច្ច ដែលមាននៅទីនេះ ៖ https://www.disabilityrightsca.org/publications/housing
- ជំនួយបច្ចេកទេសរួម (Technical Assistance Collaborative) ផ្នែកទី៨ ធ្វើឲ្យងាយស្រួល (Section 8 Made Simple) មាននៅឯ ៖ http://www.tacinc.org/knowledge-resources/publications/e-books/section-…
- មជ្ឈមណ្ឌល Bazelon ដើម្បីច្បាប់សុខភាពផ្លូវចិត្ត (Bazelon Center for Mental Health Law) តើរយុត្តិធម៌គេហកិច្ច មានន័យដូចម្តេចចំពោះជនមានពិការភាព (What Fair Housing Means for People with Disabilities) មាននៅឯ ៖ http://www.bazelon.org/wp-content/uploads/2018/05/Fair-Housing-Guide_20…
- សេចក្តីថ្លែងការណ៍រួមគ្នារវាង នាយកដ្ឋានគេហកិច្ច និងការអភិវឌ្ឈន៍ទីក្រុង និងក្រសួងយុត្តិធម៌ (Joint Statement of the Department of Housing and Urban Development and the Department of Justice) ការសម្រួលសមហេតុផលក្រោមច្បាប់យុត្តិធម៌គេហកិច្ច (Reasonable Accommodations Under the Fair Housing Act), មាននៅឯ ៖ https://www.hud.gov/sites/documents/DOC_7771.PDF
- សេចក្តីថ្លែងការណ៍រួមគ្នារវាង នាយកដ្ឋានគេហកិច្ច និងការអភិវឌ្ឈន៍ទីក្រុង និងក្រសួងយុត្តិធម៌ (Joint Statement of the Department of Housing and Urban Development and the Department of Justice) ការកែតម្រូវសមហេតុផលក្រោមច្បាប់យុត្តិធម៌គេហកិច្ច (Reasonable Modifications Under the Fair Housing Act) មាននៅឯ ៖ https://www.hud.gov/sites/documents/DOC_7502.PDF
- សេចក្តីថ្លែងការណ៍រួមគ្នារវាង នាយកដ្ឋានគេហកិច្ច និងការអភិវឌ្ឈន៍ទីក្រុង និងក្រសួងយុត្តិធម៌ (Joint Statement of the Department of Housing and Urban Development and the Department of Justice) ភាពតម្រូវចំពោះការចេញចូលបានស្រួល (Accessibility) (ការរចនា និងការសងសង់ - Design and Construction) សម្រាប់ ការរស់នៅរួមគ្នាច្រើនគ្រួសារ ក្រោមច្បាប់យុត្តិធម៌គេហកិច្ច (Requirements for Covered Multifamily Dwellings Under the Fair Housing Act) មាននៅឯ ៖ https://www.ada.gov/doj_hud_statement.pdf
លិខិតគំរូ ផ្ញើជូនអង្គភាពផ្តល់សេវាកម្មផ្ទះជួល ដើម្បីស្នើសុំការកែសម្រួល ឬការកែតម្រូវសមហេតុផល
[កាលបរិច្ឆេទ]
ជូនចំពោះ [ម្ចាស់ផ្ទះ អាជ្ញាធរគេហកិច្ច សមាគមម្ចាស់ផ្ទះ]
ខ្ញុំបាទ/នាងខ្ញុំ សរសេរលិខិតនេះ ដើម្បីស្នើសុំឲ្យមានការកែសម្រួល/ការកែតម្រូវសមហេតុផល ចំពោះពិការភាពរបស់ខ្ញុំ ។
ខ្ញុំបាទ/នាងខ្ញុំ រស់នៅឯ/កំពុងដាក់ពាក្យជួលផ្ទះរបស់លោក លោកស្រី នៅឯអាសយដ្ឋាន [អាសយដ្ឋាន] ។ ដោយសារតែបញ្ហាពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ធ្វើឲ្យខ្ញុំបាទ/នាងខ្ញុំ ត្រូវការការកែសម្រួលមួយចំនួនដូចខាងក្រោម ៖ [សរសេររាយមុខការកែសម្រួល/ការកែតម្រូវ] ។
គ្រូពេទ្យ/ពេទ្យឆ្កួត/ពេទ្យចិត្តសាស្រ្ត/ពេទ្យព្យាបាលដោយចលនា/បុគ្គលិកសង្កមកិច្ច/ពេទ្យវាយតម្លៃពិការភាព/បុគ្គលផ្សេងទៀត [សូមរៀបរាប់] របស់ខ្ញុំបាទ/នាងខ្ញុំ បានកំណត់ឃើញថា ការកែសម្រួល/ការាកែតម្រូវនេះ ពិតជាមានសារៈសំខាន់ចំពោះពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ។ សូមមេត្តាពិនិត្យមើលលិខិតភ្ជាប់របស់ [ឈ្មោះគ្រូពេទ្យ ឬអ្នកឯកទេសផ្សេងទៀត] ។
ច្បាប់សហពន្ធ និងច្បាប់រដ្ឋ តម្រូវឲ្យអ្នកផ្តល់សេវាកម្មផ្ទះជួល ធ្វើការសម្រួលសមហេតុផលដល់អ្នកជួល/អ្នករស់នៅក្នុងផ្ទះជួល និងអ្នករកផ្ទះជួល ដែលជាជនពិការ ។ សូមមេត្តាជួយឆ្លើយតបចំពោះការស្នើសុំនេះឲ្យបានត្រឹមថ្ងៃទី [កាលបរិច្ឆេទ] ។ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់ខ្ញុំបាទ/នាងខ្ញុំ តាម [លេខទូរស័ព្ទរបស់អ្នក និង/ឬអាសយដ្ឋានអ៊ីម៉េល] បើលោកអ្នកមានសំណួរអ្វីមួយ ។ សូមអរគុណ ។
ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតផ្ទៀងផ្ទាត់
[កាលបរិច្ឆេទ]
ជូនចំពោះ [ម្ចាស់ផ្ទះ អាជ្ញាធរគេហកិច្ច និងសមាគមន៍ម្ចាស់ផ្ទះ] ៖
ខ្ញុំជាគ្រូពេទ្យ/ពេទ្យវិកលចរិក/អ្នកឯកទេសចិត្តសាស្រ្ត/អ្នកធ្វើការសង្គមកិច្ច/អ្នកឯកទេសព្យាបាលពិការភាពរាងកាយ ដល់ [ឈ្មោះរបស់អ្នក] ហើយខ្ញុំមានការដឹងច្បាស់ពីស្ថានភាពជំងឺរបស់គាត់ ។ បុគ្គលនេះ មានពិការភាពធ្វើឲ្យសមត្ថភាពសកម្មភាពរបស់គាត់ ត្រូវមានដែណកំណត់ ។ ដែនកំណត់នេះ មានរួមបញ្ចូលនូវ [រាយមុខដែនកំណត់មុខងាររាងកាយដែលតម្រូវឲ្យមានការស្នើសុំការកែសម្រួល] ។
[ការកែសម្រួលដែលបានស្នើសុំ] គឺមានភាពចំាបាច់សម្រាប់ [ឈ្មោះ] ដើម្បីឲ្យគាត់អាចរស់នៅក្នុងសហគមន៍ ព្រមទាំងប្រើ និងរីករាយការរស់នៅរបស់គាត់ ដោយការ [រៀបរាប់ពីប្រយោជន៍ចំពោះការកែសម្រួលមកលើបុគ្គលនេះ] ។
សូមថ្លែងអំណរគុណចំពោះការផ្តល់ការកែសម្រួលសមរម្យសម្រាប់ [ឈ្មោះ] ។
ដោយក្តីគោរពដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ
[ឈ្មោះ និងមុខតំណែង]
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.