ប័ណ្ណព័ត៌មានស្តីពីការរើសអើងលើពិការភាព៖ សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ

ប័ណ្ណព័ត៌មានស្តីពីការរើសអើងលើពិការភាព៖ សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គឺជាសេវាដឹកជញ្ជូនសាធារណៈមួយសម្រាប់បុគ្គលដែលមានពិការភាព ដែលមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបាន។
សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គឺជាសេវាដឹកជញ្ជូនសាធារណៈមួយសម្រាប់បុគ្គលដែលមានពិការភាព ដែលមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបាន។ ភ្នាក់ងារសេវាដឹកជញ្ជូនសាធារណៈ ត្រូវបានតម្រូវដោយច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA) ឲ្យផ្តល់ជូននូវសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។
ភ្នាក់ងារដឹកជញ្ជូន ត្រូវផ្តល់ជូននូវសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការក្នុងរយៈចម្ងាយ 3/4 ម៉ាយនៃផ្លូវរត់របស់រថយន្តក្រុង ឬស្ថានីយផ្លូវដែកណាមួយ។ សេវានេះ ត្រូវមានផ្តល់ជូនក្នុងថ្ងៃដូចគ្នា និងក្នុងម៉ោងដូចគ្នាទៅនឹងសេវាដឹកជញ្ជូនធម្មតាដែរ។ គេអាចគិតប្រាក់បន្ថែមពីអ្នកសម្រាប់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ ប៉ុន្តែថ្លៃធ្វើដំណើរនេះមិនអាចថ្លៃជាងមួយគុណនឹងពីរនៃថ្លៃធ្វើដំណើរធម្មតានោះទេ។
សិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
អ្នកមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ប្រសិនបើអ្នកមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានដោយសារបញ្ហាពិការភាពរបស់អ្នក។ ដើម្បីកំណត់ថាតើអ្នកអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបានដែរឬអត់នោះ ភ្នាក់ងារដឹកជញ្ជូន ត្រូវធ្វើការពិចារណាលើកត្តាមួយចំនួន។ កត្តាទាំងអស់នោះរួមមាន ពិការភាពមិនអាចដើរបាន ឬប្រើរទេះរុញទៅមកពីចំណតដឹកជញ្ជូន សមត្ថភាពនៃការចូលនិងចេញពីស្ថានីយ សមត្ថភាពក្នុងការផ្តល់សញ្ញាដើម្បីឈប់ និងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការមិនបានព្រៀងទុកណាមួយ។ The Disability Rights Education & Defense Fund (មូលនិធិការពារនិងអប់រំសិទ្ធិជនពិការ) មានព័ត៌មានបន្ថែមអំពីបញ្ហានេះ៖ https://dredf.org/ADAtg/elig.shtml#appendix1
ការស្នើសុំសេវាកម្ម
ទាក់ទងទៅភ្នាក់ងារដឹកជញ្ជូនក្នុងមូលដ្ឋានរបស់អ្នក ដើម្បីស្នើសុំការប្រើប្រាស់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនៅក្នុងមូលដ្ឋានរបស់អ្នក។ ទីភ្នាក់ងារនីមួយៗ មានទំនួលខុសត្រូវក្នុងការបង្កើតដំណើរការត្រួតពិនិត្យផ្ទាល់ខ្លួន ដូចនេះ លក្ខខណ្ឌតម្រូវនានាអាចមានការខុសគ្នាក្នុងពីភ្នាក់ងារដឹកជញ្ជូនមួយទៅភ្នាក់ងារដឹកជញ្ជូនមួយទៀត។ ទីភ្នាក់ងារសេវាដឹកជញ្ជូនភាគច្រើន មានគេហទំព័រមួយដែលមានទម្រង់ពាក្យស្នើសុំដែលអ្នកអាចបំពេញនិងប្រគល់ជូនតាមប្រព័ន្ធអនឡាញបាន។ អ្នកក៏អាចប្រគល់លិខិតមួយច្បាប់ទៅកាន់ភ្នាក់ងារនោះដើម្បីធ្វើការស្នើសុំសេវាបានផងដែរ។ លិខិតគំរូ ត្រូវបានបញ្ចូលនៅខាងចុងនៃប័ណ្ណព័ត៌មាននេះ។ ភ្នាក់ងារដឹកជញ្ជូន មិនត្រូវគិតប្រាក់ពីអ្នកនោះទេ សម្រាប់ការស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។
ភ្នាក់ងារដឹកជញ្ជូន អាចស្នើសុំឲ្យអ្នកផ្តល់អំណះអំណាងគាំទ្រលើសំណើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការរបស់អ្នក ជាមួយនឹងលិខិតមួយច្បាប់ពីវេជ្ជ បណ្ឌិតរបស់អ្នក។ ភ្នាក់ងារនេះ ក៏អាចស្នើសុំឲ្យអ្នកចូលរួមក្នុងការសម្ភាសដោយផ្ទាល់ ឬធ្វើការវាយតម្លៃដើម្បីកំណត់ថាតើអ្នកមានសិទ្ធិទទួលបានសេវានេះដែរឬទេ។
ភ្នាក់ងារដឹកជញ្ជូន ត្រូវឆ្លើយតបទៅនឹងពាក្យស្នើសុំរបស់អ្នកនៅក្នុងរយៈពេល 21 ថ្ងៃ។ ប្រសិនបើភ្នាក់ងារនោះ ពុំបានឆ្លើយតបឲ្យបានទាន់ពេលវេលាទេ ភ្នាក់ងារនោះត្រូវចាប់ផ្តើមសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។ គេអាចត្រូវបានបញ្ឈប់ផ្តល់សេវានានាបាន ប្រសិនបើចុងក្រោយពាក្យស្នើសុំរបស់អ្នកត្រូវបានគេបដិសេធចោល។ ភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ត្រូវបញ្ជាក់ពីមូលហេតុជាក់លាក់ឲ្យអ្នកបានជ្រាប សម្រាប់ការបដិសេធពាក្យស្នើសុំរបស់អ្នកនេះ។
ប្រសិនបើពាក្យស្នើសុំរបស់អ្នកទទួលបានការយល់ព្រម នោះភ្នាក់ងារសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គប្បីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នក ដោយរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
- ឈ្មោះរបស់អ្នក
- ឈ្មោះរបស់អ្នកផ្តល់សេវាដឹកជញ្ជូន
- លេខទូរសព្ទសម្រាប់អ្នកសម្របសម្រួលសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
- កាលបរិច្ឆេទផុតកំណត់នៃសិទ្ធិទទួលបានសេវា (ជាទូទៅមានរយៈពេលពីមួយឆ្នាំទៅបីឆ្នាំ ហើយអ្នកអាចដាក់ពាក្យសុំបន្តសេវារបស់អ្នកបានបន្ទាប់ពីរយៈពេលផុតកំណត់នោះ) និង
- លក្ខខណ្ឌ ឬដែនកំណត់ណាមួយលើសិទ្ធិទទួលបានរបស់អ្នក។ ឧទាហរណ៍ អ្នកអាចមានសិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការសម្រាប់ផ្លូវចរាចរណ៍ណាមួយ ប៉ុន្តែមិនទទួលបានសម្រាប់ផ្លូវដទៃទៀត។
ការកំណត់ពេលសេវាកម្ម
នៅពេលណាដែលមានការឯកភាព អ្នកអាចកំណត់ពេលវេលាធ្វើដំណើរបាន ដោយអនុវត្តតាមដំណើរការនៃការកំណត់ពេលរបស់ភ្នាក់ងារដឹកជញ្ជូនរបស់អ្នក។ ភ្នាក់ងារដឹកជញ្ជូន ត្រូវបានតម្រូវឲ្យផ្តល់សេវានៅថ្ងៃបន្ទាប់ និងត្រូវយល់ព្រមក្នុងការទៅយកអ្នកក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីពេលដែលអ្នកបានធ្វើការស្នើសុំ។
ភ្នាក់ងារដឹកជញ្ជូនត្រូវអនុញ្ញាតឲ្យអ្នកធ្វើដំណើរជាមួយអ្នកថែទាំផ្ទាល់ខ្លួនម្នាក់។ អ្នកថែទាំផ្ទាល់ខ្លួន គឺជាបុគ្គលណាម្នាក់ដែលជួយអ្នកធ្វើកិច្ចការមួយចំនួនក្នុងអំឡុងពេលជិះរថយន្ត និងនៅកន្លែងគោលដៅ។ ភ្នាក់ងារដឹកជញ្ជូន អាចមិនគិតថ្លៃធ្វើដំណើរសម្រាប់អ្នកថែទាំផ្ទាល់ខ្លួនរបស់អ្នកនោះទេ។ ប្រសិនបើអ្នកត្រូវការអ្នកថែទាំណាម្នាក់ ឬជឿជាក់ថាពេលខ្លះអ្នកអាចត្រូវការអ្នកថែទាំម្នាក់នៅក្បែរ ដូចនេះ អ្នកគប្បីបញ្ចូលព័ត៌មាននោះទៅក្នុងពាក្យស្នើសុំរបស់អ្នក។
ភ្នាក់ងារដឹកជញ្ជូន ក៏ត្រូវអនុញ្ញាតឲ្យអ្នកមានអ្នកអមដំណើរជាមួយអ្នកយ៉ាងតិចម្នាក់ផងដែរ។ អ្នកអមដំណើរ គឺជាបុគ្គលណាម្នាក់ដែលនឹងត្រូវធ្វើដំណើរជាមួយអ្នកដើម្បីអមដំណើរអ្នក ឬធ្វើជាមិត្តភក្តិរបស់អ្នក។ អ្នកថែទាំអ្នក មិនត្រូវបានរាប់បញ្ចូលថាជាអ្នកអមដំណើរនោះទេ។ ភ្នាក់ងារដឹកជញ្ជូន មានសិទ្ធិក្នុងការគិតថ្លៃធ្វើដំណើរលើអ្នកអមដំណើររបស់អ្នក ប៉ុន្តែថ្លៃធ្វើដំណើរនោះ មិនអាចថ្លៃជាងគុណនឹងពីរនៃថ្លៃសេវាធ្វើដំណើរធម្មតានោះទេ។
ការបដិសេធ និងការបាត់បង់សេវាកម្ម
អ្នកក៏អាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍សម្រាប់ការបដិសេធលើសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះបានផងដែរ។ បណ្តឹងឧទ្ធរណ៍ត្រូវទទួលបានក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីការបដិសេធលើការស្នើសុំរបស់អ្នក។ ភ្នាក់ងារខ្លះ អាចផ្តល់ពេលវេលាបន្ថែមដល់អ្នកសម្រាប់ដាក់បណ្តឹងឧទ្ធរណ៍នេះ។ អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរក៏បាន។
ភ្នាក់ងារដឹកជញ្ជូន មានពេល 30 ថ្ងៃ ដើម្បីធ្វើការឆ្លើយតបនឹងបណ្តឹងឧទ្ធរណ៍របស់អ្នក។ ការឆ្លើយតបត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ប្រសិនបើភ្នាក់ងារនោះ ពុំបានឆ្លើយតបឲ្យបានទាន់ពេលវេលាទេ ភ្នាក់ងារនោះ ត្រូវផ្តល់ជូននូវសេវាកម្មតែម្តង លើកលែងតែ និងទាល់តែខ្លួនបដិសេធលើបណ្តឹងឧទ្ធរណ៍នោះ។
ភ្នាក់ងារដឹកជញ្ជូន អាចបញ្ឈប់ ឬពន្យារពេលសេវាកម្មរបស់អ្នកបាន ប្រសិនបើអ្នកពាក់ព័ន្ធនឹងអំពើហឹង្សា ការបង្កការរំខានធ្ងន់ធ្ងរ ឬសកម្មភាពខុសច្បាប់ ឬប្រសិនបើអ្នកមានទម្រង់នៃការខកខានការធ្វើដំណើរដែលបានកំណត់ពេលវេលារួចជាញឹកញាប់។ គ្រោះថ្នាក់ ឬឧបទ្ទវហេតុមួយលើក មិនចាត់ទុកជាទម្រង់នៃការខកខាននេះទេ។ មានតែសកម្មភាពដោយចេតនា ដដែលៗ ឬជាប្រចាំប៉ុណ្ណោះ ដែលគប្បីត្រូវចាត់ទុកជាទម្រង់នៃការខកខានការធ្វើដំណើរនេះ។
ភ្នាក់ងារដឹកជញ្ជូន ត្រូវជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរ ថាតើខ្លួនមានគម្រោងក្នុងការបញ្ឈប់ឬពន្យារពេលសេវាកម្មដែរឬទេ។ ការជូនដំណឹងនេះ ត្រូវបញ្ជាក់ពីសេវាជាក់លាក់ណាមួយដែលពួកគេគ្រោងនឹងធ្វើការពន្យារពេល និងត្រូវបញ្ជាក់ពីមូលហេតុនៃការពន្យារពេលនេះ។ ការជូនដំណឹងនេះ ក៏ត្រូវផ្តល់ជូននូវកាលបរិច្ឆេទដែលសេវាកម្មនោះនឹងត្រូវបន្តវិញផងដែរ។ ភ្នាក់ងារដឹកជញ្ជូន គប្បីផ្តល់ឱកាសដល់អ្នកក្នុងការដាក់បណ្តឹងឧទ្ធរណ៍លើការពន្យារពេលនោះផងដែរ។ សេវាកម្ម គប្បីត្រូវបន្តផ្តល់ជូនក្នុងអំឡុងដំណើរការនៃបណ្តឹងឧទ្ធរណ៍នេះ។
ភ្នាក់ងារដឹកជញ្ជូន អាចតម្រូវឲ្យមានការបញ្ចាក់ជាថ្មីចំពោះសិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។ អ្នកអាចបាត់បង់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ប្រសិនបើភ្នាក់ងារកំណត់ថា អ្នកលែងមានសិទ្ធិទទួលបានសេវាកម្មនេះទៀត។
ធនធានបន្ថែម
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ លក្ខខណ្ឌវិនិច្ឆ័យនៃសិទ្ធិទទួលបានសេវា និងការដាក់ពាក្យសុំនៅទីនេះ៖
- គេហទំព័ររបស់ Federal Transit Administration (រដ្ឋបាលសេវាដឹកជញ្ជូនរបស់សហព័ន្ធ)៖
- សារាចរណែនាំរបស់ FTA ស្តីពីគោលការណ៍ណែនាំរបស់ ADA សម្រាប់ភ្នាក់ងារដឹកជញ្ជូន៖ https://www.transit.dot.gov/sites/fta.dot.gov/files/docs/Final_FTA_ADA_…
- គេហទំព័រ Disability Rights Education & Defense Fund (មូលនិធិការពារនិងអប់រំសិទ្ធិជនពិការ)៖
- ឯកសារបោះពុម្ពផ្សាយស្តីពីសិទ្ធិទទួលបានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការរបស់ ADA៖ https://dredf.org/news/publications/ada-paratransit-eligibility/
- មគ្គទេសក៍ណែនាំអំពីប្រធានបទទាក់ទងនឹងសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការរបស់ ADA៖ https://dredf.org/ADAtg/elig.shtml
បណ្តឹងរដ្ឋបាល
ការិយាល័យសិទ្ធិពលរដ្ឋរបស់រដ្ឋបាលសេវាដឹកជញ្ជូនរបស់សហព័ន្ធ (Federal Transit Administration, FTA) មានទំនួលខុសត្រូវលើការត្រួតពិនិត្យតាមការអនុវត្តបទប្បញ្ញត្តិសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការរបស់សហព័ន្ធនេះ។ ប្រសិនបើអ្នកជឿជាក់ថា ទីភ្នាក់ងារដឹកជញ្ជូនរបស់អ្នក ពុំបានអនុវត្តតាមបទប្បញ្ញត្តិទាំងនេះ បានបដិសេធដោយពុំត្រឹមត្រូវលើសេវាកម្មរបស់អ្នក ឬមិនបានផ្តល់ឱកាសដល់អ្នកក្នុងការប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់ខ្លួន អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់ FTA បាន។ FTA នឹងធ្វើការស៊ើបអង្កេតលើពាក្យបណ្តឹងនានា និងពិនិត្យមើលក្រែងមានការបំពានច្បាប់ ADA ណាមួយដោយទីភ្នាក់ងារដឹកជញ្ជូន។ បន្ទាប់មក FTA នឹងជូនដំណឹងដល់អ្នកអំពីការរំលោភបំពានច្បាប់ទាំងនេះ និងកំណត់នូវកាលបរិច្ឆេទផុតកំណត់សម្រាប់ទីភ្នាក់ងារនោះធ្វើការដោះស្រាយបញ្ហា។
ពាក្យបណ្តឹង FTA៖
Federal Transit Administration
Office of Civil Rights
Attention: Complaint Team
East Building, 5th Floor – TCR
1200 New Jersey Avenue, SE
Washington, DC 20590
ទម្រង់បែបបទពាក្យបណ្តឹង៖
https://www.transit.dot.gov/regulations-and-guidance/civil-rights-ada/f…
ទូរសព្ទ៖ 1-888-446-4511
នាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នា (Department of Fair Employment and Housing, DFEH) ពង្រឹងការអនុវត្តច្បាប់ស្តីពីសិទ្ធិពលរដ្ឋរបស់រដ្ឋ។ ការរំលោភបំពានណាមួយទៅលើច្បាប់ ADA ក៏ជាការរំលោភទៅលើច្បាប់រដ្ឋផងដែរ។ ប្រសិនបើអ្នកជឿជាក់ថា ទីភ្នាក់ងារដឹកជញ្ជូនបានរើសអើងមកលើអ្នក អ្នកក៏អាចដាក់ពាក្យបណ្តឹងជាមួយ DFEH បានផងដែរ។ ពាក្យបណ្តឹងទៅកាន់ DFEH ត្រូវតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីមានសកម្មភាពរើសអើងនេះ។ អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់ DFEH ទៅកាន់នាយក DFEH ក្នុងរយៈពេល 10 ថ្ងៃក្រោយចេញសេចក្តីសម្រេចនោះ។ សូមមើល 2 C.C.R. ផ្នែកទី 10033.
បណ្តឹងទៅកាន់ DFEH៖
ការដាក់ពក្យបណ្តឹងតាមប្រព័ន្ធអនឡាញ៖ https://www.dfeh.ca.gov/filing-a-complaint-online/
ទូរសព្ទ៖ (800) 884-1684
TTY៖ (800) 700-2320
សំបុត្រប្រៃសណីយ៍៖ សូមទូរសព្ទទៅកាន់លេខ (800) 884-1684 និងស្នើសុំទម្រង់ពាក្យបណ្តឹងដើម្បីព្រីនចេញនិងផ្ញើត្រឡប់មកវិញ។ សូមផ្តល់ពេលវេលាបន្ថែមសម្រាប់ការផ្ញើតាមប្រៃយណីយ៍ និងការដំណើរការនិតិវិធី។
បណ្តឹងវិវាទ
ការរំលោភច្បាប់ដែលបានពិភាក្សាខាងលើ ក៏អាចពង្រឹងការអនុវត្តច្បាប់តាមរយៈពាក្យបណ្តឹងផ្ទាល់ខ្លួនផងដែរ។ សូមមេត្តាជ្រាបថា អាជ្ញាយុកាល កំណត់ពេលវេលាសម្រាប់ការដាក់បណ្តឹងវិវាទនេះ ហេតុនេះ អ្នកអាចបាត់បង់ឱកាសក្នុងការទាមទារ ប្រសិនបើអ្នកពុំបានចាត់វិធានការក្នុងពេលនៃអាជ្ញាយុកាលដែលមានជាធរមាននេះ។ កាលបរិច្ឆេទទាំងនេះអាចមានរយៈពេលខ្លីត្រឹមពីរឆ្នាំរាប់ចាប់ពីកាលបរិច្ឆេទនៃសកម្មភាពរើសអើងត្រូវបានប្រព្រឹត្តិឡើង។ ប្រសិនបើអ្នកចង់បន្តដាក់បណ្តឹងវិវាទ អ្នកគប្បីប្រឹក្សាយោបល់ជាមួយមេធាវីណាម្នាក់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកស្វែងរកសំណងខូចខាតក្នុងតម្លៃជាទឹកប្រាក់តិចជាង $10,000 នោះ ជម្រើសមួយទៀតគឺត្រូវដាក់ពាក្យបណ្តឹងករណីរើសអើងទៅកាន់តុលាសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាន។ អាជ្ញាយុកាលដែលបានពិភាក្សាខាងលើនឹងត្រូវយកមកអនុវត្ត។ អ្នកមិនអាចប្រើមេធាវីបានទេក្នុងករណីអ្នកទៅប្តឹងនៅតុលាការសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាននោះ។ នេះគឺដំណភ្ជាប់ទៅកាន់ឯកសារបោះពុម្ពផ្សាយរបស់ Disability Rights California (អង្គការសិទ្ធិជនពិការរដ្ឋ កាលីហ្វញ៉ា) ដែលពន្យល់ពីដំណើរការនៃនីតិវិធីសម្រាប់បណ្តឹងតូចតាចពាក់ព័ន្ធនឹងករណីរើសអើង៖ https://www.disabilityrightsca.org/publications/a-guide-to-small-claims-court-how-to-sue-if-a-business-or-landlord-discriminates
គំរូលិខិតដើម្បីស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
[កាលបរិច្ឆេទ]
ជូនចំពោះ [ភ្នាក់ងារដឹកជញ្ជូន]៖
ខ្ញុំសរសេរលិខិតនេះដើម្បីស្នើសុំសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ ដោយសារបញ្ហា [ពិការភាព]/ របស់ខ្ញុំ។ ខ្ញុំពុំអាចប្រើប្រាស់ប្រព័ន្ធផ្លូវរត់ដែលបានកំណត់រួចស្រេចនោះទេ ដោយសារ [រៀបរាប់អំពីឧបសគ្គនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ឧ.ទា. ចំណតរថយន្តមិនអាចចេញចូលបាន]។
[គ្រូពេទ្យ / គ្រូពេទ្យផ្នែកវិកលចរិត / ចិត្តវិទូ / គ្រូពេទ្យព្យាបាលដោយចលនា / បុគ្គលិកសង្គមកិច្ច / គ្រូពេទ្យព្យាបាលសប្បទាវិជ្ជាជីវៈ / បុគ្គលដទៃផ្សេងទៀត (សូមរៀបរាប់)] របស់ខ្ញុំ បានចាត់ទុកសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះថាចាំបាច់ដោយផ្អែកលើពិការភាពរបស់ខ្ញុំ។ សូមមេត្តាពិនិត្យលិខិតដូចបានភ្ជាប់មកជាមួយពី [ឈ្មោះវេជ្ជបណ្ឌិត ឬអ្នកជំនាញ]។
ខ្ញុំចង់ប្រើសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការសម្រាប់ការធ្វើដំណើរខាងក្រោមជាប្រចាំ៖ [សរសេរបញ្ចូលនូវកាលបរិច្ឆេទ/ពេលវេលាធ្វើដំណើរ ទីតាំងទៅយក និងដាក់ចុះ]។
[ខ្ញុំនឹងត្រូវការជំនួយពីអ្នកថែទាំម្នាក់សម្រាប់ការធ្វើដំណើរ (មួយចំនួន/ទាំងអស់) ដើម្បីជួយខ្ញុំ (ក្នុងអំឡុងពេលជិះរថយន្ត/នៅកន្លែងគោលដៅរបស់ខ្ញុំ)។ (សូមរៀបរាប់ពីតម្រូវការអ្នកថែទាំ)។]
ច្បាប់របស់សហព័ន្ធនិងច្បាប់រដ្ឋតម្រូវឲ្យភ្នាក់ងារដឹកជញ្ជូនផ្តល់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការជូនដល់បុគ្គលដែលមានពិការភាពដែលមិនអាចប្រើប្រាស់ប្រព័ន្ធផ្លូវរត់ដែលកំណត់ជាស្រេចបាន។ សូមធ្វើការឆ្លើយតបទៅនឹងសំណើសុំនេះ ក្នុងរយៈពេល 21 ថ្ងៃ ទៅតាមការតម្រូវដោយច្បាប់។ សូមមេត្តាកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកខ្ញុំតាមរយៈ [លេខទូរសព្ទរបស់អ្នក និង / ឬ អ៊ីម៉ែល] ប្រសិនបើអ្នកមានជាសំណួរណាមួយនោះ។ សូមអរគុណ។
ដោយសេចក្តីគោរពអំពីខ្ញុំ
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតគាំទ្រ
[កាលបរិច្ឆេទ]
គោរពជូន [ក្រុមហ៊ុន]៖
ខ្ញុំជា [គ្រូពេទ្យ / គ្រូពេទ្យផ្នែកវិកលចរិត / អ្នកចិត្តវិទូ / គ្រូពេទ្យព្យាបាលដោយចលនា / បុគ្គលិកសង្គមកិច្ច / គ្រូពេទ្យព្យាបាលសម្បទាវិជ្ជាជីវៈ/ ផ្សេងទៀត] សម្រាប់ [ឈ្មោះ] ហើយខ្ញុំដឹងច្បាស់ពីលក្ខខណ្ឌស្ថានភាព [របស់គាត់/នាង]។ [គាត់/នាង] មានពិការភាពដែលបណ្តាលឲ្យមានបញ្ហាមិនអាចបំពេញមុខងារមួយចំនួនបាន។ បញ្ហាទាំងនេះ រួមមាន [រៀបរាប់ពីបញ្ហាមិនអាចបំពេញមុខងារបាន ដែលតម្រូវឲ្យមានសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការដែលបានស្នើសុំនេះ]។
[ឈ្មោះ] ពុំអាចប្រើប្រាស់ប្រព័ន្ធផ្លូវរត់ដែលបានកំណត់ជាស្រេចនោះទេ។ [រៀបរាប់ថាតើឧបសគ្គទាំងនោះរារាំងដល់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈយ៉ាងដូចម្តេចខ្លះ។ ប្រសិនបើត្រូវការអ្នកថែទាំណាម្នាក់ សូមរៀបរាប់អំពីតម្រូវការសម្រាប់អ្នកថែទាំនោះ]។
សូមអរគុណសម្រាប់ការផ្តល់សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះជូនដល់ [ឈ្មោះ]។
ដោយសេចក្តីគោរពអំពីខ្ញុំ
[ឈ្មោះនិងមុខតំណែង]
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.