17 គន្លឹះនៃការតស៊ូមតិសម្រាប់ការអប់រំពិសេស
17 គន្លឹះនៃការតស៊ូមតិសម្រាប់ការអប់រំពិសេស
ឯកសារនេះ នឹងផ្ដល់នូវគន្លឹះសម្រាប់អ្នក នៅមុនពេល អំឡុងពេល និងក្រោយពេលកិច្ចប្រជុំ IEP ដើម្បីជួយដល់អ្នកក្នុងការតស៊ូមតិសម្រាប់កូនរបស់អ្នក។
ឯកសារនេះ នឹងផ្ដល់នូវគន្លឹះសម្រាប់អ្នក នៅមុនពេល អំឡុងពេល និងក្រោយពេលកិច្ចប្រជុំ IEP1 ដើម្បីជួយដល់អ្នកក្នុងការតស៊ូមតិសម្រាប់កូនរបស់អ្នក។
នៅមុនកិច្ចប្រជុំ IEP
1. រៀបចំកំណត់ត្រា IEP របស់កូនអ្នក
នៅមុនពេលកិច្ចប្រជុំ IEP របស់កូនអ្នក ត្រូវរៀបចំកំណត់ត្រា IEP របស់កូនអ្នក។ ជ្រើសរើសវិធីរៀបចំមួយដែលអ្នកអាចធ្វើបាន។ នេះនឹងជួយអ្នកក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនោះ។ ត្រូវប្រាកថា អ្នកមានកំណត់ត្រាថ្មីបំផុតអំពីការទំនាក់ទំនងទាំងអស់អំពីកូនរបស់អ្នក ដូចជា អ៊ីម៉ែលជាមួយបុគ្គលិកសាលារៀនអំពីកូនរបស់អ្នក គ្រប់សំណើសុំការវាយតម្លៃទាំងអស់ ផែនការវាយតម្លៃ និងរបាយការណ៍វាយតម្លៃ សំណៅថតចម្លងនៃ IEP របស់កូនអ្នក និងសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរពីមុន2 ដែលអ្នកអាចទទួលបាន សំណៅថតចម្លងនៃការការពារតាមនីតិវិធី តារាងរាយការណ៍ និងរបាយការណ៍វឌ្ឍនភាព គំរូកិច្ចការ ហើយប្រសិនបើអាច ផែនការអន្តរាគមន៍ផ្នែកអាកប្បកិរិយា និងរបាយការណ៍អំពីគ្រោះថ្នាក់ខាងអាកប្បកិរិយា។
2. ស្នើសុំការវាយតម្លៃ
មណ្ឌលសិក្សាធិការ ត្រូវធ្វើការវាយតម្លៃសិស្សម្នាក់លើគ្រប់ទិដ្ឋភាពទាំងអស់ដែលសង្ស័យថាមានពិការភាព។ អ្នកក៏អាចស្នើសុំមណ្ឌលសិក្សាធិការរបស់កូនអ្នកឲ្យធ្វើការវាយតម្លៃលើកូនអ្នកនៅផ្នែកណាមួយដែលសង្ស័យថាមានពិការភាពផងដែរ។ អ្នកក៏អាចស្នើសុំមណ្ឌលសិក្សាធិការរបស់កូនអ្នកឲ្យធ្វើការវាយតម្លៃលើកូនរបស់អ្នកសម្រាប់សេវាកម្មណាមួយដែលគេអាចត្រូវការ ដូចជាការព្យាបាល សម្ដីជាដើម។ អ្នកគួរធ្វើការស្នើសុំការវាយតម្លៃទាំងអស់ជាលាយលក្ខណ៍អក្សរទៅកាន់មណ្ឌលសិក្សាធិការ។
នៅពេលដែលអ្នកធ្វើការស្នើសុំរួច មណ្ឌលសិក្សាធិការ គប្បីផ្តល់ជូនអ្នកនូវផែនការវាយតម្លៃមួយក្នុងរយៈពេល 15 ថ្ងៃ។ នៅពេលដែលអ្នកចុះហត្ថលេខា និងប្រគល់ផែនការនេះត្រលប់ទៅមណ្ឌលសិក្សាធិការវិញ នោះមណ្ឌលសិក្សាធិការ មានពេល 60 ថ្ងៃ ដើម្បីបញ្ចប់ការវាយតម្លៃ និងដើម្បីបើកកិច្ចប្រជុំ IEP។
ប្រសិនបើអ្នកមិនយល់ស្របចំពោះការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ អ្នកអាចស្នើឲ្យមណ្ឌលសិក្សាធិការបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យ ឬ IEE បាន។ មណ្ឌលសិក្សាធិការ ត្រូវធ្វើការបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យ ឬដាក់ពាក្យបណ្ដឹងសម្រាប់សវនាការត្រឹមត្រូវតាមផ្លូវច្បាប់ (មណ្ឌលសិក្សាធិការនឹងត្រូវបង្ហាញថា ការវាយតម្លៃរបស់ខ្លួនគឺសមស្រប)។
3. ស្នើសុំរបាយការណ៍វាយតម្លៃទាំងអស់ក្នុងពេលមួយសប្ដាហ៍មុនកិច្ចប្រជុំ IEP
មណ្ឌលសិក្សាធិការ ត្រូវបានតម្រូវដោយច្បាប់សហព័ន្ធ និងរដ្ឋ ដើម្បីផ្តល់សេចក្តីចម្លងនៃរបាយការណ៍រង្វាយតម្លៃ នៅមុនកិច្ចប្រជុំកម្មវិធី IEP។ ប៉ុន្តែ គ្មានពេលវេលាកំណត់ដែលចែងថា មណ្ឌលសិក្សាធិការ ត្រូវផ្ដល់សំណៅថតចម្លងនៃរបាយការណ៍រង្វាយតម្លៃនោះចំនួនប៉ុន្មានថ្ងៃ មុនកិច្ចប្រជុំឡើយ។ ស្នើសុំឲ្យមណ្ឌលសិក្សាធិការឲ្យផ្តល់សំណៅថតចម្លងនៃរបាយការណ៍រង្វាយតម្លៃនោះមួយសប្ដាហ៍ មុនកិច្ចប្រជុំ IEP។ នេះគឺជាការសំខាន់ខ្លាំងណាស់ ដើម្បីឲ្យអ្នកអាចអានរបាយការណ៍នោះបាន សរសេរសំណួរដែលអ្នកមានចម្ងល់អំពីរបាយការណ៍នោះ និងធ្វើផែនការសម្រាប់កិច្ចប្រជុំ IEP។
4. ធ្វើផែនការសម្រាប់កិច្ចប្រជុំ IEP ជាមួយមិត្តភក្តិ និងអ្នកតស៊ូមតិ
ការធ្វើផែនការសម្រាប់កិច្ចប្រជុំ IEP ជាមួយមិត្តភក្តិ និងអ្នកតស៊ូមតិ អាចជួយអ្នកត្រៀមខ្លួនបានល្អនៅក្នុងកិច្ចប្រជុំ IEP។
ក្រុមឪពុកម្ដាយ ដូចជាមណ្ឌលធនធានគ្រួសារ និងមណ្ឌលព័ត៌មាននិងបណ្ដុះបណ្ដាលឪពុកម្ដាយ អាចមានអ្នកតស៊ូមតិដែលអាចជួយអ្នកធ្វើផែនការសម្រាប់កិច្ចប្រជុំ IEP ឬទៅចូលរួមកិច្ចប្រជុំ IEP ជាមួយអ្នកបាន។ ឬអ្នកសហការជាមួយគ្រួសារដទៃ និងជួយគ្នាទៅវិញទៅមក។ ប្រសិនបើកូនរបស់អ្នក គឺជាអ្នកប្រើសេវាមជ្ឈមណ្ឌលក្នុងតំបន់ នោះអ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលក្នុងតំបន់របស់កូនអ្នក គប្បីជួយអ្នកក្នុងការធ្វើផែនការកិច្ចប្រជុំ IEP នេះ។
ជាមួយមិត្តភក្តិ ឬអ្នកតស៊ូមតិ
- អានរបាយការណ៍វាយតម្លៃទាំងអស់
- កំណត់គោលដៅរបស់អ្នកសម្រាប់កិច្ចប្រជុំ IEP
- ត្រួតពិនិត្យគោលដៅ IEP បច្ចុប្បន្នរបស់កូនអ្នក និងរបាយការណ៍វឌ្ឍនភាព ទាំងអស់ដែលពាក់ព័ន្ធនឹងគោលដៅ IEP
- កំណត់ពីចំណុចត្រូវការដែលកូនរបស់អ្នកមាន រួមទាំងបញ្ហាជាពិសេសដែលកូនរបស់អ្នកមាន និងដែលអ្នកចង់ឲ្យមណ្ឌលសិក្សាធិការយកចិត្តទុកដាក់ និង
- កំណត់ពីអ្វីដែលកូនរបស់អ្នកអាចសម្រេចទៅបាន ចាប់តាំងពីកិច្ចប្រជុំ IEP ចុងក្រោយ និងអ្វីដែលអ្នកចង់ឲ្យពួកគេរៀនសូត្រ។
ពិភាក្សាអំពីគោលដៅ IEP ណាមួយដែលអ្នកចង់ស្នើទៅកាន់ក្រុមការងារ IEP ជាមួយមិត្តភក្តិ ឬអ្នកតស៊ូមតិ។
បន្ថែមលើនេះ ត្រូវនិយាយអំពីជម្រើសបរិយាបន្នពេញលេញ ឬការរួមបញ្ចូលបន្ថែម។ ច្បាប់ចែងថា ក្នុងវិសាលភាពអតិបរមាសមស្រប ដូចបានសម្រេចដោយក្រុមងារ IEP កុមារដែលមានពិការភាព ត្រូវតែទទួលបានការអប់រំនៅក្នុងសាលារៀនក្នុងសង្កាត់របស់ពួកគេ និងចូលរៀនក្នុងថ្នាក់រៀនធម្មតា (ដែលមានជំនួយនិងសេវាកម្មបន្ថែម តាមតម្រូវការ)។ ប្រសិនបើអ្នកកំពុងស្វែងរកបរិយាបន្នពេញលេញ ឬការរួមបញ្ចូលបន្ថែម ដូចជាការចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សា ឬសកម្មភាពក្រៅម៉ោងសិក្សា ដូចជាក្លឹបសិក្សា និងកីឡាជាដើម ត្រូវកំណត់ថាតើកូនរបស់អ្នកប្រាស្រ័យទាក់ទងជាមួយកុមារដែលគ្មានពិការភាពនៅសាលារៀនដោយរបៀបណា និងកំណត់ពីអ្វីដែលធ្វើឲ្យកូនរបស់អ្នកទទួលបានជោគជ័យ។
5. ធ្វើបញ្ជីអំពីចំណុចដែលអ្នកចង់ពិភាក្សានៅក្នុងកិច្ចប្រជុំ IEP
មិនថាអ្នកបានត្រៀមខ្លួនល្អប៉ុនណាសម្រាប់កិច្ចប្រជុំ IEP នោះទេ អ្នកអាចមានការភ័យខ្លាច ឬរំខាននៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ។ ការត្រៀមបញ្ជីចំណុចដែលអ្នកចង់ពិភាក្សាជាលាយលក្ខណ៍អក្សរ និងកត់សំណួរដែលអ្នកមាន នឹងជួយឲ្យអ្នកមិនភ្លេចនៅក្នុងអំឡុងកិច្ចប្រជុំ IEP។ ក្នុងអំឡុងកិច្ចប្រជុំ IEP អ្នកអាចត្រួតពិនិត្យមើលចំណុចពិភាក្សា និងកត់ត្រាចម្លើយសម្រាប់សំណួររបស់អ្នក។
6. ប្រគល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរដើម្បីថតខ្សែអាត់សំឡេងកិច្ចប្រជុំ IEP
ប្រសិនបើអ្នកចង់ថតខ្សែអាត់សំឡេងនៃកិច្ចប្រជុំ IEP អ្នកអាចប្រើប្រាស់ម៉ាស៊ីនថតសំឡេង ឬកម្មវិធីថតសំឡេងនៅលើទូរសព្ទដៃរបស់អ្នកបាន ដើម្បីថតខ្សែអាត់សំឡេងនៃកិច្ចប្រជុំ IEP។ ប៉ុន្តែ អ្នកអាចថតខ្សែអាត់សំឡេងកិច្ចប្រជុំនេះបាន តែក្នុងករណីដែលអ្នកបានជូនដំណឹងជាលាយលក្ខណ៍អក្សរដល់មណ្ឌលសិក្សាធិការចំនួន 24 ម៉ោង ដោយបញ្ជាក់ថាអ្នកចង់ថតខ្សែអាត់សំឡេងកិច្ចប្រជុំនេះប៉ុណ្ណោះ។ ប្រសិនបើអ្នកថតខ្សែអាត់សំឡេងកិច្ចប្រជុំ IEP នោះមណ្ឌលសិក្សាធិការក៏ធ្វើការថតដែរ។
អំឡុងពេលនៃកិច្ចប្រជុំ IEP
7. នាំមិត្តភក្តិ អ្នកតស៊ូមតិ និង/ឬបុគ្គលដែលស្គាល់កូនរបស់អ្នកទៅជាមួយ
អ្នកអាចអញ្ជើញនរណាម្នាក់ដែលអ្នកចង់ឲ្យចូលរួមក្នុងកិច្ចប្រជុំ IEP របស់កូនអ្នកបាន។ ការដែលមាននរណាម្នាក់ទៅជាមួយ គឺជារឿងល្អ។ គិតនាំយកនរណាម្នាក់ទៅជាមួយ ដូចជា អ្នកផ្ដល់សេវាថែទាំពេលថ្ងៃ ជីដូនជីតា គ្រូបង្រៀន ឬបុគ្គលផ្សេងទៀតដែលស្គាល់កូនរបស់អ្នក និងរបៀបរៀនសូត្ររបស់ពួកគេ។ ប្រសិនបើអ្នកមានគម្រោងនាំយកអ្នកតស៊ូមតិ រួមទាំងអ្នកសម្របសម្រួលក្នុងសេវាមជ្ឈមណ្ឌលក្នុងតំបន់ អ្នកអាចត្រូវការកំណត់កាលបរិច្ឆេទជាមុនជាមួយពួកគេ។
8. កុំខ្លាចនឹងសួរសំណួរ និងត្រូវប្រាកដថា អ្នកយល់ដឹងពី “ពាក្យពិបាកយល់” ណាមួយ
កិច្ចប្រជុំ IEP អាចមានលក្ខណៈច្រើនខ្លាំង និងពេលខ្លះអាចមានការភាន់ច្រឡំ បើទោះបីជាអ្នកធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំ IEP កាលពីមុនក៏ដោយ។ ការសួរសំណួរ គឺវិធីល្អបំផុតដើម្បីឲ្យអ្នកទទួលបានព័ត៌មាន និងបានត្រៀមខ្លួនដើម្បីឲ្យអ្នកអាចធ្វើការតស៊ូមតិសម្រាប់កូនរបស់អ្នកបាន។
មណ្ឌលសិក្សាធិការ ក៏ត្រូវតម្រូវឲ្យពន្យល់ពីលទ្ធផលរកឃើញទាំងអស់ និងអនុសាសន៍នានាជាភាសាដែលងាយស្រួលយល់ផងដែរ។ បុគ្គលិកមណ្ឌលសិក្សាធិការ ប្រើពាក្យដូចគ្នាជារៀងរាល់ថ្ងៃ និងអាចភ្លេចគិតថា អ្នកដទៃពុំយល់ថាពួកគេចង់មានន័យដូចម្ដេចឡើយ។ ប្រសិនបើអ្នកមិនយល់អ្វីដែលបាននិយាយនៅក្នុងកិច្ចប្រជុំ IEP សូមកុំខ្លាចនឹងសួរសំណួរ និងសាកសួរព័ត៌មានបន្ថែម។
9. ពិភាក្សាអំពីកម្រិតបច្ចុប្បន្ននៃការសិក្សារបស់កូនអ្នក
ក្រុមការងារ IEP នឹងពិភាក្សាអំពីសកម្មភាពសិក្សាបច្ចុប្បន្នរបស់កូនអ្នកនៅក្នុងផ្នែកខុសៗគ្នា។ នេះក៏នឹងរួមបញ្ចូលនូវការត្រួតពិនិត្យរាល់របាយការណ៍ និងការវាយតម្លៃទាំងអស់ផងដែរ។ គ្រូបង្រៀន និងអ្នកផ្ដល់សេវារបស់កូនអ្នក នឹងពិភាក្សា លើការអង្កេតរបស់ពួកគេអំពីសកម្មភាពសិក្សារបស់កូនអ្នកផងដែរ។ ត្រូវប្រាកដ ថា អ្នកបានពិភាក្សាអំពីការអង្កេតរបស់អ្នកលើសកម្មភាពសិក្សារបស់កូនអ្នក រួមបញ្ចូលទាំងចំណុចខ្លាំងរបស់កូនអ្នក និង/ឬ ក្ដីកង្វល់ណាមួយដែលអ្នកមានអំពីកូនអ្នក។
10. បង្កើតគោលដៅ IEP ប្រចាំឆ្នាំ និងត្រូវប្រាកដថាបានកំណត់ការតាមដានវឌ្ឍនភាពសមស្របនៃគោលដៅ IEP
ក្រុមការងារ IEP នឹងធ្វើការត្រួតពិនិត្យវឌ្ឍនភាពកូនរបស់អ្នកនៅក្នុងគោលដៅប្រចាំឆ្នាំពីមុន បន្ទាប់មកបង្កើតគោលដៅប្រចាំឆ្នាំថ្មី។ ប្រសិនបើកូនរបស់អ្នកមិនបំពេញតាមគោលដៅប្រចាំឆ្នាំនោះទេ នោះក្រុមការងារ IEP គប្បីធ្វើការត្រួតពិនិត្យគោលដៅនេះ។ ក្រុមការងារ IEP គប្បីធ្វើការផ្លាស់ប្ដូរគោលដៅនេះ ដើម្បីឲ្យវាសមស្របទៅនឹងកូនរបស់អ្នក និង/ឬផ្ដល់សេវាកម្មនិងការគាំទ្របន្ថែម ដើម្បីជួយកូនរបស់អ្នកឲ្យមានការរីកចម្រើនទៅតាមគោលដៅនេះ។ ក្រុមការងារ IEP គប្បីបង្កើតគោលដៅដែលធំ និងលំបាកដោយផ្អែកលើកាលៈទេសៈរបស់កូនអ្នក។
នៅពេលដែលក្រុម IEP បង្កើតគោលដៅប្រចាំថ្មីសម្រាប់កូនរបស់អ្នក ក្រុមការងារ IEP ត្រូវប្រាប់ឲ្យអ្នកបានដឹងថាតើខ្លួនផ្ដល់សេវាកម្មដល់អ្នកញឹកញាប់ប៉ុនណា ជាមួយនឹងរបាយការណ៍ស្ដីពីវឌ្ឍនភាពរបស់កូនអ្នកជាមួយនឹងគោលដៅរបស់ពួកគេ។ ប្រសិនបើកូនរបស់អ្នកត្រូវបានវាយតម្លៃដោយប្រើស្ដង់ដាលទ្ធផលសិក្សាជំនួស ជាជាងស្ដង់ដាការអប់រំចំណេះទូទៅរបស់មណ្ឌលសិក្សាធិការ (ដូចជា ការវាយតម្លៃរបស់រដ្ឋកាលីហ្វ័រញ៉ាលើសកម្មភាពសិក្សា និងវឌ្ឍនភាព ឬហៅកាត់ថា CAASPP) នោះក្រុមការងារ IEP ត្រូវបំបែកគោលដៅប្រចាំឆ្នាំនោះជាកម្មវត្ថុរយៈពេលខ្លី ដែលត្រូវធ្វើការត្រួតពិនិត្យលើចំណុចជាក់លាក់មួយចំនួនក្នុងអំឡុងឆ្នាំនោះ ដើម្បីប្រាកដថា កុមារនោះកំពុងរីកចម្រើនទៅតាមគោលដៅប្រចាំឆ្នាំ។ ត្រូវប្រាកដថា កម្មវត្ថុរយៈពេលខ្លី មានលក្ខណៈច្បាស់លាស់ និងមានកាលបរិច្ឆេទដែលបានចុះហត្ថលេខាសម្រាប់ឲ្យពួកគេត្រួតពិនិត្យវឌ្ឍនភាពនោះដែរ។ ប្រសិនបើកូនរបស់អ្នកនឹងត្រូវបានគេវាយតម្លៃតាមតេស្តស្ដង់ដាការអប់រំចំណេះទូទៅ នោះក្រុម IEP នឹងមិនរួមបញ្ចូលនូវកម្មវត្ថុរយៈពេលខ្លីនោះទេ។
11. កំណត់ពីឱកាសបរិយាបន្នពេញលេញ និងការរួមបញ្ចូលគ្នា និងគាំទ្រដែលត្រូវការចាំបាច់សម្រាប់ជោគជ័យ
មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់នូវជំនួយ និងសេវាកម្មបំពេញបន្ថែមដើម្បីបំពេញនូវតម្រូវការរបស់សិស្សដែលមានពិការភាពនៅក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នា។ នេះអាចរួមបញ្ចូលនូវជំនួយបណ្ដុះបណ្ដាល ប្រើម៉ាស៊ីនថតសំឡេង ឬផែនការអន្តរាគមន៍ផ្នែកអាកប្បកិរិយា ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយា។
12. រៀបរាប់អំពីការដាក់កូនរបស់អ្នកទៅក្នុងកម្មវិធីសិក្សា និងកំណត់ពីសេវាពាក់ព័ន្ធ និងការគាំទ្រជាក់លាក់ណាមួយ
នៅពេលដែលក្រុមការងារ IEP បានបង្កើតគោលដៅប្រចាំឆ្នាំសម្រាប់កូនរបស់អ្នក នោះក្រុមការងារ IEP គប្បីជជែកអំពីសេវាកម្ម ការគាំទ្រ និងការដាក់បញ្ចូល ដែលនឹងគាំទ្រដល់វឌ្ឍនភាពរបស់កូនអ្នកទៅតាមគោលដៅប្រចាំឆ្នាំ។ រាល់សេវាកម្មដែលពាក់ព័ន្ធទាំងអស់ ដូចជាការព្យាបាលសម្ដីជាដើម គប្បីកំណត់ដោយរួមបញ្ចូលថាតើត្រូវការពេលប៉ុន្មាននាទី និងថាតើញឹកញាប់ប៉ុនណា (ក្នុងមួយថ្ងៃ មួយសប្ដាហ៍ មួយខែ មួយឆ្នាំ) ដែលកូនរបស់អ្នកនឹងទទួលបានសេវាកម្មទាំងអស់នេះ។
នៅក្នុង IEP របស់កូនអ្នក ការដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ត្រូវកំណត់ឲ្យបានច្បាស់។ ឧទាហរណ៍ “Natasha នឹងត្រូវដាក់បញ្ចូលដោយពេញលេញទៅក្នុងថ្នាក់ទីពីរដោយមានជំនួយពេញម៉ោង ហើយអ្នកជំនាញបរិយាបន្ន នឹងគាំទ្រដល់ Natasha ចំនួនប្រាំម៉ោងក្នុងមួយសប្ដាហ៍។” អ្នកពុំមានសិទ្ធិឲ្យមណ្ឌលសិក្សាធិការផ្ដល់សេវាកម្មពីបុគ្គលជាក់លាក់ណាមួយនៅក្នុងបន្ទប់រៀនឡើយ ប៉ុន្តែ ជម្រើសនៃការដាក់បញ្ចូលជាក់លាក់ណាមួយ គប្បីធ្វើការពិភាក្សាជាមួយក្រុមការងារ IEP។
13. ចុះហត្ថលេខាលើ IEP តែក្នុងករណីដែលអ្នកពេញចិត្តតែប៉ុណ្ណោះ
អ្នកមិនចាំបាច់ចុះហត្ថលេខានៅក្នុងកិច្ចប្រជុំ IEP នោះទេ - អ្នកអាចយកវាមកផ្ទះ និងគិតអំពីវា និងពិភាក្សាជាមួយអ្នកដទៃ។ អ្នកអាចយល់ស្របលើផ្នែកណាមួយនៃផែនការ IEP ដើម្បីឲ្យសេវាកម្មទាំងអស់ដែលអ្នកឯកភាពតាម អាចចាប់ផ្ដើមបាន។ ប្រសិនបើអ្នកចុះហត្ថលេខាលើ IEP ហើយមានការផ្លាស់ប្ដូរគំនិតនៅពេលក្រោយ អ្នកអាចសាកល្បងដកការយល់ព្រមរបស់អ្នក ដោយសរសេរលិខិតទៅកាន់មន្ដ្រីរដ្ឋបាលការអប់រំពិសេសបាន។ ក៏ប៉ុន្តែ ការដាក់ការយល់ព្រមរបស់អ្នក នឹងមិនបង្អាក់ការអប់រំ និងសេវាកម្មដែលកើតមានក្រោយពេលអ្នកបានផ្តល់ការយល់ព្រមនោះ ប៉ុន្តែនឹងត្រូវផ្អាកនៅក្រោយពេលអ្នកដកការយល់ព្រមរបស់អ្នក។ ប្រសិនបើអ្នក និងមណ្ឌលសិក្សាធិការ ពុំឯកភាពគ្នាលើសំណើ IEP នោះ IEP ចុងក្រោយបង្អស់ដែលអ្នកឯកភាព នៅបន្តមានសុពលភាពដដែល ចំណែកឯវិវាទរបស់អ្នក ត្រូវធ្វើការដោះស្រាយនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ តាមការសម្របសម្រួល ឬសវនាការស្របតាមច្បាប់។
ក្រោយកិច្ចប្រជុំ IEP
14. ប្រសិនបើអាច ត្រូវចូលរួមពាក់ព័ន្ធនឹងថ្នាក់រៀន/សាលារៀនរបស់កូនអ្នក
ឪពុកម្ដាយមានពេលវេលា និងចំនួនថវិកាខុសៗគ្នា។ អ្នកអាចទាក់ទងគ្រូបង្រៀន ឬសាលារៀនរបស់កូនអ្នកដើម្បីសាកសួរថាតើអ្នកអាចជួយដល់ថ្នាក់រៀន ឬសាលារៀនរបស់កូនអ្នកដោយរបៀបណា។ អ្នកអាចស្ម័គ្រចិត្តនៅក្នុងបន្ទប់រៀនក្នុងអំឡុងថ្ងៃសិក្សា ស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសាលារៀន ឬប្រសិនបើអ្នកធ្វើការក្នុងអំឡុងពេលថ្ងៃ អ្នកអាចរៀបចំសម្ភារៈនៅក្នុងពេលល្ងាចនៅផ្ទះរបស់អ្នកបាន។ ការសកម្មនៅក្នុងបន្ទប់រៀន/សាលារៀនរបស់កូនអ្នក អាចជួយឲ្យអ្នកមានភាពស៊ាំបានច្រើនជាមួយនឹងសាលារៀន និងបុគ្គលិកសាលារៀន និងជួយឲ្យកូនអ្នកមានអារម្មណ៍ពិសេស។
15. គាំទ្រកូនរបស់អ្នកនៅក្នុងការបង្កើតមិត្តភាពជាមួយមិត្តរួមថ្នាក់
ជួយកូនរបស់អ្នកឲ្យបង្កើតមិត្តភាពជាមួយមិត្តរួមថ្នាក់ តាមរយៈការសម្របសម្រួលថ្ងៃលេងកម្សាន្តនៅក្រៅសាលារៀន។ ការបង្កើតមិត្តភាពជាមួយមិត្តរួមថ្នាក់ នឹងជួយកូនរបស់អ្នកឲ្យក្លាយជាផ្នែកមួយរបស់សហគមន៍ពួកគេ។
16. គ្រប់គ្រងតាមដានវឌ្ឍនភាពរបស់កូនអ្នក
អ្នកអាចចង់បង្កើតប្រព័ន្ធទំនាក់ទំនងជាប្រចាំមួយជាមួយគ្រូបង្រៀនកូនរបស់អ្នក ដូចជាកូនសៀវភៅកត់ត្រាដែលផ្ញើទៅមកជាមួយសាលារៀន។ កូនសៀវភៅកត់ត្រា អាចជួយអ្នកតាមដានថាតើកូនរបស់អ្នកទទួលសេវាកម្ម និងការគាំទ្រដែរឬទេ។ អ្នកក៏អាចចង់បង្កើតប្រព័ន្ធទំនាក់ទំនងមួយជាមួយអ្នកផ្ដល់សេវាពាក់ព័ន្ធរបស់កូនអ្នកផងដែរ ដូចជាគ្រូពេទ្យព្យាបាលសម្ដី ដើម្បីធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃកូនរបស់អ្នក។
អ្នកគប្បីសរសេរចូលនូវកាលបរិច្ឆេទគោលដៅដែលបានកំណត់សម្រាប់កូនរបស់អ្នកដើម្បីរៀនសូត្រជំនាញណាមួយ ដូចជាកាលបរិច្ឆេទនៃកម្មវត្ថុរយៈពេលខ្លីនៅក្នុងគោលដៅ IEP របស់កូនអ្នក។
17. ជម្រើសប្រសិនបើអ្វីៗមិនដូចការគិត
ប្រសិនបើអ្នកជឿថាមណ្ឌលសិក្សាមិនបានអនុវត្តតាមច្បាប់ស្ដីពីការអប់រំពិសេស ឬនីតិវិធី និង/ឬមិនបានផ្ដល់សេវាដែលតម្រូវឲ្យផ្ដល់ជូននៅក្នុង IEP ដែលបានចុះហត្ថលេខា អ្នកអាចដាក់ពាក្យបណ្ដឹងការអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (“CDE”)។ ពាក្យបណ្ដឹងនេះ ត្រូវធ្វើការស៊ើបអង្កេតដោយមណ្ឌលសិក្សាធិការ ឬ CDE ហើយត្រូវធ្វើការកំណត់ជាលាយលក្ខណ៍អក្សរមួយថាតើមណ្ឌលបាន “ប្រព្រឹត្តខុសពីការអនុវត្តតាមច្បាប់” ដែរឬអត់។ សូមមើលសិទ្ធិ និងទំនួលខុសត្រូវចំពោះការអប់រំពិសេស ជំពូក 6 សម្រាប់សេចក្ដីលម្អិត។
ប្រសិនបើអ្នក និងមណ្ឌលសិក្សាធិការ ពុំឯកភាពគ្នាលើសិទ្ធិទទួលបានរបស់កូនអ្នក ការដាក់បញ្ចូលក្នុងកម្មវិធីសិក្សា តម្រូវការកម្មវិធី ការរួមបញ្ចូលគ្នា ឬសេវាកម្មដែលពាក់ព័ន្ធណាមួយ អ្នកអាចនឹងស្នើសុំដំណើរការសវនាការត្រឹមត្រូវតាមច្បាប់បាន។ ប្រសិនបើអ្នកសម្រេចដាក់ការស្នើសុំដំណើរការសវនាការត្រឹមត្រូវតាមច្បាប់ អ្នកត្រូវដាក់សំណើសុំក្នុងរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកបានដឹង (ឬមូលហេតុដែលអ្នកបានដឹង) អំពីអង្គហេតុនៃពាក្យបណ្តឹងរបស់អ្នក។ នៅក្នុងសវនាការ គូភាគីត្រូវបង្ហាញភស្តុតាងដល់មន្ដ្រីសវនាការឯករាជ្យ ដែលរដ្ឋកាលីហ្វ័រញ៉ាបានជួល។ មន្រ្តីសវនាការ នឹងធ្វើការសម្រេចលើអង្គហេតុ និងអង្គច្បាប់ រួចចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរ។ សូមមើលសិទ្ធិ និងទំនួលខុសត្រូវចំពោះការអប់រំពិសេស ជំពូក 6 សម្រាប់សេចក្ដីលម្អិត។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. កម្មវិធីអប់រំសម្រាប់បុគ្គល។ ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំមួយដែលចូលរួមយ៉ាងហោចណាស់ពីឪពុកម្ដាយ គ្រូបង្រៀនរបស់កុមារ និងមន្រ្តីរដ្ឋបាលរបស់មណ្ឌលសិក្សាធិការ។
- 2. មណ្ឌលសិក្សាធិការ តម្រូវឲ្យផ្តល់ជូនអ្នកនូវការជូនដំណឹងជាលាយលក្ខណ៍ អក្សរជាមុន “ក្នុងពេលវេលាមួយសមស្របមុនពេល” មណ្ឌលបដិសេធការផ្តួច ផ្តើម ឬការផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការដាក់បញ្ចូលក្នុងការសិក្សា ឬការផ្តល់ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE)។ ពាក្យថា “ពេលវេលាសមស្រប” ត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់លក្ខន្តិក។ ការជូនដំណឹង ត្រូវមានបញ្ជាក់អំពីសេវាកម្ម ឬការដាក់បញ្ចូលទៅក្នុងការសិក្សាដែលបានបដិសេធដោយមណ្ឌលសិក្សាធិការ ការបកស្រាយពន្យល់សម្រាប់ការបដិសេធ និងការពិពណ៌នាអំពីនីតិវិធីនៃការវាយតម្លៃនីមួយៗ រង្វាយតម្លៃ កំណត់ត្រា របាយការណ៍ដែលបានប្រើប្រាស់ដោយមណ្ឌលសិក្សាធិការដើម្បីធ្វើការសម្រេចចិត្តនេះ។ ការជូនដំណឹងនេះ ត្រូវតែផ្តល់ដំណឹងដល់អ្នកផងដែរអំពីសិទ្ធិរបស់អ្នកក្នុងការតវ៉ាជំទាស់ទៅនឹងការសម្រេចចិត្តនោះ។ 34 C.F.R. Sec. 300.503; Cal. Ed. Code Sec. 56500.4.