បន្ទាប់ពីអ្នកបានចាញ់ក្តីសំណុំរឿងបណ្តេញចេញនៅក្នុងតុលាការរួច - តើអ្នកអាចធ្វើអ្វីបានខ្លះ?

Publications
8138.06

បន្ទាប់ពីអ្នកបានចាញ់ក្តីសំណុំរឿងបណ្តេញចេញនៅក្នុងតុលាការរួច - តើអ្នកអាចធ្វើអ្វីបានខ្លះ?

ប្រសិនបើអ្នកចាញ់ក្តីសំណុំរឿងបណ្តេញចេញ នោះការបង្អង់ ឬការទប់ស្កាត់ការអនុវត្តការបណ្តេញចេញនោះគឺមានភាពលំបាកខ្លាំងណាស់ ទោះបីជាអ្នក ឬសមាជិកណាម្នាក់ក្នុងគ្រួសាររបស់អ្នកមានពិការភាពក៏ដោយ។ ទោះបីជាអ្នកអាចអនុវត្តតាមជម្រើសទាំងនេះក៏ដោយ វាប្រហែលជាមិនទំនងជាអ្នកនឹងអាចមានលទ្ធភាពបន្តស្នាក់នៅក្នុងផ្ទះនោះទេ។ ឱកាសដ៏ល្អបំផុតរបស់អ្នកក្នុងការបញ្ឈប់ការបណ្តេញចេញ គឺត្រូវរៀបចំផែនការទុកជាមុន ដោយពិនិត្យមើលឯកសារស្នាមឱ្យបានហ្មត់ចត់ និងស្វែងរកការប្រឹក្សាច្បាប់ភ្លាមៗ នៅពេលអ្នកទទួលបានសេចក្តីជូនដំណឹងឱ្យចាកចេញ ឬឯកសារតុលាការដែលពាក់ព័ន្ធនឹងការបណ្តេញចេញ សូមយកចិត្តទុកដាក់ចំពោះកាលបរិច្ឆេទកំណត់ទាំងអស់ ចូលរួមរាល់សវនាការណាមួយរបស់តុលាការ និងរៀបចំភស្តុតាងទាំងអស់របស់អ្នកឱ្យបានរួចរាល់សម្រាប់ការជំនុំជម្រះ។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តារាងមាតិកា

សេចក្តីផ្តើម

ប្រសិនបើអ្នកចាញ់ក្តីសំណុំរឿងបណ្តេញចេញ នោះការបង្អង់ ឬការទប់ស្កាត់ការអនុវត្តការបណ្តេញចេញនោះគឺមានភាពលំបាកខ្លាំងណាស់ ទោះបីជាអ្នក ឬសមាជិកណាម្នាក់ក្នុងគ្រួសាររបស់អ្នកមានពិការភាពក៏ដោយ។ ទោះបីជាអ្នកអាចអនុវត្តតាមជម្រើសទាំងនេះក៏ដោយ វាប្រហែលជាមិនទំនងជាអ្នកនឹងអាចមានលទ្ធភាពបន្តស្នាក់នៅក្នុងផ្ទះនោះទេ។ ឱកាសដ៏ល្អបំផុតរបស់អ្នកក្នុងការបញ្ឈប់ការបណ្តេញចេញ គឺត្រូវរៀបចំផែនការទុកជាមុន ដោយពិនិត្យមើលឯកសារស្នាមឱ្យបានហ្មត់ចត់ និងស្វែងរកការប្រឹក្សាច្បាប់ភ្លាមៗ នៅពេលអ្នកទទួលបានសេចក្តីជូនដំណឹងឱ្យចាកចេញ ឬឯកសារតុលាការដែលពាក់ព័ន្ធនឹងការបណ្តេញចេញ សូមយកចិត្តទុកដាក់ចំពោះកាលបរិច្ឆេទកំណត់ទាំងអស់ ចូលរួមរាល់សវនាការណាមួយរបស់តុលាការ និងរៀបចំភស្តុតាងទាំងអស់របស់អ្នកឱ្យបានរួចរាល់សម្រាប់ការជំនុំជម្រះ។

តើមានអ្វីកើតឡើង ប្រសិនបើអ្នកចាញ់ក្តីសំណុំរឿងបណ្តេញចេញ (“ពាក្យបណ្តឹងសុំឱ្យចាកចេញពីផ្ទះជួល”)?

  1. ប្រសិនបើអ្នកបានទៅចូលរួមសវនាការនៅតុលាការ ចៅក្រម (ឬគណៈវិនិច្ឆ័យ) នឹងធ្វើសេចក្ដីសម្រេច (ដែលហៅថា “សាលក្រម”)។ ប្រសិនបើអ្នកមិនបានដាក់ពាក្យចម្លើយតបទៅនឹងបណ្តឹងសុំឱ្យចាកចេញពីផ្ទះជួលឱ្យបានទាន់ពេលវេលាទេនោះតុលាការអាចនឹងចេញ "សាលក្រមដោយកំបាំងមុខ" ប្រឆាំងនឹងអ្នក។ នេះមានន័យថាអ្នកបានចាញ់ក្តីសំណុំរឿងបណ្តេញចេញ។ ប្រសិនបើចៅក្រម (ឬគណៈវិនិច្ឆ័យ) សម្រេចថាម្ចាស់ផ្ទះ/ អ្នកគ្រប់គ្រងអចលនទ្រព្យមានសិទ្ធិបណ្តេញអ្នកចេញ នោះមានន័យថាអ្នកបានចាញ់ក្តីសំណុំរឿងបណ្តេញចេញនេះហើយ។ ក្នុងស្ថានភាពទាំងពីរនេះ តុលាការនឹងផ្តល់ឯកសារទៅឱ្យម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ ដែលឯកសារទាំងនោះត្រូវបានហៅថា “សាលក្រមផ្តល់សិទ្ធិកាន់កាប់” និង “ដីកាបង្គាប់ឱ្យចាកចេញ”។ ឯកសារនេះអនុញ្ញាតឱ្យម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យអាចចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបណ្តេញអ្នកចេញពីផ្ទះជួលរបស់អ្នក។ ពួកគេក៏អាចបង្គាប់ឱ្យអ្នកបង់ប្រាក់ទៅឱ្យម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យផងដែរ (ប្រាក់នេះអាចជាថ្លៃជួលដែលនៅជំពាក់ ថ្លៃខូចខាត ប្រាក់ពិន័យ និងការចំណាយផ្សេងៗ ដូចជាថ្លៃសេវារដ្ឋបាលតុលាការ និងថ្លៃមេធាវីជាដើម)។
  • ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ នឹងយកដីកាបង្គាប់ឱ្យចាកចេញនោះ ទៅកាន់ការិយាល័យនគរបាល។ ឯកសារនេះផ្តល់សិទ្ធិអំណាចដល់នគរបាលចាក់សោបិទមិនឱ្យអ្នកចូលក្នុងផ្ទះជួលរបស់អ្នកបាន បន្ទាប់ពីបានផ្តល់ការព្រមានជាលាយលក្ខណ៍អក្សររួចរាល់។
  • នគរបាលនឹងមកផ្តល់ឲ្យអ្នកនូវ "សេចក្តីជូនដំណឹងឱ្យចាកចេញ" (ការព្រមានជាលាយលក្ខណ៍អក្សរឱ្យអ្នកចាកចេញពីផ្ទះជួលរបស់អ្នក)។ សេចក្តីជូនដំណឹងនេះ ទុកពេលឱ្យអ្នក 5 ថ្ងៃ ដើម្បីរើចេញ។ ប្រសិនបើអ្នកមិនព្រមរើចេញទេ នគរបាលនឹងត្រឡប់មកវិញ ដើម្បីជំរុញឱ្យអ្នកចាកចេញពីផ្ទះជួល និងចាក់សោបិទមិនឱ្យអ្នកចូលឡើយ។

តើអ្នកមានជម្រើសអ្វីខ្លះបន្ទាប់ពីចាញ់ក្តីសំណុំរឿងបណ្តេញចេញ?

អ្នកមានជម្រើសបីយ៉ាង៖

  1. អ្នកអាចរើចេញ
  2. ស្នើសុំពេលបន្ថែម ឬ
  3. ស្នើសុំតុលាការឱ្យបដិសេធសាលក្រមបណ្តេញចេញ។

អ្នកអាចត្រៀមខ្លួនរើចេញ និងចាកចេញឱ្យបានរួចរាល់ មុនកាលបរិច្ឆេទដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងឱ្យចាកចេញរបស់នគរបាល។

អ្នកអាចស្នើសុំពេលបន្ថែមពីម្ចាស់ផ្ទះ និង/ឬពីតុលាការ៖

  • ស្នើសុំពេលវេលារើចេញបន្ថែមពីម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ – ជួនកាល ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យអាចនឹងមានឆន្ទៈផ្តល់ពេលវេលាបន្ថែមឱ្យអ្នក។ យកល្អអ្នកគួរតែស្នើសុំពេលបន្ថែមពីម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វាក៏ជាការល្អផងដែរក្នុងការស្នើសុំរយៈពេលជាក់លាក់ណាមួយ ដើម្បីរៀបចំការរើចេញឱ្យបានរួចរាល់។ ប៉ុន្តែ អ្នកគួរដឹងថា ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ ប្រហែលជាមិនមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការផ្តល់ពេលវេលាបន្ថែមឱ្យអ្នកនោះទេ។
  • • ប្រសិនបើអ្នកត្រូវការពេលវេលាបន្ថែមដើម្បីរើចេញ ដោយសារពិការភាពរបស់អ្នក (ឬពិការភាពរបស់សមាជិកណាម្នាក់ក្នុងគ្រួសារ) អ្នកអាចស្នើសុំពេលវេលាបន្ថែមក្រោមរូបភាពជា "ការសម្របសម្រួលដោយសមហេតុផល"។ សម្រាប់ព័ត៌មានបន្ថែមអំពីការស្នើសុំការសម្របសម្រួលដោយសមហេតុផល សូមមើលធនធាន៖ ការរើសអើងលំនៅឋានផ្អែកលើពិការភាព - សិទ្ធិ និងជម្រើសរបស់អ្នក
  • ស្នើសុំពេលវេលាបន្ថែមដើម្បីរើចេញពីតុលាការ – អ្នកអាចដាក់ពាក្យទៅតុលាការសុំផ្អាកការអនុវត្តដីកាបង្គាប់។ យើងសូមណែនាំឱ្យអ្នកស្វែងរកការប្រឹក្សាច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកចង់សាកល្បងអនុវត្តតាមជម្រើសនេះ។ អ្នកមិនចាំបាច់មានមេធាវីដើម្បីដាក់ពាក្យស្នើសុំនេះទេ —ពោលគឺអ្នកអាចដាក់ពាក្យសុំដោយខ្លួនឯងបាន។
    1. អ្នកត្រូវតែដាក់ពាក្យស្នើសុំទៅតុលាការ និងរៀបចំបញ្ជូនឯកសារទាំងនោះទៅឱ្យម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ ឱ្យបានមុនកាលបរិច្ឆេទកំណត់ដែលមានចែងក្នុងសេចក្តីជូនដំណឹងឱ្យចាកចេញរបស់នគរបាល។
    2. អ្នកនឹងតម្រូវឱ្យបង់ប្រាក់ថ្លៃជួលផ្ទះប្រចាំថ្ងៃ សម្រាប់ចំនួនថ្ងៃបន្ថែមដែលអ្នកបានស្នើសុំ។ ជាទូទៅ ប្រាក់នេះត្រូវបង់ជូនក្រឡាបញ្ជីតុលាការ ដើម្បីរក្សាទុកសម្រាប់ផ្តល់ជូនម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ។
    3. រយៈពេលបន្ថែមអតិបរមាសម្រាប់ការរើចេញគឺ 40 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលសាលក្រមត្រូវបានចុះបញ្ជី លើកលែងតែមានការយល់ព្រមពីម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យដែលទុកពេលឲ្យបន្ថែម (ក្រមនីតិវិធីរដ្ឋប្បវេណីកាលីហ្វ័រញ៉ា មាត្រា 918(b))។ ប៉ុន្តែ ការសម្រេចថាតើពាក្យស្នើសុំរបស់អ្នកត្រូវបានអនុម័តឬយ៉ាងណា និងរយៈពេលដែលអ្នកទទួលបាន គឺអាស្រ័យទៅលើកាលៈទេសៈជាក់ស្តែង និងការសម្រេចរបស់ចៅក្រម។

អ្នកនឹងអាចស្នើសុំឱ្យតុលាការបដិសេធសាលក្រមបណ្តេញចេញ ដើម្បីឱ្យអ្នកអាចបន្តរស់នៅក្នុងផ្ទះជួលរបស់អ្នកតទៅទៀតបាន៖

  • ប្រសិនបើអ្នកចាញ់ក្តីដោយសាលក្រមដោយកំបាំងមុខ ដោយសារអ្នកមិនបានដាក់ពាក្យចម្លើយតប ឬមិនបានទៅតាមកាលបរិច្ឆេទនៃតុលាការរបស់អ្នក៖
    • អ្នកអាចដាក់ពាក្យសុំឱ្យលុបចោល (ដែលមានន័យថាជាការសុំឱ្យមោឃៈភាព) នូវសេចក្តីបង្គាប់របស់ចៅក្រម។ មានកាលកំណត់យ៉ាងតឹងរ៉ឹងក្នុងការអនុវត្តនីតិវិធីនេះ ហើយអ្នកចាំបាច់ត្រូវមានមូលហេតុផ្លូវច្បាប់ត្រឹមត្រូវដើម្បីធ្វើវា។ ការដែលមិនមានកន្លែងស្នាក់នៅផ្សេងបន្ទាប់ពីត្រូវបានបណ្តេញចេញ មិនមែនជាមូលហេតុគ្រប់គ្រាន់តាមផ្លូវច្បាប់នោះទេ។ យើងសូមណែនាំឱ្យអ្នកស្វែងរកការប្រឹក្សាច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកចង់សាកល្បងអនុវត្តតាមជម្រើសនេះ។
    • ការសុំឱ្យលុបចោលសាលក្រមត្រូវបានអនុញ្ញាតក្នុងស្ថានភាពជាក់លាក់មួយចំនួនតែប៉ុណ្ណោះ។ ជាឧទាហរណ៍ អ្នកអាចនឹងសុំឱ្យលុបចោលសាលក្រម ប្រសិនបើអ្នកខកខានមិនបានទៅតាមកាលបរិច្ឆេទនៃតុលាការរបស់អ្នក ដោយសារតែពិការភាពរបស់អ្នក ឬដោយសារអ្នកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងថ្ងៃនោះ ហើយអ្នកមិនអាចទាក់ទងមកកាន់តុលាការដើម្បីផ្តល់ដំណឹងបាន។ ឧទាហរណ៍មួយទៀត គឺក្នុងករណីដែលការបញ្ជូនឯកសារបណ្តឹងសុំឱ្យចាកចេញពីផ្ទះជួលមិនត្រូវបានធ្វើឡើងត្រឹមត្រូវតាមនីតិវិធី ហើយធ្វើឱ្យអ្នកខកខានកាលបរិច្ឆេទកំណត់ក្នុងការដាក់ចម្លើយតប។ ទោះបីជាអ្នកយល់ថាខ្លួនឯងមានមូលហេតុត្រឹមត្រូវក៏ដោយ ក៏ចៅក្រមអាចនឹងមិនយល់ព្រមលុបចោលសេចក្តីសម្រេចនោះដែរ។
    • អ្នកអាចដាក់ពាក្យស្នើសុំលុបចោលសាលក្រមបានក្នុងរយៈពេលរហូតដល់ 6 ខែ បន្ទាប់ពីសាលក្រមត្រូវបានចុះបញ្ជីជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបង្អង់យូរក្នុងការដាក់ពាក្យសុំលុបចោលសាលក្រម រហូតដល់អ្នកត្រូវបានបណ្តេញចេញពីផ្ទះ ហើយម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យបានដាក់ជួលផ្ទះនោះឱ្យអ្នកផ្សេងបាត់ទៅហើយនោះ អ្នកនឹងមិនអាចរើចូលទៅរស់នៅវិញបានទេ។
    • ចំពោះនីតិវិធីនេះ គឺមិនមានទម្រង់បែបបទតុលាការស្រាប់នោះទេ ដូច្នេះអ្នកត្រូវតែសរសេរពាក្យស្នើសុំទៅតាមទម្រង់ច្បាប់ជាក់លាក់ដែលតម្រូវដោយតុលាការ។
    • ប្រសិនបើអ្នកចាញ់ក្តីដោយសាលក្រមកំបាំងមុខ ដោយសារតែអ្នកមិនបានដាក់ពាក្យចម្លើយតប អ្នកនឹងត្រូវភ្ជាប់មកជាមួយនូវពាក្យចម្លើយតប - បណ្តឹងសុំឱ្យចាកចេញពីផ្ទះជួល (ទម្រង់ UD-105) ទៅក្នុងពាក្យស្នើសុំលុបចោលសាលក្រមនោះ។
    • អ្នកមានឱកាសតែម្តងគត់ក្នុងការស្នើសុំលុបចោលសាលក្រម ដូច្នេះវាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវដាក់បញ្ចូលរាល់ព័ត៌មានដែលពាក់ព័ន្ធទាំងអស់ និងអនុវត្តតាមច្បាប់របស់តុលាការក្នុងការដាក់ពាក្យ។
    • ប្រសិនបើអ្នកត្រូវការឱ្យចៅក្រមធ្វើការសម្រេចសេចក្តី មុនពេលអ្នកត្រូវបានបណ្តេញចេញ អ្នកក៏ចាំបាច់ត្រូវស្នើសុំឱ្យចៅក្រមសម្រេចឱ្យបានឆាប់រហ័សផងដែរ។ ការស្នើសុំប្រភេទនេះគឺធ្វើឡើងតាមរយៈ "ពាក្យសុំបន្ទាន់ដោយមិនចាំបាច់មានវត្តមានភាគីម្ខាងទៀត"។ មានវិធានពិសេសៗសម្រាប់ការអនុវត្តនីតិវិធីនោះ។ យើងសូមណែនាំឱ្យអ្នកស្វែងរកការប្រឹក្សាច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកចាំបាច់ត្រូវធ្វើកិច្ចការនេះ។
    • ប្រសិនបើអ្នកស្នើសុំលុបចោលសាលក្រម អ្នកក៏មានជម្រើសក្នុងការស្នើសុំតុលាការនូវពេលវេលាបន្ថែមមុនពេលរើចេញ ក្នុងពេលតែមួយផងដែរ ដោយការដាក់ពាក្យស្នើសុំផ្អាកការអនុវត្តដីកាបង្គាប់ឱ្យចាកចេញ រួមជាមួយពាក្យស្នើសុំលុបចោលសាលក្រម។

ប្រសិនបើអ្នកចាញ់ក្តី ដោយសារចៅក្រមមិនបានអនុវត្តតាមច្បាប់៖

  • អ្នកអាចដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនោះ។ ការប្តឹងឧទ្ធរណ៍គឺជាកិច្ចការបច្ចេកទេសច្បាប់យ៉ាងខ្លាំង ហើយវាមិនមែនគ្រាន់តែផ្អែកលើការដែលអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់ចៅក្រមនោះទេ។ យើងសូមណែនាំឱ្យអ្នកស្វែងរកការប្រឹក្សាច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកចង់អនុវត្តតាមនីតិវិធីនេះ។ ការប្តឹងឧទ្ធរណ៍ក្នុងសំណុំរឿងបណ្តឹងសុំឱ្យចាកចេញពីផ្ទះជួលគឺជាដំណើរការផ្លូវច្បាប់មួយ ដែលភាគីម្ខាងដែលបានចាញ់ក្តីក្នុងសំណុំរឿងបណ្តេញចេញ ស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយទៀត ពិនិត្យសើរើសេចក្តីសម្រេចនោះឡើងវិញ។ ចុចទីនេះ សម្រាប់ទម្រង់បែបបទសេចក្តីជូនដំណឹងអំពីបណ្តឹងឧទ្ធរណ៍/បណ្តឹងឧទ្ធរណ៍តតាំង — សម្រាប់សំណុំរឿងរដ្ឋប្បវេណីដែលមានទំហំកំណត់។
  • បណ្តឹងឧទ្ធរណ៍ គឺជាការតវ៉ាចំពោះសេចក្តីសម្រេចរបស់ចៅក្រម ថាតើចៅក្រមបានអនុវត្តត្រឹមត្រូវតាមច្បាប់ដែរឬទេ។ ប្រសិនបើអ្នកឈ្នះក្តីក្នុងដំណាក់កាលឧទ្ធរណ៍ វានឹងអាចជួយទប់ស្កាត់ការបណ្តេញចេញ ឬអាចគ្រាន់តែជួយពន្យារពេលការបណ្តេញចេញប៉ុណ្ណោះ។ អាស្រ័យលើកាលៈទេសៈជាក់ស្តែង អ្នកអាចនឹងត្រូវធ្វើការជំនុំជម្រះក្តីលើសំណុំរឿងបណ្តេញចេញនេះឡើងវិញសារជាថ្មី។

ចំណាំ៖ ការដាក់ពាក្យប្តឹងឧទ្ធរណ៍ ឬពាក្យសុំលុបចោលសាលក្រមតែមួយមុខ មិនអាចបញ្ឈប់ការបណ្តេញចេញបានឡើយ បន្ទាប់ពីចេញសាលក្រមបណ្តេញចេញ។ មធ្យោបាយតែមួយគត់សម្រាប់អ្នកជួល ដើម្បីបញ្ឈប់ ឬពន្យារពេលការបណ្តេញចេញ គឺត្រូវស្នើសុំការផ្អាកការអនុវត្តដីកាបង្គាប់ក្នុងពេលតែមួយជាមួយនឹងការដាក់ពាក្យប្តឹងឧទ្ធរណ៍ ឬពាក្យស្នើសុំលុបចោលសាលក្រម។

ព័ត៌មានបន្ថែម ប្រសិនបើការបណ្តេញចេញរបស់អ្នកបណ្តាលមកពីការមិនបានបង់ថ្លៃជួលផ្ទះ។

ប្រសិនបើសំណុំរឿងបណ្តេញចេញរបស់អ្នកគឺដោយសារតែការជំពាក់ថ្លៃជួលផ្ទះ អ្នកអាចនឹងមានជម្រើសមួយទៀត ដើម្បីអាចរក្សាផ្ទះជួលរបស់អ្នកបាន៖ អ្នកអាចបង់ប្រាក់តាមចំនួនដែលបានកំណត់ក្នុងសាលក្រម ប្រសិនបើតុលាការសម្រេចផ្តល់ជម្រើសនេះឱ្យអ្នក។

ជម្រើសនៃការបង់ប្រាក់ទី 1 ៖ បង់រាល់ចំនួនទឹកប្រាក់ដែលអ្នកជំពាក់ទាំងអស់៖

ប្រសិនបើអ្នកសម្រេចចិត្តបង់រាល់ចំនួនទឹកប្រាក់ដែលអ្នកជំពាក់ទាំងអស់ សូមប្រាកដថាម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យបានដាក់ពាក្យ "ការទទួលស្គាល់ការបំពេញកាតព្វកិច្ចតាមសាលក្រម" (ទម្រង់ EJ-100)។ នេះគឺជាភស្តុតាងដែលបញ្ជាក់ថាអ្នកបានសងបំណុលរួចរាល់ហើយ។

ជម្រើសនៃការបង់ប្រាក់ទី 2 ៖ អ្នកក៏អាចព្យាយាមចរចាអំពីផែនការបង់ប្រាក់ ឬការដោះស្រាយបញ្ចប់វិវាទជាមួយម្ចាស់ផ្ទះផងដែរ។

  • ស្នើការព្រមព្រៀងជាមួយម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ ដើម្បីរៀបចំផែនការបង់ប្រាក់ ឬស្នើបង់ប្រាក់ក្នុងចំនួនណាមួយដែលតិចជាងចំនួនដែលតុលាការបានបង្គាប់ឱ្យអ្នកសង (ជួនកាល ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យអាចនឹងមានឆន្ទៈទទួលយកទឹកប្រាក់តិចជាងនេះ ប្រសិនបើអ្នកយល់ព្រមបង់ប្រាក់នោះភ្លាមៗ និងឱ្យគ្រប់ចំនួនក្នុងពេលតែមួយ)។ ចំណាំ៖ ជាទូទៅ ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ មិនមានកាតព្វកិច្ចត្រូវតែយល់ព្រមតាមសំណើនេះនោះទេ។
    • ប្រសិនបើម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យយល់ព្រមតាមផែនការបង់ប្រាក់ ត្រូវរៀបចំកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរអំពីចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់ និងពេលវេលាត្រូវបង់ឱ្យបានច្បាស់លាស់។ អ្នក និងម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យ (ឬមេធាវីរបស់ពួកគេ) គួរតែចុះហត្ថលេខា និងចុះកាលបរិច្ឆេទនៅលើកិច្ចព្រមព្រៀងនោះ។
    • ប្រសិនបើម្ចាស់ផ្ទះរបស់អ្នកមិនព្រមតាមផែនការបង់ប្រាក់ទេ អ្នកអាចសាកល្បងដាក់ឯកសារស្នើសុំឱ្យចៅក្រមអនុញ្ញាតឱ្យអ្នកអនុវត្តផែនការបង់ប្រាក់នោះបាន។ ការធ្វើបែបនេះគេហៅថាជាការដាក់ពាក្យស្នើសុំ។ មិនមានទម្រង់បែបបទតុលាការស្រាប់សម្រាប់កិច្ចការនេះទេ ដូច្នេះអ្នកប្រហែលជាត្រូវការជំនួយ ដើម្បីរៀបចំវាឱ្យបានត្រឹមត្រូវ។ មានការកំណត់កាលបរិច្ឆេទ ប្រសិនបើអ្នកចង់អនុវត្តនីតិវិធីនេះ។ សូមទាក់ទងការិយាល័យជំនួយផ្នែកច្បាប់ក្នុងមូលដ្ឋាន បណ្ណាល័យច្បាប់ និងមជ្ឈមណ្ឌលស្វ័យជំនួយរបស់តុលាការ ដើម្បីពិនិត្យមើលថាតើពួកគេអាចជួយអ្នកបានដែរឬទេ។

ប្រសិនបើអ្នកមិនអាចបង់ប្រាក់ ឬសម្រេចចិត្តមិនបង់ប្រាក់ជួលផ្ទះដែលជំពាក់តាមចំនួនដែលតុលាការបានបង្គាប់ឱ្យអ្នកសង៖

អ្នកនឹងមិនអាចបន្តស្នាក់នៅក្នុងផ្ទះជួលរបស់បានទៀតឡើយ។ លើសពីនេះ ត្រូវចងចាំថា ប្រសិនបើអ្នកសម្រេចចិត្តមិនបង់ប្រាក់តាមសាលក្រមសម្រាប់ថ្លៃជួលផ្ទះដែលជំពាក់នោះទេ ម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យអាចមានជម្រើសតាមផ្លូវច្បាប់ផ្សេងៗទៀត ដើម្បីទារប្រាក់នោះពីអ្នក។ ករណីនេះ ក៏អាចធ្វើឱ្យខូចក្រេឌីតរបស់អ្នក និងអាចប៉ះពាល់ដល់ឱកាសរបស់អ្នកក្នុងការជួលកន្លែងស្នាក់នៅផ្សេងទៀតនាពេលអនាគតផងដែរ។

ក្នុងកាលៈទេសៈជាក់លាក់មួយចំនួន អ្នកអាចបញ្ឈប់ ឬកម្រិតចំនួនទឹកប្រាក់ដែលត្រូវដកចេញពីប្រាក់បៀវត្សរ៍ ឬគណនីធនាគាររបស់អ្នក។

  • • ប្រភេទនៃការទូទាត់មួយចំនួនត្រូវបានលើកលែង ហើយមិនអាចត្រូវបានគេរឹបអូសដើម្បីយកទៅបង់សងបំណុលតាមសាលក្រមឱ្យម្ចាស់ផ្ទះ/អ្នកគ្រប់គ្រងអចលនទ្រព្យបានឡើយ។ ឧទាហរណ៍នៃប្រាក់ចំណូលដែលត្រូវបានលើកលែងពីការរឹបអូសប្រភេទនេះ រួមមានអត្ថប្រយោជន៍សន្តិសុខសង្គម និងប្រាក់ឧបត្ថម្ភសង្គមកិច្ច។
  • • អ្នកអាចដាក់ពាក្យបណ្ដឹងទាមទារការលើកលែង ដើម្បីបញ្ឈប់ ឬកម្រិតការរឹបអូសយកប្រាក់ចំណូលទាំងនេះបាន។ ចុចទីនេះ ដើម្បីស្វែងយល់ពីរបៀបដាក់ពាក្យបណ្ដឹងទាមទារការលើកលែង សម្រាប់ការរឹបអូសយកប្រាក់បៀវត្សរ៍។