ភាពមានសិទ្ធិទទួលបានកម្មវិធីចាប់ផ្តើមដំបូង

Publications
#F057.06

ភាពមានសិទ្ធិទទួលបានកម្មវិធីចាប់ផ្តើមដំបូង

កម្មវិធីចាប់ផ្តើមដំបូងផ្តល់សេវាបម្រើដល់ទារក និងកុមារតូចៗចាប់ពីកើតរហូតដល់អាយុ 36 ខែ និងដែលមានពិការភាព។ មជ្ឈមណ្ឌលថ្នាក់តំបន់ និងមណ្ឌលសិក្សាធិការធ្វើការផ្តល់សេវាកម្មអន្តរាគមន៍បឋមនានាតាមរយៈកម្មវិធីចាប់ផ្តើមដំបូង រហូតដល់កុមារមានអាយុ 3 ខួប។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

កម្មវិធីចាប់ផ្តើមដំបូងផ្តល់សេវាបម្រើដល់ទារក និងកុមារតូចៗចាប់ពីកើតរហូតដល់អាយុ 36 ខែ និងដែលមានពិការភាព។ មជ្ឈមណ្ឌលថ្នាក់តំបន់ និងមណ្ឌលសិក្សាធិការធ្វើការផ្តល់សេវាកម្មអន្តរាគមន៍បឋមនានាតាមរយៈកម្មវិធីចាប់ផ្តើមដំបូង រហូតដល់កុមារមានអាយុ 3 ខួប។

ការប៉ាន់ប្រមាណ

មនុស្សគ្រប់គ្នាសុទ្ធតែអាចបញ្ជូនទារក ឬកុមារតូចៗឱ្យទៅកាន់កម្មវិធីចាប់ផ្តើមដំបូងនៅតាមមជ្ឈមណ្ឌលថ្នាក់តំបន់ និងមណ្ឌលសិក្សាធិការ។ គ្រប់ទារក និងកុមារតូចៗដែលសង្ស័យថាត្រូវការសេវាកម្មអន្តរាគមន៍បឋមផ្សេងៗ គួរតែទទួលបាននូវការវាយតម្លៃ និងការប៉ាន់ប្រមាណពហុវិស័យពេញលេញឱ្យបានឆាប់រហ័ស។

ភាពមានសិទ្ធិទទួលបាន

ទារក និងកុមារតូចៗអាចមានសិទ្ធិទទួលបានសេវាកម្មនានានៅក្នុងកម្មវិធីចាប់ផ្តើមដំបូង ក្នុងករណីដែលពួកគេមាន៖

  • ការលូតលាស់យឺតយ៉ាវ
  • លក្ខខណ្ឌហានិភ័យដែលមានស្រាប់ ឬ
  • ហានិភ័យខ្ពស់ក្នុងការមានពិការភាពខាងលូតលាស់។

ការលូតលាស់យឺតយ៉ាវមានន័យថាជាការខុសប្លែកគ្នារវាងកម្រិតរំពឹងទុកនៃការលូតលាស់សម្រាប់អាយុរបស់កូនអ្នក និងកម្រិតបំពេញមុខងារបច្ចុប្បន្នរបស់ពួកគេ។ គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 នេះមានន័យថាជាការយឺតយ៉ាវក្នុងកម្រិត 25% ទៅលើផ្នែកមួយឬច្រើននៃផ្នែកលូតលាស់ទាំងប្រាំមួយនេះ៖

  1. ការយល់ដឹង
  2. ផ្នែកផ្លូវកាយ (រួមបញ្ចូលទាំងចលករធំ និងចលករតូចៗ គំហើញ និងការស្ដាប់ឮ)
  3. ការប្រាស្រ័យទាក់ទងបែបសម្ដែងចេញ
  4. ការប្រាស្រ័យទាក់ទងបែបត្រងត្រាប់
  5. ផ្នែកសង្គម ឬអារម្មណ៍ ឬ
  6. ការសម្របខ្លួន។

លក្ខខណ្ឌហានិភ័យដែលមានស្រាប់ គឺជាលក្ខខណ្ឌទាំងឡាយដែលមានបុព្វហេតុដែលគេស្គាល់មួយ ឬផលវិបាកខាងលូតលាស់ដែលបង្កអន្តរាយ។ លក្ខខណ្ឌនោះគួរត្រូវបានធ្វើរោគវិនិច្ឆ័យដោយអ្នកជំនាញ។ ប្រសិនបើមិនមានភាពច្បាស់លាស់នៅពេលធ្វើរោគវិនិច្ឆ័យទេ ករណីនេះទំនងយ៉ាងខ្លាំងក្នុងការនាំទៅរកការលូតលាស់យឺតយ៉ាវ។

ហានិភ័យខ្ពស់ក្នុងការមានពិការភាពខាងលូតលាស់គួរឱ្យកត់សម្គាល់មានន័យថាជាការរួមផ្សំគ្នា (ពីរឬច្រើន) នៃកត្តាបង្កហានិភ័យផ្នែកជីវវេជ្ជសាស្រ្ត ដែលកំណត់ដោយអ្នកជំនាញ។ ទាំងនេះរួមមាន៖

  • ការកើតមិនគ្រប់ខែ ឬកើតមកមានទម្ងន់មិនគ្រប់
  • ពិន្ទុ Apgar ទាប
  • ការប្រកាច់នៃទារកតូច​ទើបកើត
  • ការប៉ះពាល់នឹងការប្រើសារធាតុញៀននៅមុនសម្រាល
  • គ្រោះថ្នាក់ឬជំងឺដែលអាចប៉ះពាល់ធ្ងន់ធ្ងរឬជាអចិន្រ្តៃយ៍ដល់លទ្ធផលលូតលាស់របស់កុមារ ឬ
  • កត្តាផ្សេងៗទៀត

នៅក្នុងអំឡុងពេល 45 ថ្ងៃ បន្ទាប់ពីការបញ្ជូនទៅ មជ្ឈមណ្ឌលថ្នាក់តំបន់ ឬមណ្ឌលសិក្សាធិការត្រូវធ្វើការប៉ាន់ប្រមាណ និងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីភាពមានសិទ្ធិទទួលបាន។ ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួលបាន ពួកគេក៏ត្រូវរៀបចំសេវាកម្មនានានៅក្នុងផែនការផ្តល់សេវាកម្មគ្រួសារជាលក្ខណៈឯកត្តបុគ្គល (IFSP, Individual Family Service Plan) នៅក្នុងអំឡុងពេល 45 ថ្ងៃនោះផងដែរ។

សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងករណីដែលកូនរបស់អ្នកមិនមានសិទ្ធិទទួលបាន

ប្រសិនបើអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ ឬមណ្ឌលសិក្សាធិការមិនយល់ស្របគ្នាថាតើទារក ឬកុមារតូចៗមានសិទ្ធិទទួលបានសេវាកម្មឬអត់នោះ ពួកគេត្រូវជូនដំណឹងដល់អ្នក។ សេចក្តីជូនដំណឹងត្រូវតែ៖

  • ជាភាសាកំណើតរបស់គ្រួសារអ្នក
  • ប្រើប្រាស់ពាក្យពេចន៍ដែលមនុស្សភាគច្រើនអាចយល់បាន
  • និយាយអំពីចំណាត់ការដែលមជ្ឈមណ្ឌលថ្នាក់តំបន់កំពុងស្នើឡើងឬកំពុងធ្វើការបដិសេធ
  • និយាយអំពីហេតុផលនៃចំណាត់ការនោះ
  • ពិពណ៌នាអំពីការសម្រុះសម្រួល និង
  • និយាយអំពីរបៀបដាក់ពាក្យបណ្តឹងថ្នាក់រដ្ឋ បណ្ដឹងដំណើរការកាត់ក្ដីដោយស្មើភាព និងផ្តល់ជូននូវក្របខ័ណ្ឌពេលវេលាណាមួយ។

ការសម្របសម្រួល

អ្នកអាចស្នើសុំឱ្យមានការសម្រុះសម្រួលបាន ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ ឬមណ្ឌលសិក្សាធិការនិយាយថា កូនរបស់អ្នកមិនមានសិទ្ធិទទួលបាន ឬប្រសិនបើអ្នកមិនយល់ស្របអំពីការប៉ាន់ប្រមាណទេនោះ។ កិច្ចប្រជុំសម្រុះសម្រួលរបស់កម្មវិធីចាប់ផ្តើមដំបូង គឺជាវិធីដោះស្រាយក្រៅផ្លូវការចំពោះការមិនយល់ស្របគ្នា។ អ្នកមានជម្រើសក្នុងការធ្វើការសម្រុះសម្រួលឬក៏អត់។ អ្នកអាចប្រើការសម្រុះសម្រួលជាជំហានដំបូង ដើម្បីដោះស្រាយបញ្ហានេះ។ អ្នកក៏អាចស្នើសុំឱ្យមានការសម្រុះសម្រួលនៅក្នុងពេលដាក់ពាក្យបណ្តឹង ឬនៅក្នុងបណ្តឹងតវ៉ា និងដំណើរការសវនាការនៃដំណើរការកាត់ក្ដីដោយស្មើភាព ប្រសិនបើអ្នកគិតថាវាមានលក្ខណៈសមរម្យជាង។ អ្នកអាចនាំអ្នកណាម្នាក់ដើម្បីជួយដល់អ្នកនៅក្នុងពេលសម្រុះសម្រួលបាន។ អ្វីក៏ដោយដែលអ្នកពិភាក្សាគ្នានៅក្នុងពេលសម្រុះសម្រួល ដើម្បីព្យាយាមដោះស្រាយបញ្ហាត្រូវរក្សាទុកជាការសម្ងាត់ ហើយវាមិនអាចត្រូវបានប្រើប្រាស់ជាភ័ស្តុតាងនៅក្នុងសវនាការនៃដំណើរការកាត់ក្ដីដោយស្មើភាពឡើយ។

សូមចូលទៅកាន់ទំព័រ ស្ដីពីការសម្រុះសម្រួលនៃកម្មវិធីចាប់ផ្តើមដំបូង សម្រាប់ព័ត៌មានបន្ថែម។ អ្នកនឹងរកឃើញទម្រង់បែបបទស្នើសុំការសម្រុះសម្រួលជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ និងទីកន្លែងដែលត្រូវផ្ញើ។

សំណើការនៃដំណើរការកាត់ក្ដីដោយស្មើភាព

អ្នកអាចស្នើសុំឱ្យមានសវនាការនៃដំណើរការកាត់ក្ដីដោយស្មើភាពនៅក្រោមកម្មវិធីចាប់ផ្តើមដំបូងបាន ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ ឬមណ្ឌលសិក្សាធិការនិយាយថាកូនរបស់អ្នកមិនមានសិទ្ធិទទួលបាន ឬប្រសិនបើអ្នកមិនយល់ស្របអំពីការប៉ាន់ប្រមាណទេនោះ។ សវនាការគឺមានលក្ខណៈផ្លូវការជាងការសម្រុះសម្រួល ហើយចៅក្រមមួយរូបនឹងធ្វើសេចក្តីសម្រេចចុងក្រោយមួយ។

សូមចូលទៅកាន់ទំព័រ ស្ដីពីដំណើរការកាត់ក្ដីដោយស្មើភាពនៅក្រោមកម្មវិធីចាប់ផ្តើមដំបូង សម្រាប់ព័ត៌មានបន្ថែម។
អ្នកនឹងរកឃើញទម្រង់បែបបទស្នើសុំដំណើរការកាត់ក្ដីដោយស្មើភាពជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ និងទីកន្លែងដែលត្រូវផ្ញើ។

ដើម្បីត្រៀមខ្លួនសម្រាប់សវនាការរបស់អ្នក ចូរប្រមូលព័ត៌មានដែលបង្ហាញថាកូនរបស់អ្នកបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកភាពមានសិទ្ធិទទួលបាន។ ចូរប្រាកដថាព័ត៌មានដែលអ្នកប្រើគឺជាព័ត៌មានត្រឹមត្រូវ និងពន្យល់អំពីតម្រូវការរបស់កូនអ្នកជាលម្អិត។ ដូចគ្នាផងដែរ ចូររកអ្នកដែលមានឆន្ទះទៅសវនាការរបស់អ្នក ហើយប្រាប់ចៅក្រមថាកូនរបស់អ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់យ៉ាងដូចម្តេចខ្លះ។

នៅក្នុងដំណើរការសវនាការនៃកម្មវិធីចាប់ផ្តើមដំបូង អ្នកមានសិទ្ធិ៖

  • ទទួលបានការរក្សាការសម្ងាត់
  • មើលកំណត់ត្រារបស់អ្នក និងបញ្ឈប់ការប្រើប្រាស់កំណត់ត្រាទាំងឡាយណាដែលអ្នកមិនបានឃើញ 5 ថ្ងៃ មុនពេលសវនាការ
  • មានវត្តមាន និងផ្តល់ភ័ស្តុតាងតាមរយៈការនិយាយឬការសរសេរ
  • មានគ្រួសារ មិត្តភក្តិ អ្នកព្យាបាល ឬវេជ្ជបណ្ឌិតផ្ដល់កសិណសាក្សី
  • ប្រើប្រាស់មេធាវី ឬអ្នកតស៊ូមតិ
  • មានអ្នកបកប្រែផ្ទាល់មាត់ ប្រសិនបើភាសាទីមួយរបស់អ្នកមិនមែនជាភាសាអង់គ្លេស និង
  • ទទួលបានសេចក្តីសម្រេចក្នុង 30 ថ្ងៃ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងសុំឱ្យមានដំណើរការកាត់ក្ដីដោយស្មើភាព។

បណ្ដឹងថ្នាក់រដ្ឋ

អ្នកអាចដាក់ពាក្យបណ្តឹងបាន ប្រសិនបើអ្នកជឿជាក់ថាមជ្ឈមណ្ឌលថ្នាក់តំបន់ឬមណ្ឌលសិក្សាធិការបានបំពានច្បាប់របស់រដ្ឋ ឬរបស់សហព័ន្ធអំពីកម្មវិធីចាប់ផ្តើមដំបូង ដោយរួមបញ្ចូលទាំងភាពមានសិទ្ធិទទួលបានផងដែរ។ បុគ្គល ឬអង្គការណាក៏ដោយ ក៏អាចដាក់ពាក្យបណ្តឹងបានដែរ។ អ្នកត្រូវដាក់ពាក្យបណ្តឹងនៅក្នុងអំឡុងពេលមួយឆ្នាំគិតចាប់ពីពេលមានការបំពាន។ ប្រសិនបើអ្នកស្នើសុំឱ្យមានការផ្តល់សំណងមកវិញ ឬចំណាត់ការកែតម្រូវ អ្នកត្រូវដាក់ពាក្យបណ្តឹងនៅក្នុងអំឡុងពេល 3 ឆ្នាំ គិតចាប់ពីពេលមានការបំពាន។

សូមចូលទៅកាន់ទំព័រស្ដីពីបណ្តឹងថ្នាក់រដ្ឋនៃកម្មវិធីចាប់ផ្តើមដំបូង សម្រាប់ព័ត៌មានបន្ថែម។ អ្នកនឹងរកឃើញទម្រង់បែបបទពាក្យបណ្តឹងជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ និងទីកន្លែងដែលត្រូវផ្ញើ។
ក្រសួងសេវាកម្មលូតលាស់នឹងធ្វើការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់អ្នក ហើយផ្ញើសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 60 ថ្ងៃ។

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមអំពីរបៀបទទួលបានសេវាកម្មនានានៅក្រោមកម្មវិធីចាប់ផ្តើមដំបូង សូមហៅទូរសព្ទទៅលេខ (800) 515-BABY (2229) ឬផ្ញើអ៊ីមែលទៅ earlystart@dds.ca.gov.

សម្រាប់ព័ត៌មានអំពីសេវាអន្តរាគមន៍បឋម និងផែនការគាំទ្រគ្រួសារជាលក្ខណៈឯកត្តបុគ្គល (IFSPs) សូមមើល ជំពូកទី 12 នៃសិទ្ធិ និងទំនួលខុសត្រូវស្តីពីការអប់រំពិសេស របស់ DRC។.