គន្លឹះ 15 យ៉ាង សម្រាប់ស្វ័យតស៊ូមតិ

គន្លឹះ 15 យ៉ាង សម្រាប់ស្វ័យតស៊ូមតិ
អ្នកអាចត្រូវការសេវាកម្មនិងការគាំទ្រមួយចំនួន ដើម្បីសម្រេចបានគោលដៅរបស់អ្នក។ នេះមានន័យថា អ្នកអាចប្រាស្រ័យទាក់ទងជាមួយទីភ្នាក់ងារ និងប្រព័ន្ធមួយចំនួនដែលផ្តល់សេវាដល់បុគ្គលដែលមានពិការភាពបាន។ នេះក៏អាចមានន័យថា[អ្នកត្រូវ]ចូលរួមក្នុងកិច្ចប្រជុំ និងការតស៊ូមតិសម្រាប់ខ្លួនឯងផងដែរ។ ស្វ័យតស៊ូមតិ អាចចាប់ផ្តើមបាននូវគ្រប់វ័យទាំងអស់។
អ្នកអាចត្រូវការសេវាកម្មនិងការគាំទ្រមួយចំនួន ដើម្បីសម្រេចបានគោលដៅរបស់អ្នក។ នេះមានន័យថា អ្នកអាចប្រាស្រ័យទាក់ទងជាមួយទីភ្នាក់ងារ និងប្រព័ន្ធមួយចំនួនដែលផ្តល់សេវាដល់បុគ្គលដែលមានពិការភាពបាន។ នេះក៏អាចមានន័យថា[អ្នកត្រូវ]ចូលរួមក្នុងកិច្ចប្រជុំ និងការតស៊ូមតិសម្រាប់ខ្លួនឯងផងដែរ។ ស្វ័យតស៊ូមតិ អាចចាប់ផ្តើមបាននូវគ្រប់វ័យទាំងអស់។
ខិត្តប័ណ្ណព័ត៌មាននេះ រួមបញ្ចូលនូវគន្លឹះសំខាន់ៗសម្រាប់ជួយអ្នកត្រៀមរៀបចំខ្លួនសម្រាប់កិច្ចប្រជុំ បង្កើតផែនការសេវាកម្ម និងដោះស្រាយវិវាទដែលអាចកើតមានឡើងក្នុងកិច្ចដំណើរការនេះ។
1. អ្នកគឺជាបុគ្គលសំខាន់ជាងគេនៅក្នុងកិច្ចដំណើរការនេះ
សំឡេងរបស់អ្នក និងជម្រើសរបស់អ្នកគឺជាបញ្ហាសំខាន់។ គិតអំពីអ្វីដែលអ្នកត្រូវការ។ តើអ្នកមានគោលដៅអ្វីខ្លះ? តើអ្នកស្ថិតនៅកន្លែងណានាពេលនេះ? តើអ្នកត្រូវការអ្វីខ្លះដើម្បីអាចសម្រេចគោលដៅទាំងអស់នេះបាន? នៅពេលដែលអ្នកអាចឆ្លើយនឹងសំណួរទាំងអស់នេះបាន អ្នកនឹងអាចយល់ដឹងបានប្រសើរជាងមុនថាតើសេវាកម្ម ទីភ្នាក់ងារ និងអង្គការអ្វីខ្លះដែលគប្បីត្រូវរួមបញ្ចូលទៅក្នុងកិច្ចដំណើរការនៃការធ្វើផែនការរបស់អ្នក។
2. រក្សាទុកកំណត់ត្រា
រក្សាទុកសំណៅថតចម្លងនៃឯកសារ ការវាយតម្លៃ លិខិត និងការជូនដំណឹងនានា។ អ្នកអាចរក្សាទុកឯកសារទាំងអស់នេះបាននៅក្នុងសំណុំឯកសារ ឬក្នុងសៀវភៅកំណត់ត្រាក៏បាន។ អ្នកក៏អាចស្កែន ឬថតរូបឯកសារទាំងអស់នោះទុក ដើម្បីបង្ការកុំឲ្យឯកសារសំខាន់ៗរបស់អ្នកត្រូវបាត់បង់។
ទីភ្នាក់ងារភាគច្រើន ជាទូទៅត្រូវបានតម្រូវឲ្យផ្តល់សំណៅថតចម្លងនៃកំណត់ត្រារបស់អ្នកជូនដល់អ្នក។ ប្រសិនបើអ្នកត្រូវការកំណត់ត្រាណាមួយដែលអ្នកពុំទាន់មាននៅឡើយ អ្នកអាចស្នើសុំសំណៅថតចម្លងនៃកំណត់ត្រារបស់អ្នកនោះបានគ្រប់ពេលវេលាទាំងអស់។
ប្រសិនបើអ្នកត្រូវការជជែកជាមួយអ្នកណាម្នាក់តាមទូរសព្ទ សូមសរសេរឈ្មោះនិងតួនាទីរបស់បុគ្គលដែលអ្នកចង់និយាយជាមួយនោះ និងទីភ្នាក់ងារដែលពួកធ្វើការឲ្យ។ អ្នកអាចផ្ញើលិខិតមួយច្បាប់ ឬអ៊ីម៉ែលមួយដែលនិយាយអំពីកិច្ចសន្ទនាដែលអ្នកបាននិយាយ និងព័ត៌មានដែលពួកគេបានចែករំលែកជាមួយអ្នក។ អ្នកក៏អាចស្នើសុំឲ្យពួកគេផ្ញើព័ត៌មាននៅក្នុងលិខិតនោះមកអ្នក ឬផ្ញើអ៊ីម៉ែលមកអ្នកក៏បាន។
ប្រសិនបើអ្នកពុំច្បាស់ថាតើកំណត់ត្រាមួយដែលមានសារៈសំខាន់សម្រាប់ចែករំលែកជាមួយទីភ្នាក់ងារណាមួយ សូមគិតអំពី៖ តើអ្នកឯកភាពនឹងអ្វីដែលកំណត់ត្រានោះបាននិយាយអំពីអ្នកដែរឬទេ? តើកំណត់ត្រានោះពិតជួយបង្ហាញថាតើអ្នកត្រូវការសេវាដែលអ្នកកំពុងស្នើសុំនោះដែរឬទេ? ប្រសិនបើកំណត់ត្រារបស់អ្នកជួយអ្នកនៅក្នុងកិច្ចខិតខំប្រែងស្វ័យតស៊ូមតិនេះ សូមយកឯកសារទាំងនោះទៅជាមួយនៅក្នុងកិច្ចប្រជុំ ឬភ្ជាប់ឯកសារទាំងនោះជាមួយសំណើសុំបើកកិច្ចប្រជុំរបស់អ្នក។ វាក៏មានសារៈសំខាន់ផងដែរក្នុងការរក្សាទុកកំណត់ត្រាអំពីបុគ្គលដែលអ្នកបានផ្តល់ជូនទៅឲ្យ និងពេលវេលានិងព័ត៌មានអ្វីខ្លះដែលអ្នកបានផ្តល់ជូនទៅពួកគេ។
3. ស្នើសុំអ្វីដែលអ្នកត្រូវការ
បើទោះបីជាទីភ្នាក់ងារមួយចំនួនមានរៀបចំកិច្ចប្រជុំធ្វើផែនការជារៀងរាល់ឆ្នាំក៏ដោយ អ្នកអាចស្នើសុំបើកកិច្ចប្រជុំមួយឬស្នើសុំសេវាកម្មណាមួយបានគ្រប់ពេលវេលាទាំងអស់។ យើងសូមណែនាំឲ្យអ្នកដាក់សំណើសុំជាលាយលក្ខណ៍អក្សរ និងរៀបរាប់អំពីអ្វីដែលអ្នកចង់និយាយនៅក្នុងកិច្ចប្រជុំនោះ។ វាជាការចាំបាច់ដែលត្រូវដាក់សំណើសុំរបស់អ្នកនៅពេលណាដែលអាចចូលរួមប្រជុំបាន។ អ្នកគប្បីផ្ញើសំណើសុំនោះទៅកាន់បុគ្គលដែលអ្នកនឹងចង់អញ្ជើញឲ្យមកចូលរួមក្នុងកិច្ចប្រជុំរបស់អ្នក។ អ្នកក៏អាចរួមបញ្ចូលនូវកាលបរិច្ឆេទផុតកំណត់ដែលអ្នកចង់ឲ្យទីភ្នាក់ងារនោះធ្វើការឆ្លើយតបនឹងសំណើសុំរបស់អ្នកផងដែរ។ កាលបរិច្ឆេទផុតកំណត់ដែលសមស្រប គប្បីអនុញ្ញាតឲ្យទីភ្នាក់ងារនោះមានពេលវេលាគ្រប់គ្រាន់ដើម្បីពិចារណាអំពីសំណើរបស់អ្នក និងគប្បីបំពេញតាមតម្រូវការរបស់អ្នក។
4. ភាសាចម្បង
អ្នកមានសិទ្ធិទទួលបានពត៌មានជាភាសាដែលអ្នកប្រើប្រាស់ជាចម្បងបាន។ អ្នកមានសិទ្ធិស្នើសុំអ្នកបកប្រែភាសាម្នាក់ទៅជាភាសាដែលអ្នកប្រើជាចម្បង រួមបញ្ចូលទាំងភាសាសញ្ញាអាមេរិក (American Sign Language, ASL) ផងដែរ។ ប្រសិនបើអ្នកមានពិការភាព អ្នកមានសិទ្ធិទទួលបានព័ត៌មានក្នុងជម្រើសផ្សេងទៀត ដូចជា ឯកសារព្រីនជាអក្សរធំៗ អក្សរស្ទាប ឬទម្រង់ដទៃផ្សេងទៀត។ អ្នកអាចស្នើសុំទីភ្នាក់ងារណាមួយឲ្យផ្តល់ជូននូវអ្នកបកប្រែម្នាក់នៅក្នុងកិច្ចប្រជុំ និង/ឬការបកប្រែសម្រាប់ឯកសារជាភាសាដែលអ្នកប្រើជាចម្បង ឬនៅក្នុងទម្រង់ណាមួយផ្សេងទៀត។
5. ដឹងពីសិទ្ធិរបស់អ្នក
ទីភ្នាក់ងារមានប្រភេទខុសៗគ្នាជាច្រើន ដែលជួយដល់បុគ្គលដែលមានពិការភាព។ មនុស្សខ្លះត្រូវការសេវាណាមួយពីទីភ្នាក់ងារខុសៗគ្នាៗ។ មនុស្សខ្លះទៀត អាចត្រូវការសេវាតែពីទីភ្នាក់ងារមួយឬពីរតែប៉ុណ្ណោះ។
ទីភ្នាក់ងារនីមួយៗ អាចមានច្បាប់ គោលនយោបាយ និងនីតិវិធីខុសៗគ្នាដែលគ្រប់គ្រងលើពលរដ្ឋដែលពួកគេផ្តល់សេវាជូន ប្រភេទនៃសេវាកម្មដែលពួកគេផ្តល់ជូន និងដំណើរការអ្វីខ្លះដែលពួកប្រើសម្រាប់ការផ្តល់សេវាជូនដល់បុគ្គលដែលមានពិការភាពនោះ។ Disability Rights California (អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា) ផ្តល់ការគាំទ្រនិងព័ត៌មានអំពីទីភ្នាក់ងារនានាដែលផ្តល់សេវាដល់បុគ្គលដែលមានពិការភាពនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ដើម្បីពិនិត្យមើលឯកសារបោះពុម្ពផ្សាយរបស់យើង ឬស្នើសុំជំនួយ សូមចូលទៅកាន់ www.disabilityrightsca.org ឬទូរសព្ទទៅលេខ (800) 776-5746។
ទីភ្នាក់ងារជាច្រើនបង្ហោះតំណភ្ជាប់ទៅកាន់ច្បាប់ដែលពាក់ព័ន្ធនានានៅលើគេហទំព័ររបស់ពួកគេ។ សម្រាប់ព័ត៌មានបន្ថែមអំពីការអប់រំពិសេស សូមមើល នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education)៖ www.cde.ca.gov។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មសម្រាប់បុគ្គលដែលមានពិការភាពផ្នែកប្រាជ្ញាស្មារតីឬពិការភាពផ្នែកលូតលាស់/សេវាកម្មរបស់មជ្ឈមណ្ឌលក្នុងតំបន់ សូមមើលនាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់រដ្ឋកាលីហ្វ័រញ៉ា (California Department of Developmental Services)៖ www.dds.ca.gov។ សម្រាប់ព័ត៌មានអំពីសេវាកម្មជំនួយមុនពេលមានការងារធ្វើ និងកម្មវិធីស្តារនីតិសប្បទាវិជ្ជាជីវៈ សូមមើល នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា (California Department of Rehabilitation)៖ www.dor.ca.gov។
6. ត្រៀមរៀបចំខ្លួន
នៅមុនពេលកិច្ចប្រជុំ ត្រូវទុកពេលខ្លះសម្រាប់ខ្លួនឯងដើម្បីពិនិត្យមើលឯកសារ ការវាយតម្លៃ និងកំណត់ត្រាផ្សេងៗ។ ប្រសិនបើទីភ្នាក់ងារដែលអ្នកនឹងត្រូវទៅជួបជាមួយនោះ នឹងចែករំលែកនូវការវាយតម្លៃឬរបាយការណ៍ថ្មីណាមួយជាមួយអ្នកនៅក្នុងកិច្ចប្រជុំខាងមុខនោះ អ្នកអាចស្នើសុំសំណៅថតចម្លងមួយច្បាប់នៅមុនកិច្ចប្រជុំនោះបាន។ អ្នកអាចជ្រើសរើសជជែកជាមួយសមាជិកគ្រួសារ មិត្តភក្តិ គ្រូបង្រៀន និងអ្នកជំនាញដើម្បីជួយអ្នកធ្វើការត្រៀមរៀបចំខ្លួន។ ត្រូវប្រាកថា បុគ្គលដែលអ្នកចង់ឲ្យមានវត្តមាននៅក្នុងកិច្ចប្រជុំរបស់អ្នក នឹងមានវត្តមាននៅទីនោះ ហើយពួកគាត់មានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចអំពីសេវាកម្មរបស់អ្នក។
7. ធ្វើផែនការ
នៅមុនពេលកិច្ចប្រជុំ គិតអំពីគោលដៅ តម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នក។ ធ្វើគ្រោងអំពីអ្វីដែលអ្នកចង់និយាយនៅក្នុងកិច្ចប្រជុំនោះ។ ប្រសិនបើអ្នកស្នើសុំសេវាកម្មណាមួយ វាជាការល្អដែលអ្នកត្រូវធ្វើការកត់ត្រាទុកនូវមូលហេតុដែលអ្នកគិតថាអ្នកត្រូវការសេវាកម្មនោះ។ អ្នកអាចយកមកជាមួយនូវឯកសារនានាដែលអាចជួយផ្តល់ជាអំណះអំណាគាំទ្រដល់សំណើសុំរបស់អ្នក។ ឧទាហរណ៍៖ កំណត់ត្រាវេជ្ជសាស្រ្ត ការវាយតម្លៃ កំណត់ត្រាពីទីភ្នាក់ងារណាមួយ ព័ត៌មានអំពីទីផ្សារការងារ និងការស្រាវជ្រាវតាមអនឡាញ។ អ្នកក៏អាចសរសេរចូលនូវសំណួរនានាដែលអ្នកមាន ដើម្បីប្រាកដថា អ្នកមិនភ្លេចសួរសំណួរទាំងនោះនៅក្នុងកិច្ចប្រជុំ។
8. ចូលរួម
អ្នកគឺជាមនុស្សសំខាន់នៅក្នុងកិច្ចប្រជុំនេះ។ វាជាការសំខាន់ដែលអ្នកត្រូវចែករំលែកឲ្យគេបានដឹងអំពីគោលដៅ សមត្ថភាព ចំណាប់អារម្មណ៍ លទ្ធភាព និងបញ្ហាប្រឈមនានារបស់អ្នក។ នៅក្នុងកិច្ចប្រជុំ សូមកុំភ្លេចសួរសំណួរនានា ចែករំលែកព័ត៌មាន និងផ្តល់ជាគំនិតយោបល់។ ប្រសិនបើអ្នកមិនយល់អំពីអ្វីដែលបានកំពុងលើកឡើងទេ ឬអ្វីដែលបានផ្តល់ជូនមកអ្នកជាលាយលក្ខណ៍អក្សរទេ សូមសាកសួរអំពីបញ្ហានេះ។ អ្នកមានសិទ្ធិក្នុងការសាកសួរសំណួរជាច្រើនតាមដែលអ្នកចង់ដើម្បីយល់ដឹងឲ្យបានច្បាស់អំពីអ្វីដែលកំពុងកើតមាន។ ប្រសិនបើអ្នកមានសំណួរ របាយការណ៍ ការវាយតម្លៃ ឬកំណត់ត្រាដែលជួយជាអំណះអំណាងគាំទ្រដល់សំណើសុំរបស់អ្នក វាជាការចាំបាច់ដែលអ្នកត្រូវចែករំលែកព័ត៌មានទាំងនោះជាមួយបុគ្គល ឬទីភ្នាក់ងារដែលពាក់ព័ន្ធ។
ប្រសិនបើអ្នកបានស្នើសុំសេវាកម្មណាមួយ ឬបានសួរសំណួរណាមួយ សូមស្តាប់ការឆ្លើយតបពីភាគីដទៃ និងអ្វីដែលពួកគេចង់និយាយ។ ត្រូវប្រាកដថាពួកគេឆ្លើយតបនឹងសំណួររបស់អ្នក។ សាកសួរពួកគេអំពីមូលហេតុនៃការសម្រេចរបស់ពួកគេ។ អ្នកអាចស្នើសុំឲ្យពួកគេពន្យល់អំពីសេចក្តីសម្រេចរបស់ពួកគេជាលាយលក្ខណ៍អក្សរបាន។ ប្រសិនបើសេចក្តីសម្រេចនោះធ្វើឡើងតាមច្បាប់ គោលនយោបាយ ឬនីតិវិធីណាមួយ អ្នកអាចស្នើសុំសំណៅថតចម្លងមួយច្បាប់បាន។
ប្រសិនបើអ្នកត្រូវការជំនួយ ឬសេវាជំនួយគាំទ្រដើម្បីចែករំលែកគំនិតរបស់អ្នក និងសាកសួរសំណួរណាមួយ អ្នកអាចស្នើសុំជំនួយនៅពេលមុនកិច្ចប្រជុំ ឬនៅឯកិច្ចប្រជុំ។ អ្នកក៏អាចនាំនរណាម្នាក់ពីក្រុមអ្នកគាំទ្ររបស់អ្នកឲ្យទៅចូលរួមកិច្ចប្រជុំជាមួយអ្នកក៏បាន ប្រសិនបើពួកគេត្រូវការជួយចែករំលែកគំនិតទស្សនៈរបស់អ្នក។
9. មានការច្នៃប្រឌិត
កិច្ចដំណើរការនៃការធ្វើផែនការ គប្បីធ្វើឡើងទៅតាមតម្រូវការបុគ្គល។ នេះមានន័យថា សេវាកម្មរបស់អ្នកគប្បីតម្រូវទៅតាមការចង់បានរបស់អ្នក។ លើកទឹកចិត្តដល់មនុស្សដទៃឲ្យស្វែងយល់ពីរបៀបខុសៗគ្នាក្នុងការបំពេញការងារអ្វីមួយ ជាពិសេសប្រសិនបើវិធីបច្ចុប្បន្ននេះមិនមានប្រសិទ្ធភាពសម្រាប់អ្នក។
10. ធ្វើការរួមគ្នា
ទីភ្នាក់ងារនីមួយៗ និងបុគ្គលិកម្នាក់ៗ មានជំនាញ និងចំណេះដឹងខុសៗគ្នាក្នុងការចែករំលែក។ ត្រូវស្តាប់ទស្សនៈយល់ឃើញ និងគំនិតរបស់ពួកគេ។ សាកសួរអំពីធនធាន សេវាកម្ម និងសាច់រឿងជោគជ័យរបស់មនុស្សដទៃ។ ត្រង់ចំណុចណាដែលមានការខ្វែងគំនិតគ្នា ត្រូវរំឮកដល់ក្រុមការងារអំពីគោលដៅរួមគ្នា គឺការគាំទ្រដល់ការសម្រេចបានជោគជ័យរបស់អ្នក។
11. ចូលរួមជាមតិយោបល់ជាជាងជជែកយកតែឈ្នះ
មនុស្សគ្រប់គ្នា ជាពិសេសរូបអ្នកផ្ទាល់ ទទួលបានជំនួយនៅក្នុងកិច្ចដំណើរការនៃការធ្វើផែនការនេះ។ ត្រូវដឹងឲ្យច្បាស់អំពីអ្វីដែលចង់បាន។ សួរបញ្ជាក់អំពីអ្វីដែលទីភ្នាក់ងាររបស់អ្នកអាចធ្វើបាន និងអ្វីដែលពួកគេមិនអាចធ្វើបាន។
ពេលខ្លះ គំនិតសមស្របមួយចំនួន មិនអាចយល់ស្របតាមបាន។ ក្នុងការធ្វើសេចក្តីសម្រេចថាតើអ្នកចង់ដោះស្រាយការខ្វែងគំនិតគ្នានោះ ត្រូវចងចាំទុកក្នុងចិត្តថា អ្នកនឹងត្រូវធ្វើការជាមួយគ្នារយៈពេលយូរអង្វែងជាមួយទីភ្នាក់ងារដែលកំពុងផ្តល់សេវានោះ។ ចាំបាច់ត្រូវលើកឡើងពីបញ្ហានេះនៅពេលណាដែលអ្នកមិនយល់ស្រប។ ប្រសិនបើអ្នកគិតថា ការជជែកអំពីការខ្វែងគំនិតគ្នានេះ គឺមិនបានជួយអ្វីដល់ការដោះស្រាយបញ្ហានេះ ឬទីភ្នាក់ងារពុំបានផ្លាស់ប្តូរគំនិតរបស់ពួកគេទេ អ្នកអាចសម្រេចចិត្តជជែកដេញដោលលើការសម្រេចរបស់ពួកគេ ជាជាងបន្តការពិភាក្សា។
ករណីភាគច្រើន អ្នកមានសិទ្ធិក្នុងការទទួលបានសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬលិខិតមួយច្បាប់ដែលពន្យល់អំពីមូលហេតុដែលសំណើសុំណាមួយត្រូវបានបដិសេធ។ ប្រសិនបើអ្វីដែលអ្នកស្នើសុំត្រូវបានគេបដិសេធ ឬប្រសិនបើព័ត៌មានដែលបានចែករំលែកនៅក្នុងកិច្ចប្រជុំនោះហាក់ដូចជាពុំត្រូវនឹងរឿងរបស់អ្នក សូមស្នើសុំសំណៅថតចម្លងនៃច្បាប់ ឬគោលនយោបាយដែលទីភ្នាក់ងារនោះកំពុងប្រើដើម្បីធ្វើជាអំណះអំណាងលើសេចក្តីសម្រេចរបស់ពួកគេ។ អ្នកមានសិទ្ធិក្នុងការដឹងអំពីអំពីមូលហេតុដែលគេបដិសេធលើសេវាកម្មរបស់អ្នក មូលហេតុដែលមានការផ្លាស់ប្តូរនៅក្នុងសេវាកម្មរបស់អ្នក ឬមូលហេតុដែលគេបញ្ចប់សេវាកម្មរបស់អ្នក។
12. សិទ្ធិក្នុងការប្តឹងឧទ្ធរណ៍របស់អ្នក
អ្នកមានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ដើម្បីតវ៉ាចំពោះការសម្រេចណាមួយ ប្រសិនបើអ្នកមិនឯកភាព។ អ្នកមានសិទ្ធិក្នុងការសាកសួរអំពីដំណើរការអ្វីខ្លះដែលអ្នកអាចប្រើដើម្បីតវ៉ាចំពោះការសម្រេចណាមួយដែលអ្នកមិនយល់ស្របជាមួយ។ អ្នកមានសិទ្ធិឲ្យគេផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរជូនអ្នកបាន។ ដំណើរការបណ្តឹងឧទ្ធរណ៍ជាច្រើនមានកាលវេលាកំណត់ដែលពាក់ព័ន្ធនឹងថាតើអ្នកមានពេលវេលាយូរប៉ុណ្ណាសម្រាប់ការតវ៉ាលើសេចក្តីសម្រេចណាមួយ។ ត្រូវប្រាកដថា អ្នកយល់ដឹងអំពីដំណើរការ និងកាលវេលាច្បាស់លាស់ ប្រសិនបើអ្នកមានគម្រោងធ្វើការតវ៉ាលើការសម្រេចណាមួយ។
13. ដំណោះស្រាយបណ្តោះអាសន្ន
អ្នកអាចមានបញ្ហា ឬសំណើសុំណាមួយដែលមិនអាចដោះស្រាយបាននៅក្នុងកិច្ចប្រជុំ។ ប្រសិនមានបញ្ហាបែបនេះមែន សូមជជែកអំពីការធ្វើផែនការសកម្មភាពរយៈពេលខ្លី ដែលធានាថាអ្នកនឹងមានសេវាកម្មដែលអ្នកត្រូវការនៅពេលដែលបញ្ហានោះកំពុងត្រូវបានដោះស្រាយ។
14. បញ្ជាក់ពីកិច្ចព្រមព្រៀង និងចំណុចសកម្មភាព
នៅមុនពេលបញ្ចប់កិច្ចប្រជុំ សូមអានកំណត់របស់អ្នកសាឡើងវិញអំពីកិច្ចព្រមព្រៀងនានា និងចំណុចសកម្មភាព ដែលអ្នកបានពិភាក្សា ដើម្បីប្រាកដថាអ្នកគ្រប់គ្នាមានការយល់ដឹងដូចគ្នាអំពីកិច្ចប្រជុំនេះ។ អ្នកក៏អាចស្នើសុំឲ្យទីភ្នាក់ងារនោះអានកំណត់ត្រាជូនអ្នកស្តាប់ផងដែរ។ អ្នកអាចផ្ញើអ៊ីម៉ែលដើម្បីតាមដាន ឬលិខិតមួយច្បាប់ទៅក្រុមការងារអំពីអ្វីដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំនោះ។ ការធ្វើបែបនេះ នឹងជួយដល់អ្នកក្នុងការបង្កើតកំណត់ត្រានៃកិច្ចប្រជុំរបស់អ្នក ដែលអ្នកអាចរក្សាទុកបាន ប្រសិនបើអ្នកមានសំណួរណាមួយនៅពេលក្រោយ។
15. ការចុះហត្ថលេខាលើឯកសារនានា
ត្រូវប្រាកដថា អ្នកបានអានឯកសារនានា នៅមុនពេលអ្នកចុះហត្ថលេខាលើឯកសារទាំងនោះ។ អ្នកមានសិទ្ធិក្នុងការត្រួតពិនិត្យឡើងវិញលើឯកសារទាំងមូលនៅមុនពេលអ្នកចុះហេត្ថលេខា។ អ្នកមិនចាំបាច់ត្រូវតែចុះហត្ថលេខានៅផែនការ ឬឯកសារដទៃផ្សេងទៀតនៅក្នុងកិច្ចប្រជុំនោះទេ។ អ្នកអាចស្នើសុំយកសំណៅថតចម្លងមួយច្បាប់មកផ្ទះបាន។ អ្នកប្រហែលជាចង់ពិភាក្សាអំពីឯកសារនោះជាមួយគ្រួសារ មិត្តភក្តិ ឬអ្នកជំនាញរបស់អ្នកនៅមុនពេលអ្នកចុះហត្ថលេខា។ ប្រសិនបើអ្នកមិនឯកភាពជាមួយឯកសារណាមួយ ឬចង់ធ្វើការកែប្រែលើឯកសារនោះ អ្នកអាចស្នើសុំទីភ្នាក់ងារនោះឲ្យធ្វើការកែប្រែនៅមុនពេលអ្នកចុះហត្ថលេខា។ ចុះហត្ថលេខាតែលើចំណុចដែលអ្នកយល់ស្របតែប៉ុណ្ណោះ និងត្រូវកត់ត្រាទុកអំពីអ្វីដែលអ្នកមិនយល់ស្របនៅលើឯកសារតែមួយនោះ ឬនៅលើលិខិតអមដែលអ្នកភ្ចាប់ជូនជាមួយឯកសារនោះទេ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.