របៀបដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ FEMA បន្ទាប់ពីគ្រោះមហន្តរាយ

របៀបដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ FEMA បន្ទាប់ពីគ្រោះមហន្តរាយ
ផ្ទះរបស់អ្នកត្រូវបានធ្វើឲ្យខូចខាតដោយគ្រោះធម្មជាតិ ហើយអ្នកឆ្ងល់ថាតើមានអ្វីបន្ទាប់ទៀត។ ទីភ្នាក់ងាររដ្ឋាភិបាលដែលអាចជួយអ្នកបន្ទាប់ពីគ្រោះមហន្តរាយគឺទីភ្នាក់ងារគ្រប់គ្រងអាសន្នសហព័ន្ធ (Federal Emergency Management Agency, FEMA)។ ប្រាក់សម្រាប់បុគ្គល និងគ្រួសារប្រែជាមាននៅពេលដែលការប្រកាសរបស់ប្រធានាធិបតីត្រូវបានធ្វើឡើងសម្រាប់តំបន់របស់អ្នក។ បញ្ជីនៃការប្រកាសអំពីគ្រោះមហន្តរាយទាំងអស់។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
I. ការយល់អំពីកម្មវិធីបុគ្គល និងគ្រួសារ
តើ FEMA អាចជួយខ្ញុំយ៉ាងដូចម្តេចបន្ទាប់ពីគ្រោះមហន្តរាយ?
ផ្ទះរបស់អ្នកត្រូវបានធ្វើឲ្យខូចខាតដោយគ្រោះធម្មជាតិ ហើយអ្នកឆ្ងល់ថាតើមានអ្វីបន្ទាប់ទៀត។ ទីភ្នាក់ងាររដ្ឋាភិបាលដែលអាចជួយអ្នកបន្ទាប់ពីគ្រោះមហន្តរាយគឺទីភ្នាក់ងារគ្រប់គ្រងអាសន្នសហព័ន្ធ (Federal Emergency Management Agency, FEMA)។ ប្រាក់សម្រាប់បុគ្គល និងគ្រួសារប្រែជាមាននៅពេលដែលការប្រកាសរបស់ប្រធានាធិបតីត្រូវបានធ្វើឡើងសម្រាប់តំបន់របស់អ្នក។ បញ្ជីនៃការប្រកាសអំពីគ្រោះមហន្តរាយទាំងអស់។
កម្មវិធីបុគ្គល និងគ្រួសារ (Individuals and Households Program, IHP) ជួយអ្នករស់រានមានជីវិតងើបឡើងវិញពីគ្រោះមហន្តរាយដោយផ្តល់សេវាកម្មផ្ទាល់ និងប្រាក់ដើម្បីធ្វើការជួសជុលក្រោយគ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវយល់ថា ជំនួយ IHP មានសម្រាប់តែបំពេញតម្រូវការមូលដ្ឋានរបស់អ្នកប៉ុណ្ណោះ។ គោលដៅនៃមូលនិធិ FEMA គឺដើម្បីធ្វើឱ្យផ្ទះរបស់អ្នកមានសុវត្ថិភាពក្នុងការរស់នៅ មិនមែនដើម្បីស្ដារផ្ទះរបស់អ្នកឱ្យដូចស្ថានភាពដើមដូចមុនគ្រោះមហន្តរាយនោះទេ។
ប្រសិនបើអ្នកទទួលបានជំនួយប្រាក់ចំណូលដូចជា ប្រាក់ចំណូលរបបសន្តិសុខសង្គម (SSI/SSDI) មូលនិធិ FEMA មិនត្រូវបានចាត់ទុកថាជាប្រាក់ចំណូលនោះទេ។ ការទទួលជំនួយហិរញ្ញវត្ថុ FEMA នឹងមិនប៉ះពាល់ដល់ភាពមានសិទ្ធិទទួលបានជំនួយពីសហព័ន្ធផ្សេងទៀតទេ។
តើជំនួយ IHP គ្របដណ្តប់លើអ្វីខ្លះ?
ជំនួយ IHP ចែកចេញជាពីរប្រភេទ៖ ជំនួយលំនៅឋាន និងជំនួយតម្រូវការផ្សេងៗ។
1. ជំនួយលំនៅឋាន
ជំនួយលំនៅឋានអាចត្រូវបានប្រើប្រាស់សម្រាប់៖
- ការជួសជុលផ្ទះ
- ការជួល បើអ្នកត្រូវជួលកន្លែងមួយផ្សេងទៀត ព្រោះផ្ទះរបស់អ្នកមិនមានសុវត្ថិភាពបន្ទាប់ពីគ្រោះមហន្តរាយ
- សណ្ឋាគារ ឬកន្លែងស្នាក់នៅបណ្តោះអាសន្ន ប្រសិនបើផ្ទះរបស់អ្នកមិនមានសុវត្ថិភាពក្នុងការស្នាក់នៅក្នុងនោះ។ FEMA ក៏អាចផ្តល់ឱ្យអ្នកនូវលំនៅឋានបណ្តោះអាសន្ននៅក្នុងរថយន្តសណ្តោង ឬផ្ទះចល័តក្នុងអំឡុងពេលនេះផងដែរ។
- ការប្ដូរផ្ទះរបស់អ្នក ប្រសិនបើវាត្រូវបានបំផ្លាញនៅក្នុងគ្រោះមហន្តរាយ។
2. ជំនួយតម្រូវការផ្សេងៗ
ជំនួយតម្រូវការផ្សេងៗ (Other Needs Assistance, ONA) អាចជួយរ៉ាប់រងលើតម្រូវការផ្សេងទៀតដែលមិនមែនជាការជួសជុលផ្ទះ។ ប្រភេទនេះផ្តល់នូវភាពបត់បែន ដែលអនុញ្ញាតឱ្យអ្នកទទួលបានប្រាក់ដើម្បីជួយផ្គត់ផ្គង់តម្រូវការហិរញ្ញវត្ថុលើសពីការចំណាយលើផ្ទះបន្ទាប់ពីគ្រោះមហន្តរាយ។ ជំនួយតម្រូវការផ្សេងៗមួយចំនួនត្រូវបានផ្តល់ជាប្រាក់កម្ចីរយៈពេលវែងដែលមានការប្រាក់ទាបពីរដ្ឋបាលអាជីវកម្មខ្នាតតូច។ ប្រាក់កម្ចីទាំងនេះអាចត្រូវបានប្រើសម្រាប់ការចំណាយលើការរើចេញ និងការរក្សាទុកដាក់ ជំនួយក្នុងការដឹកជញ្ជូន ការធានារ៉ាប់រងទឹកជំនន់ ឬការប្តូរថ្មី ឬជួសជុលទ្រព្យសម្បត្តិផ្ទាល់ខ្លួនចាំបាច់។
មានប្រភេទផ្សេងទៀតនៃជំនួយតម្រូវការផ្សេងៗដែលមិនអាស្រ័យលើរដ្ឋបាលអាជីវកម្មខ្នាតតូច ឧទាហរណ៍ ការចំណាយសម្រាប់ពិធីបុណ្យសព វិក្កយបត្រវេជ្ជសាស្ត្រ និងទន្តសាស្ត្រ ជំនួយតម្រូវការសំខាន់ចាំបាច់ខ្លាំង (តម្រូវការប្រចាំថ្ងៃជាមូលដ្ឋាននៃទឹក អាហារ ឱសថ របស់របរសម្រាប់រក្សាអនាម័យ) ជំនួយក្នុងការសម្អាត និង/ឬដកចេញ ការថែទាំកុមារ។
II. ភាពមានសិទ្ធិទទួលបាន
កម្មវិធីបុគ្គល និងគ្រួសារ (IHP) មានលក្ខខណ្ឌតម្រូវនៃភាពមានសិទ្ធិទទួលបានជាក់លាក់។ លក្ខខណ្ឌតម្រូវទូទៅដើម្បីទទួលបានជំនួយ IHP គឺ៖
1. ស្ថានភាពសញ្ជាតិ៖
អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋអាមេរិក ជនជាតិមិនមែនជាពលរដ្ឋ ឬអ្នកមិនមែនជាពលរដ្ឋដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់។ អ្នកមិនមែនជាពលរដ្ឋដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់រួមមាននិវេសនជនអចិន្ត្រៃយ៍ស្របច្បាប់ (អ្នកកាន់ប័ណ្ណបៃតង) ជនសុំសិទ្ធិជ្រកកោន ជនភៀសខ្លួន ជនមិនមែនជាពលរដ្ឋដែលការនិរទេសកំពុងត្រូវបានតម្កល់ទុក ឬជនមិនមែនជាពលរដ្ឋដែលត្រូវបានដោះលែងមុនកំណត់ដោយមានលក្ខខណ្ឌឱ្យចូលទៅនៅក្នុងសហរដ្ឋអាមេរិកយ៉ាងហោចណាស់មួយឆ្នាំ។
ជនដែលមិនមែនជាពលរដ្ឋអាចនឹងនៅតែអាចទទួលបានជំនួយប្រសិនបើពួកគេជាមាតាបិតា ឬអាណាព្យាបាលដែលដាក់ពាក្យសុំជំនួសកូនជាអនីតិជន ដែលជាពលរដ្ឋអាមេរិក ហើយរស់នៅក្នុងគ្រួសារតែមួយ។
2. ការផ្ទៀងផ្ទាត់អត្តសញ្ញាណ៖
FEMA ត្រូវតែផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យសុំជាមួយនឹងលេខរបបសន្តិសុខសង្គម (SSN) ដែលមានសុពលភាពមុនពេលពួកគេអាចផ្តល់ជំនួយជូនបាន។ ប្រសិនបើកំពុងដាក់ពាក្យជំនួសឱ្យកូនជាអនីតិជន FEMA នឹងត្រូវការច្បាប់ចម្លងនៃសំបុត្រកំណើតរបស់កូន និងច្បាប់ចម្លងនៃប័ណ្ណរបបសន្តិសុខសង្គមរបស់កូន ឬសំណុំឯកសារពីរដ្ឋបាលរបបសន្តិសុខសង្គម (SSA)។
3. ការធានារ៉ាប់រង
FEMA មានបំណងជួយដល់អ្នកដែលមិនមានការធានារ៉ាប់រង ឬមានការធានារ៉ាប់រងមិនគ្រប់គ្រាន់។ ប្រសិនបើអ្នកមិនមានការធានារ៉ាប់រងផ្ទះ ឬការធានារ៉ាប់រងរបស់អ្នកជួលទេ នោះអ្នកមិនមានធានារ៉ាប់រងទេ។ ប្រសិនបើអ្នកមានការធានារ៉ាប់រងផ្ទះ ឬការធានារ៉ាប់រងរបស់អ្នកជួលខ្លះ ប៉ុន្តែមិនបានទទួលគ្រប់គ្រាន់ពីការទាមទារសំណងរបស់អ្នកដើម្បីរ៉ាប់រងលើការចំណាយ និងតម្រូវការច្រើនដែលបណ្តាលមកពីគ្រោះមហន្តរាយទេ នោះអ្នកមានការធានារ៉ាប់រងមិនគ្រប់គ្រាន់។ អ្នកត្រូវតែជូនដំណឹងដល់ FEMA អំពីការរ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ដែលមានសម្រាប់អ្នក ហើយផ្តល់សំណុំឯកសារនៃការទូទាត់ធានារ៉ាប់រងរបស់អ្នក ឬប្រាក់ដែលអ្នកបានទទួលសម្រាប់ការជួសជុល។
4. ភស្តុតាងនៃការចូលតាំងនៅ – ម្ចាស់ផ្ទះ និងអ្នកជួលផ្ទះ
អ្នកត្រូវតែបង្ហាញភស្តុតាងថា អ្នកកាន់កាប់ជាកម្មសិទ្ធិ ឬរស់នៅក្នុងផ្ទះ ឬអាផាតមិនដែលបានខូចខាត ហើយបញ្ជាក់ថាវាជាផ្ទះ ឬអាផាតមិនតែមួយគត់របស់អ្នក។ FEMA នឹងមិនជួយជាមួយនឹងសម្រាប់ផ្ទះលំហែវិស្សមកាល ឬអចលនទ្រព្យជួលរយៈពេលខ្លីឡើយ។ ភស្តុតាងនេះមិនត្រូវបានទាមទារសម្រាប់អ្នកដែលកំពុងស្វែងរកជំនួយជាមួយនឹងការដឹកជញ្ជូន ថ្លៃចំណាយបុណ្យសព ថ្លៃវេជ្ជសាស្រ្ត និង/ឬថ្លៃទន្តសាស្ត្រ ការថែទាំកូន និងជំនួយលើតម្រូវការសំខាន់បំផុតទេ។
ប្រសិនបើ FEMA មិនអាចផ្ទៀងផ្ទាត់ភាពជាកម្មសិទ្ធិករ ឬការចូលតាំងនៅក្នុងផ្ទះរបស់អ្នកបានទេ វាអាចនឹងទាមទារឯកសារបន្ថែមពីអ្នក។
អ្នកជួលផ្ទះ៖ ដើម្បីបង្ហាញភស្តុតាងនៃការកាន់កាប់ FEMA អាចស្នើសុំឯកសារមួយក្នុង ចំណោមឯកសារខាងក្រោម៖ |
ម្ចាស់ផ្ទះ៖ ដើម្បីបង្ហាញភស្តុតាងនៃភាពជាកម្មសិទ្ធិករ FEMA អាចនឹងស្នើសុំឯកសារមួយក្នុងចំណោមឯកសារខាងក្រោម៖ |
---|---|
|
|
ប្រសិនបើអ្នកមិនអាចផ្តល់ឱ្យ FEMA នូវឯកសារណាមួយខាងលើបានទេ FEMA អាចទទួលយកសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដែលពន្យល់ពីកាលៈទេសៈរបស់អ្នកបាន។ សេចក្តីថ្លែងការណ៍ត្រូវតែរួមបញ្ចូលនូវ៖
- អាសយដ្ឋានផ្ទះរបស់អ្នកដែលត្រូវបានធ្វើឲ្យខូចខាតដោយសារគ្រោះមហន្តរាយ
- រយៈពេលដែលអ្នករស់នៅក្នុងផ្ទះដែលរងការខូចខាតដោយគ្រោះមហន្តរាយ ជាលំនៅឋានចម្បងរបស់អ្នក មុនពេលប្រកាសគ្រោះមហន្តរាយដោយប្រធានាធិបតី
- អ្នក ឬឈ្មោះ និងហត្ថលេខារបស់អ្នកដាក់ពាក្យរួមគ្នារបស់អ្នក និង
- សេចក្តីថ្លែងការណ៍ទាក់ទងនឹងការខិតខំប្រឹងប្រែងដោយសុទ្ធចិត្តដើម្បីទទួលបានឯកសារ និងមូលហេតុដែលអ្នកមិនអាចទទួលបានឯកសារតាមបែបធម្មតា។
5. សិស្សនិស្សិត
សិស្សនិស្សិតដែលរស់នៅក្នុងលំនៅឋានសាកលវិទ្យាល័យដែលខូចខាតដោយគ្រោះមហន្តរាយអាចនឹងមានសិទ្ធិ
ទទួលបាន IHP។ សិស្សនិស្សិតដែលជាអ្នកនៅក្នុងបន្ទុករបស់មាតាបិតា ឬអាណាព្យាបាលរបស់ពួកគេ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានជំនួយលំនៅឋានពី FEMA ទេ។ ទោះជាយ៉ាងណាក៏ដោយ សិស្សនិស្សិតទាំងអស់ដែលរស់នៅក្នុងលំនៅឋានរបស់សាកលវិទ្យាល័យដែលរងការខូចខាតដោយគ្រោះមហន្តរាយ អាចស្នើសុំជំនួយផ្នែកទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីប្តូរជំនួសសម្ភារក្នុងអគារអន្តេវាសិកដ្ឋាន ឬបន្ទប់របស់ពួកគេបាន។
6. អ្នករស់នៅក្នុងមណ្ឌលការរស់នៅដោយមានជំនួយ
សម្រាប់អ្នកដែលរស់នៅក្នុងមណ្ឌលការរស់នៅដោយមានជំនួយ តម្រូវការជាច្រើនរបស់អ្នកក្រោយគ្រោះមហន្តរាយ (ឧទាហរណ៍ លំនៅឋានបណ្តោះអាសន្នក្រោយគ្រោះមហន្តរាយ) គួរតែត្រូវបានចាត់ចែងដោយមណ្ឌលរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់រឿងទាំងនោះដែលមណ្ឌលរបស់អ្នកមិនធានារ៉ាប់រង អ្នកអាចទទួលបានជំនួយពី FEMA។ នេះអាចជាជំនួយជាមួយនឹងការជួសជុល/ការប្តូរជំនួសថ្មីលំនៅឋាន ការជួសជុល/ការប្តូរជំនួសថ្មីទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬតម្រូវការសំខាន់ៗចាំបាច់ផ្សេងទៀតដែលមិនត្រូវបានចាត់ចែងដោយមណ្ឌលរបស់អ្នក។
III. ការយល់អំពីការដាក់ពាក្យ
កាលដល់កំណត់ដាក់ពាក្យសុំជំនួយ FEMA គឺ 18 ខែគិតចាប់ពីកាលបរិច្ឆេទនៃការប្រកាសគ្រោះមហន្តរាយដោយប្រធានាធិបតី។
អ្នកអាចដាក់ពាក្យសុំជំនួយ FEMA តាមបីវិធី៖
- ដាក់ពាក្យតាមអនឡាញ
- ហៅទូរសព្ទ ហើយដាក់ពាក្យជាមួយភ្នាក់ងារតាមលេខ 1(800) 621-3362 ឬ
- ស្វែងរក និងអញ្ជើញទៅ ទីតាំងការិយាល័យ FEMA ក្នុងតំបន់មូលដ្ឋាន។
ប្រសិនបើអ្នកត្រូវការសេវាកម្មបកប្រែដើម្បីបំពេញពាក្យសុំរបស់អ្នក FEMA ផ្តល់សេវាបកប្រែដោយមិនគិតថ្លៃ។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា ASL សូមផ្ញើសារជាអក្សរទៅខ្សែបណ្ដាញទូរសព្ទផ្នែកស្នើសុំអ្នកបកប្រែភាសាសញ្ញារបស់ FEMA តាមលេខ 1(202)372-7717 ដើម្បីទទួលបានជំនួយជាមួយនឹងការដាក់ពាក្យ។ ចំពោះព័ត៌មានបន្ថែមអំពីអ្នកបកប្រែផ្ទាល់មាត់ ឬសេវាកម្មភាសាផ្សេងទៀត សូមហៅទៅខ្សែទូរសព្ទផ្នែកជំនួយចុះឈ្មោះ FEMA ដោយឥតគិតថ្លៃតាមលេខ 1(800)621-3362។
ក្នុងរយៈពេលពីរសប្តាហ៍នៃការដាក់ពាក្យសុំ IHP, FEMA នឹងទាក់ទងដើម្បីកំណត់ពេលធ្វើអធិការកិច្ច ដូច្នេះពួកគេអាចផ្ទៀងផ្ទាត់ការខូចខាតណាមួយដែលអ្នកបានរាយការណ៍នៅក្នុងពាក្យសុំរបស់អ្នក។ ក្នុងអំឡុងពេលធ្វើអធិការកិច្ច មន្រ្តីអធិការកិច្ច FEMA នឹងវាយតម្លៃទ្រព្យសម្បត្តិ ឬសំណង់ដែលខូចខាតដោយគ្រោះមហន្តរាយណាមួយ ហើយថតរូបសម្រាប់ FEMA វាយតម្លៃ។ មុនពេលការធ្វើអធិការកិច្ចបញ្ចប់ មន្រ្តីអធិការកិច្ចរបស់អ្នកគួរបញ្ជាក់ជាមួយអ្នកថា ពួកគេបានឃើញការខូចខាតទាំងអស់ដែលពួកគេត្រូវការបញ្ជាក់ និងពណ៌នាជំហានបន្ទាប់នៅក្នុងដំណើរការប្រាប់អ្នក។ ប្រសិនបើអ្នកមិនអាចជួបមន្រ្តីអធិការកិច្ចដោយផ្ទាល់សម្រាប់ការចុះពិនិត្យនេះ អ្នកអាចសរសេរទៅកាន់ FEMA ដើម្បីអនុញ្ញាតឱ្យមនុស្សពេញវ័យម្នាក់ទៀតចូលរួមក្នុងការធ្វើអធិការកិច្ចជំនួសអ្នក។
ពេលដាក់ពាក្យរបស់អ្នករួចហើយ អ្នកអាចទាក់ទងទៅខ្សែទូរសព្ទជំនួយរបស់ FEMA (800-621-3362) ដើម្បីស្នើសុំព័ត៌មានអំពីពាក្យសុំរបស់អ្នក រួមទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះបច្ចុប្បន្នភាពស្ថានភាពអំពីពេលដែលអ្នកអាចរំពឹងថានឹងទទួលបានការសម្រេចចិត្ត ប្រភេទ និងចំនួនជំនួយដែលបានផ្តល់ជូនអ្នក ឬឯកសារចាំបាច់ណាមួយដែល FEMA ត្រូវការដើម្បីបញ្ចប់ការកំណត់របស់ពួកគេប៉ុណ្ណោះទេ។
ការបដិសេធ និងបណ្តឹងឧទ្ធរណ៍
ប្រសិនបើពាក្យសុំរបស់អ្នកត្រូវបានបដិសេធ ការសម្រេចចិត្តរបស់ FEMA អាចត្រូវបានប្តឹងឧទ្ធរណ៍។ អ្នកអាចប្តឹងឧទ្ធរណ៍ដោយដាក់លិខិតមានចុះហត្ថលេខាដែលពន្យល់ពីមូលហេតុដែលអ្នកជឿថាការសម្រេចចិត្តរបស់ FEMA មិនត្រឹមត្រូវ និងច្បាប់ចម្លងនៃឯកសារគាំទ្រណាមួយ។ អ្នកមានពេល 60 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានលិខិតសម្រេចចិត្តរបស់អ្នកដើម្បីដាក់បណ្តឹងឧទ្ធរណ៍របស់អ្នក។ ពេលដែលអ្នកដាក់បណ្តឹងឧទ្ធរណ៍របស់អ្នក FEMA នឹងវាយតម្លៃករណីរបស់អ្នកឡើងវិញ ហើយប្រាប់អ្នកថាតើពួកគេត្រូវការឯកសារគាំទ្របន្ថែមណាមួយឬអត់។
ហេតុផលទូទៅនៃការបដិសេធពាក្យសុំ៖:
- អ្នកមានការធានារ៉ាប់រងផ្ទះ ឬការធានារ៉ាប់រងរបស់អ្នកជួល៖ ពាក្យសុំរបស់អ្នកនឹងត្រូវបានបដិសេធ ប្រសិនបើអ្នកមានការធានារ៉ាប់រងផ្ទះ ឬការធានារ៉ាប់រងរបស់អ្នកជួលដែលធានារ៉ាប់រងលើថ្លៃជួសជុលទាំងអស់របស់អ្នក។ អ្នកអាចប្តឹងឧទ្ធរណ៍ ប្រសិនបើការទូទាត់ធានារ៉ាប់រងរបស់អ្នកមិនបានផ្តល់ឱ្យអ្នកនូវប្រាក់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នក ឬអ្នកអស់ប្រាក់សម្រាប់ចំណាយបន្ថែមលើការរស់នៅ ដែលពួកគេបានផ្តល់។
- ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកបានបដិសេធការទាមទារសំណងរបស់អ្នក អ្នកអាចប្តឹងឧទ្ធរណ៍ និងផ្តល់លិខិតបដិសេធ ដើម្បីបង្ហាញភស្តុតាងដែលអ្នកត្រូវការជំនួយ FEMA។
- អ្នកបានរាយការណ៍ថាមិនមានការខូចខាតផ្ទះទេ នៅពេលអ្នកបានចុះឈ្មោះជាមួយ FEMA។ អ្នកអាចនឹងត្រូវការជំនួយហិរញ្ញវត្ថុដែលមិនត្រូវបានធានារ៉ាប់រងដោយ IHP ប៉ុន្តែអាចត្រូវបានធានារ៉ាប់រងក្រោមប្រភេទនៃជំនួយ FEMA ផ្សេងទៀត។
- ផ្ទះរបស់អ្នកមានសុវត្ថិភាពក្នុងការចូលតាំងនៅ៖ ប្រសិនបើ FEMA រកឃើញថា ផ្ទះរបស់អ្នកមានសុវត្ថិភាពក្នុងការរស់នៅ ពួកគេនឹងមិនផ្តល់ជំនួយទេ។ ក្នុងករណីខុស សូមពន្យល់ពីមូលហេតុនៅក្នុងបណ្តឹងឧទ្ធរណ៍របស់អ្នក។
- មានបញ្ហាក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ ឬការចូលតាំងនៅ៖ ប្រសិនបើ FEMA មិនអាចបញ្ជាក់អត្តសញ្ញាណរបស់អ្នកបានទេ ពួកគេអាចបដិសេធពាក្យសុំរបស់អ្នក។ អ្នកអាចនឹងប្តឹងឧទ្ធរណ៍ និងដាក់ឯកសារបន្ថែមទៀតដើម្បីជួយបង្ហាញភស្តុតាងនៃអត្តសញ្ញាណ ឬការចូលតាំងនៅរបស់អ្នក។
IV. ការព្រាងលិខិតបណ្តឹងឧទ្ធរណ៍របស់ FEMA
រាល់ទំព័រនៃលិខិត និងឯកសារណាមួយដែលអ្នកដាក់ក្នុងបណ្តឹងឧទ្ធរណ៍របស់អ្នកគួរតែមានព័ត៌មានដូចតទៅនេះនៅខាងលើ៖
- ឈ្មោះពេញរបស់អ្នក
- លេខពាក្យសុំរបស់ FEMA និងលេខសម្គាល់គ្រោះមហន្តរាយរបស់អ្នក (អ្នកអាចរកឃើញលេខពាក្យសុំ និងលេខសម្គាល់គ្រោះមហន្តរាយរបស់អ្នកនៅទំព័រ 1 នៃលិខិតកំណត់របស់អ្នក)
- អាសយដ្ឋានផ្ទះរងគ្រោះមហន្តរាយរបស់អ្នក
- លេខទូរសព្ទបច្ចុប្បន្នរបស់អ្នក
លិខិតបណ្តឹងឧទ្ធរណ៍គំរូរបស់ FEMA៖
[ឈ្មោះអ្នកដាក់ពាក្យ]
[លេខរបស់អ្នកដាក់ពាក្យ]
[លេខសម្គាល់គ្រោះមហន្ដរាយ]
[អាសយដ្ឋានផ្លូវ]
[ទីក្រុង រដ្ឋ ហ្ស៊ីបកូដ]
[លេខទូរសព្ទ]
ជូនចំពោះ FEMA
នៅថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2016 ខ្ញុំបានទទួលិខិតពីអ្នកដែលបញ្ជាក់ថា ខ្ញុំមិនមានសិទ្ធិទទួលបានជំនួយទេ ដោយសារខ្ញុំមានការធានារ៉ាប់រង។ ខ្ញុំចង់ប្តឹងឧទ្ធរណ៍នឹងការសម្រេចចិត្តរបស់អ្នក ដោយសារក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្ញុំនឹងមិនរ៉ាប់រងលើការខូចខាតនោះទេ។
សូមស្វែងរកលិខិតបដិសេធការធានារ៉ាប់រងរបស់ខ្ញុំដែលភ្ជាប់មកជាមួយនេះ ដែលបង្ហាញថាខ្ញុំមិនមានការធានារ៉ាប់រងលើការខូចខាតផ្ទះ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានទីតាំងនៅ 123 Main Street, Everytown, Virginia។
សូមពិនិត្យមើលព័ត៌មានដែលភ្ជាប់មកជាមួយ ហើយពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់អ្នក។
សូមអរគុណ
[ឈ្មោះអ្នកដាក់ពាក្យ]
[ហត្ថលេខា]
អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍តាមវិធី 4 ផ្សេងគ្នា៖
- ផ្ញើលិខិតតាមប្រៃសណីយ៍ និងឯកសារភ្ជាប់មកជាមួយទៅកាន់៖
FEMA National Processing Service Center
P.O. Box 10055
Hyattsville, MD
20782-7055 - ផ្ញើទូរសារនូវលិខិតបណ្តឹងឧទ្ធរណ៍ និងឯកសារភ្ជាប់មកកាន់លេខ 800-827-7055។
- អ្នកអាចអាប់ឡូដបណ្ដឹងឧទ្ធរណ៍របស់អ្នកតាមអនឡាញ។
- អញ្ជើញទៅកាន់មជ្ឈមណ្ឌលស្ដារគ្រោះមហន្តរាយដោយមិនបាច់ណាត់របស់ FEMA។ រកមើលមជ្ឈមណ្ឌលដែលនៅជិតអ្នកបំផុតដោយហៅទៅខ្សែទូរសព្ទផ្នែកជំនួយរបស់ FEMA តាមរយៈលេខ 800-621-3362 ឬ TTY 800-462-7585 ឬតាមតាមអនឡាញ។
អ្នកដាក់ពាក្យអាចស្នើសុំសវនាការផ្ទាល់ជាផ្នែកនៃបណ្តឹងឧទ្ធរណ៍របស់ពួកគេ នៅពេលដែលមានបញ្ហានៃការលួចអត្តសញ្ញាណ ភាពជឿជាក់ សេចក្តីពិត ឬប្រសិនបើ FEMA រកឃើញថា ពួកគេមិនអាចសម្រេចចិត្តថាតើត្រូវយល់ព្រម ឬបដិសេធពាក្យសុំរបស់អ្នកដោយគ្រាន់តែពិនិត្យមើលឯកសាររបស់អ្នកប៉ុណ្ណោះ។ ប្រសិនបើ FEMA បដិសេធសំណើរបស់អ្នកសុំសវនាការដោយបន្តផ្ទាល់ ការសម្រេចចិត្តរបស់ពួកគេគឺជាការសម្រេចចុងក្រោយ ហើយអ្នកមិនអាចប្តឹងឧទ្ធរណ៍បានទេ។ ពួកគេនឹងនៅតែវាយតម្លៃករណីរបស់អ្នកដោយប្រើឯកសារ និងលិខិតជាលាយលក្ខណ៍អក្សររបស់អ្នក។
FEMA នឹងផ្តល់ការសម្រេចចិត្តចុងក្រោយលើបណ្តឹងឧទ្ធរណ៍របស់អ្នកក្នុងរយៈពេល 90 ថ្ងៃបន្ទាប់ពីទទួលបានបណ្តឹងឧទ្ធរណ៍ជាលាយលក្ខណ៍អក្សររបស់អ្នក ឬក្នុងរយៈពេល 45 ថ្ងៃ ប្រសិនបើអ្នកមានសវនាការដោយបន្តផ្ទាល់។
V. បន្ទាប់ពីបានទទួលជំនួយរបស់អ្នក
ពេលដែលពាក្យសុំរបស់អ្នកត្រូវបានអនុម័ត អ្នកគួរតែទទួលបានប្រាក់របស់អ្នកក្នុងរយៈពេលពីរសប្តាហ៍។ ប្រសិនបើអ្នករៀបចំដាក់ប្រាក់ផ្ទាល់លើទម្រង់អនឡាញ FEMA របស់អ្នក ប្រាក់គួរតែចូលគណនីរបស់អ្នកក្នុងរយៈពេល 10 ថ្ងៃ។ ប្រសិនបើអ្នកជ្រើសរើសទទួលមូលប្បទានបត្រជាក្រដាស វាអាចចំណាយពេលដល់ទៅពីរសប្តាហ៍។
នៅក្នុងលិខិតសម្រេចរបស់អ្នក នឹងមានការណែនាំអំពីរបៀបដែលអ្នកគួរចំណាយប្រាក់ IHP របស់អ្នក។ ប្រាក់ជំនួយគ្រោះមហន្តរាយមិនគួរប្រើប្រាស់សម្រាប់ការធ្វើដំណើរ ការកម្សាន្ត ការចំណាយលើការរស់នៅជាប្រចាំ ឬការចំណាយណាមួយដែលមិនទាក់ទងនឹងគ្រោះមហន្តរាយនោះទេ។ ប្រសិនបើ FEMA រកឃើញថា ប្រាក់ជំនួយត្រូវបានប្រើប្រាស់មិនត្រឹមត្រូវ អ្នកប្រហែលជាត្រូវសង FEMA ហើយអ្នកអាចបាត់បង់សិទ្ធិទទួលបានជំនួយពីសហព័ន្ធបន្ថែមទៀតនាពេលអនាគត។ ដើម្បីការពារខ្លួនអ្នក សូមរក្សាបង្កាន់ដៃរយៈពេលបីឆ្នាំដើម្បីបង្ហាញថាតើអ្នកបានចំណាយជំនួយ FEMA របស់អ្នកយ៉ាងដូចម្តេច។
ប្រសិនបើអ្នកទទួលបានជំនួយលំនៅឋានដោយផ្ទាល់ពី FEMA សូមយកចិត្តទុកដាក់ចំពោះពេលដែលជំនួយផុតកំណត់។ បន្ទាប់ពីអ្នកបានទទួលលំនៅឋានបណ្តោះអាសន្ន ប្រសិនបើអ្នកត្រូវការបន្តការស្នាក់នៅក្នុងលំនៅឋានបណ្តោះអាសន្ន អ្នកអាចដាក់ពាក្យសុំបន្ត/ពន្យារពេលជំនួយលំនៅឋានបណ្តោះអាសន្នរបស់អ្នក។ ដើម្បីដាក់ពាក្យសុំបន្តជំនួយលំនៅឋានបណ្តោះអាសន្ន សូមបំពេញ “ទម្រង់ FEMA FF-104-FY-21-115៖ ពាក្យសុំបន្តជំនួយលំនៅឋានបណ្តោះអាសន្ន” ហើយប្រគល់វាឲ្យ FEMA វិញរួមជាមួយនឹងឯកសារគាំទ្រចាំបាច់ណាមួយ។
VI. ធនធាន
- គេហទំព័រ FEMA៖
https://www.disasterassistance.gov/ - ទីតាំង FEMA៖
https://www.fema.gov/locations - ពាក្យសុំបន្តជំនួយលំនៅឋានបណ្តោះអាសន្ន
ទម្រង់ FEMA FF-104-FY-21-115៖ ពាក្យសុំបន្តជំនួយលំនៅឋានបណ្តោះអាសន្ន - សេវាសង្គ្រោះ និងស្តារគ្រោះមហន្តរាយរបស់កាកបាទក្រហម
https://www.redcross.org/get-help/disaster-relief-and-recovery-services.html