តើខ្ញុំអាចបោះឆ្នោតដោយរបៀបណា ប្រសិនបើខ្ញុំមិនអាចបោះឆ្នោតដោយខ្លួនឯងបាន ដោយសារមានអាសន្នផ្នែកវេជ្ជសាស្ត្រ?

Publications
#5417.06

តើខ្ញុំអាចបោះឆ្នោតដោយរបៀបណា ប្រសិនបើខ្ញុំមិនអាចបោះឆ្នោតដោយខ្លួនឯងបាន ដោយសារមានអាសន្នផ្នែកវេជ្ជសាស្ត្រ?

ឯកសារ​បោះពុម្ពផ្សាយនេះពន្យល់ពីរបៀបដែលអ្នកអាចបោះឆ្នោតបាន ទោះបីជា​អ្នក​មិនអាចចាកចេញពីផ្ទះ ឬ​មណ្ឌល​ថែទាំសុខភាព ដូចជាមន្ទីរពេទ្យ​ឬមជ្ឈមណ្ឌល​ស្តារនីតិសម្បទាជាដើម​ ដោយសារ​តែ​ការសង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​ក៏ដោយ។ ខោនធីអាចមានលក្ខណៈ​ខុសប្លែង​​គ្នាច្រើននៅក្នុងជម្រើសដែលពួកគេផ្តល់ជូន។ ប្រសិនបើអ្នកមិនមាន​សន្លឹកឆ្នោតដែលគេ​បានផ្ញើទៅអ្នកទេ អ្នកប្រហែលជាត្រូវការ​ន​រណាម្នាក់ឲ្យជួយ​អ្នក​​ក្នុង​ការ​ទទួលនិងប្រគល់សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ​។

ឯកសារ​បោះពុម្ពផ្សាយនេះពន្យល់ពីរបៀបដែលអ្នកអាចបោះឆ្នោតបាន ទោះបីជា​អ្នក​មិនអាចចាកចេញពីផ្ទះ ឬ​មណ្ឌល​ថែទាំសុខភាព ដូចជាមន្ទីរពេទ្យ​ឬមជ្ឈមណ្ឌល​ស្តារនីតិសម្បទាជាដើម​ ដោយសារ​តែ​ការសង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​ក៏ដោយ។ ខោនធីអាចមានលក្ខណៈ​ខុសប្លែង​​គ្នាច្រើននៅក្នុងជម្រើសដែលពួកគេផ្តល់ជូន។ ប្រសិនបើអ្នកមិនមាន​សន្លឹកឆ្នោតដែលគេ​បានផ្ញើទៅអ្នកទេ អ្នកប្រហែលជាត្រូវការ​ន​រណាម្នាក់ឲ្យជួយ​អ្នក​​ក្នុង​ការ​ទទួលនិងប្រគល់សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ​។

តើខ្ញុំអាចបោះឆ្នោតដោយប្រើសន្លឹកឆ្នោតដែលបានផ្ញើមកខ្ញុំតាម​ប្រៃសណីយ៍​បានដែរឬ​ទេ?

​បាទ/ចាស។ ប្រសិនបើអ្នកមានសន្លឹកឆ្នោតបោះ​តាមប្រៃសណីយ៍ ការបោះឆ្នោតដោយ​ប្រើសន្លឹកឆ្នោត​នេះ​អាចជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់អ្នក ដោយសា​រអ្នកមិន​អាច​បោះឆ្នោ​ត​ដោយផ្ទាល់បាន​។

អ្នកអាចគូសសន្លឹកឆ្នោត ដាក់វានៅក្នុងស្រោមសំបុត្រប្រគល់​ត្រឡប់មកវិញ ចុះហត្ថ​លេ​ខានិងកាល​បរិច្ឆេទ​នៅ​ខាងក្រៅស្រោមសំបុត្រ ហើយប្រគល់វាត្រឡប់មក​វិញ​តា​ម​វិធីណាមួយក្នុងចំណោមវិធីទាំង​បីខាងក្រោម៖

  1. ផ្ញើវាតាមប្រៃសណីយ៍​ ដោយប្រាកដថាវាត្រូវបានបោះត្រាប្រៃសណីយ៍​នៅថ្ងៃ​ ឬមុនថ្ងៃបោះឆ្នោត។ (កុំភ្លេចពិនិត្យមើលថាតើ​ពេលណា​ដែលការិយា​ល័យ​ប្រៃសណីយ៍បិទលែងដំណើរការ​ ឬដែល​សំបុត្រប្រៃសណីយ៍​ត្រូវបាន​ទទួល​ ប្រសិនបើអ្នកផ្ញើវានៅថ្ងៃបោះឆ្នោត។) 
  2. ដាក់វា​ក្នុង​ហឹប​ទម្លាក់​សន្លឹក​ឆ្នោត​ត្រឹម​ម៉ោង 8:00 យប់ នៅថ្ងៃបោះឆ្នោត។ (សូម​បញ្ជាក់ថា ហឹប​ទម្លាក់​សន្លឹកឆ្នោត​ក្នុង​បន្ទប់​មួយចំនួន អាចបិទនៅ​មុនម៉ោង 8:00 យប់)
  3. ប្រគល់វាទៅទីតាំងបោះឆ្នោតណាមួយ (កន្លែងបោះឆ្នោត ឬមណ្ឌល​បោះឆ្នោត) ឬការិយាល័យ​បោះឆ្នោត​ប្រចាំ​ខោនធី ត្រឹមម៉ោង 8:00 យប់ នៅថ្ងៃបោះឆ្នោត។

អ្នកអាចសុំឱ្យនរណាម្នាក់ប្រគល់សន្លឹកឆ្នោតរបស់អ្នកជំនួស​អ្នកបាន​។ មានកន្លែង​មួយ​នៅលើស្រោមសំបុត្រប្រគល់​សន្លឹកឆ្នោតរបស់អ្នកដើម្បី​បំពេញ​​ព័ត៌មាន​របស់បុគ្គល​នោះ​។​

ប្រសិនបើអ្នកមិនអាចចុះហត្ថលេខាលើឈ្មោះរបស់អ្នកបាន​ទេ អ្នកអាចចុះហត្ថលេ​ខា​ជំនួសដោយការគូស​សញ្ញា​ ដូចជា “X” ជាដើម​ ហើយឱ្យ​សាក្សីចុះហត្ថលេខា​លើស្រោ​ម​សំបុត្រ​ផងដែរ។ ជម្រើសមួយទៀតគឺត្រូវ​ប្រើត្រាហត្ថលេខាដែលអ្នកបាន​ប្រើរួចហើយ​នៅ​នាយកដ្ឋានយានយន្ត (Department of Motor Vehicles, DMV) ឬការិយាល័យ​បោះ​ឆ្នោតប្រចាំខោនធី។ សូមមើលឯកសារ​បោះពុម្ពផ្សាយរបស់យើង “អ្នកអាចបោះឆ្នោត​បាន ទោះបីជាអ្នកមិនអាចចុះហត្ថលេខាលើឈ្មោះ​របស់អ្នក​ក៏ដោយ​” សម្រាប់ព័ត៌​មាន​បន្ថែមអំពីជម្រើសហត្ថលេខារបស់អ្នក។

តើខ្ញុំអាចទទួលបានសន្លឹកឆ្នោតថ្មីដែលផ្ញើមកខ្ញុំបានទេ?

ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោត ប៉ុន្តែអ្នកមិនមានសន្លឹកឆ្នោត​ដែលត្រូវ​បានផ្ញើ  ទៅអ្នកទេ អ្នកអាចសុំឱ្យ​ការិយាល័យបោះឆ្នោតប្រចាំខោនធី​​របស់​អ្នកផ្ញើសន្លឹកឆ្នោត​មួយ​សន្លឹក​ទៀតមកអ្នកបាន​។ អ្នកអាចទទួលបានសន្លឹកឆ្នោតថ្មី (ហៅថា "សន្លឹកឆ្នោត​​ជំនួស") តាមប្រៃសណីយ៍ ប្រសិនបើអ្នកស្នើសុំ​រយៈ​ពេល​ប្រាំពីរ (7) ថ្ងៃ ឬច្រើនជាង​នេះ​មុនថ្ងៃបោះឆ្នោត។ អ្នកប្រហែលជាត្រូវបំពេញទម្រង់បែបបទ​ “ការស្នើសុំបោះឆ្នោត​តាមសំបុត្រជំនួស​​នៅ​រដ្ឋកាលីហ្វ័រញ៉ា" ដែលមាន​នៅ​លើ​គេហទំព័រ "បោះឆ្នោតតាម​សំបុ​ត្រ​" របស់រដ្ឋលេខាធិការនៃ​រដ្ឋ​ កាលីហ្វ័រញ៉ា​។

ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតបោះតាមសំបុត្រ​ថ្មីមួយសន្លឹក​នៅ​ពេលណាមួយ ដែល​ចាប់ផ្តើមនៅរយៈពេល​ប្រាំមួយ (6) ថ្ងៃមុនថ្ងៃបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត អ្នក​​អា​ច​​អនុវត្ត​តាមជំហាន​ដែលបាន​ពិពណ៌នា​នៅ​ក្នុង​ផ្នែក​បន្ទាប់បាន​។

តើខ្ញុំអាចទទួលបានសន្លឹកឆ្នោតបោះតាមសំបុត្រ​ថ្មី​មួយសន្លឹក​នៅ​ថ្ងៃបោះឆ្នោតដូចម្តេច​បាន បើ​ថ្ងៃបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​មិនដល់មួយសប្តាហ៍ទៀត​ផង​?

ប្រសិនបើអ្នកមិនអាចបោះឆ្នោតដោយផ្ទាល់ ឬទៅយកសន្លឹកឆ្នោតបោះតាមសំបុត្រ​មួ​យ​សន្លឹកទៀត​បាន​ទេដោយសារតែការសង្គ្រោះបន្ទាន់​ផ្នែកវេជ្ជសាស្រ្តរបស់អ្នក ហើ​យ​​វា​យឺតពេលក្នុងការផ្ញើ​សន្លឹក​ឆ្នោត​នោះជូនដល់​អ្នក​ (ព្រោះមានរយៈពេល​តិចជាងប្រាំពីរ [7] ថ្ងៃមុនថ្ងៃបោះឆ្នោត) នោះ​អ្នកអាច​​អនុញ្ញាត​ឱ្យ​នរណា​​ម្នាក់យក​វា​មក​​ជំនួស​អ្នកបាន​។ (សូមមើលផ្នែកខាងក្រោមទាក់ទងនឹងជម្រើសផ្សេងទៀតដែលអាចមាននៅក្នុងខោនធីមួយចំនួន។) ដើម្បីផ្តល់ការអនុញ្ញាតដល់នរណាម្នាក់ (ហៅថា “ការអនុញ្ញាត”) ឱ្យ​យក​សន្លឹ​កឆ្នោតបោះតាមសំបុត្រ​ថ្មីមួយ​សន្លឹក​សម្រាប់​​អ្នក​ អ្នកត្រូវតែបំពេញ​ទម្រង់​បែបបទ​មួយដែលហៅថា “ពាក្យស្នើសុំផ្តល់សន្លឹកឆ្នោតបោះ​តាម​សំបុត្រ​ទៅអ្នកតំណាង”https://www.sos.ca.gov/elections/voter-registration/vote-mail#late ទម្រង់បែប​​បទ​នេះ​មាននៅលើគេហទំព័រ “បោះឆ្នោតតាមសំបុត្រ” របស់រដ្ឋលេខាធិការនៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។

ទម្រង់បែបបទនេះ​តម្រូវ​ឱ្យ​មាន​ឈ្មោះរបស់អ្នក ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន​ស្នាក់​នៅ​​របស់អ្នក ឈ្មោះបុគ្គល​ដែល​អ្នកផ្តល់​សិទ្ធិឱ្យទៅយកសន្លឹកឆ្នោត​របស់​អ្នក (ហៅថា "អ្នកតំណាង" នៅលើទម្រង់បែបបទនោះ​) និង​ហត្ថលេខា​របស់អ្នក។ ប្រសិនបើ​អ្នក​មិន​​អាចចុះហត្ថលេខាលើឈ្មោះរបស់អ្នកទេ អ្នកអាចចុះហត្ថ​លេខាជំនួស​ដោយសាក្សី ឬ​ត្រា​ហត្ថលេខា​​ដែលបានចុះឈ្មោះ។ សូមមើលឯកសារ​បោះពុម្ពផ្សាយរបស់យើង “អ្នកអាចបោះឆ្នោតបាន ទោះបីជាអ្នកមិនអាចចុះហត្ថលេខាលើឈ្មោះ​របស់អ្នក​ក៏ដោយ​” សម្រាប់ព័ត៌មានបន្ថែមអំពីជម្រើសហត្ថលេខារបស់អ្នក។

“អ្នក​តំណាង" ដែលអ្នកដាក់ឈ្មោះនៅលើទម្រង់បែបបទ ត្រូវតែយកទម្រង់ដោយ​ផ្ទាល់​ទៅ​​ការិយាល័យ​បោះឆ្នោត​ប្រចាំខោនធី​របស់អ្នក ឬប្រសិនបើខោនធី​របស់អ្នក​មាន​មណ្ឌ​ល​បោះឆ្នោតជំនួសឱ្យកន្លែងបោះឆ្នោត ត្រូវ​យក​ទៅកាន់​មណ្ឌលបោះឆ្នោត​ណា​មួយ​។ (ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​តើ​ខោនធី​របស់​អ្នក​មាន​មណ្ឌល​បោះ​ឆ្នោត​ឬ​អត់​ទេ អ្នក​អាច​សាកសួរ​​ការិយាល័យ​បោះ​ឆ្នោត​ប្រចាំខោន​ធី​របស់​អ្នក​បាន។ អ្នកក៏អាច​ពិនិត្យមើ​ល​បញ្ជីឈ្មោះតាមអនឡាញ​នៃ​ខោនធីក្រោម​ច្បាប់ស្តីពី​ជ្រើសរើសអ្នកបោះឆ្នោត (Voter’s Choice Act) បាន​ផងដែរ។ ខោនធីនៃច្បាប់ជ្រើសរើសអ្នក​បោះឆ្នោតទាំង​​អស់​មាន​​មណ្ឌ​​ល​បោះឆ្នោត។) នៅពេល​ដែលមន្ត្រីរៀបចំការបោះឆ្នោតប្រគល់​សន្លឹក​បោះ​តាម​សំបុត្រ​ថ្មីមួយសន្លឹក​របស់អ្នកជូន​ដល់​ “អ្នក​តំណាង" របស់អ្នក ពេល​នោះ​ “អ្នក​តំណាង" របស់អ្នកនឹងចុះហត្ថលេខា​លើ​ទម្រង់​បែបបទផងដែរ។

បន្ទាប់ពីអ្នកទទួលបានសន្លឹកឆ្នោតរបស់អ្នកតាមវិធីនេះរួចមក​ អ្នកអាចចាត់ទុកសន្លឹក​​ឆ្នោត​​នេះ​ដូចជា​សន្លឹក​ឆ្នោតបោះ​តាម​សំបុត្រមួយសន្លឹកផ្សេងទៀត​ដែរ​​។ សូមមើលការ​ណែនាំខាងលើក្រោមចំណងជើងថា "តើខ្ញុំអាចបោះឆ្នោតដោយ​ប្រើសន្លឹកឆ្នោត​ដែល​បាន​​ផ្ញើ​មក​ខ្ញុំ​បានដែរឬ​ទេ?”

នីតិវិធីទាំងនេះបានផ្លាស់ប្តូរភ្លាមៗមុនពេលការបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ2022 ដោយ​សារតែ​ច្បាប់​បាន​ផ្លាស់ប្តូរ​នៅក្នុងខែសីហា ឆ្នាំ2022។ ប្រសិនបើអ្នកមានសំណៅ​ឯកសារ​បោះពុម្ភផ្សាយរបស់យើងមួយច្បាប់​ដែលនិយាយ​អំពី​ "សន្លឹកឆ្នោត​វេជ្ជសាស្រ្ត​សង្គ្រោះបន្ទាន់" អ្នកអាចបោះ​វាចោលបាន ពីព្រោះព័ត៌មានមួយចំនួននៅក្នុង​​សន្លឹក​ឆ្នោ​ត​​នោះ​លែងប្រើការ​បាន​​ទៀត​ហើយ​។

តើខ្ញុំអាចទទួលបានសន្លឹកឆ្នោតបោះតាម​សំបុត្រតាម​ប្រព័ន្ធ​អេឡិចត្រូនិក​បានដែរឬទេ?

ប្រព័ន្ធបោះឆ្នោតតាមសំបុត្រ (RAVBM) ដែលអាចចូលប្រើបាន​ពីចម្ងាយ​របស់ខោនធី​អ្នក គឺជាវិធីមួយ​ផ្សេង​ទៀត​ដែលអ្នកអាចទទួលបានសន្លឹកឆ្នោតបោះ​តាមសំបុត្រ នៅ​ពេលដែលអ្នកមិនអាចចាកចេញពីផ្ទះ ឬ​មណ្ឌល​​ថែទាំសុខភាពបាន​ដោយសារតែ​ការ​សង្គ្រោះ​បន្ទាន់​ផ្នែកវេជ្ជសាស្ត្រ។ អ្នកអាចប្រើប្រព័ន្ធ RAVBM បាន​ភ្លាមៗ​នៅពេលដែល​ការបោះឆ្នោត​ចាប់ផ្តើម​សម្រាប់ពេល​បោះឆ្នោតណា​មួយ (នៅ​ក្នុង​ "រយៈពេលនៃ​ការ​​បោះ​ឆ្នោត​មុនថ្ងៃ​បោះឆ្នោត​")។ ក្នុងរយៈពេលប្រាំមួយ (6) ថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅ​ថ្ងៃ​បោះឆ្នោតនោះផ្ទាល់​ អ្នកប្រហែល​ជាអាច​ទទួល​បាន​សន្លឹកឆ្នោតបានលឿនជាងមុន ដោយប្រើប្រព័ន្ធ RAVBM ជាជាងការឱ្យនរណាម្នាក់យកសន្លឹក​ឆ្នោតបោះ​តាម​សំបុត្រ​មួយសន្លឹក​ប្រគល់ជូន​អ្នក (ដូចបានរៀបរាប់ត្រង់​ផ្នែកខាងលើ) ។

RAVBM គឺជាប្រព័ន្ធអនឡាញដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតទាញយក​សន្លឹកឆ្នោត​របស់​ពួកគេ​ទៅកាន់​ឧបករណ៍​​​ដែលភ្ជាប់អ៊ីនធឺណិត​របស់ពួក​គេផ្ទាល់ ដូចជាកុំព្យូទ័រ ឬស្មាតហ្វូន ហើយគូស​សន្លឹកឆ្នោត​នៅលើ​ឧបករណ៍នោះ។ បន្ទាប់មក អ្នកបោះឆ្នោត​ត្រូវតែបោះពុម្ពសន្លឹកឆ្នោត RAVBM ។ អ្នកបោះឆ្នោតអាចប្រគល់សន្លឹកឆ្នោត RAVBM ដែលបានបោះពុម្ព​តាម​វិធី​ណាមួយ​ ដែល​សន្លឹកឆ្នោត​តាម​សំបុត្រ​ធម្មតា​អាចត្រូវ​បាន​ប្រគល់​មក​វិញបាន៖ តាមសំបុត្រ ក្នុងហឹប​ទម្លាក់សន្លឹកឆ្នោត ឬនៅទីតាំង​បោះ​ឆ្នោត​ដោយ​ផ្ទាល់។

ប្រសិនបើអ្នកមានឧបករណ៍ដែលតម្រូវឲ្យ​មាន​ ហើយអ្នកគិតថាការទទួល​បានសន្លឹក​ឆ្នោត​មួយសន្លឹក​តាមរយៈប្រព័ន្ធ RAVBM អាចមានប្រសិទ្ធភាព​​សម្រាប់​អ្នក សូម​ទាក់​ទ​ង​​​ការិយាល័យបោះឆ្នោតប្រចាំខោនធីរបស់អ្នក ដើម្បីស្វែង​​យល់ពីរបៀប​ចូល​ប្រើប្រព័ន្ធ RAVBM ប្រចាំ​ខោនធីរបស់អ្នក។

ដើម្បីស្វែងយល់បន្ថែមអំពី RAVBM សូមមើលឯកសារ​បោះពុម្ពផ្សាយ​របស់​យើង​ “អ្នកបោះឆ្នោតដែលមានពិការភាពជាច្រើន អាចបោះឆ្នោតបានតាមសំបុត្រ​ជា​លក្ខ​ណៈ​ឯកជន និង​ដោយ​ឯករាជ្យ​។”

តើខ្ញុំមានជម្រើសផ្សេងទៀតដែរឬទេ?

អ្នកអាចមានជម្រើសផ្សេងទៀត។ យើងសូមណែនាំឱ្យទាក់ទងទៅកាន់​ការិយា​ល័យ​បោះឆ្នោតប្រចាំខោនធីរបស់អ្នក ដើម្បីស្វែងរកជម្រើស​របស់អ្នកឱ្យ​បាន​ឆាប់តាម​ដែល​អ្នកអាចធ្វើបាន។ កាលណាអ្នកចាប់ផ្តើមរៀបចំផែនការនៅដើមដំបូង​កាន់តែឆាប់​​ នោះ​អ្នកអាច​នឹង​មាន​ជម្រើស​កាន់តែ​ច្រើន។ នេះគឺជាជម្រើសមួយចំនួន​ដែលមាន​នៅក្នុង​ខោនធី​ចំនួន៖

  • ការប្រគល់​សន្លឹកឆ្នោតដល់​​ផ្ទះ ឬមណ្ឌល​ថែទាំសុខភាព​របស់អ្នក​ដោយបុគ្គលិ​ក​បោះឆ្នោតតាមខោនធី
  • ការប្រគល់​ម៉ាស៊ីនបោះឆ្នោតដែលអាចចូលប្រើបាន (ហៅផងដែ​រថាឧបករណ៍​គួស​សន្លឹកឆ្នោត ឬ BMD) ទៅដល់​ផ្ទះ ឬមណ្ឌល​ថែទាំសុខភាពរបស់អ្នក​ដោយ​បុគ្គលិកបោះឆ្នោតតាមខោនធី
  • បុគ្គលិក ឬអ្នកស្ម័គ្រចិត្ដនៅមណ្ឌលថែទាំសុខភាព ដែលអាចជួយ​ទៅ​យក​និង​ប្រគល់​សន្លឹកឆ្នោតបោះ​តាម​សំបុត្រ​ត្រឡប់​មកវិញ​

ប្រសិនបើអ្នកមានចម្ងល់​អំពីសិទ្ធិនិងជម្រើសរបស់អ្នក ជាពិសេសប្រសិនបើអ្នកមិន​អា​ច​​ទទួលបានចម្លើយ ទាន់​ពេលវេលា​ពី​ការិយាល័យ​បោះ​ឆ្នោតប្រចាំ​ខោនធី​របស់​អ្នកទេ​ សូមទូរស័ព្ទទៅកាន់ខ្សែ​ទូរស័ព្ទបន្ទាន់​របស់​យើង​តាមរយៈលេខ​ (888) 569-7955។ យើងនឹងធ្វើអ្វីគ្រប់​ដែលយើងអាចធ្វើបានដើម្បីជួយអ្នក។

តើនរ​ណាអាចជួយខ្ញុំឱ្យបោះឆ្នោត​បាន​?

អ្នកមានសិទ្ធិទទួលបានជំនួយជាមួយផ្នែកណាមួយនៃកិច្ច​ដំណើរការបោះឆ្នោត​​ដែល​បានពិពណ៌នាខាងលើ។ អ្នកអាចជ្រើសរើសនរណាម្នាក់ដើម្បីជួយអ្នក លើកលែង​តែ​និយោជករបស់អ្នក តំណាងសហជីពរបស់អ្នក ឬបុគ្គល​ដែលកំពុង​ធ្វើសកម្មភាព​ជំនួស​ពួកគេទាំងពីរ។

អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ដំណើរការខ្សែ​ទូរស័ព្ទបន្ទាន់​សម្រាប់​ការ​បោះឆ្នោ​ត​ ដើម្បីជួយ​អ្នក​បោះ​ឆ្នោត​​ដែលមានពិការភាព។ សូមទូរស័ព្ទដើម្បី​ទទួលបាន​ជំនួយ​ដោយ​ក្តីរីករាយ​៖ (888) 569-7955។

 

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

Click links below for a downloadable version.